‹សេចក្ដីស្លាប់នឹងបានត្រូវបំផ្លាញ›
«ឯខ្មាំងសត្រូវក្រោយបង្អស់ ដែលត្រូវបំផ្លាញ គឺជាសេចក្ដីស្លាប់»។—កូរិនថូសទី១ ១៥:២៦
១, ២. (ក) តើសាវ័កប៉ុលបានប្រាប់អំពីសេចក្ដីសង្ឃឹមអ្វីចំពោះពួកមនុស្សស្លាប់? (ខ) តើអ្វីជាសំនួរអំពីដំណើររស់ឡើងវិញដែលប៉ុលបានសួរឡើង?
«ខ្ញុំជឿលើ . . . ដំណើររស់ឡើងវិញនៃរូបកាយ ហើយនិងជឿលើជីវិតអស់កល្បជានិច្ច»។ នេះជាការថ្លែងក្នុងអ្វីដែលគេហៅថា លទ្ធិជំនឿពួកសាវ័ក។ ពួកកាតូលិកនិងពួកប្រូតេស្តង់សូត្រលទ្ធិនេះជាករណីយកិច្ច ដោយឥតដឹងថា ជំនឿរបស់គេគឺស្រដៀងនឹងទស្សនវិជ្ជាក្រិក ជាជាងនឹងអ្វីដែលពួកសាវ័កបានជឿ។ ប៉ុន្តែ សាវ័កប៉ុលបានបដិសេធនូវទស្សនវិជ្ជាក្រិក ហើយឥតបានជឿលើព្រលឹងអមតៈនោះទេ។ យ៉ាងណាក៏ដោយ គាត់បានជឿយ៉ាងមុតមាំលើជីវិតនៅខាងមុខ ហើយដោយបានព្រះបណ្ដាលឲ្យតែង នោះគាត់បានសរសេរថា៖ «ឯខ្មាំងសត្រូវក្រោយបង្អស់ ដែលត្រូវបំផ្លាញ គឺជាសេចក្ដីស្លាប់»។ (កូរិនថូសទី១ ១៥:២៦) តើនេះមានន័យយ៉ាងណាចំពោះមនុស្សលោកដែលចេះតែស្លាប់នោះ?
២ ក្នុងការឆ្លើយ សូមឲ្យយើងពិនិត្យមើលម្ដងទៀតនូវការពិគ្រោះរបស់ប៉ុល អំពីដំណើររស់ឡើងវិញ ដែលបានកត់ទុកនៅកូរិនថូសទី១ ជំពូក ១៥។ អ្នកនឹងចាំថា ក្នុងខទីមួយ ប៉ុលបានធ្វើនិទស្សន៍អំពីដំណើររស់ឡើងវិញ ថាជាផ្នែកដ៏សំខាន់នៃលទ្ធិគ្រីស្ទាន។ ឥឡូវនេះ គាត់មានប្រសាសន៍អំពីសំនួរដ៏ជាក់លាក់មួយ ដោយថា៖ «មុខជានឹងមានអ្នកណាមួយសួរថា៖ ‹ឯពួកមនុស្សស្លាប់ នឹងរស់ឡើងវិញយ៉ាងណា? តើមកវិញមានរូបកាយដូចម្ដេច› »?—កូរិនថូសទី១ ១៥:៣៥
តើមានរូបកាយបែបណា?
៣. ហេតុអ្វីក៏មនុស្សខ្លះបានបដិសេធលើដំណើររស់ឡើងវិញ?
៣ ក្នុងការសួរសំនួរនេះ នោះប៉ុលប្រហែលជាចង់តទល់នឹងឥទ្ធិពលពីទស្សនវិជ្ជារបស់ផ្លេតូ។ ផ្លេតូបានបង្រៀនថា មនុស្សមានព្រលឹងអមតៈ ដែលរស់គង់នៅក្រោយពីរូបកាយស្លាប់ទៅ។ ចំពោះអស់អ្នកដែលបានអប់រំនឹងគំនិតបែបនេះ នោះសេចក្ដីបង្រៀនរបស់គ្រីស្ទានអំពីដំណើររស់ឡើងវិញប្រាកដជាឥតសំខាន់ទេ។ ប្រសិនបើព្រលឹងរួចរស់ជីវិតក្រោយពីស្លាប់ នោះតើដំណើររស់ឡើងវិញមានប្រយោជន៍អ្វីទៅ? ថែមទៀតនោះ ដំណើររស់ឡើងវិញប្រហែលជាមិនសមហេតុផលផង។ ក្រោយពីរូបកាយរលាយទៅជាដីហើយ តើអាចមានដំណើររស់ឡើងវិញយ៉ាងដូចម្ដេចបាន? លោកហាញរិច មែយើ ដែលជាអ្នកធ្វើអត្ថាធិប្បាយព្រះគម្ពីរ មានប្រសាសន៍ថា បដិបក្ខភាពនៃពួកកូរិនថូសខ្លះ គឺប្រហែលជាមានមូលដ្ឋាន«លើគ្រឹះខាងទស្សនវិជ្ជា ថាការធ្វើឲ្យដូចដើមវិញនៃរូបធាតុ គឺមិនអាចធ្វើទៅបានទេ»។
៤, ៥. (ក) ហេតុអ្វីក៏ការជំទាស់របស់ពួកដែលឥតមានជំនឿ មិនសមហេតុផល? (ខ) សូមពន្យល់អំពីរឿងប្រៀបប្រដូចរបស់ប៉ុលអំពី«គ្រាប់សុទ្ធ»? (គ) តើព្រះនឹងប្រទានឲ្យរូបកាយបែបណា ដល់ពួកអ្នកចាក់ប្រេងតាំងដែលបានប្រោសឲ្យរស់ឡើងវិញ?
