ជំពូកទី២២
«ចូរគោរពប្រណិប័តន៍ព្រះ»
គោលចំណុច: ការសាឡើងវិញនូវគោលរឿងសំខាន់ៗពីសៀវភៅអេសេគាល និងអំពីរបៀបដែលគោលរឿងទាំងនោះទាក់ទងនៅសព្វថ្ងៃនិងនៅអនាគត
១, ២. (ក) តើយើងទាំងអស់គ្នាត្រូវសម្រេចចិត្តអ្វី? (ខ) តើទេវតាស្មោះត្រង់មួយរូបមានប្រតិកម្មយ៉ាងណា ពេលទទួលការគោរពប្រណិប័តន៍?
យើងម្នាក់ៗត្រូវឆ្លើយសំណួរសំខាន់មួយគឺថា តើយើងនឹងគោរពប្រណិប័តន៍អ្នកណា? មនុស្សជាច្រើនប្រហែលជានិយាយថាសំណួរនេះពិបាកឆ្លើយនិងមានជម្រើសជាច្រើន។ ប៉ុន្តែតាមពិត យើងមានជម្រើសតែពីរប៉ុណ្ណោះ គឺគោរពប្រណិប័តន៍ព្រះយេហូវ៉ា ឬគោរពប្រណិប័តន៍មេកំណាចសាថាន។
២ សាថានចង់ឲ្យគេគោរពប្រណិប័តន៍វាខ្លាំងណាស់។ យើងបានដឹងយ៉ាងច្បាស់អំពីរឿងនេះពេលដែលវាល្បួងលោកយេស៊ូ។ ដូចបានរៀបរាប់ក្នុងជំពូកទី១នៃសៀវភៅនេះ សាថានស្នើផ្ដល់ឲ្យលោកយេស៊ូនូវអ្វីមួយដ៏អស្ចារ្យ គឺអំណាចគ្រប់គ្រងលើរាជាណាចក្រទាំងអស់នៅផែនដី។ តើមេកំណាចចង់បានអ្វីមកវិញ? សាថានបាននិយាយទៅកាន់លោកយេស៊ូថា៖ ‹ចូរក្រាបប្រណិប័តន៍ខ្ញុំម្ដង›។ (ម៉ាថ. ៤:៩) ខុសពីសាថាន ទេវតាដែលបានផ្ដល់ការបើកបង្ហាញដល់សាវ័កយ៉ូហាន បដិសេធមិនព្រមទទួលការគោរពប្រណិប័តន៍ទេ។ (សូមអាន ការបើកបង្ហាញ ២២:៨, ៩) ពេលយ៉ូហានលំឱនកាយគោរពប្រណិប័តន៍ទេវតាដែលជាកូនព្រះ ទេវតានោះនិយាយថា៖ «កុំធ្វើដូច្នេះ!»។ ហេតុនេះ ជាជាងនិយាយថា៖ ‹ចូរគោរពប្រណិប័តន៍ខ្ញុំ› ទេវតាដែលមានចិត្តរាបទាបនោះនិយាយថា៖ «ចូរគោរពប្រណិប័តន៍ព្រះ»វិញ។
៣. (ក) តើអ្វីជាគោលបំណងនៃសៀវភៅនេះ? (ខ) ឥឡូវ តើយើងនឹងពិចារណាអំពីអ្វី?
៣ គោលបំណងនៃសៀវភៅនេះគឺពង្រឹងការតាំងចិត្តរបស់យើងឲ្យធ្វើអ្វីដូចដែលទេវតានោះបានប្រាប់ គឺគោរពប្រណិប័តន៍ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។ (បច. ១០:២០; ម៉ាថ. ៤:១០) សូមឲ្យយើងសាឡើងវិញយ៉ាងសង្ខេបនូវអ្វីដែលយើងបានរៀនអំពីការគោរពប្រណិប័តន៍ពិតពីទំនាយអេសេគាលនិងអ្វីដែលគាត់បានឃើញក្នុងគំនិត។ បន្ទាប់មក យើងនឹងប្រើបទគម្ពីរដើម្បីពិនិត្យមើលគ្រានៅអនាគត ពេលដែលមនុស្សគ្រប់រូបនៅផែនដីនឹងជួបការល្បងលចុងក្រោយ។ តាមរយៈការល្បងលនោះ យើងនឹងដឹងថាអ្នកណានឹងបន្តរស់ ហើយឃើញការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាត្រូវរៀបចំឡើងវិញទាំងស្រុងនិងស្ថិតស្ថេរជារៀងរហូត។
គោលរឿងបីក្នុងសៀវភៅអេសេគាល
៤. តើមានគោលរឿងបីអ្វីខ្លះដែលបានត្រូវបញ្ជាក់ក្នុងសៀវភៅអេសេគាល?
