ភាពនៅលីវ—ជាទ្វារមួយសំរាប់សកម្មភាពដែលគ្មានការរំខាន
«ឲ្យអ្នករាល់គ្នាបានឧស្សាហ៍បំរើព្រះអម្ចាស់ ឥតមានសេចក្ដីណានាំឲ្យទាស់ចិត្តឡើយ»។—កូរិនថូសទី១ ៧:៣៥
១. តើប៉ុលបានទទួលដំណឹងដែលនាំឲ្យព្រួយបារម្ភអ្វីអំពីពួកគ្រីស្ទាននៅក្រុងកូរិនថូស?
សាវ័កប៉ុលបានព្រួយចិត្តពីបងប្អូនគ្រីស្ទានរបស់គាត់នៅក្រុងកូរិនថូស ប្រទេសក្រិក។ ប្រមាណប្រាំឆ្នាំមុននេះ គាត់បានស្ថាបនាក្រុមជំនុំមួយនៅក្នុងទីក្រុងដ៏រុងរឿងនោះ ដែលល្បីឈ្មោះចំពោះអំពើអសីលធម៌។ ឥឡូវនេះ ប្រហែលជានៅឆ្នាំ៥៥ ស.យ. កាលដែលគាត់នៅទីក្រុងអេភេសូរ ក្នុងភូមិភាគអាស៊ីមីនើរ គាត់បានទទួលរបាយការណ៍ដែលនាំឲ្យព្រួយបារម្ភមួយអំពីការប្រកាន់បក្សពួកក្នុងក្រុមជំនុំ ហើយអំពីការបណ្ដោយឲ្យមានអំពើអសីលធម៌ដ៏អាក្រក់។ ម្យ៉ាងទៀត ប៉ុលបានទទួលសំបុត្រមួយពីពួកគ្រីស្ទាននៅកូរិនថូស សុំសេចក្ដីណែនាំពីគាត់អំពីបញ្ហាខាងការរួមដំណេក ភាពនៅលីវ អាពាហ៍ពិពាហ៍ ការរស់នៅដាច់ពីគ្នា និងការរៀបការម្ដងទៀត។
២. អំពើអសីលធម៌ដែលមានទូទៅក្នុងក្រុងកូរិនថូស មានឥទ្ធិពលយ៉ាងណាខ្លះមកលើពួកគ្រីស្ទាននៅទីនោះ?
២ អំពើអសីលធម៌ដ៏អាក្រក់ដែលមានទូទៅក្នុងក្រុងកូរិនថូស បានមានឥទ្ធិពលមកលើក្រុមជំនុំនៅទីនោះតាមរបៀបពីរយ៉ាង។ ពួកគ្រីស្ទានខ្លះបណ្ដែតបណ្ដោយខ្លួនគេតាមបរិយាការនៃសភាពអាប់ឱនខាងសីលធម៌ ហើយអត់ធន់នឹងអំពើអសីលធម៌។ (កូរិនថូសទី១ ៥:១; ៦:១៥-១៧) ហើយចំពោះពួកគ្រីស្ទានឯទៀត តាមរយៈប្រតិកម្មរបស់គេចំពោះការកំសាន្តខាងកាមគុណដែលសម្បូរណ៍មាននៅក្នុងទីក្រុងនោះ បែរទៅជាដាស់តឿនយ៉ាងហួសហេតុឲ្យជៀសចេញពីការសេពកាម សូម្បីតែចំពោះគូស្វាមីភរិយាក៏ដោយ។—កូរិនថូសទី១ ៧:៥
៣. ក្នុងសំបុត្រទីមួយទៅពួកកូរិនថូស តើប៉ុលបានពិគ្រោះបញ្ហាអ្វីមុនគេ?
៣ ក្នុងសំបុត្រដ៏វែងមួយដែលប៉ុលបានសរសេរទៅពួកកូរិនថូស មុនដំបូង គាត់បានលើកពិគ្រោះអំពីបញ្ហានៃការបាក់បែកគ្នា។ (កូរិនថូសទី១ ជំពូក១-៤) គាត់បានដាស់តឿនពួកគេឲ្យជៀសវាងពីការកាន់តាមមនុស្ស ដែលអាចនាំទៅកាន់ដំណើរបែកមតិគ្នាប៉ុណ្ណោះ។ ពួកគេគួរតែសាមគ្គីគ្នាឲ្យសមជា«អ្នកធ្វើការជាមួយនឹងព្រះ»។ រួចមកគាត់បានឲ្យសេចក្ដីបង្គាប់ចំៗចំពោះការរក្សាក្រុមជំនុំឲ្យបានស្អាតស្អំខាងសីលធម៌។ (ជំពូក ៥, ៦) បន្ទាប់មក សាវ័កប៉ុលបានបែរអារម្មណ៍ទៅនឹងសំបុត្ររបស់គេ។
ការដាស់តឿនឲ្យនៅលីវ
៤. តើប៉ុលចង់មានប្រសាសន៍អ្វី ពេលគាត់និយាយថា «បើមនុស្សប្រុសមិនដែលប៉ះពាល់នឹងស្រីសោះ នោះល្អជាជាង»?
