ចូររៀនឲ្យចេះចាំយាមដោយមើលគំរូរបស់សាវ័កលោកយេស៊ូ
«[ចូរ]ចាំយាមជាមួយនឹងខ្ញុំ»។—ម៉ាថ. ២៦:៣៨
តើអ្នកអាចរៀនអ្វីខ្លះអំពី:
ការចាំយាមទទួលការណែនាំស្តីអំពីទីកន្លែងផ្សព្វផ្សាយ?
ការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន?
ការធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ទោះជាមានឧបសគ្គ?
១-៣. ក្នុងអំឡុងយប់ចុងក្រោយនៃជីវិតរបស់លោកយេស៊ូនៅផែនដី តើពួកសាវ័កមានកំហុសអ្វី? ហើយតើអ្វីបង្ហាញថាពួកគាត់បានរៀនពីកំហុសនោះ?
សូមស្រមៃគិតអំពីអ្វីដែលបានកើតឡើងនៅយប់ចុងក្រោយនៃជីវិតរបស់លោកយេស៊ូនៅលើផែនដី។ លោកយេស៊ូបានមកដល់កន្លែងដែលលោកចូលចិត្តជាងគេ គឺសួនហ្គេតសេម៉ានីដែលនៅខាងកើតក្រុងយេរូសាឡិម។ លោកបានមកទីនេះជាមួយពួកសាវ័កដ៏ស្មោះត្រង់របស់លោក។ ដោយសារមានអ្វីៗជាច្រើនធ្វើឲ្យលោកខ្វល់ចិត្ត នោះលោកយេស៊ូត្រូវការកន្លែងស្ងាត់មួយដែលនៅដោយឡែកពីអ្នកឯទៀតដើម្បីអធិដ្ឋាន។—ម៉ាថ. ២៦:៣៦; យ៉ូន. ១៨:១, ២
២ លោកយេស៊ូបាននាំសាវ័កបីនាក់គឺពេត្រុស យ៉ាកុប និងយ៉ូហានទៅកន្លែងឆ្ងាយជាងក្នុងសួននោះ។ លោកយេស៊ូបានប្រាប់ពួកគាត់ថា៖ «សូមនៅទីនេះ ហើយចាំយាមជាមួយនឹងខ្ញុំ» ក្រោយមក លោកបានចេញពីពួកគាត់ទៅអធិដ្ឋាន។ ពេលលោកត្រឡប់មកវិញ លោកឃើញថាពួកគាត់កំពុងតែដេកលក់។ លោកអង្វរពួកគាត់ម្ដងទៀតថា៖ «ចូរចាំយាម»។ ប៉ុន្តែ ពួកគាត់ដេកលក់អស់ពីរដងទៀត! ក្រោយមក នៅយប់នោះ គ្មានសាវ័កណាម្នាក់ត្រៀមខ្លួនចំពោះអ្វីដែលនឹងកើតឡើងទេ។ ពួកគាត់ថែមទាំងរត់ចោលលោកយេស៊ូទៀត!—ម៉ាថ. ២៦:៣៨, ៤១, ៥៦
៣ ដោយសារពួកសាវ័កមិនបានចាំយាម នោះពួកគាត់ប្រាកដជាបានស្ដាយក្រោយ។ ប៉ុន្តែ មិនយូរក្រោយមក ពួកអ្នកស្មោះត្រង់ទាំងនោះបានរៀនពីកំហុសរបស់ពួកគាត់។ សៀវភៅសកម្មភាពបង្ហាញថា ពួកគាត់បានទុកគំរូដ៏ល្អប្រសើរក្នុងការចាំយាម។ ភាពស្មោះត្រង់របស់ពួកគាត់ប្រាកដជាបានជះឥទ្ធិពលទៅលើបងប្អូនរួមជំនឿ។ ចំណែកសព្វថ្ងៃនេះវិញ ការចាំយាមរឹតតែសំខាន់ជាងមុនទៅទៀត។ (ម៉ាថ. ២៤:៤២) សូមឲ្យយើងពិចារណាកំណត់ហេតុក្នុងសៀវភៅសកម្មភាពដើម្បីរៀនមេរៀនបីស្តីអំពីការចាំយាម។
ចាំយាមដើម្បីទទួលការណែនាំស្តីអំពីទីកន្លែងផ្សព្វផ្សាយ
៤, ៥. តើសកម្មពលបរិសុទ្ធបានដឹកនាំប៉ូលនិងអ្នករួមដំណើរជាមួយគាត់យ៉ាងដូចម្ដេច?
