«គំរូនៃលោកីយនេះតែងតែផ្លាស់ទៅ»
«បងប្អូនអើយ! ខ្ញុំប្រាប់សេចក្ដីនេះថា ពេលវេលាចង្អៀតណាស់ហើយ»។—កូរិនថូសទី១ ៧:២៩
១, ២. ក្នុងជីវិតរបស់អ្នក តើធ្លាប់ឃើញលោកីយ៍ប្រែប្រួលយ៉ាងណា?
ក្នុងជីវិតរបស់អ្នក តើធ្លាប់ឃើញលោកីយ៍ប្រែប្រួលយ៉ាងណា? តើអ្នកអាចប្រាប់អំពីការប្រែប្រួលខ្លះៗបានទេ? ជាឧទាហរណ៍ មានការឈានទៅមុខផ្នែកវេជ្ជសាស្ត្រ។ ដោយសារមានការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ នោះអាយុកាលមធ្យមនៅប្រទេសខ្លះបានកើនពី៥០ឆ្នាំទៅដល់៧០ឆ្នាំតាំងពីដើមសតវត្សរ៍ទី២០រហូតដល់សព្វថ្ងៃនេះ។ សូមគិតផងដែរអំពីផលប្រយោជន៍ច្រើនយ៉ាងដែលយើងទទួលពីការប្រើវិទ្យុ ទូរទស្សន៍ ទូរស័ព្ទដៃ និងទូរសារ។ ក៏មានការឈានទៅមុខដ៏គួរឲ្យកត់សម្គាល់ផងដែរក្នុងវិស័យអប់រំ ការដឹកជញ្ជូន និងសិទ្ធិមនុស្ស ដែលទាំងអស់នេះបានជួយលើកស្ទួយជីវភាពមនុស្សរាប់លាននាក់។
២ ប៉ុន្តែ ការប្រែប្រួលមិនមែនសុទ្ធតែល្អទាំងអស់នោះទេ។ យើងមិនអាចធ្វើមិនដឹងមិនឮចំពោះលទ្ធផលសែនអាក្រក់ដែលមានដោយសារឧក្រិដ្ឋកម្មដែលមានកំនើនយ៉ាងខ្លាំង សីលធម៌ដែលកាន់តែអាប់ឱន ករណីលែងលះគ្នានិងការប្រើថ្នាំញៀនគឺចេះតែកើនឡើងដូចទឹកជំនន់ជន់មិនចេះស្រក ហើយដោយសារភេរវកម្មកាន់តែគំរាមកំហែងពិភពលោករឹតតែខ្លាំង។ ទោះជាការកែប្រែនោះគឺល្អឬអាក្រក់ក្ដី ក៏អ្នកទំនងជាយល់តាមអ្វីដែលសាវ័កប៉ុលបានសរសេរតាំងពីយូរយារមកហើយថា៖ «គំរូនៃលោកីយនេះតែងតែផ្លាស់ទៅ»។—កូរិនថូសទី១ ៧:៣១
៣. ពេលប៉ុលសរសេរថា«គំរូនៃលោកីយនេះតែងតែផ្លាស់ទៅ» តើគាត់ចង់និយាយយ៉ាងណា?
៣ នៅពេលដែលប៉ុលសរសេរដូចខាងលើនេះ គាត់បានប្រៀបធៀបពិភពលោកទៅនឹងឆាកល្ខោនមួយ។ តួដែលសម្ដែងលើឆាក ជាអ្នកមានឈ្មោះបោះសម្លេងផ្នែកនយោបាយ សាសនា ឬវប្បធម៌ ដែលអ្នកទាំងនេះឡើងសម្ដែង រួចចាកចេញទុកឲ្យតួផ្សេងទៀតឡើងសម្ដែងម្ដង។ នេះបានកើតឡើងអស់រាប់សតវត្សរ៍មកហើយ។ នៅសម័យមុនៗ រាជវង្សខ្លះគ្រប់គ្រងរាប់សិបឆ្នាំរហូតដល់រាប់សតវត្សរ៍ក៏មាន ហើយពិភពលោកមិនប្រែប្រួលលឿនទេ តែបន្ដិចម្ដងៗវិញ។ ក៏ប៉ុន្តែ សព្វថ្ងៃនេះ គឺមិនដូច្នេះទេ ដ្បិតប្រវត្ដិសាស្ត្រអាចប្រែប្រួលក្នុងមួយប៉ប្រិចភ្នែកគឺស្មើនឹងល្បឿនគ្រាប់កាំភ្លើងដែលជនពិឃាតបាញ់តម្រង់ទៅទិសដៅ! ប្រាកដហើយ នៅសម័យច្របូកច្របល់នេះ យើងមិនដឹងថាអ្វីនឹងកើតឡើងនៅថ្ងៃស្អែកនោះទេ។
៤. (ក) តើជនគ្រីស្ទានត្រូវតែមានតុល្យភាពក្នុងទស្សនៈអ្វីជុំវិញព្រឹត្ដិការណ៍ក្នុងពិភពលោកនេះ? (ខ) ឥឡូវ តើយើងនឹងពិចារណាភស្តុតាងពីរយ៉ាងអ្វីខ្លះ?
