ជំពូកទី១៤
តើអំណាចគ្រប់គ្រងរបស់អ្នកណាដែលអ្នកគួរទទួលស្គាល់?
១, ២. តើអំណាចគ្រប់គ្រងគ្រប់ប្រភេទសុទ្ធតែធ្វើឲ្យមានទុក្ខទោសឬ? សូមពន្យល់។
«អំណាចគ្រប់គ្រង»គឺជាពាក្យដ៏គួរស្អប់ខ្ពើមចំពោះមនុស្សជាច្រើន។ នេះគឺគួរឲ្យយល់បាន ដ្បិតអំណាចគ្រប់គ្រងតែងត្រូវគេរំលោភជាញឹកញយ នៅកន្លែងធ្វើការ ក្នុងគ្រួសារ និងដោយរដ្ឋាភិបាលនានា។ ព្រះគម្ពីរបានចែងយ៉ាងត្រូវពិតថា៖ «មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។ (សាស្ដា ៨:៩) ត្រូវហើយ មនុស្សជាច្រើនបានជិះជាន់មនុស្សឯទៀត ដោយប្រព្រឹត្តតាមរបៀបដែលសង្កត់សង្កិនគេ ហើយរកតែផលប្រយោជន៍សំរាប់ខ្លួន។
២ ប៉ុន្តែ មិនមែនអំណាចគ្រប់គ្រងទាំងអស់ធ្វើឲ្យមានទុក្ខទោសនោះទេ។ ជាឧទាហរណ៍ គេអាចនិយាយថា រូបកាយរបស់យើងមានអំណាចគ្រប់គ្រងលើយើង។ វា«បញ្ជា»យើងឲ្យដកដង្ហើម ឲ្យទទួលទានបាយទឹក និងឲ្យដេក។ តើនេះជាការជិះជាន់ឬ? គឺមិនមែនទេ ប្រតិបត្ដិតាមសេចក្ដីតម្រូវទាំងនេះ គឺមានប្រយោជន៍ចំពោះយើង។ ថ្វីបើយើងធ្វើតាមសេចក្ដីត្រូវការនៃរូបកាយរបស់យើងដោយមិនដឹងខ្លួនក៏ដោយ គឺមានអំណាចគ្រប់គ្រងប្រភេទផ្សេងទៀត ដែលតម្រូវឲ្យយើងព្រមចុះចូលដោយស្ម័គ្រ។ សូមពិចារណាមើលឧទាហរណ៍ខ្លះ។
អំណាចខ្ពង់ខ្ពស់បំផុត
៣. ហេតុអ្វីក៏ព្រះយេហូវ៉ាបានត្រូវគេហៅយ៉ាងត្រឹមត្រូវថាជា«ព្រះអម្ចាស់មហាក្សត្រ»?
៣ ព្រះយេហូវ៉ាបានត្រូវគេហៅថាជា«ព្រះអម្ចាស់មហាក្សត្រ»ជាង៣០០ដងក្នុងព្រះគម្ពីរ។ ព្រះមហាក្សត្រគឺជាមួយអង្គដែលមានអំណាចខ្ពង់ខ្ពស់បំផុត។ តើអ្វីធ្វើឲ្យព្រះយេហូវ៉ាមានសិទ្ធិទទួលឋានៈបែបនេះ? វិវរណៈ ៤:១១, ព.ថ. ឆ្លើយប្រាប់ថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្ដិនាម នឹងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង»។
៤. តើព្រះយេហូវ៉ាសម្រេចព្រះហឫទ័យប្រើអំណាចរបស់ទ្រង់យ៉ាងដូចម្ដេច?
៤ ជាព្រះអាទិទេពរបស់យើង ព្រះយេហូវ៉ាមានសិទ្ធិប្រើអំណាចតាមព្រះទ័យរបស់ទ្រង់។ នេះហាក់ដូចជាធ្វើឲ្យព្រឺខ្លាចណាស់ ជាពិសេសពេលយើងពិចារណាមើល ថាព្រះមាន«ព្រះចេស្ដាដ៏ធំ»។ គេហៅទ្រង់ថាជា«ព្រះដ៏មានគ្រប់ព្រះចេស្ដា» ជាពាក្យដែលក្នុងភាសាហេព្រើរ បង្ហាញប្រាប់អំពីកម្លាំងខ្លាំងលើសលុប។ (អេសាយ ៤០:២៦; លោកុប្បត្តិ ១៧:១) ប៉ុន្តែ ព្រះយេហូវ៉ាបង្ហាញកម្លាំងរបស់ទ្រង់ ក្នុងរបៀបដែលជួយផ្គត់ផ្គង់វិញ ដ្បិតគុណសម្បត្ដិដ៏សំខាន់បំផុតរបស់ទ្រង់ គឺសេចក្ដីស្រឡាញ់។—យ៉ូហានទី១ ៤:១៦
៥. ហេតុអ្វីក៏ការចុះចូលក្រោមអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ា មិនមែនជាការពិបាក?
