‹ចូរស្រឡាញ់ដោយការប្រព្រឹត្ត និងដោយសេចក្ដីពិត›
«យើងមិនត្រូវស្រឡាញ់តែមាត់ ឬដោយពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែត្រូវស្រឡាញ់ដោយការប្រព្រឹត្ត និងដោយសេចក្ដីពិតវិញ»។—យ៉ូហានទី១ ៣:១៨
១. តើសេចក្ដីស្រឡាញ់ដ៏ប្រសើរបំផុតគឺជាអ្វី ហើយតើនេះជាសេចក្ដីស្រឡាញ់បែបណា? (សូមមើលរូបភាពនៅដើមអត្ថបទ)
ព្រះយេហូវ៉ាជាប្រភពនៃសេចក្ដីស្រឡាញ់។ (យ៉ូហានទី១ ៤:៧) សេចក្ដីស្រឡាញ់ដ៏ប្រសើរបំផុតគឺមានមូលដ្ឋានលើគោលការណ៍ត្រឹមត្រូវ។ ក្នុងគម្ពីរសេចក្ដីស្រឡាញ់បែបនេះបានត្រូវហៅជាភាសាក្រិចថាអាហ្គាប៉េ។ សេចក្ដីស្រឡាញ់នេះអាចរួមបញ្ចូលមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះបុគ្គលណាម្នាក់ ប៉ុន្តែសេចក្ដីស្រឡាញ់នេះមិនគ្រាន់តែរួមបញ្ចូលអារម្មណ៍ប៉ុណ្ណោះទេ។ នេះរួមបញ្ចូលការប្រព្រឹត្តដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួន តែគិតអំពីប្រយោជន៍របស់អ្នកឯទៀត។ នេះជាសេចក្ដីស្រឡាញ់ដែលជំរុញចិត្តយើងឲ្យធ្វើល្អចំពោះអ្នកឯទៀត ហើយនាំឲ្យយើងមានអំណរនិងមានជីវិតដែលមានន័យខ្លឹមសារ។
២, ៣. តើព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិយ៉ាងដូចម្ដេច?
២ សូម្បីតែមុនពេលដែលព្រះយេហូវ៉ាបានបង្កើតអាដាមនិងអេវ៉ា លោកបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិ។ លោកបានបង្កើតផែនដីឲ្យមានអ្វីៗទាំងអស់ដែលយើងត្រូវការដើម្បីមានជីវិតរស់នៅ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានរៀបចំផែនដីដើម្បីឲ្យយើងមានជីវិតដ៏សប្បាយរីករាយ។ ព្រះយេហូវ៉ាមិនបានធ្វើអ្វីទាំងនេះសម្រាប់ខ្លួនលោកទេ។ លោកបានធ្វើអ្វីទាំងនេះជាប្រយោជន៍ដល់មនុស្សជាតិ។ ក្រោយពីលោកបានធ្វើអ្វីៗទាំងនេះ លោកបានបង្កើតមនុស្សជាតិ ហើយបានឲ្យពួកគេនូវសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដីដែលជាសួនឧទ្យាន។
៣ ក្រោយមក ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួនចំពោះមនុស្សជាតិតាមរបៀបដ៏ប្រសើរបំផុត។ ទោះជាអាដាមនិងអេវ៉ាបានបះបោរប្រឆាំងក៏ដោយ ព្រះយេហូវ៉ាបានជឿជាក់ថាកូនចៅខ្លះរបស់ពួកគេនឹងស្រឡាញ់លោក ដូច្នេះលោកបានរៀបចំគ្រឿងបូជាលោះរបស់បុត្រលោកដើម្បីសង្គ្រោះកូនចៅទាំងនោះ។ (លោកុប្បត្តិ ៣:១៥; យ៉ូហានទី១ ៤:១០) តាំងពីពេលដែលព្រះយេហូវ៉ាបានសន្យាអំពីថ្លៃលោះ គឺហាក់ដូចជាគ្រឿងបូជាលោះនោះបានត្រូវបង់រួចហើយ។ បួនពាន់ឆ្នាំក្រោយមក ព្រះយេហូវ៉ាបានឲ្យបុត្រតែមួយរបស់លោកជាថ្លៃលោះសម្រាប់មនុស្សជាតិ។ (យ៉ូហាន ៣:១៦) យើងមានចិត្តកតញ្ញូជាខ្លាំងចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា!
