អត្ថបទសិក្សា ៥០
«តើមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញយ៉ាងដូចម្ដេច?»
«សេចក្ដីស្លាប់អើយ តើជ័យជម្នះរបស់អ្នកនៅឯណា? សេចក្ដីស្លាប់អើយ តើទ្រនិចរបស់អ្នកនៅឯណា?»។—១កូ. ១៥:៥៥
ចម្រៀងលេខ១៤១ ភាពអស្ចារ្យនៃជីវិត
សេចក្ដីសង្ខេបa
១-២. ហេតុអ្វីគ្រិស្តសាសនិកទាំងអស់គួរចាប់អារម្មណ៍ចំពោះការប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌?
មនុស្សភាគច្រើនដែលបម្រើព្រះយេហូវ៉ានៅសព្វថ្ងៃនេះ មានសេចក្ដីសង្ឃឹមរស់នៅលើផែនដីជារៀងរហូត។ ប៉ុន្តែ មានគ្រិស្តសាសនិកមួយចំនួនដែលព្រះយេហូវ៉ាបានរើសតាំងឲ្យមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ បងប្អូនដែលបានត្រូវរើសតាំងទាំងនេះចាប់អារម្មណ៍យ៉ាងខ្លាំងថា ពួកគេនឹងមានជីវិតបែបណានៅស្ថានសួគ៌។ ប៉ុន្តែ ហេតុអ្វីពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីក៏ចង់ដឹងអំពីរឿងនេះ? ក្នុងអត្ថបទនេះ យើងនឹងឃើញថាការប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌ នឹងនាំឲ្យពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីជារៀងរហូតទទួលប្រយោជន៍ផងដែរ។ ដូច្នេះ មិនថាយើងមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ឬនៅផែនដីក្ដី យើងគួរចាប់អារម្មណ៍ចំពោះការប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌។
២ ក្រោមការដឹកនាំរបស់ព្រះ អ្នកកាន់តាមលោកយេស៊ូមួយចំនួននៅសតវត្សរ៍ទី១បានសរសេរអំពីសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ សាវ័កយ៉ូហានពន្យល់ថា៖ «យើងជាកូនព្រះ ប៉ុន្តែព្រះមិនទាន់បង្ហាញឲ្យយើងដឹងថា យើងនឹងទៅជាយ៉ាងណានោះឡើយ។ អ្វីដែលយើងដឹងគឺ យើងនឹងបានដូចព្រះ ពេលដែលព្រះបង្ហាញឲ្យយើងឃើញលោក»។ (១យ៉ូន. ៣:២) ដូច្នេះ គ្រិស្តសាសនិកដែលបានត្រូវរើសតាំងមិនដឹងថាពួកគេនឹងមានរបៀបរស់នៅបែបណាទេ ពេលពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌ដោយមានរូបកាយជាវិញ្ញាណ។ តែពួកគេនឹងឃើញព្រះយេហូវ៉ានៅពេលពួកគេទទួលរង្វាន់របស់ពួកគេ។ គម្ពីរមិនបានពន្យល់យ៉ាងពេញលេញអំពីការប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌ទេ តែសាវ័កប៉ូលបានផ្ដល់ព័ត៌មានខ្លះៗអំពីរឿងនេះ។ ពួកអ្នកដែលបានត្រូវរើសតាំងនឹងនៅជាមួយគ្រិស្ត ពេលលោក«បំផ្លាញការគ្រប់គ្រង អំណាច និងឫទ្ធានុភាពទាំងអស់ឲ្យសាបសូន្យ»។ នេះរួមបញ្ចូល«សត្រូវចុងក្រោយ . . . គឺសេចក្ដីស្លាប់»។ ក្រោយមក លោកយេស៊ូនិងពួកអ្នកដែលគ្រប់គ្រងជាមួយលោកនឹងចុះចូលចំពោះព្រះយេហូវ៉ា ហើយនឹងធ្វើឲ្យអ្វីៗទាំងអស់ចុះចូលចំពោះលោកដែរ។ (១កូ. ១៥:២៤-២៨) នោះគឺជាគ្រាដ៏គួរឲ្យរំភើបមែន!b
៣. ដូចបញ្ជាក់នៅកូរិនថូសទី១ ១៥:៣០-៣២ តើជំនឿរបស់ប៉ូលទៅលើការប្រោសឲ្យរស់ឡើងវិញបានជួយគាត់ឲ្យធ្វើអ្វី?