៤ បើពិភពលោកគឺប្រៀបដូចជាឆាកមួយ ហើយអ្នកដឹកនាំពិភពលោកគឺប្រៀបដូចជាតួសម្ដែង នោះជនគ្រីស្ទានគឺប្រៀបដូចជាទស្សនិកជនវិញ។a ក៏ប៉ុន្តែ ដោយព្រោះជនគ្រីស្ទាន«មិនមែនជារបស់ផងលោកីយ» នោះពួកគេមិនខ្វល់ខ្វាយហួសហេតុពេកអំពីការសម្ដែងរបស់តួម្នាក់ៗ ក៏មិនខ្វល់ថាតួណាជាតួណានោះទេ។ (យ៉ូហាន ១៧:១៦) ផ្ទុយទៅវិញ ពួកគេកំពុងតែសង្កេតមើលដោយមានចិត្តរំភើបដើម្បីស្វែងរកទីសម្គាល់ដែលបញ្ជាក់ថា ឈុតសម្ដែងនោះកំពុងតែឈានទៅដល់ទីបញ្ចប់ ពោលគឺសេចក្ដីហិនវិនាសយ៉ាងធំ ដ្បិតពួកគេដឹងថារបបលោកីយ៍នេះត្រូវតែចប់សិនមុនព្រះយេហូវ៉ាបង្កើតនូវពិភពលោកថ្មីដ៏សុចរិត ដែលពួកគេបានរង់ចាំតាំងពីយូរមកហើយ។ ដូច្នេះ សូមយើងពិចារណាភស្តុតាងពីរយ៉ាងដែលបញ្ជាក់ថា យើងកំពុងតែរស់នៅគ្រាចុងបញ្ចប់ ហើយបញ្ជាក់ថាពិភពលោកថ្មីគឺជិតមកដល់ហើយ។ ភស្តុតាងពីរយ៉ាងនេះគឺ: (១) កាលប្រវត្ដិវិទ្យាក្នុងព្រះគម្ពីរ និង(២) សភាពការណ៍ពិភពលោកដែលកាន់តែអាក្រក់ទៅៗ។—ម៉ាថាយ ២៤:២១; ពេត្រុសទី២ ៣:១៣
រឿងអាថ៌កំបាំងត្រូវបានទម្លាយហើយ!
៥. តើ«គ្រារបស់សាសន៍ដទៃ»ជាអ្វី? ហេតុអ្វីយើងចាប់អារម្មណ៍អំពីគ្រានោះ?
៥ កាលប្រវត្ដិវិទ្យាគឺជាការស្រាវជ្រាវនូវទំនាក់ទំនងរវាងលំដាប់ពេលនិងព្រឹត្ដិការណ៍ផ្សេងៗ។ ព្រះយេស៊ូបានមានបន្ទូលថានឹងមានគ្រាមួយដែលអ្នកដឹកនាំពិភពលោកនឹងឡើងឆាកសម្ដែងជាតួឯក ដោយគ្មានអន្តរាគមន៍ពីព្រះរាជាណាចក្ររបស់ព្រះឡើយ។ ព្រះយេស៊ូហៅគ្រានេះជា«គ្រារបស់សាសន៍ដទៃ»។ (លូកា ២១:២៤) នៅទីបញ្ចប់នៃ«គ្រារបស់សាសន៍ដទៃ»នោះ ព្រះរាជាណាចក្ររបស់ព្រះនឹងចាប់ផ្ដើមគ្រប់គ្រង ដោយមានព្រះយេស៊ូជាអ្នកគ្រប់គ្រងពេញច្បាប់។ នៅដើមដំបូង ព្រះយេស៊ូនឹង«គ្រប់គ្រងនៅកណ្ដាលពួកខ្មាំងសត្រូវ»របស់ទ្រង់។ (ទំនុកដំកើង ១១០:២) បន្ទាប់មក យោងទៅតាមដានីយ៉ែល ២:៤៤ ព្រះរាជាណាចក្រនោះនឹង«បំបាក់បំបែក ហើយលេបបំបាត់»រដ្ឋាភិបាលទាំងអស់របស់មនុស្ស ហើយព្រះរាជាណាចក្រនោះនឹងស្ថិតស្ថេរជារៀងរហូត។
៦. តើ«គ្រារបស់សាសន៍ដទៃ»បានចាប់ផ្ដើមនៅពេលណា? តើគឺអស់រយៈពេលប៉ុន្មាន? តើបានចប់ពេលណា?
