«ពួកស្លាប់នឹងរស់ឡើងវិញ»
«ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ»។—កូរិនថូសទី១ ១៥:៥២
១, ២. (ក) តើសេចក្ដីសន្យាដ៏សម្រាលទុក្ខអ្វីដែលបានផ្ដល់មកតាមរយៈព្យាការីហូសេ? (ខ) តើតាមរបៀបណាដែលយើងដឹងថា ព្រះនឹងនាំពួកមនុស្សស្លាប់ឲ្យមានជីវិតឡើងវិញ?
តើអ្នកដែលមានបុគ្គលដ៏ជាទីស្រឡាញ់បានស្លាប់ទៅទេ? បើមាន នោះអ្នកបានដឹងនូវការឈឺចាប់ដែលបង្កមកដោយសេចក្ដីស្លាប់។ យ៉ាងណាក្ដី ពួកគ្រីស្ទានបានសម្រាលទុក្ខដោយសេចក្ដីសន្យាដែលព្រះបានប្រទានមក តាមរយៈព្យាការីហូសេ ដែលថា៖ «អញនឹងដោះគេ ឲ្យរួចពីកណ្ដាប់ដៃនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏នឹងលោះគេឲ្យរួចពីសេចក្ដីស្លាប់ដែរ ឱសេចក្ដីស្លាប់អើយ ទុក្ខវេទនារបស់ឯងនៅឯណា ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ អំណាចបំផ្លាញរបស់ឯង តើនៅឯណា»?—ហូសេ ១៣:១៤
២ គំនិតដែលថាមនុស្សស្លាប់នឹងត្រឡប់មករស់ឡើងវិញ ហាក់ដូចជាមិនទំនងសោះចំពោះពួកមនុស្សដែលចេះតែសង្ស័យ។ ប៉ុន្តែ ព្រះដ៏មានព្រះចេស្ដាបំផុតមានអំណាចដើម្បីធ្វើអព្ភូតហេតុបែបនេះ! រឿងពិតនោះ គឺថាព្រះយេហូវ៉ាបានសុខព្រះទ័យ ដើម្បីប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ យ៉ូប ដែលជាបុរសដ៏សុចរិតម្នាក់បានសួរថា៖ «បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ»? រួចមក គាត់បានឲ្យចម្លើយដ៏គួរឲ្យទុកចិត្តនេះថា៖ «នោះទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប ហើយទ្រង់នឹងមានបំណងព្រះហឫទ័យដល់ស្នាដៃដែលទ្រង់បានធ្វើ»។ (យ៉ូប ១៤:១៤, ១៥) ពាក្យដែលថា «មានបំណង» ឲ្យន័យអំពីការចង់បានឬសេចក្ដីប្រាថ្នាយ៉ាងខ្លាំង។ (ប្រៀបធៀប ទំនុកដំកើង ៨៤:២) ត្រូវហើយ ព្រះយេហូវ៉ាទន្ទឹងចាំយ៉ាងខ្លាំងនូវដំណើររស់ឡើងវិញ។ ទ្រង់ចង់ឃើញពួកបុគ្គលដ៏ស្មោះត្រង់ដែលបានស្លាប់ទៅនោះម្ដងទៀត ដែលនៅរស់ក្នុងសតិរបស់ទ្រង់។—ម៉ាថាយ ២២:៣១, ៣២
ព្រះយេស៊ូបានបញ្ចាំងពន្លឺលើដំណើររស់ឡើងវិញ
៣, ៤. (ក) តើព្រះយេស៊ូបានបញ្ចាំងពន្លឺយ៉ាងណា អំពីសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញ? (ខ) ហេតុអ្វីក៏ព្រះបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មជាវិញ្ញាណ មិនមែនជាសាច់ឈាមវិញនោះទេ?
