ប្ដីនិងអ្នកចាស់ទុំ—ការថ្លឹងថ្លែងករណីយកិច្ច
‹អ្នកត្រួតពិនិត្យគួរតែជាប្ដីដែលមានប្រពន្ធតែមួយ›។—ធីម៉ូថេទី១ ៣:២
១, ២. ហេតុអ្វីក៏ការធ្វើឲ្យសង្ឃនៅលីវជាការឥតសមស្របតាមបទគម្ពីរ?
នៅសតវត្សទីមួយ ពួកគ្រីស្ទានស្មោះត្រង់ជាច្រើនមានចិត្តខ្វល់ខ្វាយនឹងការថ្លឹងថ្លែងករណីយកិច្ចផ្សេងៗរបស់គេ។ នៅពេលដែលសាវ័កប៉ុលបានមានប្រសាសន៍ថាគ្រីស្ទាននៅលីវ ‹នឹងធ្វើបានល្អប្រសើរជាង› តើគាត់ចង់បានសេចក្ដីថាបុរសបែបនេះសមធ្វើជាអ្នកត្រួតពិនិត្យម្នាក់ក្នុងក្រុមជំនុំគ្រីស្ទានឬ? តើគាត់ចង់បានសេចក្ដីថាភាពនៅលីវជាសេចក្ដីតម្រូវមួយសំរាប់ធ្វើជាអ្នកចាស់ទុំឬ? (កូរិនថូសទី១ ៧:៣៨) ភាពនៅលីវជាសេចក្ដីតម្រូវមួយសំរាប់បព្វជិតកាតូលិក។ ប៉ុន្តែ តើការធ្វើឲ្យសង្ឃនៅលីវជាការសមស្របតាមបទគម្ពីរឬទេ? សាសនាអូធូដុក្សបូព៌ាអនុញ្ញាតឲ្យសង្ឃរបស់ខ្លួនរៀបការ តែមិនឲ្យពួកអេវ៉ែករបស់ខ្លួនរៀបការទេ។ តើការនេះសមស្របតាមព្រះគម្ពីរឬទេ?
២ សាវ័ក១២នាក់របស់ព្រះគ្រីស្ទ ដែលជាគ្រឹះសមាជិកនៃក្រុមជំនុំគ្រីស្ទាន គឺជាពួកអ្នកដែលរៀបការ។ (ម៉ាថាយ ៨:១៤, ១៥; អេភេសូរ ២:២០) ប៉ុលបានសរសេរថា៖ «តើគ្មានច្បាប់នឹងនាំសិស្សស្រីម្នាក់ ជាប្រពន្ធយើងខ្ញុំទៅជាមួយ ដូចជាសាវកឯទៀតនឹងបងប្អូនព្រះអម្ចាស់ ហើយកេផាសដែរទេឬអី»? (កូរិនថូសទី១ ៩:៥) សព្វវចនាធិប្បាយកាតូលិកថ្មីយល់ស្របថា «ច្បាប់នៃភាពនៅលីវមានដើមកំណើតក្នុងសាសនា» ហើយថា «បព្វជិតនៃគម្ពីរសញ្ញាថ្មីមិនចាំបាច់នៅលីវទេ»។ ចំពោះស្មរបន្ទាល់ព្រះយេហូវ៉ាវិញ ពួកគេកាន់តាមលំនាំបទគម្ពីរ ជាជាងច្បាប់សាសនា។—ធីម៉ូថេទី១ ៤:១-៣
អ្នកចាស់ទុំនិងអាពាហ៍ពិពាហ៍សមគ្នា
៣. តើមានទីសំអាងអ្វីក្នុងព្រះគម្ពីរដែលបង្ហាញថាអ្នកត្រួតពិនិត្យគ្រីស្ទានអាចរៀបការបាននោះ?
៣ ជាជាងតម្រូវពួកបុរសដែលត្រូវបានរើសតាំងធ្វើជាអ្នកត្រួតពិនិត្យ កុំឲ្យរៀបការ ប៉ុលបានសរសេរទៅទីតុសថា៖ «ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីនឹងរៀបចំការដែលនៅខ្វះ ឲ្យស្រួលបួលឡើង ហើយនឹងតាំងឲ្យមានពួកចាស់ទុំ [ពាក្យក្រិក ប្រិប៊ីស្ទើរ៉ុស (pre·sbyʹte·ros)] នៅគ្រប់ទាំងទីក្រុង គឺបើមានអ្នកណាដែលរកចាប់ទោសមិនបាន ដែលមានប្រពន្ធតែ១ ហើយមានកូនចៅជឿដែរ ឥតមានអ្នកណាចោទប្រកាន់ ថាជាមនុស្សខូចអាក្រក់ ឬរឹងចចេសអ្វីឡើយ នោះត្រូវតាំងគេចុះ ដូចជាខ្ញុំបានបង្គាប់អ្នកហើយ ដ្បិតគួរឲ្យអ្នកដែលត្រួតត្រា [«អេវ៉ែក» ចេញពីពាក្យក្រិក អិភីស្កូផូស (e·piʹsko·pos)]បានឥតសៅហ្មង ដូចជាអ្នកជំនួយរបស់ព្រះដែរ»។—ទីតុស ១:៥-៧
៤. (ក) តើយ៉ាងដូចម្ដេចបានជាយើងដឹងថា អាពាហ៍ពិពាហ៍មិនមែនជាសេចក្ដីតម្រូវចំពោះការធ្វើជាអ្នកត្រួតពិនិត្យគ្រីស្ទាន? (ខ) តើបងប្អូនប្រុសដែលនៅលីវហើយជាអ្នកចាស់ទុំម្នាក់មានប្រៀបអ្វីខ្លះជាងគេ?
