មេរៀនទី១៧
តើលោកយេស៊ូជាបុគ្គលបែបណា?
កាលដែលយើងរៀនអំពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍ និងអ្វីដែលលោកបានធ្វើនៅផែនដី យើងឃើញគុណសម្បត្តិផ្សេងៗដែលនាំឲ្យយើងចង់ធ្វើជាមិត្តរបស់លោក និងចង់ធ្វើជាមិត្តរបស់ព្រះយេហូវ៉ាដែលជាបិតាលោក។ តើគុណសម្បត្តិណាខ្លះរបស់លោកយេស៊ូដែលទាក់ទាញចិត្តយើង? ហើយតើយើងអាចយកតម្រាប់លោកយេស៊ូយ៉ាងដូចម្ដេច?
១. តើលោកយេស៊ូដូចបិតាលោកក្នុងន័យអ្វី?
អស់រាប់ពាន់លានឆ្នាំនៅស្ថានសួគ៌ លោកយេស៊ូបានសង្កេតមើល និងរៀនពីបិតាជាទីស្រឡាញ់របស់លោក។ ហេតុនេះហើយបានជាលោកយេស៊ូមានការគិតគូរ មានអារម្មណ៍ និងមានការប្រព្រឹត្តដូចបិតារបស់លោក។ (សូមអាន យ៉ូហាន ៥:១៩) តាមការពិត លោកយេស៊ូយកតម្រាប់គុណសម្បត្តិរបស់បិតាលោកយ៉ាងល្អឥតខ្ចោះ រហូតដល់លោកមានប្រសាសន៍ថា៖ «អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះបានឃើញបិតាដែលនៅស្ថានសួគ៌ហើយ»។ (យ៉ូហាន ១៤:៩) កាលដែលអ្នករៀនអំពីគុណសម្បត្តិរបស់លោកយេស៊ូ អ្នកនឹងស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់។ ជាឧទាហរណ៍ ពេលលោកយេស៊ូយកចិត្តទុកដាក់ចំពោះមនុស្ស នោះបង្ហាញថាព្រះយេហូវ៉ាក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សដែរ នេះរួមបញ្ចូលអ្នកផ្ទាល់។
២. តើលោកយេស៊ូបានបង្ហាញថាលោកស្រឡាញ់ព្រះយេហូវ៉ាតាមរបៀបណា?
លោកយេស៊ូមានប្រសាសន៍ថា៖ «ពិភពលោកនេះដឹងថាខ្ញុំស្រឡាញ់បិតានៅស្ថានសួគ៌ ព្រោះខ្ញុំកំពុងធ្វើអ្វីដែលបិតានៅស្ថានសួគ៌បានបង្គាប់ខ្ញុំឲ្យធ្វើ»។ (យ៉ូហាន ១៤:៣១) ពេលលោកយេស៊ូនៅផែនដី លោកបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ធំធេងចំពោះបិតាលោក ដោយស្ដាប់បង្គាប់បិតា សូម្បីតែនៅពេលពិបាក។ ម្យ៉ាងទៀត លោកយេស៊ូចូលចិត្តនិយាយអំពីបិតាលោក និងចូលចិត្តជួយអ្នកឯទៀតឲ្យមានចំណងមិត្តភាពជាមួយនឹងបិតាលោក។—យ៉ូហាន ១៤:២៣
៣. តើលោកយេស៊ូបង្ហាញថាលោកស្រឡាញ់មនុស្សតាមរបៀបណា?
គម្ពីរចែងថាលោកយេស៊ូ«ពេញចិត្តយ៉ាងខ្លាំងនឹងមនុស្សជាតិ»។ (សុភាសិត ៨:៣១) លោកបានបង្ហាញថាលោកស្រឡាញ់មនុស្ស ដោយលើកទឹកចិត្តនិងជួយពួកគេដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន។ អព្ភូតហេតុរបស់លោកយេស៊ូមិនគ្រាន់តែបង្ហាញអំពីឫទ្ធានុភាពរបស់លោកប៉ុណ្ណោះទេ តែក៏បង្ហាញអំពីចិត្តអាណិតអាសូររបស់លោកដែរ។ (ម៉ាកុស ១:៤០-៤២) លោកបានប្រព្រឹត្តចំពោះមនុស្សដោយសប្បុរសនិងដោយមិនរើសមុខ។ ប្រសាសន៍របស់លោកផ្ដល់ការសម្រាលទុក្ខនិងសេចក្ដីសង្ឃឹមដល់មនុស្សដែលបានស្ដាប់លោកដោយមានចិត្តស្មោះ។ លោកយេស៊ូស្ម័គ្រចិត្តរងការឈឺចាប់រហូតដល់ស្លាប់ ដោយសារលោកស្រឡាញ់មនុស្សទាំងអស់។ ប៉ុន្តែ ជាពិសេសលោកស្រឡាញ់អស់អ្នកដែលធ្វើតាមសេចក្ដីបង្រៀនរបស់លោក។—សូមអាន យ៉ូហាន ១៥:១៣, ១៤
បង្កើនចំណេះ
សូមរៀនថែមទៀតអំពីគុណសម្បត្តិរបស់លោកយេស៊ូ ហើយសូមពិចារណាអំពីរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់និងចិត្តទូលាយដូចលោក។
៤. លោកយេស៊ូស្រឡាញ់បិតារបស់លោក
គំរូរបស់លោកយេស៊ូបង្រៀនយើងអំពីរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ។ សូមអាន លូកា ៦:១២ និងយ៉ូហាន ១៥:១០; ១៧:២៦។ បន្ទាប់ពីអានខគម្ពីរនីមួយៗ សូមពិភាក្សាសំណួរនេះ៖
តើយើងអាចបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ាដូចលោកយេស៊ូយ៉ាងដូចម្ដេច?
