ចូរប្រព្រឹត្តដោយសម្លូតទៅតាមកាលៈទេសៈចុះ!
«ចូររំឭកគេឲ្យ . . . មានចិត្តស្លូតបូត»។—ទីត. ៣:១, ២
១, ២. តើបទគម្ពីរផ្សេងៗចែងយ៉ាងណាអំពីការប្រព្រឹត្តដោយសម្លូត? ម្ដេចក៏គប្បីឲ្យយើងប្រព្រឹត្តដោយសម្លូត?
ព្រះយេហូវ៉ា បិតារបស់យើងនៅឯស្ថានសួគ៌ដែលពេញទៅដោយសេចក្ដីស្រឡាញ់ ទ្រង់ក៏ប្រកបដោយប្រាជ្ញាដ៏លើសលប់ផងដែរ។ ដោយសារព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិ គប្បីឲ្យយើងស្វែងរកការណែនាំពីទ្រង់ក្នុងជីវិត។ (ទំនុក. ៤៨:១៤) លោកយ៉ាកុបបានសរសេរថា៖ «ប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្ដីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្ដីមេត្ដាករុណានឹងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង»។—យ៉ា. ៣:១៧
២ សាវ័កប៉ុលក៏បានដាស់តឿនថា៖ «ចូរសំដែងឲ្យមនុស្សទាំងអស់បានស្គាល់សេចក្ដីសំឡូតរបស់អ្នករាល់គ្នាចុះ!»។a (ភី. ៤:៥) ព្រះយេស៊ូគ្រិស្តជាលោកម្ចាស់និងសិរសាឬអ្នកនាំមុខក្រុមជំនុំនៃពួកគ្រិស្តសាសនិក។ (អេភ. ៥:២៣) ដូច្នេះ ពេលយើងធ្វើតាមការណែនាំរបស់ព្រះយេស៊ូ សំខាន់ណាស់ឲ្យយើងរាល់គ្នាប្រព្រឹត្តដោយសម្លូត ព្រមទាំងចេះយោគយល់និងបន្ទន់ចិត្តដោយមិនតវ៉ា។
៣, ៤. (ក) សូមរៀបរាប់ឧទាហរណ៍ដែលបញ្ជាក់សារៈប្រយោជន៍ដែលមកពីការប្រព្រឹត្តដោយសម្លូត។ (ខ) តើយើងនឹងពិនិត្យមើលអ្វីខ្លះក្នុងអត្ថបទនេះ?
៣ ការប្រព្រឹត្តដោយសម្លូតទៅតាមកាលៈទេសៈ តែងតែនាំឲ្យមានប្រយោជន៍។ ជាឧទាហរណ៍ នៅប្រទេសអង់គ្លេស ក្រោយប៉ូលិសដឹងថាពួកភេរវជនចង់ធ្វើឲ្យមានចលាចល អ្នកជិះយន្តហោះមិនតវ៉ាទេ ពេលពួកអាជ្ញាធរដាក់កម្រិតទៅលើអ្វីដែលពួកគេអាចយកទៅតាមខ្លួនបាន។ ណាមួយទៀត ពេលបើកបររថយន្ត យើងទទួលស្គាល់ថា ជួនកាលមានប្រយោជន៍ឲ្យយើងទុកឲ្យគេទៅមុន ដូចជានៅរង្វង់មូលជាដើម។ ពេលគ្រប់គ្នាធ្វើដូច្នេះ យើងជៀសវាងពីគ្រោះថ្នាក់ចរាចរ ហើយផ្លូវក៏មិនស្ទះផង។
៤ ចំពោះមនុស្សមួយចំនួនធំ ការប្រព្រឹត្តដោយសម្លូតមិនតែងតែស្រួលទេ។ ដូច្នេះ ដើម្បីជួយយើងឲ្យចេះប្រព្រឹត្តដោយសម្លូត យើងនឹងពិនិត្យមើលចំណុចបីយ៉ាងដែលទាក់ទងនឹងការបង្ហាញចិត្តស្លូតបូត ពោលគឺ មូលហេតុដែលយើងគួរប្រព្រឹត្តដោយសម្លូត ទស្សនៈរបស់យើងចំពោះអ្នកដែលមានអំណាច និងតើយើងគួរចុះចូលដោយសម្លូតដល់កម្រិតណា?
ម្ដេចក៏គួរប្រព្រឹត្តដោយសម្លូត?
៥. ស្របទៅតាមក្រឹត្យវិន័យម៉ូសេ ម្ដេចក៏បាវខ្លះចង់បម្រើម្ចាស់តទៅទៀត?
