ប្អូនៗយុវវ័យអើយ! ចូរបង្ហាញថាប្អូនជឿនទៅមុខ
«ចូរសញ្ជឹងគិតអំពីការទាំងនេះ ចូរជក់ចិត្តគំនិតនឹងការទាំងនេះ ដើម្បីឲ្យមនុស្សទាំងអស់ឃើញថាអ្នកមានជំនឿន»។—១ធី. ៤:១៥
១. តើព្រះចង់ឲ្យប្អូនៗយុវវ័យមានជីវិតបែបណា?
នាសម័យបុរាណ ស្តេចសាឡូម៉ូនដែលជាស្តេចរបស់ជនជាតិអ៊ីស្រាអែលហើយជាអ្នកប្រាជ្ញ បានសរសេរថា៖ «ឱមនុស្សកំឡោះអើយ! ចូរឲ្យមានចិត្តរីករាយក្នុងវ័យកំឡោះរបស់ឯងចុះ ហើយឲ្យចិត្តឯងបណ្ដាលឲ្យអរសប្បាយ ក្នុងជំនាន់ដែលឯងនៅក្មេងផង»។ (សាស្ដ. ១១:៩) ព្រះយេហូវ៉ាដែលជាអ្នកផ្ដាំផ្ញើប្រសាសន៍នោះ ពិតជាចង់ឲ្យប្អូនៗយុវវ័យមានសុភមង្គលរហូតដល់ពេលប្អូនមានវ័យចាស់ មិនគ្រាន់តែក្នុងអំឡុងគ្រាវ័យក្មេងប៉ុណ្ណោះឡើយ។ យ៉ាងណាក៏ដោយ ក្នុងអំឡុងគ្រាវ័យក្មេង ប្អូនៗយុវវ័យធ្វើការសម្រេចចិត្តខុសជាញឹកញយ ហើយការសម្រេចចិត្តនោះអាចមានឥទ្ធិពលលើសុភមង្គលរបស់ពួកគេនៅអនាគត។ សូម្បីតែយ៉ូបក៏សោកស្ដាយដោយសារផលវិបាកដែលមកពី«បាបដែល[គាត់]បានធ្វើពីកាលនៅក្មេងមក»។ (យ៉ូប ១៣:២៦) ក្នុងអំឡុងគ្រាជាក្មេងជំទង់និងជាមនុស្សទើបតែពេញវ័យ នោះប្អូនៗគ្រិស្តសាសនិកត្រូវធ្វើការសម្រេចចិត្តសំខាន់ៗ។ ការសម្រេចចិត្តមិនល្អអាចនាំឲ្យមានស្លាកស្នាមផ្លូវចិត្ត ហើយបង្កើតបញ្ហាដែលមានផលប៉ះពាល់ដល់ប្អូនអស់មួយជីវិត។—សាស្ដ. ១១:១០
២. តើប្អូនៗយុវវ័យអាចជៀសចេញពីការធ្វើខុសធ្ងន់ធ្ងរដោយអនុវត្តតាមដំបូន្មានមួយណាក្នុងគម្ពីរ?
២ ប្អូនៗយុវវ័យត្រូវចេះធ្វើការសម្រេចចិត្តល្អ។ សូមពិចារណាការណែនាំដែលសាវ័កប៉ូលបានផ្ដល់ឲ្យគ្រិស្តសាសនិកនៅទីក្រុងកូរិនថូស។ គាត់បានសរសេរថា៖ «កុំទៅជាអ្នកដែលមានសមត្ថភាពយល់ដឹងដូចកូនក្មេង . . . [តែ]ត្រូវធ្វើជាមនុស្សពេញវ័យវិញ»។ (១កូ. ១៤:២០) ការយកចិត្តទុកដាក់នឹងដំបូន្មានឲ្យមានសមត្ថភាពគិតគូរនិងវែកញែកជាមនុស្សពេញវ័យ នោះនឹងជួយប្អូនៗយុវវ័យឲ្យជៀសចេញពីការធ្វើខុសធ្ងន់ធ្ងរ។
៣. តើប្អូនអាចធ្វើអ្វីដើម្បីមានភាពចាស់ទុំ?
