មូលហេតុដែលយើងធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់
«ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកពីខ្ញុំ»។—កូរិនថូសទី១ ១១:២៤
១, ២. តើលោកយេស៊ូបានធ្វើអ្វីនៅល្ងាចថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស.? (សូមមើលរូបភាពនៅដើមអត្ថបទ)
នៅក្រុងយេរូសាឡិម នៅយប់ថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស. មានលោកខែពេញវង់។ លោកយេស៊ូនិងពួកសាវ័ករបស់លោកបានធ្វើបុណ្យរំលង ជាពិធីរំលឹកដែលធ្វើឲ្យមនុស្សនឹកចាំអំពីរបៀបដែលព្រះយេហូវ៉ាបានសង្គ្រោះជនជាតិអ៊ីស្រាអែលពីស្រុកអេស៊ីបជាង១.៥០០ឆ្នាំមុន។ លោកយេស៊ូបានចូលរួមការបរិភោគអាហារពិសេសជាមួយនឹងពួកសាវ័កស្មោះត្រង់១១នាក់របស់លោក ជាការបរិភោគអាហារដែលអ្នកកាន់តាមលោកនឹងធ្វើរាល់ឆ្នាំដើម្បីរំលឹកអំពីមរណភាពរបស់លោក។—ម៉ាថាយ ២៦:១, ២
២ លោកយេស៊ូបានអធិដ្ឋាន ហុចនំប៉័ងឥតដំបែឲ្យពួកសាវ័ករបស់លោក ហើយបានមានប្រសាសន៍ថា៖ «ចូរយកពិសាចុះ»។ បន្ទាប់មកលោកបានយកពែងស្រាទំពាំងបាយជូរមួយ អធិដ្ឋានម្ដងទៀត ហើយបានមានប្រសាសន៍ថា៖ «ចូរអ្នកទាំងអស់គ្នាពិសាពីពែងនេះ»។ (ម៉ាថាយ ២៦:២៦, ២៧) នំប៉័ងនិងស្រាទំពាំងបាយជូរមានអត្ថន័យពិសេស។ ពួកសាវ័កស្មោះត្រង់របស់លោកយេស៊ូបានរៀនអ្វីៗជាច្រើននៅយប់ដ៏សំខាន់នោះ។
៣. តើយើងនឹងពិគ្រោះសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
៣ លោកយេស៊ូចង់ឲ្យអ្នកកាន់តាមលោករំលឹកអំពីមរណភាពរបស់លោករាល់ឆ្នាំ។ ក្រោយមក ពិធីនោះបានត្រូវហៅថា«ពិធីអាហារល្ងាចរបស់លោកម្ចាស់» ឬពិធីរំលឹក។ (កូរិនថូសទី១ ១១:២០) នេះនាំឲ្យមានសំណួរខ្លះ។ ហេតុអ្វីយើងគួររំលឹកអំពីមរណភាពរបស់លោកយេស៊ូ? តើនំប៉័ងនិងស្រាទំពាំងបាយជូរមានអត្ថន័យយ៉ាងណា? តើយើងអាចរៀបចំយ៉ាងណាសម្រាប់ពិធីរំលឹក? តើអ្នកណាគួរពិសាវត្ថុតំណាង? ហើយតើតាមរបៀបណាគ្រិស្តសាសនិកបង្ហាញថាពួកគេឲ្យតម្លៃទៅលើសេចក្ដីសង្ឃឹមរបស់ពួកគេ?
មូលហេតុដែលយើងរំលឹកមរណភាពរបស់លោកយេស៊ូ
៤. តើមរណភាពរបស់លោកយេស៊ូបានបើកឱកាសអ្វីឲ្យយើង?
៤ យើងបានទទួលភាពខុសឆ្គងនិងសេចក្ដីស្លាប់ ដោយសារអាដាមបានប្រព្រឹត្តអំពើខុសឆ្គង។ (រ៉ូម ៥:១២) គ្មានមនុស្សមិនល្អឥតខ្ចោះណាម្នាក់អាចជូនព្រះនូវថ្លៃលោះសម្រាប់ជីវិតខ្លួន ឬជីវិតរបស់អ្នកឯទៀតបានឡើយ។ (ទំនុកតម្កើង ៤៩:៦-៩) ប៉ុន្តែ លោកយេស៊ូបានផ្ដល់ជីវិតល្អឥតខ្ចោះរបស់លោកដើម្បីយើង ហើយបានជូនព្រះនូវតម្លៃនៃថ្លៃលោះនោះ។ ដោយធ្វើដូច្នេះ លោកយេស៊ូបានបើកឱកាសឲ្យយើងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត ដោយរំដោះយើងឲ្យរួចពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។—រ៉ូម ៦:២៣; កូរិនថូសទី១ ១៥:២១, ២២
យើងមានចិត្តដឹងគុណយ៉ាងខ្លាំងចំពោះអ្វីដែលព្រះនិងលោកយេស៊ូបានធ្វើដើម្បីយើង!