៥ ឧទាហរណ៍មួយពីសម័យមុនគ្រិស្តសករាជគូសបញ្ជាក់ពីមូលហេតុត្រឹមត្រូវដែលយើងគួរប្រព្រឹត្តដោយសម្លូត។ ស្របទៅតាមក្រឹត្យវិន័យលោកម៉ូសេ ក្រោយ៧ឆ្នាំឬនៅឆ្នាំសោមនស្សបើមកមុន ម្ចាស់ត្រូវតែដោះលែងបាវឬខ្ញុំកញ្ជះដែលជាជនជាតិហេព្រើរ។ ប៉ុន្តែ បាវនោះអាចសម្រេចចិត្តបម្រើម្ចាស់តទៅទៀតក៏បានដែរ។ (សូមអាន និក្ខមនំ ២១:៥, ៦) ម្ដេចក៏អ្នកខ្លះចង់ធ្វើជាខ្ញុំបម្រើតទៅទៀត? គឺដោយសារអ្នកបម្រើនោះស្រឡាញ់ម្ចាស់របស់ខ្លួនដែលមានចិត្តស្លូតបូត ហើយគាត់ចង់ចុះចូលចំពោះម្ចាស់ជានិច្ច។
៦. តើសេចក្ដីស្រឡាញ់ទាក់ទងយ៉ាងណានឹងការប្រព្រឹត្តដោយសម្លូត?
៦ ដូចគ្នាដែរ ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ា នេះជំរុញចិត្តយើងឲ្យថ្វាយខ្លួនចំពោះទ្រង់ និងធ្វើតាមសម្បថនោះជានិច្ច។ (រ៉ូម ១៤:៧, ៨) សាវ័កយ៉ូហានបានសរសេរថា៖ «នេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។ (១យ៉ូន. ៥:៣) សេចក្ដីស្រឡាញ់មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ (១កូ. ១៣:៤, ៥) ពេលប្រាស្រ័យទាក់ទងនឹងអ្នកដទៃ សេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងជំរុញចិត្តយើងឲ្យប្រព្រឹត្តដោយសម្លូត ហើយបន្ទន់ចិត្តផង។ ជាជាងគិតពីប្រយោជន៍ខ្លួនឯង យើងយោគយល់ចំពោះអ្នកដទៃ។—ភី. ២:២, ៣
៧. តើការប្រព្រឹត្តដោយសម្លូតនិងការយោគយល់មានសារៈប្រយោជន៍អ្វីខ្លះក្នុងកិច្ចបម្រើផ្សាយរបស់យើង?
៧ ពាក្យសម្ដីនិងការប្រព្រឹត្តរបស់យើងមិនគួរផ្ដល់ហេតុឲ្យអ្នកដទៃធ្លាក់ទឹកចិត្តឡើយ។ (អេភ. ៤:២៩) ត្រូវមែន សេចក្ដីស្រឡាញ់ជំរុញចិត្តយើងឲ្យជៀសវាងពីទង្វើនិងពំនោលបែបណាក៏ដោយ ដែលអាចរារាំងអ្នកឯទៀតពីការបម្រើព្រះយេហូវ៉ា មិនថាពួកគេមកពីមជ្ឈដ្ឋាននិងវណ្ណៈបែបណាក៏ដោយ។ ក្នុងករណីនេះ មិនជាការចម្លែកអ្វីឡើយដែលយើងត្រូវតែប្រព្រឹត្តដោយសម្លូតនិងចេះយោគយល់។ ជាឧទាហរណ៍ ពេលទៅប្រទេសក្រៅ សាសនទូតដែលធ្លាប់តែពាក់គ្រឿងអលង្ការនិងលាបក្រែមថែមម្សៅច្រើន គាត់នឹងសុខចិត្តលះបង់សិទ្ធិធ្វើដូច្នេះដោយឥតតវ៉ា បើដឹងថាទង្វើនោះអាចបង្អាក់ចិត្តដល់មនុស្សនៅក្នុងតំបន់ ដែលប្រហែលជាចាត់ទុកការប្រើប្រាសរបស់ទាំងនោះជាការប្រាសចាកសីលធម៌។—១កូ. ១០:៣១-៣៣
៨. តើសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានឹងជួយយើងយ៉ាងណា ក្នុងការចាត់ទុកខ្លួនជាអ្នក«តូចជាងគេ»?