៤ ម្យ៉ាងវិញទៀត អាពាហ៍ពិពាហ៍មិនមែនជាសេចក្ដីតម្រូវពីបទគម្ពីរទេចំពោះការធ្វើជាអ្នកចាស់ទុំ។ ព្រះយេស៊ូទ្រង់នៅលីវ។ (អេភេសូរ ១:២២) រីឯប៉ុល ជាអ្នកត្រួតពិនិត្យដ៏ល្អប្រសើរម្នាក់ក្នុងក្រុមជំនុំគ្រីស្ទាននៅសតវត្សទីមួយ ដែលនៅគ្រានោះគាត់ក៏មិនបានរៀបការដែរ។ (កូរិនថូសទី១ ៧:៧-៩) នៅសព្វថ្ងៃនេះ មានជនគ្រីស្ទាននៅលីវជាច្រើនបំរើជាអ្នកចាស់ទុំ។ ភាពនៅលីវរបស់គេប្រហែលជាធ្វើឲ្យគេមានពេលវេលាច្រើនក្នុងការបំពេញករណីយកិច្ចរបស់ខ្លួន ក្នុងឋានៈជាអ្នកត្រួតពិនិត្យ។
‹ចិត្តរបស់មនុស្សមានប្រពន្ធត្រូវប្រទាញប្រទង់›
៥. តើបងប្អូនប្រុសដែលរៀបការគួរតែទទួលស្គាល់សេចក្ដីចែងអ្វី?
៥ កាលណាបុរសគ្រីស្ទានម្នាក់រៀបការ គាត់គួរតែឲ្យដឹងថាគាត់នឹងទទួលយកករណីយកិច្ចថ្មី ដែលនឹងទាមទារយកពេលវេលានិងការយកចិត្តទុកដាក់ពីគាត់។ ព្រះគម្ពីរចែងថា៖ «អ្នកណាគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងព្រះអម្ចាស់ គឺធ្វើយ៉ាងណាអោយបានគាប់ព្រះហឫទ័យព្រះអង្គ។ រីឯអ្នកមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះ គឺធ្វើយ៉ាងណាអោយបានគាប់ចិត្តប្រពន្ធ ហើយចិត្តអ្នកនោះត្រូវប្រទាញប្រទង់»។ (កូរិនថូសទី១ ៧:៣២-៣៤, ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី) តើចិត្តដែលត្រូវប្រទាញប្រទង់នោះក្នុងន័យយ៉ាងណា?
៦, ៧. (ក) តើតាមរបៀបមួយណា ដែលអ្នកមានប្រពន្ធមានចិត្ត«ប្រទាញប្រទង់»? (ខ) តើប៉ុលបានឲ្យដំបូន្មានអ្វីដល់គ្រីស្ទានដែលរៀបការ? (គ) តើការនេះអាចធ្វើឲ្យបុគ្គលនោះសម្រេចចិត្តយ៉ាងណាក្នុងការទទួលយកការងារ?
