ជំពូកទី៥
តើព្រះទ្រង់ទទួលការថ្វាយបង្គំរបស់អ្នកណា?
តើអ្នកដែលបានងឿងឆ្ងល់ឬទេ ថា‹តើព្រះទ្រង់ទទួលការថ្វាយបង្គំរបស់អ្នកណា›? ស្ត្រីម្នាក់ប្រហែលនឹកដល់សំនួរបែបនេះក្នុងចិត្តនាង ពេលនាងទូលដល់ព្រះយេស៊ូគ្រីស្ទ នៅជិតភ្នំកេរិស៊ីម ក្នុងស្រុកសាម៉ារី។ ទាក់ទាញអារម្មណ៍ទៅលើការខុសគ្នា រវាងការថ្វាយបង្គំរបស់សាសន៍សាម៉ារីនិងរបស់សាសន៍យូដា នាងបានពោលឡើងថា៖ «ឯពួកឰយុកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ»។ (យ៉ូហាន ៤:២០) តើព្រះយេស៊ូមានបន្ទូលប្រាប់ស្ត្រីសាសន៍សាម៉ារីថា ព្រះទទួលការថ្វាយបង្គំទាំងអស់ឬ? ឬក៏ទ្រង់ប្រាប់ថា ត្រូវតែមានរបស់ជាក់លាក់ខ្លះ ដើម្បីផ្គាប់ព្រះហឫទ័យព្រះ?
២ ចម្លើយដែលនាំឲ្យភ្ញាក់របស់ព្រះយេស៊ូនេះគឺថា៖ «នឹងមានពេលវេលាមក ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតា នៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទេ»។ (យ៉ូហាន ៤:២១) ពួកសាសន៍សាម៉ារីបានកោតខ្លាចព្រះយេហូវ៉ាជាយូរមកហើយៗបានថ្វាយបង្គំព្រះឯទៀតនៅលើភ្នំកេរិស៊ីម។ (ពង្សាវតារក្សត្រទី២ ១៧:៣៣) តែឥឡូវព្រះយេស៊ូគ្រីស្ទមានបន្ទូលថា ទីនោះក៏ដោយ ឬក្រុងយេរូសាឡិមក៏ដោយ គឺមិនសំខាន់ទេក្នុងការថ្វាយបង្គំពិត។
ថ្វាយបង្គំដោយវិញ្ញាណ និងសេចក្ដីពិត
៣ ព្រះយេស៊ូមានបន្ទូលប្រាប់នាងសាសន៍សាម៉ារីតទៀតថា៖ «អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្ដីសង្គ្រោះកើតមកពីសាសន៍យូដា»។ (យ៉ូហាន ៤:២២) ពួកសាសន៍សាម៉ារីមានគំនិតខាងសាសនាមិនពិត ហើយទទួលស្គាល់តែសៀវភៅប្រាំដំបូងក្នុងព្រះគម្ពីរ ថាបណ្ដាលមកពីព្រះ—ហើយសៀវភៅដែលគេទទួលស្គាល់នេះក៏ត្រូវខ្លួនគេកែឆ្នៃផង ដែលហៅថា សៀវភៅប្រាំដំបូងនៃព្រះគម្ពីរសាម៉ារី។ ដូច្នេះ ពួកគេមិនសូវស្គាល់ព្រះណាស់ណាទេ។ តែឯពួកសាសន៍យូដាវិញបានទទួលចំណេះខាងបទគម្ពីរ។ (រ៉ូម ៣:១, ២) បទគម្ពីរផ្ដល់ឲ្យពួកសាសន៍យូដាដ៏ស្មោះត្រង់និងអ្នកឯទៀតដែលនឹងស្ដាប់តាម នូវអ្វីដែលគេត្រូវការ ដើម្បីឲ្យបានស្គាល់ព្រះ។
៤ តាមការពិត ព្រះយេស៊ូ បង្ហាញថា សាសន៍យូដាព្រមទាំងសាសន៍សាម៉ារី ត្រូវតែកែរបៀបថ្វាយបង្គំរបស់គេ ដើម្បីឲ្យផ្គាប់ព្រះហឫទ័យព្រះ។ ទ្រង់មានបន្ទូលថា៖ «នឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ នឹងសេចក្ដីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះឲ្យបានថ្វាយបង្គំទ្រង់ ឯព្រះទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ»។ (យ៉ូហាន ៤:២៣, ២៤) ដើម្បីថ្វាយបង្គំព្រះ«ដោយវិញ្ញាណ» យើងត្រូវតែមានវិញ្ញាណរបស់ទ្រង់ និងអនុញ្ញាតឲ្យវិញ្ញាណនោះដឹកនាំយើងតទៅទៀត។ យើងអាចថ្វាយបង្គំព្រះ‹ដោយសេចក្ដីពិត›បាន ដោយរៀនបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរ ហើយដោយថ្វាយបង្គំទ្រង់ស្របតាមសេចក្ដីពិត ដែលទ្រង់សម្ដែងឲ្យឃើញ។ តើអ្នកមានចិត្តចង់ធ្វើដូច្នេះឬទេ?
