ត្រូវបានអប់រំឲ្យធ្វើបន្ទាល់យ៉ាងសព្វគ្រប់
«អ្នករាល់គ្នា . . . នឹងធ្វើជាទីបន្ទាល់ពីខ្ញុំនៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង»។—កិច្ចការ ១:៨
១, ២. តើពេត្រុសបានត្រូវបង្គាប់ឲ្យធ្វើកិច្ចការអ្វី? តើអ្នកណាដែលបានឲ្យកិច្ចការនេះដល់គាត់?
«ព្រះយេស៊ូវពីស្រុកណាសារ៉ែត . . . ទ្រង់ក៏ផ្ដាំមកយើងរាល់គ្នាឲ្យប្រកាសប្រាប់ដល់បណ្ដាជនទាំងឡាយ ហើយឲ្យធ្វើបន្ទាល់សព្វគ្រប់ថា គឺព្រះអង្គនេះហើយដែលព្រះបានតាំងឡើងឲ្យជំនុំជំរះដល់ទាំងមនុស្សរស់នឹងមនុស្សស្លាប់ផង»។ (កិច្ចការ ១០:៣៨, ៤២) សាវ័កពេត្រុសបានពោលពាក្យខាងលើនេះដើម្បីពន្យល់កូនេលាសនិងក្រុមគ្រួសារគាត់អំពីបង្គាប់ដែលពេត្រុសបានទទួលឲ្យបំរើជាអ្នកផ្សព្វផ្សាយដំណឹងល្អ។
២ តើព្រះយេស៊ូបានបង្គាប់ឲ្យធ្វើកិច្ចការនោះនៅពេលណា? ប្រហែលជាពេត្រុសចង់សំដៅចំពោះបន្ទូលរបស់ព្រះយេស៊ូក្រោយពីទ្រង់បានរស់ឡើងវិញមុននឹងទ្រង់យាងទៅស្ថានសួគ៌។ នៅពេលនោះ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកសិស្សស្មោះត្រង់របស់ទ្រង់ថា៖ «អ្នករាល់គ្នានឹងបានព្រះចេស្ដា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំនៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដានឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង»។ (កិច្ចការ ១:៨) ក៏ប៉ុន្តែ សូម្បីតែច្រើនឆ្នាំមុននោះ ពេត្រុសបានដឹងថា ការធ្វើជាសិស្សរបស់ព្រះយេស៊ូ តម្រូវឲ្យគាត់ប្រាប់អ្នកដទៃអំពីជំនឿដែលគាត់មានលើព្រះយេស៊ូ។
ត្រូវបានអប់រំជិតអស់បីឆ្នាំ
៣. តើព្រះយេស៊ូបានធ្វើអព្ភូតហេតុអ្វី? ហើយតើព្រះយេស៊ូបានអញ្ជើញពេត្រុសនិងអនទ្រេឲ្យធ្វើ?
៣ បីបួនខែបន្ទាប់ពីព្រះយេស៊ូបានទទួលបុណ្យជ្រមុជទឹកនាឆ្នាំ២៩ ស.យ. នោះទ្រង់បានផ្សព្វផ្សាយនៅឯសមុទ្រកាលីឡេត្រង់កន្លែងដែលពេត្រុសនិងអនទ្រេប្រកបការងារជាអ្នកនេសាទត្រី។ ពេត្រុសនិងអនទ្រេបានអូសអួនពេញមួយយប់ហើយ តែអត់បានត្រីសោះ។ ក៏ប៉ុន្តែ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកគាត់ថា៖ «[ចូរ]ចេញទូកទៅឯកន្លែងទឹកជ្រៅទំលាក់អួនចាប់ត្រីចុះ!»។ នៅពេលដែលពួកគាត់បានធ្វើតាមបង្គាប់របស់ព្រះយេស៊ូ «នោះក៏ជាប់បានត្រីសន្ធឹក ដល់ម្ល៉េះបានជាអួនចាប់តាំងធ្លាយ»។ នៅពេលដែលពេត្រុសឃើញអព្ភូតហេតុនេះ គាត់ភ័យស្ញប់ស្ញែងជាខ្លាំង ប៉ុន្តែ ព្រះយេស៊ូបានធ្វើឲ្យគាត់មានអារម្មណ៍ស្រួល ដោយមានបន្ទូលថា៖ «កុំខ្លាចអី! ពីនេះទៅមុខ អ្នកនឹងចាប់មនុស្សវិញ»។—លូកា ៥:៤-១០
៤. (ក) តើព្រះយេស៊ូបានជួយសិស្សទ្រង់ឲ្យត្រៀមលក្ខណៈដើម្បីធ្វើបន្ទាល់យ៉ាងដូចម្ដេច? (ខ) បើប្រៀបធៀបកិច្ចផ្សព្វផ្សាយរបស់ព្រះយេស៊ូជាមួយនឹងសិស្ស តើខុសគ្នាយ៉ាងណា?
