តើអ្នកណានឹង«បានប្រោសឲ្យរួច»?
«នោះអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ គេនឹងបានសង្គ្រោះ»។—កិច្ចការ ២:២១
១. ហេតុអ្វីក៏បុណ្យភិន្ដាកុសនៅឆ្នាំ៣៣ ស.យ. ជាថ្ងៃដ៏សំខាន់ក្នុងប្រវត្ដិសាស្ត្រពិភពលោក?
បុណ្យភិន្ដាកុស ឆ្នាំ៣៣ ស.យ. ជាឆ្នាំដ៏សំខាន់បំផុតក្នុងប្រវត្ដិសាស្ត្រពិភពលោក។ ហេតុអ្វី? ពីព្រោះនៅថ្ងៃនោះ សាសន៍ថ្មីមួយបានកើតឡើង។ នៅដើមដំបូង សាសន៍នេះគឺមិនធំប៉ុន្មានទេ—មានតែសិស្ស១២០នាក់ប៉ុណ្ណោះរបស់ព្រះយេស៊ូ ដែលបាននាំគ្នាមកឯបន្ទប់មួយនៅក្រុងយេរូសាឡិម។ ប៉ុន្តែ សព្វថ្ងៃនេះ សាសន៍ទាំងឡាយដែលមាននៅពេលនោះ បានគេភ្លេចអស់ទៅហើយ តែសាសន៍ដែលបានកើតនៅក្នុងបន្ទប់នោះកំពុងតែមានវត្តមានជាមួយយើងនៅឡើយ។ ហេតុការណ៍នេះជាអ្វីមួយដ៏សំខាន់ចំពោះយើងរាល់គ្នា ពីព្រោះនេះជាសាសន៍ដែលបានតែងតាំងឡើងដោយព្រះ ឲ្យធ្វើជាស្មរបន្ទាល់របស់ទ្រង់នៅពីមុខមនុស្សលោក។
២. តើព្រឹត្ដិការណ៍ដ៏អស្ចារ្យអ្វីដែលសម្គាល់ទុកកំណើតនៃសាសន៍ថ្មី?
២ នៅពេលដែលសាសន៍ថ្មីនេះចាប់ផ្ដើមមានរូបឡើងនោះ ព្រឹត្ដិការណ៍ដ៏សំខាន់បានកើតឡើង ដែលបានសម្រេចទំនាយរបស់យ៉ូអែល។ យើងអានអំពីព្រឹត្ដិការណ៍ទាំងនេះនៅកិច្ចការ ២:២-៤៖ «ស្រាប់តែមានឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេអង្គុយនៅ ក៏មានអណ្ដាត ដូចជាអណ្ដាតភ្លើង ដែលបែកចេញពីគ្នា លេចមកឲ្យគេឃើញ ហើយមកសណ្ឋិតលើគេគ្រប់គ្នា រួចពួកគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ»។ តាមរបៀបនេះ ពួកមនុស្ស១២០នាក់នោះទាំងប្រុសទាំងស្រីបានក្លាយទៅជាសាសន៍ខាងវិញ្ញាណ ជាសមាជិកដំបូង ដែលសាវ័កប៉ុលក្រោយមកបានហៅថា«សាសន៍អ៊ីស្រាអែលនៃព្រះ»។—កាឡាទី ៦:១៦
៣. តើទំនាយមួយណារបស់យ៉ូអែល ដែលបានសម្រេចនៅបុណ្យភិន្ដាកុសឆ្នាំ៣៣ ស.យ.?
៣ ពួកបណ្ដាជនបានប្រជុំគ្នាដើម្បីសង្កេតមើល«ខ្យល់បក់គំហុកយ៉ាងខ្លាំង» ហើយកាលដែលសាវ័កពេត្រុសបានពន្យល់រឿងនេះ នោះទំនាយមួយរបស់យ៉ូអែលកំពុងតែបានសម្រេច។ តើទំនាយមួយណា? សូមស្ដាប់ចុះនូវអ្វីដែលបានចែងមក៖ «ព្រះត្រង់មានបន្ទូលថា៖ ‹ដល់ថ្ងៃជាន់ក្រោយបង្អស់ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសកូនស្រីឯងរាល់គ្នានឹងទាយទំនាយ ពួកកំឡោះឯងរាល់គ្នា នឹងឃើញការជាក់ស្តែង ហើយពួកចាស់ៗរបស់ឯងរាល់គ្នានឹងយល់សប្ដិ នៅគ្រានោះ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើទាំងពួកអ្នកបំរើប្រុសស្រីផង ហើយគេនឹងទាយទំនាយដែរ អញនឹងសំដែងការអស្ចារ្យ នៅលើមេឃ នឹងទីសំគាល់នៅផែនដី គឺជាឈាម ភ្លើង ហើយនឹងកំសួលផ្សែង ថ្ងៃនឹងប្រែទៅជាងងឹត ហើយខែនឹងទៅជាឈាម មុនដែលថ្ងៃធំឧត្តមរបស់ព្រះអម្ចាស់មកដល់ នោះអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ គេនឹងបានសង្គ្រោះ› »។ (កិច្ចការ ២:១៧-២១) ពាក្យដែលពេត្រុសបានដកស្រង់នោះគឺមកពីយ៉ូអែល ២:២៨-៣២ ហើយការសម្រេចទំនាយនេះ មានន័យថា ពេលវេលាកាន់តែតិចណាស់ហើយចំពោះសាសន៍យូដា។ «ថ្ងៃធំឧត្តមរបស់ព្រះអម្ចាស់» ជាគ្រានៃការជំនុំជំរះពួកអ៊ីស្រាអែលដែលឥតស្មោះត្រង់ គឺជិតដល់ហើយ។ ប៉ុន្តែ តើអ្នកណានឹងបានសង្គ្រោះឬបានគេចរួចរស់ជីវិត? ហើយតើនេះតំណាងអ្វី?
