ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅកិច្ចការ
សៀវភៅកិច្ចការដែលមាននៅក្នុងគម្ពីរ រៀបរាប់ពីរបៀបដែលក្រុមជំនុំនៃពួកគ្រិស្តសាសនិកបានចាប់កំណើតនិងលូតលាស់ឡើងជាបន្តបន្ទាប់។ គ្រូពេទ្យម្នាក់ឈ្មោះលូកា ជាអ្នកតាក់តែងសៀវភៅកិច្ចការ។ លូការៀបរាប់យ៉ាងរស់រវើកពីសកម្មភាពរបស់ពួកគ្រិស្តសាសនិកក្នុងរយៈពេល២៨ឆ្នាំ ចាប់ពីឆ្នាំ៣៣ គ.ស. ដល់ឆ្នាំ៦១ គ.ស.។
ផ្នែកដំបូងនៃសៀវភៅកិច្ចការច្រើនតែរៀបរាប់អំពីសកម្មភាពរបស់សាវ័កពេត្រុស។ ជាបន្តបន្ទាប់ សៀវភៅកិច្ចការរៀបរាប់អំពីសកម្មភាពរបស់សាវ័កប៉ុល។ ដោយសារលូកាប្រើសព្វនាម«យើង»ច្រើនដងក្នុងសៀវភៅកិច្ចការ នេះបង្ហាញថាគាត់មានវត្តមាននៅទីកន្លែងដែលព្រឹត្ដិការណ៍មួយចំនួននោះបានកើតឡើង។ ការផ្ដោតអារម្មណ៍ទៅលើសារដែលមាននៅក្នុងសៀវភៅកិច្ចការ ប្រាកដជាជួយយើងឲ្យទទួលស្គាល់ថា បន្ទូលឬបណ្ដាំរបស់ព្រះយេហូវ៉ាជាលាយលក្ខណ៍អក្សរនោះ រួមជាមួយសកម្មពលរបស់ទ្រង់ ពិតជាពូកែមែន។ (ហេ. ៤:១២) ការផ្ចង់អារម្មណ៍ទៅលើសារក្នុងសៀវភៅកិច្ចការ ក៏នឹងជួយពង្រឹងជំនឿរបស់យើងទៅលើរាជាណាចក្ររបស់ព្រះយេហូវ៉ា ព្រមទាំងជួយយើងបណ្ដុះឲ្យមានស្មារតីលះបង់។
ពេត្រុសចាក់«កូនសោ» ដើម្បីបើកផ្លូវឲ្យចូល«នគរស្ថានសួគ៌»
ក្រោយពួកសាវ័កបានទទួលសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា ពួកគាត់ចាប់ផ្ដើមផ្សព្វផ្សាយដោយចិត្តក្លាហាន។ ក្នុងន័យធៀប ពេត្រុសមាន«កូនសោ»ដើម្បីបើកផ្លូវឲ្យមនុស្សឯទៀតរួមចំណែកក្នុង«នគរស្ថានសួគ៌»។ មុនដំបូង ពេត្រុសបានផ្ដល់ចំណេះដល់ជនជាតិយូដានិងអ្នកដែលបានចូលសាសនាយូដា។ យ៉ាងនេះ គឺហាក់ដូចជាពេត្រុសបានចាក់«កូនសោ»ទី១ ដើម្បីបើកឱកាសឲ្យអ្នកដែល«ទទួលពាក្យ»របស់គាត់រួមចំណែកក្នុងរាជាណាចក្ររបស់ព្រះ។ (ម៉ាថ. ១៦:១៩; កិច្ច. ២:៥, ៤១) មិនយូរប៉ុន្មានក្រោយ ស្រាប់តែមានការបៀតបៀនដែលបណ្ដាលឲ្យពួកគ្រិស្តសាសនិករត់បែកខ្ញែកគ្នាខ្ចាត់ខ្ចាយអស់។ ជាលទ្ធផល កិច្ចការផ្សព្វផ្សាយបានចម្រើនកើនឡើងទៅវិញ។