៨ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាក៏ជួយយើងឲ្យយកឈ្នះចិត្តអំណួតដែរ។ ក្រោយពួកសាវ័កបានឈ្លោះគ្នាស្តីអំពីនរណាក្នុងចំណោមពួកគេដែលមានមុខមាត់ធំជាងគេ ព្រះយេស៊ូបានយកកូនតូចម្នាក់មកដាក់នៅកណ្ដាលពួកគេ។ រួចមក ព្រះយេស៊ូពន្យល់ថា៖ «អ្នកណាដែលទទួលក្មេងតូចនេះដោយនូវឈ្មោះខ្ញុំ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះឈ្មោះថាទទួលព្រះដែលចាត់ឲ្យខ្ញុំមកដែរ ព្រោះអ្នកណាដែលតូចជាងគេក្នុងពួកអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំវិញ»។ (លូ. ៩:៤៨; ម៉ាក. ៩:៣៦) ស្រេចទៅលើទំនោរចិត្តរបស់យើងរៀងៗខ្លួន គឺប្រហែលជាពិបាកណាស់ឲ្យយើងប្រព្រឹត្តដោយសម្លូត និងចាត់ទុកខ្លួនជាអ្នក«តូចជាងគេ»។ បាបឬភាពខុសឆ្គងដែលឆ្លងមកពីអ័ដាម ព្រមទាំងចិត្តធំផង អាចបណ្ដាលឲ្យយើងមានទំនោរចិត្តទោរទន់ទៅរកមុខមាត់ធំដុំ។ ប៉ុន្តែ ចិត្តរាបទាបវិញ នឹងជួយយើងឲ្យប្រព្រឹត្តដោយសម្លូតនិងបន្ទន់ចិត្ត។—រ៉ូម ១២:១០
៩. តើការប្រព្រឹត្តដោយសម្លូតតម្រូវឲ្យយើងគិតអំពីអ្នកណា?
៩ ការប្រព្រឹត្តដោយសម្លូតតម្រូវឲ្យយើងគិតអំពីអ្នកដែលព្រះយេហូវ៉ាបានប្រគល់អំណាច។ គ្រិស្តសាសនិកពិតទាំងឡាយទទួលស្គាល់សារៈសំខាន់នៃការចុះចូលចំពោះអ្នកនាំមុខ។ សាវ័កប៉ុលបានពន្យល់ចំណុចនេះយ៉ាងច្បាស់លាស់ ពេលគាត់សរសេរសំបុត្រមួយច្បាប់ចំពោះក្រុមជំនុំនៅទីក្រុងកូរិនថូស។ ប៉ុលសរសេរថា៖ «ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាសិរសា[ឬអ្នក«នាំមុខ»]បុរសទាំងអស់។ ឯបុរសវិញ នោះជាក្បាល[ឬអ្នក«នាំមុខ»]ស្ត្រី ហើយសិរសា[ឬអ្នក«នាំមុខ»]ព្រះគ្រីស្ទ គឺជាព្រះ»។—១កូ. [១ករ.] ១១:៣; ខ.ស.
១០. តើការប្រព្រឹត្តដោយសម្លូតក្នុងការចុះចូលចំពោះព្រះយេហូវ៉ាបង្ហាញយ៉ាងណា?
១០ ពេលយើងប្រព្រឹត្តដោយសម្លូតក្នុងការចុះចូលចំពោះព្រះយេហូវ៉ា នេះបង្ហាញថាយើងទុកចិត្តនិងពឹងទៅលើទ្រង់ជាបិតារបស់យើងដែលពេញទៅដោយសេចក្ដីស្រឡាញ់។ ព្រះយេហូវ៉ាជ្រាបអំពីអ្វីៗទាំងអស់ដែលកើតឡើង ហើយទ្រង់អាចប្រទានពរដល់យើងស្របទៅតាមព្រឹត្ដិការណ៍ទាំងនោះ។ គប្បីឲ្យយើងនឹកចាំចំណុចនេះ ជាពិសេសពេលដែលអ្នកដទៃប្រព្រឹត្តបែបឥតថ្លៃថ្នូរមកលើយើង ឬខឹងនិងប្រព្រឹត្តដោយច្រឡោតដាក់យើង។ ប៉ុលបានសរសេរថា «បើសិនជាបាន» នោះចូរ«នៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ!»។ រួចមក ប៉ុលបញ្ជាក់ទៀតថា៖ «ឱពួកស្ងួនភ្ងាអើយ! កុំឲ្យសងសឹកឡើយ។ ចូរថយចេញពីសេចក្ដីកំហឹងទៅ ដ្បិតមានសេចក្ដីចែងទុកមកថា៖ ‹ព្រះអម្ចាស់ទ្រង់មានបន្ទូលថា ការសងសឹក នោះស្រេចនឹងអញ អញនឹងសងដល់គេ›»។—រ៉ូម ១២:១៨, ១៩
១១. តើយើងបង្ហាញយ៉ាងណា ថាយើងកំពុងប្រព្រឹត្តដោយសម្លូតក្នុងការចុះចូលចំពោះព្រះយេស៊ូគ្រិស្តដែលជាអ្នកនាំមុខ?