៥ ទោះជាព្រះយេហូវ៉ាបានព្រមានថា ទ្រង់នឹងដាក់ទណ្ឌកម្មដល់មនុស្សប្រព្រឹត្តអំពើអាក្រក់ដែលមិនប្រែចិត្តក៏ដោយ លោកម៉ូសេស្គាល់ទ្រង់ថាជា«ព្រះពិត ព្រះស្មោះត្រង់ ដែលកាន់តាមកិច្ចព្រមព្រៀង ហើយនឹងសេចក្ដីសប្បុរស ចំពោះពួកអ្នកដែលស្រឡាញ់ទ្រង់ ហើយកាន់តាមបញ្ញត្តរបស់ទ្រង់»។ (ចោទិយកថា ៧:៩, ព.ថ.) សូមគិតមើលចុះ! ព្រះដែលមានអំណាចខ្ពង់ខ្ពស់បំផុតនៃសកលលោក មិនបង្ខំយើងឲ្យបំរើទ្រង់ទេ។ ផ្ទុយទៅវិញ យើងបានត្រូវទាក់ទាញទៅជិតទ្រង់ ពីព្រោះសេចក្ដីស្រឡាញ់របស់ទ្រង់។ (រ៉ូម ២:៤; ៥:៨) ការចុះចូលក្រោមអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ា គឺជាការសប្បាយទៅវិញទេ ដ្បិតក្រិត្យវិន័យរបស់ទ្រង់នៅទីបំផុត តែងនាំផលប្រយោជន៍ដល់យើងរាល់គ្នាជានិច្ច។—ទំនុកដំកើង ១៩:៧, ៨
៦. តើតាមរបៀបណាដែលរឿងនៃអំណាចគ្រប់គ្រងបានកើតឡើងក្នុងសួនច្បារអេដែន ហើយមានលទ្ធផលយ៉ាងណា?
៦ ឪពុកម្ដាយដំបូងរបស់យើង បានបដិសេធចោលព្រះអធិបតេយ្យភាពរបស់ព្រះ។ ពួកគេចង់សម្រេចចិត្តសំរាប់ខ្លួនគេ អំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ (លោកុប្បត្តិ ៣:៤-៦) ជាលទ្ធផល ព្រះបានបណ្ដេញពួកគេពីសួនមនោរម្យដែលជាទីលំនៅរបស់គេ។ ចាប់ពីគ្រានោះមក ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យមនុស្សបង្កើតគម្រោងអំណាចគ្រប់គ្រង ដែលអាចឲ្យគេរស់នៅក្នុងសង្គមដែលមានរបៀបរៀបរយខ្លះ ទោះបីវាមិនល្អគ្រប់ល័ក្ខណ៍ក៏ដោយ។ តើអំណាចគ្រប់គ្រងទាំងនេះជាអ្វី ហើយដល់កំរិតណាដែលព្រះតម្រូវឲ្យយើងចុះចូលក្រោមអំណាចគ្រប់គ្រងទាំងនេះ?
«អាជ្ញាធរជាន់ខ្ពស់»
៧. តើអ្នកណាជា«អាជ្ញាធរជាន់ខ្ពស់» ហើយឋានៈរបស់គេទាក់ទងនឹងអំណាចគ្រប់គ្រងនៃព្រះយ៉ាងដូចម្ដេច?
៧ សាវ័កប៉ុលបានសរសេរថា៖ «ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងអាជ្ញាធរជាន់ខ្ពស់ ដ្បិតគ្មានអំណាចគ្រប់គ្រងណាទេ លើកតែមកពីព្រះ»។ តើអ្នកណាជា «អាជ្ញាធរជាន់ខ្ពស់»? ពាក្យរបស់ប៉ុលក្នុងខបន្ទាប់ បង្ហាញថា ពួកគេគឺជាមនុស្សដែលកាន់អំណាចរដ្ឋាភិបាល។ (រ៉ូម ១៣:១-៧, ព.ថ.; ទីតុស ៣:១) ព្រះយេហូវ៉ាមិនបានផ្ដើមបង្កើតអំណាចរដ្ឋាភិបាលរបស់មនុស្សទេ ប៉ុន្តែ ព្រះទ្រង់បានអនុញ្ញាតឲ្យមានអំណាចរដ្ឋាភិបាលទាំងនេះ។ ដូច្នេះ ប៉ុលអាចសរសេរថា៖ «គឺព្រះទ្រង់បានតាំងពួកអាជ្ញាធរទាំងនោះឲ្យមានអំណាច»។ តើនេះបង្ហាញប្រាប់យ៉ាងណា អំពីអំណាចគ្រប់គ្រងនៅលើផែនដី? គឺថាអំណាចគ្រប់គ្រងនេះ នៅក្រោមឬទាបជាងអំណាចគ្រប់គ្រងរបស់ព្រះ។ (យ៉ូហាន ១៩:១០, ១១) ដូច្នេះ ពេលណាមានការទាស់ទែងគ្នារវាងច្បាប់មនុស្សនិងច្បាប់ព្រះ ពួកគ្រីស្ទានត្រូវតែឲ្យមនសិការរបស់គេដែលបានអប់រំពីព្រះគម្ពីរ ដឹកនាំគំនិតគេវិញ។ ពួកគេ«ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។—កិច្ចការ ៥:២៩
៨. តើអ្នកទទួលប្រយោជន៍ពីអាជ្ញាធរជាន់ខ្ពស់យ៉ាងដូចម្ដេច ហើយតាមរបៀបណាដែលអ្នកអាចបង្ហាញការចុះចូលក្រោមពួកគេ?