៦ ចំពោះហេតុមួយ អ្នកមានប្រពន្ធត្រូវលះបង់សិទ្ធិលើរូបកាយរបស់ខ្លួន។ ប៉ុលពន្យល់រឿងនេះយ៉ាងច្បាស់ថា៖ «ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយខ្លួនឯងទេ គឺជាប្ដីវិញ ហើយប្ដីក៏មិនមែនជាម្ចាស់លើរូបកាយខ្លួនឯងដែរ គឺជាប្រពន្ធវិញ»។ (កូរិនថូសទី១ ៧:៤) ចំពោះពួកអ្នកខ្លះដែលប្រាថ្នាចង់រៀបការ គេប្រហែលជាគិតថាដំបូន្មាននេះមិនជាការសំខាន់ណាស់ណាទេ ពីព្រោះការរួមដំណេកមិនជាការសំខាន់ទេក្នុងអាពាហ៍ពិពាហ៍របស់គេ។ ក៏ប៉ុន្តែ ដោយសារតែព្រហ្មចារីភាពជាអ្វីដែលតម្រូវក្នុងព្រះគម្ពីរ ជនគ្រីស្ទានមិនដឹងសេចក្ដីត្រូវការខាងកាមរបស់គូដណ្ដឹងនាអនាគតរបស់ខ្លួនបានច្បាស់លាស់ទេ។
៧ ប៉ុលបង្ហាញថាសូម្បីតែប្ដីប្រពន្ធ ‹ដែលបានប្ដេជ្ញាចិត្តទៅខាងរបស់ខាងវិញ្ញាណ› ក៏ត្រូវតែចេះយោគយល់ដល់សេចក្ដីត្រូវការខាងកាមរបស់គេរៀងៗខ្លួនដែរ។ គាត់បានទូន្មានពួកគ្រីស្ទាននៅកូរិនថូសថា៖ «ប្ដីត្រូវបំពេញករណីយកិច្ចជាប្ដីចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះ ចំពោះប្ដីវិញដែរ។ មិនត្រូវបង្អត់គ្នាទៅវិញទៅមកឡើយ លើកលែងតែបានព្រមព្រៀងគ្នាដើម្បីទុកពេលមួយរយៈសម្រាប់អធិស្ឋានប៉ុណ្ណោះ។ រួចហើយចូររួមរស់នៅជាមួយគ្នាដូចធម្មតាវិញទៅ ក្រែងមារសាតាំងល្បួងចិត្តបងប្អូន មកពីទ្រាំមិនបាន»។ (រ៉ូម ៨:៥; កូរិនថូសទី១ ៧:៣, ៥, ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី) គួរឲ្យស្ដាយណាស់ ដែលករណីច្រើននៃការផិតគ្នាបានកើតឡើង នៅពេលមិនធ្វើតាមដំបូន្មាននេះ។ ដោយហេតុនេះ គ្រីស្ទានដែលរៀបការគួរតែថ្លឹងថ្លែងរឿងរ៉ាវនេះឲ្យបានហ្មត់ចត់ មុននឹងទទួលយកការងារណាមួយដែលបណ្ដាលឲ្យគាត់រស់នៅដាច់ពីប្រពន្ធគាត់ មួយរយៈពេលធំនោះ។ គាត់លែងមានសេរីភាពធ្វើអ្វី ដូចកាលដែលគាត់នៅលីវទៀតហើយ។
៨, ៩. (ក) តើប៉ុលចង់មានន័យយ៉ាងណា ពេលគាត់និយាយថាគ្រីស្ទានដែលរៀបការ «តែងរវល់នឹងការនៅលោកីយនេះ»? (ខ) តើគ្រីស្ទានដែលរៀបការគួរតែខំខ្នះខ្នែងធ្វើអ្វី?
៨ ក្នុងន័យអ្វីដែលថាជនគ្រីស្ទានដែលមានប្រពន្ធ រួមទាំងអ្នកចាស់ទុំ «តែងរវល់នឹងការនៅលោកីយនេះ[koʹsmos]»។ (កូរិនថូសទី១ ៧:៣៣) ជាការច្បាស់ណាស់ នៅទីនេះប៉ុលមិនបាននិយាយអំពីសេចក្ដីអាក្រក់ៗក្នុងលោកីយ៍នេះទេ ដែលជនគ្រីស្ទានពិតទាំងអស់គ្នាត្រូវជៀសចេញនោះ។ (ពេត្រុសទី២ ១:៤; ២:១៨-២០; យ៉ូហានទី១ ២:១៥-១៧) ពាក្យបន្ទូលរបស់ព្រះបង្គាប់យើង «ឲ្យលះចោលសេចក្ដីទមិលល្មើស នឹងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ[koʹsmi·kos] ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្ដីធ្ងន់ធ្ងរ សេចក្ដីសុចរិត ហើយដោយគោរពប្រតិបត្ដិដល់ព្រះវិញ»។—ទីតុស ២:១២
៩ ដូច្នេះ ជនគ្រីស្ទានដែលរៀបការ «តែងរវល់នឹងការនៅលោកីយនេះ» ក្នុងន័យថា គាត់ឬនាងខ្វល់ខ្វាយនឹងរបស់របរសាមញ្ញដែលទាក់ទងក្នុងជីវភាពអាពាហ៍ពិពាហ៍។ របស់របរនេះមានដូចជាផ្ទះសម្បែង ម្ហូបអាហារ សំលៀកបំពាក់ ការកំសាន្ត—ហើយបើមានកូនចៅ នោះរឹតតែមានកង្វល់ច្រើនទៅទៀត។ សូម្បីតែចំពោះប្ដីប្រពន្ធដែលឥតមានកូនចៅ ដើម្បីឲ្យអាពាហ៍ពិពាហ៍របស់គេបានជោគជ័យ ប្ដីប្រពន្ធទាំងពីរត្រូវតែខំខ្នះខ្នែង«គាប់ចិត្ត»គ្នាទៅវិញទៅមក។ រឿងនេះជាការចាប់អារម្មណ៍ដ៏ពិសេសចំពោះពួកអ្នកចាស់ទុំ ក្នុងកាលដែលគេថ្លឹងថ្លែងករណីយកិច្ចរបស់គេ។
ប្ដីល្អក៏ជាអ្នកចាស់ទុំល្អ
១០. ដើម្បីឲ្យគ្រីស្ទានម្នាក់អាចធ្វើជាអ្នកចាស់ទុំ តើគ្រីស្ទានគ្នាឯងនិងអ្នកឯទៀតអាចសង្កេតឃើញអ្វីអំពីគាត់?