ការសម្រេចពីរនៃទំនាយ
៤, ៥. ដោយដឹងនូវព្រឹត្ដិការណ៍នៅខាងមុខ តើឱវាទអ្វីដែលពេត្រុសបានឲ្យ ហើយហេតុអ្វីក៏ឱវាទនោះទាក់ទងហួសសម័យរបស់លោកទៅទៀត?
៤ នៅក្នុងឆ្នាំជាបន្ទាប់នៃឆ្នាំ៣៣ ស.យ. សាសន៍អ៊ីស្រាអែលខាងវិញ្ញាណរបស់ព្រះបានរីកចំរើន ប៉ុន្តែសាសន៍អ៊ីស្រាអែលខាងសាច់ឈាមឥតបានរីកចំរើនទេ។ នៅឆ្នាំ៦៦ស.យ. អ៊ីស្រាអែលខាងសាច់ឈាមបានច្បាំងជាមួយស្រុករ៉ូម។ នៅឆ្នាំ៧០ ស.យ. អ៊ីស្រាអែលសឹងតែឥតមានវត្តមានទៀតឡើយ ហើយក្រុងយេរូសាឡិមនិងព្រះវិហារបានត្រូវគេដុតចោលអស់រលីង។ នៅបុណ្យភិន្ដាកុសនៅឆ្នាំ៣៣ ស.យ. ពេត្រុសបានឲ្យឱវាទដ៏ល្អដែលស្តីអំពីវិបត្ដិភ័យនៅខាងមុខ។ ក្នុងការដកស្រង់ពីយ៉ូអែលម្ដងទៀត លោកមានប្រសាសន៍ថា៖ «នោះអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ គេនឹងបានសង្គ្រោះ»។ បុគ្គលជាតិយូដាម្នាក់ត្រូវតែសម្រេចចិត្តផ្ទាល់ខ្លួនដើម្បីអំពាវនាដល់ព្រះនាមព្រះយេហូវ៉ា។ នេះបានរួមបញ្ចូលការអនុវត្តតាមសេចក្ដីបង្គាប់ថែមទៀតរបស់ពេត្រុស៖ «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប»។ (កិច្ចការ ២:៣៨) ពួកអ្នកស្ដាប់ពេត្រុសត្រូវតែទទួលស្គាល់ព្រះយេស៊ូជាព្រះមេស្ស៊ី ដែលសាសន៍អ៊ីស្រាអែលជាសាសន៍មួយបានបោះបង់ចោល។
៥ ពាក្យទំនាយទាំងនោះរបស់យ៉ូអែលមានឥទ្ធិពលយ៉ាងខ្លាំងលើមនុស្សរាបសារនៅសតវត្សទីមួយ។ ប៉ុន្តែ ពាក្យនេះក៏កាន់តែមានឥទ្ធិពលយ៉ាងខ្លាំងទៅទៀតនៅសព្វថ្ងៃនេះ កាលដែលព្រឹត្ដិការណ៍ឃើញថា ការសម្រេចទីពីរនៃទំនាយរបស់យ៉ូអែលបានសម្រេចហើយ។ សូមឲ្យយើងពិចារណាមើលអំពីរបៀបណា។
៦. តើតាមរបៀបណាដែលអត្ថសញ្ញាណនៃអ៊ីស្រាអែលរបស់ព្រះ បានឃើញជាក់ស្តែងកាលដែលមកដល់ឆ្នាំ១៩១៤?