១១ យើងក៏ត្រូវប្រព្រឹត្តដោយសម្លូតក្នុងការចុះចូលចំពោះអ្នកដែលព្រះយេហូវ៉ាប្រគល់អំណាច ក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិក។ សៀវភៅវិវរណៈ ជំពូក១ ពិពណ៌នាអំពីព្រះយេស៊ូគ្រិស្តថា ទ្រង់មាន«ផ្កាយ»របស់ពួកជំនុំក្នុងព្រះហស្តឬដៃស្ដាំរបស់ទ្រង់។ (វិវរ. ១:១៦, ២០) ក្នុងអត្ថន័យទូលំទូលាយ «ផ្កាយ»ទាំងនេះតំណាងក្រុមពួកអ្នកចាស់ទុំដែលជាអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំនីមួយៗ។ បុរសទាំងនេះដែលបានតែងតាំងជាអ្នកចាស់ទុំ តែងតែប្រព្រឹត្តដោយសម្លូតក្នុងការចុះចូលចំពោះព្រះយេស៊ូគ្រិស្តជាអ្នកនាំមុខ ហើយពួកគាត់ក៏ខំយកតម្រាប់តាមទ្រង់ដោយមានចិត្តស្លូតបូតក្នុងការយោគយល់ចំពោះអ្នកដទៃ។ សមាជិកគ្រប់រូបក្នុងក្រុមជំនុំនានាក៏ចុះចូលចំពោះ«អ្នកបំរើស្មោះត្រង់» ដែលព្រះយេស៊ូបានចាត់ចែងឲ្យផ្ដល់ការណែនាំតាមត្រូវពេល ដែលប្រៀបដូចជាអាហារ។ (ម៉ាថ. ២៤:៤៥-៤៧) ពេលយើងយល់ព្រមពិនិត្យមើលនិងធ្វើតាមការណែនាំនេះ យើងបង្ហាញថាយើងកំពុងប្រព្រឹត្តដោយសម្លូតក្នុងការចុះចូលចំពោះព្រះយេស៊ូគ្រិស្តដែលជាអ្នកនាំមុខ ហើយនេះក៏បណ្ដាលឲ្យមានមេត្រីភាពនិងសាមគ្គីភាពផងដែរ។—រ៉ូម ១៤:១៣, ១៩
ចុះចូលដោយសម្លូត ដល់កម្រិតណា?
១២. ម្ដេចក៏ការចុះចូលដោយសម្លូតអាចមានកម្រិត?
១២ ការចុះចូលដោយសម្លូតមិនមានន័យថា យើងសុខចិត្តលះបង់ជំនឿនិងឈប់ធ្វើតាមគោលការណ៍ល្អៗក្នុងគម្ពីរឡើយ។ សូមគិតអំពីពួកគ្រិស្តសាសនិកនៅសម័យដើម ពេលអ្នកដឹកនាំសាសនាយូដាបង្គាប់ឲ្យឈប់ផ្សព្វផ្សាយអំពីព្រះយេស៊ូ។ តើពួកគាត់បានធ្វើយ៉ាងណា? ពេត្រុសនិងសាវ័កឯទៀតបាននិយាយយ៉ាងអង់អាចថា៖ «[យើង]ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។ (កិច្ច. ៤:១៨-២០; ៥:២៨, ២៩) ដូច្នេះ បើពួកអាជ្ញាធរចង់បញ្ឈប់កិច្ចការផ្សព្វផ្សាយរបស់យើងនៅសព្វថ្ងៃនេះ យើងប្រហែលជាកែប្រែវិធីផ្សព្វផ្សាយដោយមិនតវ៉ានឹងពួកគេ។ ប៉ុន្តែ យើងច្បាស់ជាមិនឈប់ផ្សព្វផ្សាយឡើយ! ប្រសិនបើពួកគេដាក់បម្រាមលើកិច្ចការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ យើងរកវិធីផ្សេងទៀតដើម្បីជួបមនុស្ស ហើយនៅតែបំពេញភារកិច្ចដែលព្រះយេហូវ៉ាបានប្រគល់ឲ្យយើង។ ដូចគ្នាដែរ បើពួក«រាជការ»ដាក់បម្រាមលើកិច្ចប្រជុំរបស់យើង យើងនៅតែជួបជុំគ្នាដោយប្រុងប្រយ័ត្នជាក្រុមតូចៗទៅវិញ។—រ៉ូម ១៣:១; ហេ. ១០:២៤, ២៥
១៣. តើព្រះយេស៊ូមានប្រសាសន៍យ៉ាងណាអំពីការចុះចូលដោយសម្លូតចំពោះពួកអ្នកដែលមានអំណាច?