៨ ប៉ុន្តែ ជាច្រើនដង អាជ្ញាធររដ្ឋាភិបាលជាន់ខ្ពស់ប្រកបកិច្ចការជា‹អ្នកបំរើព្រះសំរាប់សេចក្ដីល្អដល់យើង›។ (រ៉ូម ១៣:៤) តើក្នុងរបៀបណា? សូមគិតមើលអំពីការបំរើជាច្រើនផ្នែក ដែលអាជ្ញាធរជាន់ខ្ពស់បានផ្ដល់ឲ្យ ដូចជាការនាំសំបុត្រប្រៃសណីយ ការការពារខាងប៉ូលិសនិងភ្លើង អនាម័យ និងការអប់រំ។ ប៉ុលបានសរសេរថា៖ «ដោយហេតុនោះបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរ ពីព្រោះលោកទាំងនោះជាភ្នាក់ងាររបស់ព្រះ សំរាប់នឹងត្រួតត្រាការនោះឯងជានិច្ច»។ (រ៉ូម ១៣:៦) ចំពោះការបង់ពន្ធឬកាតព្វកិច្ចខាងច្បាប់ឯទៀត យើងត្រូវតែ«ប្រព្រឹត្តដោយស្មោះត្រង់ ក្នុងគ្រប់ការទាំងអស់»។—ហេព្រើរ ១៣:១៨, ព.ថ.
៩, ១០. (ក) តើអាជ្ញាធរជាន់ខ្ពស់ទាក់ទងដល់របៀបរៀបចំរបស់ព្រះយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីបានជាទាស់ប្រឆាំងនឹងអាជ្ញាធរជាន់ខ្ពស់គឺជាការខុស?
៩ នៅគ្រាខ្លះ អាជ្ញាធរជាន់ខ្ពស់រំលោភលើអំណាចរបស់គេ។ តើនេះដោះលែងយើងឲ្យរួចពីការចុះចូលនឹងពួកគេឬ? គឺអត់ទេ។ ព្រះយេហូវ៉ាទ្រង់ទតឃើញអំពើអាក្រក់របស់អាជ្ញាធរទាំងនេះ។ (សុភាសិត ១៥:៣) ហេតុដែលទ្រង់បណ្ដោយឲ្យមានការគ្រប់គ្រងរបស់មនុស្ស នោះមិនមែនបានសេចក្ដីថា ទ្រង់ឥតអើពើនឹងអំពើពុករលួយនៃការគ្រប់គ្រងនោះឡើយ ហើយទ្រង់ក៏មិននឹកគិតថាយើងគួរធ្វើដូច្នេះដែរ។ ប្រាកដហើយ បន្ដិចទៀត ព្រះទ្រង់នឹង«បំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះ» ដោយតាំងរដ្ឋាភិបាលសុចរិតរបស់ទ្រង់ឡើងជំនួសវិញ។ (ដានីយ៉ែល ២:៤៤) ប៉ុន្តែទំរាំការណ៍នេះកើតឡើង អាជ្ញាធរជាន់ខ្ពស់មានមុខនាទីបំរើកិច្ចការដ៏មានប្រយោជន៍មួយ។
១០ ប៉ុលបានពន្យល់ថា៖ «អ្នកណាដែលតាំងខ្លួនទាស់នឹងអំណាចគ្រប់គ្រងនោះ ក៏ទាស់ទទឹងនឹងរបៀបរៀបចំនៃព្រះដែរ»។ (រ៉ូម ១៣:២, ព.ថ.) អាជ្ញាធរជាន់ខ្ពស់គឺជា«របៀបរៀបចំ»របស់ព្រះ ក្នុងន័យថាគេរក្សារបៀបរៀបរយមួយកំរិត បើមិនដូច្នេះទេ ការវឹកវរនិងអនាធិបតេយ្យនឹងកើតឡើងមិនខានឡើយ។ ការទាស់នឹងអាជ្ញាធរ គឺមិនស្របនឹងបទគម្ពីរ ហើយឥតសមហេតុផលផង។ ជាឧទាហរណ៍៖ សូមនឹកគិតថាអ្នកបានទទួលការវះកាត់ ហើយមានថ្នេរចេសក៏ដេរបិទមុខរបួសនោះ។ ថ្វីបើថ្នេរចេសជារបស់ក្រៅ មិនមែនជាចំណែកនៃរូបកាយ វាគឺប្រើសំរាប់បំពេញបំណងមួយរយៈពេល។ បើឆាប់ដកវាចេញពេក នោះនឹងអាចធ្វើឲ្យមានគ្រោះថ្នាក់។ គឺស្រដៀងគ្នាដែរ អំណាចរដ្ឋាភិបាលមនុស្ស គឺមិនមែនជាចំណែកនៃគោលបំណងដើមរបស់ព្រះទេ។ ប៉ុន្តែ ទំរាំដល់ព្រះរាជាណាចក្ររបស់ទ្រង់គ្រប់គ្រងទាំងស្រុងលើផែនដី នោះរដ្ឋាភិបាលមនុស្សជួយការពារកុំឲ្យសង្គមរលំបាក់បែក បំពេញមុខងារសមស្របនឹងបំណងព្រះហឫទ័យរបស់ព្រះ សំរាប់គ្រាបច្ចុប្បន្ននេះ។ ដូច្នេះ យើងត្រូវតែចុះចូលនឹងអាជ្ញាធរជាន់ខ្ពស់ កាលដែលយើងចាត់ទុកក្រិត្យវិន័យនិងអំណាចរបស់ព្រះ ថាមានអាទិភាពជាងគេ។
អំណាចគ្រប់គ្រងក្នុងគ្រួសារ
១១. តើអ្នកនឹងពន្យល់អំពីគោលការណ៍សំរាប់ឋានៈមេដឹកនាំយ៉ាងដូចម្ដេច?