៤ សៀវភៅអេសេគាលបង្រៀនយើងថាការគោរពប្រណិប័តន៍ពិត គឺមិនគ្រាន់តែជាសកម្មភាពដែលធ្វើឡើងជាទម្លាប់នោះទេ។ ការគោរពប្រណិប័តន៍ពិតតម្រូវឲ្យយើង (១) គោរពប្រណិប័តន៍ព្រះយេហូវ៉ាផ្ដាច់មុខ (២) រក្សាសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍ដ៏ស្អាតស្អំ និង(៣) បង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកឯទៀត។ សូមពិចារណាអំពីរបៀបដែលទំនាយនិងការបើកបង្ហាញដែលបានត្រូវរៀបរាប់ក្នុងសៀវភៅនេះ លើកបញ្ជាក់គោលរឿងទាំងបីនោះ។
គោលរឿងទី១: គោរពប្រណិប័តន៍ព្រះយេហូវ៉ាផ្ដាច់មុខ
៥-៩. តើយើងបានរៀនអ្វីអំពីការគោរពប្រណិប័តន៍ព្រះយេហូវ៉ាផ្ដាច់មុខ?
៥ ជំពូកទី៣:a ការបើកបង្ហាញដ៏អស្ចារ្យអំពីព្រះយេហូវ៉ាដែលមានឥន្ទធនូនៅជុំវិញនិងកំពុងជិះនៅលើបុគ្គលវិញ្ញាណដ៏ខ្លាំងក្លា បញ្ជាក់ប្រាប់យើងនូវសេចក្ដីពិតដ៏សំខាន់មួយថា មានតែព្រះដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតប៉ុណ្ណោះ ដែលសមនឹងទទួលការគោរពប្រណិប័តន៍ពីយើង។—អេគ. ១:៤, ១៥-២៨
៦ ជំពូកទី៥: គួរឲ្យភ្ញាក់ផ្អើលណាស់ពេលឃើញក្នុងការបើកបង្ហាញថាវិហាររបស់ព្រះយេហូវ៉ាបានត្រូវធ្វើឲ្យស្មោកគ្រោក។ ការបើកបង្ហាញនោះបញ្ជាក់ថាគ្មានអ្វីលាក់កំបាំងពីព្រះយេហូវ៉ាបានទេ។ លោកឃើញការប្រព្រឹត្តមិនស្មោះត្រង់របស់រាស្ត្រលោក សូម្បីតែគ្មានមនុស្សណាម្នាក់មើលឃើញក៏ដោយ។ ជាឧទាហរណ៍ ពេលពួកគេគោរពបូជារូបព្រះ លោកឃើញសកម្មភាពរបស់ពួកគេ។ ការនោះធ្វើឲ្យលោកឈឺចិត្តខ្លាំងណាស់ ហើយលោកដាក់ទោសពួកគេចំពោះទង្វើទាំងនោះ។—អេគ. ៨:១-១៨
៧ ជំពូកទី៧: ការវិនិច្ឆ័យទោសទៅលើប្រជាជាតិនានានៅជុំវិញដែល«ចំអកមើលងាយ»ប្រជាជាតិអ៊ីស្រាអែលបង្ហាញថាព្រះយេហូវ៉ាមិនលើកលែងទោសដល់អស់អ្នកដែលធ្វើបាបរាស្ត្រលោកឡើយ។ (អេគ. ២៥:៦) ប៉ុន្តែ យើងក៏ទាញមេរៀនមួយទៀតអំពីទំនាក់ទំនងរវាងប្រជាជាតិអ៊ីស្រាអែលនិងប្រជាជាតិទាំងនោះដែរ គឺយើងត្រូវបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ាមុនគេ។ យើងមិនត្រូវបន្ទាបខ្នាតតម្រារបស់យើងដើម្បីបំពេញចិត្តសាច់ញាតិដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ាឡើយ។ យើងមិនត្រូវទុកចិត្តទ្រព្យសម្បត្តិឬលែងកាន់ជំហរអព្យាក្រឹត ដោយបង្ហាញភក្ដីភាពចំពោះរដ្ឋាភិបាលមនុស្សជាជាងបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ាទេ ព្រោះមានតែលោកប៉ុណ្ណោះដែលសមនឹងទទួលភក្ដីភាពពីយើង។
៨ ជំពូកទី១៣និង១៤: ការបើកបង្ហាញអំពីវិហារនៅលើភ្នំដ៏ខ្ពស់បង្រៀនយើងថាយើងត្រូវរស់នៅស្របតាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា ហើយទទួលស្គាល់ថាលោកខ្ពង់ខ្ពស់ជាងព្រះឯទៀត។—អេគ. ៤០:១–៤៨:៣៥
៩ ជំពូកទី១៥: ទំនាយដែលប្រៀបប្រដូចអ៊ីស្រាអែលនិងយូដាទៅនឹងស្រីពេស្យា រំលឹកយើងថាការក្បត់ព្រះយេហូវ៉ាទៅគោរពបូជាព្រះដទៃ គឺជាអ្វីដែលគួរឲ្យស្អប់ខ្ពើមណាស់ចំពោះលោក។—អេគ. ជំ. ១៦, ២៣
គោលរឿងទី២: រក្សាសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍ដ៏ស្អាតស្អំ
១០-១៤. តើការរក្សាសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍ដ៏ស្អាតស្អំគឺសំខាន់យ៉ាងណា?