កាលបានឮថា មនុស្សនៅស្រុកសាម៉ារីចាប់ផ្ដើមជឿទៅលើបណ្ដាំរបស់ព្រះយេហូវ៉ា ពួកសាវ័កនៅទីក្រុងយេរូសាឡិមបានចាត់ពេត្រុសនិងយ៉ូហានទៅឯពួកអ្នកនោះ។ ពេលពេត្រុសផ្ដល់ឱកាសឲ្យជនជាតិសាម៉ារីរួមចំណែកក្នុងរាជាណាចក្ររបស់ព្រះយេហូវ៉ា នេះគឺហាក់ដូចជាគាត់បានចាក់កូនសោទី២ដើម្បីឲ្យពួកគេចូលទៅនគរស្ថានសួគ៌។ (កិច្ច. ៨:១៤-១៧) តាមមើលទៅ មិនដល់មួយឆ្នាំក្រោយពីព្រះយេស៊ូបានរស់ឡើងវិញ លោកសុលពីទីក្រុងតើសុសបានកែប្រែបុគ្គលិកលក្ខណៈរបស់ខ្លួនខុសស្រឡះពីមុន ហើយបានក្លាយទៅជាគ្រិស្តសាសនិកម្នាក់។ ក្នុងន័យធៀប ពេត្រុសចាក់កូនសោទី៣នៅឆ្នាំ៣៦ គ.ស. ហើយពួកសាសន៍ដទៃដែលមិនមែនជាអ្នកកាត់ស្បែក បានទទួលសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា ដែលចាក់មកលើពួកគេទុកជាអំណោយទាន។—កិច្ច. ១០:៤៥
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
២:៤៤-៤៧; ៤:៣៤, ៣៥—ហេតុអ្វីក៏ពួកអ្នកជឿបានលក់ទ្រព្យសម្បត្ដិ ហើយចែកដល់គ្នាតាមដែលត្រូវការ? មនុស្សភាគច្រើនដែលបានចាប់ផ្ដើមជឿនោះ ពួកគេមកពីទីកន្លែងឆ្ងាយ ហើយមិនមានអ្វីគ្រប់គ្រាន់ដើម្បីស្នាក់នៅទីក្រុងយេរូសាឡិមជាបន្តទៅទៀត។ ក៏ប៉ុន្តែ ពួកគេមានបំណងចង់ស្នាក់នៅទីក្រុងយេរូសាឡិមយូរបន្ដិច ដើម្បីរៀនឲ្យបានច្រើនថែមទៀតអំពីជំនឿថ្មីរបស់ខ្លួន ហើយដើម្បីផ្សព្វផ្សាយដល់អ្នកដទៃ។ ដើម្បីជួយបងប្អូនថ្មីទាំងនោះ គ្រិស្តសាសនិកខ្លះបានលក់ទ្រព្យសម្បត្ដិរបស់ខ្លួន ហើយយកប្រាក់ទៅចែកដល់គ្រប់គ្នាតាមដែលត្រូវការ។
៤:១៣—តើពេត្រុសនិងយ៉ូហានពិតជាអត់ចេះអក្សរនិងគ្មានការអប់រំទេ? ទេ ពួកគាត់ចេះអក្សរមែន! អ្នកធំនិងពួកចាស់ទុំទាំងឡាយបានហៅពេត្រុសនិងយ៉ូហានថា ជាមនុស្សដែល«មិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មាន»ផង ពីព្រោះពួកគាត់មិនបានចូលសាលាហ្វឹកហ្វឺនខាងសាសនានៅជំនាន់នោះ។
៥:៣៤-៣៩—បើលោកកាម៉ាលាលបាននិយាយជាមួយតែពួកជំនុំ ដែលសាធារណជនមិនអាចចូលស្ដាប់បាន តើលូកាអាចដឹងអំពីរឿងនោះយ៉ាងដូចម្ដេច? យ៉ាងហោចណាស់មានមូលហេតុបីយ៉ាង (១) ដោយសារប៉ុលធ្លាប់ជាសិស្សរបស់កាម៉ាលាល ប្រហែលជាគាត់បានផ្ដល់ព័ត៌មានឲ្យលូកា (២) លូកាប្រហែលជាទទួលព័ត៌មាននោះពីសមាជិកម្នាក់នៃពួកជំនុំដែលមានចិត្តល្អ ដូចជាលោកនីកូដេមជាដើម (៣) សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាបានបណ្ដាលឲ្យលូកាដឹងព័ត៌មាននោះ។