១១ គ្រួសារគឺជាក្រុមដ៏សំខាន់នៃសង្គមមនុស្ស។ ក្នុងគ្រួសារ ប្ដីប្រពន្ធអាចរកបានមិត្តភាពដែលផ្ដល់ផលល្អ ហើយកូនក្មេងអាចមានការការពារនិងទទួលការបង្ហាត់អប់រំសំរាប់ភាពពេញវ័យ។ (សុភាសិត ៥:១៥-២១; អេភេសូរ ៦:១-៤) របៀបរៀបចំដ៏ល្អពិសេសបែបនេះ គឺត្រូវតែរៀបចំឡើងក្នុងរបៀបដែលជួយសមាជិកគ្រួសារឲ្យរស់នៅដោយក្សេមក្សាន្ត និងសុខដុមរមនាជានិច្ច។ វិធីរបស់ព្រះយេហូវ៉ាសំរាប់សម្រេចការនេះ គឺតាមរយៈគោលការណ៍សំរាប់ឋានៈមេដឹកនាំ ដែលបានសង្ខេបដោយពាក្យទាំងនេះ ក្នុងកូរិនថូសទី១ ១១:៣៖ «ព្រះគ្រីស្ទជាសិរសានៃបុរសទាំងអស់ ឯបុរសវិញ នោះជាក្បាលនៃស្ត្រី ហើយសិរសានៃព្រះគ្រីស្ទ គឺជាព្រះ»។
១២, ១៣. តើអ្នកណាជាមេគ្រួសារ ហើយយើងអាចរៀនអ្វីពីរបៀបដែលព្រះយេស៊ូប្រើឋានៈជាមេដឹកនាំរបស់ទ្រង់?
១២ ប្ដីគឺជាមេនៃគ្រួសារ។ ប៉ុន្តែ មានមេដឹកនាំលើគាត់ដែរ—គឺព្រះយេស៊ូគ្រីស្ទ។ ប៉ុលបានសរសេរថា៖ «បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង»។ (អេភេសូរ ៥:២៥) ប្ដីបង្ហាញឲ្យឃើញថាខ្លួនគេចុះចូលនឹងព្រះគ្រីស្ទ ក្នុងរបៀបដែលគេប្រព្រឹត្តនឹងប្រពន្ធខ្លួន ដូចរបៀបដែលព្រះយេស៊ូតែងបានប្រព្រឹត្តនឹងក្រុមជំនុំដែរ។ (យ៉ូហានទី១ ២:៦) អំណាចធំបានត្រូវប្រគល់ឲ្យព្រះយេស៊ូ ប៉ុន្តែទ្រង់ប្រើអំណាចនោះដោយថ្នម ស្រឡាញ់ និងសមហេតុផលជាទីបំផុត។ (ម៉ាថាយ ២០:២៥-២៨) កាលទ្រង់ជាមនុស្ស ព្រះយេស៊ូមិនដែលរំលោភលើឋានៈរបស់ទ្រង់ ជាអ្នកកាន់អំណាចគ្រប់គ្រងនោះឡើយ។ ទ្រង់គឺ«ស្លូត ហើយមានចិត្តសុភាព» ហើយទ្រង់ហៅពួកអ្នកកាន់តាមទ្រង់ថាជា‹មិត្តសំឡាញ់› ជាជាង«បាវបំរើ»។ ទ្រង់បានសន្យានឹងពួកគេថា «ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក» ហើយទ្រង់បានធ្វើតាមពាក្យសន្យានេះមែន។—ម៉ាថាយ ១១:២៨, ២៩; យ៉ូហាន ១៥:១៥
១៣ គំរូរបស់ព្រះយេស៊ូបង្រៀនប្ដីថា ឋានៈមេដឹកនាំគ្រីស្ទាន មិនមែនជាឋានៈសំរាប់សង្កត់ជិះជាន់យ៉ាងឃោរឃៅនោះទេ។ ផ្ទុយទៅវិញ វាគឺជាឋានៈដែលប្ដីកាន់សំរាប់សម្ដែងសេចក្ដីគោរពនិងសេចក្ដីស្រឡាញ់ទាំងបូជាខ្លួន។ នេះច្បាស់ជាមិនអនុញ្ញាតឲ្យមានការធ្វើបាបដល់រូបកាយគូភរិយា ឬជេរស្តីដល់នាងឡើយ។ (អេភេសូរ ៤:២៩, ៣១, ៣២; ៥:២៨, ២៩; កូល៉ុស ៣:១៩) ដូច្នេះ ប្រសិនបើបុរសគ្រីស្ទានធ្វើបាបឬជេរស្តីដល់ប្រពន្ធខ្លួន នោះការល្អឯទៀតរបស់គាត់នឹងទៅជាអសារឥតការទទេ ហើយឯសេចក្ដីអធិស្ឋានរបស់គាត់ក៏នឹងបានត្រូវបង្អាក់ដែរ។—កូរិនថូសទី១ ១៣:១-៣; ពេត្រុសទី១ ៣:៧
១៤, ១៥. តើតាមរបៀបណាដែលចំណេះអំពីព្រះ ជួយប្រពន្ធឲ្យចុះចូលនឹងប្ដីរបស់នាង?
