ស៊ីគែម—ក្រុងដែលនៅក្នុងជ្រលងភ្នំ
នៅកណ្ដាលស្រុកនោះ ព្រះបានជ្រើសរើសយកកន្លែងសំរាប់រាស្ត្ររបស់ទ្រង់ គឺក្រុងស៊ីគែម ដែលស្ថិតនៅចន្លោះភ្នំអេបាលនិងភ្នំកេរិស៊ីម។ នៅកន្លែងនេះហើយ—ជិតបួនពាន់ឆ្នាំកន្លងទៅនេះ—ដែលព្រះយេហូវ៉ាបានសន្យានឹងអ័ប្រាហាំថា៖ «អញនឹងឲ្យស្រុកនេះដល់ពូជឯង»។—លោកុប្បត្តិ ១២:៦, ៧
ស្របទៅតាមសេចក្ដីសន្យានេះ ចៅរបស់អ័ប្រាហាំ ឈ្មោះយ៉ាកុបបានបោះជុំរំនៅស៊ីគែម ហើយបានសង់អាសនា ដែលគាត់បានហៅថា ‹ព្រះគឺជាព្រះនៃអ៊ីស្រាអែល›។ យ៉ាកុបប្រហែលជាបានជីកអណ្ដូងនៅកន្លែងនេះ ដើម្បីផ្ដល់ទឹកសំរាប់គ្រួសារនិងសត្វរបស់គាត់ ហើយនេះជាអណ្ដូងមួយដែលជាច្រើនសតវត្សក្រោយមក ត្រូវបានស្គាល់ជា«អណ្ដូងយ៉ាកុប»។—លោកុប្បត្តិ ៣៣:១៨-២០; យ៉ូហាន ៤:៥, ៦, ១២
ប៉ុន្តែ សមាជិកគ្រួសាររបស់យ៉ាកុបមិនបានបង្ហាញការខ្នះខ្នែងចំពោះការថ្វាយបង្គំពិតទាំងអស់គ្នាទេ។ នាងឌីណា ជាកូនស្រីរបស់គាត់បានទៅចងមិត្តភាពជាមួយក្មេងស្រីៗជាតិកាណាននៃក្រុងស៊ីគែម។ នៅពេលនោះ នាងឌីណាគឺនៅក្មេងនៅឡើយទេ តែបានចាកចេញពីរោងដ៏សុខនៃគ្រួសារនាង ទៅលេងក្រុងជិតៗនោះ ហើយចងមិត្តភាពនិងគេ។
តើពួកបុរសក្មេងៗនៅទីក្រុងនោះមានទស្សនៈយ៉ាងណាដែរ នឹងក្មេងព្រហ្មចារីដែលមកលេងទីក្រុងរបស់គេជារឿយៗ—តែម្នាក់ឯងនេះ? បុត្ររបស់ស្តេចនៅស្រុកនោះ «ទ្រង់ឃើញនាង ក៏នាំយកទៅដេកបង្ខូច»។ ហេតុអ្វីក៏នាងឌីណាល្បងលគ្រោះថ្នាក់ដោយចូលរួមជាមួយពួកកាណានដ៏ឥតសីលធម៌នោះ? តើនេះដោយសារនាងមានអារម្មណ៍ថា នាងត្រូវការមិត្តភាពនៃក្មេងស្រីៗអាយុដំណាលគ្នាឬ? តើនាងជាមនុស្សក្បាលរឹងនិងឥតពឹងពាក់គេ ដូចពួកបងប្អូនប្រុសរបស់នាងឬ? សូមអានដំណើររឿងនេះក្នុងលោកុប្បត្តិ ហើយអ្នកនឹងយល់នូវការទុក្ខព្រួយនិងការអាម៉ាស់មុខរបស់យ៉ាកុបនិងលេអា ដោយសារតែលទ្ធផលដ៏ខ្លោចផ្សានៃកូនស្រីរបស់គេពីការទៅលេងក្រុងស៊ីគែម។—លោកុប្បត្តិ ៣៤:១-៣១; ៤៩:៥-៧; សូមមើល ប៉មយាម ១៥ មិថុនា ១៩៨៥ ទំព័រ ៣១ (ជាភាសាអង់គ្លេស)