៦ តើ«គ្រារបស់សាសន៍ដទៃ»នឹងបញ្ចប់ហើយព្រះរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងនៅពេលណា? ចម្លើយនោះទាក់ទងនឹងកាលប្រវត្ដិវិទ្យាក្នុងព្រះគម្ពីរ ព្រមទាំងត្រូវបាន«បិទបាំង ហើយបិទត្រាទុក ដរាបដល់គ្រាចុងបំផុត»។ (ដានីយ៉ែល ១២:៩) នៅពេលដែលជិតដល់«គ្រា»ចុងបំផុតនោះ ព្រះយេហូវ៉ាចាប់ផ្ដើមបើកសម្ដែងដល់សិស្សព្រះគម្ពីរមួយក្រុមតូចដែលមានចិត្តរាបទាបឲ្យយល់នូវចម្លើយចំពោះសំនួរនោះ។ ដោយមានជំនួយពីវិញ្ញាណរបស់ព្រះ ពួកគេបានកាត់យល់ថា«គ្រារបស់សាសន៍ដទៃ»បានចាប់ផ្ដើមពេលដែលទីក្រុងយេរូសាឡិមត្រូវបំផ្លាញចោលនៅឆ្នាំ៦០៧មុនស.យ. ហើយបានយល់ថា«គ្រា»នោះមានរយៈពេល២.៥២០ឆ្នាំ។ ដោយផ្អែកលើពត៌មាននេះ ពួកគេបានរិះគិតឃើញថា ឆ្នាំ១៩១៤ជាទីបញ្ចប់នៃ«គ្រារបស់សាសន៍ដទៃ»។ ពួកគេក៏បានទទួលស្គាល់ថា ១៩១៤គឺជាទីចាប់ផ្ដើមនៃគ្រាចុងបញ្ចប់របស់របបលោកីយ៍នេះ។ ដោយសារអ្នកជាសិស្សព្រះគម្ពីរ តើអ្នកចេះពន្យល់ពីបទគម្ពីរនូវរបៀបគិតរកឆ្នាំ១៩១៤ឬទេ?b
៧. តើមានបទគម្ពីរអ្វីខ្លះជួយយើងគិតរកទីចាប់ផ្ដើម រយៈពេល និងទីបញ្ចប់នៃ៧ខួបដែលត្រូវរៀបរាប់ក្នុងសៀវភៅដានីយ៉ែល?
៧ តម្រុយមួយត្រូវបានកត់លាក់ទុកក្នុងសៀវភៅដានីយ៉ែល។ ដោយព្រោះព្រះយេហូវ៉ាប្រើស្តេចនេប៊ូក្នេសាដើម្បីបំផ្លាញទីក្រុងយេរូសាឡិមចោលនៅទីចាប់ផ្ដើមនៃ«គ្រារបស់សាសនដទៃ»នៅឆ្នាំ៦០៧មុនស.យ. នោះព្រះយេហូវ៉ាបានបង្ហាញតាមរយៈអ្នកគ្រប់គ្រងនោះឲ្យដឹងថា សាសន៍នានានឹងបន្តគ្រប់គ្រងដោយព្រះមិនធ្វើអន្តរាគមន៍អស់រយៈពេល៧ខួប។ នេះជាអត្ថបដិរូបប៉ុណ្ណោះ។ (អេសេគាល ២១:២៦, ២៧; ដានីយ៉ែល ៤:១៦, ២៣-២៥) តើ៧ខួបនោះតំណាងរយៈពេលប៉ុន្មាន? យោងទៅតាមវិវរណៈ ១១:២, ៣ និង ១២:៦, ១៤ ៣ខួបកន្លះគឺស្មើនឹង១.២៦០ថ្ងៃ។ ហេតុនេះ ដើម្បីឲ្យបាន៧ខួបគឺត្រូវយក១.២៦០ថ្ងៃគុណនឹងពីរ។ ដូច្នេះ ៧ខួបស្មើនឹង២.៥២០ថ្ងៃ។ តើនៅមានពត៌មានថែមទៀតអំពីនេះទេ? ពិតជាមានមែន! ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ព្យាការីអេសេគាល ដែលធ្លាប់រស់នៅសម័យដានីយ៉ែលឲ្យដឹងពីរបៀបរាប់រយៈពេលដែលតំណាងនោះគឺ «អញបានកំណត់១ថ្ងៃ ទុកជា១ឆ្នាំដល់ឯង»។ (អេសេគាល ៤:៦) ដូច្នេះ តាមការពិត ៧ខួបគឺស្មើនឹង២.៥២០ឆ្នាំ។ បើរាប់២.៥២០ឆ្នាំចាប់ផ្ដើមពីឆ្នាំ៦០៧មុនស.យ. នោះយើងអាចយល់ឃើញថា គ្រារបស់សាសន៍ដទៃបានចប់នៅឆ្នាំ១៩១៤។
«គ្រាចុងបំផុត»បានសឲ្យឃើញច្បាស់ហើយ
៨. តើអ្នកអាចចង្អុលបញ្ជាក់ភស្តុតាងអ្វីដែលបង្ហាញថា តាំងពីឆ្នាំ១៩១៤ស្ថានភាពពិភពលោកគឺអាក្រក់ជាង?