៥. (ក) តើតាមរបៀបណាយើងដឹងថាព្រះនិងលោកយេស៊ូស្រឡាញ់យើង? (ខ) ហេតុអ្វីយើងគួរចូលរួមពិធីរំលឹក?
៥ ព្រះបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះមនុស្សដោយផ្ដល់ថ្លៃលោះ។ (យ៉ូហាន ៣:១៦) លោកយេស៊ូក៏បានបង្ហាញសេចក្ដីស្រឡាញ់របស់លោកដែរ ដោយផ្ដល់ជីវិតរបស់លោកដើម្បីយើង។ សូម្បីតែមុនលោកយេស៊ូបានមកផែនដីក្ដី លោកមាន‹សេចក្ដីអំណរនឹងពួកមនុស្សលោក›។ (សុភាសិត ៨:៣០, ៣១) យើងមានចិត្តដឹងគុណយ៉ាងខ្លាំងចំពោះអ្វីដែលព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើដើម្បីយើង! នេះជាមូលហេតុដែលយើងធ្វើតាមបង្គាប់របស់លោកយេស៊ូដែលថា៖ «ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកពីខ្ញុំ» ដោយចូលរួមពិធីរំលឹក។—កូរិនថូសទី១ ១១:២៣-២៥
អត្ថន័យនៃវត្ថុតំណាង
៦. តើយើងយល់យ៉ាងណាអំពីនំប៉័ងនិងស្រាទំពាំងបាយជូរនៅពិធីរំលឹក?
៦ ក្នុងអំឡុងការបរិភោគអាហារចុងក្រោយរបស់លោកយេស៊ូជាមួយនឹងពួកសាវ័ករបស់លោក លោកមិនបានធ្វើការអស្ចារ្យដោយធ្វើឲ្យនំប៉័ងក្លាយទៅជារូបកាយរបស់លោក ឬស្រាទំពាំងបាយជូរទៅជាឈាមរបស់លោកទេ។ លោកបានមានប្រសាសន៍អំពីនំប៉័ងថា៖ «នេះជាតំណាងរូបកាយរបស់ខ្ញុំ»។ លោកបានមានប្រសាសន៍អំពីស្រាទំពាំងបាយជូរថា៖ «ស្រានេះជាតំណាង‹ឈាមរបស់ខ្ញុំដែលសម្រាប់កិច្ចព្រមព្រៀង›។ ឈាមនោះនឹងត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន»។ (ម៉ាកុស ១៤:២២-២៤) យើងអាចឃើញយ៉ាងច្បាស់ថានំប៉័ងនិងស្រាទំពាំងបាយជូរជានិមិត្តរូប ឬជាវត្ថុតំណាង។
៧. តើនំប៉័ងឥតដំបែជាតំណាងអ្វី?
៧ នៅល្ងាចដ៏សំខាន់នោះ លោកយេស៊ូបានប្រើនំប៉័ងឥតដំបែពីអាហារបុណ្យរំលង។ (និក្ខមនំ ១២:៨) ជួនកាល គម្ពីរប្រើដំបែដើម្បីជាតំណាងអំពើខុសឆ្គង។ (ម៉ាថាយ ១៦:៦, ១១, ១២; លូកា ១២:១) នំប៉័ងឥតដំបែដែលលោកយេស៊ូបានប្រើជាតំណាងរូបកាយដ៏ល្អឥតខ្ចោះរបស់លោក។ (ហេប្រឺ ៧:២៦) នេះជាមូលហេតុដែលយើងប្រើនំប៉័ងឥតដំបែនៅពិធីរំលឹក។
៨. តើស្រាទំពាំងបាយជូរជាតំណាងអ្វី?
