‹កាតព្វកិច្ចទាំងមូលរបស់មនុស្ស›
«ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។—សាស្ដា ១២:១៣
១, ២. ហេតុអ្វីក៏ជាការត្រឹមត្រូវក្នុងការពិចារណាមើលកាតព្វកិច្ចរបស់យើងចំពោះព្រះ?
«តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្ដេច»? ព្យាការីពីបុរាណម្នាក់បានសួរសំនួរនេះ។ បន្ទាប់មក គាត់បានប្រាប់អំពីអ្វីៗដែលព្រះយេហូវ៉ាតម្រូវ—គឺឲ្យប្រព្រឹត្តដោយយុត្ដិធម៌ ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួនដោយសុភាពរាបទាប។—មីកា ៦:៨
២ ក្នុងសម័យឯកត្តភាពនិងឯករាជ្យនេះ មនុស្សជាច្រើនមិនចូលចិត្តនឹងគំនិតដែលថាព្រះតម្រូវអ្វីពីគេនោះទេ។ ពួកគេមិនចង់ជាប់តម្រូវទេ។ ប៉ុន្តែ តើសាឡូម៉ូនបានសន្និដ្ឋានយ៉ាងណាក្នុងសាស្ដា? «សេចក្ដីនេះចប់តែប៉ុណ្ណេះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។—សាស្ដា ១២:១៣
៣. ហេតុអ្វីក៏យើងត្រូវយកចិត្តទុកដាក់នឹងសៀវភៅសាស្ដា?
៣ ទោះបីជាយើងមានកាលៈទេសៈនិងទស្សនៈវិស័យក្នុងជីវិតយ៉ាងណាក៏ដោយ យើងអាចបានផលប្រយោជន៍ជាច្រើន បើយើងពិនិត្យមើលប្រវត្ដិនៃសេចក្ដីសន្និដ្ឋាននេះ។ ស្តេចសាឡូម៉ូន ជាអ្នកនិពន្ធសៀវភៅនេះ បានពិចារណាមើលសេចក្ដីទាំងនេះខ្លះៗ ដែលជាផ្នែកនៃជីវភាពប្រចាំថ្ងៃរបស់យើង។ អ្នកខ្លះប្រហែលជារហ័សសន្និដ្ឋានថា ការវែកញែករបស់ទ្រង់ជាការមិនល្អ។ ប៉ុន្តែសៀវភៅនេះបានបណ្ដាលមកពីព្រះ ហើយអាចជួយយើងឲ្យវែកញែកមើលសកម្មភាពនិងអាទិភាពរបស់យើង ដើម្បីឲ្យអាចទទួលការសប្បាយរីករាយច្រើន។
ការបំពេញសេចក្ដីខ្វល់ខ្វាយដ៏សំខាន់នៃជីវិត
៤. តើអ្វីដែលសាឡូម៉ូនបានពិនិត្យនិងពិគ្រោះក្នុងសៀវភៅសាស្ដា?
៤ សាឡូម៉ូនបានពិចារណាមើលយ៉ាងផ្ចិតផ្ចង់នូវ‹កិច្ចការរបស់មនុស្សជាតិ›។ «យើងបានផ្ចង់ចិត្តពិនិត្យមើល ហើយស្វែងរកដោយប្រាជ្ញា ពីគ្រប់ទាំងអស់ដែលកើតមាននៅក្រោមមេឃ»។ ដោយប្រើពាក្យ‹កិច្ចការ› សាឡូម៉ូនមិនមែនគ្រាន់តែមានន័យថាការងារប៉ុណ្ណោះទេ ផ្ទុយទៅវិញ នេះជាសកម្មភាពទាំងមូលដែលមនុស្សប្រុសស្រីធ្វើក្នុងមួយជីវិតរបស់គេ។ (សាស្ដា ១:១៣) ចូរឲ្យយើងពិនិត្យមើលសកម្មភាពសំខាន់ខ្លះៗទាំងនេះ ហើយបន្ទាប់មក ចូរប្រៀបធៀបជាមួយនឹងសកម្មភាពនិងអាទិភាពរបស់យើងម្នាក់ៗ។
៥. តើអ្វីជាគោលដៅដ៏សំខាន់មួយរបស់មនុស្សជាតិ?
៥ លុយច្បាស់ជាបណ្ដូលនៃកង្វល់និងសកម្មភាពរបស់មនុស្សជាច្រើន។ គ្មានអ្នកណាអាចនិយាយដោយត្រឹមត្រូវថា សាឡូម៉ូនមានទស្សនៈហីៗអំពីលុយដូចពួកមនុស្សអ្នកមានខ្លះនោះឡើយ។ ទ្រង់ទទួលស្គាល់នូវការត្រូវការលុយខ្លះៗ។ ការមានលុយគ្រប់គ្រាន់ជាការល្អប្រសើរជាងភាពក្រីក្រ។ (សាស្ដា ៧:១១, ១២) ប៉ុន្តែអ្នកប្រហែលជាបានសង្កេតឃើញហើយថាលុយ ដោយសារអាចទិញអ្វីៗបាន អាចក្លាយទៅជាគោលដៅទីមួយក្នុងជីវិត—ចំពោះមនុស្សក្រនិងមនុស្សអ្នកមាន។
៦. តើយើងអាចរៀនអ្វីអំពីលុយ ពីរឿងប្រៀបប្រដូចមួយរបស់ព្រះយេស៊ូ និងពីការពិសោធផ្ទាល់របស់សាឡូម៉ូន?