៨ ព្រឹត្ដិការណ៍ពិភពលោកតាំងពីឆ្នាំ១៩១៤មកម្ល៉េះបានបញ្ជាក់ថា ការយល់ដឹងខាងលើនេះដែលផ្អែកលើកាលប្រវត្ដិវិទ្យាក្នុងព្រះគម្ពីរគឺត្រឹមត្រូវ។ ព្រះយេស៊ូអង្គទ្រង់ផ្ទាល់បានមានបន្ទូលថា «បំផុតកល្ប»ឬទីបញ្ចប់នៃរបបលោកីយ៍នេះនឹងអាចសម្គាល់ដោយសង្គ្រាម អំណត់ និងអាសន្នរោគ។ (ម៉ាថាយ ២៤:៣-៨; វិវរណៈ ៦:២-៨) តាំងតែពីឆ្នាំ១៩១៤មកម្ល៉េះ គឺពិតជាបានកើតឡើងដូច្នេះមែន! សាវ័កប៉ុលបានជួយបំភ្លឺថែមទៀតថា ចិត្តគំនិតដែលមនុស្សមានចំពោះគ្នានឹងគ្នានឹងខុសគ្នាឆ្ងាយណាស់បើប្រៀបនឹងគ្រាមុន។ ការពណ៌នារបស់គាត់អំពីការប្រែប្រួលដែលយើងទាំងអស់គ្នាបានឃើញដោយផ្ទាល់ភ្នែក គឺចំតែម្ដង។—ធីម៉ូថេទី២ ៣:១-៥
៩. តើអ្នកសង្កេតការណ៍បាននិយាយយ៉ាងណាអំពីស្ថានភាពពិភពលោកតាំងពីឆ្នាំ១៩១៤?
៩ តើ«គំរូនៃលោកីយនេះ»ពិតជាបានប្រែប្រួលតាំងពីឆ្នាំ១៩១៤ឬ? ក្នុងសៀវភៅចំណងជើងថាជំនាន់ឆ្នាំ១៩១៤ នោះលោកសាស្ដ្រាចារ្យ រ៉ូបឺត វ៉ល បានកត់សម្គាល់ថា៖ «អ្នកដែលបានឆ្លងកាត់សង្គ្រាមនោះមិនអាចបំបាត់នូវអារម្មណ៍មួយដែលថា ពិភពលោកមួយបានចប់ហើយនិងពិភពលោកមួយទៀតបានចូលមកជំនួសដែលបានចាប់ផ្ដើមនៅខែសីហា ឆ្នាំ១៩១៤»។ ដោយបញ្ជាក់ចំណុចនេះដែរ លោកវេជ្ជបណ្ឌិត ស័ហ្គេ អាលប៊ែរតូ កូស្ដា អ៊ីស៊ីលវ៉ា អតីតនាយកសុខភាពផ្នែកផ្លូវចិត្តសំរាប់អង្គការសុខភាពពិភពលោកបានសរសេរថា៖ «យើងកំពុងតែរស់នៅក្នុងសម័យមួយដែលប្រែប្រួលយ៉ាងលឿន ដែលនាំឲ្យខ្វល់ខ្វាយនិងតានតឹងចិត្តដល់កំរិតដែលមិនធ្លាប់មានក្នុងប្រវត្ដិសាស្ត្រ»។ តើអ្នកធ្លាប់មានអារម្មណ៍ដូច្នេះដែរឬទេ?
១០. តើព្រះគម្ពីរជួយបំភ្លឺឲ្យយើងដឹងអំពីដើមហេតុនៃស្ថានភាពពិភពលោកដែលកំពុងតែចុះអន់ថយតាំងពីឆ្នាំ១៩១៤យ៉ាងដូចម្ដេច?
១០ តើអ្នកណាជាមេកំណាចដែលបណ្ដាលឲ្យមានស្ថានភាពពិភពលោកកាន់តែអាក្រក់ទៅៗដូច្នេះ? វិវរណៈ ១២:៧-៩ បានជួយឲ្យយើងស្គាល់មេកំណាចនេះដែលថា៖ «នោះមានចំបាំងនៅលើមេឃ គឺមីកែល[ព្រះយេស៊ូគ្រីស្ទ] នឹងពួកទេវតារបស់លោកច្បាំងនឹងនាគ[អារក្សសាតាំង] ហើយនាគ នឹងទេវតាវាក៏ច្បាំងនឹងលោកដែរ តែមិនបានឈ្នះទេ ក៏មិនឃើញមានកន្លែងណាឲ្យវា នៅលើមេឃទៀតផង នោះនាគធំត្រូវបោះទំលាក់ទៅ . . . ដែលបាននាំលោកីយទាំងមូលឲ្យវង្វេងចេញ»។ ដូច្នេះ អារក្សសាតាំងគឺជាមេផ្ដើមបង្កើតឲ្យមានបញ្ហាទាំងនេះ ហើយដោយសារវាត្រូវបានបណ្ដេញចេញពីស្ថានសួគ៌នៅឆ្នាំ១៩១៤ នោះមាន«វេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។—វិវរណៈ ១២:១០, ១២
ព្រឹត្ដិការណ៍ក្នុងឈុតចុងក្រោយ
១១. (ក) តើសាតាំងប្រើវិធីសាស្ត្រអ្វីខ្លះដើម្បីនាំឲ្យ«លោកីយទាំងមូល»វង្វេង? (ខ) តើសាវ័កប៉ុលបានបញ្ជាក់ទៅលើការខំប្រឹងជាពិសេសអ្វីរបស់សាតាំង?