ជិត៣០០ឆ្នាំក្រោយមក ការមិនអើពើនឹងគោលការណ៍ណែនាំរបស់ព្រះ ក៏មានឡើងជាលើកម្ដងទៀត។ នៅឯក្រុងស៊ីគែម យ៉ូស្វេបានរៀបចំការប្រជុំមួយដែលចាំជាប់ជានិច្ចក្នុងប្រវត្ដិសាស្ត្រអ៊ីស្រាអែល។ សូមគិតអំពីព្រឹត្ដិការណ៍នៅឯជ្រលងភ្នំនេះ។ មនុស្សជាងមួយលាននាក់—ពួកបុរស ស្ត្រី និងកូនក្មេង—ឈរនៅពីមុខភ្នំកេរិស៊ីម ដែលមកពីកុលសម្ព័ន្ធប្រាំមួយនៃសាសន៍អ៊ីស្រាអែល។ នៅជ្រលងភ្នំម្ខាងទៀត មានមនុស្សចំនួនដូចគ្នាពីកុលសម្ព័ន្ធប្រាំមួយទៀត ដែលឈរនៅពីមុខភ្នំអេបាល។a ហើយនៅពីក្រោម នៅជិតហិបនៃកិច្ចព្រមព្រៀង និងនៅចន្លោះហ្វូងមនុស្សដ៏ធំពីរក្រុមនៃពួកអ៊ីស្រាអែល គឺមានពួកសង្ឃនិងលោកយ៉ូស្វេ។ នេះជាទស្សនីយភាពដ៏ល្អមែន!—យ៉ូស្វេ ៨:៣០-៣៣
នៅពីលើមនុស្សជាច្រើននេះ គឺមានភ្នំពីរដែលមានសភាពខុសគ្នាយ៉ាងខ្លាំងចំពោះសោភ័ណភាពនិងភាពឥតជីជាតិ។ ភ្នំកេរិស៊ីមមានពណ៌ខៀវនិងជីជាតិ តែភ្នំអេបាលមានតែសោះកក្រោះនិងឥតជីជាតិទេ។ តើអ្នកអាចគិតនូវការរំភើបចិត្តនៃពួកអ៊ីស្រាអែល កាលដែលគេរង់ចាំលោកយ៉ូស្វេនឹងឡើងនិយាយទេ? សូរសម្លេងទាំងអស់គឺឮខ្ទររំពង។
ក្នុងកំឡុងបួនទៅប្រាំមួយម៉ោង ដែលយ៉ូស្វេអាន‹សៀវភៅនៃក្រិត្យវិន័យរបស់ម៉ូសេ› ប្រជាជនក៏ចូលរួមធ្វើដែរ។ (យ៉ូស្វេ ៨:៣៤, ៣៥) តាមប្រមើលទៅ ពួកអ៊ីស្រាអែលដែលនៅពីមុខភ្នំកេរិស៊ីម និយាយថា អាមែន! ក្រោយពីពរនិមួយៗ តែចំពោះការនិយាយអាមែន! នៃពួកមនុស្សដែលនៅពីមុខភ្នំអេបាល គឺកត់បញ្ជាក់នូវសេចក្ដីបណ្ដាសានិមួយៗទៅវិញ។ ការឥតមានជីជាតិនៃភ្នំអេបាល ប្រហែលជាដើម្បីរំឭកមនុស្សនូវលទ្ធផលដ៏ហិនហោចនៃការមិនគោរពធ្វើតាម។
យ៉ូស្វេបានព្រមានថា៖ «ត្រូវបណ្ដាសាហើយ អ្នកណាដែលមើលងាយដល់ឪពុកម្ដាយខ្លួន»។ ដោយស្របនឹងគ្នា មនុស្សជាងមួយលាននាក់តបឆ្លើយថា៖ «អាម៉ែន»! យ៉ូស្វេក៏ចាំការតបឆ្លើយដ៏ខ្លាំងនេះឲ្យស្ងាត់សិន ទើបនឹងបន្តនិយាយទៀតថា៖ «ត្រូវបណ្ដាសាហើយ អ្នកណាដែលបន្ថយគោលចារឹករបស់អ្នកជិតខាងខ្លួន»។ ម្ដងនេះទៀត កុលសម្ព័ន្ធទាំងប្រាំមួយ រួមទាំងពួកអាណិកជន ក៏ឆ្លើយឡើងថា៖ «អាមែន»! (ចោទិយកថា ២៧:១៦, ១៧) បើសិនជាអ្នកបាននៅទីនោះ តើអ្នកនឹងភ្លេចការប្រជុំនៅចន្លោះភ្នំនោះឬ? តើអ្នកមិនចាំជាប់នឹងចិត្តពីការគោរពតាមទេឬ?