៦ ចូរនឹកពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីមនុស្សអ្នកមានម្នាក់ដែលមិនចេះស្កប់ចិត្តសោះ ហើយចង់តែបានច្រើនទៀត។ ព្រះបានកាត់សេចក្ដីថាគាត់ជាមនុស្សមិនសមហេតុផល។ ហេតុអ្វី? ពីព្រោះ‹ជីវិតរបស់យើងមិនស្រេចនឹងទ្រព្យសម្បត្ដិជាបរិបូរទេ›។ (លូកា ១២:១៥-២១) ការពិសោធរបស់សាឡូម៉ូន—ដែលហើយប្រហែលជាមានច្រើនជាងយើងទៅទៀត—បានគាំទ្រពាក្យបន្ទូលរបស់ព្រះយេស៊ូនេះ។ សូមអានសេចក្ដីរៀបរាប់នៅសាស្ដា ២:៤-៩។ ក្នុងមួយរយៈពេល សាឡូម៉ូនបានយកចិត្តទុកដាក់នឹងការប្រមូលទ្រព្យសម្បត្ដិ។ ទ្រង់បានសង់ផ្ទះនិងសួនច្បារយ៉ាងស្អាត។ ទ្រង់អាចរកបានប្រពន្ធស្អាតៗ។ តើទ្រព្យសម្បត្ដិនិងអ្វីផ្សេងៗទៀតដែលទ្រង់មាននោះ នាំឲ្យមានសេចក្ដីស្កប់ចិត្ត ការពេញចិត្តនឹងស្នាដៃខ្លួន និងអត្ថន័យក្នុងជីវិតទេ? ទ្រង់បានឆ្លើយដោយស្មោះថា៖ «យើងបានត្រួតត្រាមើលគ្រប់ទាំងការដែលដៃយើងបានធ្វើ នឹងការនឿយហត់ដែលយើងបានខំបង្កើតនោះ ហើយមើល សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការទទេ ឥតមានផលប្រយោជន៍អ្វីនៅក្រោមថ្ងៃឡើយ»។—សាស្ដា ២:១១; ៤:៨
៧. (ក) ការពិសោធបង្ហាញអ្វីពីតម្លៃនៃលុយ? (ខ) តើអ្នកបានឃើញអ្វីផ្ទាល់ខ្លួនដែលគាំទ្រដល់សេចក្ដីសន្និដ្ឋានរបស់សាឡូម៉ូន?
៧ នេះហើយជាការជាក់ស្តែង ជាការពិតក្នុងជីវិតរបស់មនុស្សជាច្រើន។ យើងត្រូវតែសារភាពថា មានលុយច្រើនមិនដោះស្រាយបញ្ហាទាំងអស់ទេ។ វាអាចដោះស្រាយបញ្ហាខ្លះៗ ដូចជាអាចទទួលម្ហូបអាហារនិងសំលៀកបំពាក់បានដោយស្រួល។ ប៉ុន្តែមនុស្សម្នាក់អាចពាក់សំលៀកបំពាក់បានតែមួយកំប្លេម្ដង ហើយញ៉ាំម្ហូបអាហារបានតែមួយចំនួនប៉ុណ្ណោះ។ ហើយអ្នកប្រហែលជាធ្លាប់អានអំពីមនុស្សអ្នកមានដែលក្នុងជីវិតរបស់គេជួបតែការលែងលះគ្នា ការប្រើស្រានិងគ្រឿងញៀន ហើយឈ្លោះប្រឆាំងជាមួយបងប្អូនគេ។ មហាសេដ្ឋីម្នាក់ឈ្មោះ ជេ. ភី. ហ្គីទី មានប្រសាសន៍ថា៖ «លុយមិនតែងតែជាប់ទាក់ទងនឹងសុភមង្គលទេ។ ប្រហែលជាជាប់ទាក់ទងនឹងការឥតមានសុភមង្គលវិញ»។ ដោយមានមូលហេតុល្អ សាឡូម៉ូនបានចាត់ទុកការស្រឡាញ់ប្រាក់ជាការឥតប្រយោជន៍។ សូមប្រៀបធៀបការពិតនេះជាមួយនឹងសេចក្ដីសង្កេតរបស់សាឡូម៉ូន៖ «ឯការដេកលក់នៃមនុស្សដែលធ្វើការនឿយហត់ នោះស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិចឬច្រើនក្ដី ប៉ុន្តែការបរិភោគហួសប្រមាណរបស់អ្នកមាន នោះមិនឲ្យគេដេកលក់បានទេ»។—សាស្ដា ៥:១០-១២
៨. តើអ្វីជាមូលហេតុដែលយើងមិនគួរដាក់ទម្ងន់ហួសហេតុលើលុយ?