៤ ប៉ុលបានបង្ហាញឲ្យឃើញនូវការវែកញែកដ៏ឥតសមហេតុផលរបស់គេ ដោយថា៖ «ឱមនុស្សកំឡៅអើយ! គ្រាប់ពូជដែលអ្នកព្រោះទៅ បើមិនងាប់ នោះមិនពន្លកដុះឡើងទេ ហើយគ្រាប់ដែលអ្នកព្រោះនោះ មិនមែនដូចជាដើមដែលពន្លកឡើងនោះដែរ គឺជាគ្រាប់សុទ្ធ ដូចជាគ្រាប់ស្រូវ ឬពូជណាទៀតក្ដី តែព្រះទ្រង់ប្រទានឲ្យមានដើមទីទៃពីគ្នារៀងរាល់ពូជ តាមព្រះហឫទ័យទ្រង់»។ (កូរិនថូសទី១ ១៥:៣៦-៣៨) ព្រះទ្រង់នឹងមិនប្រោសរូបកាយដែលមនុស្សមាន កាលដែលគេរស់នៅលើផែនដីនោះឡើយ។ ផ្ទុយទៅវិញ គឺនឹងមានការផ្លាស់ប្ដូរ។
៥ ប៉ុលប្រៀបធៀបដំណើររស់ឡើងវិញទៅនឹងគ្រាប់ពូជដែលមានពន្លកដុះឡើង។ គ្រាប់ពូជនៃស្រូវសាលីដ៏តូចមួយ គឺមិនមែនដូចជាដើមដែលនឹងដុះពន្លកឡើងនោះឡើយ។ សព្វវចនាធិប្បាយសៀវភៅពិភពលោក ចែងថា៖ «នៅពេលដែលគ្រាប់ពូជមួយចាប់ផ្ដើមដុះពន្លក នោះវាបឺតយកទឹកជាច្រើន។ ទឹកធ្វើឲ្យមានការផ្លាស់ប្ដូរជាច្រើនខាងគីមីដែលនៅក្នុងពូជនោះ។ នេះក៏បណ្ដាលឲ្យជាលិកាក្នុងពូជប៉ោងឡើង ហើយបែកចេញពីសម្បកវា»។ តាមពិត ពូជមួយគ្រាប់នេះក៏ងាប់ទៅ កាលដែលពូជក្លាយទៅជាដើមដែលទើបដុះឡើង។ «ព្រះទ្រង់ប្រទានឲ្យមានដើម» ក្នុងន័យថា ទ្រង់បានដាក់ច្បាប់ខាងវិទ្យាសាស្ត្រសំរាប់ឲ្យវាលូតលាស់ ហើយពូជនិមួយៗទទួលរូបរាងនេះរៀងៗខ្លួន។ (លោកុប្បត្តិ ១:១១) ស្រដៀងនេះដែរ ពួកគ្រីស្ទានដែលបានចាក់ប្រេងតាំងត្រូវស្លាប់ជាមនុស្សជាមុនសិន។ រួចមក នៅគ្រាកំណត់របស់ព្រះ នោះទ្រង់នឹងប្រោសឲ្យគេរស់ឡើងវិញ ជារូបកាយថ្មីទាំងស្រុង។ ដូចជាប៉ុលបានប្រាប់ពួកភីលីព «យេស៊ូគ្រីស្ទ . . . ទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជារូបអង្គឧត្តមរបស់ទ្រង់»។ (ភីលីព ៣:២០, ២១; កូរិនថូសទី២ ៥:១, ២) គេនឹងបានត្រូវប្រោសឲ្យរស់ឡើងវិញមានរូបកាយជាវិញ្ញាណ ហើយនឹងរស់នៅក្នុងវិស័យវិញ្ញាណ។—យ៉ូហានទី១ ៣:២
៦. ហេតុអ្វីជាការសមហេតុផល ក្នុងការជឿថា ព្រះនឹងអាចប្រទានរូបកាយវិញ្ញាណដល់ពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ?
៦ តើរឿងនេះពិបាកនឹងយល់ឬ? គឺអត់ទេ ប៉ុលវែកញែកថា សត្វក៏មានរូបកាយជាច្រើនប្រភេទដែរ។ ម្យ៉ាងទៀតនោះ គាត់បានប្រៀបធៀបពួកទេវតានៅស្ថានសួគ៌ ជាមួយនឹងមនុស្ស ដោយមានប្រសាសន៍ថា៖ «ក៏មានរូបកាយសំរាប់ស្ថានសួគ៌ ហើយមានរូបកាយសំរាប់ផែនដីដែរ»។ របស់បង្កើតដែលអជីវៈក៏មានភាពខុសគ្នាយ៉ាងខ្លាំងដែរ។ មុននឹងវិទ្យាសាស្ត្របានរកឃើញរបស់នៅលើមេឃដូចជា ផ្កាយពណ៌ខៀវ ផ្កាយពណ៌ក្រហម និងផ្កាយពណ៌ស នោះប៉ុលបានមានប្រសាសន៍ថា «សូម្បីតែផ្កាយទាំងប៉ុន្មានសោត ក៏មានរស្មីខុសពីគ្នាដែរ»។ ដោយដឹងអំពីរឿងនេះ តើមិនជាសមហេតុផលទេឬ ដែលព្រះអាចផ្ដល់រូបកាយខាងវិញ្ញាណដ៏សមរម្យ ចំពោះពួកអ្នកចាក់ប្រេងតាំងដែលនឹងប្រោសឲ្យរស់ឡើងវិញនោះ?—កូរិនថូសទី១ ១៥:៣៩-៤១
៧. តើអ្វីជាអត្ថន័យនៃភាពឥតពុករលួយ? និងអមតភាព?