១៣ ពេលថ្លែងធម្មទាននៅលើភ្នំ ព្រះយេស៊ូបានបញ្ជាក់ពីសារៈសំខាន់នៃការចុះចូលដោយសម្លូតចំពោះពួកអ្នកដែលមានអំណាច។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «បើអ្នកណាប្ដឹងចង់យកអាវខ្លីរបស់អ្នក នោះត្រូវបើកឲ្យគេយកទាំងអាវវែងផង។ បើអ្នកណាបង្ខំឲ្យអ្នកទៅអស់១យោជន៍ នោះចូរទៅជាមួយនឹងគេដល់២យោជន៍ផង»។ (ម៉ាថ. ៥:៤០, ៤១) ពេលយើងចេះយោគយល់និងចង់ជួយអ្នកដទៃ នេះក៏ជំរុញចិត្តយើងឲ្យដុតដៃដុតជើងផង។—១កូ. ១៣:៥; ទីត. ៣:១, ២
១៤. ម្ដេចក៏យើងមិនបន្ទន់ចិត្តទាល់តែសោះចំពោះអ្នកក្បត់ជំនឿ?
១៤ គប្បីណាស់ឲ្យយើងប្រព្រឹត្តដោយសម្លូតមែន! ប៉ុន្តែ ក្នុងករណីដែលទាក់ទងនឹងអ្នកក្បត់ជំនឿ យើងមិនព្រមបន្ទន់ចិត្តទាល់តែសោះ។ យើងត្រូវតែមានចិត្តរឹងប៊ឹង ហើយម៉ឺងម៉ាត់ផង ដើម្បីថែរក្សាជំនឿពិតរបស់យើងឲ្យមានភាពបរិសុទ្ធ និងការពារសាមគ្គីភាពដែលយើងមានក្នុងក្រុមជំនុំ។ ប៉ុលបានសរសេរអំពី«បងប្អូនក្លែងក្លាយ»ថា៖ «យើងខ្ញុំមិនព្រមចុះចូលនឹងពួកនោះ សូម្បីតែ១ភ្លែតផង ដើម្បីឲ្យសេចក្ដីពិតរបស់ដំណឹងល្អបាននៅស្ថិតស្ថេរជាប់នឹងអ្នករាល់គ្នា»។ (កា. ២:៤, ៥) យូរៗម្ដង ពេលអ្នកក្បត់ជំនឿផ្សាយមតិរបស់ពួកគេ គ្រិស្តសាសនិកដែលស្រឡាញ់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត នៅតែកាន់ជំហររឹងមាំចំពោះសេចក្ដីពិត។
គប្បីឲ្យអ្នកចាស់ទុំមានចិត្តស្លូតបូត
១៥. ពេលក្រុមអ្នកចាស់ទុំប្រជុំគ្នា តើពួកគាត់អាចប្រព្រឹត្តដោយសម្លូតយ៉ាងដូចម្ដេច?
១៥ លក្ខណៈសំខាន់មួយដែលបុរសត្រូវមាន ទើបអាចទទួលភារកិច្ចជាអ្នកត្រួតពិនិត្យឬអ្នកចាស់ទុំ គឺចិត្តស្លូតបូតដែលសុខចិត្តលះបង់សិទ្ធិរបស់ខ្លួន។ ប៉ុលបានសរសេរថា៖ «ត្រូវឲ្យអ្នកត្រួតត្រា . . . មានចិត្តស្លូតបូត»។ (១ធី. ៣:២, ៣) នេះគឺសំខាន់ណាស់ ពេលក្រុមអ្នកចាស់ទុំជួបជុំគ្នាដើម្បីពិភាក្សាអំពីរឿងទាក់ទងនឹងក្រុមជំនុំ។ មុនពួកអ្នកចាស់ទុំធ្វើការសម្រេចចិត្តណាមួយ ពួកគាត់ម្នាក់ៗមានសិទ្ធិប្រាប់ដោយឥតលាក់លៀមអំពីទស្សនៈរបស់ខ្លួន។ យ៉ាងណាក៏ដោយ មិនចាំបាច់ឲ្យគ្រប់គ្នាបញ្ចេញមតិរបស់ខ្លួនឡើយ។ ពេលឮទស្សនៈរបស់អ្នកចាស់ទុំឯទៀត ដែលប្រហែលជាលើកគោលការណ៍ផ្សេងៗពីគម្ពីរ អ្នកចាស់ទុំខ្លះៗក៏ប្រហែលជាប្ដូរគំនិតដែរ។ ជាជាងប្រកាន់យកគំនិតរបស់ខ្លួន អ្នកដែលមានគំនិតចាស់ទុំរមែងប្រព្រឹត្តដោយសម្លូត ព្រមទាំងសុខចិត្តធ្វើតាមគំនិតរបស់អ្នកចាស់ទុំឯទៀតដោយឥតតវ៉ា។ កាលដំបូង ប្រហែលជាអ្នកចាស់ទុំម្នាក់ៗមានទស្សនៈខុសៗគ្នា ប៉ុន្តែការអធិដ្ឋាននិងការរំពឹងគិតជំរុញឲ្យអ្នកចាស់ទុំដែលមានចិត្តរាបទាបនិងចិត្តស្លូតបូតរួមគំនិតនឹងគ្នាទៅវិញ។—១កូ. ១:១០; សូមអាន អេភេសូរ ៤:១-៣
១៦. តើគប្បីឲ្យគ្រិស្តសាសនិកដែលជាអ្នកចាស់ទុំមានស្មារតីបែបណា?