៨ លុយនិងទ្រព្យសម្បត្ដិក៏មិននាំឲ្យមានសេចក្ដីស្កប់ចិត្តដែរនៅអនាគត។ បើអ្នកមានលុយនិងទ្រព្យសម្បត្ដិច្រើន អ្នកប្រហែលជាមានកង្វល់ច្រើនចំពោះការការពារទ្រព្យទាំងនោះ ហើយអ្នកក៏មិនដឹងថាថ្ងៃស្អែកមានអ្វីកើតឡើងដែរ។ អ្នកអាចបាត់បង់ទ្រព្យទាំងអស់ រួមទាំងជីវិតរបស់អ្នក ក៏មិនដឹង? (សាស្ដា ៥:១៣-១៧; ៩:១១, ១២) ដោយហេតុនេះ មិនជាការពិបាកទេក្នុងការយល់ឃើញថា ជីវិតរបស់យើងគួរតែមានអត្ថន័យខ្ពង់ខ្ពស់ជាងលុយនិងទ្រព្យសម្បត្ដិទៅទៀត។
គ្រួសារ កេរ្ដិ៍ឈ្មោះ និងអំណាច
៩. ហេតុអ្វីក៏សាឡូម៉ូនពិចារណាមើលជីវភាពគ្រួសារ?
៩ ការវែកញែករបស់សាឡូម៉ូនអំពីជីវិតក៏រួមបញ្ចូលការយកចិត្តទុកដាក់នឹងគ្រួសារដែរ។ ព្រះគម្ពីរលើកដំកើងជីវភាពគ្រួសារ រួមទាំងអំណរនៃការមានកូនចៅ និងការបីបាច់កូនទាំងនោះផង។ (លោកុប្បត្តិ ២:២២-២៤; ទំនុកដំកើង ១២៧:៣-៥; សុភាសិត ៥:១៥, ១៨-២០; ៦:២០; ម៉ាកុស ១០:៦-៩; អេភេសូរ ៥:២២-៣៣) តើនេះជាលក្ខណៈសំខាន់បំផុតក្នុងជីវិតឬ? មនុស្សជាច្រើនមានគំនិតដូច្នេះមែន ពីព្រោះនៅក្នុងវប្បធម៌ខ្លះ អាពាហ៍ពិពាហ៍ កូនចៅ និងគ្រួសារ ជាការសំខាន់ណាស់។ ប៉ុន្តែ សាស្ដា ៦:៣ បង្ហាញថា សូម្បីមានកូនចៅមួយរយនាក់ ក៏មិនមែនជាកូនសោបើកឲ្យមានជីវិតស្កប់ចិត្តនោះឡើយ។ សូមគិតអំពីរបៀបដែលឪពុកម្ដាយជាច្រើនបានសុខចិត្តលះបង់សំរាប់កូនរបស់គេ ដើម្បីឲ្យកូនអាចផ្ដើមជីវិតបានល្អហើយឲ្យបានស្រួល។ ថ្វីបើនេះជាការល្អក្ដី ព្រះអាទិទេពរបស់យើងពិតជាមិនមានព្រះទ័យថា គោលបំណងសំខាន់បំផុតនៃជីវិតរបស់យើងគឺគ្រាន់តែបង្កើតកូនចៅដើម្បីបន្តពូជ ដូចពពួកសត្វដែលធ្វើតាមសភាវគតិរបស់វានោះទេ។
១០. ហេតុអ្វីក៏ការដាក់ទម្ងន់ហួសហេតុលើគ្រួសារជាអសារឥតការ?
១០ សាឡូម៉ូនបានបង្ហាញឲ្យឃើញការជាក់ស្តែងខ្លះៗអំពីជីវិភាពគ្រួសារ។ ឧទាហរណ៍ មនុស្សម្នាក់ប្រហែលជាខំរកទ្រព្យសម្បត្ដិជាច្រើនទុកសំរាប់កូននិងចៅរបស់គាត់។ ប៉ុន្តែ តើកូនចៅនោះនឹងទៅជាមានប្រាជ្ញាទេ? ឬក៏វាទៅជាល្ងីល្ងើនឹងអ្វីៗដែលគាត់ខំរកទុកសំរាប់វានោះ? បើវាទៅជាល្ងីល្ងើ នោះនឹងទៅជា‹ការអសារឥតការ ហើយជាមហន្តរាយដ៏ធំ›!—សាស្ដា ២:១៨-២១; ពង្សាវតារក្សត្រទី១ ១២:៨; របាក្សត្រទី២ ១២:១-៤, ៩
១១, ១២. (ក) តើមនុស្សខ្លះគិតតែសង្វាតរកអ្វីក្នុងជីវិត? (ខ) ហេតុអ្វីក៏អាចនិយាយថា ការស្វែងរកភាពធំដុំជា«អសារឥតការទទេ»?