៦ ក្រោយពីមរណភាពនៃពួកសាវ័ក អ៊ីស្រាអែលនៃព្រះបានត្រូវបំបាំងដោយស្រងែនៃសាសនាគ្រីស្ទានក្លែងក្លាយ។ ប៉ុន្តែ ក្នុងកំឡុងគ្រាចុងបញ្ចប់ ដែលបានចាប់ផ្ដើមនៅឆ្នាំ១៩១៤ ការសម្គាល់នៃសាសន៍ខាងវិញ្ញាណក៏បានឃើញជាក់ស្តែងម្ដងទៀត។ នេះជាការសម្រេចនៃរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីស្រូវសាលីនិងស្រងែ។ (ម៉ាថាយ ១៣:២៤-៣០, ៣៦-៤៣) កាលដែលឆ្នាំ១៩១៤បានមកដល់ ពួកគ្រីស្ទានដែលបានចាក់ប្រេងតាំងបានចាប់ផ្ដើមញែកខ្លួនគេចេញ ពីពិភពគ្រីស្ទសាសនាដ៏ឥតស្មោះត្រង់ ដោយបដិសេធចោលការបង្រៀនរបស់វា ហើយផ្សាយអំពីទីបញ្ចប់នៃ‹គ្រាកំណត់នៃសាសន៍ដទៃ›។ (លូកា ២១:២៤) ប៉ុន្តែសង្គ្រាមលោកលើកទី១ ដែលបានផ្ទុះឡើងនៅឆ្នាំ១៩១៤ បាននាំឲ្យមានរឿង ដែលគេមិនបានប្រុងប្រៀបទុកជាមុន។ នៅក្រោមការបង្ខិតបង្ខំយ៉ាងខ្លាំង មនុស្សច្រើននាក់បានបង្អង់ ហើយអ្នកខ្លះទៀតបានបោះបង់ចោលជំនឿរបស់គេ។ មកដល់១៩១៨ សកម្មភាពប្រកាសផ្សាយរបស់គេសឹងតែបានឈប់តែម្ដង។
៧. (ក) តើព្រឹត្ដិការណ៍អ្វីស្រដៀងនឹងបុណ្យភិន្ដាកុសនៅឆ្នាំ៣៣ ស.យ. ដែលបានកើតឡើងនៅឆ្នាំ១៩១៩? (ខ) ចាប់ផ្ដើមពីឆ្នាំ១៩១៩ តើការចាក់វិញ្ញាណរបស់ព្រះលើរាស្ត្ររបស់ព្រះយេហូវ៉ាមានឥទ្ធិពលយ៉ាងណា?
៧ ប៉ុន្តែ ភាពនោះមានមិនយូរប៉ុន្មានទេ។ តាំងពីឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានចាប់ផ្ដើមចាក់វិញ្ញាណរបស់ទ្រង់លើរាស្ត្ររបស់ទ្រង់ តាមរបៀបដូចនៅបុណ្យភិន្ដាកុសឆ្នាំ៣៣ ស.យ.។ ប្រាកដហើយ នៅឆ្នាំ១៩១៩ គឺឥតមានមនុស្សនិយាយភាសាចំឡែកអស្ចារ្យ ហើយក៏គ្មានខ្យល់យ៉ាងខ្លាំងនោះដែរ។ យើងយល់ពីពាក្យរបស់ប៉ុលដែលបានកត់ទុកនៅកូរិនថូសទី១ ១៣:៨ ថាគ្រាចំពោះអព្ភូតហេតុបានកន្លងផុតរួចទៅហើយ។ យ៉ាងណាក៏ដោយ វិញ្ញាណរបស់ព្រះបានឃើញជាក់ស្តែងនៅឆ្នាំ១៩១៩ នៅឯមហាសន្និបាតនៅតំបន់ស៊ីដាផូញ រដ្ឋអូហៃយ៉ូ ស.រ.អ. ដែលបានត្រូវពង្រឹងសាឡើងវិញនូវពួកគ្រីស្ទានដ៏ស្មោះត្រង់ ហើយគេចាប់ផ្ដើមធ្វើកិច្ចការផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រ។ នៅឆ្នាំ១៩២២ គេបានត្រឡប់ទៅតំបន់ស៊ីដាផូញ ហើយបានដាស់តឿនដោយពាក្យអំពាវនាវឲ្យ«ប្រកាស ប្រកាស ប្រកាស ស្តេចនិងព្រះរាជាណាចក្ររបស់ទ្រង់»។ ដូចបានកើតឡើងនៅសតវត្សទីមួយ ពិភពលោកបានឃើញនូវឥទ្ធិពលនៃការចូលវិញ្ញាណរបស់ព្រះ។ ពួកគ្រីស្ទានទាំងប្រុសស្រី ចាស់និងក្មេងរាល់គ្នាដែលបានថ្វាយខ្លួន បានចាប់ផ្ដើម«ទាយ» ឬក៏ប្រកាស«ពីអស់ទាំងការអស្ចារ្យរបស់ព្រះ»។ (កិច្ចការ ២:១១) ដូចពេត្រុស គេបានដាស់តឿនពួករាបសារថា៖ «ចូរឲ្យអ្នករាល់គ្នាបានសង្គ្រោះ រួចពីពូជដំណវៀចនេះ»។ (កិច្ចការ ២:៤០) តើពួកអ្នកដែលស្ដាប់តាមអាចធ្វើយ៉ាងដូចម្ដេច? គេអាចធ្វើតាមពាក្យនៅយ៉ូអែល ២:៣២៖ «អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ានឹងបានប្រោសឲ្យរួច»។
៨. តើមានការរីកចំរើនយ៉ាងណាចំពោះអ៊ីស្រាអែលនៃព្រះតាំងពីឆ្នាំ១៩១៩?