១៦ គប្បីឲ្យគ្រិស្តសាសនិកដែលជាអ្នកចាស់ទុំព្យាយាមធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាក្នុងគ្រប់ករណីទាំងអស់។ សូម្បីតែពេលដែលគាត់បំពេញភារកិច្ចប្រៀបដូចជាអ្នកឃ្វាលចៀម ដោយទៅជួបជាមួយបងប្អូនរួមជំនឿដើម្បីលើកទឹកចិត្តនិងផ្ដល់ឱវាទឲ្យពួកគេ នោះស្មារតីចង់ធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាក៏នឹងជួយពួកគាត់ឲ្យប្រព្រឹត្តដោយសម្លូតនិងយោគយល់ដែរ។ ពេត្រុសបានសរសេរថា៖ «ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ! ទាំងគ្រប់គ្រងដោយស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេ ក៏មិនមែនដោយចង់បានកំរៃដែរ គឺដោយគាប់ចិត្តវិញ»។—១ពេ. ៥:២
១៧. តើបងប្អូនគ្រប់រូបក្នុងក្រុមជំនុំអាចប្រព្រឹត្តចំពោះគ្នានិងគ្នាដោយសម្លូតយ៉ាងដូចម្ដេច?
១៧ បងប្អូនចាស់ៗក្នុងក្រុមជំនុំតែងតែអបអរចំពោះអ្នកមានវ័យក្មេងជាង ដែលផ្ដល់ជំនួយល្អៗ។ ដូច្នេះ បងៗតែងតែប្រព្រឹត្តលើប្អូនទាំងនោះដោយថ្លៃថ្នូរ។ ដូចគ្នាដែរ ប្អូនៗយុវវ័យតែងតែគោរពបងៗដែលមានចំណាស់និងបទពិសោធន៍ច្រើនឆ្នាំមកហើយ ក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ (១ធី. ៥:១, ២) អ្នកចាស់ទុំក្នុងក្រុមជំនុំយកចិត្តទុកដាក់ចំពោះបុរសទាំងឡាយដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចបន្ថែមទៀត។ ពួកអ្នកចាស់ទុំក៏បង្ហាត់បង្រៀនបុរសទាំងនោះឲ្យចេះថែរក្សាបងប្អូនក្នុងក្រុមជំនុំដែលប្រៀបដូចជាហ្វូងចៀមរបស់ព្រះ។ (២ធី. ២:១, ២) គប្បីឲ្យគ្រិស្តសាសនិកម្នាក់ៗយកចិត្តទុកដាក់នឹងឱវាទដែលព្រះយេហូវ៉ាជូនតាមរយៈប៉ុលថា៖ «ចូរស្ដាប់តាម ហើយចុះចូល[ដោយចិត្តស្លូតបូត]នឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នាចុះ! ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរនោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ»។—ហេ. ១៣:១៧
ប្រព្រឹត្តដោយសម្លូតក្នុងរង្វង់គ្រួសារ
១៨. ម្ដេចក៏គប្បីឲ្យយើងប្រព្រឹត្តដោយសម្លូតក្នុងរង្វង់គ្រួសារ?