៤ គាត់បានចាប់ផ្ដើមដោយវោហារនេះថា៖ «ឯសេចក្ដីដែលអ្នករាល់គ្នាបានផ្ញើទៅសួរខ្ញុំ នោះខ្ញុំយល់ឃើញថា បើមនុស្សប្រុសមិនដែលប៉ះពាល់នឹងស្រីសោះ នោះល្អជាជាង»។ (កូរិនថូសទី១ ៧:១) ឃ្លាថា«មិនដែលប៉ះពាល់នឹងស្រី» ត្រង់នេះមានន័យថា ឲ្យជៀសវាងប៉ះពាល់នឹងស្ត្រីចំពោះការចំអែតកាម។ ដោយព្រោះតែប៉ុលបានផ្ដន្ទាទោសអំពើសហាយស្មន់រួចទៅហើយ ឥឡូវនេះគាត់សំដៅទៅលើការរួមដំណេកក្នុងអាពាហ៍ពិពាហ៍។ ដូច្នេះ ឥឡូវប៉ុលដាស់តឿនឲ្យនៅលីវ។ (កូរិនថូសទី១ ៦:៩, ១៦, ១៨; ប្រៀបធៀប លោកុប្បត្តិ ២០:៦; សុភាសិត ៦:២៩) ទៅមុខបន្ដិច គាត់បានសរសេរថា៖ «ខ្ញុំក៏និយាយចំពោះនឹងពួកក្រមុំកំឡោះ ហើយនឹងពួកមេម៉ាយថា បើគេនៅដូចជាខ្ញុំ នោះល្អហើយ»។ (កូរិនថូសទី១ ៧:៨) ប៉ុលជាអ្នកឥតមានប្រពន្ធទេ គាត់ប្រហែលជាបុគ្គលពោះម៉ាយម្នាក់។—កូរិនថូសទី១ ៩:៥
៥, ៦. (ក) ហេតុអ្វីក៏ប៉ុលច្បាស់ជាមិនដាស់តឿនឲ្យដឹកនាំបែបជីវភាពដូចនៅតាមវត្តនោះ? (ខ) ហេតុអ្វីបានជាប៉ុលដាស់តឿនឲ្យនៅលីវ?
៥ ប្រហែលជាពួកគ្រីស្ទាននៅកូរិនថូសបានជាប់ទាក់ទងជាមួយនឹងទស្សនវិជ្ជាក្រិក ដែលធ្វើឲ្យបក្សខ្លះបានលើកផ្សព្វផ្សាយលទ្ធិបរិច្ចាគ ឬការលះបង់ខ្លួន។ ប្រហែលនេះហើយជាមូលហេតុដែលពួកកូរិនថូសបានសួរប៉ុល ក្រែងលោនេះជាការ«ល្អជាជាង» ចំពោះពួកគ្រីស្ទានឲ្យជៀសវាងពីការសេពមេថុនទាំងអស់នោះ? ចម្លើយរបស់ប៉ុលមិនសម្ដែងឲ្យឃើញទស្សនវិជ្ជាក្រិកទេ។ (កូល៉ុស ២:៨) មិនដូចពួកសាសនវិទូកាតូលិក ឯកសារទាំងអស់របស់ប៉ុលមិនបានដាស់តឿនឲ្យដឹកនាំជីវភាពនៅលីវ ដូចតាបសនៅតាមវត្ត ដែលហាក់បីដូចជាមនុស្សនៅលីវមានភាពបរិសុទ្ធពិសេសជាង ហើយថាគេអាចជួយសង្គ្រោះខ្លួនគេ ដោយបែបជីវភាពនិងការអធិស្ឋានរបស់គេនោះទេ។
៦ ប៉ុលបានដាស់តឿនឲ្យនៅលីវ «ដោយព្រោះគ្រាលំបាកនេះ»។ (កូរិនថូសទី១ ៧:២៦) ប្រហែលជាគាត់សំដៅចំពោះគ្រាលំបាកដែលគ្រីស្ទានត្រូវតែឆ្លងកាត់ ដែលអាចធ្វើទុក្ខកាន់តែខ្លាំងទៀតបើមានប្ដីប្រពន្ធ។ (កូរិនថូសទី១ ៧:២៨) គាត់ទូន្មានពួកគ្រីស្ទាននៅលីវថា៖ «បើគេនៅដូចជាខ្ញុំ នោះល្អហើយ»។ ចំពោះពួកពោះម៉ាយ គាត់និយាយថា៖ «បើមិនទាន់ជាប់មានប្រពន្ធនៅឡើយ នោះក៏កុំឲ្យរកប្រពន្ធដែរ»។ ចំពោះពួកមេម៉ាយ គាត់សរសេរថា៖ «តាមគំនិតខ្ញុំយល់ថា បើនាងនោះនៅតែមេម៉ាយតទៅ នោះនាងបានសប្បាយជាង ហើយខ្ញុំស្មានថា ខ្ញុំមានវិញ្ញាណនៃព្រះដែរ»។—កូរិនថូសទី១ ៧:៨, ២៧, ៤០
ការមិនបង្ខំឲ្យនៅលីវ
៧, ៨. តើអ្វីបង្ហាញថាប៉ុលមិនបង្ខំគ្រីស្ទានណាម្នាក់ឲ្យនៅលីវនោះ?
