ជំពូកទី១៣៨
គ្រិស្តរង់ចាំនៅខាងស្ដាំព្រះ
លោកយេស៊ូអង្គុយនៅខាងស្ដាំព្រះ
សុលក្លាយទៅជាអ្នកកាន់តាមម្នាក់
មានហេតុឲ្យយើងមានអំណរ
ដប់ថ្ងៃក្រោយពីលោកយេស៊ូបានឡើងទៅស្ថានសួគ៌ សកម្មពលបរិសុទ្ធបានត្រូវចាក់មកលើពួកអ្នកកាន់តាមនៅបុណ្យថ្ងៃទី៥០។ ព្រឹត្ដិការណ៍នេះបញ្ជាក់ថាលោកយេស៊ូពិតជានៅស្ថានសួគ៌មែន។ បន្ដិចទៀតនឹងមានភ័ស្តុតាងមួយទៀតដែលបញ្ជាក់អំពីរឿងនេះដែរ។ ស្ទេផានដែលជាអ្នកកាន់តាមម្នាក់ ត្រូវគេគប់ដុំថ្មសម្លាប់ដោយសារគាត់មានភាពស្មោះត្រង់ក្នុងកិច្ចផ្សព្វផ្សាយ។ ប៉ុន្តែ បន្ដិចមុននេះគាត់ស្រែកឡើងថា៖ «មើល! ខ្ញុំមើលឃើញមេឃបើកចំហ ហើយកូនមនុស្សឈរនៅខាងស្ដាំព្រះ»។—សកម្មភាព ៧:៥៦
កាលដែលលោកយេស៊ូនៅជាមួយនឹងបិតារបស់លោកនៅស្ថានសួគ៌ លោកនឹងរង់ចាំបង្គាប់ជាក់លាក់ពីព្រះ ដូចអ្វីដែលបានចែងទុកក្នុងបណ្ដាំរបស់ព្រះ។ ដាវីឌបានត្រូវដឹកនាំឲ្យសរសេរថា៖ ‹ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់ព្រះអម្ចាស់[លោកយេស៊ូ]នៃទូលបង្គំថា៖ «ចូរឲ្យឯងអង្គុយនៅខាងស្ដាំខ្ញុំ ទាល់តែខ្ញុំដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង»›។ ពេលគ្រាដែលលោកយេស៊ូត្រូវរង់ចាំចប់ហើយ នោះលោកនឹងទៅ«គ្រប់គ្រងនៅកណ្ដាលពួកខ្មាំងសត្រូវ[របស់លោក]»។ (ទំនុកតម្កើង ១១០:១, ២) ប៉ុន្តែ ពេលលោកយេស៊ូកំពុងរង់ចាំដើម្បីចាត់វិធានការប្រឆាំងនឹងសត្រូវរបស់លោក តើលោកនឹងធ្វើអ្វីពីស្ថានសួគ៌?
នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ក្រុមជំនុំគ្រិស្តសាសនិកបានត្រូវស្ថាបនាឡើង។ ហេតុនេះ លោកយេស៊ូចាប់ផ្ដើមគ្រប់គ្រងលើពួកអ្នកកាន់តាមដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ។ (កូឡុស ១:១៣) នេះមានន័យថាលោកដឹកនាំពួកគាត់ក្នុងកិច្ចផ្សព្វផ្សាយ ហើយជួយពួកគាត់ឲ្យរៀបចំខ្លួនសម្រាប់តួនាទីនៅពេលអនាគត។ តើពួកគាត់នឹងមានតួនាទីអ្វី? អស់អ្នកដែលបង្ហាញភាពស្មោះត្រង់រហូតដល់ស្លាប់ នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយគ្រប់គ្រងជាស្តេចជាមួយនឹងលោកយេស៊ូក្នុងរាជាណាចក្រ។
គំរូដ៏ប្រសើរមួយក្នុងចំណោមអ្នកដែលនឹងគ្រប់គ្រងជាស្តេចនៅពេលអនាគត គឺសុល។ មនុស្សជាទូទៅស្គាល់គាត់ដោយឈ្មោះជាភាសារ៉ូមថាប៉ូល។ គាត់គឺជាជនជាតិយូដាដែលមានប្រវត្ដិជាអ្នកមានចិត្តខ្នះខ្នែងចំពោះច្បាប់របស់ព្រះ ប៉ុន្តែគាត់បានត្រូវនាំឲ្យវង្វេងដោយសារពួកអ្នកដឹកនាំសាសនាជនជាតិយូដា។ គាត់ថែមទាំងពេញចិត្តកាលដែលគេសម្លាប់ស្ទេផានដោយចោលដុំថ្មទៀតផង។ បន្ទាប់មក គាត់«នៅតែគំរាមពួកអ្នកកាន់តាមលោកម្ចាស់នៅឡើយ» ហើយគាត់ធ្វើដំណើរទៅក្រុងដាម៉ាស់។ គាត់បានទទួលការអនុញ្ញាតពីសម្ដេចសង្ឃកៃផាស ឲ្យចាប់ខ្លួនពួកអ្នកកាន់តាមរបស់លោកយេស៊ូ ហើយនាំយកមកក្រុងយេរូសាឡិម។ (សកម្មភាព ៧:៥៨; ៩:១) ទោះជាយ៉ាងណាក៏ដោយ កាលដែលសុលកំពុងធ្វើដំណើរ ស្រាប់តែមានពន្លឺពីលើមេឃចាំងជុំវិញគាត់ រួចគាត់ដួលដល់ដី។
នៅពេលនោះមានឮសំឡេងមួយបន្លឺមកថា៖ «សុល សុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ?»។ គាត់សួរថា៖ «តើលោកម្ចាស់ជាអ្នកណា?»។ លោកមានប្រសាសន៍ថា៖ «ខ្ញុំគឺយេស៊ូ ដែលអ្នកកំពុងបៀតបៀន»។—សកម្មភាព ៩:៤, ៥
រួចមក លោកយេស៊ូប្រាប់សុលឲ្យចូលក្នុងក្រុងដាម៉ាស់ ហើយចាំទទួលដំណឹងអំពីអ្វីដែលគាត់ត្រូវធ្វើ ប៉ុន្តែគាត់ត្រូវការឲ្យគេដឹកដៃនាំទៅក្រុងនោះ ពីព្រោះពន្លឺយ៉ាងចិញ្ចាចពីលើមេឃនោះបានធ្វើឲ្យគាត់មើលមិនឃើញអ្វីសោះ។ ក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិតមួយទៀត លោកយេស៊ូបានលេចមកជួបអាណានាស ដែលជាអ្នកកាន់តាមម្នាក់រស់នៅក្នុងក្រុងដាម៉ាស់។ លោកយេស៊ូប្រាប់អាណានាសឲ្យទៅផ្ទះមួយដើម្បីរកសុល។ ពេលឮដូច្នេះ អាណានាសក៏ភ័យខ្លាច ហើយមិនចង់ទៅទេ ប៉ុន្តែលោកធ្វើឲ្យគាត់មានទំនុកចិត្តដោយមានប្រសាសន៍ថា៖ «ចូរទៅចុះ ពីព្រោះបុរសនេះប្រៀបដូចជាភាជនៈដែលខ្ញុំបានជ្រើសរើសដើម្បីជាតំណាងឈ្មោះខ្ញុំនៅមុខប្រជាជាតិទាំងឡាយ ព្រមទាំងនៅមុខស្តេចនានា និងពួកកូនអ៊ីស្រាអែល»។ ក្រោយមក សុលអាចមើលឃើញឡើងវិញ ហើយនៅក្រុងដាម៉ាស់គាត់«ចាប់ផ្ដើមផ្សព្វផ្សាយភ្លាមៗអំពីលោកយេស៊ូថា លោកជាបុត្រព្រះ»។—សកម្មភាព ៩:១៥, ២០
ដោយមានការគាំទ្រពីលោកយេស៊ូ ប៉ូលនិងអ្នកផ្សព្វផ្សាយដំណឹងល្អឯទៀតបន្តកិច្ចការផ្សាយដែលលោកយេស៊ូបានចាប់ផ្ដើម។ ព្រះបានឲ្យពរពួកគាត់ ហើយជួយពួកគាត់ឲ្យសម្រេចកិច្ចការជាច្រើន។ ដូច្នេះ ២៥ឆ្នាំក្រោយពីលោកយេស៊ូបានលេចមកជួបប៉ូលនៅតាមផ្លូវទៅក្រុងដាម៉ាស់ នោះគាត់សរសេរថាដំណឹងល្អបានត្រូវ«ប្រកាសក្នុងចំណោមមនុស្សទាំងអស់នៅក្រោមមេឃ»។—កូឡុស ១:២៣
ប៉ុន្មានឆ្នាំក្រោយមក លោកយេស៊ូបានបើកបង្ហាញឲ្យសាវ័កយ៉ូហានដែលជាអ្នកសំណព្វរបស់លោក ឃើញព្រឹត្ដិការណ៍ផ្សេងៗក្នុងគំនិត។ ព្រឹត្ដិការណ៍ទាំងនេះបានត្រូវកត់ទុកក្នុងគម្ពីរនៅសៀវភៅការបើកបង្ហាញ។ តាមរយៈអ្វីដែលគាត់ឃើញក្នុងគំនិត យ៉ូហានហាក់ដូចជារស់នៅរហូតដល់ឃើញលោកយេស៊ូត្រឡប់មកវិញក្នុងនាមជាស្តេចគ្រប់គ្រងក្នុងរាជាណាចក្រ។ (យ៉ូហាន ២១:២២) ហេតុនេះ «ដោយឥទ្ធិពលនៃសកម្មពលរបស់ព្រះ [យ៉ូហាន]បាននៅថ្ងៃរបស់លោកម្ចាស់»។ (ការបើកបង្ហាញ ១:១០) តើថ្ងៃរបស់លោកម្ចាស់នឹងមកដល់នៅពេលណា?