៨ ស្រាទំពាំងបាយជូរដែលលោកយេស៊ូបានប្រើជាតំណាងឈាមរបស់លោក ឬជីវិតរបស់លោក ដូចស្រាទំពាំងបាយជូរដែលយើងប្រើនៅពិធីរំលឹកសព្វថ្ងៃនេះ។ នៅកុលកូថាដែលជាកន្លែងមួយនៅខាងក្រៅក្រុងយេរូសាឡិម លោកយេស៊ូបានស្លាប់ដើម្បីយើង ហើយបានផ្ដល់ជីវិតរបស់លោកដើម្បីឲ្យយើង«ទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន»។ (ម៉ាថាយ ២៦:២៨; ២៧:៣៣) បើយើងមានចិត្តដឹងគុណចំពោះអំណោយដ៏មានតម្លៃនោះ យើងនឹងត្រៀមខ្លួនសម្រាប់ពិធីពិសេសនេះជារៀងរាល់ឆ្នាំ។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
របៀបខ្លះដើម្បីរៀបចំ
៩. (ក) ហេតុអ្វីយើងគួរប្រើកាលវិភាគអំណានគម្ពីរសម្រាប់ពិធីរំលឹក? (ខ) តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះថ្លៃលោះ?
៩ របៀបមួយដើម្បីរៀបចំសម្រាប់ពិធីរំលឹកគឺប្រើកាលវិភាគអំណានគម្ពីរសម្រាប់ពិធីរំលឹកនៅក្នុងសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ។ ការអានកំណត់ហេតុក្នុងគម្ពីរនឹងជួយយើងរំពឹងគិតអំពីអ្វីដែលលោកយេស៊ូបានធ្វើមុនលោកបានទទួលមរណភាព។ បងស្រីម្នាក់បានសរសេរថា៖ «យើងរង់ចាំពិធីរំលឹកដោយចិត្តរំភើប។ ពិធីនេះមានអត្ថន័យកាន់តែពិសេសចំពោះយើងរាល់ឆ្នាំ។ ខ្ញុំចាំពេលដែលខ្ញុំឈរនៅកន្លែងធ្វើពិធីបុណ្យសព . . . ហើយមើលសពឪពុកជាទីស្រឡាញ់របស់ខ្ញុំ។ នៅពេលនោះខ្ញុំចាប់ផ្ដើមមានចិត្តដឹងគុណយ៉ាងស្មោះអស់ពីចិត្តចំពោះថ្លៃលោះ។ . . . ខ្ញុំដឹងអស់ទាំងបទគម្ពីរដែលទាក់ទងនឹងថ្លៃលោះ ហើយខ្ញុំក៏ដឹងនូវរបៀបពន្យល់បទគម្ពីរទាំងនោះដែរ! ប៉ុន្តែ ទាល់តែពេលខ្ញុំបានដឹងនូវអានុភាពនៃសេចក្ដីស្លាប់ ទើបចិត្តខ្ញុំត្រេកអរយ៉ាងខ្លាំងចំពោះអ្វីដែលថ្លៃលោះដ៏វិសេសនោះនឹងធ្វើដើម្បីយើង»។ ផ្នែកដ៏សំខាន់នៃការរៀបចំសម្រាប់ពិធីរំលឹកគឺជាការរំពឹងគិតអំពីរបៀបដែលគ្រឿងបូជារបស់លោកយេស៊ូនឹងជួយយើងផ្ទាល់។
១០. តើយើងអាចធ្វើអ្វីទៀតដើម្បីរៀបចំសម្រាប់ពិធីរំលឹក?
១០ របៀបមួយទៀតដែលយើងអាចរៀបចំសម្រាប់ពិធីរំលឹកគឺបង្កើនម៉ោងដែលយើងចំណាយក្នុងកិច្ចបម្រើផ្សាយ ហើយអញ្ជើញមនុស្សច្រើនបំផុតឲ្យចូលរួមពិធីរំលឹក។ ប្រហែលជាយើងអាចធ្វើជាអ្នកត្រួសត្រាយជំនួយ។ ពេលយើងនិយាយជាមួយនឹងអ្នកឯទៀតអំពីព្រះនិងបុត្ររបស់លោក ព្រមទាំងសេចក្ដីសង្ឃឹមអំពីជីវិតដែលគ្មានទីបញ្ចប់ យើងនឹងស្កប់ចិត្តដែលយើងធ្វើអ្វីដែលព្រះចង់ឲ្យយើងធ្វើ។—ទំនុកតម្កើង ១៤៨:១២, ១៣
១១. ហេតុអ្វីប៉ូលបាននិយាយថាគ្រិស្តសាសនិកខ្លះនៅក្រុងកូរិនថូសបានបរិភោគនិងផឹកដោយខ្លួនមិនសមនឹងទទួលនៅពិធីរំលឹក?