៣ ជំនឿរបស់ប៉ូលទៅលើការប្រោសឲ្យរស់ឡើងវិញបានជួយគាត់ឲ្យតស៊ូនឹងទុក្ខលំបាកផ្សេងៗ។ (សូមអាន កូរិនថូសទី១ ១៥:៣០-៣២) គាត់ប្រាប់គ្រិស្តសាសនិកនៅក្រុងកូរិនថូសថា៖ «ខ្ញុំប្រឈមមុខនឹងសេចក្ដីស្លាប់ជារៀងរាល់ថ្ងៃ»។ ប៉ូលក៏សរសេរដែរថា៖ «ខ្ញុំបានតយុទ្ធជាមួយនឹងសត្វសាហាវនៅក្រុងអេភេសូរ»។ គាត់ប្រហែលជាសំដៅទៅលើការតយុទ្ធនឹងសត្វសាហាវមែនទែននៅកីឡាដ្ឋានមួយនាក្រុងអេភេសូរ។ (២កូ. ១:៨; ៤:១០; ១១:២៣) ឬគាត់ប្រហែលជាសំដៅទៅលើការប្រឆាំងពីជនជាតិយូដានិងអ្នកឯទៀតដែលប្រៀបដូចជា«សត្វសាហាវ»។ (សកម្ម. ១៩:២៦-៣៤; ១កូ. ១៦:៩) ទោះជានេះសំដៅទៅលើសត្វឬមនុស្សក្ដី ប៉ូលប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធំ។ ប៉ុន្តែ គាត់នៅតែជឿថាគាត់នឹងមានអនាគតដ៏សប្បាយរីករាយ។—២កូ. ៤:១៦-១៨
៤. តើសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញបានពង្រឹងចិត្តគ្រិស្តសាសនិកនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅក្រប)
៤ យើងកំពុងរស់នៅក្នុងសម័យដែលងាយរងគ្រោះថ្នាក់ផ្សេងៗ។ បងប្អូនខ្លះរបស់យើងបានទៅជាជនរងគ្រោះនៃបទឧក្រិដ្ឋ។ បងប្អូនឯទៀតរស់នៅកន្លែងដែលមានសង្គ្រាម ហើយពួកគេមិនសូវមានសុវត្ថិភាពទេ។ រីឯអ្នកឯទៀតបម្រើព្រះយេហូវ៉ានៅប្រទេសដែលកិច្ចការផ្សព្វផ្សាយបានត្រូវដាក់កម្រិត ឬថែមទាំងដាក់បម្រាម ហើយពួកគេបម្រើព្រះយេហូវ៉ា ទោះជាពួកគេអាចត្រូវគេចាប់ដាក់គុក ឬបាត់បង់ជីវិតក្ដី។ ប៉ុន្តែ បងប្អូនទាំងអស់នេះបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយទុកគំរូល្អឲ្យយើង។ ពួកគេមានទំនុកចិត្តថា ទោះជាពួកគេស្លាប់នៅគ្រាបច្ចុប្បន្ននេះក្ដី ព្រះយេហូវ៉ាបានរៀបចំអ្វីដ៏ល្អប្រសើរចំពោះពួកគេនៅថ្ងៃអនាគត។
៥. តើទស្សនៈអ្វីអាចធ្វើឲ្យជំនឿរបស់យើងទៅលើការប្រោសឲ្យរស់ឡើងវិញចុះខ្សោយ?