៤ ភ្លាមនោះពេត្រុសនិងអនទ្រេ ព្រមទាំងយ៉ាកុបនិងយ៉ូហានដែលជាកូនរបស់សេបេដេទុកទូកចោល ហើយបានដើរតាមព្រះយេស៊ូ។ ជិតអស់បីឆ្នាំ ពួកគាត់បានទៅជាមួយព្រះយេស៊ូក្នុងកិច្ចការប្រកាសផ្សាយ ហើយទទួលការអប់រំឲ្យធ្វើជាអ្នកផ្សព្វផ្សាយដំណឹងល្អ។ (ម៉ាថាយ ១០:៧; ម៉ាកុស ១:១៦, ១៨, ២០, ៣៨; លូកា ៤:៤៣; ១០:៩) នៅទីបញ្ចប់នៃការអប់រំនោះនាថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ ស.យ. ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកគាត់ថា៖ «អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត»។ (យ៉ូហាន ១៤:១២) សិស្សរបស់ព្រះយេស៊ូនឹងធ្វើបន្ទាល់សព្វគ្រប់ដូចព្រះយេស៊ូដែរ ប៉ុន្តែ សិស្សរបស់ទ្រង់នឹងធ្វើការនោះក្នុងកំរិតមួយដ៏ធំជាង។ ពួកគេនិងមនុស្សឯទៀតដែលបំរើជាសិស្សរបស់ទ្រង់នៅថ្ងៃមុខនឹងធ្វើបន្ទាល់«នៅគ្រប់ទាំងសាសន៍» រហូតដល់«បំផុតកល្ប»។—ម៉ាថាយ ២៨:១៩, ២០
៥. តើយើងអាចទទួលប្រយោជន៍ពីការអប់រំដែលព្រះយេស៊ូបានប្រទានដល់ពួកអ្នកកាន់តាមទ្រង់ដោយដូចម្ដេចខ្លះ?
៥ យើងកំពុងតែរស់នៅ«អវសានកាលនៃពិភពលោក»។ (ម៉ាថាយ ២៤:៣, ខ.ស.) យើងមិនអាចដើរផ្សព្វផ្សាយជាមួយនឹងព្រះយេស៊ូ ហើយមើលរបៀបដែលទ្រង់ផ្សព្វផ្សាយដល់មនុស្សដូចពួកសិស្សដំបូងនោះទេ។ យ៉ាងណាក៏ដោយ យើងអាចទទួលប្រយោជន៍ពីការអប់រំរបស់ទ្រង់ ដោយអានក្នុងព្រះគម្ពីរនូវរបៀបដែលទ្រង់បានផ្សព្វផ្សាយ និងការបង្ហាត់បង្រៀនដែលទ្រង់បានប្រទានដល់ពួកអ្នកកាន់តាមទ្រង់។ (លូកា ១០:១-១១) ក៏ប៉ុន្តែ អត្ថបទនេះនឹងពិគ្រោះនូវអ្វីមួយដ៏សំខាន់ណាស់ ដែលព្រះយេស៊ូបានសម្ដែងដល់សិស្ស ពោលគឺចិត្តគំនិតត្រឹមត្រូវចំពោះកិច្ចការផ្សព្វផ្សាយ។
ការយកចិត្តទុកដាក់ចំពោះមនុស្ស
៦, ៧. តើព្រះយេស៊ូមានគុណសម្បត្ដិអ្វីដែលធ្វើឲ្យទ្រង់មានប្រសិទ្ធភាពក្នុងកិច្ចបំរើផ្សាយ? តើយើងអាចយកតម្រាប់តាមទ្រង់ចំពោះរឿងនេះយ៉ាងដូចម្ដេច?
៦ ហេតុអ្វីបានជាព្រះយេស៊ូធ្វើបន្ទាល់ដោយប្រសិទ្ធភាព? មូលហេតុមួយគឺ ព្រះយេស៊ូចាប់អារម្មណ៍ហើយយកព្រះទ័យទុកដាក់យ៉ាងស្មោះចំពោះមនុស្ស។ អ្នកតែងបទទំនុកដំកើងបានទាយថាព្រះយេស៊ូនឹង«មានសេចក្ដីអាណិតមេត្ដា ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត»។ (ទំនុកដំកើង ៧២:១៣) ព្រះយេស៊ូបានបំពេញទំនាយនោះពិតមែន។ ព្រះគម្ពីរចែងអំពីគ្រាមួយថា៖ «កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្ដួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀមដែលឥតអ្នកគង្វាល»។ (ម៉ាថាយ ៩:៣៦) សូម្បីតែពួកអ្នកប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរក៏ដឹងថាព្រះយេស៊ូ យកព្រះទ័យទុកដាក់ ហើយពួកគេមានចិត្តចង់ទៅជិតទ្រង់ដែរ។—ម៉ាថាយ ៩:៩-១៣; លូកា ៧:៣៦-៣៨; ១៩:១-១០
៧ សព្វថ្ងៃនេះ យើងក៏អាចធ្វើបន្ទាល់ដោយប្រសិទ្ធភាពដែរ ប្រសិនបើយើងបង្ហាញនូវការយកចិត្តទុកដាក់ចំពោះមនុស្សដូចព្រះយេស៊ូ។ មុននឹងចូលរួមកិច្ចផ្សព្វផ្សាយ សូមចំណាយពេលគិតថាតើមនុស្សត្រូវការដំណឹងនេះជាបន្ទាន់យ៉ាងណា? ចូរគិតអំពីបញ្ហាផ្សេងៗរបស់មនុស្ស ដែលមានតែព្រះរាជាណាចក្រនឹងដោះស្រាយបាន។ ចូរប្ដេជ្ញាមានទស្សនៈល្អចំពោះមនុស្សគ្រប់គ្នា ដោយសារយើងពុំដឹងថាអ្នកណានឹងស្ដាប់តាមសារព្រះរាជាណាចក្រ។ ប្រហែលជាបុគ្គលដែលយើងទៅជួបបានអធិស្ឋានឲ្យមានអ្នកណាម្នាក់ដូចយើងផ្ទាល់ឲ្យមកជួយគាត់ក៏មិនដឹង!