១៤ ពេលដែលប្ដីធ្វើតាមគំរូរបស់ព្រះយេស៊ូ នោះប្រពន្ធរបស់គាត់នឹងស្រួលធ្វើតាមពាក្យដែលចែងក្នុងអេភេសូរ ៥:២២, ២៣ថា៖ «ស្ត្រីរាល់គ្នាអើយ ចូរឲ្យចុះចូលចំពោះប្ដីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ ដ្បិតប្ដីជាក្បាលនៃប្រពន្ធ ដូចជាព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំដែរ»។ ដូចប្ដីដែលត្រូវចុះចូលនឹងព្រះគ្រីស្ទ នោះប្រពន្ធក៏ត្រូវចុះចូលនឹងប្ដីរបស់នាងដែរ។ ព្រះគម្ពីរក៏ប្រាប់យ៉ាងច្បាស់ថា ប្រពន្ធដែលមានសមត្ថភាព សមទទួលកិត្ដិយសនិងសេចក្ដីសរសើរចំពោះប្រាជ្ញាដ៏ចេះគោរពកោតខ្លាចព្រះ និងសេចក្ដីឧស្សាហ៍របស់នាង។—សុភាសិត ៣១:១០-៣១
១៥ ការចុះចូលរបស់ប្រពន្ធគ្រីស្ទានចំពោះប្ដីរបស់នាង គឺមានល័ក្ខខ័ណ្ឌ។ នេះមានន័យថា ត្រូវគោរពតាមព្រះជាជាងមនុស្ស ប្រសិនបើការចុះចូលក្នុងប្រការណាមួយនឹងនាំឲ្យមានការប្រឆាំងនឹងក្រិត្យវិន័យរបស់ព្រះ។ សូម្បីតែដូច្នេះ ប្រពន្ធគួរសម្ដែងជំហរដ៏មាំមួនរបស់នាង ដោយសេចក្ដី«សំឡូតហើយរម្យទម»។ គេគួរឃើញជាក់ស្តែងថា ចំណេះអំពីព្រះបានធ្វើឲ្យនាងក្លាយជាប្រពន្ធដ៏ល្អប្រសើរឡើង។ (ពេត្រុសទី១ ៣:១-៤) នេះក៏ត្រូវដូច្នោះដែរ ចំពោះប្ដីគ្រីស្ទាន ដែលមានប្រពន្ធជាអ្នកឥតមានជំនឿនោះ។ ការធ្វើតាមគោលការណ៍នៃព្រះគម្ពីរ គួរធ្វើឲ្យគាត់ក្លាយជាប្ដីដ៏ល្អប្រសើរឡើង។
១៦. តើតាមរបៀបណាដែលកូនក្មេងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូ ពេលដែលទ្រង់នៅក្មេង?
១៦ អេភេសូរ ៦:១ ប្រាប់ចំណុចសំខាន់នៃមុខនាទីរបស់កូន ដោយចែងថា៖ «ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ»។ កូនក្មេងគ្រីស្ទានធ្វើតាមគំរូរបស់ព្រះយេស៊ូ ដែលនៅចុះចូលក្រោមអំណាចនៃមាតាបិតាទ្រង់ជានិច្ច កាលទ្រង់ធំពេញវ័យឡើង។ ជាកុមារដែលស្ដាប់បង្គាប់ ទ្រង់«ក៏កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ នឹងចិត្តមនុស្សផង»។—លូកា ២:៥១, ៥២
១៧. របៀបដែលឪពុកម្ដាយប្រើអំណាចគ្រប់គ្រង អាចមានឥទ្ធិពលយ៉ាងណាលើកូនរបស់គេ?
១៧ របៀបដែលឪពុកម្ដាយកាន់កាប់ភារកិច្ចរបស់គេ អាចមានឥទ្ធិពលលើកូនរបស់គេ ថាតើគេនឹងគោរពតាមអំណាចគ្រប់គ្រងឬក៏នឹងបះបោរប្រឆាំងទៅវិញ។ (សុភាសិត ២២:៦) ដូច្នេះ ជាការល្អដែលឪពុកម្ដាយសួរខ្លួនគេថា ‹តើខ្ញុំប្រើអំណាចរបស់ខ្ញុំដោយសេចក្ដីស្រឡាញ់ឬក៏ដោយសេចក្ដីសាហាវ? តើខ្ញុំបណ្ដោយកូនណាស់ឬ›? ឪពុកម្ដាយដែលដើរតាមផ្លូវព្រះ គឺត្រូវមានសេចក្ដីស្រឡាញ់ហើយចេះគិតដល់កូន ប៉ុន្តែត្រូវមានចិត្តមាំមួនក្នុងការធ្វើតាមគោលការណ៍របស់ព្រះ។ ត្រឹមត្រូវណាស់ ប៉ុលបានសរសេរថា៖ «ឪពុករាល់គ្នាអើយ កុំឲ្យចាក់រុកកូនរបស់ខ្លួន[តាមន័យពាក្យ ‹ធ្វើឲ្យគេខឹង›]ឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់[ព្រះយេហូវ៉ា]វិញ»។—អេភេសូរ ៦:៤; កូល៉ុស ៣:២១
១៨. តើការទូន្មានប្រដៅរបស់ឪពុកម្ដាយត្រូវធ្វើឡើងយ៉ាងដូចម្ដេច?
១៨ ឪពុកម្ដាយគួរតែពិនិត្យពិច័យវិធីបង្ហាត់របស់គេ ជាពិសេសប្រសិនបើគេចង់ឲ្យកូនរបស់គេចេះស្ដាប់បង្គាប់ ហើយនឹងនាំឲ្យគេមានសេចក្ដីអំណរនោះ។ (សុភាសិត ២៣:២៤, ២៥) ក្នុងព្រះគម្ពីរ ការទូន្មានប្រដៅជាបឋមគឺជាការបង្រៀនមួយប្រភេទ។ (សុភាសិត ៤:១; ៨:៣៣) វាគឺជាប់ទាក់ទងនឹងសេចក្ដីស្រឡាញ់និងសេចក្ដីស្លូតបូត មិនមែនកំហឹងនិងអំពើឃោរឃៅនោះទេ។ ដូច្នេះ ឪពុកម្ដាយគ្រីស្ទានត្រូវតែប្រព្រឹត្តដោយប្រាជ្ញា និងត្រូវចេះទប់ខ្លួន ពេលទូន្មានប្រដៅកូន។—សុភាសិត ១:៧
អំណាចគ្រប់គ្រងក្នុងក្រុមជំនុំ
១៩. តើព្រះបានប្រទានឲ្យមានសណ្ដាប់ធ្នាប់ក្នុងក្រុមជំនុំគ្រីស្ទានយ៉ាងដូចម្ដេច?