៣ ប្រសិនបើប្អូនជាយុវជនយុវតីម្នាក់ សូមចងចាំថាប្អូនត្រូវព្យាយាមទើបអាចមានភាពចាស់ទុំ។ ប៉ូលបានប្រាប់ធីម៉ូថេថា៖ «កុំឲ្យអ្នកណាមើលងាយអ្នកដោយសារអ្នកនៅក្មេងឡើយ។ ផ្ទុយទៅវិញ ក្នុងការនិយាយ ការប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ ចូរធ្វើជាគំរូល្អដល់ពួកអ្នកស្មោះត្រង់។ ចូរបន្តព្យាយាមក្នុងការអានឲ្យអ្នកឯទៀតស្ដាប់ ការបំផុសទឹកចិត្ត និងការបង្រៀន។ . . . ចូរសញ្ជឹងគិតអំពីការទាំងនេះ ចូរជក់ចិត្តគំនិតនឹងការទាំងនេះ ដើម្បីឲ្យមនុស្សទាំងអស់ឃើញថាអ្នកមានជំនឿន»។ (១ធី. ៤:១២-១៥) គ្រិស្តសាសនិកដែលជាយុវជនយុវតីត្រូវជឿនទៅមុខ ហើយបង្ហាញឲ្យអ្នកដទៃឃើញថាខ្លួនមានជំនឿន។
តើជំនឿនជាអ្វី?
៤. តើការជឿនទៅមុខជាគ្រិស្តសាសនិករួមបញ្ចូលអ្វី?
៤ ជំនឿនជា«ការជឿនទៅមុខ និងជាការផ្លាស់ប្ដូរដើម្បីឲ្យបានប្រសើរឡើង»។ ប៉ូលបានបំផុសទឹកចិត្តធីម៉ូថេឲ្យបន្តយកចិត្តទុកដាក់ដើម្បីជឿនទៅមុខក្នុងការនិយាយ ការប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ ព្រមទាំងក្នុងកិច្ចបម្រើផ្សាយដែរ។ ម្យ៉ាងទៀត ធីម៉ូថេត្រូវព្យាយាមធ្វើជាគំរូល្អក្នុងរបៀបរស់នៅផងដែរ។ យ៉ាងនេះ ធីម៉ូថេត្រូវបន្តជឿនទៅមុខជាគ្រិស្តសាសនិក។
៥, ៦. (ក) តើធីម៉ូថេចាប់ផ្ដើមបង្ហាញការជឿនទៅមុខរបស់ខ្លួនតាំងពីពេលណាមក? (ខ) ស្តីអំពីការជឿនទៅមុខ តើប្អូនៗយុវជនយុវតីសព្វថ្ងៃអាចយកតម្រាប់តាមធីម៉ូថេយ៉ាងដូចម្ដេច?
៥ ពេលប៉ូលបានសរសេរសំបុត្រនោះទៅធីម៉ូថេរវាងឆ្នាំ៦១និង៦៤ គ.ស. នោះធីម៉ូថេជាអ្នកចាស់ទុំដែលមានបទពិសោធន៍រួចទៅហើយ។ គាត់មិនមែនទើបតែចាប់ផ្ដើមជឿនទៅមុខជាគ្រិស្តសាសនិកនៅពេលនោះទេ។ នៅឆ្នាំ៤៩ឬ៥០ គ.ស. ពេលដែលធីម៉ូថេមានអាយុប្រហែលជា២៥ឆ្នាំ នោះ«បងប្អូននៅក្រុងលីស្ដ្រានិងក្រុងអ៊ីកូនាម»ដែលបានឃើញធីម៉ូថេជឿនទៅមុខ «តែងនិយាយល្អ»អំពីគាត់។ (សកម្ម. ១៦:១-៥) នៅពេលនោះ ប៉ូលបាននាំធីម៉ូថេទៅជាមួយគាត់ក្នុងការធ្វើដំណើរជាសាសនទូត។ ប៉ូលបានសង្កេតមើលការជឿនទៅមុខរបស់ធីម៉ូថេអស់រយៈពេលច្រើនខែ ហើយបន្ទាប់មកគាត់បានបញ្ជូនធីម៉ូថេទៅទីក្រុងថែស្សាឡូនិចដើម្បីជួយសម្រាលទុក្ខ និងពង្រឹងជំនឿរបស់គ្រិស្តសាសនិកដែលរស់នៅទីក្រុងនោះ។ (សូមអាន ថែស្សាឡូនិចទី១ ៣:១-៣, ៦) គឺច្បាស់ណាស់ តាំងពីពេលធីម៉ូថេនៅក្មេងនៅឡើយ គាត់បានចាប់ផ្ដើមបង្ហាញឲ្យអ្នកដទៃឃើញថាខ្លួនជឿនទៅមុខ។