១០ អាពាហ៍ពិពាហ៍មិនមែនជាសេចក្ដីតម្រូវមួយសំរាប់ធ្វើជាអ្នកចាស់ទុំទេ តែបើសិនជាគ្រីស្ទានម្នាក់មានប្រពន្ធ មុននឹងគាត់បានទទួលតំណែងជាអ្នកចាស់ទុំ គាត់ត្រូវតែបង្ហាញជាភស្តុតាងពីការខំខ្នះខ្នែងធ្វើជាប្ដីល្អម្នាក់ ដែលចេះស្រឡាញ់ ក្នុងកាលដែលគាត់អនុវត្តប្រមុខភាពយ៉ាងត្រឹមត្រូវនោះ។ (អេភេសូរ ៥:២៣-២៥, ២៨-៣១) ប៉ុលបានសរសេរថា៖ «បើអ្នកណាប្រាថ្នាចង់ធ្វើជាអ្នកត្រួតត្រា នោះឈ្មោះថាចង់បានការល្អប្រសើរហើយ ដូច្នេះ ត្រូវឲ្យអ្នកត្រួតត្រាប្រព្រឹត្តដោយឥតកន្លែងចាប់ទោសបានចុះ ត្រូវជាមនុស្សមានប្រពន្ធតែ១»។ (ធីម៉ូថេទី១ ៣:១, ២) ក៏ត្រូវតែមានភស្តុតាងបង្ហាញថាអ្នកចាស់ទុំកំពុងតែខំប្រឹងធ្វើជាប្ដីល្អម្នាក់ដែរ ទោះបីជាប្រពន្ធរបស់គាត់ជាអ្នកជឿ ឬមិនជឿក៏ដោយ។ តាមការពិត សូម្បីតែមនុស្សនៅខាងក្រៅក្រុមជំនុំ ក៏គេគួរតែសម្គាល់ឃើញថាគាត់មើលថែរក្សាប្រពន្ធនិងភារកិច្ចឯទៀតរបស់គាត់បានល្អដែរ។ ប៉ុលបានសរសេរទៀតថា៖ «ត្រូវឲ្យអ្នកនោះមានឈ្មោះល្អពីអ្នកដទៃផង ក្រែងគេត្មះតិះដៀល ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស»។—ធីម៉ូថេទី១ ៣:៧
១១. តើឃ្លាដែលថា«មនុស្សមានប្រពន្ធតែ១» បញ្ជាក់យ៉ាងណា ដូច្នេះតើអ្នកចាស់ទុំត្រូវតែប្រយ័ត្ននឹងអ្វី?
១១ មែនហើយ ឃ្លាដែលថា«មនុស្សមានប្រពន្ធតែ១»នេះ លុបចោលពហុពន្ធភាពទៅហើយ ហើយនេះក៏បញ្ជាក់នូវសេចក្ដីស្មោះត្រង់ក្នុងអាពាហ៍ពិពាហ៍ដែរ។ (ហេព្រើរ ១៣:៤) ជាពិសេស ពួកអ្នកចាស់ទុំត្រូវតែប្រយ័ត្ន កាលណាជួយបងប្អូនស្រីក្នុងក្រុមជំនុំ។ ពួកគេមិនត្រូវទៅម្នាក់ឯងឲ្យសោះ ពេលដែលទៅជួយបងប្អូនស្រីដែលត្រូវការដំបូន្មាននិងការលើកទឹកចិត្តនោះ។ ជាការល្អ បើគេនាំយកអ្នកចាស់ទុំម្នាក់ទៀត អ្នកងារជំនួយ ឬប្រពន្ធខ្លួន បើគ្រាន់តែទៅលេងលើកទឹកចិត្តនោះ។—ធីម៉ូថេទី១ ៥:១, ២
១២. តើសេចក្ដីរៀបរាប់អ្វីដែលប្រពន្ធនៃអ្នកចាស់ទុំនិងអ្នកងារជំនួយគួរតែធ្វើតាម?