៥ ព្រះយេស៊ូបញ្ជាក់ថា ព្រះទ្រង់ចង់បានការថ្វាយបង្គំពិត។ នេះបង្ហាញឲ្យឃើញថា មានរបៀបថ្វាយបង្គំផ្សេងឯទៀត ដែលព្រះយេហូវ៉ាមិនទទួល។ ថ្វាយបង្គំព្រះគឺមានន័យថា គោរពទ្រង់យ៉ាងជ្រាលជ្រៅ ហើយបំរើទ្រង់ក្នុងកិច្ចការពិសិដ្ឋ។ ប្រសិនបើអ្នកចង់គោរពអ្នកគ្រប់គ្រងដ៏មានអំណាច អ្នកប្រហែលនឹងមានចិត្តចង់បំរើលោក ហើយធ្វើយ៉ាងណាឲ្យលោកបានគាប់ចិត្ត។ ដូច្នេះ គឺប្រាកដហើយ យើងចង់ផ្គាប់ព្រះហឫទ័យព្រះ។ ជាជាងគ្រាន់តែថា ‹សាសនាខ្ញុំគឺសមល្មមសំរាប់ខ្ញុំហើយ› យើងត្រូវតែពិនិត្យឲ្យដឹងជាប្រាកដថា ការថ្វាយបង្គំរបស់យើង គឺពិតជាស្របតាមតម្រូវនៃព្រះមែន។
ធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា
៦ សូមយើងអានម៉ាថាយ ៧:២១-២៣ មើលថាតើយើងអាចរំលែកកត្ដាសំខាន់មួយចេញ ដែលកំណត់ប្រាប់ថា ការថ្វាយបង្គំទាំងអស់សុទ្ធតែផ្គាប់ព្រះហឫទ័យនៃព្រះឬយ៉ាងណា។ ព្រះយេស៊ូមានបន្ទូលថា៖ «មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ‹ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនូវព្រះនាមទ្រង់ទេឬអី?› នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ! នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ»។
៧ ទទួលស្គាល់ព្រះយេស៊ូគ្រីស្ទជាព្រះអម្ចាស់ គឺជាការសំខាន់ជាចាំបាច់ក្នុងការថ្វាយបង្គំពិត។ ប៉ុន្តែមានខ្វះអ្វីផ្សេងទៀតក្នុងការថ្វាយបង្គំរបស់មនុស្សជាច្រើន ដែលអះអាងថា ខ្លួនជាសិស្សរបស់ព្រះយេស៊ូ។ ទ្រង់មានបន្ទូលថា អ្នកខ្លះនឹងធ្វើ«ការឫទ្ធិបារមី» ដូចជាការព្យាបាលរោគដោយអព្ភូតហេតុដ៏មិនពិត។ ប៉ុន្តែ ពួកគេមិនបានធ្វើទេនូវអ្វីដែលព្រះយេស៊ូបានប្រាប់ថា ជាការសំខាន់បំផុត។ ពួកគេមិន«ធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា[របស់ទ្រង់]»។ បើយើងចង់ផ្គាប់ព្រះហឫទ័យនៃព្រះ យើងត្រូវតែរៀនឲ្យដឹងថាអ្វីជាបំណងព្រះហឫទ័យនៃព្រះវរបិតា ហើយប្រព្រឹត្តតាមផង។
ចំណេះត្រឹមត្រូវ—ជាការការពារ
៨ ដើម្បីប្រព្រឹត្តតាមព្រះហឫទ័យនៃព្រះ យើងត្រូវតែមានចំណេះត្រឹមត្រូវ អំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទទាំងពីរអង្គនេះ។ ចំណេះបែបនេះនឹងនាំទៅដល់ជីវិតអស់កល្បជានិច្ច។ ដូច្នេះ គឺប្រាកដហើយ យើងទាំងអស់គ្នាចង់យកចិត្តទុកដាក់រៀនសូត្រ ឲ្យបានចំណេះត្រឹមត្រូវពីបន្ទូលនៃព្រះ គឺព្រះគម្ពីរ។ អ្នកខ្លះនិយាយថា ចាំបាច់ខ្វល់ខ្វាយធ្វើអ្វី ឲ្យតែយើងស្មោះត្រង់ ហើយខំខ្នះខ្នែងក្នុងការថ្វាយបង្គំយើងទៅបានហើយ។ អ្នកខ្លះទៀតអះអាងថា ‹បើយើងចេះតិច គេត្រូវការយើងតិច›។ ប៉ុន្តែ ព្រះគម្ពីរលើកទឹកចិត្តយើងឲ្យចំរើនចំណេះថែមទៀត អំពីព្រះនិងគោលបំណងនៃទ្រង់។—អេភេសូរ ៤:១៣; ភីលីព ១:៩; កូល៉ុស ១:៩