១១ ម្យ៉ាងវិញទៀត មនុស្សជាច្រើនបានចាត់ទុកជីវភាពគ្រួសាររបស់ខ្លួនធម្មតារបស់ខ្លួន ជាអ្វីបន្ទាប់បន្សំទៅនឹងគោលដៅរបស់គេក្នុងការឲ្យមានកេរ្ដិ៍ឈ្មោះ ឬ អំណាចលើអ្នកឯទៀត។ ការនេះនិយមមានជាងគេក្នុងចំណោមមនុស្សប្រុស។ តើអ្នកមានបានឃើញការនេះក្នុងចំណោមពួកសិស្ស អ្នកធ្វើការជាមួយ ឬពួកអ្នកជិតខាងទេ? មនុស្សជាច្រើនខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឲ្យបានទទួលទទួលស្គាល់ ឲ្យមានមុខមាត់ ឬ ដើម្បីប្រើអំណាចលើអ្នកឯទៀត។ ប៉ុន្តែ តើការនេះមានន័យខ្លឹមសាយ៉ាងណាទៅ?
១២ សូមគិតអំពីរបៀបដែលមនុស្សខ្លះខំតស៊ូដើម្បីឲ្យបានល្បីឈ្មោះ មិនថាតូចឬធំក្ដី។ យើងឃើញការនេះមាននៅសាលារៀន ក្នុងតំបន់យើង ហើយក្នុងក្រុមសមាគមផ្សេងៗទៀត។ នេះក៏ជាឥទ្ធិពលមួយមានក្នុងពួកអ្នកដែលចង់បានល្បីឈ្មោះក្នុងវិស័យសិល្បៈ គ្រឿងកំសាន្ត និងវិស័យនយោបាយដែរ។ ប៉ុន្តែ តើនេះមិនមែនជាកិច្ចប្រឹងប្រែងដែលឥតប្រយោជន៍ទេឬ? សាឡូម៉ូនហៅការនេះដោយត្រឹមត្រូវថាជា «អសារឥតការទទេ»។ (សាស្ដា ៤:៤) ទោះបីជាយុវជនម្នាក់បានក្លាយទៅជាមានមុខមាត់ធំដុំក្នុងក្លឹប ក្នុងក្រុមកីឡា ឬក្នុងក្រុមតន្ត្រី—ឬបុរស ឬស្ត្រីបានទទួលឈ្មោះល្បីក្នុងក្រុមហ៊ុន ឬក្នុងសហគមន៍ក្ដី—តើមានមនុស្សប៉ុន្មាននាក់ពិតជាដឹងអំពីរឿងនេះ? តើមនុស្សនៅត្រើយម្ខាងលោកីយ៍ (ឬនៅក្នុងប្រទេសដូចគ្នា) ដឹងថាមានបុគ្គលនេះទេ? ឬក៏តើពួកគេរស់នៅដោយឥតដឹងពីបុគ្គលដែលមានកេរ្ដិ៍ឈ្មោះបែបនេះ? ហើយនេះក៏ដូច្នេះដែរចំពោះអំណាចដែលបុគ្គលម្នាក់បានទទួលនៅក្នុងការងារ ក្នុងក្រុង ឬក្នុងចំណោមក្រុមណាមួយ។
១៣. (ក) តើសាស្ដា ៩:៤, ៥ ជួយយើងឲ្យមានទស្សនៈត្រឹមត្រូវយ៉ាងណា ចំពោះការស្វែងរកភាពធំដុំឬអំណាចនោះ? (ខ) តើយើងជួបប្រទះការពិតអ្វីខ្លះ បើសិនជាជីវិតនេះមានតែប៉ុណ្ណេះ? (សូមមើលកំណត់ចំណាំ)
១៣ តើភាពធំដុំឬអំណាចបែបនេះនឹងទៅជាយ៉ាងណានៅទីបំផុត? ដូចមនុស្សមួយដំណបានកន្លងទៅហើយដំណមួយចូលមក មនុស្សធំដុំ ឬអ្នកមានអំណាចក៏វិនាសទៅ ហើយក៏គ្មាននរណាចាំពីគេដែរ។ នេះហើយជាការពិតចំពោះពួកអ្នកសង់ ពួកអ្នកភ្លេង ពួកវិចិត្រករ ពួកអ្នកកែប្រែសង្គម ហើយពួកមនុស្សឯទៀត ក៏ជាការពិតចំពោះពួកនយោបាយនិងពួកមេដឹកនាំយោធាជាច្រើនដែរ។ ពីមុខតំណែងទាំងនេះ តើអ្នកស្គាល់មនុស្សប៉ុន្មាននាក់ដែលធ្លាប់រស់នៅក្នុងរវាងឆ្នាំ១៧០០និង១៨០០? សាឡូម៉ូនបានវែកញែករឿងនេះដោយត្រឹមត្រូវថា៖ «ឆ្កែរស់ គង់វិសេសជាងសិង្ហស្លាប់ដែរ។ ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ . . . សេចក្ដីនឹកចាំពីគេបានសូន្យបាត់ហើយ»។ (សាស្ដា ៩:៤, ៥) បើជីវិតមានតែប៉ុណ្ណេះ អញ្ចឹងការស្វែងរកភាពធំដុំ ឬអំណាច នោះជាការឥតប្រយោជន៍ទេ។a
ការយកចិត្តទុកដាក់នឹងកាតព្វកិច្ចរបស់យើង
១៤. ហេតុអ្វីក៏សៀវភៅសាស្ដាជួយយើងម្នាក់ៗ?