៧ រួចមក ប៉ុលនិយាយថា៖ «សេចក្ដីដែលមនុស្សស្លាប់បានរស់ឡើងវិញ នោះក៏បែបដូច្នោះដែរ គេបានកប់ទៅ ជារូបកាយដែលពុករលួយ តែរស់ឡើងវិញ ជារូបកាយ មិនចេះពុករលួយឡើយ»។ (កូរិនថូសទី១ ១៥:៤២) រូបកាយរបស់មនុស្ស ទោះជាគ្រប់ល័ក្ខណ៍ក៏ដោយ ក៏អាចពុករលួយបានដែរ។ ដូច្នេះ គឺអាចសម្លាប់រូបកាយដ៏គ្រប់ល័ក្ខណ៍បាន។ ជាឧទាហរណ៍ ប៉ុលមានប្រសាសន៍ថា ព្រះយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនោះ នឹង«មិន . . . ត្រឡប់ទៅឯសេចក្ដីពុករលួយទៀតឡើយ»។ (កិច្ចការ ១៣:៣៤) ទ្រង់នឹងមិនត្រឡប់ទៅមកមានជីវិតក្នុងរូបកាយមនុស្ស ទោះជារូបកាយមនុស្សដ៏គ្រប់ល័ក្ខណ៍ក៏ដោយ ដែលមានសេចក្ដីពុករលួយនោះ។ រូបកាយដែលព្រះនឹងប្រទានឲ្យដល់ពួកអ្នកចាក់ប្រេងតាំង ដែលនឹងរស់ឡើងវិញនោះ គឺឥតចេះពុករលួយដែរ ដែលមិនចេះស្លាប់ឬពុករលួយទេ។ ប៉ុលមានប្រសាសន៍បន្តថា៖ «បានកប់ទៅ ទាំងមានសេចក្ដីអាប់ឱន តែរស់ឡើងវិញ ទាំងមានសិរីល្អ បានកប់ទៅ ទាំងមានសេចក្ដីកំសោយ តែរស់ឡើងវិញ ទាំងមានព្រះចេស្ដា បានកប់ទៅ ជារូបកាយ ខាងសាច់ឈាម តែរស់ឡើង ជារូបកាយ ខាងវិញ្ញាណវិញ»។ (កូរិនថូសទី១ ១៥:៤៣, ៤៤) ប៉ុលមានប្រសាសន៍តទៅទៀតថា៖ «ហើយរូបកាយដែលរមែងស្លាប់នេះ ត្រូវតែបានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញដែរ»។ អមតភាពមានន័យថា ជីវិតដែលមិនចេះចប់ ដែលមិនវិនាសសូន្យទៅ។ (កូរិនថូសទី១ ១៥:៥៣; ហេព្រើរ ៧:១៦) តាមរបៀបនេះ ពួកអ្នកដែលបានត្រូវរស់ឡើងវិញ មាន«រូបរាងរបស់ព្រះអម្ចាស់ពីស្ថានសួគ៌» គឺព្រះយេស៊ូ ដែលបានបើកឲ្យគេមានដំណើររស់ឡើងវិញបាន។—កូរិនថូសទី១ ១៥:៤៥-៤៩
៨. (ក) តើតាមរបៀបណាដែលយើងដឹងថា ពួកអ្នកដែលនឹងបានប្រោសឲ្យរស់ឡើងវិញ ជាបុគ្គលដដែលដូចកាលដែលគេនៅរស់លើផែនដីនោះ? (ខ) តើទំនាយអ្វីខ្លះនឹងបានសម្រេច នៅពេលដែលដំណើររស់ឡើងវិញចាប់ផ្ដើមឡើង?