៧ ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាច្បាស់ជាបានដឹកនាំប៉ុល ពេលដែលគាត់ឲ្យដំបូន្មាននេះ។ សេចក្ដីអធិប្បាយរបស់គាត់ទាំងមូលអំពីភាពនៅលីវនិងអាពាហ៍ពិពាហ៍ បង្ហាញឲ្យឃើញភាពថ្លឹងថ្លែងនិងសេចក្ដីអត់ធ្មត់។ គាត់មិននិយាយថានេះជាបញ្ហានៃភាពនៅស្មោះត្រង់ ឬមិនស្មោះត្រង់នោះទេ។ ផ្ទុយទៅវិញ នេះជាបញ្ហានៃការជ្រើសរើសផ្ទាល់ខ្លួន ដោយដាស់តឿនឲ្យនៅលីវចំពោះពួកអ្នកដែលអាចនៅលីវបាន។
៨ បន្ទាប់ពីបានចែងថា «បើមនុស្សប្រុសមិនដែលប៉ះពាល់នឹងស្រីសោះ នោះល្អជាជាង» ភ្លាមនោះប៉ុលបន្ថែមសេចក្ដីថា៖ «តែដោយព្រោះមានការសហាយស្មន់កើតឡើង បានជាគួរឲ្យគ្រប់គ្នាមានប្រពន្ធជារបស់ផងខ្លួនវិញ ហើយគ្រប់ទាំងស្រីក៏ត្រូវមានប្ដីជារបស់ផងខ្លួនដែរ»។ (កូរិនថូសទី១ ៧:១, ២) ក្រោយពីបានដាស់តឿនពួកនៅលីវនិងពួកមេម៉ាយឲ្យ«នៅដូចជាខ្ញុំ» ភ្លាមនោះប៉ុលបន្ថែមថា៖ «ប៉ុន្តែ បើអ្នកទាំងនោះអត់ទ្រាំមិនបាន នោះចូរយកប្ដីប្រពន្ធចុះ ដ្បិតដែលយកប្ដីប្រពន្ធ នោះជាជាងទ្រាំឲ្យមានសេចក្ដីរោលរាលវិញ»។ (កូរិនថូសទី១ ៧:៨, ៩) ម្ដងនេះទៀត គាត់ទូន្មានពួកពោះម៉ាយថា៖ «កុំឲ្យរកប្រពន្ធដែរ ប៉ុន្តែ បើអ្នកបានយកប្រពន្ធហើយ នោះមិនមែនហៅថាមានបាបទេ»។ (កូរិនថូសទី១ ៧:២៧, ២៨) ដំបូន្មានដ៏ថ្លឹងថ្លែងនេះ បង្ហាញឲ្យឃើញសិទ្ធិសេរីភាពជ្រើសរើស។
៩. យោងទៅតាមព្រះយេស៊ូនិងប៉ុល តើតាមរបៀបណាដែលអាពាហ៍ពិពាហ៍និងភាពនៅលីវជាអំណោយទានពីព្រះ?
៩ ប៉ុលបង្ហាញថាអាពាហ៍ពិពាហ៍និងភាពនៅលីវទាំងពីរជាអំណោយទានពីព្រះ។ «ខ្ញុំចូលចិត្តឲ្យគ្រប់មនុស្សទាំងអស់បានដូចជាខ្ញុំ តែគ្រប់គ្នាមានអំណោយទានមកពីព្រះផ្សេងគ្នារៀងខ្លួន គឺម្នាក់យ៉ាងនេះ ម្នាក់យ៉ាងនោះ»។ (កូរិនថូសទី១ ៧:៧) គាត់ច្បាស់ជានឹកឃើញដល់អ្វីៗដែលព្រះយេស៊ូបានមានបន្ទូលមក។ បន្ទាប់ពីបានធ្វើនិទស្សន៍ថាអាពាហ៍ពិពាហ៍ចេញមកពីព្រះ ព្រះយេស៊ូបានបង្ហាញថា ការស្ម័គ្រចិត្តនៅលីវដើម្បីបំរើផលប្រយោជន៍នៃព្រះរាជាណាចក្រ នោះជាអំណោយទានដ៏ពិសេស៖ «មនុស្សទាំងអស់ទទួលតាមពាក្យនេះមិនបានទេ ទទួលបានតែអស់អ្នកដែលពាក្យនេះបានប្រទានមកឲ្យប៉ុណ្ណោះ ពីព្រោះមានមនុស្សខ្ទើយ ដែលកើតពីផ្ទៃម្ដាយមកខ្ទើយតែម្ដង មានខ្លះដែលមនុស្សលោកបានក្រៀវ ហើយមានខ្លះដែលក្រៀវខ្លួនឯងដែរ ដោយយល់ដល់នគរស្ថានសួគ៌ ដូច្នេះ អ្នកណាដែលអាចនឹងទទួលបាន ឲ្យទទួលចុះ»។—ម៉ាថាយ ១៩:៤-៦, ១១, ១២
ការទទួលយកអំណោយទាននៃភាពនៅលីវ
១០. តើឲ្យបុគ្គលម្នាក់អាច«ទទួល»អំណោយទាននៃភាពនៅលីវយ៉ាងដូចម្ដេច?