១០ ជំពូកទី៨: ទំនាយដែលសន្យាថាព្រះយេហូវ៉ានឹងតែងតាំង«គង្វាលមួយ»ឲ្យមើលថែរាស្ត្ររបស់លោក បញ្ជាក់ថាយើងត្រូវខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសាមគ្គីភាពនិងសេចក្ដីសុខសាន្តក្រោមការដឹកនាំរបស់លោកយេស៊ូ។—អេគ. ៣៤:២៣, ២៤; ៣៧:២៤-២៨
១១ ជំពូកទី៩: ទំនាយអេសេគាលអំពីការដោះលែងរាស្ត្ររបស់ព្រះពីការជាប់ជាឈ្លើយក្រោមបាប៊ីឡូននិងនាំពួកគេទៅស្រុកកំណើតវិញ មានដំណឹងមួយសម្រាប់ពួកអ្នកដែលចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តនៅសព្វថ្ងៃនេះ។ អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាដ៏ស្អាតស្អំ ត្រូវជៀសចេញពីឥទ្ធិពលនៃសាសនាមិនពិត ហើយរក្សាខ្លួនឲ្យបរិសុទ្ធជានិច្ច។ ទោះជាយើងមកពីសាសនាផ្សេងៗ មានឬក្រ ឬមកពីជាតិសាសន៍ណាក៏ដោយ យើងត្រូវរក្សាសាមគ្គីភាពដែលសម្គាល់យើងជារាស្ត្រពិតរបស់ព្រះ។—អេគ. ១១:១៧, ១៨; ១២:២៤; យ៉ូន. ១៧:២០-២៣
១២ ជំពូកទី១០: គោលរឿងអំពីសាមគ្គីភាពបានត្រូវបញ្ជាក់ក្នុងការបើកបង្ហាញអំពីឆ្អឹងស្ងួតហែងមានជីវិតឡើងវិញ។ ការរួមចំណែកជាមួយអ្នកគោរពប្រណិប័តន៍ដ៏ស្អាតស្អំនិងបានត្រូវរៀបចំសាជាថ្មី ហើយសហការគ្នាជាកងទ័ពតែមួយ គឺពិតជាឯកសិទ្ធិណាស់!—អេគ. ៣៧:១-១៤
១៣ ជំពូកទី១២: សាមគ្គីភាពបានត្រូវបញ្ជាក់ជាពិសេសក្នុងទំនាយអំពីឈើពីរភ្ជាប់គ្នាទៅជាឈើតែមួយ។ ការឃើញពួកអ្នករើសតាំងនិងចៀមឯទៀតរួបរួមគ្នាដូចដែលបានចែងទុកក្នុងទំនាយនោះ ពិតជាធ្វើឲ្យជំនឿរបស់យើងកាន់តែរឹងមាំ! ទោះជាយើងរស់នៅក្នុងពិភពលោកដែលបែកបាក់គ្នាដោយសារសាសនានិងការស្អប់គ្នាខាងនយោបាយក៏ដោយ យើងនៅតែមានសាមគ្គីភាពដោយសារយើងមានសេចក្ដីស្រឡាញ់និងភក្ដីភាព។—អេគ. ៣៧:១៥-២៣
១៤ ជំពូកទី១៦: ការបើកបង្ហាញអំពីបុរសដែលមានប្រដាប់ដាក់ទឹកខ្មៅនិងពួកបុរសដែលកាន់អាវុធសម្រាប់ប្រហារ មានការព្រមានដ៏សំខាន់មួយ។ ពេល«គ្រាទុក្ខវេទនាជាខ្លាំង»ចាប់ផ្ដើម គឺមានតែពួកអ្នកដែលបង្ហាញថាខ្លួនជាពួកអ្នកគោរពប្រណិប័តន៍ពិតរួចហើយ ទើបអាចទទួលសញ្ញាសម្គាល់សម្រាប់រួចរស់ជីវិត។—ម៉ាថ. ២៤:២១; អេគ. ៩:១-១១
គោលរឿងទី៣: បង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកឯទៀត
១៥-១៨. ហេតុអ្វីយើងត្រូវបន្ដបង្ហាញសេចក្ដីស្រឡាញ់? ហើយតើតាមរបៀបណាយើងអាចធ្វើដូច្នេះ?