៨ ពួកអ្នកចាក់ប្រេងតាំងទាំងនេះ គឺជាបុគ្គលដដែលដូចមុនគេស្លាប់ទៅនោះ ទោះជាមានការផ្លាស់ប្ដូរនៃរូបកាយក៏ដោយ។ ព្រះនឹងប្រោសឲ្យគេរស់ឡើងវិញ ដោយមានអនុស្សាវរីយដដែល និងគុណសម្បត្ដិគ្រីស្ទានដ៏អស្ចារ្យដដែល។ (ម៉ាឡាគី ៣:៣; វិវរណៈ ២១:១០, ១៨) ក្នុងចំណុចនេះ នោះគេមានសភាពដូចព្រះយេស៊ូគ្រីស្ទ។ ទ្រង់បានផ្លាស់ប្ដូរពីរូបកាយវិញ្ញាណទៅជារូបកាយមនុស្ស។ រួចមក ទ្រង់បានសោយទិវង្គត ហើយបានមានព្រះជន្មរស់ឡើងវិញជារូបកាយវិញ្ញាណវិញ។ ប៉ុន្តែ «ព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ»។ (ហេព្រើរ ១៣:៨) ពួកអ្នកចាក់ប្រេងតាំងទាំងនេះគឺមានឯកសិទ្ធិដ៏រុងរឿងមែន! ប៉ុលមានប្រសាសន៍ថា៖ «កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញ នោះទើបនឹងបានសំរេចតាមពាក្យ ដែលចែងទុកមកថា៖ ‹សេចក្ដីជ័យជំនះបានលេបសេចក្ដីស្លាប់បាត់ហើយ›។ ‹ឱសេចក្ដីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្ដីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា› »?—កូរិនថូសទី១ ១៥:៥៤, ៥៥; អេសាយ ២៥:៨; ហូសេ ១៣:១៤
សេចក្ដីរស់ឡើងវិញនៅលើផែនដី?
៩, ១០. (ក) ក្នុងកូរិនថូសទី១ ១៥:២៤ តើអ្វីជា‹គ្រាចុងបំផុត› ហើយតើព្រឹត្ដិការណ៍អ្វីដែលនឹងកើតឡើងនៅដំណាលគ្នានេះ? (ខ) ដើម្បីឲ្យសេចក្ដីស្លាប់រលាយសូន្យទៅ តើអ្វីដែលត្រូវតែកើតឡើង?
៩ តើមានអនាគតយ៉ាងណាដែរ ចំពោះមនុស្សជាច្រើនលាននាក់ ដែលឥតមានសេចក្ដីសង្ឃឹមឲ្យបានជីវិតវិញ្ញាណអមតៈនៅលើស្ថានសួគ៌នោះ? ប្រាកដហើយ គឺមាន! ក្រោយពីបានពន្យល់ថា សេចក្ដីរស់ឡើងវិញនៅស្ថានសួគ៌នឹងកើតឡើងក្នុងកំឡុងវត្តមានរបស់ព្រះគ្រីស្ទ នោះប៉ុលបានរៀបរាប់អំពីព្រឹត្ដិការណ៍ដែលនឹងមានជាបន្តក្រោយមក ដោយមានប្រសាសន៍ថា៖ «គ្រានោះបានដល់ចុងបំផុតហើយ ជាវេលាដែលទ្រង់នឹងប្រគល់នគរ ដល់ព្រះដ៏ជាព្រះវរបិតាទៅវិញ ក្រោយដែលទ្រង់បានទំលាក់អស់ទាំងរាជ្យ នឹងអំណាច ហើយនឹងឥទ្ធិឫទ្ធិទាំងប៉ុន្មានចេញ»។—កូរិនថូសទី១ ១៥:២៣, ២៤
១០ ‹គ្រាចុងបំផុត› គឺជាគ្រាចុងបំផុតនៃការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ នៅពេលដែលព្រះយេស៊ូ ដោយមានព្រះទ័យរាបទាបនិងដោយស្មោះត្រង់ផង ក៏ប្រគល់ព្រះរាជាណាចក្រដល់ព្រះដ៏ជាព្រះវរបិតាទៅវិញ។ (វិវរណៈ ២០:៤) គោលបំណងរបស់ព្រះ«ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ ក្នុងព្រះគ្រីស្ទ» នោះនឹងត្រូវសម្រេចបានហើយ។ (អេភេសូរ ១:៩, ១០) ប៉ុន្តែ មុនដំបូងនោះ ព្រះគ្រីស្ទនឹងបានត្រូវទំលាក់«អស់ទាំងរាជ្យ នឹងអំណាច ហើយនឹងឥទ្ធិឫទ្ធិទាំងប៉ុន្មានចេញ» ដែលបានប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះមហាក្សត្រ។ នេះនឹងជាប់ទាក់ទងច្រើនទៀត មិនគ្រាន់តែសេចក្ដីហិនវិនាសដែលមាននៅឯអើម៉ាគេដូននោះទេ។ (វិវរណៈ ១៦:១៦; ១៩:១១-២១) ប៉ុលមានប្រសាសន៍ថា៖ «[ព្រះគ្រីស្ទ]ទ្រង់បានសោយរាជ្យ ទាល់តែដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់ ឯខ្មាំងសត្រូវក្រោយបង្អស់ ដែលត្រូវបំផ្លាញ គឺជាសេចក្ដីស្លាប់»។ (កូរិនថូសទី១ ១៥:២៥, ២៦) ត្រូវហើយ សេចក្ដីបាបនិងសេចក្ដីស្លាប់ពីអ័ដាម នោះនឹងបានត្រូវរលាយសូន្យទៅអស់ហើយ។ រួចមក នោះព្រះនឹងធ្វើឲ្យមនុស្សស្លាប់ចេញពី«ផ្នូរ» ដោយប្រោសឲ្យគេមានជីវិតរស់ឡើងវិញ។—យ៉ូហាន ៥:២៨
១១. (ក) តើហេតុអ្វីក៏យើងដឹងថា ព្រះអាចបង្កើតព្រលឹងមនុស្សស្លាប់ម្ដងទៀត? (ខ) តើពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញលើផែនដី នឹងបានរូបកាយបែបណា?