១៩ ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏មានសណ្ដាប់ធ្នាប់ ដូច្នេះគឺសមហេតុផលដែលទ្រង់នឹងផ្ដល់ការដឹកនាំដែលមានអំណាចនិងមានរបៀបរៀបរយ សំរាប់រាស្ត្ររបស់ទ្រង់។ ដោយហេតុនេះ ទ្រង់ក៏បានតែងតាំងព្រះយេស៊ូ ជាមេដឹកនាំក្រុមជំនុំគ្រីស្ទាន។ (កូរិនថូសទី១ ១៤:៣៣, ៤០; អេភេសូរ ១:២០-២៣) ក្រោមការដឹកនាំដែលមើលមិនឃើញរបស់ព្រះគ្រីស្ទ ព្រះបានអនុញ្ញាតឲ្យមានរបៀបរៀបចំមួយ ដែលមានពួកចាស់ទុំតែងតាំងក្នុងក្រុមជំនុំនិមួយៗ ឃ្វាលហ្វូងបរិស័ទដោយខ្នះខ្នែង ដោយស្ម័គ្រចិត្ត និងដោយសេចក្ដីស្រឡាញ់។ (ពេត្រុសទី១ ៥:២, ៣) ពួកអ្នកបំរើជំនួយជួយពួកចាស់ទុំក្នុងរបៀបផ្សេងៗ និងធ្វើកិច្ចការបំរើដ៏មានតម្លៃក្នុងក្រុមជំនុំ។—ភីលីព ១:១
២០. ហេតុអ្វីបានជាយើងគួរចុះចូលនឹងពួកអ្នកចាស់ទុំគ្រីស្ទានដែលបានតែងតាំង ហើយហេតុអ្វីក៏ការនេះនាំមកនូវផលប្រយោជន៍?
២០ អំពីពួកអ្នកចាស់ទុំគ្រីស្ទាន ប៉ុលបានសរសេរថា៖ «ចូរស្ដាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះ បានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ»។ (ហេព្រើរ ១៣:១៧) ដោយប្រាជ្ញា ព្រះបានប្រគល់ឲ្យពួកគ្រីស្ទានដែលមើលខុសត្រូវនូវភារកិច្ច មើលថែរក្សាសេចក្ដីត្រូវការខាងវិញ្ញាណនៃពួកក្នុងក្រុមជំនុំ។ ពួកអ្នកចាស់ទុំទាំងនេះមិនមែនរួមគ្នាតែងតាំងឡើងជាគណៈបព្វជិតឡើយ។ ពួកគេជាអ្នកបំរើ ជាបាវរបស់ព្រះ ជួយផ្គត់ផ្គង់ដល់សេចក្ដីត្រូវការនៃពួកអ្នកដែលថ្វាយបង្គំជាមួយគ្នា គឺដូចចៅហ្វាយរបស់យើង គឺព្រះយេស៊ូគ្រីស្ទបានប្រព្រឹត្តអញ្ចឹងដែរ។ (យ៉ូហាន ១០:១៤, ១៥) ដោយដឹងថា ពួកបុរសដែលមានគុណវុឌ្ឍិត្រឹមត្រូវតាមបទគម្ពីរ យកចិត្តទុកដាក់ចំពោះការចំរើននិងការលូតលាស់ខាងវិញ្ញាណរបស់យើង នោះយើងគួរមានទឹកចិត្តជួយរួបរួមកម្លាំងជាមួយ ហើយចុះចូលនឹងពួកគេផង។—កូរិនថូសទី១ ១៦:១៦
២១. តើតាមរបៀបណាដែលពួកចាស់ទុំដែលបានតែងតាំង ខំជួយពួកគ្រីស្ទានខាងវិញ្ញាណ?
២១ នៅពេលខ្លះ ចៀមប្រហែលជាវង្វេង ឬត្រូវរងគ្រោះថ្នាក់ដោយព្រោះរបស់អាក្រក់ក្នុងលោកីយ៍។ ក្រោមការដឹកនាំនៃអ្នកគង្វាលដ៏ឧត្តម ពួកអ្នកចាស់ទុំដែលជាអ្នកគង្វាលរង គឺប្រុងប្រៀបជួយពួកដែលនៅក្រោមការថែទាំរបស់គេ ហើយខំប្រឹងយកចិត្តទុកដាក់ដល់ពួកគេដោយផ្ទាល់ខ្លួន។ (ពេត្រុសទី១ ៥:៤) ពួកគេទៅជួបសមាជិកក្រុមជំនុំ ហើយជួយឲ្យយោបល់លើកទឹកចិត្ត។ ដោយដឹងថា អារក្សរករំខានដល់សេចក្ដីសុខសាន្តនៃរាស្ត្ររបស់ព្រះ នោះពួកចាស់ទុំប្រើប្រាជ្ញាពីព្រះ ក្នុងការដោះស្រាយបញ្ហាណាមួយ។ (យ៉ាកុប ៣:១៧, ១៨) ពួកគេខំរក្សាឲ្យមានឯកភាពនិងឯកមតិនៃជំនឿ ជាអ្វីដែលព្រះយេស៊ូព្រះអង្គទ្រង់បានអធិស្ឋានឲ្យមាននោះ។—យ៉ូហាន ១៧:២០-២២; កូរិនថូសទី១ ១:១០
២២. តើអ្វីជាជំនួយដែលពួកចាស់ទុំផ្ដល់ឲ្យក្នុងករណីនៃអំពើខុសទំនង?