១៥ ជំពូកទី៤: ការបើកបង្ហាញអំពីបុគ្គលវិញ្ញាណទាំងបួន បង្រៀនយើងអំពីគុណសម្បត្តិរបស់ព្រះយេហូវ៉ា ហើយគុណសម្បត្តិដ៏សំខាន់បំផុតគឺសេចក្ដីស្រឡាញ់។ ពេលយើងនិយាយស្ដីនិងប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ យើងបង្ហាញថាព្រះយេហូវ៉ាជាព្រះរបស់យើង។—អេគ. ១:៥-១៤; ១យ៉ូន. ៤:៨
១៦ ជំពូកទី៦និង១១: សេចក្ដីស្រឡាញ់របស់ព្រះជំរុញចិត្តលោកឲ្យតែងតាំងអ្នកចាំយាម ដូចជាអេសេគាលជាដើម។ ដោយសារព្រះជាសេចក្ដីស្រឡាញ់ លោកមិនចង់ឲ្យអ្នកណាត្រូវបំផ្លាញចោលទេ នៅពេលដែលលោកបំបាត់ចោលការគ្រប់គ្រងរបស់សាថាននៅផែនដី។ (២ពេ. ៣:៩) យើងមានឯកសិទ្ធិបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះដោយបំពេញភារកិច្ចរបស់យើងក្នុងការគាំទ្រកិច្ចការរបស់អ្នកចាំយាមនៅសព្វថ្ងៃនេះ។—អេគ. ៣៣:១-៩
១៧ ជំពូកទី១៧និង១៨: ព្រះយេហូវ៉ាដឹងថាមនុស្សជាច្រើននឹងមិនព្រមទទួលសេចក្ដីមេត្តាករុណារបស់លោកទេ ហើយពួកគេនឹងព្យាយាមបំផ្លាញពួកអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោក។ ដោយសារព្រះយេហូវ៉ាស្រឡាញ់រាស្ត្រដ៏ស្មោះត្រង់របស់លោក នោះលោកនឹងការពារពួកគេពេលដែល«កូកនៃស្រុកម៉ាកូក»ចាប់ផ្ដើមវាយប្រហារទៅលើពួកគេ។ ដោយសារយើងស្រឡាញ់អ្នកឯទៀត នោះយើងនឹងព្រមានមនុស្សឲ្យបានច្រើនបំផុតថាព្រះយេហូវ៉ានឹងបំផ្លាញអស់អ្នកដែលគាបសង្កត់រាស្ត្ររបស់លោក។—អេគ. ៣៨:១–៣៩:២០; ២ថែ. ១:៦, ៧
១៨ ជំពូកទី១៩ ២០និង២១: ការបើកបង្ហាញអំពីអូរដែលមានទឹកដែលផ្ដល់ជីវិតនិងការបែងចែកដីធ្លី បញ្ជាក់យ៉ាងច្បាស់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះមនុស្ស។ ការបើកបង្ហាញនោះរៀបរាប់អំពីប្រយោជន៍ដែលមកពីសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះយេហូវ៉ា គឺការឲ្យជីវិតបុត្រច្បងរបស់លោកដើម្បីយើងអាចទទួលការអភ័យទោសពីអំពើខុសឆ្គងរបស់យើង និងមានជីវិតដ៏ល្អឥតខ្ចោះក្នុងក្រុមគ្រួសាររបស់ព្រះ។ វិធីមួយដែលយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្ស គឺប្រាប់ពួកគេអំពីអនាគតដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានរៀបចំសម្រាប់ពួកអ្នកដែលមានជំនឿលើបុត្ររបស់លោក។—អេគ. ៤៥:១-៧; ៤៧:១–៤៨:៣៥; បប. ២១:១-៤; ២២:១៧
ការប្រព្រឹត្តដោយចិត្តរាបទាបដ៏អស្ចារ្យក្រោយពីគ្រាគ្រប់គ្រង១.០០០ឆ្នាំ
១៩. តើលោកយេស៊ូនឹងធ្វើអ្វីក្នុងអំឡុងគ្រាគ្រប់គ្រង១.០០០ឆ្នាំ? (សូមមើលប្រអប់«ការល្បងលចុងក្រោយ»)
១៩ ក្នុងអំឡុងគ្រាគ្រប់គ្រង១.០០០ឆ្នាំ លោកយេស៊ូនឹងប្រោសមនុស្សរាប់ពាន់លាននាក់ឲ្យមានជីវិតឡើងវិញ ហើយលោកនឹងបំបាត់ការឈឺចាប់ដែលមកពី«សេចក្ដីស្លាប់»ដែលជា«សត្រូវ»របស់យើង។ (១កូ. ១៥:២៦; ម៉ាក. ៥:៣៨-៤២; សកម្ម. ២៤:១៥) ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សពោរពេញទៅដោយរឿងខ្លោចផ្សានិងការព្រាត់ប្រាសគ្នា។ ប៉ុន្តែ មនុស្សមួយជំនាន់ៗដែលលោកយេស៊ូប្រោសឲ្យរស់ឡើងវិញ លោកនឹងធ្វើឲ្យពួកគេភ្លេចរឿងខ្លោចផ្សាទាំងប៉ុន្មានដែលពួកគេធ្លាប់ឆ្លងកាត់ រួចលោកផ្ដល់ឱកាសឲ្យពួកគេបង្កើតអនុស្សាវរីយ៍ល្អៗ។ ដោយផ្អែកលើគ្រឿងបូជាលោះរបស់លោក លោកនឹងបំបាត់ចោលនូវផលអាក្រក់ដែលបណ្ដាលមកពីជំងឺ សង្គ្រាម រោគរាតត្បាត និងការអត់ឃ្លាន។ សំខាន់ជាងនោះទៅទៀត លោកនឹងជួយយើងដករំលើងឫសគល់នៃការឈឺចាប់ទាំងឡាយ ពោលគឺភាពខុសឆ្គងដែលយើងទទួលពីអាដាម។ (រ៉ូម ៥:១៨, ១៩) លោកយេស៊ូនឹង«បំផ្លាញស្នាដៃរបស់មេកំណាច»ទាំងស្រុង។ (១យ៉ូន. ៣:៨) បន្ទាប់មក តើនឹងមានអ្វីកើតឡើង?