១១ នេះមានន័យថា ការបង្កើតព្រលឹងមនុស្សសាឡើងវិញ។ តើមិនអាចធ្វើបានទេឬ? មិនដូច្នេះទេ ដ្បិតទំនុកដំកើង ១០៤:២៩, ៣០ ធានារ៉ាប់រងយើងថាព្រះអាចធ្វើទៅបាន ដែលចែងថា៖ «កាលទ្រង់ដកយកដង្ហើមចេញ នោះវាក៏ស្លាប់ហើយត្រឡប់ទៅជាធូលីដីវិញ ទ្រង់ចាត់ព្រះវិញ្ញាណរបស់ទ្រង់ទៅ នោះវាកើតឡើង»។ ទោះជាពួកអ្នកដែលបានប្រោសឲ្យរស់ឡើងវិញ ជាបុគ្គលដដែលមុននឹងគេបានស្លាប់ នោះមិនចាំបាច់មានរូបកាយដដែលនោះទេ។ ព្រះនឹងប្រទានឲ្យគេនូវរូបកាយដែលទ្រង់សព្វព្រះហឫទ័យ ដូចពួកអ្នកដែលបានប្រោសឲ្យរស់ឡើងវិញខាងស្ថានសួគ៌អញ្ចឹង។ ប្រាកដហើយ រូបកាយថ្មីរបស់គេនឹងមានសុខភាពល្អ ហើយស្រដៀងនឹងរូបកាយដើមរបស់គេ ដើម្បីឲ្យពួកអ្នកស្ងួនភ្ងារបស់គេអាចស្គាល់គេបាន។
១២. តើសេចក្ដីរស់ឡើងវិញនៅលើផែនដីនឹងកើតឡើងនៅពេលណា?
១២ តើសេចក្ដីរស់ឡើងវិញនៅលើផែនដីនឹងកើតឡើងនៅពេលណា? នាងម៉ាថាបាននិយាយអំពីប្អូនប្រុសគាត់ឈ្មោះឡាសា ដែលបានស្លាប់នោះថា៖ «ខ្ញុំដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងដែរ»។ (យ៉ូហាន ១១:២៤) ហេតុដូចម្ដេចបានជានាងដឹងអំពីរឿងនេះ? ដំណើររស់ឡើងវិញ ជាប្រធានដែលបានគេឈ្លោះប្រកែកនៅសម័យរបស់នាង ដោយព្រោះពួកផារីស៊ីបានជឿលើរឿងនេះ ឯពួកសាឌូស៊ីវិញ នោះគេឥតជឿលើរឿងនេះទេ។ (កិច្ចការ ២៣:៨) ប៉ុន្តែ ម៉ាថាបានដឹងអំពីពួកស្មរបន្ទាល់មុនសម័យគ្រីស្ទាន ដែលមានសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ។ (ហេព្រើរ ១១:៣៥) ណាមួយទៀត នាងអាចយល់ដឹងពីដានីយ៉ែល ១២:១៣ ដែលថាដំណើររស់ឡើងវិញ នឹងកើតឡើងនៅថ្ងៃជាន់ក្រោយបង្អស់។ នាងប្រហែលជាដឹងអំពីរឿងនេះពីព្រះយេស៊ូផ្ទាល់ផង។ (យ៉ូហាន ៦:៣៩) «ថ្ងៃចុងបំផុត»នេះ កើតឡើងក្នុងពេលជាមួយគ្នានឹងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ។ (វិវរណៈ ២០:៦) សូមគិតពីការរំភើបចិត្តដែលនឹងមានក្នុងកំឡុង«ថ្ងៃ»នោះ នៅពេលដែលព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះចាប់ផ្ដើមឡើង!—ប្រៀបធៀប លូកា ២៤:៤១
តើអ្នកណានឹងត្រឡប់មកវិញ?
១៣. តើចក្ខុនិមិត្តអ្វីអំពីដំណើររស់ឡើងវិញ ដែលបានរាយការណ៍ប្រាប់នៅវិវរណៈ ២០:១២-១៤?
១៣ នៅវិវរណៈ ២០:១២-១៤ បានកត់ទុកនូវចក្ខុនិមិត្តរបស់យ៉ូហានអំពីសេចក្ដីរស់ឡើងវិញនៅលើផែនដី ដែលចែងថា៖ «នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវបានជំនុំជំរះ ពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ចំណែកសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្ដីស្លាប់ទី២»។
១៤. (ក) តើអ្នកណាដែលនឹងនៅចំណោមពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនោះ? (ខ) តើអ្នកណាដែលនឹងមិនត្រឡប់មកវិញ ហើយតើការស្មានអ្វីដែលឥតមានប្រយោជន៍នោះ?