៥ ប៉ូលបានព្រមានបងប្អូនរបស់គាត់អំពីចិត្តគំនិតដែលអាចបង្ខូចជំនឿពួកគេ ថា៖ «ប្រសិនបើមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញ ‹ចូរឲ្យយើងស៊ីផឹកទៅ ព្រោះស្អែកយើងត្រូវស្លាប់›»។ តាមការពិត មុនសម័យប៉ូល មនុស្សខ្លះមានទស្សនៈនេះរួចហើយ។ គាត់ប្រហែលជាដកស្រង់ពាក្យនៅអេសាយ ២២:១៣ ដែលសំដៅទៅលើចិត្តគំនិតរបស់ជនជាតិអ៊ីស្រាអែល។ ជាជាងចូលទៅជិតព្រះ ពួកគេស្វែងរកការសប្បាយក្នុងជីវិត។ ទស្សនៈរបស់ជនជាតិអ៊ីស្រាអែលទាំងនោះគឺស្រដៀងនឹងទស្សនៈរបស់មនុស្សជាច្រើននៅសព្វថ្ងៃនេះ។ ពួកគេគិតថាសប្បាយឲ្យហើយទៅទាន់ខ្លួននៅរស់។ ប៉ុន្តែ លទ្ធផលដ៏ជូរចត់ដែលជនជាតិអ៊ីស្រាអែលបានទទួលដោយសារពួកគេមានទស្សនៈនោះ បានត្រូវកត់ទុកក្នុងគម្ពីរ។—២រប. ៣៦:១៥-២០
៦. តើសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញគួរមានឥទ្ធិពលយ៉ាងណាមកលើយើងពេលយើងជ្រើសរើសមិត្តភក្ដិ?
៦ ការដឹងថាព្រះយេហូវ៉ានឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញគួរមានឥទ្ធិពលមកលើយើងពេលយើងជ្រើសរើសមិត្តភក្ដិ។ បងប្អូននៅក្រុងកូរិនថូសត្រូវប្រុងប្រយ័ត្នមិនសេពគប់ជាមួយនឹងពួកអ្នកដែលមិនជឿទៅលើការប្រោសឲ្យរស់ឡើងវិញ។ នេះក៏ជាមេរៀនសម្រាប់យើងនៅសព្វថ្ងៃនេះដែរ។ គ្មានអ្វីល្អមកពីការសេពគប់ជារឿយៗជាមួយនឹងពួកអ្នកដែលមានទស្សនៈថា សប្បាយឲ្យហើយទៅទាន់ខ្លួននៅរស់នោះទេ។ ការសេពគប់ជាមួយនឹងបុគ្គលបែបនេះអាចបង្ខូចចិត្តគំនិតនិងទម្លាប់របស់យើងជាគ្រិស្តសាសនិក។ មនុស្សបែបនេះអាចនាំឲ្យបុគ្គលណាម្នាក់ធ្វើអ្វីដែលព្រះស្អប់ ពោលគឺអំពើខុសឆ្គង។ យ៉ាងនេះ ប៉ូលបានដាស់តឿនថា៖ «ចូរភ្ញាក់ខ្លួនដោយប្រព្រឹត្តអំពើសុចរិត ហើយកុំប្រព្រឹត្តខុសឡើយ»។—១កូ. ១៥:៣៣, ៣៤
តើពួកគេនឹងមានរូបកាយបែបណា?
៧. ដូចបានបង្ហាញនៅកូរិនថូសទី១ ១៥:៣៥-៣៨ តើមនុស្សខ្លះប្រហែលជាសួរអ្វីអំពីការប្រោសឲ្យរស់ឡើងវិញ?
៧ សូមអាន កូរិនថូសទី១ ១៥:៣៥-៣៨។ បុគ្គលដែលចង់ធ្វើឲ្យអ្នកឯទៀតសង្ស័យអំពីការប្រោសឲ្យរស់ឡើងវិញ ប្រហែលជាសួរថា៖ «តើមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញយ៉ាងដូចម្ដេច?»។ ជាការល្អដែលយើងគិតអំពីចម្លើយរបស់ប៉ូល ដោយសារមនុស្សជាច្រើននៅសព្វថ្ងៃនេះមានទស្សនៈផ្សេងៗអំពីអ្វីដែលកើតឡើងក្រោយពីមនុស្សស្លាប់។ ប៉ុន្តែ តើគម្ពីរបង្រៀនយ៉ាងណា?
៨. តើឧទាហរណ៍អ្វីអាចជួយយើងឲ្យយល់អំពីការប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌?
