ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅរ៉ូម
សាវ័កប៉ុលមានឈ្មោះល្បីជាសាសនទូតដែលឧស្សាហ៍ធ្វើដំណើរដើម្បីផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។ លើកទី៣ដែលប៉ុលធ្វើដំណើរបែបនេះ គាត់បានទៅដល់ទីក្រុងកូរិនថូសប្រហែលជានៅឆ្នាំ៥៦ គ.ស.។ ដោយសារប៉ុលបានទទួលដំណឹងថា គ្រិស្តសាសនិកជនជាតិយូដានិងគ្រិស្តសាសនិកជនជាតិដទៃនៅទីក្រុងរ៉ូមមានការខ្វែងគំនិតគ្នានោះ គាត់សម្រេចចិត្តសរសេរសំបុត្រមួយច្បាប់ដោយមានបំណងចង់ជួយពួកគេឲ្យចុះសម្រុងគ្នាក្នុងជំនឿទៅលើព្រះយេស៊ូគ្រិស្ត។
នៅក្នុងសំបុត្រដែលប៉ុលបានសរសេរជូនដល់បងប្អូននៅទីក្រុងរ៉ូម គាត់ពន្យល់អំពីរបៀបដែលមនុស្សជាតិអាចរាប់ជាសុចរិត និងវិថីជីវិតដែលពួកគេគួរមាន។ ពាក្យពេចន៍ក្នុងសំបុត្រនោះក៏ជួយបង្កើនចំណេះពិតអំពីព្រះយេហូវ៉ានិងបណ្ដាំរបស់ទ្រង់ ព្រមទាំងគូសបញ្ជាក់ពីគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា និងលើកតម្កើងតួនាទីដ៏សំខាន់របស់ព្រះយេស៊ូគ្រិស្តក្នុងការសង្គ្រោះមនុស្សជាតិ។—ហេ. ៤:១២
រាប់ជាសុចរិត យ៉ាងដូចម្ដេច?
ប៉ុលសរសេរថា៖ «គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ តែដោយពឹងដល់ព្រះគុណទ្រង់ នោះ[ពួកគេ]បានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ ប៉ុលក៏សរសេរទៀតថា៖ «មនុស្សបានរាប់ជាសុចរិត ដោយសារសេចក្ដីជំនឿ គឺមិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ»។ (រ៉ូម ៣:២៣, ២៤, ២៨) ដោយសារពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ និងសមាជិកនៃ«មនុស្ស១ហ្វូងយ៉ាងធំ»ពីពួក«ចៀមឯទៀត»មានជំនឿទៅលើ«អំពើសុចរិតតែ១» ពួកគេទាំងអស់គ្នាអាច«រាប់ជាសុចរិត»បាន។ ដោយសារបានរាប់ជាសុចរិត គ្រិស្តសាសនិកដែលឡើងទៅស្ថានសួគ៌នឹងទទួលអំណាចគ្រប់គ្រងជាមួយព្រះយេស៊ូគ្រិស្ត ហើយមនុស្សមួយហ្វូងយ៉ាងធំដែលរាប់ជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ាផងដែរ មានសេចក្ដីសង្ឃឹមរួចរស់ជីវិតពី«គ្រាវេទនាយ៉ាងធំ»។—រ៉ូម ៥:១៨; វិវរ. ៧:៩, ១៤; យ៉ូន. ១០:១៦; យ៉ា. ២:២១-២៤; ម៉ាថ. ២៥:៤៦
ប៉ុលសួរថា៖ «តើគួរឲ្យយើងប្រព្រឹត្តអំពើបាបដោយព្រោះនៅក្រោមព្រះគុណ មិននៅក្រោមក្រឹត្យវិន័យឬអី?»។ រួចមក ប៉ុលឆ្លើយថា៖ «ទេ មិនគួរឡើយ!»។ ប៉ុលក៏ពន្យល់ថា យើងរាល់គ្នា«ជាបាវបំរើ» មិនថា«របស់ផងអំពើបាបឲ្យបានសេចក្ដីស្លាប់ ឬជារបស់ផងសេចក្ដីស្ដាប់បង្គាប់ឲ្យបានសុចរិត»។ (រ៉ូម ៦:១៥, ១៦) ប៉ុលមានប្រសាសន៍ទៀតថា៖ «បើសំឡាប់អំពើរបស់រូបសាច់ចេញ ដោយសារព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងបានរស់វិញ»។—រ៉ូម ៨:១៣