៣ ពួកបុរសពីបុរាណដែលមានជំនឿ ដូចលោកយ៉ូប នោះមានការយល់តែបន្ដិចបន្តួចទេលើដំណើររស់ឡើងវិញនោះ។ ព្រះយេស៊ូគ្រីស្ទគឺជាបុគ្គលដែលបានបញ្ចាំងពន្លឺលើសេចក្ដីសង្ឃឹមដ៏អស្ចារ្យនេះ។ ទ្រង់បានបង្ហាញនូវមុខនាទីដ៏សំខាន់ ដែលអង្គទ្រង់ផ្ទាល់មាន ក្នុងកាលដែលទ្រង់បានមានបន្ទូលថា៖ «ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ» (យ៉ូហាន ៣:៣៦) តើជីវិតនោះនឹងបានទទួលនៅកន្លែងណាទៅ? ចំពោះមនុស្សភាគច្រើនដែលអនុវត្តជំនឿ នោះនឹងនៅលើផែនដី។ (ទំនុកដំកើង ៣៧:១១) ប៉ុន្តែ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា៖ «កុំឲ្យខ្លាច ហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យ នឹងប្រទាននគរមកអ្នករាល់គ្នាពិត»។ (លូកា ១២:៣២) ព្រះរាជាណាចក្រនៃព្រះគឺនៅស្ថានសួគ៌។ ដូច្នេះ សេចក្ដីសន្យានេះមានន័យថា «ហ្វូងតូច»នឹងត្រូវនៅជាមួយព្រះយេស៊ូនៅឯស្ថានសួគ៌ ជាសត្តនិករវិញ្ញាណ។ (យ៉ូហាន ១៤:២, ៣; ពេត្រុសទី១ ១:៣, ៤) នេះជាការទន្ទឹងចាំដ៏រុងរឿងមែន! ព្រះយេស៊ូបានបង្ហាញថែមទៀតដល់សាវ័កយ៉ូហានថា «ហ្វូងតូច»នេះ នឹងមានចំនួនតែ១៤៤.០០០នាក់ប៉ុណ្ណោះ។—វិវរណៈ ១៤:១
៤ ប៉ុន្តែ តើតាមរបៀបណាដែលពួក១៤៤.០០០នាក់នឹងទទួលការរុងរឿងនៅស្ថានសួគ៌នោះ? ព្រះយេស៊ូ«បានយកជីវិត នឹងសេចក្ដីមិនចេះស្លាប់ មកដាក់នៅពន្លឺ ដោយសារដំណឹងល្អវិញ»។ ដោយសារព្រះលោហិតទ្រង់ នោះទ្រង់បានបើកតាំងនូវ«ផ្លូវថ្មី ហើយរស់»ឲ្យចូលទៅស្ថានសួគ៌វិញ។ (ធីម៉ូថេទី២ ១:១០; ហេព្រើរ ១០:១៩, ២០) ទីមួយ ទ្រង់បានសោយទិវង្គត ដូចព្រះគម្ពីរបានទាយប្រាប់មកអញ្ចឹង។ (អេសាយ ៥៣:១២) រួចមក ដូចសាវ័កពេត្រុសបានប្រកាសនៅពេលក្រោយ ថា«ព្រះយេស៊ូនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ»។ (កិច្ចការ ២:៣២) ប៉ុន្តែ ព្រះមិនបានប្រោសឲ្យព្រះយេស៊ូជាមនុស្សនោះទេ។ ទ្រង់បានមានបន្ទូលមុនៗថា៖ «ឯនំប៉័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោក»។ (យ៉ូហាន ៦:៥១) ការត្រឡប់មកវិញជាសាច់ឈាមនោះ នឹងធ្វើឲ្យយញ្ញបូជាទៅជាមោឃៈហើយ។ ដូច្នេះ ព្រះយេស៊ូបាន«ត្រូវគេធ្វើគុតខាងសាច់ឈាមតែបានប្រោសឲ្យរស់ខាងវិញ្ញាណវិញ»។ (ពេត្រុសទី១ ៣:១៨, ព.ថ.) ដូច្នេះ ព្រះយេស៊ូ«បានសេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច[សំរាប់យើង]» ដែលស្តីអំពី«ហ្វូងតូច»។ (ហេព្រើរ ៩:១២) ទ្រង់បានប្រគល់ដល់ព្រះនូវតម្លៃនៃជីវិតរបស់ទ្រង់ ជាមនុស្សដ៏គ្រប់ល័ក្ខណ៍ ទុកជាតម្លៃលោះឲ្យមនុស្សលោកដែលមានបាប ហើយពួក១៤៤.០០០នាក់ ជាពួកដំបូងដែលបានទទួលប្រយោជន៍នេះ។
៥. តើអ្វីជាសេចក្ដីសង្ឃឹម ដែលបានប្រគល់ឲ្យពួកសិស្សរបស់ព្រះយេស៊ូនៅសតវត្សទីមួយ?