១៤ ដំណើររស់ឡើងវិញនេះនឹងរួមបញ្ចូល«ទាំងអ្នកធំ ទាំងអ្នកតូច» គឺមនុស្សដ៏ធំដុំនិងមនុស្សដែលគេមិនសូវស្គាល់ ដែលបានរស់នៅហើយបានស្លាប់ទៅនោះ។ សូម្បីតែទារកទាំងឡាយក៏រួមបញ្ចូលក្នុងដំណើររស់ឡើងវិញដែរ! (យេរេមា ៣១:១៥, ១៦) នៅកិច្ចការ ២៤:១៥ គឺបានបង្ហាញប្រាប់នូវពត៌មានដ៏សំខាន់មួយទៀត ដែលថា៖ «ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។ មនុស្សដ៏ងាយសម្គាល់ក្នុងចំណោមពួក«មនុស្សសុចរិត» គឺនឹងមានពួកបុរសនិងពួកស្ត្រីដ៏ស្មោះត្រង់ពីបុរាណ ដូចជាអេបិល អេណុក ណូអេ អ័ប្រាហាំ សារ៉ា និងរ៉ាហាប។ (ហេព្រើរ ១១:១-៤០) សូមគិតទៅមើលនូវការនិយាយជាមួយពួកគេ ហើយពីការទទួលនូវពត៌មានអំពីព្រឹត្ដិការណ៍ក្នុងព្រះគម្ពីរជាយូរយារមកហើយ ដែលគេបានឃើញផ្ទាល់ភ្នែកនោះ! «មនុស្សសុចរិត» ក៏រួមបញ្ចូលពួកមនុស្សជាច្រើនពាន់នាក់ឯទៀត ដែលបានកោតខ្លាចព្រះ ហើយដែលបានស្លាប់នៅពេលថ្មីៗនេះ ទាំងឥតមានសេចក្ដីសង្ឃឹមខាងស្ថានសួគ៌នោះទេ។ តើអ្នកមានសមាជិកគ្រួសារឬមិត្តសំឡាញ់ណាម្នាក់ ដែលប្រហែលនៅក្នុងចំណោមពួកនេះឬទេ? ជាការគួរឲ្យសម្រាលទុក្ខមែន ដោយដឹងថា អ្នកអាចឃើញពួកគេម្ដងទៀតនោះ! ប៉ុន្តែ ចុះពួកណាដែលជា«មនុស្សទុច្ចរិត» ដែលនឹងបានប្រោសឲ្យរស់ឡើងវិញដែរនោះ? ពួកគេនេះរួមបញ្ចូលមនុស្សជាច្រើនលាននាក់ ប្រហែលជាច្រើនកោដិនាក់ផង ដែលបានស្លាប់ទៅដោយឥតមានឱកាសរៀននិងអនុវត្តតាមសេចក្ដីពិតពីព្រះគម្ពីរ។
១៥. តើមានន័យយ៉ាងណា ដែលថាពួកអ្នកដែលត្រឡប់មកវិញនឹង«ត្រូវបានជំនុំជំរះ ពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន»?
១៥ ប៉ុន្តែ តើតាមរបៀបណាដែលពួកមនុស្សដែលត្រឡប់មកវិញទាំងនេះ នឹង«ត្រូវបានជំនុំជំរះ ពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន»? បញ្ជីទាំងនេះមិនមែនជាបញ្ជីនៃអំពើនៅពីមុនៗរបស់គេនោះទេ ដ្បិតនៅពេលដែលគេស្លាប់ទៅ នោះបានរួចផុតពីបាបដែលគេបានប្រព្រឹត្តក្នុងកាលដែលគេបាននៅរស់។ (រ៉ូម ៦:៧, ២៣) ប៉ុន្តែ មនុស្សដែលនឹងបានប្រោសឲ្យរស់ឡើងវិញ គឺនឹងនៅក្រោមបាបពីអ័ដាមនៅឡើយ។ ដូច្នេះ មើលទៅដូចជាបញ្ជីទាំងនេះនឹងបញ្ជាក់អំពីសេចក្ដីបង្គាប់របស់ព្រះ ដែលមនុស្សទាំងអស់ត្រូវធ្វើតាម ដើម្បីឲ្យគេទទួលប្រយោជន៍បានពេញលេញពីយញ្ញបូជារបស់ព្រះយេស៊ូគ្រីស្ទ។ កាលដែលសេចក្ដីបាបពីអ័ដាមបានត្រូវរលាយសូន្យទៅ ‹នោះសេចក្ដីស្លាប់នឹងបានត្រូវបំផ្លាញ›ដែរ ក្នុងន័យជាផ្ដាច់ព្រាត់។ មកដល់ទីបញ្ចប់នៃគ្រាមួយពាន់ឆ្នាំ នោះព្រះនឹង«ធ្វើជាគ្រប់ទាំងអស់ក្នុងគ្រប់ទាំងអស់»។ (កូរិនថូសទី១ ១៥:២៨) មនុស្សលោកក៏នឹងលែងត្រូវការអន្តរាគមន៍ពីសម្ដេចសង្ឃឬអ្នកលោះបាបទៀតឡើយ។ មនុស្សលោកទាំងអស់នឹងបានដូចដើមវិញ ក្នុងសភាពដ៏គ្រប់ល័ក្ខណ៍ដែលអ័ដាមបានមាននៅដើមដំបូងឡើយ។
ដំណើររស់ឡើងវិញដ៏រៀបរយ
១៦. (ក) ហេតុអ្វីជាការសមហេតុផល ក្នុងការជឿថាដំណើររស់ឡើងវិញនឹងមានឡើងដោយរៀបរយ? (ខ) តើអ្នកណានឹងនៅក្នុងចំណោមពួកដំបូងដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញនោះ?