៤ មេរៀនទី១ ពួកសាវ័កបានចាំយាមដើម្បីទទួលការណែនាំស្តីអំពីទីកន្លែងផ្សព្វផ្សាយ។ នៅកំណត់ហេតុមួយ យើងបានយល់អំពីរបៀបដែលលោកយេស៊ូប្រើសកម្មពលបរិសុទ្ធដែលព្រះយេហូវ៉ាប្រគល់ឲ្យលោក ដើម្បីដឹកនាំសាវ័កប៉ូលនិងអ្នករួមដំណើរជាមួយគាត់ក្នុងការធ្វើដំណើរដ៏គួរឲ្យចាប់អារម្មណ៍មួយ។ (សកម្ម. ២:៣៣) សូមឲ្យយើងតាមដានការធ្វើដំណើរនោះ។—សូមអាន សកម្មភាព ១៦:៦-១០
៥ ប៉ូល ស៊ីឡាស និងធីម៉ូថេបានចេញពីទីក្រុងលីស្ដ្រានៅទិសខាងត្បូងស្រុកកាឡាទី។ ច្រើនថ្ងៃក្រោយមក ពួកគាត់បានមកដល់ផ្លូវធំមួយនៃទីក្រុងរ៉ូម ដែលជាផ្លូវឆ្ពោះទៅទិសខាងលិច ជាតំបន់ដែលមានមនុស្សរស់នៅយ៉ាងច្រើនបំផុតក្នុងតំបន់អាស៊ី។ ពួកគាត់ចង់ធ្វើដំណើរតាមផ្លូវនោះដើម្បីផ្សព្វផ្សាយនៅទីក្រុងនានាដែលមានមនុស្សរាប់ពាន់នាក់ត្រូវដឹងអំពីលោកយេស៊ូគ្រិស្ត។ ប៉ុន្តែ មានអ្វីមួយរារាំងពួកគាត់ក្នុងដំណើរនោះ។ ខ៦បានចែងថា៖ «ពួកគាត់បានធ្វើដំណើរកាត់ស្រុកព្រីគា និងស្រុកកាឡាទី ពីព្រោះសកម្មពលបរិសុទ្ធបានហាមពួកគាត់មិនឲ្យប្រាប់បណ្ដាំរបស់ព្រះនៅតំបន់អាស៊ី»។ តាមរបៀបមួយដែលយើងមិនដឹង សកម្មពលបរិសុទ្ធបានរារាំងពួកគាត់មិនឲ្យផ្សព្វផ្សាយនៅតំបន់អាស៊ី។ តាមមើលទៅ ដោយប្រើសកម្មពលរបស់ព្រះ លោកយេស៊ូចង់ដឹកនាំប៉ូលនិងអ្នករួមដំណើរជាមួយគាត់ទៅកន្លែងផ្សេងវិញ។
៦, ៧. (ក) តើមានអ្វីកើតឡើងពេលដែលប៉ូលនិងអ្នករួមដំណើរជាមួយគាត់ធ្វើដំណើរជិតដល់ស្រុកប៊ីធូនា? (ខ) តើពួកអ្នកកាន់តាមបានសម្រេចចិត្តធ្វើយ៉ាងណា? ហើយតើនាំឲ្យមានលទ្ធផលអ្វី?
៦ តើប៉ូលនិងអ្នករួមដំណើរជាមួយគាត់បានទៅកន្លែងណា? ខ៧បានពន្យល់ថា៖ «លុះទៅដល់តំបន់មិសៀ ពួកគាត់ខំចុះទៅស្រុកប៊ីធូនា ប៉ុន្តែសកម្មពលរបស់លោកយេស៊ូមិនបានអនុញ្ញាតទេ»។ ពេលពួកគាត់មិនអាចទៅផ្សព្វផ្សាយនៅតំបន់អាស៊ី ប៉ូលនិងអ្នករួមដំណើរជាមួយគាត់ធ្វើដំណើរទៅទិសខាងជើង ដោយមានបំណងផ្សព្វផ្សាយនៅទីក្រុងនានាក្នុងស្រុកប៊ីធូនាវិញ។ ក៏ប៉ុន្តែ ពេលដែលពួកគាត់មកជិតដល់ស្រុកប៊ីធូនាហើយ លោកយេស៊ូប្រើសកម្មពលបរិសុទ្ធរារាំងពួកគាត់ទៀត។ នៅពេលនោះ ពួកគាត់ច្បាស់ជាឆ្ងល់ណាស់។ ពួកគាត់ដឹងអំពីអ្វីដែលពួកគាត់នឹងផ្សព្វផ្សាយ និងរបៀបដែលពួកគាត់ត្រូវផ្សព្វផ្សាយ ប៉ុន្តែ ពួកគាត់មិនដឹងថាត្រូវផ្សព្វផ្សាយនៅកន្លែងណាទេ។ យើងអាចនិយាយថា: ពួកគាត់ដូចជាគោះទ្វារចង់ចូលតំបន់អាស៊ី តែចូលមិនបានទេ ហើយបានគោះទ្វារចូលស្រុកប៊ីធូនា ក៏នៅតែចូលមិនបានទៀត។ តើពួកគាត់ឈប់ព្យាយាមឬទេ? មិនមែនទេ ពួកគាត់នៅតែមានចិត្តខ្នះខ្នែង!