៥ ព្រះយេស៊ូមិនមែនជាបុគ្គលតែមួយអង្គដែលត្រូវប្រោសឲ្យទៅស្ថានសួគ៌នោះឡើយ។ ប៉ុលបានប្រាប់ពួកគ្រីស្ទានក្នុងក្រុងរ៉ូម ថាគេបានត្រូវចាក់ប្រេងតាំងឲ្យទៅជាកូនរបស់ព្រះ ហើយនឹងគ្រងមរតកជាមួយនឹងព្រះគ្រីស្ទ ប្រសិនបើគេបានរក្សានូវការចាក់ប្រេងតាំងរបស់គេ ដោយស៊ូទ្រាំរហូតដល់ទីបញ្ចប់។ (រ៉ូម ៨:១៦, ១៧) ប៉ុលក៏បានពន្យល់ដែរថា៖ «បើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្ដីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្ដីរស់ឡើងវិញរបស់ទ្រង់ដែរ»។—រ៉ូម ៦:៥
ការគាំទ្រសេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញ
៦. ហេតុអ្វីក៏ការជឿលើដំណើររស់ឡើងវិញ បានត្រូវគេទិតៀននៅក្រុងកូរិនថូស ហើយតើសាវ័កប៉ុលបានតបឆ្លើយយ៉ាងដូចម្ដេច?
៦ ដំណើររស់ឡើងវិញ គឺជាផ្នែកនៃ«សេចក្ដីបថមសិក្សា»របស់សាសនាគ្រីស្ទាន។ (ហេព្រើរ ៦:១, ២) យ៉ាងណាក្ដី សេចក្ដីបង្រៀននេះបានត្រូវគេទិតៀននៅក្រុងកូរិនថូស។ ក្នុងក្រុមជំនុំមានអ្នកខ្លះ ដែលមើលទៅដូចជាពួកទស្សនវិទូក្រិកមានឥទ្ធិពលលើនោះ បាននិយាយថា៖ «ពួកស្លាប់មិនរស់ឡើងវិញទេ»។ (កូរិនថូសទី១ ១៥:១២) នៅពេលដែលសាវ័កប៉ុលបានឮអំពីរឿងនេះ គាត់បានគាំទ្រសេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញ ជាពិសេសអំពីសេចក្ដីសង្ឃឹមរបស់ពួកគ្រីស្ទានដែលបានចាក់ប្រេងតាំង។ សូមឲ្យយើងពិនិត្យមើលនូវពាក្យរបស់ប៉ុលដែលបានកត់ទុកនៅកូរិនថូសទី១ ជំពូក១៥។ ជាការល្អប្រសិនបើអ្នកបានអានជំពូកនោះទាំងមូលសិន ដូចបានដាស់តឿនក្នុងអត្ថបទមុននេះ។
៧. (ក) តើប៉ុលបានពិគ្រោះលើរឿងដ៏សំខាន់មួយណា? (ខ) តើអ្នកណាដែលបានឃើញព្រះយេស៊ូដែលបានប្រោសឲ្យរស់ឡើងវិញនោះ?
៧ ក្នុងពីរខដំបូងនៃកូរិនថូសទី១ ជំពូក១៥នោះ ប៉ុលបានប្រាប់អំពីសាច់រឿងនៃការពិគ្រោះរបស់គាត់ ដោយថា៖ «បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីដំណឹងល្អ ដែលខ្ញុំបានផ្សាយរួចមក ហើយ ជាដំណឹងដែលអ្នករាល់គ្នាបានទទួល ក៏ឈរជាប់ក្នុងនោះផង អ្នករាល់គ្នាកំពុងតែបានសង្គ្រោះ . . . លើកតែអ្នករាល់គ្នាបានជឿ ដោយឥតបើគិត»។ ប្រសិនបើពួកកូរិនថូសមិនបានកាន់ខ្ជាប់តាមដំណឹងល្អ នោះគេបានទទួលយកសេចក្ដីពិតដោយឥតអំពើ។ ប៉ុលបាននិយាយបន្តថា៖ «ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ ហើយថា ទ្រង់បានលេចមកឲ្យកេផាសឃើញ រួចដល់ពួក១២នាក់ដែរ ក្រោយទៀត ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្ដង ជាពួកដែលមានគ្នាច្រើនរស់នៅ ដរាបដល់សព្វថ្ងៃនេះ តែមានខ្លះបានដេកលក់ទៅហើយ ក្រោយទៀត ទ្រង់លេចមកឲ្យយ៉ាកុបឃើញ ក៏ឲ្យពួកសាវកទាំងអស់គ្នាឃើញដែរ រួចទ្រង់បានលេចមកឲ្យខ្ញុំឃើញ ជាខាងក្រោយគេបង្អស់ ដូចជាលេចមកដល់កូនកើតមុនកំណត់ដែរ»។—កូរិនថូសទី១ ១៥:៣-៨
៨, ៩. (ក) តើជំនឿលើដំណើររស់ឡើងវិញមានសារៈសំខាន់ប៉ុនណា? (ខ) ប្រហែលជានៅគ្រាណាដែលព្រះយេស៊ូបានលេចឲ្យ«ពួកបងប្អូនជាង៥០០នាក់ឃើញ»នោះ?