១៤ សាឡូម៉ូនពុំបានមានប្រសាសន៍អំពីសកម្មភាព គោលដៅ និងសេចក្ដីកំសាន្តជាច្រើន ដែលមនុស្សយកចិត្តទុកដាក់នោះទេ។ ប៉ុន្តែ អ្វីដែលទ្រង់បានសរសេរមក នោះគ្រប់គ្រាន់ហើយ។ ការពិចារណាមើលរបស់យើងនូវសៀវភៅនេះ មិនគួរមើលឃើញតែអ្វីៗដែលមិនល្អឬស្រងូតស្រងាត់ទេ ដ្បិតយើងបានពិនិត្យយ៉ាងត្រឹមត្រូវសៀវភៅព្រះគម្ពីរ ដែលព្រះយេហូវ៉ាបានបណ្ដាលឲ្យតែងមកសំរាប់ជាប្រយោជន៍ដល់យើង។ នេះអាចជួយយើងម្នាក់ៗឲ្យមានទស្សនៈត្រឹមត្រូវក្នុងជីវិត និងអ្វីៗដែលយើងយកចិត្តទុកដាក់។ (សាស្ដា ៧:២; ធីម៉ូថេទី២ ៣:១៦, ១៧) នោះជាការពិតមែន បើសិនជាយើងមើលសេចក្ដីសន្និដ្ឋានដែលព្រះយេហូវ៉ាបានជួយសាឡូម៉ូនឲ្យយល់នោះ។
១៥, ១៦. (ក) តើអ្វីជាទស្សនៈរបស់សាឡូម៉ូនចំពោះការកំសាន្តជីវិត? (ខ) តើសាឡូម៉ូនមានប្រសាសន៍ដ៏ត្រឹមត្រូវយ៉ាងណា ចំពោះការកំសាន្តជីវិត?
១៥ ចំណុចមួយដែលសាឡូម៉ូនបានលើកមកនិយាយជាញឹកញាប់ គឺថាពួកអ្នកបំរើរបស់ព្រះពិតគួរតែមានអំណរក្នុងសកម្មភាពរបស់គេចំពោះទ្រង់។ «យើងដឹងហើយ ថាគ្មានអ្វីសំរាប់គេ ដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្ដីល្អដល់ខ្លួនអស់វេលាដែលមានជីវិតរស់នៅនោះទេ ហើយការដែលគ្រប់មនុស្សបានស៊ីហើយផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ទាំងការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទាននៃព្រះ»។ (សាស្ដា ២:២៤; ៣:១២, ១៣; ៥:១៨; ៨:១៥) ចូរកត់សម្គាល់ថា សាឡូម៉ូនមិនបានដាស់តឿនឲ្យមានការស៊ីផឹកហ៊ឺហានោះទេ ហើយគាត់ក៏មិនគាំទ្រនឹងអាកប្បកិរិយានៃ‹ការស៊ីផឹក ដ្បិតស្អែកយើងត្រូវស្លាប់នោះដែរ›។ (កូរិនថូសទី១ ១៥:១៤, ៣២-៣៤) ទ្រង់ចង់មានន័យថា យើងគួរតែមានអំណរតាមការសប្បាយរីករាយធម្មតា ដូចជាការស៊ីផឹក ក្នុងកាលដែលយើង‹ធ្វើល្អក្នុងជីវិតរបស់យើង›។ នោះហើយជាអ្វីដែលយើងយកចិត្តទុកដាក់ទៅលើ ការធ្វើតាមព្រះហឫទ័យរបស់ព្រះអាទិទេព ដែលសម្រេចចំពោះអ្វីដែលពិតជាល្អ។—ទំនុកដំកើង ២៥:៨; សាស្ដា ៩:១; ម៉ាកុស ១០:១៧, ១៨; រ៉ូម ១២:២
១៦ សាឡូម៉ូនបានសរសេរថា៖ «ដូច្នេះ ចូរទៅចុះ ឲ្យបរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះទ្រង់បានទទួលការរបស់ឯងហើយ»។ (សាស្ដា ៩:៧-៩) ត្រូវហើយ បុរសនិងស្ត្រីដែលពិតជាមានជីវិតសប្បាយ នោះគឺសកម្មក្នុងកិច្ចការដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ។ នេះតម្រូវឲ្យយើងគិតពិចារណាមើលអំពីទ្រង់ជារៀងរាល់ដង។ តើនេះជាទស្សនៈដែលមានភាពខុសគ្នាពីទស្សនៈនៃមនុស្សភាគច្រើនយ៉ាងណាទៅហ្ន៎ ដែលគេខំដោះស្រាយជីវិតដោយប្រើប្រាជ្ញារបស់មនុស្ស!