១០ ព្រះយេស៊ូនិងប៉ុលនិយាយថាភាពនៅលីវជា‹អំណោយទាន› តែគេទាំងពីរនាក់មិននិយាយថានេះជាអំណោយទានចម្លែកអស្ចារ្យដែលមានតែអ្នកខ្លះមាននោះទេ។ ព្រះយេស៊ូមានបន្ទូលថា ‹មិនមែនមនុស្សទាំងអស់អាច‹ទទួលយក›អំណោយទាននេះបានទេ ហើយទ្រង់ដាស់តឿនពួកអ្នកដែលអាចទទួលបាន «ឲ្យទទួលចុះ» ដ្បិតព្រះយេស៊ូនិងប៉ុលបានទទួលហើយ។ ពិតមែនហើយ ប៉ុលសរសេរថា៖ «ចូរយកប្ដីប្រពន្ធចុះ ដ្បិតដែលយកប្ដីប្រពន្ធ នោះជាជាងទ្រាំឲ្យមានសេចក្ដីរោលរាលវិញ»។ នៅទីនេះ ប៉ុលនិយាយអំពីមនុស្សដែល‹មិនមានការទប់ចិត្ត›។ (កូរិនថូសទី១ ៧:៩) ក្នុងឯកសារដំបូង ប៉ុលបានបង្ហាញថាពួកគ្រីស្ទានអាចជៀសវាងសេចក្ដីរោលរាលខាងកាមបាន។ (កាឡាទី ៥:១៦, ២២-២៤) ការដើរតាមវិញ្ញាណមានន័យថា ឲ្យព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាដឹកនាំគ្រប់ជំហានរបស់យើង។ តើពួកគ្រីស្ទានក្មេងៗអាចធ្វើការនេះបានទេ? គឺបាន បើគេកាន់តាមពាក្យបន្ទូលរបស់ព្រះយេហូវ៉ាឲ្យបានដិតដល់។ អ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «មនុស្សកំឡោះ[ឬក្រមុំ]នឹងសំអាតផ្លូវដែលខ្លួនប្រព្រឹត្តដោយសារអ្វី? គឺដោយប្រយ័តនឹងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់»។—ទំនុកដំកើង ១១៩:៩
១១. តើការ‹ដើរតាមព្រះវិញ្ញាណ› មានន័យយ៉ាងណា?
១១ នេះតម្រូវឲ្យការពារពីគំនិតអាវ៉ាសែដែលបញ្ចេញឲ្យឃើញតាមរយៈកម្មវិធីទូរទស្សន៍ជាច្រើន កុន អត្ថបទទស្សនាវដ្ដី សៀវភៅ និងបទចំរៀង។ គំនិតបែបនេះជាគំនិតខាងសាច់ឈាម។ ពួកយុវជនគ្រីស្ទានទាំងប្រុសទាំងស្រី ដែលចង់នៅលីវ មិនគួរ«ដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ»។ (រ៉ូម ៨:៤, ៥) សេចក្ដីខាងវិញ្ញាណគឺជាសុចរិត ពិសុទ្ធ គួរឲ្យស្រឡាញ់ និងគុណធម៌។ ពួកគ្រីស្ទានទាំងក្មេងទាំងចាស់អើយ «ចូរពិចារណាពីសេចក្ដីទាំងនោះចុះ» នោះជាការល្អប្រសើរហើយ។—ភីលីព ៤:៨, ៩
១២. ការទទួលអំណោយទាននៃភាពនៅលីវ គឺអាស្រ័យទាំងស្រុងទៅលើអ្វី?