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:២៤-៣២—តើប៉ុលសំដៅទៅលើពួកយូដាឬក៏ជនជាតិដទៃជាអ្នកប្រព្រឹត្តអំពើដ៏ស្មោកគ្រោកទាំងនេះ? អ្វីដែលប៉ុលរៀបរាប់នោះ អាចសំដៅទៅលើពួកគេទាំងពីរក្រុមបាន។ ប៉ុន្តែតាមការពិត ក្នុងករណីនេះប៉ុលបានសរសេរអំពីជនជាតិអ៊ីស្រាអែលពីសម័យបុរាណដែលមិនបានធ្វើតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា។ ពួកអ៊ីស្រាអែលទាំងនោះដឹងអំពីគោលការណ៍សុចរិតរបស់ព្រះយេហូវ៉ា តែ‹មិនចូលចិត្តស្គាល់ព្រះសោះ›។ ហេតុនេះហើយបានជាពួកគេគួរនឹងទទួលទោស។
៣:២៤, ២៥—តើ«សេចក្ដីប្រោសលោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ»អាចគ្របបាំង«អំពើបាបដែលគេប្រព្រឹត្តពីដើម»មុនព្រះយេស៊ូបានបង់ថ្លៃលោះយ៉ាងដូចម្ដេច? ទំនាយទី១ក្នុងសៀវភៅលោកុប្បត្តិ ៣:១៥ អំពីអ្នកដែលជាមេស្ស៊ី បានសម្រេចនៅឆ្នាំ៣៣ គ.ស. ពេលដែលព្រះយេស៊ូត្រូវគេធ្វើគុតនៅលើបង្គោលទារុណកម្ម។ (កា. ៣:១៣, ១៦) យ៉ាងណាក្ដី ដោយសារគ្មានអ្វីសោះអាចរារាំងការសម្រេចនៃគោលបំណងរបស់ព្រះយេហូវ៉ា ចាប់ពីពេលដែលទ្រង់ប្រកាសទំនាយនោះ គឺហាក់ដូចជាថ្លៃលោះបានទូទាត់រួចហើយ។ ដូច្នេះ សូម្បីតែមុនព្រះយេស៊ូគ្រិស្តបានបូជាជីវិតរបស់ទ្រង់ក្ដី ព្រះយេហូវ៉ាអាចអត់ទោសឲ្យអំពើខុសឆ្គងនៃកូនចៅរបស់អ័ដាម ឲ្យតែពួកគេមានជំនឿទៅលើសេចក្ដីសន្យានោះ។ ណាមួយទៀត ដោយសារថ្លៃលោះរបស់ព្រះយេស៊ូ អស់អ្នកដែលបានស្លាប់មុនសម័យពួកគ្រិស្តសាសនិកក៏អាចរស់ឡើងវិញដែរ។—កិច្ច. ២៤:១៥
៦:៣-៥—តើការទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូគ្រិស្ត និងទទួលជ្រមុជក្នុងសេចក្ដីសុគតនៃទ្រង់មានន័យអ្វី? ពេលព្រះយេហូវ៉ារើសតាំងអ្នកកាន់តាមព្រះយេស៊ូដោយប្រទានសកម្មពលបរិសុទ្ធរបស់ទ្រង់ទៅលើពួកគាត់ នោះពួកគាត់មានសាមគ្គីភាពជាមួយព្រះយេស៊ូគ្រិស្ត និងក្លាយទៅជាសមាជិកនៃក្រុមជំនុំដែលរួមគ្នាប្រៀបដូចជារូបកាយរបស់ទ្រង់។ រីឯព្រះយេស៊ូ ទ្រង់ជាសិរសាឬមេលើពួកគាត់វិញ។ (១កូ. ១២:១២, ១៣, ២៧; កូល. ១:១៨) នេះហើយជារបៀបដែលពួកគាត់ទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូគ្រិស្ត។ ប៉ុន្តែ ពួកគ្រិស្តសាសនិកទាំងនោះដែលព្រះយេហូវ៉ាបានរើសតាំង ក៏ត្រូវ«ជ្រមុជក្នុងសេចក្ដីសុគតនៃ[ព្រះយេស៊ូគ្រិស្ត]ដែរ» ដោយមានរបៀបរស់នៅដែលបង្ហាញថា ពួកគាត់សុខចិត្តលះបង់ប្រយោជន៍ខ្លួនឯង ហើយក៏យល់ព្រមលះចោលសេចក្ដីសង្ឃឹមដើម្បីរស់ជារៀងរហូតនៅផែនដី។ ដូច្នេះ ទោះជាជីវិតរបស់ពួកគាត់មិនផ្ដល់ជាថ្លៃលោះក្ដី ពេលស្លាប់ ពួកគាត់ក៏លះបង់ជីវិតនិងប្រយោជន៍ខ្លួនឯងដូចព្រះយេស៊ូដែរ។ ពេលពួកគាត់ស្លាប់ និងមានជីវិតរស់ឡើងវិញនៅឯស្ថានសួគ៌ ការជ្រមុជក្នុងសេចក្ដីសុគតរបស់ព្រះគ្រិស្តបានសម្រេចយ៉ាងពេញលេញហើយ។
៧:៨-១១—តើ«អំពើបាបបានឱកាសដោយសារបញ្ញត្ត»យ៉ាងដូចម្ដេច? ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាបានជួយបណ្ដាជនឲ្យយល់កាន់តែច្បាស់អំពីទង្វើដែលរាប់ជាអំពើបាប និងទទួលស្គាល់ថាខ្លួនជាមនុស្សដែលមានភាពខុសឆ្គងមែន។ ជាលទ្ធផល ពួកគេអាចសម្គាល់ការប្រព្រឹត្តច្រើនថែមទៀតរបស់ខ្លួនថាជាអំពើបាប ហើយនេះក៏បកអាក្រាតភាពខុសឆ្គងរបស់មនុស្សកាន់តែច្រើនផង។ គឺយ៉ាងនេះហើយដែលបាបឬភាពខុសឆ្គងមានឱកាសលេចធ្លោដោយសារបញ្ញត្ដិរបស់ព្រះយេហូវ៉ា។
មេរៀនសម្រាប់យើង:
១:១៤, ១៥: តាមការពិត មានមូលហេតុជាច្រើនដែលគួរជំរុញយើងឲ្យប្រុងប្រៀបខ្លួនដើម្បីផ្សព្វផ្សាយដំណឹងល្អដោយចិត្តខ្នះខ្នែង។ មូលហេតុមួយ គឺដោយសារយើងជំពាក់មនុស្សដែលព្រះយេស៊ូបានចេញថ្លៃទូទាត់ដោយសារឈាមរបស់ទ្រង់ ហើយយើងក៏មានភារកិច្ចជួយពួកគេឲ្យស្គាល់ព្រះនិងគោលបំណងរបស់ទ្រង់ដែរ។
១:១៨-២០: មនុស្សដែលមិនគោរពព្រះព្រមទាំងមនុស្សទុច្ចរិតមិនអាចដោះសាបានឡើយ ពីព្រោះគុណសម្បត្ដិរបស់ទ្រង់ដែលយើងមើលមិនឃើញ បានបង្ហាញយ៉ាងច្បាស់ក្នុងរបស់ទាំងប៉ុន្មានដែលទ្រង់បង្កើតមក។
២:២៨; ៣:១, ២; ៧:៦, ៧: បន្ទាប់ពីប៉ុលសរសេរអ្វីដែលអាចធ្វើឲ្យជនជាតិយូដាអាក់អន់ចិត្ត គាត់ក៏សរសេរពាក្យទន់ភ្លន់ទៀតផង។ នេះជាគំរូដល់យើង ថាពេលត្រូវពន្យល់ប្រធានដ៏សំខាន់ណាមួយ គប្បីឲ្យយើងចេះនិយាយដោយប៉ិនប្រសប់និងយោគយល់ចំពោះអារម្មណ៍របស់អ្នកស្ដាប់ផង។
៣:៤: ពេលមនុស្សបង្រៀនអ្វីដែលផ្ទុយពីសេចក្ដីបង្រៀនដែលមានក្នុងបណ្ដាំរបស់ព្រះយេហូវ៉ា យើង«ឲ្យព្រះបានរាប់ជាពិត»ដោយមានទំនុកចិត្តទៅលើសារដែលមាននៅក្នុងគម្ពីរ ហើយប្រព្រឹត្តសមស្របទៅតាមឆន្ទៈរបស់ទ្រង់នៅឡើយ។ បើយើងផ្សព្វផ្សាយដំណឹងល្អនិងបញ្ចុះបញ្ចូលឲ្យមានសិស្សដោយចិត្តខ្នះខ្នែង យើងអាចជួយអ្នកដទៃឲ្យរាប់ឬចាត់ទុកព្រះយេហូវ៉ាជាពិតមែន!