៨ ពេលមនុស្សស្លាប់ទៅ រូបកាយរបស់គាត់ខូចរលួយ។ ប៉ុន្តែ បុគ្គលដែលបង្កើតសកលលោកពីអ្វីទទេ អាចប្រោសបុគ្គលនោះឲ្យរស់ឡើងវិញដោយឲ្យគាត់មានរូបកាយដែលគាត់ត្រូវការ។ (លោ. ១:១; ២:៧) ប៉ូលបានប្រើឧទាហរណ៍មួយដើម្បីបង្ហាញថា ព្រះមិនចាំបាច់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញដោយមានរូបកាយដដែលឡើយ។ សូមគិតអំពី«គ្រាប់ទទេ» ឬ«គ្រាប់ពូជ»។ គ្រាប់ពូជដែលដាំក្នុងដី ដុះឡើងទៅជារុក្ខជាតិមួយ។ រុក្ខជាតិថ្មីនោះគឺមានរាងខុសពីគ្រាប់ពូជដែលបានត្រូវដាំ។ ប៉ូលបានប្រើការប្រដូចនេះដើម្បីបង្ហាញថា អ្នកបង្កើតរបស់យើងអាចផ្ដល់នូវ«រូបរាងតាមដែលលោកពេញចិត្ត»។
៩. តើកូរិនថូសទី១ ១៥:៣៩-៤១ចែងអំពីភាពខុសគ្នាអ្វីខ្លះ?
៩ សូមអាន កូរិនថូសទី១ ១៥:៣៩-៤១។ ប៉ូលបានកត់សម្គាល់ថាព្រះមិនបានបង្កើតរូបកាយទាំងអស់ឲ្យដូចគ្នានោះទេ។ ជាឧទាហរណ៍ សត្វគោ បក្សី និងត្រី មានរូបរាងខុសពីគ្នា។ គាត់ប្រាប់ថានៅលើមេឃ យើងឃើញដួងខែនិងដួងអាទិត្យមិនដូចគ្នាទេ។ គាត់ក៏កត់សម្គាល់ថាផ្កាយនានា«មានរស្មីរុងរឿងផ្សេងៗពីគ្នា»។ ទោះជាយើងប្រហែលជាមិនអាចមើលឃើញភាពខុសគ្នានេះដោយភ្នែកទទេក្ដី អ្នកវិទ្យាសាស្ត្រប្រាប់ថាមានផ្កាយខុសៗគ្នាដូចជា ខ្លះធំ ខ្លះតូចជាង ខ្លះពណ៌ក្រហម ខ្លះពណ៌ស និងខ្លះពណ៌លឿងដូចជាដួងអាទិត្យរបស់យើងជាដើម។ ប៉ូលក៏ប្រាប់ដែរថា៖ «មានរូបកាយសម្រាប់ស្ថានសួគ៌ និងមានរូបកាយសម្រាប់ផែនដី»។ តើនេះមានន័យយ៉ាងណា? នៅផែនដី យើងមានរូបកាយជាសាច់ឈាម ប៉ុន្តែបុគ្គលដែលនៅស្ថានសួគ៌ មានរូបកាយជាវិញ្ញាណដូចដែលទេវតាមាន។
១០. តើបុគ្គលដែលបានត្រូវប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌មានរូបកាយបែបណា?
១០ សូមគិតអំពីអ្វីដែលប៉ូលនិយាយបន្ទាប់មកថា៖ «ការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញក៏ដូច្នេះដែរ។ រូបកាយដែលបានត្រូវសាបព្រោះអាចខូចទៅ តែរូបកាយដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញមិនអាចខូចទៅបានទេ»។ យើងដឹងថាពេលមនុស្សស្លាប់ទៅ រូបកាយរបស់គាត់ខូចរលួយ ហើយត្រឡប់ទៅជាធូលីដីវិញ។ (លោ. ៣:១៩) ដូច្នេះ តើពាក្យដែលថា«រូបកាយដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញមិនអាចខូចទៅបាន»មានន័យយ៉ាងណា? ប៉ូលមិនសំដៅទៅលើមនុស្សដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅលើផែនដី ដូចជាបុគ្គលផ្សេងៗដែលអេលីយ៉ា អេលីសេ និងលោកយេស៊ូបានប្រោសឲ្យរស់ឡើងវិញនោះទេ។ គាត់សំដៅទៅលើបុគ្គលដែលត្រូវប្រោសឲ្យរស់ឡើងវិញដោយមានរូបកាយសម្រាប់នៅស្ថានសួគ៌ ពោលគឺ«រូបកាយវិញ្ញាណ»។—១កូ. ១៥:៤២-៤៤
១១-១២. តើការផ្លាស់ប្ដូរអ្វីបានកើតឡើងពេលលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយតើមានការផ្លាស់ប្ដូរស្រដៀងគ្នាអ្វីចំពោះពួកអ្នកដែលបានត្រូវរើសតាំង?