ត្រូវបានជំរុញដោយសេចក្ដីស្រឡាញ់
៨. ក្នុងការយកតម្រាប់តាមព្រះយេស៊ូ តើអ្វីជំរុញចិត្តសិស្សរបស់ទ្រង់ឲ្យផ្សព្វផ្សាយដំណឹងល្អ?
៨ ព្រះយេស៊ូផ្សព្វផ្សាយដំណឹងល្អដែលទាក់ទងនឹងការសម្រេចនៃបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា ការធ្វើឲ្យព្រះនាមទ្រង់បរិសុទ្ធ និងការបង្ហាញភាពត្រឹមត្រូវនៃអធិបតីភាពរបស់ទ្រង់ ហើយរឿងទាំងនេះជារឿងដ៏សំខាន់បំផុតដែលមនុស្សជាតិត្រូវប្រឈមមុខ។ (ម៉ាថាយ ៦:៩, ១០) ព្រះយេស៊ូស្រឡាញ់ព្រះវរបិតារបស់ទ្រង់ ហើយនេះបានជំរុញទ្រង់ឲ្យរក្សាចិត្តស្មោះគ្រប់លក្ខណ៍រហូតដល់ទីបញ្ចប់ និងឲ្យធ្វើបន្ទាល់បានសព្វគ្រប់អំពីព្រះរាជាណាចក្រដែលនឹងដោះស្រាយរឿងដ៏សំខាន់ៗទាំងនោះ។ (យ៉ូហាន ១៤:៣១) អ្វីដូចគ្នាក៏ជំរុញចិត្តពួកអ្នកកាន់តាមព្រះយេស៊ូសព្វថ្ងៃនេះដែរ ហើយនេះធ្វើឲ្យពួកគេយកចិត្តទុកដាក់ក្នុងកាលដែលចូលរួមក្នុងកិច្ចបំរើផ្សាយ។ សាវ័កយ៉ូហានបានមានប្រសាសន៍ថា៖ «នេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់»។ នេះរួមបញ្ចូលបញ្ញត្តឲ្យផ្សព្វផ្សាយដំណឹងល្អនិងបញ្ចុះបញ្ចូលឲ្យមានសិស្ស។—យ៉ូហានទី១ ៥:៣; ម៉ាថាយ ២៨:១៩, ២០
៩, ១០. ក្រៅពីការស្រឡាញ់ព្រះ តើយើងស្រឡាញ់អ្នកណាទៀតដែលជំរុញឲ្យយើងធ្វើបន្ទាល់សព្វគ្រប់នោះ?
៩ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកអ្នកកាន់តាមទ្រង់ថា៖ «បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ! អ្នកណាដែលមានបញ្ញត្តរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ»។ (យ៉ូហាន ១៤:១៥, ២១) ហេតុដូច្នេះហើយ ការស្រឡាញ់ព្រះយេស៊ូគួរជំរុញចិត្តយើងឲ្យធ្វើបន្ទាល់អំពីសេចក្ដីពិតនិងស្ដាប់តាមអ្វីៗដែលព្រះយេស៊ូបានបង្គាប់។ នៅកំឡុងគ្រាមួយនៅពេលដែលព្រះយេស៊ូលេចខ្លួនឲ្យសិស្សឃើញក្រោយពីទ្រង់បានរស់ឡើងវិញ នោះទ្រង់បានដាស់តឿនពេត្រុសថា៖ «ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង . . . ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ! . . . ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង»។ តើអ្វីដែលគួរជំរុញចិត្តពេត្រុសឲ្យធ្វើដូច្នេះ? ព្រះយេស៊ូបានបញ្ជាក់នូវចម្លើយក្នុងកាលដែលទ្រង់បានសួរពេត្រុសម្ដងហើយម្ដងទៀតថា៖ «តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី? . . . តើស្រឡាញ់ខ្ញុំឬអី? . . . តើពេញចិត្តនឹងខ្ញុំមែនឬអី?»។ មែនហើយ អ្វីដែលជំរុញចិត្តពេត្រុសឲ្យធ្វើបន្ទាល់យ៉ាងសព្វគ្រប់ គឺដោយសារពេត្រុសស្រឡាញ់ព្រះយេស៊ូ ដែលនាំឲ្យគាត់រក«កូនចៀម»របស់ព្រះយេស៊ូ ហើយក្រោយមកធ្វើជាអ្នកគង្វាលខាងវិញ្ញាណដល់ពួកគេ។—យ៉ូហាន ២១:១៥-១៧