ប្រមាណ២០ឆ្នាំក្រោយមក មុននឹងលោកស្លាប់ទៅ ម្ដងនេះទៀត យ៉ូស្វេបានប្រមូលសាសន៍ទាំងមូលឲ្យមកឯក្រុងស៊ីគែម ដើម្បីឲ្យពួកគេពង្រឹងសេចក្ដីតាំងចិត្តរបស់គេឡើង។ គាត់បានបង្ហាញនូវសេចក្ដីសម្រេចចិត្តដែលមនុស្សគ្រប់គ្នាត្រូវធ្វើ។ គាត់បាននិយាយថា៖ «ចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្ដិនៅថ្ងៃនេះចុះ។ តែឯអញនឹងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ»។ (យ៉ូស្វេ ២៤:១, ១៥) យ៉ាងច្បាស់ណាស់ ការប្រជុំដ៏ធំដែលបានពង្រឹងជំនឿនៅត្រង់ក្រុងស៊ីគែមនេះ ធ្វើឲ្យនឹកចាំជាប់ក្នុងចិត្តជានិច្ច។ ជាច្រើនឆ្នាំក្រោយពីយ៉ូស្វេបានស្លាប់ទៅ ពួកអ៊ីស្រាអែលបានត្រាប់តាមគំរូដ៏ស្មោះត្រង់របស់គាត់។—យ៉ូស្វេ ២៤:៣១
ប្រហែលជា១៥សតវត្សក្រោយមក នៅពេលដែលព្រះយេស៊ូសំរាកនៅក្រោមម្លប់នៃភ្នំកេរិស៊ីម នោះមានការសន្ទនាដ៏កក់ក្ដៅបានកើតឡើង។ ដោយអស់កម្លាំងពីការធ្វើដំណើរដ៏ឆ្ងាយ ព្រះយេស៊ូបានអង្គុយជិតអណ្ដូងយ៉ាកុប នៅពេលដែលស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក។ ស្ត្រីនោះភ្ញាក់ផ្អើលណាស់ ដែលព្រះយេស៊ូបានសូមទឹកពិសាពីនាង ដ្បិតពួកយូដាមិននិយាយស្តីជាមួយពួកសាម៉ារីទេ ហើយពួកយូដាច្បាស់ជាមិនពិសាទឹកពីភាជន៍របស់ពួកសាម៉ារីឡើយ។ (យ៉ូហាន ៤:៥-៩) ពាក្យបន្ទូលរបស់ព្រះយេស៊ូជាបន្ទាប់ បានធ្វើឲ្យនាងភ្ញាក់ផ្អើលកាន់តែខ្លាំងឡើងទៀត។ «អស់អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅ បានជីវិតអស់កល្បជានិច្ច»។ (យ៉ូហាន ៤:១៣, ១៤) សូមគិតពីការចាប់អារម្មណ៍របស់ស្ត្រីក្នុងសេចក្ដីសន្យានោះ ដ្បិតការដងទឹកពីអណ្ដូងដ៏ជ្រៅជាកិច្ចការដ៏ពិបាកណាស់។ ព្រះយេស៊ូបានពន្យល់ទៀតថា ទោះបីក្រុងយេរូសាឡិមនិងភ្នំកេរិស៊ីមមានសារៈសំខាន់ក្នុងប្រវត្ដិសាស្ត្រក៏ដោយ នេះមិនមែនជាកន្លែងសាសនាសំរាប់ថ្វាយបង្គំព្រះយេហូវ៉ាទេ។ អ្វីដែលសំខាន់នោះគឺ ចិត្តគំនិតនិងឫកពា មិនមែនជាកន្លែងទេ។ ទ្រង់បានមានបន្ទូលថា៖ «ពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ នឹងសេចក្ដីពិត ពីព្រោះព្រះវរបីតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យថ្វាយបង្គំទ្រង់»។ (យ៉ូហាន ៤:២៣) ពាក្យដែលទ្រង់បានមានបន្ទូលមកនោះ ច្បាស់ជាគួរឲ្យលើកទឹកចិត្តមែន! ម្ដងនេះទៀត ជើងភ្នំនេះបានទៅជាកន្លែងដាស់តឿនមនុស្សឲ្យបំរើព្រះយេហូវ៉ា។
នៅសព្វថ្ងៃនេះ ទីក្រុងណាប្លុសគឺស្ថិតនៅជិតទីក្រុងស៊ីគែមដែលបានហិនហោចទៅនោះ។ ភ្នំកេរិស៊ីមនិងភ្នំអេបាលគឺស្ថិតនៅជ្រលងភ្នំនោះដដែល ឈរជាសាក្សីចំពោះព្រឹត្ដិការណ៍នៃអតីតកាល។ មនុស្សអាចទៅលេងអណ្ដូងរបស់យ៉ាកុបដែលស្ថិតនៅជើងភ្នំទាំងនេះ។ កាលដែលយើងរំពឹងគិតទៅលើព្រឹត្ដិការណ៍ដែលបានកើតឡើងនៅទីនោះ យើងត្រូវបានរំឭកពីសារៈសំខាន់នៃការដំកើងការថ្វាយបង្គំពិត ដូចយ៉ូស្វេនិងព្រះយេស៊ូបានបង្រៀនយើងឲ្យធ្វើនោះ។—ប្រៀបធៀប អេសាយ ២:២, ៣
[កំណត់សម្គាល់]
a កុលសម្ព័ន្ធប្រាំមួយដែលឈរនៅពីមុខភ្នំកេរិស៊ីម គឺស៊ីម្មាន លេវី យូដា អ៊ីសាខារ យ៉ូសែប និងបេនយ៉ាមីន។ កុលសម្ព័ន្ធប្រាំមួយទៀតដែលនៅពីមុខភ្នំអេបាល គឺរូបេន កាឌ់ អេស៊ើរ សាប់យូល៉ូន ដាន់ និងណែបថាលី។—ចោទិយកថា ២៧:១២, ១៣
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣១]
Pictorial Archive (Near Eastern History) Est.