៧ នៅពេលនោះ បុរសទាំងនេះបានធ្វើការសម្រេចចិត្តដែលតាមមើលទៅដូចជាចម្លែកបន្ដិច។ ខ៨បានប្រាប់យើងថា៖ «ពួកគាត់បន្តធ្វើដំណើរហួសតំបន់មិសៀ រួចបានចុះទៅក្រុងត្រូអាស»។ ដូច្នេះ ពួកគាត់បានធ្វើដំណើរទៅទិសខាងកើត ហើយធ្វើដំណើរដោយថ្មើរជើងអស់៥៦៣គីឡូម៉ែត្រ ហួសពីក្រុងមួយទៅក្រុងមួយរហូតដល់ពួកគាត់មកដល់កំពង់ផែត្រូអាសដែលឆ្លងទៅស្រុកម៉ាសេដូន។ នៅទីនោះ នេះជាលើកទី៣ពួកគាត់គោះទ្វារចង់ចូលតំបន់ថ្មីដើម្បីផ្សព្វផ្សាយ ប៉ុន្តែ នៅលើកនេះលោកយេស៊ូបានបើកឱកាសយ៉ាងធំឲ្យពួកគាត់ផ្សព្វផ្សាយវិញ! ខ៩បានរៀបរាប់អំពីអ្វីដែលបានកើតឡើងថា៖ «នៅពេលយប់ ប៉ូលឃើញអ្វីមួយក្នុងគំនិត គឺបុរសជនជាតិម៉ាសេដូនម្នាក់កំពុងឈរអង្វរគាត់ថា៖ ‹សូមឆ្លងមកស្រុកម៉ាសេដូន ហើយជួយយើងផង›»។ ឥឡូវ ប៉ូលបានដឹងអំពីទីកន្លែងដែលគាត់ត្រូវផ្សព្វផ្សាយហើយ។ ដោយមិនបង្អែបង្អង់ ពួកគាត់បានជិះទូកទៅស្រុកម៉ាសេដូនភ្លាម។
៨, ៩. តើយើងអាចរៀនអ្វីខ្លះពីការធ្វើដំណើររបស់ប៉ូល?
៨ តើយើងអាចរៀនអ្វីពីកំណត់ហេតុនេះ? សូមកត់សម្គាល់ថា ក្រោយពេលដែលប៉ូលចេញដំណើរទៅផ្សព្វផ្សាយនៅតំបន់អាស៊ី ទើបសកម្មពលរបស់ព្រះចាប់ផ្ដើមដឹកនាំពួកគាត់។ បន្ទាប់មក ក្រោយពីប៉ូលធ្វើដំណើរជិតដល់ស្រុកប៊ីធូនាទើបលោកយេស៊ូផ្ដល់ការណែនាំដល់ពួកគាត់។ បន្ថែមទៅទៀត ក្រោយពីប៉ូលបានទៅដល់ក្រុងត្រូអាស ទើបលោកយេស៊ូផ្ដល់ការណែនាំឲ្យគាត់ទៅផ្សព្វផ្សាយនៅស្រុកម៉ាសេដូន។ ក្នុងឋានៈជាប្រមុខនៃក្រុមជំនុំ លោកយេស៊ូអាចណែនាំយើងតាមវិធីស្រដៀងគ្នាដែរ។ (កូឡ. ១:១៨) ជាឧទាហរណ៍ អ្នកប្រហែលជាកំពុងគិតចង់បម្រើជាអ្នកត្រួសត្រាយពេញពេល ឬរើទៅរស់នៅកន្លែងដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង។ ប៉ុន្តែ ក្រោយពីអ្នកបានចាត់វិធានការដើម្បីបំពេញគោលដៅនេះប៉ុណ្ណោះ ទើបលោកយេស៊ូប្រើសកម្មពលរបស់ព្រះដើម្បីដឹកនាំអ្នក។ ឧទាហរណ៍: អ្នកបើកឡានអាចបញ្ជាឡានឲ្យបត់ស្ដាំឬបត់ឆ្វេងបាន លុះត្រាតែឡាននោះធ្វើដំណើរទៅមុខ។ ស្រដៀងគ្នាដែរ លោកយេស៊ូអាចដឹកនាំយើងដើម្បីពង្រីកកិច្ចផ្សព្វផ្សាយរបស់យើងបាន លុះត្រាតែយើងមានសកម្មភាពដោយខំព្យាយាមបំពេញគោលដៅរបស់យើង។
៩ ប៉ុន្តែ ចុះយ៉ាងណា បើការខំព្យាយាមរបស់អ្នកមិនបង្កើតផលភ្លាមៗ? តើអ្នកគួរឈប់ខំព្យាយាមទៀតដោយសន្និដ្ឋានថាសកម្មពលរបស់ព្រះមិនបានដឹកនាំអ្នកឬ? សូមចាំថាអ្វីៗមិនបានកើតឡើងភ្លាមដូចប៉ូលបានរំពឹងទុកនោះទេ។ ប៉ុន្តែ គាត់ខំព្យាយាមស្វែងរក និងអង្វរសុំឥតឈប់ រហូតដល់គាត់រកទ្វារដែលបើកចំហយ៉ាងធំ។ ស្រដៀងគ្នាដែរ បើអ្នកតស៊ូព្យាយាមក្នុងការស្វែងរក‹ទ្វារដែលបើកចំហយ៉ាងធំសម្រាប់បំពេញកិច្ចបម្រើ› នោះអ្នកក៏អាចទទួលលទ្ធផលល្អដែរ។—១កូ. ១៦:៩
យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន
១០. ហេតុអ្វីយើងដឹងថា យើងត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋានទើបអាចចាំយាមបាន?
១០ ឥឡូវ សូមយើងពិចារណាមេរៀនទី២ស្តីអំពីការចាំយាម ដែលយើងអាចរៀនពីគំរូរបស់បងប្អូនគ្រិស្តសាសនិកនៅសតវត្សរ៍ទី១គឺ: ពួកគាត់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន។ (១ពេ. ៤:៧) ការតស៊ូក្នុងការអធិដ្ឋានជាអ្វីដែលចាំបាច់ដើម្បីនៅចាំយាម។ សូមនឹកចាំថានៅសួនហ្គេតសេម៉ានី មិនយូរមុនពេលដែលលោកយេស៊ូត្រូវគេចាប់ខ្លួន លោកបានប្រាប់សាវ័កទាំងបីនាក់របស់លោកថា៖ «ចូរចាំយាមហើយអធិដ្ឋានជានិច្ច»។—ម៉ាថ. ២៦:៤១
១១, ១២. ហេតុអ្វីស្តេចហេរ៉ូឌចង់បៀតបៀនពួកគ្រិស្តសាសនិកដែលរួមបញ្ចូលទាំងពេត្រុស? ហើយតើគាត់ធ្វើដូច្នេះតាមរបៀបណា?
១១ ពេត្រុសបានឮប្រសាសន៍របស់លោកយេស៊ូនៅសួនហ្គេតសេម៉ានី។ នៅពេលក្រោយមក គាត់បានឃើញដោយផ្ទាល់នូវឥទ្ធិពលនៃការអធិដ្ឋាន។ (សូមអាន សកម្មភាព ១២:១-៦) ក្នុងខមុនដំបូងនៃកំណត់ហេតុនេះ យើងដឹងថាស្តេចហេរ៉ូឌបានបៀតបៀនគ្រិស្តសាសនិក ដើម្បីផ្គាប់ចិត្តជនជាតិយូដា។ គាត់ទំនងជាបានដឹងថាយ៉ាកុបជាសាវ័កដែលជិតស្និទ្ធនឹងលោកយេស៊ូ។ ហេតុនេះហើយ ស្តេចហេរ៉ូឌបានបង្គាប់ឲ្យគេសម្លាប់យ៉ាកុប«ដោយដាវ»។ (ខ២) នៅពេលនោះ ក្រុមជំនុំបានបាត់បង់សាវ័កដែលជាទីស្រឡាញ់ម្នាក់។ នេះពិតជាការល្បងលដ៏ពិបាកមួយសម្រាប់បងប្អូនឯទៀត!