១០ សព្វថ្ងៃនេះ យើងមិនស្គាល់ព្រះយេស៊ូដូចពេត្រុសនោះទេ។ ក៏ប៉ុន្តែ យើងយល់នូវសារៈសំខាន់នៃអ្វីដែលព្រះយេស៊ូបានធ្វើសំរាប់យើងដែរ។ ដោយសារតែសេចក្ដីស្រឡាញ់ដ៏ឧត្តមរបស់ទ្រង់ នេះបានជំរុញទ្រង់ឲ្យ«ភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់» ហើយទង្វើនេះមានអានុភាពលើចិត្តយើងយ៉ាងខ្លាំង។ (ហេព្រើរ ២:៩; យ៉ូហាន ១៥:១៣) យើងមានអារម្មណ៍ដូចប៉ុល នៅពេលដែលគាត់បានសរសេរថា៖ «សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ . . . ទ្រង់ក៏បានសុគតជំនួសមនុស្សទាំងអស់យ៉ាងនោះ គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ»។ (កូរិនថូសទី២ ៥:១៤, ១៥) យើងបង្ហាញថាយើងពិតជាអបអរសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូ ហើយយើងក៏ស្រឡាញ់ទ្រង់វិញ ដោយខំព្យាយាមធ្វើកិច្ចការផ្សព្វផ្សាយសព្វគ្រប់។ (យ៉ូហានទី១ ២:៣-៥) យើងមិនត្រូវមើលស្រាលចំពោះកិច្ចការផ្សព្វផ្សាយ ហាក់ដូចជាយើងចាត់ទុកយញ្ញបូជារបស់ព្រះយេស៊ូឥតមានតម្លៃនោះឡើយ។—ហេព្រើរ ១០:២៩
ចូរបន្តប្រមូលអារម្មណ៍លើកិច្ចការដ៏សំខាន់បំផុត
១១, ១២. តើព្រះយេស៊ូបានមកផែនដីដើម្បីធ្វើអ្វី? តើទ្រង់បានប្រមូលអារម្មណ៍លើកិច្ចការនោះយ៉ាងដូចម្ដេច?
១១ នៅពេលដែលព្រះយេស៊ូនៅពីមុខលោកប៉ុនទាសពីឡាត់ ទ្រង់បានមានបន្ទូលថា៖ «ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត»។ (យ៉ូហាន ១៨:៣៧) ព្រះយេស៊ូមិនអនុញ្ញាតឲ្យអ្វីមកបង្វែរអារម្មណ៍ទ្រង់ពីការធ្វើបន្ទាល់អំពីសេចក្ដីពិតឡើយ។ បំណងព្រះហឫទ័យរបស់ព្រះចំពោះព្រះយេស៊ូ គឺឲ្យធ្វើបន្ទាល់អំពីសេចក្ដីពិត។
១២ សាតាំងបានសាកល្បងព្រះយេស៊ូស្តីអំពីរឿងនេះមែន។ ក្រោយពីព្រះយេស៊ូបានទទួលបុណ្យជ្រមុជទឹកបន្ដិចមក សាតាំងបានស្នើធ្វើឲ្យទ្រង់មានឋានៈធំដុំនៅក្នុងពិភពលោក ទាំងប្រគល់ឲ្យទ្រង់«អស់ទាំងនគរក្នុងលោកីយ នឹងសិរីលំអរបស់នគរទាំងនោះ»។ (ម៉ាថាយ ៤:៨, ៩) ក្រោយមក សាសន៍យូដាចង់តាំងទ្រង់ឲ្យធ្វើជាស្តេច។ (យ៉ូហាន ៦:១៥) សព្វថ្ងៃនេះ មនុស្សខ្លះប្រហែលជាគិតថា ប្រសិនបើព្រះយេស៊ូទទួលយកនូវការស្នើផ្ដល់ទាំងនោះៗមានប្រយោជន៍ជាងចំពោះមនុស្សជាតិ។ ពួកគេគិតថាព្រះយេស៊ូជាស្តេចអាចសម្រេចការល្អៗបានច្រើនសំរាប់មនុស្សជាតិ។ ប៉ុន្តែ ព្រះយេស៊ូបានបដិសេធនូវគំនិតបែបនោះ។ ទ្រង់ប្រមូលអារម្មណ៍លើការធ្វើបន្ទាល់អំពីសេចក្ដីពិត។
១៣, ១៤. (ក) តើអ្វីដែលពុំបានបង្វែរអារម្មណ៍របស់ព្រះយេស៊ូពីកិច្ចការដ៏សំខាន់របស់ទ្រង់? (ខ) ទោះជាព្រះយេស៊ូជាអ្នកក្រក៏ពិតមែន តើទ្រង់បានសម្រេចអ្វីខ្លះ?