យើងចង់បង្ហាញសេចក្ដីស្រឡាញ់ សូម្បីតែនៅពេលដែលមិនស្រួលសម្រាប់យើងក៏ដោយ
៤. ហេតុអ្វីយើងដឹងថាមនុស្សមិនល្អឥតខ្ចោះអាចបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួន?
៤ ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក្ដី តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួនបានឬទេ? យើងអាចបង្ហាញសេចក្ដីស្រឡាញ់បែបនេះបាន។ ព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានសមត្ថភាពយកតម្រាប់លោក។ គឺមិនតែងតែស្រួលឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួននោះទេ ប៉ុន្តែយើងនៅតែអាចបង្ហាញសេចក្ដីស្រឡាញ់បែបនេះបាន។ អេបិលបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ ពេលដែលគាត់បានជូនគ្រឿងបូជាដ៏ល្អបំផុតដោយមិនគិតប្រយោជន៍ខ្លួន។ (លោកុប្បត្តិ ៤:៣, ៤) ណូអេបានបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួន ពេលគាត់បានបន្តផ្សព្វផ្សាយដំណឹងដែលមកពីព្រះអស់ជាច្រើនឆ្នាំ ទោះជាមនុស្សមិនបានស្ដាប់គាត់ក៏ដោយ។ (ពេត្រុសទី២ ២:៥) ម្យ៉ាងទៀត អាប្រាហាំបានបង្ហាញថាសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះគឺខ្លាំងជាងអ្វីៗទាំងអស់ ដោយសុខចិត្តជូនអ៊ីសាកដែលជាកូនប្រុសជាទីស្រឡាញ់របស់គាត់ជាគ្រឿងបូជា។ (យ៉ាកុប ២:២១) ដូចបុរសស្មោះត្រង់ទាំងនេះយើងក៏ចង់បង្ហាញសេចក្ដីស្រឡាញ់ សូម្បីតែនៅពេលដែលមិនស្រួលសម្រាប់យើងក៏ដោយ។
តើសេចក្ដីស្រឡាញ់ដ៏ស្មោះគឺជាអ្វី?
៥. តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះតាមរបៀបណាខ្លះ?
៥ គម្ពីរប្រាប់យើងថា យើងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះពេលយើង‹មិនស្រឡាញ់តែមាត់ ឬដោយពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែស្រឡាញ់ដោយការប្រព្រឹត្ត និងដោយសេចក្ដីពិត›។ (យ៉ូហានទី១ ៣:១៨) យើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងតាមរយៈពាក្យសម្ដីបាន។ (ថែស្សាឡូនិចទី១ ៤:១៨) ប៉ុន្តែ ការនិយាយថា «ខ្ញុំស្រឡាញ់អ្នក»គឺមិនតែងតែគ្រប់គ្រាន់ទេ។ យើងត្រូវបង្ហាញសេចក្ដីស្រឡាញ់នោះតាមរយៈការប្រព្រឹត្ត។ ជាឧទាហរណ៍ បើបងប្អូនរួមជំនឿមិនមានអាហារឬសម្លៀកបំពាក់គ្រប់គ្រាន់ ពាក្យសម្ដីសប្បុរសគឺមិនគ្រប់គ្រាន់ទេ។ (យ៉ាកុប ២:១៥, ១៦) ស្រដៀងគ្នាដែរ ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ានិងអ្នកជិតខាង យើងមិនគ្រាន់តែអធិដ្ឋានសុំឲ្យមានអ្នកផ្សព្វផ្សាយច្រើនជាងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ខំប្រឹងផ្សព្វផ្សាយដែរ។—ម៉ាថាយ ៩:៣៨
៦, ៧. (ក) តើ«សេចក្ដីស្រឡាញ់ដោយគ្មានពុតត្បុត»គឺជាអ្វី? (ខ) តើមានគំរូអ្វីខ្លះស្តីអំពីសេចក្ដីស្រឡាញ់ដែលមានពុតត្បុត?