៧:៥៩—តើស្ទេផានបានអធិដ្ឋានចំពោះព្រះយេស៊ូឬ? អត់ទេ ស្ទេផានមិនបានអធិដ្ឋានចំពោះព្រះយេស៊ូទេ។ ដោយហេតុថាយើងថ្វាយបង្គំព្រះយេហូវ៉ាតែមួយអង្គប៉ុណ្ណោះ បានជាយើងអធិដ្ឋានចំពោះទ្រង់តែមួយអង្គប៉ុណ្ណោះដែរ។ (លូ. ៤:៨; ៦:១២) តាមធម្មតា ស្ទេផានអធិដ្ឋានចំពោះព្រះយេហូវ៉ាដោយនូវឈ្មោះឬដោយទទួលស្គាល់មុខតំណែងរបស់ព្រះយេស៊ូ។ (យ៉ូន. ១៥:១៦) តែក្នុងខណៈនោះ ស្ទេផានបានឃើញក្នុងគំនិត «កូនមនុស្សឈរនៅខាងព្រះហស្តស្ដាំនៃព្រះ»។ (កិច្ច. ៧:៥៦) ដោយយល់ដឹងយ៉ាងច្បាស់ថា ព្រះយេស៊ូបានទទួលអំណាចដើម្បីប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ស្ទេផានបាននិយាយទៅកាន់ព្រះយេស៊ូផ្ទាល់ ហើយសូមឲ្យទ្រង់នឹកចាំពីគាត់ មិនមែនអធិដ្ឋានទេ។—យ៉ូន. ៥:២៧-២៩
មេរៀនសម្រាប់យើង:
១:៨: បើអត់មានសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា អ្នកថ្វាយបង្គំទ្រង់មិនអាចបំពេញកិច្ចការផ្សព្វផ្សាយនៅទូទាំងពិភពលោកនេះបានឡើយ។
៤:៣៦–៥:១១: ឈ្មោះបាណាបាសជានាមត្រកូលរបស់យ៉ូសែបពីកោះគីប្រុស។ ឈ្មោះបាណាបាសមានន័យថា «អ្នកជំនួយ»។ ប្រហែលជាពួកសាវ័កហៅគាត់ថា បាណាបាស ពីព្រោះគាត់មានចិត្តសប្បុរស ចេះបង្ហាញសេចក្ដីស្រឡាញ់និងចូលចិត្តជួយអ្នកដទៃ។ គប្បីឲ្យយើងមានលក្ខណៈដូចបាណាបាស មិនមែនដូចលោកអាន្ន៉ានាសនិងភរិយារបស់គាត់ ឈ្មោះសាភីរ៉ា ដែលចូលចិត្តធ្វើពើ លាក់ពុតនិងវៀចវេរឡើយ។
៩:២៣-២៥: ចេះបង្វែងដានអ្នកដែលប្រឆាំងនឹងយើង មិនមានន័យថាយើងជាមនុស្សកំសាកទេ។
៩:២៨-៣០: បើយើងផ្សព្វផ្សាយនៅតំបន់ឬដល់មនុស្សណាដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ មិនថាដល់ខ្លួនយើង ធ្វើឲ្យបាក់ទឹកចិត្ត ឬបង្ខូចចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាក្ដី នោះយើងត្រូវតែប្រុងប្រយ័ត្នដោយចេះជ្រើសរើសទីកន្លែងនិងពេលវេលាដើម្បីផ្សព្វផ្សាយ។
៩:៣១: ក្នុងអំឡុងពេលដែលនៅមានសន្ដិភាពខ្លះនៅឡើយ យើងគួរតែព្យាយាមពង្រឹងជំនឿរបស់ខ្លួនដោយសិក្សាស្រាវជ្រាវនិងរំពឹងគិត។ នេះនឹងជួយយើងឲ្យចេះកោតខ្លាចព្រះយេហូវ៉ា និងជួយយើងឲ្យធ្វើតាមអ្វីដែលយើងរៀន ព្រមទាំងមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយទៀតផង។
ចិត្តខ្នះខ្នែងរបស់ប៉ុល ក្នុងកិច្ចបម្រើផ្សាយ