៩ ចំណេះបែបនេះជួយការពារការថ្វាយបង្គំរបស់យើង កុំឲ្យទៅជាមិនបរិសុទ្ធ។ សាវ័កប៉ុលនិយាយអំពីបុគ្គលវិញ្ញាណមួយរូប ដែលពុតធ្វើជា«ទេវតានៃពន្លឺ»។ (កូរិនថូសទី២ ១១:១៤) ដោយក្លែងខ្លួនដូច្នេះ បុគ្គលវិញ្ញាណនេះ—គឺសាតាំង—ខំរកនាំឲ្យយើងវង្វេងឲ្យប្រព្រឹត្តអំពើដែលខុសផ្ទុយពីបំណងព្រះហឫទ័យនៃព្រះ។ បុគ្គលវិញ្ញាណឯទៀត ដែលចូលគ្នាជាមួយសាតាំង ក៏បានធ្វើឲ្យការថ្វាយបង្គំរបស់មនុស្សក្លាយជាមិនបរិសុទ្ធ ដ្បិតសាវ័កប៉ុលបានប្រាប់ថា៖ «ឯរបស់ដែលសាសន៍ដទៃបូជាថ្វាយ នោះមិនមែនថ្វាយដល់ព្រះទេ គឺថ្វាយដល់អារក្សវិញទេតើ»។ (កូរិនថូសទី១ ១០:២០) មនុស្សជាច្រើនប្រហែលជាស្មានថា ខ្លួនកំពុងថ្វាយបង្គំតាមរបៀបត្រឹមត្រូវហើយ ថ្វីបើគេមិនប្រព្រឹត្តតាមព្រះហឫទ័យព្រះក៏ដោយ។ ពួកគេកំពុងតែត្រូវវង្វេងទៅក្នុងការថ្វាយបង្គំក្លែងក្លាយដ៏មិនស្អាតស្អំ។ យើងនឹងរៀនអំពីសាតាំងថែមទៀតនៅលើកក្រោយ ប៉ុន្តែសត្រូវទាំងនេះរបស់ព្រះពិត បានធ្វើឲ្យការថ្វាយបង្គំរបស់មនុស្សជាតិក្លាយជាមិនបរិសុទ្ធមែន។
១០ បើអ្នកដឹងថា នរណាម្នាក់បានដាក់ថ្នាំពុលក្នុងទឹករបស់អ្នកដោយចេតនា តើអ្នកនៅតែផឹកទឹកនោះឬ? ប្រាកដហើយ អ្នកនឹងទៅរកប្រភពដែលផ្ដល់ទឹកល្អភ្លាម។ ហ្នឹងហើយ ចំណេះត្រឹមត្រូវអំពីបន្ទូលរបស់ព្រះ ជួយអ្នកឲ្យរកសម្គាល់សាសនាពិត ហើយផ្ទាត់ចោលសេចក្ដីមិនបរិសុទ្ធទាំងអស់វិញ ដែលធ្វើឲ្យការថ្វាយបង្គំមិនសព្វព្រះហឫទ័យព្រះ។
បង្រៀនសេចក្ដីបញ្ញត្តរបស់មនុស្ស
១១ កាលព្រះយេស៊ូគង់នៅលើផែនដី ពួកសាសន៍យូដាជាច្រើនមិនប្រព្រឹត្តតាមចំណេះត្រឹមត្រូវអំពីព្រះទេ។ ដូច្នេះ ពួកគេក៏បានបាត់បង់ឱកាសទទួលឋានៈស្អាតស្អំ នៅចំពោះព្រះយេហូវ៉ា។ សាវ័កប៉ុលបានសរសេរអំពីពួកគេនេះថា៖ «ខ្ញុំធ្វើបន្ទាល់ពីគេថា គេមានសេចក្ដីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនស្របតាមចំណេះត្រឹមត្រូវទេ»។ (រ៉ូម ១០:២, ព.ថ.) ពួកគេសម្រេចចិត្តដោយខ្លួនឯង ថាត្រូវថ្វាយបង្គំព្រះយ៉ាងដូចម្ដេច ជាជាងស្ដាប់តាមបន្ទូលនៃទ្រង់។