១៣ ម្យ៉ាងវិញទៀត ព្រះយេស៊ូមិនបានឲ្យការដេញតាមទ្រព្យសម្បត្ដិបង្វែរអារម្មណ៍ទ្រង់ពីកិច្ចការដ៏សំខាន់របស់ទ្រង់ឡើយ។ ជាលទ្ធផល ទ្រង់មិនមែនជាបុរសអ្នកមានទេ សូម្បីតែផ្ទះក៏ទ្រង់គ្មានដែរ។ នៅគ្រាមួយ ទ្រង់បានមានបន្ទូលថា៖ «កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាស ក៏មានសំបុក តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។ (ម៉ាថាយ ៨:២០) យោងទៅតាមព្រះគម្ពីរ នៅពេលដែលព្រះយេស៊ូសោយទិវង្គតនោះ របស់ដែលតម្លៃដែលទ្រង់មានគឺមានតែសំលៀកបំពាក់របស់ទ្រង់ ដែលពួកទាហានរ៉ូមយកដោយចាប់ឆ្នោត។ (យ៉ូហាន ១៩:២៣, ២៤) ដូច្នេះ តើនេះបានន័យថា ព្រះជន្មរបស់ព្រះយេស៊ូទទួលបរាជ័យឬទេ? មិនមែនទាល់តែសោះ!
១៤ ព្រះយេស៊ូបានសម្រេចកិច្ចការច្រើនជាងសប្បុរសជនណាម្នាក់ឆ្ងាយណាស់។ ប៉ុលបានមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយសារសេចក្ដីកម្ររបស់ទ្រង់»។ (កូរិនថូសទី២ ៨:៩; ភីលីព ២:៥-៨) ទោះជាព្រះយេស៊ូជាអ្នកក្រក៏ពិតមែន តែទ្រង់បានធ្វើឲ្យមនុស្សរាបទាបមានលទ្ធភាពទទួលនូវជីវិតគ្រប់ល័ក្ខណ៍ រស់នៅជារៀងរហូតបាន។ យើងមានចិត្តកតញ្ញូចំពោះទ្រង់ណាស់ មែនទេ! យើងអរសប្បាយយ៉ាងខ្លាំងដែលទ្រង់បានទទួលរង្វាន់ពីព្រោះទ្រង់បានប្រមូលអារម្មណ៍លើការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ!—ទំនុកដំកើង ៤០:៨; កិច្ចការ ២:៣២,៣៣, ៣៦
១៥. តើអ្វីដែលមានតម្លៃជាងទ្រព្យសម្បត្ដិ?
១៥ សព្វថ្ងៃនេះ ជនគ្រីស្ទានដែលខំព្យាយាមយកតម្រាប់តាមព្រះយេស៊ូ ក៏មិនអនុញ្ញាតឲ្យការដេញតាមទ្រព្យសម្បត្ដិបង្វែរអារម្មណ៍របស់ពួកគេឡើយ។ (ធីម៉ូថេទី១ ៦:៩, ១០) ពួកគេទទួលស្គាល់ថាទ្រព្យសម្បត្ដិអាចធ្វើឲ្យជីវិតបានស្រួលមែន តែពួកគេក៏ដឹងថាជីវិតជារៀងរហូតនាពេលអនាគតមិនពឹងផ្អែកទៅលើទ្រព្យសម្បត្ដិឡើយ។ នៅពេលដែលជនគ្រីស្ទានម្នាក់ទទួលមរណភាពនោះ ទ្រព្យសម្បត្ដិរបស់គាត់គ្មានតម្លៃចំពោះគាត់ទេ ក៏ដូចជាសំលៀកបំពាក់របស់ព្រះយេស៊ូគ្មានតម្លៃចំពោះទ្រង់ដែរពេលដែលទ្រង់សោយទិវង្គត។ (សាស្ដា ២:១០, ១១, ១៧-១៩; ៧:១២) នៅពេលដែលជនគ្រីស្ទានស្លាប់ទៅ នោះរបស់ដែលមានតម្លៃចំពោះគាត់ គឺចំណងមេត្រីភាពជាមួយនឹងព្រះយេហូវ៉ាហើយព្រះយេស៊ូគ្រីស្ទ។—ម៉ាថាយ ៦:១៩-២១; លូកា ១៦:៩
មិនបានខ្លាចនឹងការប្រឆាំងឡើយ
១៦. តើព្រះយេស៊ូបានប្រឈមមុខនឹងការប្រឆាំងយ៉ាងដូចម្ដេច?