តាមរយៈការសិក្សាទំនាយក្នុងគម្ពីរដោយយកចិត្តទុកដាក់ យើងដឹងថា«ថ្ងៃរបស់លោកម្ចាស់»បានចាប់ផ្ដើមនៅសម័យទំនើបនេះ។ នៅឆ្នាំ១៩១៤ សង្គ្រាមដែលមនុស្សជាទូទៅស្គាល់ថាជាសង្គ្រាមលោកលើកទី១បានផ្ទុះឡើង។ បន្ថែមទៅទៀត ប៉ុន្មានទសវត្សរ៍ក្រោយមក មានសង្គ្រាមជាច្រើនទៀត រោគរាតត្បាត ការអត់ឃ្លាន ការរញ្ជួយដី និងភ័ស្តុតាងផ្សេងៗទៀតដែលបញ្ជាក់ថា«សញ្ញាសម្គាល់» ដែលលោកយេស៊ូបានប្រាប់ពួកសាវ័កស្តីអំពី«វត្តមាន»របស់លោក និងអំពី«ទីបញ្ចប់» បានកើតឡើងក្នុងកម្រិតធំជាង។ (ម៉ាថាយ ២៤:៣, ៧, ៨, ១៤) ម្យ៉ាងទៀត ឥឡូវនេះដំណឹងល្អអំពីរាជាណាចក្រកំពុងបានត្រូវផ្សព្វផ្សាយទូទាំងផែនដី មិនគ្រាន់តែក្នុងតំបន់ដែលគ្រប់គ្រងដោយជនជាតិរ៉ូមប៉ុណ្ណោះទេ។
យ៉ូហានបានត្រូវដឹកនាំឲ្យរៀបរាប់អំពីអត្ថន័យនៃព្រឹត្ដិការណ៍ទាំងនេះថា៖ «មើល! ព្រះបាននាំមកនូវសេចក្ដីសង្គ្រោះ! ឫទ្ធានុភាពរបស់លោកបានទទួលជ័យជម្នះ! រាជាណាចក្ររបស់លោកបានត្រូវស្ថាបនាឡើង! គ្រិស្តរបស់លោកចាប់ផ្ដើមកាន់អំណាចហើយ!»។ (ការបើកបង្ហាញ ១២:១០) ពិតណាស់ រាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌ដែលលោកយេស៊ូបានប្រកាសផ្សាយគ្រប់ទីកន្លែង កំពុងគ្រប់គ្រងហើយ!
ដំណឹងនេះគឺពិតជាដំណឹងល្អណាស់សម្រាប់ពួកអ្នកកាន់តាមស្មោះត្រង់ទាំងអស់របស់លោកយេស៊ូ។ ពួកគេអាចជឿអ្វីដែលយ៉ូហានបានសរសេរថា៖ «ហេតុនេះ ស្ថានសួគ៌និងអស់អ្នកដែលអាស្រ័យនៅស្ថានសួគ៌អើយ ចូររីករាយចុះ តែវេទនាដល់ផែនដី និងសមុទ្រ ពីព្រោះមេកំណាចបានចុះទៅឯអ្នករាល់គ្នាទាំងមានកំហឹងយ៉ាងខ្លាំង ដោយដឹងថាវាមានពេលតែបន្ដិចបន្តួច»។—ការបើកបង្ហាញ ១២:១២
ដូច្នេះ លោកយេស៊ូមិនមែនកំពុងអង្គុយរង់ចាំនៅខាងស្ដាំបិតារបស់លោកទៀតឡើយ តែលោកកំពុងគ្រប់គ្រងជាស្តេច ហើយមិនយូរទៀត លោកនឹងបំផ្លាញចោលសត្រូវទាំងអស់របស់លោក។ (ហេប្រឺ ១០:១២, ១៣) តើនឹងមានព្រឹត្ដិការណ៍ដ៏គួរឲ្យរំភើបចិត្តអ្វីទៀតសម្រាប់យើងនាអនាគត?