តើលោកយេស៊ូពិតជាមានរូបរាងបែបណា?
គ្មានអ្នកណាមានរូបលោកយេស៊ូទេ។ លោកយេស៊ូមិនដែលឲ្យគេគូរគំនូរឬឆ្លាក់រូបលោកឡើយ។ ប៉ុន្តែ អស់ជាច្រើនសតវត្សរ៍មកហើយ ជាងគំនូរជាច្រើននាក់បានគូររូបលោក។
ការពិត ជាងគំនូរទាំងនោះមិនដឹងថាលោកយេស៊ូពិតជាមានរូបរាងបែបណាឡើយ។ វប្បធម៌ល្បីៗ ជំនឿសាសនា និងបំណងចិត្តរបស់បុគ្គលដែលចង់បានរូបគំនូរ ច្រើនតែមានឥទ្ធិពលទៅលើរបៀបដែលជាងគំនូរគូររូបលោកយេស៊ូ។ ទោះជាយ៉ាងនេះក្ដី គំនូរនិងរូបចម្លាក់របស់ពួកគេ អាចមានឥទ្ធិពលមិនល្អទៅលើទស្សនៈរបស់មនុស្សចំពោះលោកយេស៊ូនិងសេចក្ដីបង្រៀនរបស់លោក។
ជាងគំនូរខ្លះគូររូបលោកយេស៊ូជាមនុស្សទន់ខ្សោយដែលមានសក់វែងនិងពុកចង្ការស្តើង ឬមានទឹកមុខកំសត់។ ខ្លះទៀតគូររូបលោកជាទេវតាដែលមានពន្លឺរស្មីនៅជុំវិញក្បាល ឬនៅដាច់ឆ្ងាយពីមនុស្សដែលនៅជុំវិញលោក។ តើគំនូរនិងចម្លាក់ទាំងនេះបង្ហាញយ៉ាងត្រឹមត្រូវអំពីលោកយេស៊ូឬទេ? តើយើងអាចដឹងចម្លើយយ៉ាងដូចម្ដេច? វិធីមួយគឺពិនិត្យពិចារណាគម្ពីរដែលអាចជួយយើងឲ្យយល់ថាតើលោកអាចមានរូបរាងបែបណា។ ការធ្វើដូច្នេះក៏អាចជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះលោកដែរ។
«លោកបានរៀបចំរូបកាយមួយឲ្យខ្ញុំ»
ពាក្យទាំងនេះនៅក្នុងសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូ ពេលលោកទទួលការជ្រមុជទឹក។ (ហេប្រឺ ១០:៥; ម៉ាថាយ ៣:១៣-១៧) តើរូបកាយនោះមានរូបរាងបែបណា? មុនកំណើតលោកយេស៊ូ ទេវតាកាព្រីយ៉ែលបានបើកបង្ហាញដល់ម៉ារៀដែលជាម្ដាយរបស់លោកថា៖ «នាងនឹងមានផ្ទៃពោះ ក៏នឹងបង្កើតបុត្រមួយ . . . ជាបុត្ររបស់ព្រះ»។ (លូកា ១:៣១, ៣៥) ដូច្នេះ លោកយេស៊ូជាមនុស្សល្អឥតខ្ចោះ ដូចអាដាមaពេលដែលព្រះបង្កើតគាត់នៅដើមដំបូង។ (លូកា ៣:៣៨; កូរិនថូសទី១ ១៥:៤៥) លោកយេស៊ូច្បាស់ជាមានរូបកាយមាំមួន ហើយលោកទំនងជាមានមុខមាត់ស្រដៀងនឹងម៉ារៀដែលជាជនជាតិយូដានិងជាម្ដាយរបស់លោក។
លោកយេស៊ូមានពុកចង្ការ ដូចទំនៀមទម្លាប់ក្នុងចំណោមជនជាតិយូដាខុសពីជនជាតិរ៉ូម។ ពុកចង្ការបែបនោះបង្ហាញពីភាពថ្លៃថ្នូរនិងគួរឲ្យគោរព តែមិនមែនវែងនិងស្មូញទេ។ លោកយេស៊ូច្បាស់ជាយកចិត្តទុកដាក់និងតម្រឹមពុកចង្ការរបស់លោក ហើយសក់របស់លោកក៏រៀបរយនិងខ្លីល្មមដែរ។ មានតែពួកអ្នកដែលជាន៉ាសារីតទេ ដូចជាសាំសុនជាដើម មិនកាត់សក់ឡើយ។—ជនគណនា ៦:៥; ពួកចៅហ្វាយ ១៣:៥