១២ ការទទួលអំណោយទាននៃភាពនៅលីវ គឺអាស្រ័យទាំងស្រុងទៅលើការប្ដេជ្ញាចិត្តខ្លួនទៅលើគោលដៅនេះ ហើយអធិស្ឋានសូមឲ្យព្រះយេហូវ៉ាជួយសម្រេចការនេះ។ (ភីលីព ៤:៦, ៧) ប៉ុលសរសេរថា៖ «រីឯអ្នកដែលប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ដោយគ្មាននរណាបង្ខំ គឺយល់ឃើញថាអាចទប់ចិត្តបាន ហើយសម្រេចចិត្តរក្សាព្រហ្មចារីភាព នោះគាត់ធ្វើត្រឹមត្រូវហើយ។ ដូច្នេះ អ្នកណារៀបការជាមួយគូដណ្ដឹងរបស់ខ្លួន ប្រសើរហើយ រីឯអ្នកដែលមិនរៀបការវិញ ក៏រឹតតែប្រសើរថែមទៀត»។—កូរិនថូសទី១ ៧:៣៧, ៣៨, ព.ថ.
នៅលីវសំរាប់គោលបំណងមួយ
១៣, ១៤. (ក) តើប៉ុលបានប្រៀបធៀបអ្វីខ្លះរវាងពួកគ្រីស្ទានដែលរៀបការនិងពួកដែលមិនទាន់រៀបការ? (ខ) នៅត្រង់ណាដែលពួកគ្រីស្ទាននៅលីវអាចធ្វើបាន«ប្រសើរ»ជាងពួកដែលរៀបការ?
១៣ ភាពនៅលីវមិនមែនជាអ្វីដែលគួរឲ្យស្ងើចនោះទេ។ ដូច្នេះ តើវាជាសេចក្ដី«ប្រសើរ»ក្នុងន័យបែបណា? នេះគឺអាស្រ័យទៅលើរបៀបដែលមនុស្សនោះប្រើសេរីភាពដែលមានមក។ ប៉ុលសរសេរថា៖ «ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានរួចពីសេចក្ដីកង្វល់ ឯអ្នកដែលគ្មានប្រពន្ធ នោះតែងរវល់តែនឹងការរបស់ព្រះអម្ចាស់ ដែលនឹងធ្វើដូចម្ដេចឲ្យទ្រង់សព្វព្រះហឫទ័យប៉ុណ្ណោះ តែអ្នកណាដែលមានប្រពន្ធ នោះតែងរវល់នឹងការនៅលោកីយនេះវិញ ដែលនឹងធ្វើដូចម្ដេច ឲ្យប្រពន្ធបានពេញចិត្ត ស្ត្រីមានប្ដីនឹងស្ត្រីក្រមុំក៏ខុសពីគ្នាយ៉ាងនោះដែរ គឺស្ត្រីដែលគ្មានប្ដី នោះតែងរវល់នឹងការរបស់ព្រះអម្ចាស់ ឲ្យបានបរិសុទ្ធទាំងខ្លួនប្រាណ នឹងព្រលឹងវិញ្ញាណផង តែស្ត្រីណាដែលមានប្ដី នោះតែងរវល់នឹងការនៅលោកីយនេះវិញ ដែលនឹងធ្វើដូចម្ដេចឲ្យប្ដីបានពេញចិត្ត ដែលខ្ញុំនិយាយសេចក្ដីនេះ នោះសំរាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា មិនមែនជាការដាក់អន្ទាក់រូតនៅមុខអ្នករាល់គ្នាទេ គឺសំរាប់ការដែលគួរគប្បី ហើយឲ្យអ្នករាល់គ្នាបានឧស្សាហ៍បំរើព្រះអម្ចាស់ ឥតមានសេចក្ដីណានាំឲ្យទាស់ចិត្តឡើយ»។—កូរិនថូសទី១ ៧:៣២-៣៥
១៤ ពួកគ្រីស្ទាននៅលីវដែលប្រើភាពនៅលីវរបស់ខ្លួន ដើម្បីស្វែងរកគោលដៅអាត្មានិយម នោះធ្វើមិនបាន«ប្រសើរ» ជាងជនគ្រីស្ទានដែលមានប្រពន្ធទេ។ ដ្បិតគាត់នៅលីវ មិនមែនដើម្បីជាប្រយោជន៍‹ដល់ព្រះរាជាណាចក្រ› តែជាប្រយោជន៍ផ្ទាល់ខ្លួនគាត់ទៅវិញ។ (ម៉ាថាយ ១៩:១២) មនុស្សប្រុសស្រីដែលមិនទាន់រៀបការ គួរតែ«រវល់តែនឹងការរបស់ព្រះអម្ចាស់ ដែលនឹងធ្វើដូចម្ដេចឲ្យទ្រង់សព្វព្រះហឫទ័យ» ហើយឲ្យ«ឧស្សាហ៍បំរើព្រះអម្ចាស់ ឥតមានសេចក្ដីណានាំឲ្យទាស់ចិត្តឡើយ»។ នេះបានសេចក្ដីថាត្រូវយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ក្នុងការបំរើព្រះយេហូវ៉ានិងព្រះគ្រីស្ទយេស៊ូ។ ដោយធ្វើដូច្នេះ នោះទើបមនុស្សប្រុសស្រីដែលមិនទាន់រៀបការ ធ្វើបាន«ប្រសើរ»ជាងពួកគ្រីស្ទានដែលរៀបការហើយ។
សកម្មភាពដែលគ្មានការរំខាន
១៥. តើអ្វីជាចំណុចដ៏សំខាន់របស់ប៉ុលនៅក្នុងកូរិនថូសទី១ ជំពូក៧?