១៧, ១៨. (ក) តើមនុស្សជាច្រើនប្រព្រឹត្តយ៉ាងណាចំពោះការជាក់ស្តែងនៃជីវិត? (ខ) តើយើងគួរតែនឹកចាំពីលទ្ធផលអ្វី?
១៧ ទោះជាសាសនាខ្លះបង្រៀនអំពីបរលោកក្ដី មនុស្សជាច្រើនជឿថា ជីវិតនេះជាអ្វីដែលគេដឹងច្បាស់។ អ្នកប្រហែលជាឃើញពួកគេបានប្រព្រឹត្តយ៉ាងណាហើយ កាលដែលសាឡូម៉ូនបានរៀបរាប់ថា៖ «ចិត្តរបស់ពួកមនុស្សជាតិបានផ្ដាច់ទៅ ឲ្យប្រព្រឹត្តតាមអំពើអាក្រក់ជានិច្ចដោយព្រោះតែការធ្វើទោស ចំពោះអំពើអាក្រក់ មិនបានសំរេចជាយ៉ាងឆាប់»។ (សាស្ដា ៨:១១) សូម្បីតែចំពោះមនុស្សដែលមិនប្រព្រឹត្តអំពើអាក្រក់ក៏ដោយ ក៏បង្ហាញថាពួកគេខ្វល់ខ្វាយតែពីបច្ចុប្បន្ននេះប៉ុណ្ណោះ។ នេះហើយជាមូលហេតុមួយដែលលុយ ទ្រព្យសម្បត្ដិ កិត្យានុភាព អំណាចលើអ្នកដទៃ គ្រួសារ ឬផលប្រយោជន៍ផ្សេងៗបានក្លាយទៅជាអ្វីដ៏សំខាន់ហួសហេតុចំពោះពួកគេ។ ប៉ុន្តែ សាឡូម៉ូនមិនបញ្ចប់នៅត្រង់នោះទេ។ ទ្រង់មានបន្ទូលទៀតថា៖ «ទោះបើមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់ដល់ទៅ១០០ដង ហើយចំរើនអាយុយឺនយូរក៏ដោយ គង់តែយើងដឹងថា ពួកអ្នកដែលកោតខ្លាចដល់ព្រះ គឺដែលកោតខ្លាចនៅចំពោះទ្រង់ គេនឹងមានសេចក្ដីសុខស្រួលវិញ តែមិនបានសេចក្ដីសុខស្រួល ដល់មនុស្សអាក្រក់ទេ ឯអាយុគេ ដែលធៀបដូចជាស្រមោល នោះក៏មិនបានយឺនយូរដែរ ពីព្រោះគេមិនកោតខ្លាចដល់ព្រះឡើយ»។ (សាស្ដា ៨:១២, ១៣) យ៉ាងច្បាស់ណាស់ សាឡូម៉ូនបានជឿជាក់ថា យើងនឹងបានសេចក្ដីសុខស្រួល បើសិនជាយើង‹កោតខ្លាចព្រះពិត›។ តើបានសេចក្ដីសុខស្រួលយ៉ាងណា? យើងអាចរកឃើញចម្លើយពីការប្រៀបធៀបដែលទ្រង់បានធ្វើ។ ព្រះយេហូវ៉ាអាចធ្វើ‹ឲ្យអាយុយើងបានយឺនយូរ›។
១៨ អស់ពួកអ្នកដែលនៅក្មេងនៅឡើយ ត្រូវតែរំពឹងគិតនូវហេតុការណ៍ពិតដែលចែងថា ពួកអ្នកដែលកោតខ្លាចដល់ព្រះ គេនឹងមានសេចក្ដីសុខស្រួល។ ដូចអ្នកប្រហែលជាឃើញផ្ទាល់ខ្លួនស្រាប់ អ្នកពូកែរត់ប្រណាំងប្រហែលជារត់ដួលហើយចាញ់ក្នុងការរត់ប្រណាំង។ កងទ័ពដ៏ខ្លាំងពូកែអាចទទួលបរាជ័យ។ អ្នកជំនួញដ៏ប្រុងប្រយ័ត្នម្នាក់អាចទៅជាអ្នកក្រីក្រ។ ហើយមានភាពមិនប្រាកដជាច្រើនទៀតដែលធ្វើឲ្យជីវិតមិនដឹងទៅជាយ៉ាងណា។ ប៉ុន្តែ អ្នកអាចដឹងជាពិតប្រាកដអំពីរឿងនេះ៖ ដំណើរដ៏ប្រាជ្ញាហើយដ៏ប្រាកដគឺត្រូវឲ្យសប្បាយនឹងជីវិត កាលដែលអ្នកធ្វើល្អក្នុងច្បាប់សីលធម៌របស់ព្រះ ហើយធ្វើស្របតាមព្រះហឫទ័យទ្រង់។ (សាស្ដា ៩:១១) នេះរួមបញ្ចូលការរៀនពីព្រះគម្ពីរឲ្យដឹងនូវអ្វីជាព្រះហឫទ័យរបស់ព្រះ ថ្វាយខ្លួនទៅទ្រង់ ហើយក្លាយទៅជាគ្រីស្ទានដែលបានធ្វើបុណ្យជ្រមុជទឹក។—ម៉ាថាយ ២៨:១៩, ២០
១៩. តើពួកក្មេងៗអាចប្រើជីវិតរបស់គេយ៉ាងណា ប៉ុន្តែអ្វីជាដំណើរដ៏មានប្រាជ្ញា?