១២ ពួកសាសន៍អ៊ីស្រាអែលកាលដើមដំបូង អនុវត្តសាសនាបរិសុទ្ធដែលព្រះប្រទានឲ្យ ប៉ុន្តែ សាសនារបស់គេបានក្លាយជាមិនបរិសុទ្ធ ដោយសេចក្ដីបង្រៀននឹងទស្សនៈនៃមនុស្ស។ (យេរេមា ៨:៨, ៩; ម៉ាឡាគី ២:៨, ៩; លូកា ១១:៥២) ថ្វីបើពួកអ្នកដឹកនាំសាសនាយូដា ដែលគេល្បីហៅថាពួកផារីស៊ី គិតស្មានថា ការថ្វាយបង្គំរបស់គេ គឺសព្វព្រះហឫទ័យនៃព្រះ ព្រះយេស៊ូគ្រីស្ទមានបន្ទូលប្រាប់ពួកគេថា៖ «ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ ដូចជាមានសេចក្ដីចែងទុកមកថា ‹ជនជាតិនេះ គេគោរពប្រតិបត្ដិអញតែបបូរមាត់ទេ ឯចិត្តគេនៅឆ្ងាយពីអញណាស់ ដែលគេថ្វាយបង្គំអញ ដោយបង្រៀនសេចក្ដីបញ្ញត្តជារបស់មនុស្ស នោះជាឥតប្រយោជន៍ទេ› »។—ម៉ាកុស ៧:៦, ៧
១៣ តើយើងអាចប្រព្រឹត្តដូចពួកផារីស៊ីដែរឬ? នេះអាចកើតឡើងបាន បើសិនជាយើងធ្វើតាមប្រពៃណីសាសនាដែលយើងមានពីដូនតាមក ជាជាងពិនិត្យមើលអ្វីដែលព្រះមានបន្ទូលប្រាប់អំពីការថ្វាយបង្គំ។ ក្នុងការព្រមានអំពីគ្រោះថ្នាក់ពិតមែនទែននេះ ប៉ុលបានសរសេរប្រាប់ថា៖ «ព្រះវិញ្ញាណប្រាប់យ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាចាកចេញពីសេចក្ដីជំនឿ ដោយស្ដាប់តាមវិញ្ញាណបញ្ឆោត នឹងសេចក្ដីបង្រៀនរបស់ពួកអារក្ស»។ (ធីម៉ូថេទី១ ៤:១, ព.ថ.) ដូច្នេះ គ្រាន់តែគិតស្មានថា ការថ្វាយបង្គំរបស់យើងផ្គាប់ព្រះហឫទ័យនៃព្រះ នោះគឺមិនគ្រប់គ្រាន់ទេ។ ដូចស្ត្រីសាសន៍សាម៉ារីដែលជួបព្រះយេស៊ូ យើងក៏ប្រហែលជាបានទទួលរបៀបថ្វាយបង្គំរបស់យើង ពីឪពុកម្ដាយមកដែរ។ ប៉ុន្តែ យើងត្រូវតែប្រាកដថា ការដែលយើងធ្វើ គឺពិតជាស្របនឹងព្រះហឫទ័យនៃព្រះមែន។
ប្រយ័ត្នកុំធ្វើឲ្យព្រះទ្រង់ទាស់ព្រះហឫទ័យ
១៤ បើសិនជាយើងមិនប្រយ័ត្ន យើងប្រហែលនឹងធ្វើអ្វីមួយដែលព្រះទ្រង់មិនសព្វព្រះហឫទ័យដែរ។ ជាឧទាហរណ៍ សាវ័កយ៉ូហានបានទម្លាក់ខ្លួន នៅទៀបជើងទេវតា «ដើម្បីថ្វាយបង្គំទ្រង់»។ ប៉ុន្តែទេវតាព្រមានថា៖ «ចូរប្រយ័ត្ន! កុំឲ្យធ្វើដូច្នេះឡើយ! ដ្បិតខ្ញុំជាបាវបំរើជាមួយនឹងអ្នក ហើយនឹងបងប្អូនអ្នក ដែលមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូដែរ ចូរថ្វាយបង្គំដល់ព្រះវិញ»។ (វិវរណៈ ១៩:១០, ព.ថ.) ដូច្នេះ តើអ្នកឃើញឬទេថា អ្នកត្រូវតែប្រាកដ កុំឲ្យមានការថ្វាយបង្គំរូបគ្រប់បែបយ៉ាងណាមកធ្វើឲ្យការថ្វាយបង្គំរបស់អ្នកក្លាយជាមិនបរិសុទ្ធឡើយ។—កូរិនថូសទី១ ១០:១៤