អស់រយៈពេលជាង៣០ឆ្នាំ លោកយេស៊ូជាជាងឈើ ពេលនោះគ្មានឧបករណ៍ទំនើបៗឡើយ។ (ម៉ាកុស ៦:៣) យ៉ាងណាមិញ លោកប្រាកដជាមានកាយសម្បទាមាំមួន។ ក្នុងអំឡុងពេលលោកចាប់ផ្ដើមកិច្ចបម្រើផ្សាយរបស់លោក ដោយគ្មានជំនួយលោកបានដេញមនុស្សក្នុងវិហារ«ចេញពីវិហារជាមួយនឹងចៀមនិងគោរបស់ពួកគេ ហើយបានចាក់កាក់របស់ពួកអ្នកដូរប្រាក់ចោល ក៏ផ្កាប់តុរបស់ពួកគេ»។ (យ៉ូហាន ២:១៤-១៧) ដើម្បីប្រព្រឹត្តដោយចិត្តក្លាហានដូចនោះ នោះត្រូវការមនុស្សដែលមានកម្លាំងនិងថាមពល។ លោកយេស៊ូបានប្រើរូបកាយដែលព្រះបានរៀបចំឲ្យលោកដើម្បីបំពេញភារកិច្ចពីព្រះ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ខ្ញុំត្រូវប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះនៅក្រុងផ្សេងទៀតដែរ ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានត្រូវចាត់ឲ្យមក»។ (លូកា ៤:៤៣) នោះត្រូវការកម្លាំងដែលលើសពីធម្មតាដើម្បីធ្វើដំណើរដោយថ្មើរជើងទូទាំងស្រុកប៉ាឡេស្ទីន ហើយប្រកាសដំណឹងល្អនោះ។
«ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹង ធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ»
ទឹកមុខដ៏កក់ក្ដៅនិងគុណសម្បត្ដិរបស់លោកយេស៊ូច្បាស់ជាទាក់ទាញពួកអ្នកដែល«ធ្វើការនឿយហត់ហើយមានបន្ទុកធ្ងន់»ឲ្យមកឯលោក។ (ម៉ាថាយ ១១:២៨-៣០) ភាពកក់ក្ដៅនិងចិត្តសប្បុរសរបស់លោកពង្រឹងទំនុកចិត្តទៅលើសេចក្ដីសន្យារបស់លោកដែលថា លោកនឹងធ្វើឲ្យពួកអ្នកដែលចង់រៀនពីលោកមានកម្លាំងចិត្តឡើងវិញ។ សូម្បីតែកូនក្មេងក៏ចង់ទៅជិតលោកយេស៊ូដែរ យើងយល់ដូច្នេះ ដោយសារគម្ពីរចែងថា៖ «លោកឱបកូនក្មេងទាំងនោះ»។—ម៉ាកុស ១០:១៣-១៦
ទោះជាលោកយេស៊ូធ្លាប់រងការឈឺចាប់មុនលោកស្លាប់ក្ដី លោកមិនមែនជាមនុស្សកើតទុក្ខទេ។ ជាឧទាហរណ៍ នៅពិធីមង្គលការមួយនាស្រុកកាណា លោកយេស៊ូបានធ្វើឲ្យទឹកទៅជាស្រាល្អ។ (យ៉ូហាន ២:១-១១) នៅការជួបជុំគ្នាផ្សេងទៀត លោកបានបង្រៀនមេរៀនដែលចងចាំមិនភ្លេច។—ម៉ាថាយ ៩:៩-១៣; យ៉ូហាន ១២:១-៨
សំខាន់បំផុត កិច្ចផ្សព្វផ្សាយរបស់លោកយេស៊ូបានធ្វើឲ្យអ្នកស្ដាប់មានសេចក្ដីសង្ឃឹមដ៏អស្ចារ្យអំពីជីវិតដែលគ្មានទីបញ្ចប់។ (យ៉ូហាន ១១:២៥, ២៦; ១៧:៣) ពេលអ្នកកាន់តាមលោក៧០នាក់បានប្រាប់លោកអំពីកិច្ចការផ្សព្វផ្សាយរបស់ពួកគេ លោកបាន«ត្រេកអរពន់ពេក» ហើយមានប្រសាសន៍ថា៖ «ចូរត្រេកអរពីព្រោះឈ្មោះរបស់អ្នករាល់គ្នាបានត្រូវចារឹកទុកនៅឯស្ថានសួគ៌វិញ»។—លូកា ១០:២០, ២១
«ឯអ្នករាល់គ្នាវិញ អ្នកមិនត្រូវដូច្នេះឡើយ»
នៅសម័យលោកយេស៊ូ អ្នកដឹកនាំសាសនាដែលជាមនុស្សលាក់ពុតព្យាយាមធ្វើឲ្យអ្នកឯទៀតចាប់អារម្មណ៍មកលើខ្លួន ហើយប្រើអំណាចដើម្បីគ្រប់គ្រងលើអ្នកឯទៀត។ (ជនគណនា ១៥:៣៨-៤០; ម៉ាថាយ ២៣:៥-៧) ខុសពីអ្នកដឹកនាំសាសនាទាំងនោះ លោកយេស៊ូបានណែនាំសាវ័ករបស់លោកមិនឲ្យ«ត្រួតត្រា»លើមនុស្សឯទៀត។ (លូកា ២២:២៥, ២៦) តាមពិត លោកយេស៊ូបានព្រមានថា៖ «ចូរប្រុងប្រយ័ត្ននឹងពួកអ្នកជំនាញខាងច្បាប់ ដែលចង់ពាក់អាវផាយដើរចុះឡើង ហើយចង់ឲ្យមនុស្សជម្រាបសួរ សម្ដែងការគោរពចំពោះពួកគេនៅផ្សារ»។—ម៉ាកុស ១២:៣៨