នៅឆ្នាំ៤៤ គ.ស. លោកអ័ក្កាបុសបានទៅដល់ទីក្រុងអាន់ទីយ៉ូក ជាទីក្រុងដែលបាណាបាសនិងសុលបានបង្រៀនបណ្ដាជនអស់«១ឆ្នាំ»ទៅហើយ។ អ័ក្កាបុសទាយថា នឹងមាន«អំណត់អត់ជាខ្លាំង» ហើយពីរឆ្នាំក្រោយមកការនោះបានកើតឡើងមែន។ (កិច្ច. ១១:២៦-២៨) ក្រោយពីបាណាបាសនិងសុល«បានធ្វើការងាររបស់ខ្លួនរួចសព្វគ្រប់ហើយ» ពួកគាត់ក៏ត្រឡប់មកទីក្រុងអាន់ទីយ៉ូកវិញ។ (កិច្ច. ១១:២៩, ៣០; ១២:២៥) នៅឆ្នាំ៤៧ គ.ស. ប្រហែលជា១២ឆ្នាំក្រោយពេលដែលសុលបានរួមជំនឿជាគ្រិស្តសាសនិក សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាបានចាត់បាណាបាសនិងសុលឲ្យធ្វើជាសាសនទូតក្នុងការផ្សាយដំណឹងល្អដល់ប្រជាជាតិដទៃ។ (កិច្ច. ១៣:១-៤) នៅឆ្នាំ៤៨ គ.ស. បាណាបាសនិងសុលបានត្រឡប់មកទីក្រុងអាន់ទីយ៉ូកវិញ «ជាកន្លែងដែលគេបានទុកដាក់អ្នកទាំង២ក្នុងព្រះគុណនៃព្រះ»។—កិច្ច. ១៤:២៦
ប្រហែលជា៩ខែក្រោយមកទៀត ប៉ុល(ដែលហៅថាសុលក៏បាន) បានរើសយកលោកស៊ីឡាសដើម្បីធ្វើដំណើរផ្សព្វផ្សាយជាលើកទី២ជាមួយគាត់។ (កិច្ច. ១៥:៤០) ប្អូនប្រុសឈ្មោះធីម៉ូថេ និងលូកាក៏បានទៅជួបប៉ុលនៅតាមផ្លូវដែរ។ លូកាឈប់នៅទីក្រុងភីលីព ហើយប៉ុលបន្តដំណើរទៅទីក្រុងអាថែន រួចបន្ទាប់មក គាត់បានទៅទីក្រុងកូរិនថូសដើម្បីជួបលោកអ័គីឡានិងភរិយារបស់គាត់ឈ្មោះព្រីស៊ីល។ ប៉ុលបានស្នាក់នៅទីក្រុងកូរិនថូសអស់មួយឆ្នាំកន្លះ។ (កិច្ច. ១៨:១១) ប៉ុលទុកឲ្យធីម៉ូថេនិងស៊ីឡាសបម្រើការនៅទីក្រុងកូរិនថូសតទៅទៀត ហើយនៅដើមឆ្នាំ៥២ គ.ស. គាត់ចុះសំពៅទៅឯស្រុកស៊ីរីវិញ មានទាំងអ័គីឡានិងព្រីស៊ីលទៅជាមួយផង។ (កិច្ច. ១៨:១៨) មកដល់ទីក្រុងអេភេសូរ អ័គីឡានិងព្រីស៊ីលស្នាក់នៅទីនោះ តែប៉ុលបន្តដំណើរទៅមុខទៀត។
នៅឆ្នាំ៥២ គ.ស. បន្ទាប់ពីប៉ុលនៅទីក្រុងអាន់ទីយ៉ូកនាស្រុកស៊ីរីបានយូរក្រែលបន្ដិចហើយ គាត់ក៏ចេញដំណើរជាលើកទី៣។ (កិច្ច. ១៨:២៣) នៅទីក្រុងអេភេសូរ «ព្រះបន្ទូលនៃព្រះអម្ចាស់បានចំរើនកើនឡើង ហើយបានឈ្នះដោយអំណាច»។ (កិច្ច. ១៩:២០) ប៉ុលបានផ្សព្វផ្សាយនៅទីក្រុងអេភេសូរអស់រវាងបីឆ្នាំ។ (កិច្ច. ២០:៣១) មកដល់បុណ្យថ្ងៃទី៥០ នាឆ្នាំ៥៦ គ.ស. ប៉ុលបានវិលទៅឯទីក្រុងយេរូសាឡិមវិញ។ ក្រោយពីត្រូវឃាត់ខ្លួន ប៉ុលបានផ្សព្វផ្សាយយ៉ាងក្លាហាននៅចំពោះមុខពួកអាជ្ញាធរ។ នៅទីក្រុងរ៉ូម ប៉ុលត្រូវឃាត់ខ្លួននៅក្នុងផ្ទះរបស់គាត់អស់ពេញពីរឆ្នាំ (ប្រហែលជានៅឆ្នាំ៥៩-៦១ គ.ស.)។ ពេលបានឃាត់ខ្លួននៅទីក្រុងរ៉ូមនោះ ប៉ុលរកវិធីប្រកាសប្រាប់ពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ហើយគាត់ក៏បង្រៀន«គ្រប់ទាំងសេចក្ដីពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ»។—កិច្ច. ២៨:៣០