១១ ពេលអ្នករៀបចំសម្រាប់ពិធីរំលឹក សូមរំពឹងគិតអំពីអ្វីដែលប៉ូលបានសរសេរទៅគ្រិស្តសាសនិកនៅក្រុងកូរិនថូស។ (សូមអាន កូរិនថូសទី១ ១១:២៧-៣៤) គាត់បាននិយាយថា បើបុគ្គលដែលបរិភោគនំប៉័ងនិងផឹកស្រាទំពាំងបាយជូរ បានធ្វើដូច្នេះដោយខ្លួនមិនសមនឹងទទួលឬដោយមិនបង្ហាញការគោរព គាត់នឹងមានទោសចំពោះ«រូបកាយនិងឈាមរបស់លោកម្ចាស់»។ ដូច្នេះ បើអ្នកណាដែលបានត្រូវរើសតាំងបានប្រព្រឹត្តអំពើខុសឆ្គង ហើយពិសាវត្ថុតំណាង «អ្នកនោះផឹកនិងបរិភោគនាំឲ្យខ្លួនទទួលការវិនិច្ឆ័យ»។ នៅសម័យប៉ូល គ្រិស្តសាសនិកជាច្រើននាក់នៅក្រុងកូរិនថូសបានប្រព្រឹត្តអំពើខុសឆ្គង។ ប្រហែលជាពួកគេខ្លះបានបរិភោគនិងផឹកច្រើនពេកមុនពិធីរំលឹក ឬក្នុងអំឡុងពិធីនោះ ហើយពួកគេបានងងុយគេង។ ពួកគេមិនបានបង្ហាញការគោរពសោះចំពោះពិធីនេះ ដូច្នេះពេលពួកគេពិសាវត្ថុតំណាង ព្រះមិនពេញចិត្តឡើយ។
១២. (ក) តើប៉ូលបានប្រៀបប្រដូចពិធីរំលឹកទៅនឹងអ្វី? តើគាត់បានផ្ដល់ការព្រមានអ្វីដល់អ្នកពិសាវត្ថុតំណាង? (ខ) បើអ្នកពិសាវត្ថុតំណាងបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ តើគាត់គួរធ្វើអ្វី?
១២ ប៉ូលបានប្រៀបប្រដូចពិធីរំលឹកទៅនឹងការបរិភោគអាហារ កាលដែលគាត់បានព្រមានអ្នកពិសាវត្ថុតំណាងថា៖ «អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះយេហូវ៉ាផងនិងពីពែងរបស់ពួកវិញ្ញាណកំណាចផងបានទេ។ អ្នករាល់គ្នាមិនអាចបរិភោគពី‹តុរបស់ព្រះយេហូវ៉ា›ផងនិងពីតុរបស់ពួកវិញ្ញាណកំណាចផងបានឡើយ»។ (កូរិនថូសទី១ ១០:១៦-២១) បើបុគ្គលម្នាក់ដែលពិសាវត្ថុតំណាងបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ គាត់ត្រូវទៅជួបអ្នកចាស់ទុំដើម្បីទទួលជំនួយ។ (សូមអាន យ៉ាកុប ៥:១៤-១៦) បើការប្រព្រឹត្តរបស់គាត់បង្ហាញថាគាត់បានកែប្រែយ៉ាងស្មោះ នោះពេលគាត់ពិសាវត្ថុតំណាងនៅពិធីរំលឹក នេះមិនមានន័យថាគាត់មិនគោរពគ្រឿងបូជារបស់លោកយេស៊ូឡើយ។—លូកា ៣:៨
យើងចង់បង្ហាញការគោរពជានិច្ចចំពោះគ្រឿងបូជារបស់លោកយេស៊ូ
១៣. ហេតុអ្វីយើងគួរអធិដ្ឋានអំពីសេចក្ដីសង្ឃឹមដែលព្រះបានផ្ដល់ឲ្យយើង?