១៦ ការប្រឆាំងពុំបានធ្វើឲ្យព្រះយេស៊ូលែងប្រមូលអារម្មណ៍លើការធ្វើបន្ទាល់អំពីសេចក្ដីពិតឡើយ។ ទោះជាព្រះយេស៊ូជ្រាបថាកិច្ចបំរើរបស់ទ្រង់នៅផែនដីនឹងត្រូវមកដល់ទីបញ្ចប់នៅពេលដែលទ្រង់សោយទិវង្គតជាយញ្ញបូជាក្ដី ក៏នោះមិនបានធ្វើឲ្យទ្រង់ធ្លាក់ទឹកចិត្តឡើយ។ សាវ័កប៉ុលបានពោលអំពីព្រះយេស៊ូថា៖ «ទ្រង់បានរងទ្រាំនៅឈើឆ្កាង[ឬ«បង្គោលឈើទារុណកម្ម», ព.ថ.] ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្ដាំបល្ល័ង្កនៃព្រះ»។ (ហេព្រើរ ១២:២) ចូរកត់សម្គាល់ថា ព្រះយេស៊ូ«មើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាស»។ ទ្រង់មិនខ្វល់ខ្វាយនឹងពួកអ្នកប្រឆាំងគិតយ៉ាងណាចំពោះទ្រង់ឡើយ។ ទ្រង់បានប្រមូលអារម្មណ៍លើការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវិញ។
១៧. តើយើងអាចរៀនអ្វីពីការស៊ូទ្រាំរបស់ព្រះយេស៊ូ?
១៧ ដោយទាញមេរៀនពីការស៊ូទ្រាំរបស់ព្រះយេស៊ូ ប៉ុលលើកទឹកចិត្តជនគ្រីស្ទានថា៖ «ចូរពិចារណាមើលទ្រង់ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប ដែលធ្វើទទឹងទទែងនឹងទ្រង់ជាខ្លាំងម្ល៉េះ ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ»។ (ហេព្រើរ ១២:៣) ពិតមែន ការប្រឈមមុខនឹងការប្រឆាំងឬការសើចចំអកដោយមិនឈប់ឈរអាចធ្វើឲ្យយើងនឿយហត់ឬបាក់កម្លាំងចិត្ត។ ការទប់ទល់នឹងសេចក្ដីល្បួងផ្សេងៗក្នុងលោកីយ៍ក៏អាចធ្វើឲ្យនឿយហត់ឬបាក់កម្លាំងចិត្តដែរ ហើយនាំឲ្យបងប្អូនសាច់ញាតិរិះគន់យើង ដែលពួកគេបានលើកទឹកចិត្តយើងឲ្យខំធ្វើជាបុគ្គលដែលមានមុខមាត់ធំ។ យ៉ាងណាក៏ដោយ ដូចព្រះយេស៊ូ យើងក៏ពឹងព្រះយេហូវ៉ាឲ្យគាំទ្រយើង ក្នុងកាលដែលយើងប្ដេជ្ញាចាត់ទុកប្រយោជន៍ខាងព្រះរាជាណាចក្រជាអាទិភាពក្នុងជីវិតរបស់យើង។—ម៉ាថាយ ៦:៣៣; រ៉ូម ១៥:១៣; កូរិនថូសទី១ ២:៤
១៨. តើយើងអាចទាញយកមេរៀនអ្វីពីបន្ទូលរបស់ព្រះយេស៊ូដល់ពេត្រុស?
១៨ ពេលដែលព្រះយេស៊ូចាប់ផ្ដើមប្រាប់ពួកសិស្សអំពីការសោយទិវង្គតរបស់ទ្រង់នៅនាអនាគត នោះអាចឃើញច្បាស់ថា ព្រះយេស៊ូមិនបានឲ្យអ្វីមកបង្វែរអារម្មណ៍របស់ទ្រង់ឡើយ។ ពេត្រុសបានលើកទឹកចិត្តព្រះយេស៊ូឲ្យ«ប្រណីអង្គទ្រង់វិញ» ហើយថា«ការនោះមិនត្រូវមកដល់ទ្រង់ឡើយ»។ ព្រះយេស៊ូមិនព្រមស្ដាប់យោបល់អ្វីដែលអាចធ្វើឲ្យការប្ដេជ្ញារបស់ទ្រង់ទៅជាខ្សោយក្នុងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ ទ្រង់បែរទៅមានបន្ទូលនឹងពេត្រុសថា៖ «សាតាំងអើយ! ចូរថយទៅក្រោយអញទៅ! ឯងជាសេចក្ដីបង្អាក់ដល់ចិត្តអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ»។ (ម៉ាថាយ ១៦:២១-២៣) សូមឲ្យយើងតែងតែប្ដេជ្ញាដូចព្រះយេស៊ូដែរក្នុងការបដិសេធគំនិតរបស់មនុស្ស។ ផ្ទុយទៅវិញ សូមឲ្យគំនិតរបស់ព្រះតែងតែណែនាំយើងជានិច្ច។
ព្រះរាជាណាចក្រនឹងនាំឲ្យមានប្រយោជន៍ដែលនៅស្ថិតស្ថេរ
១៩. ទោះជាព្រះយេស៊ូបានធ្វើអព្ភូតហេតុជាច្រើនក៏ដោយ តើផ្នែកដ៏សំខាន់បំផុតនៃកិច្ចបំរើរបស់ព្រះយេស៊ូជាអ្វី?