៦ សាវ័កយ៉ូហានបាននិយាយថាយើងត្រូវស្រឡាញ់«ដោយការប្រព្រឹត្ត និងដោយសេចក្ដីពិត»។ ដូច្នេះយើងត្រូវស្រឡាញ់«ដោយគ្មានពុតត្បុត»។ (រ៉ូម ១២:៩; កូរិនថូសទី២ ៦:៦) ជួនកាលបុគ្គលម្នាក់ធ្វើពុតជាស្រឡាញ់អ្នកឯទៀត។ ប៉ុន្តែ តើគាត់មានសេចក្ដីស្រឡាញ់ពិត ហើយស្មោះឬទេ? តើគាត់មានបំណងចិត្តអ្វី? សេចក្ដីស្រឡាញ់ដែលមានពុតត្បុត មិនមែនជាសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដទេ។ សេចក្ដីស្រឡាញ់បែបនោះគ្មានតម្លៃសោះ។
៧ សូមយើងពិចារណាអំពីគំរូនៃសេចក្ដីស្រឡាញ់ដែលមានពុតត្បុត។ ពេលសាថានបាននិយាយជាមួយនឹងអេវ៉ានៅសួនអេដែន មើលទៅដូចជាវាចង់ជួយអេវ៉ាឲ្យទទួលប្រយោជន៍។ ប៉ុន្តែការប្រព្រឹត្តរបស់វាបង្ហាញថាវាគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងមានពុតត្បុត។ (លោកុប្បត្តិ ៣:៤, ៥) ពេលដាវីឌគ្រប់គ្រងជាស្តេច គាត់មានមិត្តភក្ដិម្នាក់ឈ្មោះអ័ហ៊ីថូផែល។ ប៉ុន្តែ អ័ហ៊ីថូផែលបានក្បត់ដាវីឌដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ការប្រព្រឹត្តរបស់អ័ហ៊ីថូផែលបានបង្ហាញថាគាត់មិនមែនជាមិត្តភក្ដិពិតនោះទេ។ (សាំយូអែលទី២ ១៥:៣១) សព្វថ្ងៃនេះ ពួកអ្នកក្បត់ជំនឿនិងពួកអ្នកដែលធ្វើឲ្យមានការបែកបាក់ក្នុងក្រុមជំនុំប្រើ«ពាក្យផ្អែមពីរោះនិងសម្ដីបញ្ចើចបញ្ចើ»។ (រ៉ូម ១៦:១៧, ១៨) ពួកគេប្រហែលជាធ្វើពុតជាយកចិត្តទុកដាក់ចំពោះអ្នកឯទៀត ប៉ុន្តែតាមពិតពួកគេគិតតែប្រយោជន៍ផ្ទាល់ខ្លួន។
៨. តើយើងគួរសួរខ្លួនយើងនូវសំណួរអ្វីខ្លះ?
៨ សេចក្ដីស្រឡាញ់ដែលមានពុតត្បុតជាអ្វីដែលគួរឲ្យអៀនខ្មាស ដោយសារនេះបានត្រូវប្រើដើម្បីបោកបញ្ឆោតអ្នកឯទៀត។ យើងប្រហែលជាបោកប្រាស់មនុស្សបាន ប៉ុន្តែយើងមិនអាចបោកបញ្ឆោតព្រះយេហូវ៉ាបានឡើយ។ លោកយេស៊ូបានមានប្រសាសន៍ថាពួកអ្នកដែលធ្វើជាមនុស្សលាក់ពុតនឹងត្រូវដាក់ទោស«ធ្ងន់បំផុត»។ (ម៉ាថាយ ២៤:៥១) ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា យើងមិនចង់ធ្វើជាមនុស្សលាក់ពុតទេ។ ដូច្នេះ យើងគួរសួរខ្លួនយើងថា ‹តើខ្ញុំមានសេចក្ដីស្រឡាញ់ដ៏ស្មោះឬទេ? ឬតើខ្ញុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយជាមនុស្សមិនទៀងត្រង់?›។ សូមយើងពិចារណារបៀប៩យ៉ាងដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដែល«គ្មានពុតត្បុត»។
របៀបដែលយើងអាចស្រឡាញ់អ្នកឯទៀត«ដោយការប្រព្រឹត្ត និងដោយសេចក្ដីពិត»
៩. តើសេចក្ដីស្រឡាញ់ដ៏ស្មោះនឹងជំរុញចិត្តយើងឲ្យធ្វើអ្វី?