៤:៩-១២: អ័ប្រាហាំបានកាត់ស្បែកពេលគាត់មានអាយុ៩៩ឆ្នាំ។ ប៉ុន្តែតាមការពិត យូរឆ្នាំមុននោះទៅទៀត ព្រះយេហូវ៉ាបានចាត់ទុកអ័ប្រាហាំជាមនុស្សសុចរិត គឺដោយសារជំនឿរបស់គាត់។ (លោ. ១២:៤; ១៥:៦; ១៦:៣; ១៧:១, ៩, ១០) យ៉ាងនេះ ព្រះយេហូវ៉ាបង្ហាញថាទ្រង់មានអំណាចចាត់ទុកមនុស្សម្នាក់ថាជាសុចរិត ដោយសារតែគេមានជំនឿទៅលើទ្រង់។
៤:១៨: សេចក្ដីសង្ឃឹមជាផ្នែកមួយដ៏សំខាន់នៃជំនឿ។ ជំនឿជាមូលដ្ឋាននៃសេចក្ដីសង្ឃឹម។—ហេ. ១១:១
៥:១៨, ១៩: ដោយសារប៉ុលវែកញែកហេតុផលដែលបង្ហាញពីលក្ខណៈស្រដៀងគ្នារវាងព្រះយេស៊ូនិងអ័ដាម គាត់ក៏បានពន្យល់ដោយសង្ខេបហើយយ៉ាងច្បាស់លាស់អំពីរបៀបដែលមនុស្សតែម្នាក់អាច«ឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើន»។ (ម៉ាថ. ២០:២៨) គប្បីឲ្យយើងចេះបង្រៀនដូចប៉ុល ដោយមានសមត្ថភាពវែកញែកហេតុផលដោយសង្ខេប។—១កូ. ៤:១៧
៧:២៣: អវយវៈនៃរូបកាយយើង ដូចជាដៃ ជើងនិងអណ្ដាតជាដើម អាច‹នាំយើងទៅជាប់ក្រោមអំណាចអំពើបាប›។ ដូច្នេះ យើងត្រូវតែប្រុងប្រយ័ត្នក្នុងការប្រើប្រាស់អវយវៈទាំងនោះ។
៨:២៦, ២៧: ពេលយើងប្រឈមមុខនឹងស្ថានការណ៍ដ៏ច្របូកច្របល់ ហើយមិនដឹងថាគួរអធិដ្ឋានសូមអ្វីទេ «វិញ្ញាណ»ឬសកម្មពលរបស់ព្រះយេហូវ៉ា«ជួយអង្វរជំនួសយើង»។ យ៉ាងនេះ ព្រះយេហូវ៉ាដែលជាអ្នក«ស្ដាប់សេចក្ដីអធិស្ឋាន» ទ្រង់ធ្វើតាមសេចក្ដីអធិដ្ឋានក្នុងគម្ពីរដែលទាក់ទងនឹងកាលៈទេសៈរបស់យើង ហាក់ដូចជាយើងជាអ្នកពោលពាក្យទាំងនោះ។—ទំនុក. ៦៥:២
៨:៣៨, ៣៩: ទុក្ខលំបាក វិញ្ញាណកំណាចនិងរដ្ឋាភិបាលរបស់មនុស្ស មិនអាចផ្ដល់ហេតុឲ្យព្រះយេហូវ៉ាឈប់ស្រឡាញ់យើងទេ ហើយក៏មិនគួរធ្វើឲ្យយើងឈប់ស្រឡាញ់ទ្រង់ដែរ។
៩:២២-២៨; ១១:១, ៥, ១៧-២៦: ទំនាយជាច្រើនអំពីការប្រោសជនជាតិអ៊ីស្រាអែលឲ្យរួចដើម្បីត្រឡប់ទៅស្រុករបស់ខ្លួនវិញ ក៏មានការសម្រេចម្យ៉ាងទៀតដែរ ទាក់ទងនឹងអ្នកដែលមិនមែនជា«សាសន៍យូដាតែប៉ុណ្ណោះ គឺពីសាសន៍ដទៃផង»ដែរ ពោលគឺ ក្រុមជំនុំនៃពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។