២២ ចុះយ៉ាងណាទៅ ប្រសិនបើគ្រីស្ទានម្នាក់ត្រូវរងអំពើអាក្រក់ ឬត្រូវបាក់ទឹកចិត្ត ពីព្រោះបានប្រព្រឹត្តអំពើបាបអ្វីមួយនោះ? ឱវាទព្រះគម្ពីរដែលបន្ធូរសេចក្ដីសៅហ្មងនិងសេចក្ដីអធិស្ឋានពីជម្រៅចិត្តនៃពួកអ្នកចាស់ទុំសំរាប់ជននេះ អាចជួយឲ្យគេមានសុខភាពល្អខាងវិញ្ញាណឡើងវិញ។ (យ៉ាកុប ៥:១៣-១៥) ពួកបុរសទាំងនេះ តែងតាំងដោយវិញ្ញាណបរិសុទ្ធ ក៏មានអំណាចទូន្មានប្រដៅនិងស្តីប្រដៅបុគ្គលណាដែលប្រព្រឹត្តអំពើខុសទំនង ឬធ្វើឲ្យមានគ្រោះថ្នាក់ដល់ភាពស្អាតស្អំខាងវិញ្ញាណនិងសីលធម៌នៃក្រុមជំនុំដែរ។ (កិច្ចការ ២០:២៨; ទីតុស ១:៩; ២:១៥) ដើម្បីរក្សាក្រុមជំនុំឲ្យបានស្អាតស្អំជានិច្ច នោះបុគ្គលទាំងឡាយត្រូវរាយការណ៍ប្រាប់ជាចាំបាច់ នូវអំពើខុសទំនងដ៏ធ្ងន់ធ្ងរ។ (លេវីវិន័យ ៥:១) ប្រសិនបើគ្រីស្ទានម្នាក់ដែលបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរមួយ សុខចិត្តទទួលយកការទូន្មានប្រដៅនិងពាក្យស្តីប្រដៅ ហើយសម្ដែងឲ្យឃើញជាភស្តុតាងថាគាត់បានកែប្រែចិត្តមែន នោះគេនឹងជួយគាត់បាន។ ប្រាកដហើយ ពួកអ្នកបំពានលើក្រិត្យវិន័យរបស់ព្រះដោយមិនព្រមឈប់ មិនព្រមកែប្រែចិត្តសោះ នោះនឹងដាច់មិត្តភាពពីក្រុមជំនុំ។—កូរិនថូសទី១ ៥:៩-១៣
២៣. តើអ្វីដែលអ្នកមើលខុសត្រូវគ្រីស្ទានផ្ដល់ឲ្យ ដើម្បីជាប្រយោជន៍ដល់ក្រុមជំនុំ?
២៣ ព្រះគម្ពីរបានទាយប្រាប់ថា នៅក្រោមព្រះយេស៊ូគ្រីស្ទដែលជាស្តេច ពួកបុរសដែលមានគំនិតចាស់ទុំខាងវិញ្ញាណនឹងត្រូវតែងតាំង ឲ្យជួយសម្រាលទុក្ខ ការពារ និងលំហើយចិត្តរាស្ត្ររបស់ព្រះ។ (អេសាយ ៣២:១, ២) ពួកគេនឹងនាំមុខជាអ្នកផ្សាយប្រកាស អ្នកគង្វាល និងគ្រូបង្រៀន ដើម្បីជួយឲ្យមានការរីកចំរើនឡើងខាងវិញ្ញាណ។ (អេភេសូរ ៤:១១, ១២, ១៦) ថ្វីបើអ្នកមើលខុសត្រូវគ្រីស្ទាន ជួនកាលត្រូវស្តីប្រដៅ ស្តីបន្ទោស និងដាស់តឿនពួកអ្នកមានជំនឿដូចគ្នាក៏ដោយ ការធ្វើតាមសេចក្ដីបង្រៀនដ៏ល្អប្រពៃរបស់ពួកអ្នកចាស់ទុំ ដែលសំអាងលើបន្ទូលរបស់ព្រះ នឹងជួយរក្សាទាំងអស់គ្នាឲ្យស្ថិតនៅលើផ្លូវដែលនាំទៅដល់ជីវិត។—សុភាសិត ៣:១១, ១២; ៦:២៣; ទីតុស ២:១
ទទួលស្គាល់ទស្សនៈរបស់ព្រះយេហូវ៉ាអំពីអំណាចគ្រប់គ្រង
២៤. តើយើងបានទទួលការសាកល្បងអំពីរឿងអ្វីជារៀងរាល់ថ្ងៃ?
២៤ បុរសនិងស្ត្រីដំបូងបានទទួលការសាកល្បងអំពីរឿងចុះចូលក្រោមអំណាចគ្រប់គ្រង។ មិនជាការភ្ញាក់ផ្អើលទេ ការសាកល្បងស្រដៀងគ្នានេះក៏នៅចំពោះមុខយើងជារៀងរាល់ថ្ងៃដែរ។ អារក្សសាតាំងបានផ្សព្វផ្សាយឲ្យមានគតិនៃការបះបោរក្នុងចំណោមមនុស្សជាតិ។ (អេភេសូរ ២:២) ដំណើរពឹងពាក់លើខ្លួន បានត្រូវសម្ដែងឲ្យឃើញថា ជាការល្អគាប់ចិត្តជាងការចុះចូលក្រោមអំណាចទៅវិញ។
២៥. តើមានផលប្រយោជន៍អ្វីខ្លះពីការបដិសេធគតិបះបោររបស់លោកីយ៍នេះ ហើយពីការចុះចូលចំពោះអំណាចគ្រប់គ្រងដែលព្រះប្រើឬអនុញ្ញាតឲ្យមាន?