១៣ យើងក៏អាចរៀបចំសម្រាប់ពិធីរំលឹកដែរដោយអធិដ្ឋាននិងរំពឹងគិតអំពីសេចក្ដីសង្ឃឹមដែលព្រះបានផ្ដល់ឲ្យយើងផ្ទាល់។ យើងចង់បង្ហាញការគោរពជានិច្ចចំពោះគ្រឿងបូជារបស់លោកយេស៊ូ។ ហេតុនេះ យើងមិនពិសាវត្ថុតំណាងទេ បើយើងមិនមានទីសំអាងច្បាស់លាស់ថាយើងជាអ្នករើសតាំង។ ដូច្នេះ តើអ្នកណាគួរពិសាវត្ថុតំណាង?
តើអ្នកណាគួរពិសា?
១៤. ដោយសារពួកអ្នករើសតាំងជាភាគីនៃកិច្ចព្រមព្រៀងថ្មី តើពួកគាត់ធ្វើអ្វីនៅពិធីរំលឹក?
១៤ ពួកអ្នកដែលពិសាវត្ថុតំណាងនៅពិធីរំលឹក ដឹងប្រាកដថាពួកគាត់ជាភាគីនៃកិច្ចព្រមព្រៀងថ្មី។ លោកយេស៊ូបានមានប្រសាសន៍អំពីស្រាទំពាំងបាយជូរថា៖ «ពែងនេះជាតំណាងកិច្ចព្រមព្រៀងថ្មីដែលមានមូលដ្ឋានលើឈាមរបស់ខ្ញុំ»។ (កូរិនថូសទី១ ១១:២៥) ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងខាងច្បាប់ជាមួយនឹងជនជាតិអ៊ីស្រាអែល ប៉ុន្តែក្រោយមកលោកបានមានប្រសាសន៍ថាលោកនឹងធ្វើកិច្ចព្រមព្រៀងថ្មីមួយជំនួសកិច្ចព្រមព្រៀងខាងច្បាប់។ (សូមអាន យេរេមា ៣១:៣១-៣៤) ព្រះបានធ្វើកិច្ចព្រមព្រៀងថ្មី ឬកិច្ចសន្យាថ្មីនេះជាមួយនឹងពួកអ្នករើសតាំង។ (កាឡាទី ៦:១៥, ១៦) កិច្ចសន្យានេះអាចធ្វើឡើង ដោយសារមរណភាពរបស់លោកយេស៊ូ។ (លូកា ២២:២០) លោកយេស៊ូជាអ្នកសម្រុះសម្រួលក្នុងកិច្ចព្រមព្រៀងថ្មី។ ពួកអ្នករើសតាំងដ៏ស្មោះត្រង់ដែលជាភាគីនៃកិច្ចព្រមព្រៀងថ្មីនឹងនៅជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។—ហេប្រឺ ៨:៦; ៩:១៥
១៥. តើអ្នកណាជាភាគីនៃកិច្ចព្រមព្រៀងរាជាណាចក្រ? បើពួកគាត់នៅស្មោះត្រង់ តើពួកគាត់នឹងមានឯកសិទ្ធិអ្វី?
១៥ អ្នករើសតាំងដឹងថាពួកគាត់ក៏ជាភាគីនៃកិច្ចព្រមព្រៀងរាជាណាចក្រដែរ។ (សូមអាន លូកា ១២:៣២) កិច្ចព្រមព្រៀងនេះបានធ្វើឡើងរវាងលោកយេស៊ូនិងពួកអ្នករើសតាំងដ៏ស្មោះត្រង់ដែលបាន«រួមចំណែកក្នុងទុក្ខវេទនារបស់លោក»។ (ភីលីព ៣:១០) នៅសព្វថ្ងៃនេះ ពួកអ្នករើសតាំងដ៏ស្មោះត្រង់ក៏ជាភាគីនៃកិច្ចព្រមព្រៀងនេះដែរ។ ពួកគាត់នឹងគ្រប់គ្រងជាស្តេចជាមួយនឹងគ្រិស្តនៅស្ថានសួគ៌ជារៀងរហូត។ (ការបើកបង្ហាញ ២២:៥) ពួកគាត់មានលក្ខណៈគ្រប់គ្រាន់ដើម្បីពិសាវត្ថុតំណាងនៅពិធីអាហារល្ងាចរបស់លោកម្ចាស់។
១៦. សូមពន្យល់ជាសង្ខេបអំពីអត្ថន័យនៃរ៉ូម ៨:១៥-១៧។