៩ ចូរបម្រើអ្នកឯទៀតដោយអំណរ សូម្បីតែគ្មានអ្នកណាកត់សម្គាល់អ្វីដែលអ្នកធ្វើ។ យើងគួរសុខចិត្តធ្វើអ្វីដែលសប្បុរសនិងដែលបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀតដោយគ្មានអ្នកណាដឹងឬកត់សម្គាល់ឡើយ។ (សូមអាន ម៉ាថាយ ៦:១-៤) អាណានាសនិងសាភីរ៉ាមានចិត្តគំនិតខុសពីនេះ។ នៅពេលដែលពួកគេបានធ្វើវិភាគទាន ពួកគេចង់ឲ្យអ្នកឯទៀតដឹងអំពីវិភាគទាននោះ។ ពួកគេបានកុហកអំពីចំនួនវិភាគទានដែលពួកគេបានជូន ហើយជាលទ្ធផល ពួកគេបានត្រូវដាក់ទោសដោយសារភាពពុតត្បុតរបស់ពួកគេ។ (សកម្មភាព ៥:១-១០) ប៉ុន្តែ បើយើងពិតជាស្រឡាញ់បងប្អូនរបស់យើង យើងនឹងរីករាយធ្វើល្អចំពោះពួកគេដោយមិនចង់ឲ្យអ្នកឯទៀតដឹងអំពីអ្វីដែលយើងបានធ្វើនោះទេ។ យើងអាចរៀនពីបងប្រុសៗដែលជួយគណៈអភិបាលក្នុងការរៀបចំសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ។ ពួកគាត់មិនចង់ឲ្យអ្នកឯទៀតយកចិត្តទុកដាក់ចំពោះពួកគាត់ហួសហេតុពេកទេ ហើយពួកគាត់ក៏មិនប្រាប់អ្នកឯទៀតអំពីកិច្ចការដែលពួកគាត់បានធ្វើដែរ។
ចូរបម្រើអ្នកឯទៀតដោយអំណរ សូម្បីតែគ្មានអ្នកណាឃើញអ្វីដែលអ្នកធ្វើ
១០. តើយើងអាចលើកកិត្ដិយសអ្នកឯទៀតយ៉ាងដូចម្ដេច?
១០ ចូរលើកកិត្ដិយសអ្នកឯទៀត។ (សូមអាន រ៉ូម ១២:១០) លោកយេស៊ូបានលើកកិត្ដិយពួកសាវ័ករបស់លោកនៅពេលដែលលោកលាងជើងឲ្យពួកគេ។ (យ៉ូហាន ១៣:៣-៥, ១២-១៥) យើងគួរខំប្រឹងឲ្យមានចិត្តរាបទាបដូចលោកយេស៊ូ ហើយបម្រើអ្នកឯទៀត។ ពួកសាវ័កមិនបានយល់ច្បាស់អំពីអ្វីដែលលោកយេស៊ូបានធ្វើនោះទេ រហូតដល់ពួកគេបានទទួលសកម្មពលបរិសុទ្ធ។ (យ៉ូហាន ១៣:៧) យើងលើកកិត្ដិយសអ្នកឯទៀតដោយមិនគិតថាយើងប្រសើរជាងពួកគេដោយសារយើងបានទទួលការអប់រំខ្ពស់ជាង ជាអ្នកមានជាង ឬមានភារកិច្ចពិសេសណាមួយទេ។ (រ៉ូម ១២:៣) យើងមិនច្រណែនពេលអ្នកឯទៀតទទួលការសរសើរ តែយើងអរសប្បាយជាមួយនឹងពួកគេ សូម្បីតែយើងមានអារម្មណ៍ថាយើងគួរតែមានចំណែកទទួលការសរសើរនោះខ្លះដែរ។
១១. ហេតុអ្វីយើងត្រូវសរសើរអ្នកឯទៀតដោយស្មោះ?