១១ ដោយសារសាតាំងដឹងថាទីបញ្ចប់របស់វាគឺជិតដល់ហើយ ហេតុនេះវាបានព្យាយាមកាន់តែខ្លាំងតាំងពីឆ្នាំ១៩១៤ឲ្យនាំ«លោកីយទាំងមូល»វង្វេង។ សាតាំងដែលជាមេបញ្ឆោតធ្វើដូចជាអ្នកដឹកនាំឆាកដែលមិនចេញមុខដោយចាត់ឲ្យអ្នកដឹកនាំពិភពលោកនិងអ្នកល្បីល្បាញដែលមនុស្សនិយមត្រាប់តាមឲ្យឡើងលើឆាកដើម្បីសម្ដែង។ (ធីម៉ូថេទី២ ៣:១៣; យ៉ូហានទី១ ៥:១៩) គោលដៅមួយរបស់សាតាំងគឺបញ្ឆោតមនុស្សជាតិឲ្យគិតថា របៀបគ្រប់គ្រងរបស់វាអាចនាំឲ្យពួកគេមានសន្ដិភាពពិតបាន។ ជាទូទៅ ការឃោសនារបស់វាបានទទួលជោគជ័យ ដ្បិតមនុស្សនៅតែមានគំនិតសុទិដ្ឋិនិយម ទោះជាមានភស្តុតាងកាន់តែច្រើនដែលបង្ហាញថា ស្ថានភាពពិភពលោកកំពុងតែអាក្រក់ទៅៗក៏ដោយ។ សាវ័កប៉ុលបានទាយថា មុនរបបលោកីយ៍នេះត្រូវបំផ្លាញចោលនឹងមានការឃោសនាដ៏គួរឲ្យកត់សម្គាល់មួយដែលមានប្រភពដើមមកពីសាតាំង។ ប៉ុលបានសរសេរថា៖ «កាលណាគេកំពុងតែនិយាយថា មានសេចក្ដីសុខសាន្ត! មានសេចក្ដីរៀបរយហើយ![ឬ«មានសន្ដិភាពហើយ! មានសន្ដិសុខហើយ!», ខ.ស.] នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសំរាល»។—ថែស្សាឡូនីចទី១ ៥:៣; វិវរណៈ ១៦:១៣
១២. តើមានការព្យាយាមយ៉ាងណាដើម្បីបង្កើតឲ្យមានសន្ដិភាពនៅសម័យយើងនេះ?
១២ នៅឆ្នាំថ្មីៗនេះ អ្នកនយោបាយធ្លាប់ប្រើឃ្លាថា‹សន្ដិភាពនិងសន្ដិសុខ›ជាញឹកញយពេលសំដៅលើផែនការផ្សេងៗរបស់មនុស្ស។ ពួកគេរហូតដល់ហៅឆ្នាំ១៩៨៦ ជាឆ្នាំនៃសន្ដិភាពអន្តរជាតិ ទោះជាឆ្នាំនោះមិនបានមានសន្ដិភាពក៏ដោយ។ តើការព្យាយាមទាំងនេះរបស់អ្នកដឹកនាំពិភពលោកជាការសម្រេចនៃថែស្សាឡូនីចទី១ ៥:៣ឬទេ? ឬតើប៉ុលសំដៅទៅលើព្រឹត្ដិការណ៍ជាក់លាក់មួយ ជាព្រឹត្ដិការណ៍ធំដល់ម្ល៉េះដែលមនុស្សទូទាំងពិភពលោកនឹងកត់សម្គាល់ឬ?
១៣. នៅពេលប៉ុលទាយអំពីការនិយាយថា«មានសន្ដិភាពហើយ! មានសន្ដិសុខហើយ!» តើគាត់បានប្រៀបធៀបការបំផ្លាញដែលនឹងមកជាបន្តបន្ទាប់នោះទៅនឹងអ្វី? តើយើងរៀនអ្វីពីនេះ?