៨ តាំងពីឆ្នាំទាំងនោះមក រឿងនៃអ៊ីស្រាអែលរបស់ព្រះបានបន្តទៅមុខ។ ការបោះត្រានៃពួកចាក់ប្រេងតាំងកំពុងតែជឿនទៅមុខ ហើយតាំងពីទសវត្សនៃឆ្នាំ១៩៣០ មនុស្សមួយហ្វូងធំនៃពួករាបសារដែលមានសេចក្ដីសង្ឃឹមនៅលើផែនដី បានលេចខ្លួនមក។ (វិវរណៈ ៧:៣, ៩) មនុស្សគ្រប់គ្នាដឹងនូវភាពជាបន្ទាន់ ដ្បិតសេចក្ដីសម្រេចទីពីរនៃយ៉ូអែល ២:២៨, ២៩ បង្ហាញថាថ្ងៃនៃព្រះយេហូវ៉ាដ៏គួរឲ្យស្ញែងខ្លាចកាន់តែជិតមកដល់ហើយ នៅពេលដែលប្រព័ន្ធខាងសាសនា ខាងនយោបាយ និងខាងពាណិជ្ជកម្មនៃលោកីយ៍នេះនឹងត្រូវកំទេចចោល។ យើងមានមូលហេតុដ៏មាំមួន ក្នុងការ‹អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា› ដោយជឿស៊ប់ថា ទ្រង់នឹងសង្គ្រោះយើង!
តើយើងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៩. តើមានអ្វីខ្លះដែលទាក់ទងនឹងការអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា?
៩ តើការអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាទាក់ទងអ្វីខ្លះ? សាច់រឿងនៅយ៉ូអែល ២:២៨, ២៩ ជួយយើងឲ្យឆ្លើយសំនួរនោះ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាមិនស្ដាប់នឹងមនុស្សគ្រប់គ្នាដែលអំពាវនាវរកទ្រង់នោះទេ។ តាមរយៈព្យាការីមួយទៀត គឺអេសាយ ព្រះយេហូវ៉ាមានបន្ទូលទៅអ៊ីស្រាអែលថា៖ «កាលណាឯងរាល់គ្នាប្រទូលដៃឡើង នោះអញនឹងបែរភ្នែកពីឯងចេញ អើ បើកាលណាឯងអធិស្ឋានជាច្រើន នោះអញនឹងមិនស្ដាប់ឡើយ»។ ហេតុអ្វីក៏ព្រះយេហូវ៉ាបដិសេធមិនស្ដាប់សាសន៍ផ្ទាល់របស់ទ្រង់នោះទេ? ទ្រង់ពន្យល់ថា៖ «ដៃឯងរាល់គ្នាប្រឡាក់ពេញដោយឈាម»។ (អេសាយ ១:១៥) ព្រះយេហូវ៉ាមិនស្ដាប់អ្នកណាដែលមានទោសសម្លាប់គេឬប្រព្រឹត្តអំពើបាបនោះឡើយ។ ដូច្នេះហើយបានជាពេត្រុសប្រាប់ពួកយូដានៅបុណ្យភិន្ដាកុសឲ្យប្រែចិត្តរបស់គេ។ នៅក្នុងសាច់រឿងនៃយ៉ូអែល ២:២៨, ២៩ យើងឃើញថា សូម្បីតែយ៉ូអែលក៏បញ្ជាក់អំពីការប្រែចិត្តដែរ។ ជាឧទាហរណ៍ នៅយ៉ូអែល ២:១២, ១៣ យើងអានថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹ទោះបើយ៉ាងនោះក៏ដោយ ចូរឲ្យឯងរាល់គ្នាវិលមកឯអញ ឲ្យអស់អំពីចិត្តដោយតមអត់ ហើយយំពិលាប ព្រមទាំងសៅសោកឥឡូវនេះចុះ មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញហើយវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណ នឹងសេចក្ដីមេត្ដាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្ដីសប្បុរសជាបរិបូរ› »។ ចាប់ផ្ដើមពីឆ្នាំ១៩១៩ ពួកគ្រីស្ទានចាក់ប្រេងតាំងបានប្រព្រឹត្តស្របនឹងពាក្យទាំងនេះ។ គេបានប្រែចិត្តពីគុណវិបត្ដិរបស់គេ ហើយបានតាំងចិត្តនឹងមិនបោះបង់ចោលឬបង្អង់ទៀតឡើយ។ នេះបានបើកផ្លូវដើម្បីឲ្យវិញ្ញាណរបស់ព្រះអាចចាក់មកលើគេ។ មនុស្សគ្រប់គ្នាដែលចង់អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ហើយឲ្យទ្រង់ស្ដាប់នោះ គឺត្រូវធ្វើដូចនេះដែរ។
១០. (ក) តើការប្រែចិត្តដ៏ស្មោះជាអ្វី? (ខ) តើតាមរបៀបណាដែលព្រះយេហូវ៉ាប្រព្រឹត្តតបនឹងការប្រែចិត្តដ៏ស្មោះ?