១២ កាលដែលកំពុងតែរៀបរាប់ប្រាប់អំពីសេចក្ដីតម្រូវសំរាប់អ្នកចាស់ទុំនិងអ្នកងារជំនួយ សាវ័កប៉ុលក៏បានឲ្យសេចក្ដីទូន្មានមួយដល់ពួកប្រពន្ធនៃអស់អ្នកដែលនឹងទទួលតំណែងនេះ។ គាត់បានសរសេរថា៖ «ឯប្រពន្ធរបស់គេ ក៏ត្រូវមានចិត្តនឹងធឹងដែរ ឥតចេះនិយាយដើមគេ ជាអ្នកដឹងខ្នាត ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់»។ (ធីម៉ូថេទី១ ៣:១១) ប្ដីគ្រីស្ទានម្នាក់ៗអាចខំខ្នះខ្នែងជួយប្រពន្ធខ្លួនឲ្យបានដូចសេចក្ដីរៀបរាប់ខាងលើនេះ។
ករណីយកិច្ចក្នុងបទគម្ពីរចំពោះប្រពន្ធ
១៣, ១៤. ទោះបីជាប្រពន្ធរបស់អ្នកចាស់ទុំមិនមែនជាអ្នកជឿក៏ដោយ ហេតុអ្វីក៏គាត់ត្រូវតែនៅជាមួយនាង ហើយធ្វើជាប្ដីល្អម្នាក់?
១៣ ដំបូន្មាននេះបានឲ្យទៅពួកប្រពន្ធនៃអ្នកចាស់ទុំ ឬអ្នកងារជំនួយ ដោយសន្មតទុកជាមុនថាប្រពន្ធទាំងនេះជាគ្រីស្ទានដែលថ្វាយខ្លួនរួចហើយ។ ព្រោះអី ជាធម្មតាគ្រីស្ទានត្រូវបានតម្រូវឲ្យរៀបការ‹តែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ›។ (កូរិនថូសទី១ ៧:៣៩) ចុះយ៉ាងណាវិញចំពោះបងប្អូនប្រុសម្នាក់ ដែលបានរៀបការជាមួយអ្នកមិនជឿរួចហើយ ពេលដែលគាត់ថ្វាយជីវិតរបស់គាត់ទៅព្រះយេហូវ៉ានោះ ឬ ប្រពន្ធរបស់គាត់បានចាកចេញពីសេចក្ដីពិត ដែលមិនជាកំហុសគាត់នោះ?
១៤ រឿងនេះមិនគួរបញ្ឈប់គាត់ពីការធ្វើជាអ្នកចាស់ទុំឡើយ។ ហើយក៏មិនអាចយករឿងនេះជាលេស ក្នុងការរស់នៅដាច់ពីប្រពន្ធរបស់គាត់ ដោយសារតែនាងមិនមានជំនឿដូចគាត់នោះ។ ប៉ុលទូន្មានថា៖ «តើជាប់មានប្រពន្ធឬអី កុំឲ្យរកផ្លូវនឹងលែងគ្នាឡើយ»។ (កូរិនថូសទី១ ៧:២៧) គាត់បន្ថែមទៀតថា៖ «បើបងប្អូនណាមានប្រពន្ធដែលមិនជឿ តែព្រមនៅជាមួយនឹងខ្លួន នោះមិនត្រូវលះចោលនាងឡើយ។ តែបើអ្នកដែលមិនជឿ គេដកខ្លួនចេញ នោះឲ្យគេចេញចុះ យ៉ាងនោះបងប្អូនប្រុសឬស្រី នឹងមិននៅជាប់ចំណងទៀតទេ ប៉ុន្តែ ព្រះទ្រង់បានហៅយើងរាល់គ្នាឲ្យមានសេចក្ដីមេត្រីនឹងគ្នាវិញ ដ្បិតឱស្ត្រីអើយ ប្រហែលជានាងនឹងសង្គ្រោះប្ដីបានទេដឹង ឬបុរសអើយ ប្រហែលជាអ្នកនឹងសង្គ្រោះប្រពន្ធបានដែរទេដឹង»? (កូរិនថូសទី១ ៧:១២, ១៥, ១៦) ទោះបីជាប្រពន្ធរបស់គាត់មិនមែនជាស្មរបន្ទាល់ម្នាក់ក៏ដោយ ក៏អ្នកចាស់ទុំនោះគួរតែខំធ្វើជាប្ដីល្អម្នាក់ដែរ។
១៥. តើសាវ័កពេត្រុសឲ្យដំបូន្មានអ្វីដល់ពួកប្ដី ហើយអាចមានផលកម្មអ្វីបើអ្នកចាស់ទុំនោះជាប្ដីដែលមិនរវីរវល់?