៦ ប្អូនៗយុវជនយុវតីក្នុងក្រុមជំនុំអើយ! ចូរខំប្រឹងពីឥឡូវឲ្យបណ្ដុះគុណសម្បត្ដិដែលចាំបាច់ ដើម្បីបង្ហាញច្បាស់ថាប្អូនមានការជឿនទៅមុខក្នុងជីវិតរស់នៅជាគ្រិស្តសាសនិក និងក្នុងសមត្ថភាពបង្រៀនសេចក្ដីពិតពីគម្ពីរ។ តាំងពីអាយុ១២ឆ្នាំមក កុមារយេស៊ូ«ប្រកបដោយប្រាជ្ញាកាន់តែច្រើនឡើងៗ»។ (លូក. ២:៥២) ដូច្នេះ សូមឲ្យយើងពិនិត្យមើលនូវរបៀបដែលប្អូនអាចបង្ហាញឲ្យឃើញការជឿនទៅមុខក្នុងទិដ្ឋភាពបីយ៉ាងនៃជីវិត: (១) ពេលប្អូនប្រឈមមុខទុក្ខលំបាក (២) កាលដែលប្អូនត្រៀមខ្លួនដើម្បីរៀបការ ហើយ(៣) កាលដែលប្អូនខំធ្វើជា‹អ្នកបម្រើដ៏ល្អប្រសើរ›។—១ធី. ៤:៦
ចូរចេះ«ដឹងខុសត្រូវ»ពេលប្រឈមមុខទុក្ខលំបាក
៧. តើទុក្ខលំបាកអាចមានឥទ្ធិពលលើប្អូនៗយុវជនយុវតីយ៉ាងដូចម្ដេច?
៧ គ្រិស្តសាសនិកម្នាក់អាយុ១៧ឆ្នាំឈ្មោះសុជាតាបាននិយាយថា៖ «ជួនកាល ខ្ញុំល្វើយហើយអស់កម្លាំងខាងផ្លូវចិត្តនិងខួរក្បាលដល់ម្ល៉េះបានជាខ្ញុំមិនចង់ក្រោកនៅពេលព្រឹក»។a ហេតុអ្វីបានជាប្អូនសុជាតាព្រួយខ្លាំងម្ល៉េះ? ពេលគាត់អាយុ១០ឆ្នាំ មាតាបិតាបានលែងលះគ្នា ហើយគាត់ត្រូវរស់នៅជាមួយម្ដាយដែលមិនគោរពខ្នាតតម្រាសីលធម៌ក្នុងគម្ពីរ។ ដូចប្អូនសុជាតា ប្អូនៗប្រហែលជាកំពុងប្រឈមមុខស្ថានការណ៍ដែលនាំឲ្យតានតឹងចិត្តខ្លាំង ហើយដែលប្អូនមិនអាចធ្វើឲ្យប្រសើរឡើងបានឡើយ។
៨. តើធីម៉ូថេបានទ្រាំនឹងទុក្ខលំបាកណាខ្លះ?
៨ កាលដែលធីម៉ូថេកំពុងជឿនទៅមុខ នោះគាត់ក៏បានទ្រាំនឹងបញ្ហាដែរ។ ជាឧទាហរណ៍ គាត់មាន«ជំងឺ . . . ជាញឹកញយ»ដោយសារក្រពះ។ (១ធី. ៥:២៣) កាលដែលប៉ូលបានបញ្ជូនគាត់ទៅទីក្រុងកូរិនថូសដើម្បីដោះស្រាយបញ្ហាដែលបានបង្កើតដោយបុគ្គលមួយចំនួនដែលប្រឆាំងអំណាចរបស់ពួកសាវ័ក នោះប៉ូលបានដាស់តឿនបងប្អូនក្នុងក្រុមជំនុំឲ្យសហការជាមួយធីម៉ូថេដើម្បីមិនឲ្យគាត់«ភ័យខ្លាច»។ (១កូ. ៤:១៧; ១៦:១០, ១១) តាមមើលទៅ ធីម៉ូថេជាមនុស្សដែលអៀនខ្មាស។
៩. តើការដឹងខុសត្រូវជាអ្វី? ហើយតើនេះខុសគ្នាពីចិត្តកំសាកយ៉ាងដូចម្ដេច?