៨ ចំពោះអស់អ្នកដែលបានទទួលយកដំណឹងល្អ ការជឿលើដំណើររស់ឡើងវិញនៃព្រះយេស៊ូ នោះមិនមែនស្រេចលើចិត្តនោះទេ។ គឺមានពួកសាក្សីជាច្រើនដែលអាចបញ្ជាក់ថា «ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា» ហើយថាទ្រង់បានត្រូវប្រោសឲ្យរស់ឡើងវិញនោះ។ បុគ្គលម្នាក់នោះគឺកេផាស ដែលគេច្រើនតែស្គាល់ដោយឈ្មោះពេត្រុសវិញ។ ក្រោយពីពេត្រុសបានបដិសេធថា មិនស្គាល់ព្រះយេស៊ូនៅរាត្រីនៃការក្បត់និងការចាប់ព្រះយេស៊ូ នោះគាត់ច្បាស់ជាបានសម្រាលទុក្ខណាស់ ពេលដែលព្រះយេស៊ូបានលេចឲ្យគាត់ឃើញវិញ។ «ពួក១២នាក់»ដែលជាពួកសាវ័កជាក្រុមមួយ ក៏ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញបានលេចឲ្យឃើញដែរ ជាការពិសោធដែលច្បាស់ជាបានជួយគេឲ្យឈ្នះលើការខ្លាច ហើយឲ្យបានទៅជាអ្នកសាក្សីដ៏ក្លាហានអំពីដំណើររស់ឡើងវិញរបស់ព្រះយេស៊ូ។—យ៉ូហាន ២០:១៩-២៣; កិច្ចការ ២:៣២
៩ ព្រះគ្រីស្ទក៏បានលេចឲ្យមនុស្សមួយហ្វូងធំឃើញដែរ ដែលមាន«ពួកបងប្អូនជាង៥០០នាក់»។ ដោយសារទ្រង់មានពួកសិស្សចំនួនច្រើនពីស្រុកកាលីឡេ នេះប្រហែលជានៅគ្រាដែលបានរៀបរាប់នៅម៉ាថាយ ២៨:១៦-២០ នៅពេលដែលព្រះយេស៊ូបានបង្គាប់ឲ្យធ្វើការបង្កើតឲ្យមានសិស្សនោះ។ ពួកបុគ្គលទាំងនេះអាចផ្ដល់សក្ខីភាពយ៉ាងខ្លាំងមែន! អ្នកខ្លះបាននៅរស់ក្នុងឆ្នាំ៥៥ ស.យ. នៅពេលដែលប៉ុលបានសរសេរសំបុត្រទីមួយជូនពួកកូរិនថូស។ ប៉ុន្តែ សូមកត់សម្គាល់ថា អស់អ្នកដែលបានស្លាប់ទៅ បានត្រូវរៀបរាប់ជាពួកដែល‹បានដេកលក់ទៅហើយក្នុងមរណភាព›។ ពួកគេមិនទាន់បានត្រូវប្រោសឲ្យរស់ឡើងវិញ ដើម្បីទទួលរង្វាន់នៅស្ថានសួគ៌នៅឡើយទេ។
១០. (ក) តើមានលទ្ធផលអ្វីពីការជួបចុងក្រោយរបស់ព្រះយេស៊ូ ជាមួយនឹងពួកសិស្សទ្រង់? (ខ) តើតាមរបៀបណាដែលព្រះយេស៊ូបានលេចឲ្យប៉ុលឃើញទ្រង់ ដែល«ដូចជាលេចមកដល់កូនកើតមុនកំណត់»?