១៦ ដោយព្រោះសេចក្ដីរស់ឡើងវិញទៅស្ថានសួគ៌មានការរៀបរយ ដែល«គ្រប់គ្នាតាមលំដាប់រៀងខ្លួន» នេះបង្ហាញឲ្យឃើញជាក់ស្តែងថា សេចក្ដីរស់ឡើងវិញនៅលើផែនដីនឹងមិននាំឲ្យមានការកើនចំនួនមនុស្សយ៉ាងឆាប់រហ័ស ដ៏ច្របូកច្របល់នោះទេ។ (កូរិនថូសទី១ ១៥:២៣) ជាការគួរឲ្យសមហេតុផលមែន ដែលត្រូវតែមើលថែរក្សាពួកមនុស្សដែលនឹងបានប្រោសឲ្យរស់ឡើងវិញថ្មីទាំងនេះ។ (ប្រៀបធៀប លូកា ៨:៥៥) គេនឹងត្រូវការរបស់ទ្រទ្រង់ខាងរូបកាយ ហើយអ្វីដ៏សំខាន់ទៅទៀតនោះ គឺជំនួយខាងវិញ្ញាណដើម្បីទទួលចំណេះអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ ដែលចំណេះនោះអាចនាំឲ្យបានជីវិត។ (យ៉ូហាន ១៧:៣) ប្រសិនបើពួកមនុស្សទាំងនេះនឹងត្រូវប្រោសឲ្យមានជីវិតដំណាលគ្នា នោះច្បាស់ជាមានការពិបាកនឹងមើលថែរក្សាគេជាមិនខាន។ យើងអាចសន្មតយ៉ាងសមហេតុផលថា ដំណើររស់ឡើងវិញនឹងកើតឡើងបន្ដិចម្ដងៗ។ ពួកគ្រីស្ទានដ៏ស្មោះត្រង់ទាំងឡាយដែលបានស្លាប់តែបន្ដិចមុនទីបញ្ចប់នៃរបបសាតាំង នោះនឹងប្រហែលជាក្នុងចំណោមពួកដំបូងដែលត្រូវប្រោសឲ្យរស់ឡើងវិញ។ យើងនឹងអាចទន្ទឹងថាពួកបុរសពីសម័យបុរាណដែលនឹងបំរើជា«ចៅហ្វាយ» ក៏នឹងនៅក្នុងចំណោមពួកអ្នករស់ឡើងវិញដំបូងដែរ។—ទំនុកដំកើង ៤៥:១៦
១៧. តើមានរឿងអ្វីខ្លះដែលទាក់ទងនឹងដំណើររស់ឡើងវិញ ដែលព្រះគម្ពីរឥតបានចែងនោះ ហើយហេតុអ្វីក៏ពួកគ្រីស្ទានមិនចាំបាច់ខ្វល់ខ្វាយយ៉ាងហួសហេតុលើរឿងនេះ?
១៧ យ៉ាងណាក៏ដោយ ចំពោះរឿងនេះ យើងមិនត្រូវជាបុគ្គលដែលមានះតាមគំនិតខ្លួននោះទេ។ ចំពោះរឿងជាច្រើន ព្រះគម្ពីរមិនបានផ្ដល់ឲ្យចម្លើយនោះទេ។ ព្រះគម្ពីរមិនបានប្រាប់ឲ្យច្បាស់លាស់អំពីពត៌មាន ដូចជាថាតាមរបៀបណា នៅពេលណា ឬនៅកន្លែងណាដែលដំណើររស់ឡើងវិញនៃបុគ្គលទាំងនេះនឹងកើតឡើងនោះទេ។ ព្រះគម្ពីរឥតបានប្រាប់យើងនូវរបៀបដែលបុគ្គលត្រឡប់មកវិញទាំងនេះ នឹងត្រូវឲ្យលំនៅជ្រកកោន ឲ្យអាហារបរិភោគ និងបានផ្ដល់នូវសំលៀកបំពាក់នោះទេ។ ហើយយើងក៏មិនអាចនិយាយយ៉ាងប្រាកដ អំពីរបៀបដែលព្រះយេហូវ៉ានឹងដោះស្រាយរឿងខ្លះៗ ដូចការចិញ្ចឹមអប់រំនិងការមើលថែរក្សាពួកកូនក្មេងដែលបានរស់ឡើងវិញ ឬពីរបៀបដែលទ្រង់នឹងដោះស្រាយនូវស្ថានការណ៍ណាមួយ ដែលជាប់ទាក់ទងមិត្តឬពួកអ្នកស្ងួនភ្ងារបស់យើងនោះដែរ។ ពិតហើយ គឺជាការធម្មតាទេក្នុងការចង់ដឹងអំពីរឿងទាំងនេះ ប៉ុន្តែគឺមិនប្រកបដោយប្រាជ្ញាទេ បើយើងចំណាយពេលរកចម្លើយនឹងសំនួរទាំងឡាយ ដែលមិនអាចឆ្លើយបាននៅបច្ចុប្បន្ននេះ។ របស់ដែលយើងយកចិត្តទុកដាក់ជាខ្លាំង គឺជាការបំរើព្រះយេហូវ៉ាដោយស្មោះត្រង់ និងការទទួលជីវិតអស់កល្បជានិច្ច។ ពួកគ្រីស្ទានចាក់ប្រេងតាំង សង្ឃឹមទៅលើដំណើររស់ឡើងវិញខាងស្ថានសួគ៌។ (ពេត្រុសទី២ ១:១០, ១១) «ពួកចៀមឯទៀត» សង្ឃឹមនឹងទទួលមរតកដ៏អស់កល្បជានិច្ច នូវវិស័យព្រះរាជាណាចក្ររបស់ព្រះនៅលើផែនដី។ (យ៉ូហាន ១០:១៦; ម៉ាថាយ ២៥:៣៣, ៣៤) រីឯពត៌មានជាច្រើនអំពីដំណើររស់ឡើងវិញដែលយើងមិនដឹងទេ នោះយើងនឹងទុកចិត្តលើព្រះយេហូវ៉ាទាំងស្រុង។ សុភមង្គលនៅខាងមុខរបស់យើងគឺនៅគង់វង់ក្នុងព្រះហស្តនៃព្រះ ដែលអាច«បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។—ទំនុកដំកើង ១៤៥:១៦; យេរេមា ១៧:៧
១៨. (ក) តើជ័យជំនះអ្វីដែលប៉ុលបង្ហាញប្រាប់? (ខ) ហេតុអ្វីក៏យើងទុកចិត្តយ៉ាងមាំមួនលើសេចក្ដីសង្ឃឹមខាងឯដំណើររស់ឡើងវិញ?