១៥ ចំណុចដ៏សំខាន់ដែលប៉ុលចង់ឲ្យយើងដឹងនៅក្នុងជំពូកនេះគឺថា៖ អាពាហ៍ពិពាហ៍ជាការដែលមានលក្ខណៈពេញច្បាប់មែន ហើយក្នុងកាលៈទេសៈខ្លះជាការត្រឹមត្រូវចំពោះបុគ្គលមួយចំនួន ប៉ុន្តែភាពនៅលីវជាការមានប្រយោជន៍ពិសេសជាង ចំពោះជនគ្រីស្ទានប្រុសឬស្រីណាដែលចង់បំរើព្រះយេហូវ៉ាដោយគ្មានការរំខាន។ ពួកគ្រីស្ទានដែលឥតរៀបការ មានសេរីភាពច្រើនក្នុងការយកចិត្តទុកដាក់ចំពោះ«ការរបស់ព្រះអម្ចាស់» រីឯអ្នករៀបការវិញ ចិត្តគេ‹ត្រូវប្រទាញប្រទង់›។
១៦, ១៧. តើតាមរបៀបណាខ្លះដែលពួកគ្រីស្ទាននៅលីវអាចយកចិត្តទុកដាក់បានល្អប្រសើរ ចំពោះ«ការរបស់ព្រះអម្ចាស់»?
១៦ តើអ្វីទៅជាការរបស់ព្រះអម្ចាស់ ដែលជនគ្រីស្ទានឥតរៀបការអាចយកចិត្តទុកដាក់បានច្រើនជាងអ្នកដែលរៀបការនោះ? ក្នុងបទមួយទៀត ព្រះយេស៊ូបានមានបន្ទូលអំពី«របស់ព្រះ»—ជារបស់ដែលគ្រីស្ទានមិនអាចឲ្យទៅសេសារបានឡើយ។ (ម៉ាថាយ ២២:២១) របស់ទាំងនេះជារបស់សំខាន់ដែលទាក់ទងជីវិតគ្រីស្ទាន ការថ្វាយបង្គំ និងការបំរើផ្សាយ។—ម៉ាថាយ ៤:១០; រ៉ូម ១៤:៨; កូរិនថូសទី២ ២:១៧; ៣:៥, ៦; ៤:១
១៧ មនុស្សនៅលីវតែងតែមានពេលវេលាច្រើនក្នុងការបំរើព្រះយេហូវ៉ា ដែលអាចមានផលប្រយោជន៍ដល់ភាពវិញ្ញាណនិងដល់ទំហំនៃកិច្ចបំរើរបស់គាត់។ ពួកគេអាចមានពេលវេលាច្រើនក្នុងការសិក្សាផ្ទាល់ខ្លួននិងការជញ្ជឹងគិត។ គ្រីស្ទាននៅលីវអាចរៀបចំពេលវេលារបស់គេសំរាប់អានព្រះគម្ពីរ បានល្អប្រសើរជាងអ្នករៀបការ។ គេអាចប្រុងប្រៀបខ្លួនទុកជាមុនសំរាប់កិច្ចប្រជុំនិងកិច្ចផ្សាយបានល្អប្រសើរជាង។ ការទាំងអស់នេះគឺសំរាប់ជា«ប្រយោជន៍»ដល់គេ។—កូរិនថូសទី១ ៧:៣៥
១៨. តើបងប្អូនប្រុសនៅលីវជាច្រើនអាចធ្វើអ្វីខ្លះ ដើម្បីបង្ហាញថាគេចង់បំរើព្រះយេហូវ៉ា‹ដោយគ្មានការរំខាន›?
១៨ បងប្អូនប្រុសនៅលីវជាច្រើនដែលកំពុងតែបំរើជាអ្នកងារជំនួយ អាចទូលប្រាប់ព្រះយេហូវ៉ាថា៖ «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ»។ (អេសាយ ៦:៨) ពួកគេអាចដាក់ពាក្យសុំចូលរៀនក្នុងសាលាបង្ហាត់ខាងកិច្ចបំរើ ដែលរក្សាទុកសំរាប់តែពួកអ្នកងារជំនួយនិងពួកអ្នកចាស់ទុំដែលនៅលីវ ជាពួកអ្នកដែលមានសេរីភាពអាចបំរើនៅកន្លែងដែលត្រូវការជំនួយច្រើន។ រីឯពួកបងប្អូនប្រុសដែលនៅលីវ ដែលមិនអាចចេញពីក្រុមជំនុំរបស់ខ្លួនបាន នោះអាចរក្សាខ្លួនគេឲ្យនៅទំនេរ ដើម្បីបំរើជាអ្នកងារជំនួយ ឬជាអ្នកចាស់ទុំដល់បងប្អូនរបស់គេ។—ភីលីព ២:២០-២៣
១៩. តើបងប្អូនស្រីៗដែលនៅលីវបានទទួលពរយ៉ាងដូចម្ដេច ហើយតាមរបៀបមួយណាដែលគេអាចជាពរដល់ក្រុមជំនុំ?