១៩ ព្រះយេស៊ូបានធ្វើអព្ភូតហេតុជាច្រើនដើម្បីបង្ហាញថាទ្រង់ជាព្រះមេស្ស៊ី។ ទ្រង់ក៏បានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញដែរ។ កិច្ចការទាំងនោះបានធ្វើឲ្យបណ្ដាជនចាប់អារម្មណ៍ ប៉ុន្តែ ព្រះយេស៊ូមិនបានមកផែនដីគ្រាន់តែធ្វើកិច្ចការខាងសង្គមនោះទេ។ ទ្រង់បានមកផែនដីដើម្បីធ្វើបន្ទាល់អំពីសេចក្ដីពិត។ ទ្រង់បានជ្រាបថា ប្រយោជន៍ពីអព្ភូតហេតុទាំងនោះគឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ។ សូម្បីតែបុគ្គលដែលព្រះយេស៊ូបានប្រោសឲ្យរស់ឡើងវិញ ក៏បានស្លាប់ម្ដងទៀតដែរ។ មានតែការធ្វើបន្ទាល់អំពីសេចក្ដីពិតប៉ុណ្ណោះដែលអាចជួយមនុស្សខ្លះឲ្យទទួលជីវិតជារៀងរហូតបាន។—លូកា ១៨:២៨-៣០
២០, ២១. តើជនគ្រីស្ទានពិតរក្សាគំនិតដែលប្រកបដោយតុល្យភាពយ៉ាងណាស្តីអំពីការធ្វើល្អ?
២០ សព្វថ្ងៃនេះ មនុស្សខ្លះបានខំធ្វើតាមការល្អរបស់ព្រះយេស៊ូ ដោយសាងសង់មន្ទីរពេទ្យឬធ្វើកិច្ចការឯទៀតសំរាប់មនុស្សក្រីក្រក្នុងពិភពលោក។ ក្នុងករណីខ្លះ ពួកគេធ្វើកិច្ចការនេះដោយធ្វើពលិកម្មយ៉ាងច្រើនមែន ហើយចិត្តស្មោះសររបស់ពួកគេគឺគួរឲ្យសរសើរណាស់។ ប៉ុន្តែ កិច្ចការដែលពួកគេធ្វើ ទោះជានាំឲ្យមានប្រយោជន៍យ៉ាងណាក្ដី គឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ។ មានតែព្រះរាជាណាចក្ររបស់ព្រះទេដែលនឹងនាំឲ្យមានការធូរស្រាលជាអចិន្ត្រៃយ៍។ ហេតុដូច្នេះហើយ ស្មរបន្ទាល់ព្រះយេហូវ៉ាខំប្រឹងធ្វើបន្ទាល់អំពីសេចក្ដីពិតអំពីព្រះរាជាណាចក្ររបស់ព្រះដូចព្រះយេស៊ូបានធ្វើនោះដែរ។
២១ ប្រាកដហើយ ជនគ្រីស្ទានពិតធ្វើកិច្ចការល្អ។ ប៉ុលបានសរសេរថា៖ «ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។ (កាឡាទី ៦:១០) នៅពេលដែលមានស្ថានការណ៍ដ៏ពិបាក ឬនៅពេលដែលបុគ្គលណាម្នាក់ត្រូវការជំនួយ យើងមិនស្ទាក់ស្ទើរ«ធ្វើល្អ»ដល់អ្នកជិតខាងឬបងប្អូនគ្រីស្ទានខាងវិញ្ញាណរបស់យើងឡើយ។ យ៉ាងណាក៏ដោយ យើងបន្តប្រមូលអារម្មណ៍លើកិច្ចការដ៏សំខាន់បំផុតរបស់យើង ពោលគឺការធ្វើបន្ទាល់អំពីសេចក្ដីពិត។
ចូររៀនពីគំរូរបស់ព្រះយេស៊ូ
២២. ហេតុអ្វីបានជាជនគ្រីស្ទានផ្សព្វផ្សាយដំណឹងល្អដល់អ្នកជិតខាងខ្លួន?
២២ ប៉ុលបានសរសេរថា៖ «បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ!»។ (កូរិនថូសទី១ ៩:១៦) ប៉ុលមិនបានមើលស្រាលនឹងកិច្ចការផ្សព្វផ្សាយដំណឹងល្អទេ ពីព្រោះដោយផ្សព្វផ្សាយដំណឹងល្អ នោះគាត់នឹងសង្គ្រោះខ្លួនគាត់ ព្រមទាំងពួកអ្នកដែលស្ដាប់គាត់ផងដែរ។ (ធីម៉ូថេទី១ ៤:១៦) យើងចាត់ទុកកិច្ចបំរើផ្សាយរបស់យើងដូចនោះដែរ។ យើងចង់ជួយអ្នកជិតខាងរបស់យើង។ យើងចង់បង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា។ យើងចង់សបញ្ជាក់នូវសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូ និងបង្ហាញការអបអរចំពោះសេចក្ដីស្រឡាញ់ដ៏ឧត្តមរបស់ទ្រង់សំរាប់យើង។ ហេតុដូច្នេះហើយ យើងផ្សព្វផ្សាយដំណឹងល្អ ហើយមិនរស់នៅ«តាមតែសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀតឡើយ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ»។—ពេត្រុសទី១ ៤:១, ២
២៣, ២៤. (ក) តើយើងបានទាញយកមេរៀនអ្វីពីអព្ភូតហេតុនៃការនេសាទត្រី? (ខ) តើអ្នកណាដែលកំពុងតែធ្វើបន្ទាល់យ៉ាងសព្វគ្រប់សព្វថ្ងៃនេះ?