២៥ ប៉ុន្តែ យើងត្រូវតែបដិសេធគតិបះបោររបស់លោកីយ៍។ ដោយធ្វើដូច្នេះ យើងនឹងឃើញថា ការចុះចូលចំពោះព្រះនឹងនាំឲ្យមានរង្វាន់យ៉ាងវិសេសជាច្រើន។ ជាឧទាហរណ៍ យើងនឹងជៀសវាងពីការថប់បារម្ភនិងការក្ដៅក្រហាយ ដែលមានជាទូទៅចំពោះអស់អ្នកដែលរករឿងជំទាស់នឹងអាជ្ញាធរក្រៅសាសនា។ យើងនឹងមិនសូវមានការរង្កៀសចិត្តគ្នា ដែលឃើញមានក្នុងគ្រួសារជាច្រើន។ ហើយយើងនឹងទទួលបានផលប្រយោជន៍ពីការរួបរួមគ្នាដ៏កក់ក្ដៅ ដ៏ស្រឡាញ់រាប់អានជាមួយពួកមិត្តគ្រីស្ទានរបស់យើងដែលមានជំនឿដូចគ្នា។ សំខាន់ជាងគេបំផុត កាលដែលយើងចុះចូលចំពោះព្រះ នឹងធ្វើឲ្យយើងមានប្រាស្រ័យដ៏ល្អជាមួយនឹងព្រះយេហូវ៉ា ជាព្រះដែលមានអំណាចខ្ពង់ខ្ពស់បំផុត។
សាកល្បងចំណេះរបស់អ្នក
តើព្រះយេហូវ៉ាប្រើអំណាចគ្រប់គ្រងរបស់ទ្រង់យ៉ាងដូចម្ដេច?
តើអ្នកណាជា«អាជ្ញាធរជាន់ខ្ពស់» ហើយយើងចុះចូលក្រោមពួកគេយ៉ាងដូចម្ដេច?
តើគោលការណ៍នៃឋានៈមេដឹកនាំ ដាក់បន្ទុកអ្វីលើសមាជិកនិមួយៗក្នុងគ្រួសារ?
តើតាមរបៀបណាដែលយើងអាចបង្ហាញការចុះចូលក្នុងក្រុមជំនុំគ្រីស្ទាន?
[ប្រអប់នៅទំព័រ១៣៤]
ការចុះចូល មិនមែនការធ្វើវិទ្ធង្សនាទេ
តាមរយៈសកម្មភាពផ្សាយប្រកាសជាសាធារណៈរបស់គេ ស្មរបន្ទាល់ព្រះយេហូវ៉ាចង្អុលទៅព្រះរាជាណាចក្រនៃព្រះ ថាជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សលោក សំរាប់សន្ដិភាពនិងសន្ដិសុខពិត។ ប៉ុន្តែ ពួកអ្នកប្រកាសដំណឹងល្អព្រះរាជាណាចក្រនៃព្រះដ៏ខ្នះខ្នែងទាំងនេះ គឺមិនមែនធ្វើវិទ្ធង្សនាប្រឆាំងនឹងរដ្ឋាភិបាលដែលគេរស់នៅក្រោមនោះឡើយ។ ផ្ទុយទៅវិញ ពួកស្មរបន្ទាល់គឺក្នុងចំណោមពលរដ្ឋដ៏ចេះគោរពនិងធ្វើតាមច្បាប់ជាទីបំផុត។ មន្ត្រីផ្លូវការម្នាក់នៅប្រទេសអាហ្វ្រិក មានប្រសាសន៍ថា៖ «ប្រសិនបើនិកាយសាសនាទាំងអស់ គឺដូចស្មរបន្ទាល់ព្រះយេហូវ៉ា នោះយើងនឹងមិនមានឃាតកម្ម ការលបចូលលួច ការប្រព្រឹត្តបទល្មើស មនុស្សជាប់គុក និងគ្រាប់បែកបរមាណូឡើយ។ ទ្វារផ្ទះនឹងមិនចាំបាច់ចាក់សោទេជារៀងរាល់ថ្ងៃ»។
ដោយបានជ្រាបដូច្នេះ ពួកមន្ត្រីផ្លូវការក្នុងប្រទេសជាច្រើន បានបើកអនុញ្ញាតឲ្យពួកស្មរបន្ទាល់ធ្វើកិច្ចការផ្សាយប្រកាសដោយឥតរារាំងឡើយ។ ក្នុងប្រទេសផ្សេងឯទៀត បម្រាមឬកំរិតល័ក្ខខ័ណ្ឌបានត្រូវគេលើកចេញ ពេលអាជ្ញាធរបានដឹងថា ស្មរបន្ទាល់ព្រះយេហូវ៉ាគឺជាអ្នកមានឥទ្ធិពលល្អទេ។ នេះគឺដូចសាវ័កប៉ុលបានសរសេរអញ្ចឹង អំពីការគោរពតាមអាជ្ញាធរជាន់ខ្ពស់៖ «ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងពោលសរសើរដល់អ្នកហើយ»។—រ៉ូម ១៣:១, ៣