ពួកអ្នកដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ នឹងមានឱកាសបង្កើតអនុស្សាវរីយ៍ល្អៗ
២០. តើតាមរបៀបណាលោកយេស៊ូនិងពួក១៤៤.០០០នាក់បង្ហាញចិត្តរាបទាបដ៏អស្ចារ្យ? សូមពន្យល់។ (សូមមើលរូបភាពនៅដើមអត្ថបទ)
២០ សូមអាន កូរិនថូសទី១ ១៥:២៤-២៨។ ពេលដែលមនុស្សជាតិទាំងអស់បានទៅជាល្អឥតខ្ចោះ ហើយផែនដីក្លាយទៅជាសួនឧទ្យានដូចគោលបំណងដើមរបស់ព្រះយេហូវ៉ា នោះលោកយេស៊ូនិងពួក១៤៤.០០០នាក់ដែលគ្រប់គ្រងជាមួយលោក នឹងបង្ហាញចិត្តរាបទាបដ៏អស្ចារ្យ គឺពួកគាត់នឹងប្រគល់រាជាណាចក្រជូនព្រះយេហូវ៉ាវិញ។ ពួកគាត់នឹងពេញចិត្តលាលែងពីអំណាចគ្រប់គ្រងដែលពួកគាត់មានអស់១.០០០ឆ្នាំ។ អ្វីៗទាំងអស់ដែលរាជាណាចក្ររបស់ព្រះបានសម្រេចនឹងស្ថិតស្ថេរជារៀងរហូត។
ការល្បងលចុងក្រោយ
២១, ២២. (ក) នៅដំណាច់១.០០០ឆ្នាំ តើផែនដីនឹងមានស្ថានភាពយ៉ាងណា? (ខ) ហេតុអ្វីព្រះយេហូវ៉ានឹងដោះលែងសាថាននិងពួកវិញ្ញាណកំណាច?
២១ បន្ទាប់មក ព្រះយេហូវ៉ានឹងធ្វើអ្វីមួយដែលបង្ហាញទំនុកចិត្តយ៉ាងខ្លាំងចំពោះរាស្ត្ររបស់លោកនៅផែនដី។ លោកនឹងដោះលែងសាថាននិងពួកវិញ្ញាណកំណាចពីទីជ្រៅបំផុត ជាកន្លែងដែលពួកវាជាប់ឃុំអស់រយៈពេល១.០០០ឆ្នាំ។ (សូមអាន ការបើកបង្ហាញ ២០:១-៣) ពួកវានឹងឃើញថាពិភពលោកពីមុននិងពិភពលោកឥឡូវខុសគ្នាឆ្ងាយណាស់។ មុនសង្គ្រាមអាម៉ាគេដូន មនុស្សភាគច្រើនបានត្រូវបំភាន់ដោយសាថាន ហើយពួកគេបាក់បែកគ្នាដោយសារការស្អប់និងការរើសអើង។ (បប. ១២:៩) ប៉ុន្តែ នៅដំណាច់១.០០០ឆ្នាំ មនុស្សទាំងអស់នឹងគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយសាមគ្គីភាពជាក្រុមគ្រួសារតែមួយដែលប្រកបដោយសេចក្ដីស្រឡាញ់។ ផែនដីនឹងទៅជាសួនឧទ្យានដ៏សុខសាន្ត។
២២ ហេតុអ្វីព្រះយេហូវ៉ានឹងដោះលែងឧក្រិដ្ឋជនដូចជាសាថាននិងពួកវិញ្ញាណកំណាចឲ្យចូលក្នុងបរិយាកាសដ៏សុខសាន្តដូច្នេះ? ពីព្រោះមនុស្សភាគច្រើនដែលរស់នៅដំណាច់១.០០០ឆ្នាំ ពួកគេមិនដែលត្រូវល្បងលភក្ដីភាពជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាម្ដងឡើយ។ មនុស្សភាគច្រើនមុនពួកគេស្លាប់មិនបានស្គាល់ព្រះយេហូវ៉ាទេ ហើយពួកគេបានត្រូវប្រោសឲ្យរស់ឡើងវិញនៅក្នុងសួនឧទ្យាន។ ព្រះយេហូវ៉ាមិនគ្រាន់តែផ្ដល់ជីវិតដល់ពួកគេប៉ុណ្ណោះទេ តែលោកក៏ផ្ដល់អ្វីទាំងអស់ដែលពួកគេត្រូវការទាំងខាងរូបកាយទាំងខាងជំនឿ។ ពួកគេនឹងមិនដែលទទួលឥទ្ធិពលអាក្រក់ទេ មានតែឥទ្ធិពលល្អប៉ុណ្ណោះ។ នៅជុំវិញពួកគេមានតែមនុស្សដែលស្រឡាញ់ព្រះយេហូវ៉ា ហើយបម្រើលោក។ សាថានអាចចោទប្រកាន់ពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញដូចអ្វីដែលវាបានចោទប្រកាន់យ៉ូបដែរ គឺពួកគេបម្រើព្រះដោយសារតែលោកការពារនិងឲ្យពរពួកគេប៉ុណ្ណោះ។ (យ៉ូប ១:៩, ១០) ដូច្នេះ មុនព្រះយេហូវ៉ាសរសេរឈ្មោះយើងទុកជាប់នៅក្នុងសៀវភៅជីវិត លោកនឹងអនុញ្ញាតឲ្យយើងបង្ហាញភ័ស្តុតាងជាក់ច្បាស់ថាយើងមានភក្ដីភាពចំពោះលោកជាបិតារបស់យើង និងជាម្ចាស់ដ៏ឧត្តមបំផុត។—បប. ២០:១២, ១៥
២៣. តើបុគ្គលម្នាក់ៗនឹងសម្រេចចិត្តអ្វី?
២៣ មួយរយៈពេលខ្លី សាថាននឹងមានឱកាសល្បួងមនុស្សឲ្យឈប់បម្រើព្រះយេហូវ៉ា។ តើការល្បួងនោះជាអ្វី? បុគ្គលម្នាក់ៗច្បាស់ជាជួបការល្បួងដូចអ្វីដែលអាដាមនិងអេវ៉ាបានជួបដែរ គឺតើពួកគេព្រមទទួលយកខ្នាតតម្រារបស់ព្រះយេហូវ៉ា គាំទ្រការគ្រប់គ្រងរបស់លោក និងគោរពប្រណិប័តន៍លោក ឬក៏ពួកគេនឹងបះបោរប្រឆាំងនឹងលោក ហើយគាំទ្រសាថានវិញ។
២៤. ហេតុអ្វីអស់អ្នកដែលបះបោរប្រឆាំងបានត្រូវហៅថាកូកនិងម៉ាកូក?
២៤ សូមអាន ការបើកបង្ហាញ ២០:៧-១០។ គួរឲ្យចាប់អារម្មណ៍ អស់អ្នកដែលបះបោរនៅចុងគ្រា១.០០០ឆ្នាំ បានត្រូវហៅថាកូកនិងម៉ាកូក។ ពួកគេបង្ហាញលក្ខណៈដូចពួកអ្នកបះបោរដែលអេសេគាលបានប្រាប់ទុកជាមុនដែលថានឹងវាយប្រហារទៅលើរាស្ត្ររបស់ព្រះក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ អ្នកបះបោរមួយក្រុមមុននោះបានត្រូវហៅថា«កូកនៃស្រុកម៉ាកូក»។ ពួកគេមកពីប្រជាជាតិនានាដែលប្រឆាំងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ (អេគ. ៣៨:២) ស្រដៀងគ្នាដែរ អស់អ្នកដែលបះបោរនៅចុងគ្រាគ្រប់គ្រង១.០០០ឆ្នាំរបស់គ្រិស្ត បានត្រូវរៀបរាប់ថាជា«ប្រជាជាតិនានា»។ ពាក្យនេះគឺគួរឲ្យចាប់អារម្មណ៍មែន។ ហេតុអ្វី? ព្រោះក្នុងអំឡុងគ្រាគ្រប់គ្រង១.០០០ឆ្នាំ គ្មានការបែងចែកជាតិសាសន៍ទៀតទេ។ មនុស្សទាំងអស់នឹងទៅជារាស្ត្រក្រោមរដ្ឋាភិបាលមួយ គឺរាជាណាចក្រព្រះ។ យើងនឹងទៅជាប្រជាជាតិតែមួយ។ ដោយសារទំនាយនោះហៅពួកអ្នកបះបោរថាកូកនិងម៉ាកូក ហើយរៀបរាប់ថាពួកគេជា«ប្រជាជាតិនានា» នេះបញ្ជាក់ថាសាថាននឹងបានជោគជ័យក្នុងការធ្វើឲ្យរាស្ត្រខ្លះរបស់ព្រះបាក់បែកគ្នា។ ពេលនោះ នឹងគ្មានអ្នកណាត្រូវបង្ខំឲ្យចូលខាងសាថានទេ។ បុគ្គលល្អឥតខ្ចោះម្នាក់ៗនឹងធ្វើការសម្រេចចិត្តដោយខ្លួនឯង។
២៥, ២៦. តើនឹងមានមនុស្សច្រើនប៉ុនណាចូលខាងសាថាន? ហើយតើនឹងមានអ្វីកើតឡើងចំពោះពួកគេ?