១៣ យើងត្រូវតែចាំមើលសិន ដ្បិតទំនាយព្រះគម្ពីរច្រើនតែអាចយល់យ៉ាងពេញលេញក្រោយបានសម្រេចរួចហើយ ឬក៏ពេលដែលកំពុងតែសម្រេចនោះ។ ប៉ុន្តែ អ្វីមួយដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ប៉ុលបានប្រៀបធៀបសេចក្ដីហិនវិនាសដែលនឹងមកក្រោយការនិយាយថា«មានសន្ដិភាពហើយ! មានសន្ដិសុខហើយ!»ទៅនឹងស្ត្រីមានគភ៌ឈឺនឹងសំរាលកូន។ បន្ដិចម្ដងៗក្នុងកំឡុង៩ខែ ស្ត្រីដែលមានផ្ទៃពោះចាប់ផ្ដើមដឹងថាមានទារកកំពុងតែលូតលាស់ក្នុងផ្ទៃរបស់គាត់។ គាត់ប្រហែលជាអាចស្ដាប់ឮនូវសូរសម្លេងបេះដូងកូនលោត ឬក៏មានអារម្មណ៍ថាកូនបម្រះក្នុងផ្ទៃ។ ប្រហែលជាកូនធាក់ពោះគាត់ទៀត។ លក្ខណៈទាំងនេះមានកាន់តែខ្លាំងឡើងៗ ទាល់តែថ្ងៃមួយ គាត់ចាប់ផ្ដើមចុកខ្លាំង ហើយនេះបញ្ជាក់ថាព្រឹត្ដិការណ៍ដែលគាត់បានរង់ចាំជាយូរបានមកដល់ហើយ គឺកំណើតកូនរបស់គាត់។ ដូចគ្នាដែរ មិនថាទំនាយអំពីការនិយាយថា«មានសន្ដិភាពហើយ! មានសន្ដិសុខហើយ!»នឹងសម្រេចយ៉ាងណាក្ដី ក៏ការសម្រេចនោះនឹងនាំទៅដល់ព្រឹត្ដិការណ៍មួយដែលកើតឡើងភ្លាមៗ នាំឲ្យឈឺចាប់ តែនៅទីបំផុតនាំឲ្យមានសុភមង្គល។ ព្រឹត្ដិការណ៍នោះគឺការបំផ្លាញនូវអំពើទុច្ចរិតនិងជាទីចាប់ផ្ដើមនៃពិភពលោកថ្មីនិងរបបថ្មី។
១៤. ជាទូទៅ តើព្រឹត្ដិការណ៍នៅថ្ងៃខាងមុខនឹងកើតឡើងតាមលំដាប់ណា? តើអ្វីជាលទ្ធផលចុងក្រោយ?
១៤ ការបំផ្លិចបំផ្លាញដែលកំពុងមកដល់នោះនឹងជាព្រឹត្ដិការណ៍គួរឲ្យស្ញែងខ្លាចសំរាប់ជនគ្រីស្ទានស្មោះភក្ដីដែលកំពុងតែមើលដូចជាទស្សនិកជននោះ។ មុនបង្អស់ ស្តេចទាំងប៉ុន្មាននៅផែនដី(ប្រព័ន្ធនយោបាយនៃអង្គការរបស់សាតាំង)នឹងវាយប្រហារអ្នកគាំទ្របាប៊ីឡូនដ៏ធំ(សាសនា)ហើយបំផ្លាញពួកគេចោល។ (វិវរណៈ ១៧:១, ១៥-១៨) នេះគឺជាព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយដែលនឹកស្មានមិនដល់នឹងកើតឡើង គឺនគររបស់សាតាំងនឹងបែកបាក់ហើយទាស់តែគ្នាឯង ដោយមានផ្នែកមួយវាយប្រហារទៅលើផ្នែកមួយទៀត ហើយសាតាំងនឹងគ្មានសមត្ថភាពទប់ស្កាត់បាននោះទេ។ (ម៉ាថាយ ១២:២៥, ២៦) ព្រះយេហូវ៉ានឹងបណ្ដាលចិត្តស្តេចទាំងប៉ុន្មាននៅផែនដី«ឲ្យធ្វើតាមគំនិតទ្រង់» ពោលគឺ បំផ្លាញសាសនាដែលជាសត្រូវរបស់ទ្រង់ចេញពីផែនដី។ ក្រោយសាសនាមិនពិតត្រូវបំផ្លាញចោលហើយ នោះព្រះយេស៊ូគ្រីស្ទនិងនាំកងពលពីស្ថានសួគ៌មកកំទេចចោលផ្នែកដែលជាសំណល់នៃអង្គការរបស់សាតាំង ពោលគឺផ្នែកពាណិជ្ជកម្មនិងនយោបាយ។ នៅទីបំផុត សាតាំងនឹងត្រូវឃុំទុក។ ពេលនោះ ឈុតមួយដែលបានអូសបន្លាយយ៉ាងវែងនឹងត្រូវចប់ គឺហាក់ដូចជាមានគេហូតវាំងននបិទឆាកបញ្ចប់ការសម្ដែង។—វិវរណៈ ១៦:១៤-១៦; ១៩:១១-២១; ២០:១-៣
១៥, ១៦. តើការរំឭកដែលថា«ពេលវេលាចង្អៀតណាស់ហើយ»គួរមានឥទ្ធិពលយ៉ាងណាមកលើជីវិតរបស់យើង?