១០ សូមចាំថា ការប្រែចិត្តដ៏ស្មោះ គឺទាក់ទងច្រើនទៀត មិនគ្រាន់តែនិយាយថា «ខ្ញុំសុំទោសនោះទេ»។ ពួកអ៊ីស្រាអែលធ្លាប់ហែកអាវរបស់គេ ដើម្បីបង្ហាញនូវអារម្មណ៍ដ៏ខ្លាំងរបស់គេ។ ប៉ុន្តែ ព្រះយេហូវ៉ាមានបន្ទូលថា៖ ‹ចូរហែកចិត្តរបស់ឯងចេញ មិនមែនអាវរបស់ឯងទេ›។ ការប្រែចិត្តដ៏ស្មោះគឺចេញមកពីចិត្ត ពីជំរៅនៃអារម្មណ៍របស់យើងតែម្ដង។ នេះគឺរួមបញ្ចូលការលះបង់ចោលអំពើខុសទំនង ដូចអ្វីដែលយើងអាននៅអេសាយ ៥៥:៧៖ «ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ»។ នេះគឺទាក់ទងការស្អប់អំពើបាប ដូចព្រះយេស៊ូដែរ។ (ហេព្រើរ ១:៩) រួចមក យើងទុកចិត្តលើព្រះយេហូវ៉ាឲ្យអត់ទោសឲ្យយើង ដែលមានមូលដ្ឋានលើយញ្ញបូជាលោះ ពីព្រោះព្រះយេហូវ៉ា«ប្រកបដោយព្រះគុណ នឹងសេចក្ដីមេត្ដាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្ដីសប្បុរសជាបរិបូរ»។ ទ្រង់នឹងទទួលយកការថ្វាយបង្គំរបស់យើង គឺការថ្វាយស្រូវខាងវិញ្ញាណរបស់យើង។ ទ្រង់នឹងស្ដាប់យើង នៅពេលដែលយើងអំពាវនាវដល់ព្រះនាមរបស់ទ្រង់។—យ៉ូអែល ២:១៤
១១. តើការថ្វាយបង្គំពិតត្រូវចាត់ទុកយ៉ាងណាក្នុងជីវិតរបស់យើង?
១១ នៅឯធម្មទាននៅលើភ្នំ ព្រះយេស៊ូបានប្រទានអ្វីមួយទៀតឲ្យគេចាំ នៅពេលដែលទ្រង់បានសួរថា៖ «ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន»។ (ម៉ាថាយ ៦:៣៣) យើងមិនត្រូវចាត់ទុកការថ្វាយបង្គំរបស់យើង ជាអ្វីដ៏ឥតសំខាន់នោះទេ ឬជាអ្វីមួយដើម្បីនឹងធ្វើឲ្យមនសិការរបស់យើងបានធូរស្បើយឡើយ។ ការបំរើព្រះគួរតែជាទីមួយក្នុងជីវិតរបស់យើង។ ដូច្នេះ តាមរយៈយ៉ូអែល ព្រះយេហូវ៉ាមានបន្ទូលទៀតថា៖ «ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន . . . ត្រូវឲ្យប្រមូលពួកជន ហើយញែកពួកជំនុំចេញជាបរិសុទ្ធ ចូរប្រជុំពួកចាស់ៗ ហើយប្រមូលកូនក្មេង នឹងកូនដែលនៅបៅដោះ ត្រូវឲ្យប្ដីថ្មោងថ្មីចេញពីបន្ទប់មក ហើយប្រពន្ធថ្មោងថ្មីចេញពីក្នុងវាំងននដែរ»។ (យ៉ូអែល ២:១៥, ១៦) ជាការធម្មតាទេ ដែលប្ដីប្រពន្ធថ្មោងថ្មីនឹងបានត្រូវរំខាន ដោយព្រោះគេយកចិត្តទុកដាក់ដល់គ្នាទៅវិញទៅមក។ ប៉ុន្តែ សូម្បីតែចំពោះពួកគេ ការបំរើព្រះយេហូវ៉ាក៏ត្រូវតែជាទីមួយដែរ។ គ្មានអ្វីមួយត្រូវមកមុនការថ្វាយបង្គំព្រះរបស់យើង ហើយមុនការអំពាវនាវដល់ព្រះនាមរបស់ទ្រង់នោះទេ។
១២. តើនឹងអាចមានការរីកចំរើនយ៉ាងណា ដូចបានបញ្ជាក់ដោយរបាយការណ៍នៃចំនួនអ្នកដែលមកពិធីបុណ្យរំឭកឆ្នាំមុននេះ?