១៦ អ្នករើសតាំងដឹងប្រាកដថាពួកគាត់ជាកូនព្រះ ហើយថាពួកគាត់អាចពិសាវត្ថុតំណាង។ (សូមអាន រ៉ូម ៨:១៥-១៧) ប៉ូលបាននិយាយថាពួកគាត់ស្រែកឡើងថា៖ «អប្បា! បិតាអើយ!»។ ពាក្យភាសាអារ៉ាម«អប្បា» គឺជាពាក្យមួយដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ដូច«ប៉ា ឪ ឬពុក» និងការគោរពដូច«បិតា»។ ពាក្យនេះបញ្ជាក់អំពីទំនាក់ទំនងពិសេសដែលអ្នករើសតាំងមានជាមួយនឹងព្រះយេហូវ៉ានៅពេលដែលពួកគាត់«បានត្រូវទទួលជាកូន»ដោយសកម្មពល។ សកម្មពលរបស់ព្រះ«ធ្វើជាសាក្សីដែលបញ្ជាក់»ជាមួយនឹងពួកគាត់ ដើម្បីពួកគាត់ដឹងយ៉ាងពិតប្រាកដថាពួកគាត់ជាកូនដែលបានត្រូវរើសតាំងរបស់ព្រះ។ នេះមិនមានន័យថាពួកគាត់មិនចង់រស់នៅផែនដីទេ។ ពួកគាត់ដឹងថា បើពួកគាត់ស្មោះត្រង់រហូតដល់ស្លាប់ ពួកគាត់នឹងធ្វើជាស្តេចជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។ ម្យ៉ាងទៀត ពួកគាត់ដឹងថាព្រះយេហូវ៉ាដែលជា«ព្រះដ៏បរិសុទ្ធបានរើសតាំង»ពួកគាត់។ សព្វថ្ងៃនេះ មានតែមួយចំនួនតូចប៉ុណ្ណោះនៃពួក១៤៤.០០០នាក់ដែលជាកូនព្រះដែលនៅសល់លើផែនដី។ (យ៉ូហានទី១ ២:២០; ការបើកបង្ហាញ ១៤:១) ពួកគាត់មានអារម្មណ៍ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាដល់ម្ល៉េះបានជាពួកគាត់ហៅលោកថា៖ «អប្បា! បិតាអើយ!»។
ចូរឲ្យតម្លៃចំពោះសេចក្ដីសង្ឃឹមរបស់អ្នកដែលមានមូលដ្ឋានលើគម្ពីរ
១៧. តើអ្នកដែលបានត្រូវរើសតាំងមានសេចក្ដីសង្ឃឹមអ្វី? តើតាមរបៀបណាពួកគាត់ដឹងថាពួកគាត់ជាអ្នករើសតាំង?
១៧ បើអ្នកជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំង ក្នុងសេចក្ដីអធិដ្ឋានផ្ទាល់ខ្លួនរបស់អ្នក អ្នកនឹងនិយាយជារឿយៗអំពីសេចក្ដីសង្ឃឹមរបស់អ្នកចំពោះជីវិតនៅស្ថានសួគ៌។ ម្យ៉ាងទៀត បទគម្ពីរនឹងមានអត្ថន័យពិសេសចំពោះអ្នក។ ជាឧទាហរណ៍ កាលគម្ពីររៀបរាប់អំពីពិធីមង្គលការនៅស្ថានសួគ៌របស់លោកយេស៊ូនិង«កូនក្រមុំ»របស់លោក អ្នកដឹងថានេះសំដៅលើអ្នក ហើយអ្នកទន្ទឹងរង់ចាំពិធីមង្គលការនោះ។ (យ៉ូហាន ៣:២៧-២៩; កូរិនថូសទី២ ១១:២; ការបើកបង្ហាញ ២១:២, ៩-១៤) ឬកាលដែលគម្ពីរពន្យល់អំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះអ្នករើសតាំង អ្នកដឹងថាលោកកំពុងមានប្រសាសន៍មកកាន់អ្នក។ ម្យ៉ាងវិញទៀត នៅពេលអ្នកអានការណែនាំក្នុងបណ្ដាំរបស់ព្រះដែលបានសរសេរជាពិសេសសម្រាប់ពួកអ្នកដែលបានត្រូវរើសតាំង សកម្មពលបរិសុទ្ធជំរុញអ្នកធ្វើតាមការណែនាំនេះ។ សកម្មពលរបស់ព្រះ«ធ្វើជាសាក្សីដែលបញ្ជាក់»ជាមួយនឹងអ្នកថា អ្នកមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។
១៨. តើ«ចៀមឯទៀត»មានសេចក្ដីសង្ឃឹមអ្វី? តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះសេចក្ដីសង្ឃឹមនេះ?
១៨ បើអ្នកជាសមាជិក«មនុស្សមួយក្រុមធំ»នៃ«ចៀមឯទៀត» ព្រះបានផ្ដល់ឱកាសឲ្យអ្នករស់ជារៀងរហូតនៅផែនដីជាសួនឧទ្យាន។ (ការបើកបង្ហាញ ៧:៩; យ៉ូហាន ១០:១៦) តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះអនាគតរបស់អ្នក? អ្នករំភើបចិត្តពេលអ្នករំពឹងគិតអំពីអ្វីដែលគម្ពីរប្រាប់អំពីសួនឧទ្យាននៅពេលអនាគត។ អ្នកទន្ទឹងរង់ចាំរស់នៅក្នុងពិភពលោកដែលមានសេចក្ដីសុខសាន្តជាមួយនឹងក្រុមគ្រួសារនិងមិត្តភក្ដិរបស់អ្នក។ អ្នកចង់ឃើញទីបញ្ចប់នៃការស្រេកឃ្លាន ភាពក្រីក្រ ទុក្ខវេទនា ជំងឺ និងសេចក្ដីស្លាប់។ (ទំនុកតម្កើង ៣៧:១០, ១១, ២៩; ៦៧:៦; ៧២:៧, ១៦; អេសាយ ៣៣:២៤) អ្នកចង់ជួបយ៉ាងខ្លាំងនូវមនុស្សជាទីស្រឡាញ់ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ (យ៉ូហាន ៥:២៨, ២៩) អ្នកដឹងគុណព្រះយេហូវ៉ាយ៉ាងជ្រាលជ្រៅចំពោះសេចក្ដីសង្ឃឹមដ៏អស្ចារ្យនេះ! ទោះជាអ្នកមិនពិសាវត្ថុតំណាងក៏ដោយ អ្នកចូលរួមពិធីរំលឹកដោយសារអ្នកមានចិត្តដឹងគុណចំពោះគ្រឿងបូជាលោះរបស់លោកយេស៊ូ។
តើអ្នកនឹងនៅទីនោះឬទេ?
១៩, ២០. (ក) តើអ្នកត្រូវធ្វើអ្វីដើម្បីរស់ជារៀងរហូត? (ខ) ហេតុអ្វីអ្នកនឹងចូលរួមពិធីរំលឹក?
១៩ អ្នកអាចរស់ជារៀងរហូតនៅផែនដីឬនៅស្ថានសួគ៌បាន លុះត្រាតែអ្នកបង្ហាញជំនឿលើព្រះយេហូវ៉ា លោកយេស៊ូគ្រិស្ត និងថ្លៃលោះ។ ពេលអ្នកចូលរួមពិធីរំលឹក សូមរំពឹងគិតអំពីសេចក្ដីសង្ឃឹមរបស់អ្នក និងអំពីសារៈសំខាន់នៃមរណភាពរបស់លោកយេស៊ូ។ ក្រោយថ្ងៃលិច នៅថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០១៥ មនុស្សរាប់លាននាក់ទូទាំងពិភពលោកនឹងចូលរួមពិធីរំលឹកនៅសាលប្រជុំផ្សេងៗនិងកន្លែងឯទៀត។
២០ ពេលយើងរៀបចំដើម្បីចូលរួមពិធីរំលឹកដោយមានទស្សនៈត្រឹមត្រូវ យើងនឹងដឹងគុណខ្លាំងណាស់ចំពោះគ្រឿងបូជាលោះរបស់លោកយេស៊ូ។ ពេលអ្នកស្ដាប់សុន្ទរកថានៅពិធីរំលឹកដោយយកចិត្តទុកដាក់ នេះនឹងជំរុញចិត្តអ្នកឲ្យបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកឯទៀត ហើយប្រាប់ពួកគេអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា និងគោលបំណងរបស់លោកសម្រាប់យើងទាំងអស់គ្នា។ (ម៉ាថាយ ២២:៣៤-៤០) ចូរតាំងចិត្តមានវត្តមាននៅទីនោះ។