១៨ គប្បីណាស់ឲ្យយើងប្រព្រឹត្តដោយសម្លូតក្នុងរង្វង់គ្រួសារដែរ។ (សូមអាន កូល៉ុស ៣:១៨-២១) គម្ពីររៀបរាប់អំពីតួនាទីនៃសមាជិកម្នាក់ៗក្នុងរង្វង់គ្រួសារដែលជាគ្រិស្តសាសនិក។ ស្វាមីជាមេគ្រួសារ ដូច្នេះគាត់ជាអ្នកនាំមុខភរិយា ហើយគាត់ក៏មានភារកិច្ចសំខាន់ចម្បងក្នុងការណែនាំកូន។ ភរិយាគួរតែចុះចូលចំពោះស្វាមី ហើយកូនៗក៏គួរស្ដាប់បង្គាប់មាតាបិតា ពីព្រោះលោកម្ចាស់របស់យើងស្រឡាញ់បុត្រធីតាដែលធ្វើដូច្នោះ។ ពេលសមាជិកម្នាក់ៗក្នុងរង្វង់គ្រួសារប្រព្រឹត្តដោយសម្លូតយ៉ាងត្រឹមត្រូវ ហើយស្របទៅតាមកាលៈទេសៈ នេះបណ្ដាលឲ្យមានភាពសុខសាន្តនិងសាមគ្គីភាព។ មានឧទាហរណ៍ខ្លះៗក្នុងគម្ពីរដែលបញ្ជាក់ពីចំណុចនេះ។
១៩, ២០. (ក) ក្នុងការបង្ហាញចិត្តស្លូតបូត តើព្រះយេហូវ៉ានិងអេលីបានប្រព្រឹត្តខុសគ្នាយ៉ាងណា? (ខ) តើមាតាបិតាទាំងឡាយអាចទាញយកមេរៀនអ្វីពីគំរូរបស់ព្រះយេហូវ៉ានិងអេលី?
១៩ ពេលសាំយូអែលនៅក្មេង លោកអេលីជាសម្ដេចសង្ឃនៅស្រុកអ៊ីស្រាអែល។ ប៉ុន្តែ កូនរបស់អេលី ឈ្មោះហុបនីនិងភីនេហាស ជា«មនុស្សគំរក់អាក្រក់»ដែល«ឥតស្គាល់[ឬឥតគោរព]ដល់ព្រះយេហូវ៉ាទេ»។ អេលីធ្លាប់ឮប៉ុន្មានដងរួចហើយថា កូនទាំងពីរនាក់របស់គាត់កំពុងធ្វើអំពើអាក្រក់ រួមទាំងមានការប្រព្រឹត្តដែលប្រាសចាកសីលធម៌ផង ដោយរួមដំណេកជាមួយនឹងពួកស្រីៗដែលធ្វើការងារនៅមាត់ទ្វារត្រសាលជំនុំ។ តើអេលីបានធ្វើយ៉ាងណា? អេលីប្រាប់កូនទាំងពីរថា ប្រសិនបើពួកគេធ្វើបាបនឹងព្រះយេហូវ៉ា នោះគ្មានអ្នកណានឹងជួយអង្វរទ្រង់ជំនួសពួកគេឡើយ។ ប៉ុន្តែ អេលីនៅតែមិនកែតម្រង់កូនដោយប្រៀនប្រដៅពួកគេទេ។ ជាលទ្ធផល កូនរបស់អេលីចេះតែធ្វើអំពើអាក្រក់តទៅទៀត។ នៅទីបំផុត ព្រះយេហូវ៉ាបានកាត់ទោសដោយយុត្ដិធម៌ថា កូនទាំងពីរនាក់របស់អេលីត្រូវតែស្លាប់។ ពេលអេលីឮដំណឹងថា កូនទាំងពីរបានស្លាប់ហើយ នោះគាត់ក៏ដាច់ខ្យល់ស្លាប់ភ្លាម។ គួរឲ្យសោកស្ដាយណាស់! ដោយសារអេលីស្លូតពេក និងបណ្ដោយកូនដោយឥតតវ៉ា នោះគាត់មានកំហុសក្នុងការអនុញ្ញាតឲ្យពួកគេប្រព្រឹត្តអំពើខុសឆ្គង។—១សាំ. ២:១២-១៧, ២២-២៥, ៣៤, ៣៥; ៤:១៧, ១៨