២៣ ដូចព្រះយេស៊ូ យើងមិនបាត់បង់នូវការប្រមូលអារម្មណ៍លើកិច្ចការដ៏សំខាន់របស់យើងទេ នៅពេលដែលអ្នកដទៃសើចចំអកឬបដិសេធសារយើងដោយកំហឹងនោះ។ យើងបានទាញយកមេរៀនពីអព្ភូតហេតុដែលព្រះយេស៊ូបានធ្វើនៅពេលដែលទ្រង់ហៅពេត្រុសនិងអនទ្រេឲ្យធ្វើតាមទ្រង់។ យើងយល់ថាប្រសិនបើយើងស្ដាប់តាមព្រះយេស៊ូ ហើយបើនិយាយជាអត្ថបដិរូប យើងទម្លាក់អួនរបស់យើងនៅកន្លែងដែលមើលទៅដូចជាគ្មានលទ្ធផលក៏ដោយ នោះប្រហែលជាការនេសាទរបស់យើងនឹងទទួលបានលទ្ធផល។ ជនគ្រីស្ទានជាច្រើនបានទទួលផលបានច្រើនក្រោយពីបានខំផ្សព្វផ្សាយនៅកន្លែងដែលមើលទៅដូចជាពុំមានប្រយោជន៍នោះ។ ជនគ្រីស្ទានពិតឯទៀតអាចទៅកន្លែងដែលបង្កើតផលបានល្អជាង ហើយទទួលបានផលច្រើននៅទីនោះ។ ទោះជាយើងធ្វើអ្វីក៏ដោយ គឺយើងនឹងមិនឈប់ធ្វើបន្ទាល់អំពីសេចក្ដីពិតឡើយ។ យើងដឹងថាព្រះយេស៊ូមិនទាន់ប្រកាសថាកិច្ចការផ្សព្វផ្សាយត្រូវចប់នៅកន្លែងណាលើផែនដីនេះទេ។—ម៉ាថាយ ២៤:១៤
២៤ ស្មរបន្ទាល់ព្រះយេហូវ៉ាជាងប្រាំមួយលាននាក់កំពុងតែរវល់ធ្វើបន្ទាល់ជាង២៣០ប្រទេស។ របាយការណ៍ប្រចាំឆ្នាំកិច្ចបំរើ២០០៤ បង្ហាញថាព្រះយេហូវ៉ាប្រទានពរយ៉ាងវិសេសដល់កិច្ចការផ្សព្វផ្សាយ។ ក្នុងពេលវេលាដែលនៅសល់សំរាប់របបលោកីយ៍នេះ សូមឲ្យយើងបន្តស្ដាប់តាមពាក្យរបស់ប៉ុលដែលជំរុញទឹកចិត្តយើងថា៖ «ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ! ហើយទទូចជំរុញផង»។ (ធីម៉ូថេទី២ ៤:២) សូមឲ្យយើងបន្តធ្វើបន្ទាល់យ៉ាងសព្វគ្រប់រហូតដល់ព្រះយេហូវ៉ាមានបន្ទូលថា កិច្ចការផ្សព្វផ្សាយគឺចប់ហើយ។
តើអ្នកអាចឆ្លើយឬទេ?
• តើយើងអាចទទួលប្រយោជន៍ពីការអប់រំដែលព្រះយេស៊ូបង្រៀនសិស្សទ្រង់យ៉ាងដូចម្ដេច?
• តើព្រះយេស៊ូមានចិត្តគំនិតយ៉ាងណាចំពោះមនុស្សដែលទ្រង់ផ្សព្វផ្សាយដល់នោះ?
• តើអ្វីដែលជំរុញទឹកចិត្តយើងឲ្យធ្វើបន្ទាល់យ៉ាងសព្វគ្រប់?
• តើតាមរបៀបណាដែលយើងអាចបន្តប្រមូលអារម្មណ៍លើការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះដូចព្រះយេស៊ូ?
[រូបភាពនៅទំព័រ១៥]
យើងនឹងមានប្រសិទ្ធភាពក្នុងកិច្ចបំរើយើង ប្រសិនបើយើងយកចិត្តទុកដាក់ចំពោះមនុស្សដូចព្រះយេស៊ូដែរ
[រូបភាពនៅទំព័រ១៦]
ជាសំខាន់បំផុត ព្រះយេស៊ូបានមកផែនដីដើម្បីធ្វើបន្ទាល់អំពីសេចក្ដីពិត
[រូបភាពនៅទំព័រ១៧]
ស្មរបន្ទាល់ព្រះយេហូវ៉ាខំប្រឹងធ្វើបន្ទាល់យ៉ាងសព្វគ្រប់