១៥ តើអ្វីៗទាំងអស់នេះនឹងកើតឡើងនៅពេលណា? យើងមិនដឹងថ្ងៃនិងពេលកំណត់ទេ។ (ម៉ាថាយ ២៤:៣៦) ក៏ប៉ុន្តែ អ្វីដែលយើងដឹងគឺ«ពេលវេលាចង្អៀតណាស់ហើយ»។ (កូរិនថូសទី១ ៧:២៩) ហេតុនេះ គឺជាការចាំបាច់ណាស់ដែលយើងប្រើពេលនៅសល់ដើម្បីធ្វើអ្វីដែលសំខាន់បំផុត។ តើយើងត្រូវធ្វើអ្វីទៅ? ដូចសាវ័កប៉ុលពន្យល់នោះ យើងត្រូវតែ«លៃយកឱកាសឲ្យទាន់ពេល» ដោយចោលអ្វីដែលមិនសូវសំខាន់ ហើយធ្វើឲ្យថ្ងៃនិមួយៗមានតម្លៃ។ ហេតុអ្វី? «ពីព្រោះសម័យនេះអាក្រក់ណាស់»។ ហើយដោយ‹ខំឲ្យយល់បំណងព្រះហឫទ័យព្រះយេហូវ៉ា›ចំពោះយើង នោះយើងមិនខាតពេលបន្ដិចបន្តួចដែលនៅសល់ទេ។—អេភេសូរ ៥:១៥-១៧; ពេត្រុសទី១ ៤:១-៤
១៦ ដោយសារយើងដឹងថារបបលោកីយ៍ទាំងមូលនេះនឹងត្រូវរលាយសាបសូន្យនោះ តើនេះគួរមានឥទ្ធិពលយ៉ាងណាមកលើយើងម្នាក់ៗ? សាវ័កពេត្រុសបានសរសេរសំរាប់ប្រយោជន៍យើងថា៖ «ចុះដែលរបស់ទាំងនោះនឹងត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ នឹងសេចក្ដីគោរពប្រតិបត្ដិ»។ (ពេត្រុសទី២ ៣:១១) យើងត្រូវជាមនុស្សបែបនេះពិតមែន! សមស្របតាមឱវាទរបស់ពេត្រុស (ទី១) យើងត្រូវប្រុងប្រយ័ត្នដោយមធ្យ័តនឹងការប្រព្រឹត្តរបស់យើង ដើម្បីរក្សាឲ្យមានការប្រព្រឹត្តបរិសុទ្ធជានិច្ច និង(ទី២) យើងត្រូវប្រាកដថាការប្រព្រឹត្តដ៏ខ្នះខ្នែងរបស់យើងក្នុងកិច្ចបំរើព្រះយេហូវ៉ា គឺដោយសារសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់យើងចំពោះទ្រង់។
១៧. តើជនគ្រីស្ទានស្មោះភក្ដីត្រូវប្រុងប្រយ័ត្ននឹងអន្ទាក់ណាខ្លះរបស់សាតាំង?
១៧ សេចក្ដីស្រឡាញ់ចំពោះព្រះនឹងបង្ការ កុំឲ្យយើងត្រូវទាក់ទាញចិត្តនឹងអ្វីៗក្នុងលោកីយ៍នេះហើយចាប់ផ្ដើមស្រឡាញ់វា។ ដោយគិតពីអ្វីដែលជិតកើតឡើងមកលើរបបលោកីយ៍នេះ នោះយើងអាចជួបនឹងគ្រោះថ្នាក់មែន បើចាប់ផ្ដើមស្ងើចនឹងរបៀបរស់នៅដ៏ភ្លើតភ្លើនរបស់មនុស្សលោកីយ៍។ ទោះជាយើងរស់នៅនិងធ្វើការក្នុងលោកីយ៍នេះក៏ពិតមែន ក៏យើងគួរស្ដាប់តាមឱវាទដ៏ល្អដែលថា កុំឲ្យប្រើលោកីយ៍ហួសខ្នាត។ (កូរិនថូសទី១ ៧:៣១) ការពិត យើងត្រូវតែព្យាយាមអស់ពីសមត្ថភាពដើម្បីកុំឲ្យវង្វេងទៅតាមការឃោសនារបស់លោកីយ៍។ លោកីយ៍នេះនឹងមិនអាចដោះស្រាយបញ្ហារបស់វាទេ។ លោកីយ៍នេះនឹងមិនមានដំណើរការរហូតនោះទេ។ ហេតុអ្វីយើងប្រាកដម្ល៉េះ? ដោយសារព្រះបន្ទូលរបស់ព្រះដែលទ្រង់បានបណ្ដាលឲ្យសរសេរចែងដូច្នេះ។ បន្ទូលនោះថា៖ «លោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។—យ៉ូហានទី១ ២:១៧
អ្វីដ៏ល្អបំផុតគឺស្ថិតនៅខាងមុខ!
១៨, ១៩. តើការកែប្រែអ្វីខ្លះដែលអ្នកកំពុងតែរង់ចាំចង់ឃើញក្នុងពិភពលោកថ្មី? ហេតុអ្វីអ្នកនឹងមិនខកបំណងនោះ?