២០ ផ្ទុយទៅវិញ សូមគិតអំពីរបៀបដែលព្រះយេហូវ៉ាប្រាស្រ័យទាក់ទងនឹងពួកទេវតាជាបុត្ររបស់ទ្រង់។ លោកមីកាយ៉ាជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា ហើយគាត់មានឯកសិទ្ធិឃើញក្នុងគំនិតនូវកិច្ចប្រជុំមួយរវាងព្រះយេហូវ៉ានិងបណ្ដាទេវតារបស់ទ្រង់។ ព្រះយេហូវ៉ាបានសួរទេវតាទាំងឡាយថា តើមួយណាអាចបបួលស្តេចអ័ហាប់ឲ្យធ្វើអ្វីដែលនឹងនាំឲ្យស្តេចអាក្រក់នោះដួលស្លាប់? ក្រោយព្រះយេហូវ៉ាបានស្ដាប់យោបល់របស់ទេវតាមួយចំនួន ទេវតាមួយរូបសូមសម្រេចការឲ្យ។ ដូច្នេះ ព្រះយេហូវ៉ាសួរទេវតានោះថា តើគាត់នឹងធ្វើយ៉ាងណាទៅ? ដោយសារព្រះយេហូវ៉ាពេញចិត្តនឹងផែនការរបស់ទេវតានោះ ទ្រង់ក៏ចាត់គាត់ទៅ។ (១ពង្ស. ២២:១៩-២៣) ក្នុងនាមជាសមាជិកក្រុមគ្រួសារ កំណត់ហេតុមួយនេះផ្ដល់មេរៀនដែលយើងម្នាក់ៗអាចធ្វើតាមដែរ មែនទេ? មុនដំបូង ចំពោះគ្រិស្តសាសនិកដែលជាស្វាមីនិងមានកូនផង គប្បីឲ្យគាត់ស្ដាប់ទស្សនៈរបស់ភរិយានិងបុត្រធីតា ហើយទទួលស្គាល់គំនិតរបស់ពួកគេ។ រីឯភរិយានិងកូនវិញ គប្បីឲ្យពួកគេចាំថា បើពួកគេបានជូនយោបល់និងប្រាប់ពីទស្សនៈរបស់ខ្លួនរួចហើយ ប្រហែលជាពួកគេត្រូវតែចុះចូលដោយសម្លូតចំពោះមេគ្រួសារ ដែលព្រះយេហូវ៉ាបានប្រគល់សិទ្ធិឲ្យធ្វើការសម្រេចចិត្ត។
២១. តើអត្ថបទបន្ទាប់នឹងបង្ហាញអំពីអ្វី?
២១ យើងពិតជាមានអំណរគុណណាស់! ចំពោះព្រះយេហូវ៉ាដែលបង្ហាញសេចក្ដីស្រឡាញ់ដោយជួយរំលឹកយើងពីសារៈប្រយោជន៍ដែលមកពីការប្រព្រឹត្តដោយសម្លូត។ (ទំនុក. ១១៩:៩៩) អត្ថបទបន្ទាប់នឹងបង្ហាញអំពីរបៀបដែលការប្រព្រឹត្តដោយសម្លូតតាមកាលៈទេសៈនាំឲ្យស្វាមីភរិយាមានអំណរ។
[កំណត់សម្គាល់]
a តាមការពិត ពិបាករកពាក្យតែមួយម៉ាត់គត់ដែលមានអត្ថន័យស្មើនឹងពាក្យភាសាដើមដែលសាវ័កប៉ុលប្រើ។ ឯកសារយោងមួយច្បាប់បកស្រាយន័យពាក្យភាសាដើមថា៖ «ទាក់ទងនឹងការសុខចិត្តលះបង់សិទ្ធិរបស់ខ្លួន ដោយបន្ទន់ចិត្តនិងបង្ហាញចិត្តស្លូត»។ ដូច្នេះ ពាក្យភាសាដើមសំដៅទៅលើការចេះយោគយល់និងការបន្ទន់ខ្លួន ដូចពាក្យ«ស្លូត»ដែលវចនានុក្រមខ្មែរពន្យល់ថា «ស៊ូតែទទួលខុស មិនតវ៉ា»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើការប្រព្រឹត្តដោយសម្លូតអាចនាំឲ្យមានលទ្ធផលល្អអ្វីខ្លះ?
• តើពួកអ្នកចាស់ទុំអាចប្រព្រឹត្តដោយសម្លូតយ៉ាងដូចម្ដេច?
• ហេតុអ្វីចិត្តស្លូតបូតក្នុងរង្វង់គ្រួសារសំខាន់ម្ល៉េះ?
[រូបភាពនៅទំព័រ៨]
ពួកអ្នកចាស់ទុំបង្ហាញចិត្តស្លូតបូត ស្របទៅតាមគំរូរបស់ព្រះយេស៊ូគ្រិស្ត
[រូបភាពនៅទំព័រ៩]
ពេលក្រុមអ្នកចាស់ទុំជួបជុំគ្នា ការអធិដ្ឋាន ការរំពឹងគិតនិងចិត្តស្លូតបូត នាំឲ្យពួកគាត់មានគំនិតតែមួយ