២៥ តើនឹងមានមនុស្សច្រើនប៉ុនណាចូលខាងសាថាន? ចំនួនអ្នកបះបោរទាំងនេះគឺ«ដូចខ្សាច់នៅក្នុងសមុទ្រ»។ ឃ្លានេះមិនមានន័យថាមនុស្សជាច្រើននឹងបះបោរប្រឆាំងនោះទេ។ តើយើងដឹងយ៉ាងដូចម្ដេច? សូមពិចារណាសេចក្ដីសន្យាចំពោះអាប្រាហាំ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថាកូនចៅរបស់អាប្រាហាំ នឹងមានចំនួនច្រើនដូច«គ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ»។ (ដក. ២២:១៧, ១៨) ប៉ុន្តែ តាមពិតចំនួនកូនចៅរបស់គាត់មានតែ១៤៤.០០១នាក់ប៉ុណ្ណោះ។ (កាឡ. ៣:១៦, ២៩) ទោះជាចំនួននេះមើលទៅច្រើនក៏ដោយ តែបើប្រៀបនឹងចំនួនមនុស្សជាតិទាំងអស់ ចំនួននេះគឺតិចណាស់។ ស្រដៀងគ្នាដែរ ចំនួនពួកអ្នកដែលចូលខាងសាថានប្រហែលជាច្រើនមែន តែចំនួននេះមិនច្រើនក្រៃលែងទេ។ ដូច្នេះ ពួកអ្នកបះបោរទាំងនោះនឹងមិនបង្កគ្រោះថ្នាក់ដល់អ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ាឡើយ។
២៦ អស់អ្នកដែលចូលរួមក្នុងការបះបោរនឹងត្រូវបំផ្លាញចោលភ្លាមៗ។ ពួកគេនឹងសាបសូន្យទៅជាមួយសាថាននិងពួកវិញ្ញាណកំណាច ហើយគ្មានសេចក្ដីសង្ឃឹមរស់ឡើងវិញឡើយ។ ពេលនោះមានតែការសម្រេចចិត្តខុសរបស់ពួកគេ និងលទ្ធផលដែលមកពីការសម្រេចចិត្តទាំងនោះប៉ុណ្ណោះ នឹងត្រូវនឹកចាំជារៀងរហូត។—បប. ២០:១០
២៧-២៩. តើអស់អ្នកដែលឈ្នះការល្បងលចុងក្រោយនឹងទទួលពរអ្វី?
២៧ ផ្ទុយទៅវិញ អស់អ្នកដែលឈ្នះការល្បងលចុងក្រោយ ឈ្មោះរបស់ពួកគេនឹងត្រូវចារទុកជារៀងរហូតនៅក្នុង«សៀវភៅជីវិត»។ (បប. ២០:១៥) រួចមក ពួកគេនឹងទៅជាកូនប្រុសស្រីដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាក្នុងក្រុមគ្រួសារតែមួយដែលមានសាមគ្គីភាព ហើយពួកគេគោរពប្រណិប័តន៍ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។ នេះជាអ្វីដែលលោកសមនឹងទទួល។
២៨ សូមគិតអំពីអនាគតដ៏អស្ចារ្យនោះ។ នៅគ្រានោះ ជីវិតរបស់អ្នកនឹងពោរពេញទៅដោយកិច្ចការដែលអ្នកពេញចិត្ត ហើយនឹងមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយគ្នា។ អ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នកនឹងលែងឈឺចាប់ទៀតហើយ។ ម្យ៉ាងទៀត ដោយសារអ្នកលែងមានភាពខុសឆ្គងទៀត អ្នកផ្ទាល់នឹងទៅជាមនុស្សសុចរិតចំពោះព្រះយេហូវ៉ា។ មនុស្សគ្រប់រូបនឹងមានចំណងមិត្តភាពដ៏ជិតស្និទ្ធដោយផ្ទាល់ជាមួយនឹងព្រះ។ សំខាន់បំផុត ការគោរពប្រណិប័តន៍ពិតដែលនៅស្ថានសួគ៌និងនៅផែនដីនឹងត្រូវធ្វើឡើងយ៉ាងល្អឥតខ្ចោះ។ ពេលនោះ ការគោរពប្រណិប័តន៍ពិតនឹងត្រូវរៀបចំឡើងវិញទាំងស្រុង!