៩ ដើម្បីជួយធីម៉ូថេ ក្រោយមកប៉ូលបានរំលឹកគាត់ថា៖«សកម្មពលបរិសុទ្ធ ដែលព្រះផ្ដល់ឲ្យយើង មិនធ្វើឲ្យយើងមានចិត្តកំសាកទេ ប៉ុន្តែធ្វើឲ្យយើងមានកម្លាំង សេចក្ដីស្រឡាញ់ និងការដឹងខុសត្រូវ»។ (២ធី. ១:៧) «ការដឹងខុសត្រូវ»ទាក់ទងនឹងការចេះគិតនិងវែកញែកត្រឹមត្រូវ ហើយរួមបញ្ចូលសមត្ថភាពស៊ូទ្រាំទោះជាមានស្ថានការណ៍យ៉ាងណាក៏ដោយ។ ប្អូនៗយុវវ័យខ្លះដែលគ្មានភាពចាស់ទុំជាមនុស្សកំសាក ហើយចង់គេចពីស្ថានការណ៍ដែលនាំឲ្យតានតឹងចិត្តនោះដោយគេងច្រើនហួសហេតុពេកឬមើលទូរទស្សន៍ច្រើនជ្រុល ផឹកស្រាហួសប្រមាណ ប្រើគ្រឿងញៀន គិតតែជប់លៀង ឬប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ពួកគ្រិស្តសាសនិកត្រូវបានដាស់តឿនឲ្យ«បដិសេធចំពោះអ្វីៗទាំងអស់ដែលខុសពីបំណងប្រាថ្នារបស់ព្រះ ហើយឲ្យបដិសេធសេចក្ដីប៉ងប្រាថ្នារបស់ពិភពលោកនេះ រួចរស់នៅដោយដឹងខុសត្រូវ ដោយមានសេចក្ដីសុចរិត និងដោយមានភក្ដីភាពចំពោះព្រះក្នុងរបៀបរបបពិភពលោកនេះ»។—ទីត. ២:១២
១០, ១១. តើការដឹងខុសត្រូវជួយយើងពឹងទៅលើកម្លាំងដែលព្រះផ្ដល់ឲ្យយ៉ាងដូចម្ដេច?
១០ គម្ពីរបំផុសទឹកចិត្ត«បុរសវ័យក្មេងឲ្យដឹងខុសត្រូវ»។ (ទីត. ២:៦) ការយកចិត្តទុកដាក់នឹងដំបូន្មាននេះបានសេចក្ដីថា ប្អូននឹងអធិដ្ឋានដល់ព្រះ ហើយផ្អែកលើកម្លាំងដែលព្រះផ្ដល់ពេលកំពុងប្រឈមមុខបញ្ហា។ (សូមអាន ពេត្រុសទី១ ៤:៧) យ៉ាងនេះ ប្អូននឹងបណ្ដុះឲ្យមានទំនុកចិត្ត«លើកម្លាំងដែលព្រះផ្ដល់ឲ្យ»។—១ពេ. ៤:១១
១១ ការដឹងខុសត្រូវនិងការអធិដ្ឋានពិតជាបានជួយសុជាតាមែន។ គាត់បាននិយាយថា៖ «ខ្ញុំបានបង្ហាញថាខ្ញុំមិនពេញចិត្តនឹងជីវិតរស់នៅរបស់ម្ដាយខ្ញុំដែលប្រាសចាកសីលធម៌ ហើយនោះជាអ្វីដែលពិបាកបំផុតសម្រាប់ខ្ញុំ។ ប៉ុន្តែ សេចក្ដីអធិដ្ឋានពិតជាបានជួយខ្ញុំមែន។ ខ្ញុំដឹងថាព្រះយេហូវ៉ាជួយគាំទ្រខ្ញុំ ដូច្នេះខ្ញុំលែងភ័យខ្លាចទៀត»។ សូមចាំមិនភ្លេចថា ទុក្ខលំបាកអាចជួយប្អូនឲ្យមានចិត្តរឹងប៊ឹង ហើយធ្វើឲ្យប្អូនក្លាយទៅជាមនុស្សប្រសើរជាងមុន។ (ទំនុក. ១០៥:១៧-១៩; បរិ. ៣:២៧) មិនថាប្អូនប្រឈមមុខទុក្ខលំបាកណាក៏ដោយ ព្រះមិនលះបង់ចោលប្អូនឡើយ។ ព្រះពិតជា«នឹងជួយ[ប្អូន]»មែន។—អេ. ៤១:១០
ត្រៀមខ្លួនដើម្បីមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍
១២. ហេតុអ្វីបានជាគប្បីឲ្យគ្រិស្តសាសនិកដែលចង់រៀបការធ្វើតាមគោលការណ៍ដែលមាននៅសៀវភៅសុភាសិត ២០:២៥?