១៨ បន្ដិចទៀត ព្រះយេហូវ៉ានឹងបញ្ចប់របបរបស់សាតាំងនិងអ្នកគាំទ្រវា ដូចជាគេហូតវាំងននបិទឆាកបញ្ចប់ការសម្ដែង។ ក្រោយនោះ ដោយទទួលពរពីព្រះយេហូវ៉ា អ្នកស្មោះភក្ដីដែលរួចរស់ជីវិតផុតពីទីបញ្ចប់នៃរបបលោកីយ៍នេះនឹងចាប់ផ្ដើមរៀបចំ«គំរូ»ឬឆាកថ្មី ដែលនឹងស្ថិតស្ថេរជារៀងរហូត។ ពេលនោះនឹងលែងមានសង្គ្រាមធ្វើឲ្យកករល្អក់ទូទាំងពិភពលោកទៀតហើយ ដ្បិតព្រះនឹងធ្វើឲ្យ«សង្គ្រាមស្ងប់រំងាប់ រហូតដល់ចុងផែនដី»។ (ទំនុកដំកើង ៤៦:៩) ជំនួសការខ្វះអាហារ គឺ«នឹងមានស្រូវជាបរិបូរ . . . រហូតដល់កំពូលភ្នំ»។ (ទំនុកដំកើង ៧២:១៦) គ្រានោះនឹងលែងមានរឿងក្ដីធនក្ស័យ និងតុលាការសំរាប់លែងលះគ្នា ក៏នឹងលែងមានគុក ប៉ុស្តិ៍ប៉ូលិស ជំងឺកាមរោគ អ្នកលក់ថ្នាំញៀន និងភេរវកម្ម។—ទំនុកដំកើង ៣៧:២៩; អេសាយ ៣៣:២៤; វិវរណៈ ២១:៣-៥
១៩ មនុស្សទាំងអស់ដែលនៅក្នុងផ្នូរនៃសេចក្ដីនឹកចាំនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ដោយបន្ថែមមនុស្សរាប់ពាន់លាននាក់ទៀតដែលនឹងទៅជាតួសម្ដែងលើឆាកថ្មី។ ពិតជានឹងមានអំណរសម្បើមណាស់ នៅពេលដែលតំណមួយជួបនឹងតំណមួយទៀត ហើយមនុស្សជាទីស្រឡាញ់ដែលបានឃ្លាតពីគ្នា ពេលនោះនឹងអាចឱបគ្នាដោយភាពកក់ក្ដៅនិងមានមនោសញ្ចេតនាជ្រាលជ្រៅ។ នៅទីបំផុត មនុស្សទាំងអស់នឹងថ្វាយបង្គំព្រះយេហូវ៉ា។ (វិវរណៈ ៥:១៣) នៅពេលការរៀបចំឆាកចប់រួចរាល់អស់ហើយ នោះនឹងឃើញមានសួនមនោរម្យពេញផែនដី ហាក់ដូចជាគេហូតវាំងននបើកឆាកថ្មី។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាពេលដែលមើលឆាកថ្មីនោះ? អ្នកប្រាកដជានឹងមានចិត្តជំរុញឲ្យឧទានថា៖ ‹ខ្ញុំបានរង់ចាំនេះតាំងពីយូរមកហើយ តែខ្ញុំមិនបានខកបំណងសោះឡើយ!›។
[កំណត់សម្គាល់]
a ក្នុងបរិបទមួយផ្សេងទៀត សាវ័កប៉ុលធ្លាប់និយាយថា ជនគ្រីស្ទានចាក់ប្រេងតាំងគឺជា«ទីដែលសំរាប់ឲ្យលោកីយបានមើលលេង គឺដល់ទាំងពួកទេវតា នឹងពួកមនុស្សផង»។—កូរិនថូសទី១ ៤:៩
b ព្រះគម្ពីរបានឲ្យដឹងថា ទីក្រុងយេរូសាឡិមត្រូវបានបំផ្លាញចោល៧០ឆ្នាំមុនសាសន៍យូដាបានត្រឡប់មកពីការធ្វើនិរទេសនៅឆ្នាំ៥៣៧មុនស.យ.។ (យេរេមា ២៥:១១,១២; ដានីយ៉ែល ៩:១-៣) ដើម្បីអានការពន្យល់ដែលស៊ីជំរៅអំពី«គ្រារបស់សាសន៍ដទៃ»សូមមើលជំពូកទី១៦ ទំព័រ១៣៨-១៤១ វគ្គ១៤-២១ ក្នុងសៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ពាក្យរបស់សាវ័កប៉ុលដែលថា«គំរូនៃលោកីយនេះតែងតែផ្លាស់ទៅ» ហេតុអ្វីនេះជាការពិតនៅសម័យយើងនេះ?
• តើកាលប្រវត្ដិវិទ្យាព្រះគម្ពីរចង្អុលបញ្ជាក់នូវទីបញ្ចប់នៃ«គ្រារបស់សាសន៍ដទៃ»យ៉ាងដូចម្ដេច?
• សភាពការណ៍ពិភពលោកដែលកំពុងតែប្រែប្រួលតើនេះបញ្ជាក់យ៉ាងដូចម្ដេចថា ឆ្នាំ១៩១៤ជាទីចាប់ផ្ដើមនៃ«គ្រាចុងបំផុត»?
• តើការនិយាយថា«ពេលវេលាចង្អៀតណាស់ហើយ»គួរមានឥទ្ធិពលយ៉ាងណាមកលើយើង?
[រូបភាពនៅទំព័រ២០]
រឿងអាថ៌កំបាំងត្រូវបានទម្លាយហើយ!