១៩ ព្រះអាទិទេពនឹងមិនជំរុញយុវជនឬអ្នកដទៃឲ្យធ្វើតាមការណែនាំរបស់ទ្រង់ទេ។ ពួកគេអាចទៅជាជក់ស្លុងនឹងការរៀនសូត្រ ប្រហែលជាក្លាយទៅជាសិស្សមួយជីវិតនៃប្រាជ្ញារបស់មនុស្ស។ នោះនឹងទៅជាអ្វីមួយដែលធ្វើឲ្យតប់ប្រមល់ដល់ខ្លួន។ ឬគេអាចធ្វើតាមចិត្តមិនគ្រប់ល័ក្ខណ៍ ឬធ្វើតាមអ្វីដែលគេចូលចិត្ត។ នោះគឺច្បាស់ជានាំឲ្យគេមានចិត្តមួម៉ៅ ហើយក្រោយមកការប្រកបជីវិតបែបនេះនឹងច្បាស់ជាឥតប្រយោជន៍មែន។ (សាស្ដា ១១:៩–១២:១២; យ៉ូហានទី១ ២:១៥-១៧) ដូច្នេះ សាឡូម៉ូនអំពាវនាវដល់ពួកក្មេងៗ—នេះជាអំពាវនាវដែលយើងត្រូវពិចារណាឲ្យបានដិតដល់ ទោះជាយើងមានអាយុប៉ុន្មានក៏ដោយ៖ «ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង មុនដែលអស់ទាំងថ្ងៃអាក្រក់មកដល់ ហើយអស់ទាំងឆ្នាំមកជិត ដែលឯងនឹងថា អញអស់សប្បាយហើយ»។—សាស្ដា ១២:១
២០. តើអ្វីជាទស្សនៈដ៏ថ្លឹងថ្លែងនៃសារក្នុងសៀវភៅសាស្ដា?
២០ បើអញ្ចឹង តើយើងត្រូវសន្និដ្ឋានយ៉ាងណា? តើសាឡូម៉ូនបានសន្និដ្ឋានយ៉ាងណា? ទ្រង់បានឃើញហើយបានពិចារណាមើល«បណ្ដាការដែលមានធ្វើនៅក្រោមថ្ងៃ ហើយមើល ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ជាអសារឥតការផង»។ (សាស្ដា ១:១៤) ក្នុងសៀវភៅសាស្ដា មិនមានពាក្យរបស់បុរសដែលមើលឃើញតែអាក្រក់ ឬពាក្យរអ៊ូរទាំនោះទេ។ នេះជាផ្នែកនៃពាក្យបន្ទូលរបស់ព្រះ ហើយយើងគួរតែពិចារណាមើលដែរ។
២១, ២២. (ក) តើអ្វីជាចំណុចនៃជីវិតដែលសាឡូម៉ូនយកមកពិចារណាមើល? (ខ) តើទ្រង់មានសន្និដ្ឋានដ៏ប្រាជ្ញាយ៉ាងណា? (គ) តើការពិនិត្យមើលសៀវភៅសាស្ដាមានឥទ្ធិពលយ៉ាងណាទៅលើអ្នក?