១២ មនុស្សខ្លះដែលទើបតែពេញវ័យឆាប់រៀបការ ដោយជឿថានេះនឹងដោះស្រាយបញ្ហាដែលមាននៅឯផ្ទះ ការខ្វះសុភមង្គល ភាពឯកោ និងការអផ្សុក។ ក៏ប៉ុន្តែ ការពោលពាក្យសច្ចាពេលរៀបការជារឿងសំខាន់ណាស់។ នៅសម័យគម្ពីរ មានមនុស្សខ្លះបានសច្ចាចំពោះព្រះ តែមិនបានគិតយ៉ាងហ្មត់ចត់ពីអ្វីដែលពាក្យសច្ចានោះរួមបញ្ចូល។ សុភាសិត ២០:២៥ចែងថា៖ «ការដែលនិយាយឥតបើគិតថា នេះជាដង្វាយថ្វាយព្រះ» រួចកាលណាបានសច្ចាចំពោះព្រះហើយ «ទើបស៊ើបសួរជាខាងក្រោយ នោះជាអន្ទាក់ដល់មនុស្ស»។ ជួនកាលមនុស្សដែលទើបតែពេញវ័យមិនបានគិតយ៉ាងហ្មត់ចត់អំពីអ្វីដែលខ្លួនត្រូវធ្វើក្រោយពីបានរៀបការទេ។ ប៉ុន្តែ ក្រោយមកពួកគេយល់ថាជីវិតអាពាហ៍ពិពាហ៍ជាប់ទាក់ទងច្រើនជាងអ្វីដែលពួកគេនឹកស្មាន។
១៣. មុនរើសគូជីវិត តើប្អូនៗគួរពិចារណាអំពីសំណួរអ្វីខ្លះ? ហើយតើមានការណែនាំអ្វីដែលអាចជួយប្អូនៗបាន?
១៣ ដូច្នេះមុនរើសគូជីវិត សូមសួរខ្លួនថា ‹ហេតុអ្វីបានជាខ្ញុំចង់រៀបការ? តើខ្ញុំសង្ឃឹមថានឹងបានជីវិតគ្រួសារបែបណា? តើបុគ្គលនេះសាកសមនឹងខ្ញុំទេ? តើខ្ញុំពិតជាអាចបំពេញភារកិច្ចរបស់ខ្ញុំជាស្វាមីឬភរិយាបានទេ?›។ ដើម្បីជួយប្អូនៗឲ្យពិចារណាអំពីខ្លួនឯងបានយ៉ាងត្រឹមត្រូវ នោះ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»បានបោះពុម្ពអត្ថបទដែលរៀបរាប់យ៉ាងចំៗអំពីរឿងនេះ។b (ម៉ាថ. ២៤:៤៥-៤៧) សូមចាត់ទុកអត្ថបទបែបនេះជាការណែនាំដែលព្រះយេហូវ៉ាផ្ដល់ឲ្យប្អូន។ សូមពិនិត្យមើលព័ត៌មានដែលមានក្នុងអត្ថបទបែបនេះ ហើយអនុវត្តតាមចុះ។ សូមកុំឲ្យខ្លួនធ្វើ«ដូចជាសេះឬលាកាត់ដែលគ្មានប្រាជ្ញា»ទាល់តែសោះ។ (ទំនុក. ៣២:៨, ៩) ចូរក្លាយទៅជាមនុស្សពេញវ័យក្នុងការយល់ដឹងអំពីភារកិច្ចដែលប្អូនមានក្នុងជីវិតអាពាហ៍ពិពាហ៍។ ប្រសិនបើប្អូនមានអារម្មណ៍ថាបានត្រៀមខ្លួនគ្រប់គ្រាន់ដើម្បីរើសគូជីវិតហើយ នោះសូម«ធ្វើជាគំរូល្អ»ជានិច្ចស្តីអំពី«សេចក្ដីបរិសុទ្ធ»។—១ធី. ៤:១២
១៤. ប្រសិនបើប្អូនសម្រេចចិត្តរៀបការ តើការព្យាយាមបណ្ដុះបុគ្គលិកលក្ខណៈដូចគ្រិស្តអាចជួយប្អូនយ៉ាងដូចម្ដេច?