១២ បន្ទាប់មក តើស្តេចហេរ៉ូឌបានធ្វើអ្វី? នៅខ៣ពន្យល់ថា៖ «កាលដែលគាត់ឃើញថាជនជាតិយូដាពេញចិត្តនឹងការនោះ គាត់ក៏ចាប់ខ្លួនពេត្រុសដែរ»។ ប៉ុន្តែ ធ្លាប់មានពេលមួយដែលគុកមិនអាចឃុំឃាំងពួកសាវ័កបានឡើយ។ ពេត្រុសក៏បាននៅក្នុងចំណោមពួកគាត់ដែរ។ (សកម្ម. ៥:១៧-២០) ស្តេចហេរ៉ូឌប្រហែលជាបានដឹងអំពីរឿងនេះ។ ដូច្នេះ ស្តេចដ៏ឆ្លាតនេះមិនចង់ប្រថុយឲ្យពេត្រុសរួចខ្លួនឡើយ។ គាត់បានប្រគល់ពេត្រុសដល់«ទាហានបួនក្រុមឲ្យយាមគាត់ ដោយក្នុងក្រុមនីមួយៗមានទាហានបួននាក់។ ស្តេចហេរ៉ូឌធ្វើដូច្នេះដោយសារមានបំណងនាំពេត្រុសមកបង្ហាញបណ្ដាជនបន្ទាប់ពីបុណ្យរំលង»។ (ខ៤) សូមគិតទៅមើល! ស្តេចហេរ៉ូឌបានដាក់ច្រវាក់ពេត្រុសឲ្យនៅពាក់កណ្ដាលទាហាន២នាក់ ដោយមានទាហាន១៦នាក់ផ្លាស់វេនគ្នាទាំងយប់ទាំងថ្ងៃដើម្បីកុំឲ្យសាវ័កពេត្រុសរត់រួច។ ស្តេចហេរ៉ូឌមានបំណងចង់នាំពេត្រុសមកបង្ហាញដល់បណ្ដាជនបន្ទាប់ពីបុណ្យរំលង ដោយគិតថាការប្រហារជីវិតពេត្រុសជាអំណោយមួយដើម្បីផ្គាប់ចិត្តបណ្ដាជន។ ក្នុងស្ថានភាពដែលមើលទៅដូចជាអស់សង្ឃឹមដូច្នេះ តើបងប្អូនគ្រិស្តសាសនិកអាចធ្វើយ៉ាងណា?
១៣, ១៤. (ក) តើបងប្អូនបានធ្វើយ៉ាងណាពេលដឹងថាពេត្រុសត្រូវគេចាប់ដាក់គុក? (ខ) ស្តីអំពីការអធិដ្ឋាន តើយើងអាចរៀនអ្វីខ្លះពីគំរូរបស់បងប្អូនគ្រិស្តសាសនិកនៅជំនាន់ពេត្រុស?
១៣ បងប្អូនក្នុងក្រុមជំនុំបានដឹងយ៉ាងច្បាស់អំពីអ្វីដែលពួកគាត់ត្រូវធ្វើ។ ខ៥ចែងថា៖ «ដូច្នេះ ពេត្រុសត្រូវគេឃុំទុកក្នុងគុក តែក្រុមជំនុំបានអធិដ្ឋានអង្វរព្រះឥតឈប់ដោយអស់ពីចិត្តដើម្បីគាត់»។ ពិតមែនហើយ ការអធិដ្ឋានរបស់ពួកគេគឺអស់ពីចិត្តដើម្បីបងប្រុសជាទីស្រឡាញ់នោះ។ ដូច្នេះ ការស្លាប់របស់យ៉ាកុបមិនបានធ្វើឲ្យពួកគេអស់សង្ឃឹម ឬបណ្ដាលឲ្យពួកគេចាត់ទុកការអធិដ្ឋានជាអ្វីដែលមិនមានប្រសិទ្ធភាពឡើយ។ ផ្ទុយទៅវិញ ពួកគេដឹងថាព្រះយេហូវ៉ាឲ្យតម្លៃទៅលើការអធិដ្ឋានរបស់អ្នកដែលគោរពប្រណិប័តន៍លោកយ៉ាងស្មោះត្រង់។ បើសេចក្ដីអធិដ្ឋានទាំងនោះសមស្របតាមបំណងប្រាថ្នារបស់លោក នោះលោកនឹងធ្វើតាមសំណូមពររបស់ពួកគេ។—ហេ. ១៣:១៨, ១៩; យ៉ា. ៥:១៦
១៤ តើយើងអាចរៀនអ្វីខ្លះពីអ្វីដែលបងប្អូនគ្រិស្តសាសនិកបានធ្វើនៅពេលនោះ? ការចាំយាមរួមបញ្ចូលការអធិដ្ឋានមិនគ្រាន់តែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែសម្រាប់បងប្អូនប្រុសស្រីក្នុងក្រុមជំនុំរបស់យើងផងដែរ។ (អេភ. ៦:១៨) តើអ្នកស្គាល់បងប្អូនរួមជំនឿណាដែលកំពុងជួបទុក្ខលំបាកឬទេ? បងប្អូនខ្លះប្រហែលជាកំពុងតែជួបនឹងការបៀតបៀន ការដាក់បម្រាមរបស់រដ្ឋាភិបាល ឬគ្រោះមហន្តរាយធម្មជាតិ។ ជាការល្អឲ្យយើងលើកឡើងអំពីបងប្អូនទាំងនោះក្នុងសេចក្ដីអធិដ្ឋានដែលផុសចេញពីចិត្តរបស់យើង មែនទេ? អ្នកប្រហែលជាស្គាល់បងប្អូនឯទៀតដែលជួបបញ្ហាដែលមិនងាយសម្គាល់ឃើញ។ ពួកគាត់ប្រហែលជាមានបញ្ហាក្នុងក្រុមគ្រួសារ ការធ្លាក់ទឹកចិត្ត ឬជំងឺ។ ជាការល្អឲ្យយើងលើកឈ្មោះរបស់បងប្អូននោះចំៗពេលយើងអធិដ្ឋានទៅព្រះយេហូវ៉ាជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»។—ទំនុក. ៦៥:២
១៥, ១៦. (ក) សូមពណ៌នាអំពីរបៀបដែលទេវតារបស់ព្រះយេហូវ៉ាសង្គ្រោះពេត្រុសឲ្យរួចពីគុក។ (សូមមើលរូបភាពនៅខាងក្រោម) (ខ) ពេលសញ្ជឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាសង្គ្រោះពេត្រុស ហេតុអ្វីនេះលើកទឹកចិត្តយើង?