៥. លោកយេស៊ូយកចិត្តទុកដាក់ចំពោះមនុស្សដែលមានសេចក្ដីត្រូវការ
លោកយេស៊ូចាត់ទុកសេចក្ដីត្រូវការរបស់អ្នកឯទៀតថា សំខាន់ជាងសេចក្ដីត្រូវការរបស់លោក។ ទោះជាលោកហត់នឿយក៏ដោយ លោកបានចំណាយពេលវេលានិងកម្លាំងដើម្បីជួយមនុស្ស។ សូមអាន ម៉ាកុស ៦:៣០-៤៤ រួចពិភាក្សាសំណួរដូចតទៅ៖
ក្នុងកំណត់ហេតុនេះ តើលោកយេស៊ូបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀតតាមរបៀបណាខ្លះ? (សូមមើលខ៣១, ៣៤, ៤១ និង៤២)
តើអ្វីបានជំរុញចិត្តលោកយេស៊ូឲ្យជួយមនុស្ស? (សូមមើលខ៣៤)
ដោយសារលោកយេស៊ូបង្ហាញគុណសម្បត្តិដូចព្រះយេហូវ៉ា តើអ្វីទាំងអស់នេះបង្រៀនអ្នកយ៉ាងណាអំពីព្រះយេហូវ៉ា?
តើយើងអាចយកតម្រាប់លោកយេស៊ូ ដោយយកចិត្តទុកដាក់ចំពោះអ្នកឯទៀតតាមវិធីណាខ្លះ?
៦. លោកយេស៊ូមានចិត្តទូលាយ
លោកយេស៊ូបានបង្ហាញចិត្តទូលាយ ទោះជាលោកមិនមានទ្រព្យសម្បត្តិច្រើនក៏ដោយ ហើយលោកក៏បានលើកទឹកចិត្តយើងឲ្យបង្ហាញចិត្តទូលាយដែរ។ សូមអាន សកម្មភាព ២០:៣៥ រួចពិភាក្សាសំណួរដូចតទៅ៖
យោងតាមប្រសាសន៍លោកយេស៊ូ តើយើងអាចមានសុភមង្គលយ៉ាងដូចម្ដេច?
លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
ទោះជាយើងមិនសូវមានទ្រព្យសម្បត្តិច្រើនក៏ដោយ តើយើងអាចឲ្យតាមវិធីណាខ្លះ?
តើអ្នកដឹងទេ?
គម្ពីរបង្រៀនយើងឲ្យអធិដ្ឋានទៅព្រះយេហូវ៉ាក្នុងនាមលោកយេស៊ូ។ (សូមអាន យ៉ូហាន ១៦:២៣, ២៤) ពេលយើងអធិដ្ឋានក្នុងនាមលោកយេស៊ូ នោះបង្ហាញថាយើងទទួលស្គាល់អ្វីដែលលោកយេស៊ូបានធ្វើដើម្បីជួយយើងឲ្យទៅជាមិត្តរបស់ព្រះយេហូវ៉ា។
មនុស្សខ្លះនិយាយថា៖ «ព្រះមិនខ្វល់អំពីការឈឺចាប់របស់យើងទេ»។
ដោយសារលោកយេស៊ូមានគុណសម្បត្តិដូចព្រះយេហូវ៉ាជាបិតារបស់លោក តើការប្រព្រឹត្តរបស់លោកបង្ហាញយ៉ាងដូចម្ដេចថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះយើង?
សេចក្ដីសង្ខេប
លោកយេស៊ូស្រឡាញ់ព្រះយេហូវ៉ានិងស្រឡាញ់មនុស្ស។ លោកយេស៊ូមានគុណសម្បត្តិដូចបិតារបស់លោក ដូច្នេះពេលអ្នកស្គាល់លោកយេស៊ូច្បាស់យ៉ាងណា អ្នកនឹងស្គាល់ព្រះយេហូវ៉ាច្បាស់យ៉ាងនោះដែរ។
រៀនសាឡើងវិញ
តើតាមរបៀបណាយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាដូចលោកយេស៊ូ?
តើតាមរបៀបណាយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដូចលោកយេស៊ូ?
តើគុណសម្បត្តិមួយណារបស់លោកយេស៊ូដែលអ្នកចូលចិត្តខ្លាំងជាងគេ?
ស្វែងយល់ថែមទៀត
សូមពិចារណាគុណសម្បត្តិខ្លះរបស់លោកយេស៊ូដែលយើងអាចធ្វើតាម។
«ដើម្បីយកតម្រាប់លោកយេស៊ូ សូម . . .» (លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត ទំព័រ៣១៧)
សូមពិចារណាមូលហេតុដែលយើងត្រូវអធិដ្ឋានក្នុងនាមលោកយេស៊ូ។
«ហេតុអ្វីត្រូវអធិដ្ឋានក្នុងនាមលោកយេស៊ូ?» (brwp០៨០២០១)
តើគម្ពីរចែងយ៉ាងណាអំពីរូបរាងរបស់លោកយេស៊ូ?
«តើលោកយេស៊ូមានរូបរាងបែបណា?» (អត្ថបទក្នុងគេហទំព័រ)
តើយើងអាចរៀនអ្វីពីរបៀបដែលលោកយេស៊ូបានប្រព្រឹត្តចំពោះស្ត្រី?