១២ ដោយដឹងអំពីរឿងនេះ សូមឲ្យយើងពិនិត្យមើលនូវស្ថិតិ ដែលបានបង្ហាញដោយរបាយការណ៍កិច្ចបំរើឆ្នាំ១៩៩៧ នៃស្មរបន្ទាល់ព្រះយេហូវ៉ា។ ឆ្នាំមុននេះ យើងឃើញចំនួនអ្នកផ្សាយព្រះរាជាណាចក្រឡើងទៅ៥,៥៩៩,៩៣១នាក់—គឺពិតជាពួកហ្វូងធំនៃពួកអ្នកសរសើរមែន! ពួកអ្នកដែលមកធ្វើពិធីបុណ្យរំឭកមាន១៤,៣២២,២២៦នាក់—មានប្រមាណប្រាំបីលានប្រាំសែននាក់ជាងចំនួនអ្នកផ្សាយទៅវិញ។ ចំនួនមនុស្សនេះបង្ហាញនូវលទ្ធភាពរីកចំរើនទៅទៀត។ ភាគច្រើននៃប្រាំបីលានប្រាំសែននាក់នោះ បានសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា ជាអ្នកចាប់អារម្មណ៍ឬជាកូនរបស់ឪពុកម្ដាយដែលបានទទួលបុណ្យជ្រមុជទឹកហើយ។ មួយចំនួនធំបានមកប្រជុំជាលើកដំបូងបង្អស់។ វត្តមានរបស់គេផ្ដល់ឲ្យស្មរបន្ទាល់ព្រះយេហូវ៉ានូវឱកាសដ៏ល្អដើម្បីឲ្យបានស្គាល់គេល្អថែមទៀត ហើយនឹងជួយគេឲ្យរីកចំរើនទៅមុខ។ រួចមក គឺមានមនុស្សដែលមកពិធីបុណ្យរំឭករៀងរាល់ឆ្នាំ ហើយប្រហែលមកកិច្ចប្រជុំបីបួនដង ប៉ុន្តែ ឥតមានការរីកចំរើនថែមទៀតទេ។ ប្រាកដហើយ បុគ្គលបែបនេះអាចមកកិច្ចប្រជុំដោយស្វាគមន៍។ ប៉ុន្តែ យើងដាស់តឿនគេឲ្យពិនិត្យមើលពាក្យទំនាយរបស់យ៉ូអែលឲ្យហ្មត់ចត់ ហើយនូវជំហានថែមទៀត ដើម្បីធ្វើឲ្យប្រាកដថាព្រះយេហូវ៉ានឹងស្ដាប់គេ នៅពេលដែលគេអំពាវនាវដល់ព្រះនាមរបស់ទ្រង់។
១៣. ប្រសិនបើយើងកំពុងអំពាវនាវលើព្រះនាមព្រះយេហូវ៉ាហើយ តើភារកិច្ចអ្វីដែលយើងមានចំពោះអ្នកដទៃ?
១៣ សាវ័កប៉ុលបានបញ្ជាក់នូវលក្ខណៈមួយទៀត នៃការអំពាវនាវដល់ព្រះនាមរបស់ព្រះ។ ក្នុងសំបុត្ររបស់លោកជូនពួករ៉ូម លោកបានដកស្រង់ពាក្យទំនាយរបស់យ៉ូអែលថា៖ «គ្រប់គ្នា គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ»។ រួចមក គាត់បានវែកញែកថា៖ «ដូច្នេះ បើគេមិនជឿ ធ្វើដូចម្ដេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្ដេចឲ្យគេជឿដល់ ព្រះបាន ហើយធ្វើដូចម្ដេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ»? (រ៉ូម ១០:១៣, ១៤) ត្រូវហើយ មនុស្សជាច្រើនទៀតដែលមិនទាន់ស្គាល់ព្រះយេហូវ៉ា ត្រូវតែអំពាវនាវដល់ព្រះនាមទ្រង់។ អស់អ្នកដែលបានស្គាល់ព្រះយេហូវ៉ា មានភារកិច្ចផ្សាយ ដើម្បីនឹងផ្ដល់ជំនួយនោះដល់គេ។
សួនមនោរម្យខាងវិញ្ញាណ
១៤, ១៥. តើរាស្ត្ររបស់ព្រះយេហូវ៉ាទទួលពរអ្វីខាងសួនមនោរម្យ ដោយព្រោះគេអំពាវនាវដល់ព្រះនាមទ្រង់ តាមរបៀបដែលធ្វើឲ្យទ្រង់សព្វព្រះហឫទ័យ?