១៥ ប៉ុន្តែ តើអ្វីបានកើតឡើងដល់ពេត្រុស? ក្នុងអំឡុងយប់ចុងក្រោយដែលគាត់នៅក្នុងគុក ពេលពេត្រុសកំពុងដេកលក់ស៊ប់នៅពាក់កណ្ដាលទាហានពីរនាក់នោះ ព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយបានកើតឡើងចំពោះគាត់។ (សូមអាន សកម្មភាព ១២:៧-១១) សូមស្រមៃគិតអំពីអ្វីដែលបានកើតឡើង: នៅពេលនោះ ស្រាប់តែមានពន្លឺភ្លឺចាំងចូលមកពេញក្នុងបន្ទប់គុកដែលគាត់នៅ។ ទេវតាមួយបានឈរនៅទីនោះ តែតាមមើលទៅអ្នកយាមនោះមិនបានឃើញទេ ហើយទេវតានោះបានដាស់ពេត្រុសឲ្យភ្ញាក់ឡើងភ្លាមៗ។ នៅពេលនោះ ច្រវាក់ដែលនៅជាប់ដៃគាត់ស្រាប់តែរបូតចេញ! រួចមក ទេវតាក៏នាំពេត្រុសចេញពីគុកនោះ ទាំងដើរកាត់មុខទាហានដែលនៅយាមខាងក្រៅ ហើយគាត់ចេញតាមទ្វារដែកដែល«របើកឯង»។ ពេលដែលគាត់បានចេញទៅខាងក្រៅហើយ ទេវតានោះបានចាកចេញពីគាត់ទៅ។ ពេត្រុសមានសេរីភាពហើយ!
១៦ ពេលសញ្ជឹងគិតអំពីឫទ្ធានុភាពរបស់ព្រះយេហូវ៉ាក្នុងការសង្គ្រោះអ្នកបម្រើរបស់លោក នេះពិតជាពង្រឹងជំនឿរបស់យើងណាស់ មែនទេ? ពិតមែនហើយ យើងមិនរំពឹងឲ្យព្រះយេហូវ៉ាសង្គ្រោះយើងដោយប្រើការអស្ចារ្យនៅសព្វថ្ងៃនេះទេ។ ក៏ប៉ុន្តែ យើងមានទំនុកចិត្តទាំងស្រុងថាលោកប្រើឫទ្ធានុភាពដើម្បីជួយរាស្ត្ររបស់លោកនៅសព្វថ្ងៃនេះ។ (២រប. ១៦:៩) ដោយប្រើសកម្មពលបរិសុទ្ធដ៏ខ្លាំងក្លារបស់លោក លោកអាចផ្ដល់កម្លាំងឲ្យយើងស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយដែលយើងជួបប្រទះ។ (២កូ. ៤:៧; ២ពេ. ២:៩) បន្ថែមទៅទៀត ឆាប់ៗខាងមុខនេះ ព្រះយេហូវ៉ានឹងឲ្យឫទ្ធានុភាពដល់បុត្ររបស់លោកដើម្បីសង្គ្រោះមនុស្សរាប់លាននាក់ឲ្យរួចពីសេចក្ដីស្លាប់ដែលប្រៀបដូចជាគុក។ (យ៉ូន. ៥:២៨, ២៩) ជំនឿរបស់យើងទៅលើសេចក្ដីសន្យារបស់ព្រះអាចផ្ដល់កម្លាំងដ៏អស្ចារ្យដល់យើងដើម្បីស៊ូទ្រាំនឹងបញ្ហាដែលយើងមាននៅសព្វថ្ងៃនេះ។
ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ ទោះជាមានឧបសគ្គ
១៧. តើប៉ូលបានទុកគំរូល្អយ៉ាងណាក្នុងការផ្សព្វផ្សាយដោយចិត្តខ្នះខ្នែង និងការចាំថាពេលដែលនៅសល់មានតែបន្ដិច?