១៥ ទោះបីជាប្រពន្ធរបស់គាត់ជាអ្នកជឿ ឬមិនជាអ្នកជឿក៏ដោយ គ្រីស្ទានចាស់ទុំគួរតែទទួលស្គាល់ថាប្រពន្ធរបស់គាត់ត្រូវការការយកចិត្តទុកដាក់ដ៏ស្រឡាញ់ពីគាត់។ សាវ័កពេត្រុសបានសរសេរថា៖ «ឯពួកប្រុសៗ នោះក៏ត្រូវនៅជាមួយនឹងប្រពន្ធដោយប្រាជ្ញាដែរ ដូចនឹងគ្រឿងភាជនៈដែលខ្សោយជាង គឺជាមនុស្សស្រី ព្រមទាំងរាប់អាននាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមរដកជាមួយគ្នា ដើម្បីកុំឲ្យមានអ្វីបង្អាក់ ដល់សេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាឡើយ»។ (ពេត្រុសទី១ ៣:៧) ប្ដីដែលមិនព្រមមើលរក្សាសេចក្ដីត្រូវការនៃប្រពន្ធរបស់ខ្លួន នោះធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនជាមួយព្រះយេហូវ៉ាមានគ្រោះថ្នាក់ ហើយនេះអាចបង្អាក់ដល់ការអធិស្ឋានរបស់គាត់ទៅព្រះយេហូវ៉ា ដូច«ពពក ដើម្បីមិនឲ្យសេចក្ដីអធិស្ឋានណាចូលទៅដល់បាន»។ (បរិទេវ ៣:៤៤) ការនេះអាចនាំឲ្យគាត់លែងមានសិទ្ធិបំរើជាអ្នកត្រួតពិនិត្យគ្រីស្ទានទៀត។
១៦. តើប៉ុលបាននិយាយអ្វីថាជាចំណុចសំខាន់ ហើយតើអ្នកចាស់ទុំគួរតែមានអារម្មណ៍យ៉ាងណាអំពីរឿងនេះ?
១៦ ដូចជាបានជំរាបមក ចំណុចដ៏សំខាន់នៃសេចក្ដីអធិប្បាយរបស់ប៉ុល គឺថា កាលណាបុរសម្នាក់យកប្រពន្ធ គាត់លែងមានសេរីភាពដូចពីកាលនៅលីវទៀតហើយ ដែលអនុញ្ញាតឲ្យគាត់«ឧស្សាហ៍បំរើព្រះអម្ចាស់ ឥតមានសេចក្ដីណានាំឲ្យទាស់ចិត្ត»។ (កូរិនថូសទី១ ៧:៣៥) សេចក្ដីរាយការណ៍បង្ហាញថា មានអ្នកចាស់ទុំខ្លះដែលមានប្រពន្ធហើយ មិនសូវវែកញែកឲ្យបានត្រឹមត្រូវនូវពាក្យរបស់ប៉ុលដែលព្រះបណ្ដាលឲ្យតែងនេះទេ។ ក្នុងការប៉ងប្រាថ្នាសម្រេចអ្វីដែលគេគិតថាអ្នកចាស់ទុំល្អម្នាក់គួរធ្វើ គេបែរទៅជាបំភ្លេចករណីយកិច្ចប្ដីខ្លះៗរបស់គេ។ មានអ្នកខ្លះមានចិត្តពិបាកច្រានចោលភារកិច្ចក្នុងក្រុមជំនុំ ទោះបីជាគេដឹងច្បាស់ថានេះអាចធ្វើឲ្យខូចខាតដល់ភាពវិញ្ញាណរបស់ប្រពន្ធខ្លួនក៏ដោយ។ គេសប្បាយចិត្តចង់បានអាពាហ៍ពិពាហ៍ ប៉ុន្តែតើគេសុខចិត្តបំពេញភារកិច្ចដែលមានក្នុងនោះឬទេ?
១៧. តើអ្វីដែលបានកើតឡើងដល់ប្រពន្ធខ្លះ ហើយតើនេះអាចបង្ការបានយ៉ាងណា?
១៧ អ្នកចាស់ទុំដែលមានចិត្តខំខ្នះខ្នែងជាការល្អប្រសើរ។ ក៏ប៉ុន្តែ តើគ្រីស្ទាននោះជាអ្នកចាស់ទុំចេះថ្លឹងថ្លែងម្នាក់ឬទេ បើគាត់បំពេញករណីយកិច្ចរបស់គាត់ក្នុងក្រុមជំនុំ តែពុំបានអើពើនឹងភារកិច្ចពីបទគម្ពីរចំពោះប្រពន្ធរបស់គាត់នោះ? កាលដែលគាត់ប្រាថ្នាចង់ជួយផ្គត់ផ្គង់អស់អ្នកដែលនៅក្នុងក្រុមជំនុំ អ្នកចាស់ទុំដែលចេះថ្លឹងថ្លែងក៏ត្រូវតែខ្វល់ខ្វាយអំពីភាពវិញ្ញាណនៃប្រពន្ធរបស់ខ្លួនដែរ។ ប្រពន្ធរបស់អ្នកចាស់ទុំខ្លះបានក្លាយទៅជាទន់ខ្សោយខាងវិញ្ញាណ ហើយខ្លះទៀតបានពិសោធការ‹លិចលង់បាត់ខាង›វិញ្ញាណ។ (ធីម៉ូថេទី១ ១:១៩) កាលដែលប្រពន្ធត្រូវទទួលខុសត្រូវក្នុងការឲ្យបានសង្គ្រោះខ្លួនឯង ក្នុងករណីខ្លះបញ្ហាខាងវិញ្ញាណនេះអាចជៀសវាងបាន បើអ្នកចាស់ទុំនោះបាន ‹ចិញ្ចឹមហើយថ្នាក់ថ្នម›ប្រពន្ធខ្លួន ‹ដូចជាព្រះគ្រីស្ទបានធ្វើដល់ក្រុមជំនុំនោះ›។ (អេភេសូរ ៥:២៨, ២៩) ដើម្បីឲ្យបានប្រាកដក្នុងចិត្ត អ្នកចាស់ទុំត្រូវតែ‹យកចិត្តទុកដាក់នឹងខ្លួនហើយខំថែរក្សាហ្វូងសិស្សទាំងអស់›។ (កិច្ចការ ២០:២៨) បើគេមានប្រពន្ធ នេះរួមបញ្ចូលប្រពន្ធរបស់គេដែរ។
‹សេចក្ដីទុក្ខព្រួយខាងសាច់ឈាម›
១៨. តើមាន«សេចក្ដីទុក្ខព្រួយ»អ្វីខ្លះ ដែលពួកគ្រីស្ទានរៀបការហើយបានពិសោធ ហើយតើនេះមានឥទ្ធិពលយ៉ាងណាទៅលើសកម្មភាពរបស់អ្នកចាស់ទុំ?