១១ ចូរសរសើរអ្នកឯទៀតដោយស្មោះ។ សូមស្វែងរកឱកាសដើម្បីសរសើរអ្នកឯទៀត។ យើងទាំងអស់គ្នាដឹងថាការសរសើរគឺ«ល្អសម្រាប់ពង្រឹង»គ្នាទៅវិញទៅមក។ (អេភេសូរ ៤:២៩) ប៉ុន្តែ យើងចង់ធ្វើឲ្យប្រាកដថាអ្វីដែលយើងនិយាយគឺដោយស្មោះ ហើយមិនគ្រាន់តែដើម្បីបញ្ជោរអ្នកឯទៀត ឬដើម្បីជៀសវាងពីការឲ្យឱវាទដែលចាំបាច់នោះទេ។ (សុភាសិត ២៩:៥) បើយើងសរសើរអ្នកឯទៀត តែក្រោយមករិះគន់ពួកគេពីក្រោយខ្នង យើងជាមនុស្សលាក់ពុត។ សាវ័កប៉ូលមានសេចក្ដីស្រឡាញ់ដ៏ស្មោះ។ ពេលដែលគាត់បានសរសេរសំបុត្រទៅគ្រិស្តសាសនិកនៅក្រុងកូរិនថូស គាត់បានសរសើរពួកគេចំពោះអ្វីដែលពួកគេធ្វើយ៉ាងល្អ។ (កូរិនថូសទី១ ១១:២) ប៉ុន្តែ ពេលដែលគាត់ត្រូវឲ្យឱវាទដល់ពួកគេ គាត់បានពន្យល់យ៉ាងច្បាស់និងយ៉ាងសប្បុរសអំពីមូលហេតុដែលគាត់ឲ្យឱវាទនោះ។—កូរិនថូសទី១ ១១:២០-២២
១២. ពេលដែលយើងទទួលអ្នកឯទៀតដោយរាក់ទាក់ តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះតាមរបៀបណា?
១២ ចូរទទួលអ្នកឯទៀតដោយរាក់ទាក់។ ព្រះយេហូវ៉ាបង្គាប់យើងឲ្យបង្ហាញចិត្តទូលាយចំពោះបងប្អូនរួមជំនឿ។ (សូមអាន យ៉ូហានទី១ ៣:១៧) ប៉ុន្តែ យើងត្រូវមានបំណងចិត្តត្រឹមត្រូវក្នុងការទទួលអ្នកឯទៀតដោយរាក់ទាក់។ យើងអាចសួរខ្លួនយើងថា ‹តើខ្ញុំអញ្ជើញតែមិត្តជិតស្និទ្ធឬតែពួកអ្នកដែលខ្ញុំចាត់ទុកថាជាអ្នកដែលមានមុខមាត់នៅក្នុងក្រុមជំនុំឲ្យមកផ្ទះរបស់ខ្ញុំឬទេ? តើខ្ញុំអញ្ជើញតែអ្នកដែលខ្ញុំគិតថាអាចតបស្នងអ្វីមកខ្ញុំវិញឬទេ? ឬតើខ្ញុំមានចិត្តទូលាយចំពោះបងប្អូនដែលខ្ញុំមិនសូវស្គាល់ ឬក៏បងប្អូនដែលមិនអាចតបស្នងអ្វីមកខ្ញុំវិញ?›។ (លូកា ១៤:១២-១៤) ឧបមាថា បើបងប្អូនណាម្នាក់ត្រូវការជំនួយដោយសារគាត់បានធ្វើការសម្រេចចិត្តដែលមិនឈ្លាសវៃ ឬបើបងប្អូនណាម្នាក់ដែលយើងអញ្ជើញឲ្យមកផ្ទះរបស់យើងមិនបានអរគុណយើង តើយើងនឹងនៅតែទទួលបងប្អូននោះដោយរាក់ទាក់ឬទេ? ព្រះយេហូវ៉ាប្រាប់យើងថា៖ «ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ហើយដោយមិនរអ៊ូរទាំ»។ (ពេត្រុសទី១ ៤:៩) យើងនឹងសប្បាយរីករាយពេលដែលយើងឲ្យដោយមានបំណងចិត្តត្រឹមត្រូវ។—សកម្មភាព ២០:៣៥
១៣. (ក) តើយើងត្រូវមានចិត្តអត់ធ្មត់ច្រើនជាងនៅពេលណា? (ខ) តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយពួកអ្នកដែលខ្សោយ?