១៤ នេះហើយជាទស្សនៈដែលពួកគ្រីស្ទានចាក់ប្រេងតាំង និងចៀមឯទៀតមាននោះ ហើយជាលទ្ធផល ព្រះយេហូវ៉ាប្រទានពរឲ្យគេ។ «នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់មានសេចក្ដីប្រចណ្ឌចំពោះស្រុករបស់ទ្រង់ ក៏មានសេចក្ដីអាណិតមេត្ដាដល់រាស្ត្រទ្រង់»។ (យ៉ូអែល ២:១៨) នៅឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានបង្ហាញការខ្នះខ្នែងនិងសេចក្ដីមេត្ដាករុណាដល់រាស្ត្ររបស់ទ្រង់ នៅពេលដែលទ្រង់កសាងគេ ហើយនាំគេឲ្យមកចូលវិស័យខាងសកម្មភាពវិញ្ញាណ។ នេះពិតជាសួនមនោរម្យខាងវិញ្ញាណមែន ដែលបានរៀបរាប់ដ៏ល្អដោយយ៉ូអែលតាមពាក្យនេះ៖ «ឱស្រុកអើយ កុំឲ្យភ័យឡើយ ចូរមានសេចក្ដីត្រេកអរ ហើយរីករាយឡើង ដ្បិតព្រះយេហូវ៉ាទ្រង់បានធ្វើការយ៉ាងសំបើមដែរ ម្នាលសត្វនៅផែនដីទាំងឡាយកុំខ្លាចអ្វី ដ្បិតវាលស្មៅនៅទីរហោស្ថានកំពុងលូតលាស់ឡើង ហើយដើមឈើទាំងប៉ុន្មានក៏កើតផល ឯដើមល្វានឹងដើមទំពាំងបាយជូរកំពុងតែបញ្ចេញសម្បត្ដិវា ដូច្នេះពួកកូនស្រុកក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយឡើង ចូរមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ាជាព្រះនៃឯងចុះ ពីព្រោះទ្រង់ប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ ទ្រង់បង្អុរឲ្យភ្លៀងធ្លាក់ចុះ សំរាប់ឯងរាល់គ្នា គឺជាភ្លៀងដើម នឹងភ្លៀងចុងរដូវ ដូចកាលមុន អស់ទាំងទីលាននឹងបានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញព្រៀបទៅ ដោយទឹកទំពាំងបាយជូរ នឹងប្រេង»។—យ៉ូអែល ២:២១-២៤
១៥ នេះជាការរៀបរាប់ដ៏រីករាយមែន! ស្បៀងដ៏បរិបូរដើម្បីនឹងទ្រទ្រង់ជីវិតនៅអ៊ីស្រាអែលគឺ—ស្រូវ ប្រេងអូលីវ និងស្រា—ព្រមទាំងហ្វូងសត្វជាច្រើន។ នៅសម័យយើងនេះ ពាក្យទំនាយទាំងនោះគឺប្រាកដជាបានសម្រេចតាមរបៀបខាងវិញ្ញាណមែន។ ព្រះយេហូវ៉ាប្រទាននូវអាហារខាងវិញ្ញាណដែលយើងត្រូវការ។ តើយើងមិនសប្បាយរីករាយនឹងរបស់ដ៏បរិបូរដែលព្រះប្រទានឲ្យនេះទេឬ? ពិតមែន ដូចម៉ាឡាគីបានទាយមក ព្រះរបស់យើងបាន‹បើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើយើង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ›។—ម៉ាឡាគី ៣:១០
ទីបញ្ចប់នៃរបបលោកីយ៍មួយ
១៦. (ក) តើការចាក់វិញ្ញាណរបស់ព្រះយេហូវ៉ាបង្ហាញយ៉ាងណានៅសម័យយើងនេះ? (ខ) តើអនាគតនឹងមានយ៉ាងណា?
១៦ គឺក្រោយពីបានទាយប្រាប់អំពីស្ថានភាពខាងសួនមនោរម្យនៃរាស្ត្ររបស់ព្រះ ដែលយ៉ូអែលទាយអំពីការចាក់វិញ្ញាណរបស់ព្រះយេហូវ៉ា។ នៅពេលដែលពេត្រុសបានដកស្រង់ទំនាយនេះនៅបុណ្យភិន្ដាកុស លោកបានមានប្រសាសន៍ថានឹងបានត្រូវសម្រេចនៅ«ថ្ងៃជាន់ក្រោយបង្អស់»។ (កិច្ចការ ២:១៧) ការចាក់វិញ្ញាណរបស់ព្រះនៅពេលនោះ មានន័យថាថ្ងៃជាន់ក្រោយបង្អស់បានចាប់ផ្ដើមសំរាប់របបសម័យយូដាទៅហើយ។ ការចាក់វិញ្ញាណរបស់ព្រះលើអ៊ីស្រាអែលនៃព្រះនៅសតវត្សទី២០នេះ មានន័យថា យើងកំពុងតែរស់នៅក្នុងថ្ងៃជាន់ក្រោយបង្អស់នៃរបបលោកីយ៍នេះ។ ដោយដឹងអំពីរឿងនេះ តើអនាគតនឹងទៅជាយ៉ាងណា? ទំនាយរបស់យ៉ូអែលប្រាប់យើងបន្តទៀតថា៖ «អញនឹងសម្ដែងការអស្ចារ្យនៅលើមេឃ ហើយនៅផែនដីផង គឺជាឈាម នឹងភ្លើង ហើយនឹងកំសួលផ្សែង ព្រះអាទិត្យនឹងប្រែទៅជាងងឹតហើយព្រះចន្ទនឹងទៅជាឈាម មុនដែលថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់»។—យ៉ូអែល ២:៣០, ៣១
១៧, ១៨. (ក) តើថ្ងៃនៃព្រះយេហូវ៉ាដ៏គួរឲ្យស្ញែងខ្លាចមួយណាដែលបានកើតឡើងមានឡើងនៅក្រុងយេរូសាឡិម? (ខ) ភាពពិតប្រាកដនៃថ្ងៃនៃព្រះយេហូវ៉ាដ៏គួរឲ្យស្ញែងខ្លាចនៅអនាគត ជំរុញយើងឲ្យធ្វើអ្វី?