១៥ ពេលគ្រីស្ទានខ្លះ ចាប់ផ្ដើមអនុវត្តទំនៀមទម្លាប់សាសនាដែលមិនសព្វព្រះហឫទ័យនៃព្រះ នោះប៉ុលបានសួរថា៖ «ដូចម្ដេចអ្នករាល់គ្នាបានត្រឡប់ ទៅឯខ្សោយ ហើយទាបថោក ដែលអ្នករាល់គ្នាចង់ទៅជាប់បំរើម្ដងទៀតនោះ? អ្នករាល់គ្នាជាអ្នកកាន់ថ្ងៃ ខែ រដូវនឹងឆ្នាំផ្សេងៗ ខ្ញុំខ្លាចក្រែងខ្ញុំបានធ្វើការនឿយហត់ ក្នុងពួកអ្នករាល់គ្នាឥតប្រយោជន៍»។ (កាឡាទី ៤:៨-១១) ពួកអ្នកទាំងនោះបានចំណេះអំពីព្រះហើយ តែក្រោយមកទៅជាប្រព្រឹត្តខុស ដោយប្រតិបត្ដិតាមទំនៀមទម្លាប់សាសនា នឹងថ្ងៃបុណ្យដែលព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យ។ ដូចប៉ុលបានប្រាប់ យើងត្រូវតែ«លមើលឲ្យដឹងសេចក្ដីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ»។—អេភេសូរ ៥:១០
១៦ យើងត្រូវតែប្រយ័ត្នឲ្យដឹងជាប្រាកដថា យើងជៀសវាងថ្ងៃបុណ្យសាសនានិងទំនៀមទម្លាប់ផ្សេងៗឯទៀត ដែលបំពានលើគោលការណ៍នៃព្រះ។ (ថែស្សាឡូនីចទី១ ៥:២១) ជាឧទាហរណ៍ ព្រះយេស៊ូមានបន្ទូលអំពីពួកអ្នកកាន់តាមទ្រង់ថា៖ «គេមិនមែនជារបស់ផងលោកីយ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ»។ (យ៉ូហាន ១៧:១៦) តើសាសនារបស់អ្នកចូលរួមក្នុងពិធីនឹងថ្ងៃបុណ្យណា ដែលបំពានលើគោលការណ៍ខាងអព្យាក្រឹតភាពក្នុងរឿងរ៉ាវរបស់លោកីយនេះឬ? ឬក៏ពួកអ្នកកាន់សាសនារបស់អ្នកជួនកាលរួមចំណែកក្នុងទំនៀមទម្លាប់ និងពិធីបុណ្យ ដែលអាចមានរួមការប្រព្រឹត្តដូចមួយដែលរៀបរាប់ដោយសាវ័កពេត្រុសទេ? លោកសរសេរថា៖ «ដែលពីដើម យើងរាល់គ្នាបានធ្វើតាមបំណងចិត្តរបស់សាសន៍ដទៃ ទាំងដើរក្នុងសេចក្ដីអាសអាភាស ការស្រើបស្រាល ការចំណូលស្រា ស៊ីផឹកជ្រុល ការប្រមឹក នឹងការថ្វាយបង្គំរូបព្រះ ដែលសុទ្ធតែខុសច្បាប់ នោះល្មមដល់យើងហើយ»។—ពេត្រុសទី១ ៤:៣
១៧ សាវ័កយ៉ូហានបញ្ជាក់អំពីការត្រូវការជៀសវាងពីការអនុវត្តណា ដែលសម្ដែងនូវគំនិតនៃលោកីយ៍ ដែលមិនគោរពព្រះ ដ៏នៅជុំវិញយើងនេះ។ យ៉ូហានសរសេរថា៖ «កុំឲ្យស្រឡាញ់លោកីយ ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយនេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយនេះវិញ ឯលោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។ (យ៉ូហានទី១ ២:១៥-១៧) តើអ្នកកត់សម្គាល់ឃើញឬទេ ថាពួកអ្នកដែល‹ធ្វើតាមព្រះហឫទ័យព្រះ›នឹងនៅជាប់អស់កល្បជានិច្ច? ត្រូវហើយ បើយើងធ្វើតាមព្រះហឫទ័យនៃព្រះ ហើយជៀសវាងសកម្មភាព ដែលសម្ដែងនូវគំនិតរបស់លោកីយនេះ នោះយើងអាចសង្ឃឹមថា បានជីវិតអស់កល្បជានិច្ច!