១៣ ចូរជួយពួកអ្នកដែលខ្សោយ។ ក្នុងគម្ពីរមានបង្គាប់ដែលឲ្យយើង‹មានចិត្តធ្ងន់ចំពោះមនុស្សទាំងអស់ ហើយគាំពារពួកអ្នកដែលខ្សោយ› នេះអាចសាកល្បងសេចក្ដីស្រឡាញ់របស់យើងថាស្មោះឬយ៉ាងណា។ (ថែស្សាឡូនិចទី១ ៥:១៤) ពិតមែន បងប្អូនជាច្រើនធ្លាប់មានជំនឿខ្សោយ តែក្រោយមកមានជំនឿរឹងមាំ។ រីឯបងប្អូនខ្លះទៀតត្រូវការការអត់ធ្មត់និងជំនួយពីយើងតទៅទៀត។ តើយើងអាចជួយពួកគេយ៉ាងដូចម្ដេច? យើងអាចប្រើគម្ពីរដើម្បីលើកទឹកចិត្តពួកគេ យើងអាចអញ្ជើញពួកគេឲ្យទៅផ្សព្វផ្សាយជាមួយនឹងយើង ឬយើងអាចស្ដាប់អ្វីដែលពួកគេនិយាយ។ ម្យ៉ាងទៀត យើងមិនគួរមានទស្សនៈថាបងប្អូនរបស់យើងគឺ«ខ្លាំង»ឬ«ខ្សោយ»ទេ តែយើងគួរទទួលស្គាល់ថាយើងទាំងអស់គ្នាមានចំណុចខ្លាំងនិងចំណុចខ្សោយ។ សូម្បីតែសាវ័កប៉ូលក៏បានទទួលស្គាល់ថាគាត់មានភាពទន់ខ្សោយដែរ។ (កូរិនថូសទី២ ១២:៩, ១០) យើងទាំងអស់គ្នាត្រូវការជំនួយនិងការលើកទឹកចិត្តពីគ្នាទៅវិញទៅមក។
១៤. តើយើងគួរសុខចិត្តធ្វើអ្វីដើម្បីរក្សាសន្ដិភាពជាមួយនឹងបងប្អូនរបស់យើង?