១៧ មេរៀនទី៣អំពីការចាំយាមដែលយើងអាចរៀនពីគំរូរបស់ពួកសាវ័កគឺ: ពួកគេបន្តធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ទោះជាមានឧបសគ្គក៏ដោយ។ ការផ្សព្វផ្សាយដោយមានចិត្តខ្នះខ្នែង និងដោយយល់ថាពេលដែលនៅសល់មានតែបន្ដិច នោះជាអ្វីដែលសំខាន់ចាំបាច់ដើម្បីជួយយើងឲ្យចាំយាមជានិច្ច។ សាវ័កប៉ូលបានទុកគំរូដ៏ល្អឲ្យយើងស្តីអំពីរឿងនេះ។ គាត់បានខំព្យាយាមផ្សព្វផ្សាយយ៉ាងខ្នះខ្នែង ដោយធ្វើដំណើរទៅកន្លែងផ្សេងៗនិងបង្កើតក្រុមជំនុំជាច្រើន។ ទោះជាគាត់ជួបនឹងទុក្ខលំបាកជាច្រើនក៏ដោយ គាត់មិនដែលបាត់បង់ចិត្តខ្នះខ្នែង ឬភ្លេចថាពេលដែលនៅសល់មានតែបន្ដិចទេ។—២កូ. ១១:២៣-២៩
១៨. ពេលដែលគាត់នៅជាប់ឃុំឃាំងក្នុងទីក្រុងរ៉ូម តើប៉ូលបន្តផ្សព្វផ្សាយយ៉ាងដូចម្ដេច?
១៨ សូមពិចារណាអំពីសៀវភៅសកម្មភាពជំពូកទី២៨ ជាកំណត់ហេតុចុងក្រោយដែលចែងអំពីប៉ូល។ ប៉ូលបានមកដល់ទីក្រុងរ៉ូម ជាកន្លែងដែលគាត់ត្រូវបង្ហាញខ្លួននៅចំពោះមុខអធិរាជនីរ៉ូ។ គាត់បានត្រូវគេឃុំឃាំង ប្រហែលជាមានច្រវាក់ជាប់នឹងទាហានដែលជាអ្នកយាម។ ប៉ុន្តែ ការជាប់ច្រវាក់មិនបានធ្វើឲ្យសាវ័កដែលមានចិត្តខ្នះខ្នែងនេះឈប់ផ្សព្វផ្សាយទេ! ប៉ូលនៅតែស្វែងរកឱកាសដើម្បីផ្សព្វផ្សាយ។ (សូមអាន សកម្មភាព ២៨:១៧, ២៣, ២៤) ក្រោយបីថ្ងៃ ប៉ូលបានហៅបុរសដែលមានមុខមាត់ក្នុងចំណោមជនជាតិយូដាឲ្យមកជុំគ្នាដើម្បីផ្សព្វផ្សាយដល់ពួកគេ។ ក្រោយមក នៅថ្ងៃដែលពួកគេបានកំណត់ ប៉ូលបានផ្សព្វផ្សាយកាន់តែច្រើន។ ខ២៣បានចែងថា៖ «ពួកគេ[ជនជាតិយូដា]ណាត់នឹងគាត់ ឲ្យមកពេញមួយថ្ងៃ។ នៅថ្ងៃនោះ ពួកគេមកកន្លែងគាត់ស្នាក់នៅ ដោយមានគ្នាច្រើនជាងមុន ហើយតាំងពីព្រឹកដល់ល្ងាច គាត់ពន្យល់ពួកគេអំពីរឿងនោះ ដោយធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់អំពីរាជាណាចក្ររបស់ព្រះ ហើយខំបញ្ជាក់ហេតុផលដើម្បីឲ្យពួកគេជឿអំពីលោកយេស៊ូ ដោយផ្អែកលើច្បាប់របស់ម៉ូសេនិងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ»។
១៩, ២០. (ក) ហេតុអ្វីរបៀបប៉ូលផ្សព្វផ្សាយមានប្រសិទ្ធភាពខ្លាំងម្ល៉េះ? (ខ) តើប៉ូលមានអារម្មណ៍យ៉ាងណាពេលដែលមនុស្សខ្លះមិនបានស្ដាប់ដំណឹងល្អ?