ប្រតិបត្ដិតាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ព្រះ
១៨ ព្រះចង់បានអស់អ្នកដែលប្រតិបត្ដិតាមខ្នាតតម្រាសីលធម៌ ដ៏ខ្ពង់ខ្ពស់របស់ទ្រង់ ធ្វើជាអ្នកថ្វាយបង្គំទ្រង់។ អ្នកខ្លះនៅស្រុកកូរិនថូស ជំនាន់បុរាណច្រឡំស្មានតែព្រះអនុញ្ញាត ឲ្យមានចរិយាដ៏ឥតសីលធម៌។ យើងអាចឃើញថា ពួកគេគឺខុសយាងណាដោយអានកូរិនថូសទី១ ៦:៩, ១០។ បើយើងនឹងថ្វាយបង្គំព្រះឲ្យស្របតាមព្រះហឫទ័យ នោះយើងត្រូវតែផ្គាប់ព្រះហឫទ័យទ្រង់ក្នុងពាក្យសំដី និងអំពើប្រព្រឹត្តផង។ តើរបៀបថ្វាយបង្គំរបស់អ្នកអាចឲ្យអ្នកធ្វើដូច្នោះឬទេ?—ម៉ាថាយ ១៥:៨; ២៣:១-៣
១៩ ការទាក់ទងរបស់យើង ជាមួយមនុស្សឯទៀតក៏ត្រូវតែសម្ដែងនូវខ្នាតតម្រារបស់ព្រះដែរ។ ព្រះយេស៊ូគ្រីស្ទ លើកទឹកចិត្តយើងឲ្យប្រព្រឹត្តនឹងអ្នកឯទៀតតាមដែលយើងចង់ឲ្យគេប្រព្រឹត្ត នឹងយើងយ៉ាងដូច្នេះដែរ ដ្បិតនេះគឺជាចំណែកនៃការថ្វាយបង្គំពិត។ (ម៉ាថាយ ៧:១២) សូមកត់សម្គាល់បន្ទូលរបស់ទ្រង់ ដែលប្រាប់អំពីការសម្ដែងសេចក្ដីស្រឡាញ់នឹងគ្នាដូចជាបងប្អូនថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) ពួកសិស្សរបស់ព្រះយេស៊ូត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក ហើយប្រព្រឹត្តអំពើល្អ ចំពោះពួកអ្នកថ្វាយបង្គំដូចគ្នា និងមនុស្សឯទៀតផង។—កាឡាទី ៦:១០
ការថ្វាយបង្គំអស់ពីចិត្ត
២០ ក្នុងចិត្តរបស់អ្នក អ្នកប្រហែលចង់ថ្វាយបង្គំព្រះឲ្យស្របតាមព្រះហឫទ័យ។ បើពិតជាដូច្នេះមែន នោះអ្នកត្រូវតែមានទស្សនៈរបស់ព្រះអំពីការថ្វាយបង្គំ។ យ៉ាកុបបញ្ជាក់ប្រាប់ថា គឺទស្សនៈរបស់ព្រះ មិនមែនរបស់យើងទេដែលសំខាន់នោះ។ យ៉ាកុបនិយាយថា៖ «ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះក៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា នឹងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្ដីវេទនា ហើយឲ្យរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយនេះឡើយ»។ (យ៉ាកុប ១:២៧) ដោយប្រាថ្នាចង់ផ្គាប់ព្រះហឫទ័យនៃព្រះ យើងម្នាក់ៗត្រូវតែពិនិត្យមើលការថ្វាយបង្គំរបស់យើង ដើម្បីប្រាកដកុំឲ្យមានការអនុវត្ត ដ៏ប្រឆាំងនឹងព្រះ មកធ្វើឲ្យការថ្វាយបង្គំយើងក្លាយជាមិនបរិសុទ្ធ ឬកុំឲ្យយើងខ្វះអ្វីដែលទ្រង់ចាត់ទុកជាការសំខាន់បំផុតនោះឡើយ។—យ៉ាកុប ១:២៦