១៩ បងប្អូនស្រីៗដែលគ្មានប្ដីសំរាប់សុំយោបល់និងទុកចិត្តលើ ប្រហែលជាត្រឹមត្រូវជាងក្នុងការ‹ផ្ទេរបន្ទុករបស់ខ្លួនទៅលើព្រះយេហូវ៉ា›។ (ទំនុកដំកើង ៥៥:២២; កូរិនថូសទី១ ១១:៣) នេះសំខាន់ណាស់ ជាពិសេសចំពោះបងប្អូនស្រីណាដែលនៅលីវ ដោយសារខ្លួនស្រឡាញ់ព្រះយេហូវ៉ានោះ។ បើទៅអនាគត គេសម្រេចចិត្តរៀបការ នោះគួរតែធ្វើឡើង«ក្នុងព្រះអម្ចាស់»គឺត្រូវយកតែប្ដីដែលបានថ្វាយខ្លួនទៅព្រះយេហូវ៉ា។ (កូរិនថូសទី១ ៧:៣៩) ពួកអ្នកចាស់ទុំមានចិត្តអបអរណាស់ ដោយមានបងប្អូនស្រីៗដែលឥតរៀបការនៅក្នុងក្រុមជំនុំរបស់គេ ដ្បិតអ្នកទាំងនេះតែងតែទៅលេងនិងជួយអ្នកឈឺនិងអ្នកចាស់ជរា។ នេះនាំឲ្យមានសេចក្ដីសប្បាយរីករាយដល់គ្រប់ៗគ្នា។—កិច្ចការ ២០:៣៥
២០. តើពួកគ្រីស្ទានជាច្រើនកំពុងតែធ្វើដូចម្ដេច ដើម្បីបង្ហាញថាគេ«ឧស្សាហ៍បំរើព្រះអម្ចាស់ ឥតមានសេចក្ដីណានាំឲ្យទាស់ចិត្ត»?
២០ យុវជនគ្រីស្ទានជាច្រើនបានកែតម្រូវកាលៈទេសៈរបស់គេ ដើម្បីឲ្យគេអាច«ឧស្សាហ៍បំរើព្រះអម្ចាស់ ឥតមានសេចក្ដីណានាំឲ្យទាស់ចិត្ត»។ (កូរិនថូសទី១ ៧:៣៥) ពួកគេបំរើព្រះយេហូវ៉ាជាអ្នកត្រួសត្រាយពេញពេល ជាសាសនទូត ឬបំរើនៅការិយាល័យសាខារបស់សមាគមប៉មយាម។ ហើយពួកគេនេះជាយុវជនដ៏សប្បាយរីករាយមួយក្រុម! វត្តមានរបស់គេធ្វើឲ្យមានការត្រជាក់ត្រជុំចិត្តណាស់! មែនហើយ នៅចំពោះព្រះនេត្រនៃព្រះយេហូវ៉ានិងព្រះយេស៊ូ ពួកគេប្រៀប«ដូចជាទឹកសន្សើម»អញ្ចឹង។—ទំនុកដំកើង ១១០:៣
គ្មានពាក្យសច្ចានៅលីវរហូត
២១. (ក) ហេតុអ្វីបានជាប៉ុលមិនដាស់តឿនឲ្យធ្វើពាក្យសច្ចានៅលីវ? (ខ) តើគាត់ចង់បានសេចក្ដីយ៉ាងណា ពេលគាត់និយាយអំពី«ហួសទឹកដមបឋមវ័យ»?