១១ ពេលលោកយេស៊ូនៅផែនដី លោកមានរូបកាយជាសាច់ឈាម។ ប៉ុន្តែពេលលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ លោក«បានទៅជាវិញ្ញាណដែលផ្ដល់ជីវិត» ហើយបានត្រឡប់ទៅស្ថានសួគ៌វិញ។ ស្រដៀងគ្នាដែរ គ្រិស្តសាសនិកដែលបានត្រូវរើសតាំងនឹងត្រូវប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណ។ ប៉ូលពន្យល់ថា៖ «ដូចយើងមានរូបដូចរូបរបស់អ្នកដែលបានត្រូវធ្វើពីធូលីដី នោះយើងក៏នឹងមានរូបដូចរូបរបស់អ្នកដែលបានមកពីស្ថានសួគ៌ដែរ»។—១កូ. ១៥:៤៥-៤៩
១២ គឺសំខាន់ឲ្យយើងចាំថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញដោយមិនមានរូបកាយជាសាច់ឈាមទេ។ ពេលប៉ូលពណ៌នាជិតចប់ គាត់ពន្យល់ថា៖ «មនុស្សដែលមានរូបកាយជាសាច់ឈាមមិនអាចទទួលរាជាណាចក្ររបស់ព្រះជាមត៌ក»នៅស្ថានសួគ៌ឡើយ។ (១កូ. ១៥:៥០) ពួកសាវ័កនិងអ្នករើសតាំងឯទៀតមិនបានត្រូវប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌ដោយមានរូបកាយជាសាច់ឈាមដែលអាចខូចទៅទេ។ តើការប្រោសឲ្យរស់ឡើងវិញរបស់ពួកគេនឹងកើតឡើងនៅពេលណា? ប៉ូលបាននិយាយថាការប្រោសឲ្យរស់ឡើងវិញរបស់ពួកគេនឹងកើតឡើងនៅថ្ងៃខាងមុខ មិនមែនភ្លាមៗក្រោយពីពួកគេបានស្លាប់នោះទេ។ កាលដែលប៉ូលបានសរសេរសៀវភៅកូរិនថូសទី១ ពួកអ្នកកាន់តាមខ្លះ«បានដេកលក់ក្នុងសេចក្ដីស្លាប់ហើយ» ដូចជាសាវ័កយ៉ាកុបជាដើម។ (សកម្ម. ១២:១, ២) ពួកសាវ័កនិងអ្នកដែលបានត្រូវរើសតាំងឯទៀតក៏នឹង«ដេកលក់ក្នុងសេចក្ដីស្លាប់»នៅពេលក្រោយនោះដែរ។—១កូ. ១៥:៦
ជ័យជម្នះលើសេចក្ដីស្លាប់
១៣. តើមានអ្វីខ្លះកើតឡើងក្នុងអំឡុងវត្តមានរបស់លោកយេស៊ូ?