២១ គឺមានតែការថ្វាយបង្គំដ៏ស្អាតស្អំ ដ៏អស់ពីចិត្តប៉ុណ្ណោះ ដែលផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា។ (ម៉ាថាយ ២២:៣៧; កូល៉ុស ៣:២៣) ពេលសាសន៍អ៊ីស្រាអែលថ្វាយបង្គំព្រះមិនបានដិតដល់ដូចនេះ ទ្រង់ក៏មានបន្ទូលថា៖ «ឯកូន នោះរមែងគោរពដល់ឪពុក ហើយបាវបំរើក៏កោតខ្លាចដល់ចៅហ្វាយ ដូច្នេះ បើអញជាឪពុក នោះតើសេចក្ដីគោរពដល់អញនៅឯណា? ហើយបើអញជាចៅហ្វាយ តើសេចក្ដីកោតខ្លាចដល់អញនៅឯណា»? ពួកគេធ្វើឲ្យព្រះទាស់ព្រះហឫទ័យ ដោយថ្វាយសត្វខ្វាក់ខ្ញើច និងឈឺជាយញ្ញបូជាដល់ទ្រង់ ហើយទ្រង់មិនព្រមទទួលការថ្វាយបង្គំបែបនេះឡើយ។ (ម៉ាឡាគី ១:៦-៨) ព្រះយេហូវ៉ាទ្រង់សមនឹងទទួលការថ្វាយបង្គំដ៏បរិសុទ្ធបំផុត ហើយទ្រង់ទទួលយកតែភក្ដីភាពដាច់មុខពីអ្នកថ្វាយបង្គំរបស់ទ្រង់។—និក្ខមនំ ២០:៥; សុភាសិត ៣:៩; វិវរណៈ ៤:១១
២២ ស្ត្រីសាសន៍សាម៉ារី ដែលទូលដល់ព្រះយេស៊ូ ហាក់មានការចាប់អារម្មណ៍ ក្នុងការថ្វាយបង្គំព្រះតាមរបៀបដែលទ្រង់សព្វព្រះហឫទ័យ។ បើចិត្តយើងប្រាថ្នាចង់ធ្វើដូច្នេះ យើងនឹងជៀសវាងអស់ទាំងសេចក្ដីបង្រៀននិងការអនុវត្ត ដែលបំផ្លាញដល់សេចក្ដីបរិសុទ្ធ។ (កូរិនថូសទី២ ៦:១៤-១៨) តែយើងនឹងខំប្រឹងប្រែងយកចំណេះត្រឹមត្រូវអំពីព្រះ ហើយធ្វើតាមព្រះហឫទ័យនៃទ្រង់វិញ។ យើងនឹងប្រព្រឹត្តឲ្យបានដិតដល់ តាមសេចក្ដីតម្រូវនៃទ្រង់សំរាប់ការថ្វាយបង្គំដែលព្រះទ្រង់ទទួល។ (ធីម៉ូថេទី១ ២:៣, ៤) ពួកស្មរបន្ទាល់ព្រះយេហូវ៉ា គឺកំពុងប្រឹងប្រែងធ្វើយ៉ាងដូច្នេះឯង ហើយពួកគេមានចិត្តកក់ក្ដៅ តឿនអ្នកឲ្យចូលរួមនឹងពួកគេ ក្នុងការថ្វាយបង្គំព្រះ«ដោយវិញ្ញាណ នឹងសេចក្ដីពិត»។ (យ៉ូហាន ៤:២៤) ព្រះយេស៊ូមានបន្ទូលថា៖ «ព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់»។ (យ៉ូហាន ៤:២៣) សូមសង្ឃឹមថាអ្នកជាមនុស្សបែបនេះដែរ។ ដូចជាស្ត្រីសាសន៍សាម៉ារី អ្នកក៏ប្រាកដជាចង់បានជីវិតអស់កល្បជានិច្ច។ (យ៉ូហាន ៤:១៣-១៥) ប៉ុន្តែអ្នកឃើញមនុស្សក្លាយជាចាស់ជរា ហើយស្លាប់ទៅ។ ជំពូកបន្ទាប់នេះ នឹងពន្យល់ប្រាប់នូវមូលហេតុអ្វី។
សាកល្បងចំណេះរបស់អ្នក
ដូចបង្ហាញនៅយ៉ូហាន ៤:២៣, ២៤ តើព្រះទ្រង់ទទួលការថ្វាយបង្គំយ៉ាងណា?
តើធ្វើម្ដេចយើងអាចកំណត់បានថា ព្រះទ្រង់សព្វឬមិនសព្វព្រះហឫទ័យនឹងទំនៀមទម្លាប់និងពិធីបុណ្យខ្លះ?
តើអ្វីជាសេចក្ដីតម្រូវខ្លះសំរាប់ការថ្វាយបង្គំដែលទ្រង់ទទួល?
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើស្ត្រីសាសន៍សាម៉ារីចង់ដឹងអ្វី អំពីការថ្វាយបង្គំ?