១០:១០, ១៣, ១៤: សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងមនុស្សដទៃអាចជំរុញចិត្តយើងឲ្យមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយជាគ្រិស្តសាសនិកមែន! ប៉ុន្តែទន្ទឹមគ្នានោះ ជំនឿមុតមាំទៅលើទ្រង់និងសេចក្ដីសន្យារបស់ទ្រង់ក៏ជំរុញចិត្តយើងដែរ។
១១:១៦-២៤, ៣៣: ព្រះយេហូវ៉ាតែងតែបង្ហាញ«សេចក្ដីសប្បុរសនឹងសេចក្ដីប្រិតប្រៀប»ល្មមត្រឹមត្រូវតាមកាលៈទេសៈ។ ត្រូវមែន! ព្រះយេហូវ៉ាជា«ថ្មដា [ហើយ]ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ [និង]អស់ទាំងផ្លូវទ្រង់សុទ្ធតែប្រកបដោយយុត្ដិធម៌»។—ចោទិ. ៣២:៤
របៀបរស់នៅរបស់អ្នកដែលរាប់ជាសុចរិត
ប៉ុលសរសេរថា៖ «ដូច្នេះបងប្អូនអើយ! ខ្ញុំទូន្មានអ្នករាល់គ្នាដោយសេចក្ដីមេត្ដាករុណានៃព្រះ» ចូរ«ថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ»ចុះ! (រ៉ូម ១២:១) ដោយហេតុថាពួកគ្រិស្តសាសនិកបានរាប់ជាសុចរិតដោយសារជំនឿរបស់ខ្លួន ប៉ុលប្រើពាក្យ«ដូច្នេះ»នៅទីនេះ ដើម្បីបញ្ជាក់ថានេះគួរមានឥទ្ធិពលទៅលើទស្សនៈដែលពួកគេមានចំពោះខ្លួនឯង អ្នកដទៃនិងពួករាជការ។
ប៉ុលសរសេរទៀតថា៖ «ខ្ញុំនិយាយនឹងមនុស្សទាំងអស់ក្នុងពួកអ្នករាល់គ្នា . . . កុំឲ្យមានគំនិតខ្ពស់ លើសជាងគំនិត ដែលគួរគប្បីឲ្យគិតនោះឡើយ»។ ប៉ុលក៏ដាស់តឿនថា៖ «ចូរឲ្យមានសេចក្ដីស្រឡាញ់ឥតពុតមាយា»។ (រ៉ូម ១២:៣, ៩) «ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ»។ (រ៉ូម ១៣:១) ស្តីអំពីរឿងដែលទាក់ទងនឹងសមត្ថភាពវិនិច្ឆ័យខ្លួន ប៉ុលលើកទឹកចិត្តពួកគ្រិស្តសាសនិកថា៖ «កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ»។—រ៉ូម ១៤:១៣
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១២:២០—តើយើង«ប្រមូលរងើកភ្លើង»ដាក់លើក្បាលខ្មាំងសត្រូវយ៉ាងដូចម្ដេច? នៅសម័យគម្ពីរ ពេលដាក់រ៉ែក្នុងភ្លើង គេបានដាក់រងើកភ្លើងនៅពីក្រោមហើយនៅពីលើផង។ ដោយសារមានរងើកភ្លើងនៅពីលើរ៉ែ នេះធ្វើឲ្យមានកម្ដៅកាន់តែក្ដៅខ្លាំង ហើយជាតិដែកនិងកាកសំណល់ស្រួលរលាយចេញពីគ្នា។ ស្រដៀងគ្នាដែរ បើយើងប្រមូលរងើកភ្លើងដាក់នៅលើក្បាលខ្មាំងសត្រូវដោយប្រព្រឹត្តល្អនឹងគេ នោះចិត្តរឹងរួសក៏នឹងរលាយទៅ ហើយគេក៏ចាប់ផ្ដើមបង្ហាញលក្ខណៈសម្បត្ដិល្អៗវិញ។