១៨ សាវ័កប៉ុលសរសេរទៀតថា៖ «បើស្ត្រីក្រមុំណាយកប្ដីហើយ នាងនោះក៏មិនមែនហៅថាមានបាបដែរ តែពួកអ្នកយ៉ាងនោះ នឹងមានសេចក្ដីទុក្ខព្រួយខាងសាច់ឈាម ណ្ហើយ ខ្ញុំឈប់ស្លេះប៉ុណ្ណេះចុះ ដោយព្រោះអាណិតដល់អ្នករាល់គ្នា»។ (កូរិនថូសទី១ ៧:២៨) ប៉ុលប្រាថ្នាចង់ឲ្យអស់អ្នកដែលអាចកាន់តាមគំរូគាត់ក្នុងការនៅលីវ ឲ្យរួចពីសេចក្ដីទុក្ខព្រួយក្នុងអាពាហ៍ពិពាហ៍ដែលមិនអាចជៀសផុតបាន។ សូម្បីតែចំពោះប្ដីប្រពន្ធដែលគ្មានកូន សេចក្ដីទុក្ខព្រួយទាំងនេះអាចមានជាបញ្ហាសុខភាព ឬបញ្ហាខាងលុយកាក់ ព្រមទាំងភារកិច្ចខាងបទគម្ពីរចំពោះឪពុកម្ដាយចាស់ជរារបស់គេម្នាក់ៗ។ (ធីម៉ូថេទី១ ៥:៤, ៨) អ្នកចាស់ទុំ តាមរបៀបដ៏ល្អ ត្រូវតែទទួលយកភារកិច្ចទាំងនេះ ហើយជួនកាលនេះអាចប៉ះពាល់ដល់សកម្មភាពរបស់គាត់ជាអ្នកត្រួតពិនិត្យគ្រីស្ទានម្នាក់។ គួរឲ្យរីករាយដែរ ពួកអ្នកចាស់ទុំភាគច្រើនកំពុងតែបំពេញករណីយកិច្ចក្នុងគ្រួសារនិងក្នុងក្រុមជំនុំបានយ៉ាងល្អប្រសើរ។
១៩. តើប៉ុលចង់បានសេចក្ដីយ៉ាងណា នៅពេលដែលគាត់និយាយថា៖ «គួរតែឲ្យពួកអ្នកដែលមានប្រពន្ធ បាននៅដូចជាគ្មានវិញ»?
១៩ ប៉ុលបានបន្ថែមទៀតថា៖ «ពេលវេលាចង្អៀតណាស់ហើយ ពីនេះទៅមុខ គួរតែឲ្យពួកអ្នកដែលមានប្រពន្ធ បាននៅដូចជាគ្មានវិញ»។ (កូរិនថូសទី១ ៧:២៩) ដូចជាបានឃើញរួចមកហើយ ពីសេចក្ដីដែលគាត់បានសរសេរក្នុងជំពូកនេះទៅពួកកូរិនថូស គាត់ច្បាស់ជាមិនមែនចង់បានសេចក្ដីថា ពួកគ្រីស្ទានដែលមានប្រពន្ធគួរតែបំភ្លេចប្រពន្ធខ្លួននោះឡើយ។ (កូរិនថូសទី១ ៧:២, ៣, ៣៣) ប៉ុន្តែ ពីសេចក្ដីសរសេរនេះ គាត់ចង់ជំរាបប្រាប់ថា៖ «[ចូរឲ្យ]ពួកអ្នកដែលប្រើប្រាសលោកីយនេះ ដូចជាមិនប្រើហួសខ្នាតទេ ដ្បិតគំរូនៃលោកីយនេះតែងតែផ្លាស់ទៅ»។ (កូរិនថូសទី១ ៧:៣១) នេះរឹតតែបន្ទាន់ទៅទៀតក្នុងសម័យយើងនេះ ជាងក្នុងសម័យប៉ុល ឬក្នុងសម័យយ៉ូហាន ដ្បិត‹លោកីយ៍នេះគឺកំពុងតែកន្លងទៅ›។ (យ៉ូហានទី១ ២:១៥-១៧) ដូច្នេះ គ្រីស្ទានដែលរៀបការ ដែលប្រាថ្នាចង់បូជាខ្លួនខ្លះក្នុងការកាន់តាមព្រះគ្រីស្ទ នោះពុំអាចស្រូបយកអំណរនិងឯកសិទ្ធិនៃអាពាហ៍ពិពាហ៍បានទាំងអស់ឡើយ។—កូរិនថូសទី១ ៧:៥
ប្រពន្ធដែលបូជាខ្លួន
២០, ២១. (ក) តើប្រពន្ធគ្រីស្ទានជាច្រើនបានសុខចិត្តធ្វើការបូជាខ្លួនអ្វីខ្លះ? (ខ) តើអ្វីដែលប្រពន្ធអាចសង្ឃឹមដោយត្រឹមត្រូវពីប្ដី ទោះបីគាត់ជាអ្នកចាស់ទុំក៏ដោយ?