១៣ ទាំងលោកយេស៊ូទាំងប៉ូលបានប្រកាសទុកជាមុនអំពីគ្រាដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រ ពោលគឺវត្តមានរបស់គ្រិស្ត។ សញ្ញាសម្គាល់នៃវត្តមាននោះគឺសង្គ្រាម ការរញ្ជួយដី រោគរាតត្បាត និងព្រឹត្តិការណ៍ឯទៀតដែលកើតឡើងនៅទូទាំងពិភពលោក។ យើងបានឃើញថាទំនាយនេះពីគម្ពីរបានសម្រេចតាំងពីឆ្នាំ១៩១៤។ តែមានផ្នែកដ៏សំខាន់មួយទៀតនៃសញ្ញាសម្គាល់នោះ។ លោកយេស៊ូបានមានប្រសាសន៍ថា ដំណឹងល្អអំពីរាជាណាចក្រព្រះដែលកំពុងគ្រប់គ្រង នឹងត្រូវផ្សព្វផ្សាយ«នៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។ (ម៉ាថ. ២៤:៣, ៧-១៤) ប៉ូលបង្ហាញថាគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដែលបាន«ដេកលក់ក្នុងសេចក្ដីស្លាប់»នឹងត្រូវប្រោសឲ្យរស់ឡើងវិញក្នុងអំឡុង«វត្តមានរបស់លោកម្ចាស់»។—១ថែ. ៤:១៤-១៦; ១កូ. ១៥:២៣
១៤. តើអ្វីកើតឡើងចំពោះពួកអ្នករើសតាំងដែលស្លាប់ក្នុងអំឡុងវត្តមានរបស់គ្រិស្ត?
១៤ សព្វថ្ងៃនេះ បងប្អូនដែលព្រះបានរើសតាំងដែលបញ្ចប់កិច្ចបម្រើនៅផែនដី ទទួលការប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌ភ្លាមៗ។ នេះបានត្រូវបញ្ជាក់ដោយពាក្យរបស់ប៉ូលនៅកូរិនថូសទី១ ១៥:៥១, ៥២ ដែលចែងថា៖ «មិនមែនយើងទាំងអស់គ្នានឹងដេកលក់ក្នុងសេចក្ដីស្លាប់ទេ តែយើងទាំងអស់គ្នានឹងត្រូវផ្លាស់ប្រែក្នុងមួយរំពេច គឺក្នុងមួយប៉ប្រិចភ្នែក ក្នុងអំឡុងពេលដែលត្រែចុងក្រោយបន្លឺឡើង»។ ពាក្យទាំងនេះរបស់ប៉ូលកំពុងសម្រេចនៅសព្វថ្ងៃនេះ។ បងប្អូនទាំងនេះរបស់គ្រិស្តនឹងមានអំណរជាខ្លាំងពេលពួកគេបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ពួកគេនឹង«នៅជាមួយនឹងលោកម្ចាស់ជារៀងរហូតតទៅ»។—១ថែ. ៤:១៧
១៥. តើពួកអ្នករើសតាំងដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនឹងធ្វើកិច្ចការអ្វី?
១៥ គម្ពីរចែងអំពីកិច្ចការនៅស្ថានសួគ៌របស់ពួកអ្នករើសតាំងដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ។ លោកយេស៊ូប្រាប់ពួកគេថា៖ «អ្នកណាដែលឈ្នះ ហើយកាន់តាមការប្រព្រឹត្តរបស់ខ្ញុំរហូតដល់ទីបញ្ចប់ ខ្ញុំនឹងឲ្យអ្នកនោះមានអំណាចលើប្រជាជាតិទាំងឡាយ ហើយអ្នកនោះនឹងឃ្វាលបណ្ដាជនដោយដំបងដែក ដើម្បីធ្វើឲ្យពួកគេបែកខ្ចាយដូចភាជនៈដី ដូចអំណាចដែលខ្ញុំបានទទួលពីបិតារបស់ខ្ញុំ»។ (បប. ២:២៦, ២៧) ពួកគេនឹងទៅតាមលោកយេស៊ូ ហើយឃ្វាលបណ្ដាជនដោយដំបងដែក។—បប. ១៩:១១-១៥
១៦. តើពួកអ្នកដែលបានត្រូវរើសតាំងនិងបុគ្គលស្មោះត្រង់ឯទៀតនឹងទទួលជ័យជម្នះលើសេចក្ដីស្លាប់យ៉ាងដូចម្ដេច?