១៤ ចូរធ្វើឲ្យមានសន្ដិភាព។ សន្ដិភាពជាមួយនឹងបងប្អូនរបស់យើងគឺមានតម្លៃណាស់។ ទោះជាយើងមានអារម្មណ៍ថាអ្នកណាម្នាក់បានយល់ច្រឡំនឹងយើងឬបានប្រព្រឹត្តដោយអយុត្ដិធម៌ចំពោះយើងក៏ដោយ យើងគួរធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើដើម្បីមានសន្ដិភាព។ (សូមអាន រ៉ូម ១២:១៧, ១៨) បើយើងបានធ្វើឲ្យអ្នកណាម្នាក់ឈឺចិត្ត យើងអាចសុំគាត់អភ័យទោសឲ្យយើង។ ប៉ុន្តែ យើងត្រូវធ្វើដូច្នេះយ៉ាងស្មោះ។ ជាឧទាហរណ៍ ជាជាងនិយាយថា «ស្ដាយដែលអ្នកមានអារម្មណ៍បែបនេះ» គឺល្អជាងឲ្យយើងសារភាពកំហុសរបស់យើងដោយនិយាយថា «ខ្ញុំសុំទោសចំពោះអ្វីដែលខ្ញុំបាននិយាយដែលធ្វើឲ្យអ្នកឈឺចិត្ត»។ ជាពិសេស សន្ដិភាពគឺសំខាន់ក្នុងចំណងអាពាហ៍ពិពាហ៍។ បើប្ដីប្រពន្ធធ្វើដូចជាស្រឡាញ់គ្នានៅមុខអ្នកឯទៀត តែពេលដែលពួកគេនៅតែពីរនាក់ ពួកគេមិននិយាយរកគ្នា និយាយអ្វីដែលធ្វើឲ្យគូម្នាក់ៗឈឺចិត្ត ឬថែមទាំងប្រើអំពើហិង្សា នោះគឺជាអ្វីដែលខុស។
១៥. តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងបានអភ័យទោសឲ្យអ្នកឯទៀតដោយស្មោះ?
១៥ ចូរអភ័យទោសឲ្យអ្នកឯទៀតដោយគ្មានល័ក្ខខ័ណ្ឌ។ បើបុគ្គលណាម្នាក់ធ្វើឲ្យយើងឈឺចិត្ត យើងអភ័យទោសឲ្យគាត់ ហើយឈប់គិតអំពីរឿងនោះទៀត។ យើងគួរធ្វើដូច្នេះទោះជាបុគ្គលនោះមិនដឹងថាគាត់បានធ្វើឲ្យយើងឈឺចិត្តក៏ដោយ។ យើងអភ័យទោសឲ្យអ្នកឯទៀតដោយគ្មានល័ក្ខខ័ណ្ឌពេលយើង«ទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ ព្រមទាំងព្យាយាមរក្សាឲ្យមានសាមគ្គីភាពដែលមកពីសកម្មពលរបស់ព្រះ ដោយមានសេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានឯកភាព»។ (អេភេសូរ ៤:២, ៣) ដើម្បីអភ័យទោសឲ្យអ្នកឯទៀតដោយស្មោះ យើងត្រូវឈប់គិតអំពីអ្វីដែលបុគ្គលនោះបានធ្វើចំពោះយើង។ សេចក្ដីស្រឡាញ់«មិនចាំទុកក្នុងចិត្តនូវអ្វីដែលគេធ្វើឲ្យយើងឈឺចិត្ត»។ (កូរិនថូសទី១ ១៣:៤, ៥) តាមពិត បើយើងមានគំនុំគុំកួន យើងអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងបងប្អូននោះនិងជាមួយនឹងព្រះយេហូវ៉ា។ (ម៉ាថាយ ៦:១៤, ១៥) យើងបង្ហាញថាយើងពិតជាបានអភ័យទោសឲ្យបុគ្គលដែលធ្វើឲ្យយើងឈឺចិត្ត ពេលយើងអធិដ្ឋានឲ្យបុគ្គលនោះ។—លូកា ៦:២៧, ២៨
១៦. តើយើងគួរមានទស្សនៈយ៉ាងណាពេលយើងទទួលភារកិច្ចពិសេសក្នុងកិច្ចបម្រើព្រះយេហូវ៉ា?