១៤ ការធ្វើជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំក៏នាំឲ្យមានសុភមង្គលក្រោយពីបានរៀបការដែរ។ គ្រិស្តសាសនិកដែលមានភាពចាស់ទុំព្យាយាមឲ្យមានលក្ខណៈ«ស្មើកម្រិតកម្ពស់របស់គ្រិស្ត»។ (អេភ. ៤:១១-១៤) គាត់ខំប្រឹងបណ្ដុះឲ្យមានបុគ្គលិកលក្ខណៈដូចគ្រិស្ត។ ក្នុងនាមជាអ្នកដែលទុកគំរូឲ្យយើង នោះ«គ្រិស្តមិនបានរកបំពេញចិត្តខ្លួនលោក»ទេ។ (រ៉ូម ១៥:៣) ដូច្នេះ កាលណាគូស្វាមីភរិយាបន្តស្វែងរកប្រយោជន៍របស់គូខ្លួន មិនមែនប្រយោជន៍ខ្លួនឯង នោះក្រុមគ្រួសារនឹងរស់នៅដោយសុខដុមរមនា។ (១កូ. ១០:២៤) ស្វាមីនឹងបង្ហាញសេចក្ដីស្រឡាញ់ដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួន ហើយភរិយានឹងប្ដេជ្ញាចិត្តដើម្បីចុះចូលចំពោះស្វាមី ដូចលោកយេស៊ូចុះចូលចំពោះប្រមុខរបស់លោកដែរ។—១កូ. ១១:៣; អេភ. ៥:២៥
«បំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូក»
១៥, ១៦. តើប្អូនអាចបង្ហាញពីការជឿនទៅមុខក្នុងកិច្ចបម្រើផ្សាយយ៉ាងណា?
១៥ ប៉ូលបានលើកពីភារកិច្ចសំខាន់របស់ធីម៉ូថេដោយសរសេរថា៖ «នៅចំពោះមុខព្រះនិងគ្រិស្តយេស៊ូ . . . ខ្ញុំសុំបង្គាប់អ្នកជាផ្លូវការឲ្យ ប្រកាសបណ្ដាំរបស់ព្រះ ចូរប្រកាសជាបន្ទាន់»។ គាត់និយាយបន្ថែមទៀតថា៖ «[ចូរ]បំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ ហើយបំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូក»។ (២ធី. ៤:១, ២, ៥) ដើម្បីបំពេញភារកិច្ចនេះ នោះធីម៉ូថេត្រូវ«បំប៉នដោយពាក្យនៃជំនឿ»។—សូមអាន ធីម៉ូថេទី១ ៤:៦
១៦ តើប្អូនអាច«បំប៉នដោយពាក្យនៃជំនឿ»យ៉ាងដូចម្ដេចបាន? ប៉ូលបានសរសេរថា៖ «ចូរបន្តព្យាយាមក្នុងការអានឲ្យអ្នកឯទៀតស្ដាប់ ការបំផុសទឹកចិត្ត និងការបង្រៀន។ . . . ចូរសញ្ជឹងគិតអំពីការទាំងនេះ ចូរជក់ចិត្តគំនិតនឹងការទាំងនេះ»។ (១ធី. ៤:១៣, ១៥) ការជឿនទៅមុខតម្រូវឲ្យមានចិត្តខ្នះខ្នែងក្នុងការសិក្សាដោយខ្លួនឯង។ តើទម្លាប់របស់ប្អូនក្នុងការសិក្សាយ៉ាងណាដែរ? តើប្អូនបានជក់ចិត្តគំនិតក្នុង«សេចក្ដីជ្រាលជ្រៅរបស់ព្រះ»ទេ? (១កូ. ២:១០) ឬក៏តើប្អូនមិនសូវយកចិត្តទុកដាក់ក្នុងការសិក្សា? ការសញ្ជឹងគិតអំពីអ្វីដែលប្អូនសិក្សា នោះនឹងជំរុញទឹកចិត្តប្អូន។—សូមអាន សុភាសិត ២:១-៥
១៧, ១៨. (ក) តើប្អូនគួរព្យាយាមបណ្ដុះឲ្យមានសមត្ថភាពអ្វីខ្លះ? (ខ) តើការបណ្ដុះឲ្យមានចិត្តគំនិតដូចធីម៉ូថេនឹងជួយប្អូនក្នុងកិច្ចបម្រើផ្សាយយ៉ាងណា?