១៦ បងប្អូនដែលបានត្រូវរើសតាំងនឹងទទួលជ័យជម្នះលើសេចក្ដីស្លាប់។ (១កូ. ១៥:៥៤-៥៧) ដោយសារពួកគេបានទទួលការប្រោសឲ្យរស់ឡើងវិញ នោះពួកគេនឹងមានចំណែកក្នុងការលុបបំបាត់អំពើទុច្ចរិតទាំងអស់នៅលើផែនដីក្នុងអំឡុងសង្គ្រាមហាម៉ាគេដូនដែលជិតមកដល់។ បងប្អូនគ្រិស្តសាសនិករាប់លាននាក់ទៀតនឹង«ចេញផុតពីគ្រាទុក្ខវេទនាដ៏ខ្លាំង» ហើយចូលក្នុងពិភពលោកថ្មី។ (បប. ៧:១៤) ពួកអ្នករួចជីវិតនៅលើផែនដីទាំងនោះ ក៏នឹងឃើញជ័យជម្នះមួយទៀតលើសេចក្ដីស្លាប់ ពោលគឺមនុស្សរាប់ពាន់លាននាក់ដែលបានស្លាប់នៅអតីតកាលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ សូមគិតទៅមើល គ្រានោះនឹងសប្បាយយ៉ាងណាទៅ! (សកម្ម. ២៤:១៥) អស់អ្នកដែលមានភក្ដីភាពទាំងស្រុងចំពោះព្រះយេហូវ៉ា ក៏នឹងទទួលជ័យជម្នះលើសេចក្ដីស្លាប់ដែលពួកគេបានទទួលពីអាដាម ហើយពួកគេអាចរស់ជារៀងរហូត។
១៧. តើកូរិនថូសទី១ ១៥:៥៨លើកទឹកចិត្តយើងឲ្យធ្វើអ្វីនៅឥឡូវនេះ?
១៧ គ្រិស្តសាសនិកទាំងអស់ដែលរស់នៅសម័យនេះ គួរអរសប្បាយចំពោះពាក្យដែលប៉ូលបានសរសេរទៅកាន់គ្រិស្តសាសនិកនៅក្រុងកូរិនថូស អំពីការប្រោសឲ្យរស់ឡើងវិញ។ យើងមានហេតុជាច្រើនដើម្បីធ្វើតាមយោបល់របស់ប៉ូលដែលឲ្យជាប់រវល់នៅឥឡូវនេះ«ក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»។ (សូមអាន កូរិនថូសទី១ ១៥:៥៨) បើយើងចូលរួមយ៉ាងខ្នះខ្នែងនិងដោយស្មោះភក្ដីក្នុងកិច្ចការនោះ យើងអាចទន្ទឹងរង់ចាំជីវិតដ៏សប្បាយនៅថ្ងៃអនាគត។ គ្រានោះនឹងអស្ចារ្យជាងអ្វីដែលយើងអាចនឹកស្មាន ហើយក៏នឹងបង្ហាញថាការខំប្រឹងរបស់យើងក្នុងកិច្ចការរបស់លោកម្ចាស់គឺមិនមែនឥតប្រយោជន៍ទេ។
ចម្រៀងលេខ១៤០ យើងរស់រហូតហើយ!
a ផ្នែកទី២នៃកូរិនថូសទី១ ជំពូក១៥ពណ៌នាអំពីការប្រោសឲ្យរស់ឡើងវិញ ជាពិសេសអំពីការប្រោសឲ្យរស់ឡើងវិញរបស់គ្រិស្តសាសនិកដែលបានត្រូវរើសតាំង។ ប៉ុន្តែ អ្វីដែលប៉ូលបានសរសេរក៏សំខាន់សម្រាប់ចៀមឯទៀតដែរ។ អត្ថបទនេះនឹងបង្ហាញថាសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញគួរមានឥទ្ធិពលលើជីវិតរបស់យើងនៅឥឡូវនេះ និងជួយយើងឲ្យមានជីវិតដ៏សប្បាយរីករាយនៅថ្ងៃអនាគត។
b អត្ថបទដែលមានចំណងជើងថា«សំណួរពីអ្នកអាន»នៅក្នុងលេខនេះ ពន្យល់អំពីពាក្យរបស់ប៉ូលនៅកូរិនថូសទី១ ១៥:២៩។