១៦ ចូរលះបង់ប្រយោជន៍ផ្ទាល់ខ្លួន។ ពេលយើងមានភារកិច្ចពិសេសណាមួយក្នុងកិច្ចបម្រើព្រះយេហូវ៉ា យើងអាចបង្ហាញថាយើងមានសេចក្ដីស្រឡាញ់ដ៏ស្មោះដោយ«សុខចិត្តលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍អ្នកឯទៀត»។ (កូរិនថូសទី១ ១០:២៤) ជាឧទាហរណ៍ នៅសន្និបាតនិងមហាសន្និបាតរបស់យើង ពួកឆ្មាំអាចចូលសាលសន្និបាតមុនអ្នកឯទៀត ហើយប្រហែលជាចង់ទុកកន្លែងអង្គុយដែលល្អបំផុតសម្រាប់ខ្លួននិងក្រុមគ្រួសាររបស់ពួកគាត់។ ជាជាងធ្វើដូច្នេះ ពួកគាត់ជាច្រើននាក់ជ្រើសរើសកន្លែងអង្គុយដែលមិនសូវមានគេចង់អង្គុយ នៅក្នុងផ្នែកដែលពួកគាត់បានត្រូវចាត់ឲ្យមើលការខុសត្រូវ។ ដោយធ្វើដូច្នេះ ពួកគាត់បង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួន។ តើអ្នកអាចធ្វើតាមគំរូល្អរបស់ពួកគាត់យ៉ាងដូចម្ដេច?
១៧. បើគ្រិស្តសាសនិកណាម្នាក់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ តើសេចក្ដីស្រឡាញ់ដ៏ស្មោះនឹងជំរុញចិត្តគាត់ឲ្យធ្វើអ្វី?
១៧ ចូរសារភាពអំពើខុសឆ្គងដែលបានលាក់បាំង ហើយឈប់ប្រព្រឹត្តអំពើខុសឆ្គងនោះ។ គ្រិស្តសាសនិកខ្លះដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរបានព្យាយាមលាក់បាំងអំពើខុសឆ្គងនោះ។ ប្រហែលជាពួកគេខ្មាសគេឬមិនចង់ឲ្យអ្នកឯទៀតខកចិត្ត។ (សុភាសិត ២៨:១៣) ប៉ុន្តែ ការលាក់បាំងអំពើខុសឆ្គងមិនបង្ហាញសេចក្ដីស្រឡាញ់ទេ ដោយសារនេះនាំឲ្យអ្នកដែលបានប្រព្រឹត្តអំពើខុសឆ្គងនោះនិងអ្នកឯទៀតមានការពិបាក។ តើមានការពិបាកអ្វីខ្លះ? ព្រះយេហូវ៉ាប្រហែលជានឹងលែងឲ្យសកម្មពលបរិសុទ្ធដល់ក្រុមជំនុំ ហើយក្រុមជំនុំនឹងមិនមានសេចក្ដីសុខសាន្តដែរ។ (អេភេសូរ ៤:៣០) ដូច្នេះ បើគ្រិស្តសាសនិកណាម្នាក់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ សេចក្ដីស្រឡាញ់ដ៏ស្មោះនឹងជំរុញចិត្តគាត់ឲ្យប្រាប់ពួកអ្នកចាស់ទុំ ហើយទទួលជំនួយដែលគាត់ត្រូវការ។—យ៉ាកុប ៥:១៤, ១៥
១៨. តើសេចក្ដីស្រឡាញ់ដ៏ស្មោះគឺសំខាន់យ៉ាងណា?
១៨ សេចក្ដីស្រឡាញ់គឺជាគុណសម្បត្ដិដ៏ឧត្តុង្គឧត្តមជាងគេ។ (កូរិនថូសទី១ ១៣:១៣) សេចក្ដីស្រឡាញ់ជួយមនុស្សឲ្យឃើញច្បាស់ថាអ្នកណាពិតជាអ្នកកាន់តាមលោកយេស៊ូ និងអ្នកណាពិតជាយកតម្រាប់ព្រះយេហូវ៉ាដែលជាប្រភពនៃសេចក្ដីស្រឡាញ់។ (អេភេសូរ ៥:១, ២) ប៉ូលបាននិយាយថាបើគាត់គ្មានសេចក្ដីស្រឡាញ់ គាត់មិនជាអ្វីសោះ។ (កូរិនថូសទី១ ១៣:២) សូមយើងម្នាក់ៗបន្តបង្ហាញសេចក្ដីស្រឡាញ់ មិនគ្រាន់តែ«ដោយពាក្យសម្ដី»ប៉ុណ្ណោះទេ ប៉ុន្តែ«ដោយការប្រព្រឹត្ត និងដោយសេចក្ដីពិត»។