២១ សាឡូម៉ូនបានពិនិត្យមើលកិច្ចការរបស់មនុស្ស ភាពពិបាករបស់មនុស្ស និងសេចក្ដីប្រាថ្នារបស់គេ។ ទ្រង់បានបង្ហាញឲ្យឃើញនូវលទ្ធផលធម្មតា ដែលជាការអន្ទះអន្ទែងនិងការឥតន័យដែលមនុស្សជាច្រើនបានពិសោធ។ ទ្រង់បានពិចារណាមើលការជាក់ស្តែងរបស់មនុស្សឥតគ្រប់ល័ក្ខណ៍ និងសេចក្ដីស្លាប់ជាលទ្ធផល។ ហើយទ្រង់បានពិនិត្យមើលចំណេះដែលព្រះប្រទានអំពីស្ថានភាពនៃមនុស្សស្លាប់ និងសេចក្ដីសង្ឃឹមចំពោះជីវិតនៅអនាគត។ សេចក្ដីទាំងនេះត្រូវបានពិចារណាមើលដោយបុរស ដែលប្រាជ្ញារបស់ខ្លួនត្រូវបានព្រះបង្កើនឡើង។ ត្រូវហើយ សាឡូម៉ូនជាបុគ្គលដែលប្រកបដោយប្រាជ្ញាបំផុតម្នាក់ដែលធ្លាប់រស់នៅ។ រួចមក សេចក្ដីសន្និដ្ឋានរបស់ទ្រង់ ត្រូវបានកត់ត្រាទុកមកក្នុងព្រះគម្ពីរ សំរាប់ជាប្រយោជន៍ដល់យើងរាល់គ្នា ដែលចង់បានជីវិតប្រកបទៅដោយអត្ថន័យ។ តើយើងមិនយល់ស្របទេឬ?
២២ «សេចក្ដីនេះចប់តែប៉ុណ្ណេះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្ដី»។—សាស្ដា ១២:១៣, ១៤
[កំណត់សម្គាល់]
a ប៉មយាមមួយបានចែងដូចនេះថា៖ «យើងមិនគួរខ្ជះខ្ជាយជីវិតយើងទៅលើសេចក្ដីឥតប្រយោជន៍នោះឡើយ . . . បើជីវិតនេះមានតែប៉ុណ្ណេះ នោះគ្មានអ្វីសំខាន់ទេ។ ជីវិតនេះប្រៀបដូចជាបាល់មួយដែលគេបោះទៅលើ រួចធ្លាក់មកលើដីវិញ។ វាប្រៀបដូចជាស្រមោលមួយ ផ្កាដែលស្រពោនទៅ ស្លឹកស្មៅមួយដែលគេកាត់រួចទុកឲ្យងាប់។ . . . នៅលើជញ្ជីងនៃអនន្តភាព ប្រវែងជីវិតរបស់យើងប្រៀបដូចជាចំណុចដ៏តូចមួយ។ វាមិនទាំងស្មើនឹងដំណក់ទឹកដ៏ធំមួយនៅក្នុងទន្លេផង។ ពិតមែនហើយ សាឡូម៉ូនត្រូវណាស់ ពេលទ្រង់ពិចារណាមើលកង្វល់និងសកម្មភាពផ្សេងៗរបស់មនុស្ស ហើយប្រកាសទាំងនេះជាការឥតប្រយោជន៍នោះ។ យើងឆាប់ស្លាប់ទៅវិញណាស់ បើយើងមិនកើតមកនោះប្រហែលជាល្អជាជាង មនុស្សរាប់លាននាក់ចេញហើយចូល ដោយមានមនុស្សតិចណាស់ដែលដឹងថាយើងនៅទីនេះ។ នេះមិនមែនជាទស្សនៈអាក្រក់នោះទេ។ នេះជាការពិត ជាការជាក់ស្តែងដែលមនុស្សជួបប្រទះ ជាទស្សនៈដែលមានប្រយោជន៍ បើជីវិតមានតែប៉ុណ្ណេះ»។—១ សីហា ១៩៥៧ ទំព័រ ៤៧២
តើអ្នកនៅចាំទេ?
◻ តើការវែកញែកដ៏ប្រាជ្ញាអំពីទ្រព្យសម្បត្ដិមានសារៈសំខាន់យ៉ាងណាក្នុងជីវិតរបស់អ្នក?
◻ ហេតុអ្វីក៏យើងមិនត្រូវដៅបញ្ជាក់ហួសហេតុទៅលើគ្រួសារ ភាពល្បីល្បាញ ឬអំណាចលើអ្នកដទៃ?
◻ តើអ្វីជាគំនិតរបស់ព្រះចំពោះការកំសាន្ត ដែលសាឡូម៉ូនដាស់តឿនយើងនោះ?
◻ តើអ្នកបានប្រយោជន៍យ៉ាងណាពីការពិនិត្យមើលសៀវភៅសាស្ដា?
[រូបភាពនៅទំព័រ២៦]
លុយនិងទ្រព្យសម្បត្ដិមិនធានារ៉ាប់រងការសប្បាយរីករាយទេ
[រូបភាពនៅទំព័រ២៨]
ពួកយុវជនអាចដឹងជាពិតប្រាកដថា គេនឹងបានសេចក្ដីសុខស្រួល បើគេកោតខ្លាចព្រះ