១៧ នៅឆ្នាំ៦៦ ស.យ. ពាក្យទំនាយទាំងនេះបានកើតពិតមែននៅស្រុកយូដា កាលដែលព្រឹត្ដិការណ៍បានខិតទៅមុខដោយឥតបង្អង់ទេ រហូតដល់ថ្ងៃនៃព្រះយេហូវ៉ាដ៏គួរឲ្យស្ញែងខ្លាចនៅឆ្នាំ៧០ ស.យ.។ ជាការគួរឲ្យភ័យរន្ធត់មែននៅគ្រានោះ បើនៅក្នុងចំណោមពួកអ្នកដែលឥតគាំទ្រព្រះនាមព្រះយេហូវ៉ា! សព្វថ្ងៃនេះ ព្រឹត្ដិការណ៍ដ៏ភ័យរន្ធត់ដូចគ្នាគឺមាននៅខាងមុខ នៅពេលដែលរបបទាំងមូលនៃលោកីយ៍នេះ នឹងត្រូវកំទេចចោលដោយព្រះហស្តរបស់ព្រះយេហូវ៉ា។ ប៉ុន្តែ មនុស្សនៅអាចរត់គេចបាន។ ទំនាយនិយាយបន្តទៀតថា៖ «នោះអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ានឹងបានប្រោសឲ្យរួច ដ្បិតនៅភ្នំស៊ីយ៉ូន ហើយនៅក្រុងយេរូសាឡិម នោះនឹងមានសេចក្ដីសង្គ្រោះ ដូចជាព្រះយេហូវ៉ាទ្រង់បានមានបន្ទូលទុក ហើយក្នុងពួកមនុស្សដែលសល់នៅ នឹងមានអ្នកខ្លះដែលព្រះយេហូវ៉ាទ្រង់នឹងហៅផង»។ (យ៉ូអែល ២:៣២) ស្មរបន្ទាល់ព្រះយេហូវ៉ាមានអំណរគុណណាស់ ដោយស្គាល់ព្រះនាមព្រះយេហូវ៉ា ហើយគេមានការទុកចិត្តទាំងស្រុងថា ទ្រង់នឹងសង្គ្រោះគេ នៅពេលដែលគេអំពាវនាវរកទ្រង់។
១៨ ប៉ុន្តែ តើអ្វីទៅដែលនឹងកើតឡើងនៅពេលដែលថ្ងៃនៃព្រះយេហូវ៉ាដ៏ធំនិងដ៏អស្ចារ្យនេះផ្ទុះឡើង? រឿងនេះនឹងត្រូវពិនិត្យមើលក្នុងអត្ថបទចុងក្រោយរបស់យើង។
តើអ្នកនៅចាំទេ?
◻ តើនៅពេលណាដែលព្រះយេហូវ៉ាចាក់វិញ្ញាណរបស់ទ្រង់ ជាលើកដំបូងមកលើរាស្ត្ររបស់ទ្រង់?
◻ តើមានអ្វីខ្លះដែលទាក់ទងការអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា?
◻ តើនៅពេលណាដែលថ្ងៃនៃព្រះយេហូវ៉ាដ៏ធំនិងដ៏អស្ចារ្យ បានធ្លាក់មកលើអ៊ីស្រាអែលខាងសាច់ឈាម?
◻ តើតាមរបៀបណាដែលព្រះយេហូវ៉ាប្រទានពរដល់អ្នកណា ដែលអំពាវនាវដល់ព្រះនាមទ្រង់នៅសព្វថ្ងៃនេះ?
[រូបភាពនៅទំព័រ១៥]
នៅដើមសតវត្សនេះ ព្រះយេហូវ៉ាបានចាក់វិញ្ញាណរបស់ទ្រង់ម្ដងទៀតលើរាស្ត្រទ្រង់ ក្នុងការសម្រេចនៃយ៉ូអែល ២:២៨, ២៩
[រូបភាពនៅទំព័រ១៦]
មនុស្សត្រូវការជំនួយដើម្បីឲ្យអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា