អត្ថបទសិក្សា ៤៩
ការប្រោសឲ្យរស់ឡើងវិញគឺជាសេចក្ដីសង្ឃឹមដ៏ពិតប្រាកដ!
«ខ្ញុំមានសេចក្ដីសង្ឃឹមលើព្រះ . . . ថា មនុស្ស . . . នឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។—សកម្ម. ២៤:១៥
ចម្រៀងលេខ១៥១ លោកនឹងហៅ
សេចក្ដីសង្ខេបa
១-២. តើអ្នកគោរពប្រណិប័តន៍ពិតមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យអ្វី?
មនុស្សគ្រប់រូបត្រូវការសេចក្ដីសង្ឃឹម។ អ្នកខ្លះសង្ឃឹមថាពួកគេនឹងមានអាពាហ៍ពិពាហ៍ដែលមានសុភមង្គល និងចិញ្ចឹមអប់រំកូនឲ្យមានសុខភាពល្អ ឬសង្ឃឹមថាខ្លួននឹងជាសះស្បើយពីជំងឺដ៏ធ្ងន់ធ្ងរ។ យើងដែលជាគ្រិស្តសាសនិកប្រហែលជាមានសេចក្ដីសង្ឃឹមដូចពួកគេដែរ។ ប៉ុន្តែយើងមិនសង្ឃឹមទៅលើតែអ្វីទាំងនេះប៉ុណ្ណោះទេ។ យើងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត ហើយសង្ឃឹមថាមនុស្សជាទីស្រឡាញ់របស់យើងដែលបានស្លាប់នឹងរស់ឡើងវិញ។
២ សាវ័កប៉ូលបាននិយាយថា៖ «ខ្ញុំមានសេចក្ដីសង្ឃឹមលើព្រះ . . . ថា មនុស្សសុចរិតនិងមនុស្សមិនសុចរិតនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។ (សកម្ម. ២៤:១៥) ប៉ូលមិនមែនជាបុគ្គលទី១ដែលនិយាយអំពីសេចក្ដីសង្ឃឹមនៃការប្រោសឲ្យរស់ឡើងវិញទេ។ យ៉ូបក៏បាននិយាយអំពីសេចក្ដីសង្ឃឹមនេះដែរ។ គាត់មានទំនុកចិត្តថា ព្រះនឹងនឹកចាំគាត់ ហើយប្រោសគាត់ឲ្យមានជីវិតឡើងវិញ។—យ៉ូប ១៤:៧-១០, ១២-១៥
៣. ហេតុអ្វីយើងអាចទទួលប្រយោជន៍ពីកូរិនថូសទី១ ជំពូក១៥?
៣ «ការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ» គឺជាផ្នែកមួយនៃ«សេចក្ដីបង្រៀនជាមូលដ្ឋាន» ឬជា«គ្រឹះ»នៃសេចក្ដីបង្រៀនទាំងអស់របស់គ្រិស្តសាសនិក។ (ហេ. ៦:១, ២) ប៉ូលពណ៌នាអំពីការប្រោសឲ្យរស់ឡើងវិញនៅកូរិនថូសទី១ ជំពូក១៥។ អ្វីដែលគាត់បានសរសេរច្បាស់ជាបានលើកទឹកចិត្តគ្រិស្តសាសនិកនៅសតវត្សរ៍ទី១។ ជំពូកនេះក៏អាចលើកទឹកចិត្តនិងពង្រឹងទំនុកចិត្តរបស់យើងចំពោះសេចក្ដីសង្ឃឹមដែលយើងមានជាយូរមកហើយ។
៤. ហេតុអ្វីយើងអាចសង្ឃឹមថាបុគ្គលជាទីស្រឡាញ់របស់យើងដែលបានស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ?
៤ ការប្រោសលោកយេស៊ូគ្រិស្តឲ្យរស់ឡើងវិញជាមូលដ្ឋាននៃសេចក្ដីសង្ឃឹមរបស់យើង គឺសេចក្ដីសង្ឃឹមថា ទោះជាពួកអ្នកដែលយើងស្រឡាញ់ស្លាប់ក្ដី ពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ នោះគឺជាផ្នែកមួយនៃ«ដំណឹងល្អ»ដែលប៉ូលបានប្រកាសប្រាប់ដល់អ្នកក្រុងកូរិនថូស។ (១កូ. ១៥:១, ២) តាមពិត គាត់បាននិយាយថា បើគ្រិស្តសាសនិកណាម្នាក់មិនជឿលើការប្រោសឲ្យរស់ឡើងវិញនោះ ជំនឿរបស់គាត់នឹងឥតប្រយោជន៍។ (១កូ. ១៥:១៧) ការជឿថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញគឺជាមូលហេតុដែលយើងអាចជឿថាអ្នកឯទៀតក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញដែរ។
៥-៦. តើពាក្យនៅកូរិនថូសទី១ ១៥:៣, ៤ផ្ដល់ហេតុឲ្យយើងសង្ឃឹមអំពីអ្វី?
៥ ពេលប៉ូលចាប់ផ្ដើមសរសេរអំពីការប្រោសឲ្យរស់ឡើងវិញ គាត់បានលើកឡើងចំណុចបីយ៉ាង គឺ៖ (១) «គ្រិស្តបានទទួលមរណភាពដើម្បីលោះយើងពីភាពខុសឆ្គង»។ (២) លោកបាន«ត្រូវគេបញ្ចុះ»។ (៣) លោក«បានត្រូវប្រោសឲ្យរស់ឡើងវិញនៅថ្ងៃទីបី ស្របទៅតាមបទគម្ពីរ»។—សូមអាន កូរិនថូសទី១ ១៥:៣, ៤
៦ ហេតុអ្វីការដែលលោកយេស៊ូទទួលមរណភាព បានត្រូវគេបញ្ចុះ និងបានត្រូវប្រោសឲ្យរស់ឡើងវិញគឺសំខាន់ចំពោះយើង? អេសាយដែលជាអ្នកប្រកាសទំនាយបានប្រកាសទុកជាមុនថាមេស្ស៊ីនឹងត្រូវ«កាត់ចេញពីស្ថានរបស់មនុស្សរស់» ហើយថា«គេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់»។ ប៉ុន្តែ មានអ្វីផ្សេងទៀតនឹងកើតឡើងដែរ។ អេសាយបន្ថែមថា មេស្ស៊ី«ទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើន»។ នេះបានកើតឡើងពេលលោកឲ្យជីវិតជាថ្លៃលោះ។ (អេ. ៥៣:៨, ៩, ១២; ម៉ាថ. ២០:២៨; រ៉ូម ៥:៨) ដូច្នេះ ដោយសារលោកយេស៊ូទទួលមរណភាព បានត្រូវគេបញ្ចុះ និងបានត្រូវប្រោសឲ្យរស់ឡើងវិញ យើងមានហេតុសង្ឃឹមថាយើងអាចរួចពីការខុសឆ្គងនិងសេចក្ដីស្លាប់ ហើយជួបជុំម្ដងទៀតជាមួយបុគ្គលជាទីស្រឡាញ់របស់យើងដែលបានស្លាប់។
ការបញ្ជាក់ពីសាក្សីជាច្រើន
៧-៨. តើអ្វីជួយគ្រិស្តសាសនិកឲ្យជឿថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ?
៧ សេចក្ដីសង្ឃឹមរបស់យើងអំពីការប្រោសឲ្យរស់ឡើងវិញ ជាប់ទាក់ទងនឹងការដែលលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ដូច្នេះ យើងត្រូវជឿជាក់ថាលោកយេស៊ូបានរស់ឡើងវិញមែន។ ហេតុអ្វីយើងអាចប្រាកដថាព្រះយេហូវ៉ាបានធ្វើឲ្យលោកយេស៊ូមានជីវិតឡើងវិញ?
៨ មានសាក្សីជាច្រើននាក់ដែលបញ្ជាក់ថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ។ (១កូ. ១៥:៥-៧) សាក្សីដំបូងដែលប៉ូលលើកឡើងគឺសាវ័កពេត្រុស(ឬកេផាស)។ អ្នកកាន់តាមមួយក្រុមបានបញ្ជាក់ថាពេត្រុសបានជួបលោកយេស៊ូ ក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ (លូក. ២៤:៣៣, ៣៤) បន្ថែមទៅទៀត «សាវ័កទាំងដប់ពីរនាក់»បានជួបលោកយេស៊ូក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ បន្ទាប់មក គ្រិស្តបាន«លេចមកជួបបងប្អូនជាងប្រាំរយនាក់នៅពេលតែមួយ» ប្រហែលជានេះជាការជួបជុំដ៏សប្បាយមួយនាស្រុកកាលីឡេ ដែលបានរៀបរាប់នៅម៉ាថាយ ២៨:១៦-២០។ លោកយេស៊ូក៏បាន«លេចមកជួបយ៉ាកុប» ដែលទំនងជាប្អូនប្រុសរបស់លោក ហើយដែលពីមុនមិនមានជំនឿលើលោកយេស៊ូជាមេស្ស៊ីទេ។ (យ៉ូន. ៧:៥) ក្រោយពីជួបលោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ យ៉ាកុបបានជឿ។ គួរឲ្យចាប់អារម្មណ៍ ពេលដែលប៉ូលបានសរសេរសំបុត្រនេះប្រហែលជានៅឆ្នាំ៥៥ គ.ស. សាក្សីជាច្រើននាក់ដែលបានឃើញលោកយេស៊ូក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ នៅតែនៅរស់។ ដូច្នេះ អ្នកណាដែលសង្ស័យអំពីរឿងនោះអាចសួរសាក្សីដែលគួរឲ្យទុកចិត្តទាំងនោះបាន។
៩. ដូចបានចែងនៅសកម្មភាព ៩:៣-៥ តើប៉ូលអាចលើកឡើងអំពីទីសំអាងអ្វីទៀត ស្ដីអំពីការប្រោសឲ្យរស់ឡើងវិញរបស់លោកយេស៊ូ?
៩ ក្រោយមកលោកយេស៊ូបានលេចមកជួបប៉ូលផ្ទាល់។ (១កូ. ១៥:៨) កាលដែលប៉ូល(ឬសុល)កំពុងធ្វើដំណើរទៅក្រុងដាម៉ាស់ គាត់ឮសំឡេងរបស់លោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយនៅក្នុងគំនិត គាត់បានឃើញលោកយេស៊ូនៅស្ថានសួគ៌ទាំងមានសិរីរុងរឿង។ (សូមអាន សកម្មភាព ៩:៣-៥) បទពិសោធន៍របស់ប៉ូលជាភ័ស្តុតាងមួយទៀតដែលបញ្ជាក់ថាការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញមិនមែនជារឿងប្រឌិតទេ។—សកម្ម. ២៦:១២-១៥
១០. តើការជឿជាក់របស់ប៉ូលថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញជំរុញចិត្តគាត់ឲ្យធ្វើអ្វី?
១០ អ្នកខ្លះចាប់អារម្មណ៍យ៉ាងខ្លាំងនឹងអ្វីដែលប៉ូលបាននិយាយ ដោយសារមុនលោកយេស៊ូបានលេចមកជួបគាត់ ប៉ូលបានបៀតបៀនគ្រិស្តសាសនិក។ ក្រោយពីគាត់បានជឿជាក់ថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ប៉ូលខិតខំធ្វើឲ្យអ្នកឯទៀតជឿជាក់លើសេចក្ដីពិតនោះដែរ។ នៅពេលដែលគាត់ផ្សព្វផ្សាយអំពីសេចក្ដីពិតថាលោកយេស៊ូបានស្លាប់ តែបានរស់ឡើងវិញ គាត់បានត្រូវគេវាយ ជាប់គុក និងលិចសំពៅ។ (១កូ. ១៥:៩-១១; ២កូ. ១១:២៣-២៧) ប៉ូលជឿជាក់ទាំងស្រុងថា លោកយេស៊ូបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ រហូតដល់គាត់សុខចិត្តស្លាប់ដើម្បីនិយាយការពារជំនឿរបស់គាត់។ ការបញ្ជាក់ពីគ្រិស្តសាសនិកនៅសម័យដើមជួយយើងឲ្យជឿថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ហើយក៏ពង្រឹងទំនុកចិត្តរបស់យើងទៅលើការប្រោសឲ្យរស់ឡើងវិញនៅថ្ងៃអនាគត មែនទេ?
ការកែតម្រង់ទស្សនៈមិនត្រឹមត្រូវ
១១. ហេតុអ្វីអ្នកខ្លះនៅក្រុងកូរិនថូសមានទស្សនៈមិនត្រឹមត្រូវអំពីការប្រោសឲ្យរស់ឡើងវិញ?
១១ គ្រិស្តសាសនិកខ្លះដែលនៅក្រុងកូរិនថូសជាក្រុងរបស់ជនជាតិក្រិច មានទស្សនៈមិនត្រឹមត្រូវចំពោះការប្រោសឲ្យរស់ឡើងវិញ ហើយថែមទាំងនិយាយថា៖ «មនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញ»ទេ។ (១កូ. ១៥:១២) ហេតុអ្វី? ទស្សនវិទូខ្លះនៅក្រុងអាថែន ដែលជាក្រុងជនជាតិក្រិចមួយទៀត បានចំអកមើលងាយសេចក្ដីបង្រៀនដែលថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ទស្សនៈនេះប្រហែលជាជះឥទ្ធិពលទៅលើអ្នកខ្លះនៅក្រុងកូរិនថូស រួមទាំងបងប្អូនក្នុងក្រុមជំនុំគ្រិស្តសាសនិកដែរ។ (សកម្ម. ១៧:១៨, ៣១, ៣២) រីឯអ្នកខ្លះទៀតប្រហែលជាគិតថា ការប្រោសឲ្យរស់ឡើងវិញគឺក្នុងន័យធៀប គឺថាបុគ្គលដែលធ្លាប់ស្លាប់ក្នុងន័យថាគាត់ប្រព្រឹត្តអំពើខុសឆ្គង បានរស់ឡើងវិញពេលគាត់ទៅជាគ្រិស្តសាសនិក។ ទោះជាយ៉ាងណាក៏ដោយ បើពួកគេមិនព្រមទទួលយកសេចក្ដីបង្រៀនអំពីការប្រោសឲ្យរស់ឡើងវិញ នោះជំនឿរបស់ពួកគេគឺឥតប្រយោជន៍។ បើព្រះមិនបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញទេ នោះមានន័យថាគ្មានថ្លៃលោះ ហើយមនុស្សទាំងអស់គ្នានៅតែមានការខុសឆ្គង។ ដូច្នេះ អ្នកដែលមិនព្រមទទួលសេចក្ដីបង្រៀនអំពីការប្រោសឲ្យរស់ឡើងវិញមិនមានសេចក្ដីសង្ឃឹមពិតប្រាកដឡើយ។—១កូ. ១៥:១៣-១៩; ហេ. ៩:១២, ១៤
១២. សមស្របតាមពេត្រុសទី១ ៣:១៨, ២២ តើការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញខុសគ្នាយ៉ាងណាពីការប្រោសឲ្យរស់ឡើងវិញមុនលោក?
១២ បទពិសោធន៍របស់ប៉ូលធ្វើឲ្យគាត់ដឹងថា«គ្រិស្តបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ»។ ការប្រោសឲ្យរស់ឡើងវិញរបស់លោកយេស៊ូ គឺប្រសើរជាងការប្រោសឲ្យរស់ឡើងវិញដែលធ្លាប់កើតឡើងពីមុន ពីព្រោះមនុស្សទាំងនោះបានស្លាប់ម្ដងទៀតនៅពេលក្រោយមក។ ប៉ូលបាននិយាយថា លោកយេស៊ូ«ជាផលដំបូងពីចំណោមពួកអ្នកដែលបានដេកលក់ក្នុងសេចក្ដីស្លាប់»។ តើលោកយេស៊ូជាផលដំបូងក្នុងន័យអ្វី? ក្នុងន័យថាលោកជាបុគ្គលដំបូងដែលបានត្រូវប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណ ហើយក៏ជាបុគ្គលដំបូងពីចំណោមមនុស្សជាតិដែលបានឡើងទៅស្ថានសួគ៌ដែរ។—១កូ. ១៥:២០; សកម្ម. ២៦:២៣; សូមអាន ពេត្រុសទី១ ៣:១៨, ២២
ពួកអ្នកដែល«នឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញ»
១៣. តើប៉ូលបញ្ជាក់អំពីភាពខុសគ្នាអ្វីរវាងអាដាមនិងលោកយេស៊ូ?
១៣ តើការស្លាប់របស់បុរសម្នាក់អាចផ្ដល់ជីវិតដល់មនុស្សរាប់លាននាក់យ៉ាងដូចម្ដេច? ប៉ូលបានផ្ដល់ចម្លើយយ៉ាងច្បាស់ចំពោះសំណួរនេះ។ គាត់បានពន្យល់អំពីភាពខុសគ្នារវាងអ្វីដែលបានកើតឡើងចំពោះមនុស្សជាតិដោយសារការប្រព្រឹត្តរបស់អាដាម និងអ្វីដែលយើងអាចទទួលដោយសារគ្រឿងបូជារបស់គ្រិស្ត។ ស្ដីអំពីអាដាម ប៉ូលបានសរសេរថា៖ «សេចក្ដីស្លាប់គឺតាមរយៈបុរសម្នាក់»។ ពេលអាដាមបានប្រព្រឹត្តអំពើខុសឆ្គង គាត់បាននាំឲ្យខ្លួនឯង និងកូនចៅរបស់គាត់អន្តរាយ។ យើងនៅតែរងទុក្ខពីលទ្ធផលដ៏ខ្លោចផ្សាដែលមកពីការមិនស្ដាប់បង្គាប់របស់គាត់។ ប៉ុន្តែ ដោយសារព្រះបានប្រោសបុត្ររបស់លោកឲ្យរស់ឡើងវិញ យើងអាចមានអនាគតដ៏ត្រចះត្រចង់! ប៉ូលពន្យល់ថា៖ «ការប្រោសឲ្យរស់ពីស្លាប់ឡើងវិញក៏តាមរយៈបុរសម្នាក់ដែរ»ពោលគឺលោកយេស៊ូ «ព្រោះដូចទាំងអស់គ្នាកំពុងស្លាប់ក្នុងអាដាម នោះទាំងអស់គ្នានឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញក្នុងគ្រិស្ត»។—១កូ. ១៥:២១, ២២
១៤. តើអាដាមនឹងត្រូវប្រោសឲ្យរស់ឡើងវិញឬទេ? សូមពន្យល់។
១៤ ពេលប៉ូលនិយាយថា៖ «ទាំងអស់គ្នាកំពុងស្លាប់ក្នុងអាដាម» តើគាត់ចង់មានន័យយ៉ាងណា? ប៉ូលកំពុងនិយាយអំពីមនុស្សជាតិទាំងអស់ដែលទទួលភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះពីអាដាម ហើយហេតុនេះត្រូវស្លាប់។ (រ៉ូម ៥:១២) អាដាមមិននៅក្នុងចំណោមពួកអ្នកដែល«នឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញ»ឡើយ។ ថ្លៃលោះរបស់គ្រិស្តមិនគ្របបាំងការខុសឆ្គងរបស់គាត់ទេ ព្រោះគាត់ជាមនុស្សល្អឥតខ្ចោះដែលមិនបានស្ដាប់បង្គាប់ព្រះដោយចេតនា។ លទ្ធផលដែលអាដាមទទួល គឺដូចគ្នានឹងអ្វីដែលត្រូវកើតឡើងចំពោះពួកអ្នកដែល«កូនមនុស្ស»នឹងវិនិច្ឆ័យថាជា«ពពែ» ពោលគឺ«សេចក្ដីស្លាប់ជារៀងរហូត»។—ម៉ាថ. ២៥:៣១-៣៣, ៤៦; ហេ. ៥:៩
១៥. តើ«ទាំងអស់គ្នា»ដែល«នឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញ»រួមមានអ្នកណា?
១៥ សូមកត់សម្គាល់ពាក្យរបស់ប៉ូលដែលថា៖ «ទាំងអស់គ្នានឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញក្នុងគ្រិស្ត»។ (១កូ. ១៥:២២) សំបុត្ររបស់ប៉ូលបានត្រូវសរសេរចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូសដែលបានត្រូវរើសតាំង ហើយដែលនឹងទទួលការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌។ គ្រិស្តសាសនិកទាំងនោះ«បានត្រូវញែកចេញជាបរិសុទ្ធក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ ក៏បានត្រូវហៅ ដើម្បីឲ្យធ្វើជាអ្នកបរិសុទ្ធ»។ ប៉ូលក៏បានសរសេរអំពី«ពួកអ្នកដែលបានដេកលក់ក្នុងសេចក្ដីស្លាប់ក្នុងគ្រិស្ត»។ (១កូ. ១:២; ១៥:១៨; ២កូ. ៥:១៧) ក្នុងសំបុត្រមួយទៀតដែលប៉ូលបានសរសេរក្រោមការដឹកនាំរបស់ព្រះ គាត់រៀបរាប់ថា ពួកអ្នកដែល«ស្លាប់ដូចលោក[យេស៊ូ] . . . នឹងត្រូវប្រោសឲ្យរស់ឡើងវិញដូចលោកដែរ»។ (រ៉ូម ៦:៣-៥) លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណ ហើយឡើងទៅស្ថានសួគ៌។ ដូច្នេះ នេះជាអ្វីដែលនឹងកើតឡើងដល់អស់អ្នកដែល«រួបរួមជាមួយនឹងគ្រិស្ត» ពោលគឺគ្រិស្តសាសនិកទាំងអស់ដែលបានត្រូវរើសតាំង។
១៦. ពេលប៉ូលហៅលោកយេស៊ូថា«ជាផលដំបូង» តើគាត់ចង់មានន័យយ៉ាងណា?
១៦ ប៉ូលបានសរសេរថា គ្រិស្តបានត្រូវប្រោសឲ្យរស់ឡើងវិញ«ជាផលដំបូងពីចំណោមពួកអ្នកដែលបានដេកលក់ក្នុងសេចក្ដីស្លាប់»។ សូមចាំថាអ្នកផ្សេងទៀតដូចជាឡាសា បានត្រូវប្រោសឲ្យរស់ឡើងវិញនៅលើផែនដី។ ប៉ុន្តែ លោកយេស៊ូជាបុគ្គលដំបូងដែលបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញជាបុគ្គលវិញ្ញាណ ហើយទទួលជីវិតដែលគ្មានទីបញ្ចប់។ លោកអាចប្រៀបដូចជាផលដំបូងពីការប្រមូលផលដែលជនជាតិអ៊ីស្រាអែលបានជូនទៅព្រះ។ បន្ថែមទៅទៀត ដោយហៅលោកយេស៊ូថា«ជាផលដំបូង» ប៉ូលបង្ហាញថាមានមនុស្សឯទៀតក្រោយលោកយេស៊ូដែលនឹងត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញទៅស្ថានសួគ៌។ ពួកសាវ័កនិងអ្នកឯទៀតដែល«រួបរួមជាមួយនឹងគ្រិស្ត»នឹងទៅតាមលោកយេស៊ូ។ នៅពេលកំណត់ ពួកគេទទួលការប្រោសឲ្យរស់ឡើងវិញស្រដៀងនឹងការប្រោសឲ្យរស់ឡើងវិញរបស់លោកយេស៊ូ។
១៧. តើពួកអ្នកដែល«រួបរួមជាមួយនឹងគ្រិស្ត»ទទួលរង្វាន់របស់ពួកគេនៅស្ថានសួគ៌នៅពេលណា?
១៧ ការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌សម្រាប់ពួកអ្នកដែល«រួបរួមជាមួយនឹងគ្រិស្ត» មិនទាន់ចាប់ផ្ដើមកើតឡើងនៅពេលដែលប៉ូលបានសរសេរសំបុត្រទៅគ្រិស្តសាសនិកនៅក្រុងកូរិនថូសទេ។ ផ្ទុយទៅវិញ ប៉ូលបង្ហាញថានោះនឹងកើតឡើងនៅថ្ងៃអនាគត ដោយនិយាយថា៖ «ម្នាក់ៗត្រូវធ្វើឲ្យមានជីវិតឡើងវិញ តាមលំដាប់របស់ខ្លួនគឺ គ្រិស្តជាផលដំបូង បន្ទាប់មក ក្នុងអំឡុងវត្តមានរបស់គ្រិស្ត ពួកអ្នកដែលជារបស់លោកនឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញ»។ (១កូ. ១៥:២៣; ១ថែ. ៤:១៥, ១៦) សព្វថ្ងៃនេះ យើងកំពុងរស់នៅក្នុងអំឡុងគ្រា«វត្តមានរបស់គ្រិស្ត»ដែលបានត្រូវប្រកាសទុកជាមុននោះ។ ពួកសាវ័កនិងគ្រិស្តសាសនិកដែលបានត្រូវរើសតាំងឯទៀតដែលបានស្លាប់ ត្រូវតែរង់ចាំរហូតដល់វត្តមានរបស់គ្រិស្ត ដើម្បីទទួលរង្វាន់របស់ពួកគេនៅស្ថានសួគ៌ ព្រមទាំងទទួលការ‹ប្រោសឲ្យរស់ឡើងវិញដូចលោកយេស៊ូដែរ ហើយមានឯកភាពជាមួយនឹងលោក›។
អ្នកមានសេចក្ដីសង្ឃឹមដ៏ពិតប្រាកដ!
១៨. (ក) ហេតុអ្វីយើងអាចសន្និដ្ឋានថានឹងមានការប្រោសឲ្យរស់ឡើងវិញមួយទៀត បន្ទាប់ពីការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌? (ខ) តើកូរិនថូសទី១ ១៥:២៤-២៦បង្រៀនយ៉ាងណាអំពីអ្វីដែលនឹងកើតឡើងនៅស្ថានសួគ៌?
១៨ ប៉ុន្តែ តើអ្វីនឹងកើតឡើងចំពោះគ្រិស្តសាសនិកដ៏ស្មោះត្រង់ទាំងអស់ដែលមិនមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ជាមួយនឹងគ្រិស្ត? ពួកគេក៏មានសេចក្ដីសង្ឃឹមទទួលការប្រោសឲ្យរស់ឡើងវិញដែរ។ គម្ពីរចែងថា ប៉ូលនិងអ្នកឯទៀតដែលឡើងទៅស្ថានសួគ៌ «នៅក្នុងចំណោមអ្នកដែលនឹងត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញមុនគេ»។ (ភី. ៣:១១) នេះបង្ហាញថានឹងមានការប្រោសឲ្យរស់ឡើងវិញបន្ទាប់មកទៀត មែនទេ? នេះសមស្របនឹងអ្វីដែលយ៉ូបបាននិយាយអំពីអនាគតរបស់គាត់។ (យ៉ូប ១៤:១៥) «ក្នុងអំឡុងវត្តមានរបស់គ្រិស្ត ពួកអ្នកដែលជារបស់លោក»នឹងនៅស្ថានសួគ៌ជាមួយលោកយេស៊ូ ពេលដែលលោកបំផ្លាញការគ្រប់គ្រង អំណាច និងឫទ្ធានុភាពទាំងអស់ឲ្យសាបសូន្យ។ សូម្បីតែ‹សត្រូវចុងក្រោយ គឺសេចក្ដីស្លាប់›ក៏នឹងត្រូវបំផ្លាញឲ្យសាបសូន្យដែរ។ អស់អ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌នឹងមិនស្លាប់ទៀតទេ។ ប៉ុន្តែ ចុះយ៉ាងណាអ្នកឯទៀតវិញ?—សូមអាន កូរិនថូសទី១ ១៥:២៤-២៦
១៩. តើពួកអ្នកដែលមានសេចក្ដីសង្ឃឹមនៅផែនដីអាចទន្ទឹងរង់ចាំអ្វី?
១៩ តើពួកអ្នកដែលមានសេចក្ដីសង្ឃឹមនៅផែនដីអាចទន្ទឹងរង់ចាំអ្វី? ពួកគេអាចមានសេចក្ដីសង្ឃឹមដែលមានមូលដ្ឋានលើពាក្យរបស់ប៉ូល។ គាត់និយាយថា៖ «ខ្ញុំមានសេចក្ដីសង្ឃឹម . . . ថា មនុស្សសុចរិតនិងមនុស្សមិនសុចរិតនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។ (សកម្ម. ២៤:១៥) មនុស្សមិនសុចរិតប្រាកដជាមិនអាចទៅស្ថានសួគ៌បានទេ ដូច្នេះពាក្យនោះសំដៅទៅលើការប្រោសឲ្យរស់ឡើងវិញនៅផែនដីនាពេលអនាគត។
២០. តើអ្នកបានទទួលកម្លាំងចិត្តយ៉ាងណាពីការពិគ្រោះអំពីសេចក្ដីសង្ឃឹមរបស់អ្នក?
២០ គឺច្បាស់ណាស់ «មនុស្ស . . . នឹងត្រូវប្រោសឲ្យរស់ឡើងវិញ»! ពួកអ្នកដែលបានត្រូវធ្វើឲ្យមានជីវិតឡើងវិញនៅផែនដីនឹងមានសេចក្ដីសង្ឃឹមរស់នៅទីនោះជារៀងរហូត។ អ្នកអាចជឿថាសេចក្ដីសន្យានេះនឹងក្លាយជាការពិត។ សេចក្ដីសង្ឃឹមនោះអាចសម្រាលទុក្ខអ្នក ពេលអ្នកគិតអំពីបុគ្គលជាទីស្រឡាញ់របស់អ្នកដែលបានស្លាប់។ ពួកគេអាចទទួលការប្រោសឲ្យរស់ឡើងវិញក្នុងអំឡុងពេលដែលគ្រិស្តនិងបុគ្គលឯទៀត«នឹងគ្រប់គ្រងជាស្ដេច . . . អស់មួយពាន់ឆ្នាំ»។ (បប. ២០:៦) អ្នកក៏អាចមានទំនុកចិត្តថា បើអ្នកស្លាប់មុនការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្តចាប់ផ្ដើម អ្នកនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ «សេចក្ដីសង្ឃឹមនោះមិននាំឲ្យខកចិត្តឡើយ»។ (រ៉ូម ៥:៥) សេចក្ដីសង្ឃឹមនេះអាចធ្វើឲ្យអ្នកមាំមួនឡើងនៅឥឡូវនេះ និងកាន់តែមានអំណរក្នុងការបម្រើព្រះ។ ប៉ុន្តែមានអ្វីថែមទៀតដែលយើងអាចរៀនពីកូរិនថូសទី១ ជំពូក១៥។ អត្ថបទបន្ទាប់នឹងបង្ហាញអំពីអ្វីទាំងនេះ។
ចម្រៀងលេខ១៤៧ ពាក្យសន្យាអំពីជីវិតគ្មានទីបញ្ចប់
a សៀវភៅកូរិនថូសទី១ ជំពូក១៥ផ្ដោតទៅលើការប្រោសឲ្យរស់ឡើងវិញ។ ហេតុអ្វីសេចក្ដីបង្រៀននេះសំខាន់ចំពោះយើង ហើយហេតុអ្វីយើងអាចមានទំនុកចិត្តថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ? អត្ថបទនេះនឹងផ្ដល់ចម្លើយចំពោះសំណួរទាំងនេះ និងសំណួរសំខាន់ឯទៀតអំពីការប្រោសឲ្យរស់ឡើងវិញ។
b ការពណ៌នាអំពីរូបភាព: លោកយេស៊ូជាបុគ្គលដំបូងដែលបានត្រូវយកទៅស្ថានសួគ៌។ (សកម្ម. ១:៩) អ្នកកាន់តាមលោកខ្លះដែលនឹងឡើងទៅស្ថានសួគ៌រួមមានថូម៉ាស់ យ៉ាកុប លីឌា យ៉ូហាន ម៉ារៀ និងប៉ូល។
c ការពណ៌នាអំពីរូបភាព: បងប្រុសម្នាក់បានបាត់បង់ប្រពន្ធជាទីស្រឡាញ់របស់គាត់ដែលធ្លាប់បម្រើជាមួយគ្នាអស់រយៈពេលជាយូរ។ គាត់មានទំនុកចិត្តថាប្រពន្ធគាត់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយគាត់បន្តបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។