១៨ ប៉ុលបញ្ចប់ការពិគ្រោះរបស់គាត់ ដោយពោលអបអរសាទរថា៖ «អរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង»! (កូរិនថូសទី១ ១៥:៥៧) ត្រូវហើយ តាមរយៈយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទ នោះនឹងមានជ័យជំនះលើសេចក្ដីស្លាប់ពីអ័ដាម ហើយពួកអ្នកដែលបានចាក់ប្រេងតាំងនិង«ចៀមឯទៀត» នឹងទទួលនូវការឈ្នះជោគជ័យនេះដែរ។ ប្រាកដហើយ «ចៀមឯទៀត»ដែលនៅរស់សព្វថ្ងៃនេះ មានសេចក្ដីសង្ឃឹមដែលមានតែមនុស្សសម័យនេះមាន។ ជាផ្នែកនៃ«ហ្វូងធំ»ដែលមានចំនួនកាន់តែច្រើនឡើង នោះគេអាចរួចរស់ជីវិតពី‹សេចក្ដីវេទនាជាខ្លាំង›នៅខាងមុខនេះ ហើយនិងមិនចាំបាច់ស្លាប់នោះឡើយ! (វិវរណៈ ៧:៩, ១៤) ប៉ុន្តែ ចំពោះអ្នកណាដែលស្លាប់ដោយព្រោះមាន‹គ្រានិងព្រឹត្ដិការណ៍ដ៏មើលមិនឃើញជាមុន› ឬដោយភ្នាក់ងាររបស់សាតាំង នោះគេអាចមានការទុកចិត្តលើសេចក្ដីសង្ឃឹមនៃដំណើររស់ឡើងវិញបាន។—សាស្ដា ៩:១១
១៩. តើការដាស់តឿនអ្វីដែលពួកគ្រីស្ទានគ្រប់គ្នាត្រូវធ្វើតាមសព្វថ្ងៃនេះ?
១៩ ដូច្នេះ យើងរង់ចាំយ៉ាងរំភើបចិត្តនូវថ្ងៃដ៏រុងរឿងនេះ នៅពេលដែលសេចក្ដីស្លាប់នឹងត្រូវរំលាយចោលទៅ។ ការទុកចិត្តដ៏មាំមួនរបស់យើងលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា អំពីដំណើររស់ឡើងវិញនេះ ផ្ដល់ឲ្យយើងនូវទស្សនៈដ៏សមហេតុផល។ អ្វីក៏ដោយដែលកើតឡើងក្នុងជីវិតយើង ទោះជាយើងត្រូវស្លាប់ក្ដី នោះគ្មានអ្វីអាចបង្ការយើងពីរង្វាន់ ដែលព្រះយេហូវ៉ាបានសន្យានោះឡើយ។ ដូច្នេះ ការដាស់តឿនចុងក្រោយរបស់ប៉ុលជូនពួកកូរិនថូស គឺសមត្រឹមត្រូវនៅសម័យយើងនេះ ដូចនៅពីរពាន់ឆ្នាំកន្លងទៅនេះដែរ ដែលថ្លែងថា៖ «បងប្អូនស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ»។—កូរិនថូសទី១ ១៥:៥៨
តើអ្នកអាចពន្យល់បានទេ?
◻ តើតាមរបៀបណាដែលប៉ុលឆ្លើយសំនួរ អំពីរូបកាយបែបណាដែលពួកអ្នកចាក់ប្រេងតាំងនឹងមាន ពេលបានប្រោសឲ្យរស់ឡើងវិញនោះ?
◻ តើតាមរបៀបណា និងនៅពេលណាដែលសេចក្ដីស្លាប់នឹងបាននាំឲ្យបំផ្លាញទៅ?
◻ តើអ្នកណាដែលនឹងរួមបញ្ចូលក្នុងសេចក្ដីរស់ឡើងវិញនៅលើផែនដី?
◻ តើយើងត្រូវមានអាកប្បកិរិយាយ៉ាងណា លើរឿងដែលព្រះគម្ពីរឥតចែងប្រាប់អំពីនោះ?
[រូបភាពនៅទំព័រ២០]
គ្រាប់ពូជ«ងាប់» ដោយទទួលការផ្លាស់ប្ដូរដ៏ធំមួយ