២១ ចំណុចដ៏សំខាន់នៃដំបូន្មានរបស់ប៉ុលគឺថា គ្រីស្ទាននឹងធ្វើបាន‹ប្រសើរ› បើគេអាចទទួលយកភាពនៅលីវក្នុងជីវិតរបស់គេ។ (កូរិនថូសទី១ ៧:១, ៨, ២៦, ៣៧) យ៉ាងណាក្ដី គាត់មិនបានសុំឲ្យគេធ្វើពាក្យសច្ចាឲ្យនៅលីវទេ។ ផ្ទុយទៅវិញ គាត់សរសេរថា៖ «ប្រសិនបើមានអ្នកណាម្នាក់យល់ឃើញថា គាត់ពុំបានប្រព្រឹត្តត្រឹមត្រូវចំពោះព្រហ្មចារីភាពរបស់ខ្លួនទេ ដែលហួសទឹកដមបឋមវ័យ ហើយបើនេះជាផ្លូវដែលនឹងកើតឡើងនោះ សូមឲ្យគាត់ធ្វើតាមចិត្តខ្លួននឹកឃើញទៅចុះ គឺឲ្យគេរៀបការទៅ គ្មានបាបអ្វីទេ»។ (កូរិនថូសទី១ ៧:៣៦, ព.ថ.) ពាក្យក្រិកមួយនេះ ហៃភឺរ៉ាកម៉ុស (hy·peʹra·kmos) ដែលប្រែថា «ហួសទឹកដមបឋមវ័យ» មានន័យចំៗថា «ហួសទីខ្ពស់បំផុត» ហើយនេះសំដៅចំពោះការហួសពីដំណើរឆាបឆួលនៃកាមតណ្ហា។ ដូច្នេះ ចំពោះពួកអ្នកដែលបាននៅលីវបីបួនឆ្នាំ ហើយក្រោយមកប្រាថ្នាចង់រៀបការ នោះគួររៀបការអ្នកមានជំនឿដូចគ្នាតាមចំណង់ចិត្តខ្លួនចុះ។—កូរិនថូសទី២ ៦:១៤
២២. ហេតុអ្វីក៏ជាការល្អប្រសើរម្ល៉េះ ចំពោះជនគ្រីស្ទានដែលមិនរៀបការដោយសារខ្លួននៅក្មេងពេក?
២២ ពេលវេលាដែលយុវជនគ្រីស្ទានចំណាយក្នុងការបំរើព្រះយេហូវ៉ាដោយគ្មានការរំខាន គឺជាការធ្វើវិនិយោគមួយដោយមានប្រាជ្ញា។ ក្នុងវេលាបំរើនោះ ពួកគេអាចទទួលប្រាជ្ញាដ៏មានប្រយោជន៍ ការពិសោធន៍ និងគំនិតជ្រៅជ្រះ។ (សុភាសិត ១:៣, ៤) បុគ្គលណាដែលបាននៅលីវដោយសារព្រះរាជាណាចក្រ នោះនឹងមានឋានៈល្អប្រសើរជាងនៅពេលក្រោយ បើគាត់សម្រេចចិត្តទទួលយកភារៈនៃអាពាហ៍ពិពាហ៍និងភារៈនៃមាតាបិតា។
២៣. ពួកអ្នកដែលប្រាថ្នាចង់រៀបការគួរតែចងចាំអ្វី ហើយនឹងមានការពិចារណាសំនួរអ្វីក្នុងអត្ថបទជាបន្ទាប់?
២៣ ពួកគ្រីស្ទានខ្លះដែលបានបំរើព្រះយេហូវ៉ាពេញពេលក្នុងរយៈបីបួនឆ្នាំកាលនៅលីវ តែងតែប្រយ័ត្នប្រយែងរើសគូដណ្ដឹងខ្លួន ដោយមានបំណងចង់បន្តកិច្ចបំរើពេញពេលណាមួយទៀត។ នេះជាការល្អប្រសើរណាស់។ អ្នកខ្លះទៀតប្រាថ្នាចង់រៀបការ ដោយមានបំណងមិនឲ្យអាពាហ៍ពិពាហ៍ខ្លួនមកជ្រៀតជ្រែកក្នុងកិច្ចបំរើរបស់គេទេ។ ប៉ុន្តែ តើគ្រីស្ទានម្នាក់ដែលបានរៀបការហើយគួរគិតថា ខ្លួនអាចបំរើព្រះយេហូវ៉ាបានច្រើន ដូចកាលដែលខ្លួននៅលីវបានទេ? សំនួរនេះនឹងត្រូវពិចារណានៅក្នុងអត្ថបទជាបន្ទាប់។
ការសើរើឡើងវិញ
◻ ហេតុអ្វីបានជាប៉ុលត្រូវតែសរសេរទៅក្រុមជំនុំនៅក្រុងកូរិនថូស?
◻ ហេតុអ្វីក៏យើងដឹងថា ប៉ុលមិនបានដាស់តឿនឲ្យកាន់តាមជីវភាពដូចនៅក្នុងវត្ត?
◻ តើបុគ្គលម្នាក់អាច«ទទួលយក»ភាពនៅលីវយ៉ាងដូចម្ដេចបាន?
◻ តើបងប្អូនស្រីៗអាចទទួលផលប្រយោជន៍ពីភាពនៅលីវរបស់ខ្លួនយ៉ាងដូចម្ដេច?
◻ តើតាមរបៀបណាខ្លះ ដែលបងប្អូនប្រុសនៅលីវអាចប្រើសេរីភាពខ្លួន ដើម្បីបំរើព្រះយេហូវ៉ា‹ដោយគ្មានការរំខាន›?