១៩ ហេតុអ្វីរបៀបប៉ូលផ្សព្វផ្សាយមានប្រសិទ្ធភាពម្ល៉េះ? សូមកត់សម្គាល់ខ២៣ដែលបញ្ជាក់អំពីមូលហេតុមួយចំនួនដូចជា: (១) គាត់បានបញ្ជាក់អំពីរាជាណាចក្ររបស់ព្រះ និងអំពីលោកយេស៊ូគ្រិស្ត។ (២) គាត់ខំពន្យល់អ្នកស្ដាប់ដោយ«បញ្ជាក់ហេតុផល»ជាមួយនឹងពួកគេ។ (៣) គាត់បានវែកញែកដោយប្រើបទគម្ពីរ។ (៤) គាត់បានបង្ហាញចិត្តគំនិតដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនដោយផ្សព្វផ្សាយ«តាំងពីព្រឹកដល់ល្ងាច»។ ប៉ូលបានផ្សព្វផ្សាយដោយមានប្រសិទ្ធភាពយ៉ាងខ្លាំង តែមិនមែនមនុស្សទាំងអស់ធ្វើតាមអ្វីដែលគាត់ផ្សព្វផ្សាយនោះទេ។ ខ២៤ចែងថា៖ «អ្នកខ្លះចាប់ផ្ដើមជឿអ្វីដែលគាត់និយាយ ឯអ្នកខ្លះទៀតមិនព្រមជឿទេ»។ ជាលទ្ធផល ពួកគេចាប់ផ្ដើមប្រកែកគ្នា ហើយចាកចេញទៅ។
២០ ដោយសារមនុស្សទាំងអស់មិនបានស្ដាប់តាមដំណឹងល្អ តើប៉ូលធ្លាក់ទឹកចិត្តឬទេ? អត់ទេ! សកម្មភាព ២៨:៣០, ៣១បានចែងថា៖ «អស់ពីរឆ្នាំគាត់នៅក្នុងផ្ទះដែលគាត់ជួល ហើយក៏បានទទួលយ៉ាងរាក់ទាក់អស់អ្នកដែលមកជួបគាត់ ដោយផ្សព្វផ្សាយប្រាប់ពួកគេអំពីរាជាណាចក្ររបស់ព្រះ ហើយបង្រៀនអំពីលោកម្ចាស់យេស៊ូគ្រិស្តដោយក្លាហានបំផុត ហើយដោយគ្មានអ្វីមករារាំងឡើយ»។ សៀវភៅសកម្មភាពបានបញ្ចប់ដោយពាក្យដ៏កក់ក្ដៅនេះ។
២១. តើយើងអាចរៀនអ្វីពីគំរូរបស់ប៉ូលពេលដែលគាត់នៅក្នុងផ្ទះឃុំឃាំង?
២១ តើយើងអាចរៀនអ្វីពីគំរូរបស់ប៉ូល? ក្នុងពេលដែលគាត់នៅក្នុងផ្ទះឃុំឃាំង ប៉ូលមិនមានសេរីភាពផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយទេ។ ប៉ុន្តែគាត់បានផ្ដោតអារម្មណ៍ទៅលើអ្វីដែលគាត់អាចធ្វើបានដោយផ្សព្វផ្សាយដល់មនុស្សទាំងអស់ដែលមកជួបគាត់។ ស្រដៀងគ្នាដែរ រាស្ត្ររបស់ព្រះជាច្រើននាក់សព្វថ្ងៃនេះរក្សាអំណររបស់ពួកគេ និងបន្តផ្សព្វផ្សាយ ទោះជាត្រូវជាប់គុកយ៉ាងអយុត្ដិធម៌ដោយសារជំនឿរបស់ពួកគេក៏ដោយ។ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់យើងខ្លះមិនអាចចេញពីផ្ទះ ឬប្រហែលជារស់នៅមជ្ឈមណ្ឌលថែទាំមនុស្សវ័យចាស់ដោយសារភាពចាស់ជរាឬជំងឺជាដើម។ ប៉ុន្តែ នៅពេលដែលពួកគាត់មានឱកាស ពួកគាត់ផ្សព្វផ្សាយដល់គ្រូពេទ្យនិងបុគ្គលិក ភ្ញៀវ និងមនុស្សឯទៀតដែលមកជួបពួកគាត់។ បំណងប្រាថ្នារបស់ពួកគាត់គឺដើម្បីធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់អំពីរាជាណាចក្ររបស់ព្រះ។ យើងពិតជាឲ្យតម្លៃចំពោះគំរូរបស់ពួកគាត់ណាស់!
២២. កាលដែលអ្នករង់ចាំទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ តើអ្នកតាំងចិត្តធ្វើអ្វី?
២២ យើងឃើញច្បាស់ថា យើងអាចរៀនឲ្យចេះចាំយាមពីគំរូជាច្រើនរបស់ពួកសាវ័កនិងបងប្អូនគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ដែលបានរៀបរាប់នៅក្នុងសៀវភៅសកម្មភាព។ កាលដែលយើងកំពុងរង់ចាំទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ សូមឲ្យយើងតាំងចិត្តយកតម្រាប់តាមបងប្អូនគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ក្នុងការផ្សព្វផ្សាយដោយចិត្តក្លាហាននិងដោយចិត្តខ្នះខ្នែង។ សព្វថ្ងៃនេះ គ្មានឯកសិទ្ធិណាដែលធំជាងការ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះនោះទេ!—សកម្ម. ២៨:២៣
[រូបភាពនៅទំព័រ១៦]
ទេវតាបាននាំពេត្រុសចេញតាមទ្វារដែក