១២:២១—តើយើងអាចយក«ឈ្នះសេចក្ដីអាក្រក់ដោយសារសេចក្ដីល្អ»យ៉ាងដូចម្ដេច? វិធីមួយ គឺដោយមានចិត្តក្លាហានក្នុងការបំពេញការងារដែលព្រះយេហូវ៉ាបានប្រគល់ឲ្យយើង ពោលគឺ កិច្ចការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ទ្រង់។ គប្បីឲ្យយើងធ្វើកិច្ចការនោះរហូតដល់ពេលដែលទ្រង់ថាល្មមគ្រប់គ្រាន់ហើយ។—ម៉ាក. ១៣:១០
១៣:១—ចំពោះពួករាជការ តើ«ព្រះទ្រង់បានតាំងពួកលោកទាំងនោះឲ្យមានអំណាច»យ៉ាងដូចម្ដេច? ព្រះយេហូវ៉ា«បានតាំងពួក[រាជការ]ឲ្យមានអំណាច»ក្នុងន័យថា ទ្រង់អនុញ្ញាតឲ្យពួកគេគ្រប់គ្រង ហើយក្នុងករណីខ្លះទ្រង់បានដឹងទុកជាមុនអំពីគ្រាដែលពួកគេនឹងមានអំណាចគ្រប់គ្រង។ យើងអាចយល់ដូច្នេះបាន ដោយពិនិត្យមើលទំនាយក្នុងគម្ពីរដែលបានទាយទុកជាមុនអំពីអ្នកគ្រប់គ្រងមួយចំនួន។
មេរៀនសម្រាប់យើង:
១២:១៧, ១៩: បើយើងធ្វើការអាក្រក់ស្នងនឹងការអាក្រក់ យើងបានបំពេញភារកិច្ចដែលជារបស់ផងព្រះយេហូវ៉ា។ យ៉ាងនេះ អ្នកដែល«ធ្វើការអាក្រក់ស្នងនឹងការអាក្រក់»ជាមនុស្សដែលបំពានសិទ្ធិព្រះយេហូវ៉ា!
១៤:១៤, ១៥: យើងមិនត្រូវធ្វើឲ្យបងប្អូនព្រួយចិត្តឬជំពប់ដួលដោយសារម្ហូបអាហារនិងភេសជ្ជៈដែលយើងជូនដល់គាត់ឡើយ។
១៤:១៧: អ្វីដែលយើងបរិភោគឬមិនបរិភោគអត់សូវមានឥទ្ធិពលច្រើនប៉ុន្មានទៅលើចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ាឡើយ។ ផ្ទុយទៅវិញ ចំណងមិត្តភាពល្អច្រើនតែស្រេចទៅនឹងសេចក្ដីសុចរិត សេចក្ដីមេត្រី និងសេចក្ដីអំណរជាជាង។
១៥:៧: ពេលអ្នកដែលស្វែងរកសេចក្ដីពិតដោយចិត្តស្មោះចូលមកក្នុងក្រុមជំនុំរបស់យើង គប្បីឲ្យយើងទទួលរាក់ទាក់និងមិនរើសមុខគេទេ ព្រមទាំងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ាដល់មនុស្សទាំងអស់ផង។
[រូបភាពនៅទំព័រ៣១]
តើថ្លៃលោះអាចផ្ដល់ប្រយោជន៍ដល់មនុស្សដែលបានធ្វើអំពើខុសឆ្គងមុនព្រះយេស៊ូបានបង់ថ្លៃនោះទេ?