ផ្ទុយទៅវិញ ពេលលោកយេស៊ូនៅក្នុងចំណោមក្រុមមនុស្ស ជួនកាលគ្មានអ្នកណាដឹងថាលោកនៅទីនោះទេ។ (យ៉ូហាន ៧:១០, ១១) សូម្បីតែពេលដែលលោកនៅក្នុងចំណោមសាវ័កស្មោះត្រង់១១នាក់របស់លោក ក៏លោកមិនមានរូបសម្បត្ដិដែលបានធ្វើឲ្យលោកលេចធ្លោជាងគេឡើយ។ ជាឧទាហរណ៍ យូដាសបានថើបជា«សញ្ញាសម្គាល់»ដើម្បីបង្ហាញថាអ្នកណាជាលោកយេស៊ូក្នុងចំណោមបណ្ដាជន។—ម៉ាកុស ១៤:៤៤, ៤៥
ដូច្នេះ ទោះជាមិនមានព័ត៌មានល្អិតល្អន់ជាច្រើនក៏ដោយ ក៏មានទីសំអាងថាលោកយេស៊ូមិនមែនមានរូបរាងដូចដែលបានត្រូវបង្ហាញក្នុងរូបផ្សេងៗនោះទេ។ ប៉ុន្តែ ទោះជាលោកពិតជាមានរូបរាងបែបណាក្ដី នោះមិនសូវសំខាន់ទេ អ្វីដែលសំខាន់គឺទស្សនៈរបស់យើងចំពោះលោកនៅឥឡូវនេះ។
«បន្ដិចទៀតពិភពលោកនេះ នឹងលែងឃើញខ្ញុំទៀតហើយ»
ប៉ុន្មានម៉ោងក្រោយលោកយេស៊ូបានមានប្រសាសន៍នូវពាក្យទាំងនេះ លោកបានស្លាប់ ហើយត្រូវគេយកទៅបញ្ចុះ។ (យ៉ូហាន ១៤:១៩) លោកបានឲ្យជីវិតខ្លួនជា«ថ្លៃលោះមនុស្សជាច្រើន»។ (ម៉ាថាយ ២០:២៨) នៅថ្ងៃទី៣ ព្រះបានប្រោសលោកឲ្យរស់ឡើងវិញ«ជាវិញ្ញាណ» ហើយបាន«អនុញ្ញាតឲ្យបង្ហាញខ្លួន»ចំពោះអ្នកកាន់តាមខ្លះរបស់លោក។ (ពេត្រុសទី១ ៣:១៨; សកម្មភាព ១០:៤០) ដូច្នេះ តើលោកយេស៊ូមានរូបរាងបែបណាពេលលោកបង្ហាញខ្លួនចំពោះអ្នកកាន់តាមលោក? នោះច្បាស់ជាខុសគ្នាឆ្ងាយពីរូបរាងដើមរបស់លោក សូម្បីតែអ្នកកាន់តាមជិតស្និទ្ធបំផុតរបស់លោក ក៏មិនបានស្គាល់លោកភ្លាមៗដែរ។ ម៉ារៀ ម៉ាក់ដាឡេនគិតស្មានថាលោកជាអ្នកថែសួនច្បារ ហើយអ្នកកាន់តាមពីរនាក់ដែលកំពុងធ្វើដំណើរទៅភូមិអេម៉ាសមិនស្គាល់លោកទេ។—លូកា ២៤:១៣-១៨; យ៉ូហាន ២០:១, ១៤, ១៥
នៅសព្វថ្ងៃនេះ តើយើងគួរគិតថាលោកយេស៊ូមានរូបរាងបែបណា? ជាង៦០ឆ្នាំក្រោយលោកយេស៊ូបានស្លាប់ ព្រះបានបើកបង្ហាញឲ្យសាវ័កយ៉ូហានដែលជាសាវ័កជាទីស្រឡាញ់របស់លោកយេស៊ូឲ្យឃើញលោកយេស៊ូនៅក្នុងគំនិត។ យ៉ូហានមិនបានឃើញថាលោកជាបុគ្គលដែលកំពុងស្លាប់នៅលើឈើឆ្កាងទេ។ ផ្ទុយទៅវិញ គាត់បានឃើញលោកជា«ស្តេចលើស្តេចទាំងអស់ និងម្ចាស់លើម្ចាស់ទាំងអស់» ពោលគឺស្តេចនៃរាជាណាចក្រព្រះ ដែលមិនយូរទៀតនឹងយកឈ្នះលើវិញ្ញាណកំណាចនិងមនុស្សអាក្រក់ដែលជាសត្រូវរបស់ព្រះ ហើយផ្ដល់ពរជារៀងរហូតដល់មនុស្សជាតិ។—ការបើកបង្ហាញ ១៩:១៦; ២១:៣, ៤
a អាដាមជាបុរសដំបូងដែលព្រះបានបង្កើត។