២៩ តើអ្នកនឹងនៅទីនោះ ហើយឃើញគ្រាដ៏អស្ចារ្យនេះទេ? អ្នកអាចនៅទីនោះ បើអ្នកបន្តអនុវត្តចំណុចសំខាន់បីពីសៀវភៅអេសេគាល គឺគោរពប្រណិប័តន៍ព្រះយេហូវ៉ាផ្ដាច់មុខ រក្សាសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍ដ៏ស្អាតស្អំ និងបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកឯទៀត។ ទំនាយអេសេគាលមានមេរៀនចុងក្រោយមួយដ៏សំខាន់។ តើនោះជាអ្វី?
«ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»
៣០, ៣១. តើការប្រកាស«ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»នឹងមានន័យយ៉ាងណា (ក) ចំពោះសត្រូវរបស់ព្រះ? (ខ) ចំពោះរាស្ត្ររបស់ព្រះ?
៣០ ក្នុងសៀវភៅអេសេគាលទាំងមូល មានការប្រកាសម្ដងហើយម្ដងទៀតដែលថា៖ «ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»។ (អេគ. ៦:១០; ៣៩:២៨) ចំពោះសត្រូវរបស់ព្រះ ការប្រកាសនោះនឹងមានន័យថាសង្គ្រាមនិងសេចក្ដីស្លាប់។ នៅពេលនោះ ពួកគេនឹងត្រូវបង្ខំឲ្យទទួលស្គាល់ថាមានព្រះយេហូវ៉ា។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេនឹងត្រូវបង្ខំឲ្យទទួលស្គាល់នាមដ៏ឧត្តមរបស់លោក គឺ«លោកធ្វើឲ្យក្លាយជា»ឬ«លោកធ្វើឲ្យកើតមក»។ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌» នឹងក្លាយទៅជា«អ្នកចម្បាំងដ៏អង់អាចខ្លាំងក្លា»ដែលនឹងច្បាំងនឹងពួកគេ។ (១សាំ. ១៧:៤៥; ដច. ១៥:៣) គឺហួសពេលហើយ ពេលដែលពួកគេយល់សេចក្ដីពិតដ៏សំខាន់អំពីព្រះយេហូវ៉ាដែលថាគ្មានអ្វីណាអាចបញ្ឈប់លោកពីការសម្រេចតាមបំណងប្រាថ្នារបស់លោក។
៣១ ចំពោះរាស្ត្ររបស់ព្រះ ការប្រកាសថា៖ «ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា» នឹងមានន័យថាសន្តិភាពនិងជីវិត។ ព្រះយេហូវ៉ានឹងធ្វើឲ្យយើងក្លាយទៅជាកូនប្រុសកូនស្រីដែលបង្ហាញគុណសម្បត្តិរបស់លោកយ៉ាងល្អឥតខ្ចោះ ដូចគោលបំណងដើមរបស់លោក។ (ដក. ១:២៦) តាមការពិត ព្រះយេហូវ៉ាបានក្លាយទៅជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់និងជាគង្វាលដែលថែរក្សាការពារយើងរួចហើយ។ ប៉ុន្តែបន្តិចទៀត លោកនឹងក្លាយទៅជាស្ដេចរបស់យើងដែលមានជ័យជម្នះ។ មុននឹងថ្ងៃនោះមកដល់ សូមឲ្យយើងចាំជាប់ក្នុងចិត្តនូវដំណឹងពីអេសេគាល។ រៀងរាល់ថ្ងៃ សូមឲ្យយើងបង្ហាញតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តថាយើងស្គាល់ព្រះយេហូវ៉ាច្បាស់និងស្គាល់ថាលោកជាព្រះបែបណា។ ដូច្នេះ ពេលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម យើងនឹងមិនភ័យខ្លាចទេ។ ផ្ទុយទៅវិញ យើងនឹងងើបមុខឡើង ព្រោះសេចក្ដីសង្គ្រោះរបស់យើងគឺជិតដល់ហើយ។ (លូក. ២១:២៨) ប៉ុន្តែ មុនពេលនោះមកដល់ សូមឲ្យយើងជួយមនុស្សនៅគ្រប់ទីកន្លែងឲ្យមកស្គាល់និងស្រឡាញ់ព្រះតែមួយគត់ដែលសមនឹងទទួលការគោរពប្រណិប័តន៍ គឺព្រះដែលមាននាមដ៏ឧត្តមបំផុតគឺព្រះយេហូវ៉ា។—អេគ. ២៨:២៦
a លេខជំពូកសំដៅទៅលើជំពូកក្នុងសៀវភៅនេះ។