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១៤:៨-១៣—ហេតុអ្វីបានជាមនុស្សនៅទីក្រុងលីស្ដ្រាហៅ«បាណាបាស ជាព្រះសេយូស ហើយប៉ុល ជាព្រះហ៊ើមេស»? ព្រះសេយូសជាអ្នកគ្រប់គ្រងព្រះនានាក្នុងរឿងតាមប្រពៃណីរបស់ជនជាតិក្រិច។ ព្រះហ៊ើមេសជាកូនប្រុសរបស់ព្រះសេយូស ហើយមានឈ្មោះល្បីជាព្រះដែលមានសំនួនវោហារ។ ដោយហេតុថាប៉ុលពូកែនិយាយ មនុស្សនៅទីក្រុងលីស្ដ្រាហៅគាត់ថា ព្រះហ៊ើមេស និងបាណាបាសគេហៅថា ព្រះសេយូស។
១៦:៦, ៧—ហេតុអ្វីបានជាវិញ្ញាណឬសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាឃាត់ប៉ុលនិងគូកនរបស់គាត់ មិនឲ្យផ្សព្វផ្សាយនៅស្រុកអាស៊ីនិងស្រុកប៊ីធូនា? ដោយសារគ្រានោះមានអ្នកផ្សព្វផ្សាយតិចទេ សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាបាននាំពួកគាត់ទៅកន្លែងដែលអាចបង្កើនផលបានច្រើនជាង។
១៨:១២-១៧—ហេតុអ្វីបានជាលោកកាលីយ៉ូដែលជាអ្នកតំណាងមហាអំណាចរ៉ូម មិនរវល់សោះពេលមហាជនបានចាប់វាយផ្ចាលលោកសូស្ថេន? ប្រហែលជាកាលីយ៉ូស្មានថា សូស្ថេនជាមេដឹកនាំមនុស្សមួយក្រុមធំដែលបានប្រឆាំងនឹងប៉ុល។ ដូច្នេះ កាលីយ៉ូគិតថា សូស្ថេនគួរនឹងត្រូវគេវាយផ្ចាល។ យ៉ាងណាក្ដី រឿងនេះបែរជាមានលទ្ធផលល្អ ពីព្រោះក្រោយមកសូស្ថេនបានក្លាយទៅជាគ្រិស្តសាសនិកម្នាក់ទៅវិញ។ ក្រោយមកទៀត ប៉ុលសំដៅទៅលើសូស្ថេនជា«បងប្អូន»រួមជំនឿដែរ។—១កូ. ១:១
១៨:១៨—តើប៉ុលបានបន់បំណន់អ្វី? អ្នកប្រាជ្ញខ្លះខាងគម្ពីរ ស្មានថាប៉ុលបានបន់បំណន់ឬស្បថធ្វើតាមច្បាប់របស់ពួកន៉ាសារីត។ (ជន. ៦:១-២១) ក៏ប៉ុន្តែ គម្ពីរមិនរៀបរាប់ថាប៉ុលបានស្បថអ្វីទេ។ បន្ថែមទៅទៀត គម្ពីរមិនបានចែងថាប៉ុលធ្វើសម្បថនោះ មុនឬក្រោយពេលដែលគាត់ក្លាយទៅជាគ្រិស្តសាសនិក ហើយក៏មិនបញ្ជាក់ថា គាត់ទើបតែបានស្បថដើម្បីធ្វើអ្វីមួយ ឬជិតបង្គ្រប់សម្បថហើយទេ។ ទោះជាប៉ុលបានធ្វើសម្បថយ៉ាងណាក្ដី សម្បថនោះមិនបំពានច្បាប់របស់ព្រះយេហូវ៉ាឡើយ។
មេរៀនសម្រាប់យើង:
១២:៥-១១: យើងអាចនិងគួរតែអធិដ្ឋានឲ្យបងប្អូនរួមជំនឿ។