២. តើព្រះយេស៊ូមានបន្ទូលឆ្លើយតបដល់ស្ត្រីសាម៉ារីយ៉ាងដូចម្ដេច?
៣. (ក) ហេតុអ្វីពួកសាសន៍សាម៉ារីមិនសូវស្គាល់ព្រះ? (ខ) តើតាមរបៀបណាដែលពួកសាសន៍យូដាដ៏ស្មោះត្រង់ និងអ្នកឯទៀតបានស្គាល់ព្រះ?
៤. យោងទៅតាមព្រះយេស៊ូ តើយូដានិងសាម៉ារីទាំងពីរសាសន៍នេះត្រូវតែធ្វើអ្វី ដើម្បីឲ្យព្រះទទួលការថ្វាយបង្គំរបស់គេ?
៥. (ក) តើ«ថ្វាយបង្គំ»មានន័យយ៉ាងដូចម្ដេច? (ខ) តើយើងត្រូវតែធ្វើអ្វី បើយើងចង់ឲ្យព្រះទទួលការថ្វាយបង្គំរបស់យើង?
៦, ៧. ហេតុអ្វីបានជាព្រះយេស៊ូមិនទទួលស្គាល់អ្នកខ្លះ ដែលអះអាងថា ខ្លួនជាសិស្សរបស់ទ្រង់?
៨. បើយើងនឹងធ្វើតាមបំណងព្រះហឫទ័យនៃព្រះ នោះយើងត្រូវតែធ្វើអ្វី ហើយត្រូវជៀសវាងទស្សនៈដ៏ខុសទំនងណា?
៩. តើចំណេះត្រឹមត្រូវការពារយើងយ៉ាងដូចម្ដេច ហើយហេតុអ្វីយើងត្រូវតែមានការការពារបែបនេះ?
១០. តើអ្នកនឹងធ្វើយ៉ាងណា បើសិនជានរណាម្នាក់ដាក់ថ្នាំពុលក្នុងទឹករបស់អ្នកដោយចេតនា ហើយចំណេះត្រឹមត្រូវអំពីបន្ទូលនៃព្រះជួយអ្នកឲ្យធ្វើអ្វី?
១១. តើការថ្វាយបង្គំរបស់ពួកយូដាជាច្រើនមានអ្វីខុសឆ្គងយ៉ាងណាដែរ?
១២. តើអ្វីធ្វើឲ្យការថ្វាយបង្គំរបស់អ៊ីស្រាអែលក្លាយជាមិនបរិសុទ្ធ ហើយមានលទ្ធផលអ្វីកើតឡើង?
១៣. តើយើងអាចប្រព្រឹត្តដូចពួកផារីស៊ីដូចម្ដេច?
១៤, ១៥. ទោះយើងស្គាល់បំណងព្រះហឫទ័យខ្លះរបស់ព្រះក៏ដោយ ហេតុអ្វីក៏យើងត្រូវតែប្រយ័ត្ន?
១៦. តាមរបៀបណាដែលយ៉ូហាន ១៧:១៦ និងពេត្រុសទី១ ៤:៣ ជួយយើងឲ្យសម្រេចមើលថា តើថ្ងៃបុណ្យនិងទំនៀមទម្លាប់ណាមិនសព្វព្រះហឫទ័យព្រះ?
១៧. ហេតុអ្វីយើងគួរជៀសវាងអ្វីៗទាំងអស់ដែលសម្ដែងនូវគំនិតនៃលោកីយនេះ?
១៨. តើពួកអ្នកស្រុកកូរិនថូសខ្លះយល់ច្រឡំយ៉ាងដូចម្ដេចអំពីចរិយា ហើយយើងគូរតែរៀនអ្វីពីការនេះ?
១៩. តើការថ្វាយបង្គំពិតមានអនុភាពយ៉ាងណា លើរបៀបដែលយើងប្រព្រឹត្តនឹងមនុស្សឯទៀត?
២០, ២១. (ក) តើព្រះទ្រង់តម្រូវការថ្វាយបង្គំបែបណា? (ខ) ហេតុអ្វីក៏ព្រះយេហូវ៉ាមិនទទួលការថ្វាយបង្គំរបស់អ៊ីស្រាអែលកាលជំនាន់ម៉ាឡាគី?
២២. បើយើងចង់ឲ្យព្រះទទួលការថ្វាយបង្គំរបស់យើង តើយើងនឹងជៀសវាងអ្វី ហើយនឹងធ្វើអ្វីដែរ?
[រូបភាពពេញមួយទំព័រនៅទំព័រ៤៤]