២០ ដូចពួកអ្នកចាស់ទុំដែលខំបូជាខ្លួនដើម្បីជាប្រយោជន៍ដល់អ្នកដទៃ បណ្ដាប្រពន្ធនៃពួកអ្នកចាស់ទុំក៏ខំប្រឹងថ្លឹងថ្លែងករណីយកិច្ចនៃអាពាហ៍ពិពាហ៍របស់ខ្លួនដែរ ដើម្បីជាផលប្រយោជន៍នៃព្រះរាជាណាចក្រ។ ស្ត្រីគ្រីស្ទានរាប់ពាន់នាក់សប្បាយរីករាយនឹងធ្វើសហប្រតិបត្ដិការជាមួយប្ដីខ្លួន ដើម្បីឲ្យគេអាចបំពេញភារកិច្ចរបស់គេ ជាអ្នកត្រួតពិនិត្យ។ ព្រះយេហូវ៉ាទ្រង់ស្រឡាញ់គេណាស់ចំពោះរឿងនេះ ហើយទ្រង់ប្រទានពរដល់គេដែលគេបានសម្ដែងគំនិតដ៏ល្អនេះ។ (ភីលេម៉ូន ២៥) យ៉ាងណាក្ដី ដំបូន្មានដ៏ថ្លឹងថ្លែងរបស់ប៉ុលបង្ហាញថា ប្រពន្ធនៃអ្នកត្រួតពិនិត្យអាចទាមទារយ៉ាងត្រឹមត្រូវបាន នូវពេលវេលានិងការយកចិត្តទុកដាក់ពីប្ដីរបស់ខ្លួន។ នេះហើយជាភារកិច្ចពីបទគម្ពីរចំពោះអ្នកចាស់ទុំដែលរៀបការ គឺត្រូវបូជាពេលវេលាគ្រប់គ្រាន់សំរាប់ប្រពន្ធខ្លួន ដើម្បីឲ្យគេអាចថ្លឹងថ្លែងករណីយកិច្ចរបស់គេបាន ជាប្ដីនិងជាអ្នកត្រួតពិនិត្យ។
២១ ចុះយ៉ាងណាវិញទៅ បើអ្នកចាស់ទុំម្នាក់នោះ ដែលមិនគ្រាន់តែជាប្ដីប៉ុណ្ណោះ តែជាឪពុកម្នាក់ដែរ? នេះធ្វើឲ្យគាត់មានករណីយកិច្ចរឹតតែច្រើនទៀត ហើយនេះនឹងបើកឲ្យមានការមើលខុសត្រូវពីរផ្នែកទៀត ដែលយើងនឹងឃើញនៅក្នុងអត្ថបទជាបន្ទាប់។
ការសង្ខេបឡើងវិញ
◻ តើហេតុការណ៍ពិតខាងព្រះគម្ពីរណា ដែលបង្ហាញថាអ្នកត្រួតពិនិត្យគ្រីស្ទានអាចជាអ្នករៀបការម្នាក់?
◻ បើសិនជាអ្នកចាស់ទុំដែលនៅលីវរៀបការ តើគាត់ត្រូវតែប្រុងប្រយ័ត្នអ្វី?
◻ តាមរបៀបណាដែលគ្រីស្ទានរៀបការ ‹ខ្វល់ខ្វាយនឹងរបស់ខាងលោកីយ៍›?
◻ តើតាមរបៀបណាដែលប្រពន្ធរបស់អ្នកត្រួតពិនិត្យទាំងឡាយ បង្ហាញនូវគតិដ៏ល្អនៃការបូជាខ្លួន?
[រូបភាពនៅទំព័រ២៥]
ទោះបីមានការរវល់ជាច្រើននឹងសកម្មភាពខាងព្រះក៏ដោយ អ្នកចាស់ទុំគួរតែផ្ដល់ឲ្យសេចក្ដីស្រឡាញ់ទៅប្រពន្ធរបស់ខ្លួន