១២:២១-២៣; ១៤:១៤-១៨: មានតែព្រះយេហូវ៉ាទេដែលសមនឹងសរសើរ តែស្តេចហេរ៉ូឌស្រវាយកសេចក្ដីសរសើរជារបស់ផងខ្លួនទៅវិញ។ រីឯប៉ុលនិងបាណាបាស ពួកគាត់បានប្រព្រឹត្តផ្ទុយស្រឡះពីស្តេចហេរ៉ូឌ ដោយបដិសេធភ្លាមហើយយ៉ាងម៉ឺងម៉ាត់ថា ពួកគាត់មិនគួរនឹងសរសើរឡើយ! អ្វីក៏ដោយដែលយើងសម្រេចក្នុងកិច្ចបម្រើព្រះយេហូវ៉ា មិនគួរផ្ដល់ហេតុឲ្យយើងប្រាថ្នាចង់បានការសរសើរទេ។
១៤:៥-៧: បើយើងចេះប្រុងប្រយ័ត្ន យើងប្រហែលជាអាចមានសកម្មភាពយូរអង្វែងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។—ម៉ាថ. ១០:២៣
១៤:២២: ពួកគ្រិស្តសាសនិកដឹងខ្លួនថានឹងជួបប្រទះសេចក្ដីវេទនាជាមិនខាន។ ពួកគេមិនរកវិធីគេចពីសេចក្ដីវេទនា ដោយសុខចិត្តលះបង់ច្បាប់របស់ព្រះយេហូវ៉ាឡើយ។—២ធី. ៣:១២
១៦:១, ២: គ្រិស្តសាសនិកដែលជាយុវវ័យគួរតែឃ្មាតខ្មីក្នុងកិច្ចបម្រើព្រះយេហូវ៉ា ព្រមទាំងសូមជំនួយពីទ្រង់ដើម្បីកសាងឲ្យមានកេរ្ដិ៍ឈ្មោះល្អ។
១៦:៣: យើងគួរតែខំប្រឹងឲ្យអស់ពីសមត្ថភាពស្របទៅតាមគោលការណ៍ក្នុងគម្ពីរ ដើម្បីជួយមនុស្សដទៃឲ្យឮដំណឹងល្អ។—១កូ. ៩:១៩-២៣
២០:២០, ២១: ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាផ្នែកសំខាន់ក្នុងកិច្ចបម្រើផ្សាយរបស់យើង។
២០:២៤; ២១:១៣: រក្សាចិត្តស្មោះភក្ដីចំពោះព្រះយេហូវ៉ាពិតជាសំខាន់ជាងរក្សាជីវិតខ្លួន។
២១:២១-២៦: គប្បីឲ្យយើងចូលចិត្តទទួលឱវាទដ៏ល្អ។
២៥:៨-១២: គ្រិស្តសាសនិកទាំងឡាយនៅសម័យនេះ អាចនិងគួរតែប្រើសិទ្ធិស្របច្បាប់របស់ខ្លួនដើម្បី«ដោះសា ហើយបញ្ជាក់ដំណឹងល្អ»ពីព្រះ។—ភី. ១:៧
២៦:២៤, ២៥: យើងគួរតែ‹និយាយពាក្យពិត›ដែល«ជានា[ឬ«មានន័យត្រឹមត្រូវ», ខ.ស.]» ទោះជា«មនុស្សខាងសាច់ឈាម»ដែលឲ្យ«សេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិត»ចេះតែចាត់ទុកសម្ដីបែបនោះជាអ្វីដែលល្ងីល្ងើក្ដី។—១កូ. ២:១៤; ព.ថ.
[រូបភាពនៅទំព័រ៣១]
ដើម្បីបើកផ្លូវ ឲ្យមានឱកាសចូល ទៅក្នុង«នគរស្ថានសួគ៌» ក្នុងន័យធៀប តើពេត្រុសបាន ចាក់«កូនសោ»នានា នៅពេលណាខ្លះ?
[រូបភាពនៅទំព័រ៣១]
បើអត់មានសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា អ្នកថ្វាយបង្គំទ្រង់មិនអាចបំពេញកិច្ចការផ្សព្វផ្សាយនៅទូទាំងពិភពលោកនេះបានឡើយ