១៧ អ្នកត្រួសត្រាយវ័យក្មេងម្នាក់ឈ្មោះមីសែលបាននិយាយថា៖ «ដើម្បីមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ នោះខ្ញុំមានកាលវិភាគល្អសម្រាប់ការសិក្សាដោយខ្លួនឯង ហើយខ្ញុំចូលរួមកិច្ចប្រជុំយ៉ាងទៀងទាត់។ ជាលទ្ធផល ខ្ញុំតែងតែជឿនទៅមុខជាគ្រិស្តសាសនិក»។ ប្រាកដហើយ ការបម្រើជាអ្នកត្រួសត្រាយនឹងជួយប្អូនបង្កើនសមត្ថភាពប្រើគម្ពីរក្នុងកិច្ចបម្រើផ្សាយ ហើយជួយប្អូនឲ្យជឿនទៅមុខជាគ្រិស្តសាសនិកផង។ ចូរព្យាយាមអានឲ្យបានល្អ ហើយឲ្យចម្លើយដែលមានន័យនៅឯកិច្ចប្រជុំគ្រិស្តសាសនិក។ ណាមួយទៀត ដើម្បីបង្ហាញការជឿនទៅមុខក្នុងសេចក្ដីពិត នោះគប្បីឲ្យប្អូនរៀបចំសុន្ទរកថាដែលផ្ដល់ប្រយោជន៍ក្នុងសាលាកិច្ចបម្រើផ្សាយ ហើយមិនថ្លែងលើសពីព័ត៌មានដែលបានត្រូវផ្ដល់ឲ្យសម្រាប់សុន្ទរកថានីមួយៗ។
១៨ ការ«បំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ»មានន័យថា ធ្វើឲ្យកិច្ចបម្រើផ្សាយរបស់ប្អូនមានប្រសិទ្ធភាពច្រើនជាង ហើយជួយអ្នកដទៃឲ្យទទួលសេចក្ដីសង្គ្រោះ។ នេះតម្រូវឲ្យប្អូនមាន«ការប៉ិនប្រសប់សព្វគ្រប់ក្នុងការបង្រៀន»។ (២ធី. ៤:២) ដោយរៀបចំទៅផ្សាយជាមួយបងប្អូនដែលមានបទពិសោធន៍ច្រើនជាងក្នុងកិច្ចការផ្សាយ នោះប្អូននឹងអាចរៀនពីវិធីបង្រៀនផ្សេងៗ ដូចធីម៉ូថេបានរៀនពីប៉ូល។ (១កូ. ៤:១៧) ដោយសំដៅទៅលើអស់អ្នកដែលគាត់បានជួយ នោះប៉ូលបានរៀបរាប់ថាគាត់មិនគ្រាន់តែបានជូនដំណឹងល្អឲ្យពួកគាត់ប៉ុណ្ណោះទេ តែបានផ្ដល់‹ជីវិតខ្លួន› ឬប្រើជីវិតខ្លួនដើម្បីជួយពួកគេ ពីព្រោះពួកគេជាទីស្រឡាញ់របស់ប៉ូល។ (១ថែ. ២:៨) ដើម្បីធ្វើតាមគំរូរបស់ប៉ូលក្នុងកិច្ចបម្រើផ្សាយ នោះប្អូនត្រូវមានចិត្តគំនិតដូចធីម៉ូថេ ដែលពិតជាបានយកចិត្តទុកដាក់ចំពោះអ្នកដទៃ ហើយខំប្រឹងដូចជា«ខ្ញុំបម្រើក្នុងការធ្វើឲ្យដំណឹងល្អជឿនទៅមុខ»។ (សូមអាន ភីលីព ២:១៩-២៣) តើប្អូនបង្ហាញស្មារតីលះបង់ក្នុងកិច្ចបម្រើផ្សាយទេ?
ជំនឿននាំឲ្យមានអំណរដ៏ពិត
១៩, ២០. ហេតុអ្វីបានជាការជឿនទៅមុខជាគ្រិស្តសាសនិកនាំឲ្យមានអំណរ?
១៩ ការជឿនទៅមុខជាគ្រិស្តសាសនិកត្រូវការការព្យាយាម។ យ៉ាងណាក៏ដោយ ប្រសិនបើប្អូនមានចិត្តអត់ធ្មត់បណ្ដុះឲ្យមានសមត្ថភាពក្នុងការបង្រៀន នោះមិនយូរមិនឆាប់ប្អូននឹងមានឯកសិទ្ធិ«ធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមាន»ដោយបង្រៀនពួកគេអំពីសេចក្ដីពិត ហើយពួកគេនឹងធ្វើឲ្យប្អូនមាន«អំណរឬមកុដនៃមោទនភាព»។ (២កូ. ៦:១០; ១ថែ. ២:១៩) ប្អូនហ្វ្រេត ដែលជាអ្នកផ្សាយពេញពេលបានពន្យល់ថា៖ «ច្រើនជាងមុនទៅទៀត ខ្ញុំចំណាយពេលវេលាដែលខ្ញុំមានដើម្បីជួយអ្នកដទៃ។ ជាការពិតណាស់ដែលថាការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។
២០ អ្នកត្រួសត្រាយវ័យក្មេងឈ្មោះដាហ្វានីបានរៀបរាប់អំពីអំណរ និងក្ដីស្កប់ស្កល់ចិត្តដែលប្អូនទទួលពីការជឿនទៅមុខជាគ្រិស្តសាសនិក ដោយនិយាយថា៖ «កាលដែលខ្ញុំបានរៀនកាន់តែច្រើនអំពីព្រះយេហូវ៉ា នោះខ្ញុំបានបណ្ដុះឲ្យមានចំណងមេត្រីភាពកាន់តែជិតស្និទ្ធជាមួយលោក។ កាលណាយើងខំធ្វើអស់ពីសមត្ថភាពដើម្បីផ្គាប់ចិត្តព្រះយេហូវ៉ា នោះយើងមានអារម្មណ៍ល្អ ហើយនេះពិតជានាំឲ្យយើងស្កប់ចិត្តមែន»។ ទោះជាមនុស្សមិនតែងតែឃើញការជឿនទៅមុខរបស់យើងជាគ្រិស្តសាសនិកក៏ដោយ តែព្រះយេហូវ៉ាឃើញហើយឲ្យតម្លៃជានិច្ច! (ហេ. ៤:១៣) ប្រាកដហើយ! ប្អូនៗគ្រិស្តសាសនិកអាចនាំឲ្យព្រះដែលជាបិតានៅស្ថានសួគ៌ទទួលសិរីរុងរឿងនិងការសរសើរ។ សូមបន្តធ្វើឲ្យព្រះរីករាយ កាលដែលប្អូនបង្ហាញយ៉ាងស្មោះឲ្យមនុស្សទាំងអស់ឃើញថា ប្អូនជឿនទៅមុខ។—សុភ. ២៧:១១
[កំណត់សម្គាល់]
a ឈ្មោះខ្លះបានត្រូវប្ដូរ។
b «ការណែនាំពីព្រះចំពោះការជ្រើសរើសគូអាពាហ៍ពិពាហ៍» មានក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា ឆ្នាំ២០០១។
តើអ្នកបានរៀនអ្វី?
• តើការជឿនទៅមុខជាគ្រិស្តសាសនិករួមបញ្ចូលអ្វីខ្លះ?
• តើប្អូនអាចបង្ហាញការជឿនទៅមុខយ៉ាងដូចម្ដេច . . .
ពេលប្រឈមមុខទុក្ខលំបាក?
ក្នុងការត្រៀមខ្លួនសម្រាប់រៀបការ?
ក្នុងកិច្ចបម្រើផ្សាយ?
[រូបភាពនៅទំព័រ១៩]
សេចក្ដីអធិដ្ឋានអាចជួយប្អូនឲ្យតស៊ូនឹងទុក្ខលំបាកបាន
[រូបភាពនៅទំព័រ២០]
តើប្អូនៗយុវវ័យជាអ្នកផ្សាយអាចធ្វើឲ្យការបង្រៀនរបស់ប្អូនមានប្រសិទ្ធភាពយ៉ាងណា?