១០ សាក្សីដ៏អស្ចារ្យមួយទៀត ដែលឃើញព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ នោះគឺយ៉ាកុប ដែលជាកូនរបស់យ៉ូសែបនិងម៉ារាដែលជាម្ដាយរបស់ព្រះយេស៊ូ។ មុននឹងដំណើររស់ឡើងវិញ តាមមើលទៅ យ៉ាកុបមិនទាន់ជាអ្នកជឿនៅឡើយទេ។ (យ៉ូហាន ៧:៥) ប៉ុន្តែ ក្រោយពីព្រះយេស៊ូបានលេចឲ្យគាត់ឃើញ នោះយ៉ាកុបបានទៅជាអ្នកជឿ ហើយប្រហែលជាបានបណ្ដាលឲ្យបងប្អូនគាត់ទៅជាអ្នកជឿដែរ។ (កិច្ចការ ១:១៣, ១៤) ក្នុងការជួបជាលើកចុងក្រោយបំផុតជាមួយនឹងពួកសិស្សទ្រង់ ដែលជាគ្រាដែលទ្រង់នឹងយាងឡើងទៅស្ថានសួគ៌ នោះព្រះយេស៊ូបានបង្គាប់ពួកគេឲ្យ«ធ្វើជាទីបន្ទាល់ . . . រហូតដល់ចុងផែនដីបំផុតផង»។ (កិច្ចការ ១:៦-១១) នៅក្រោយមក ទ្រង់បានលេចឲ្យសុលនៃស្រុកតើសុសឃើញ ដែលជាអ្នកដែលបៀតបៀនពួកគ្រីស្ទាន។ (កិច្ចការ ២២:៦-៨) ព្រះយេស៊ូបានលេចឲ្យសុលឃើញ «ដូចជាលេចមកដល់កូនកើតមុនកំណត់ដែរ»។ នេះគឺហាក់ដូចជាសុលបានប្រោសឲ្យរស់ឡើងវិញឲ្យបានជីវិតខាងវិញ្ញាណទៅហើយ ហើយអាចឃើញព្រះអម្ចាស់ដែលបានសិរីរុងរឿង ជាច្រើនសតវត្សមុននឹងដំណើររស់ឡើងវិញត្រូវបានកើតឡើងទៅទៀត។ ការពិសោធនេះបានបញ្ឈប់សុលភ្លាម ពីដំណើរនៃការប្រឆាំងរកសម្លាប់ពួកគ្រីស្ទាន ហើយបានបណ្ដាលឲ្យមានការកែប្រែយ៉ាងអស្ចារ្យ។ (កិច្ចការ ៩:៣-៩, ១៧-១៩) សុលក៏បានទៅជាសាវ័កប៉ុល ដែលជាអ្នកគាំទ្រដ៏សំខាន់បំផុតចំពោះជំនឿគ្រីស្ទាន។—កូរិនថូសទី១ ១៥:៩, ១០
ជំនឿលើដំណើររស់ឡើងវិញបានត្រូវការជាចាំបាច់
១១. តើដោយដូចម្ដេចដែលប៉ុលបានបង្ហាញនូវកំហុស ក្នុងការនិយាយថា«ឥតមានការរស់ឡើងវិញ»ទេ?
១១ ដូច្នេះ ដំណើររស់ឡើងវិញនៃព្រះយេស៊ូជាហេតុការណ៍ពិត ដែលបានបង្ហាញឲ្យឃើញត្រឹមត្រូវ។ ប៉ុលនិយាយថា «បើសិនជាបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ នោះធ្វើដូចម្ដេចឲ្យពួកអ្នករាល់គ្នាខ្លះ និយាយបាន ថាពួកស្លាប់មិនរស់ឡើងវិញទេ»? (កូរិនថូសទី១ ១៥:១២) ពួកទាំងនេះមិនគ្រាន់តែមានការសង្ស័យផ្ទាល់ខ្លួនគេប៉ុណ្ណោះអំពីដំណើររស់ឡើងវិញ ប៉ុន្តែគេក៏បានបញ្ចេញមតិដ៏មិនជឿរបស់គេទៀតផង។ ដូច្នេះប៉ុលបានបង្ហាញឲ្យឃើញនូវការវែកញែកដ៏ខុសរបស់គេ។ គាត់មានប្រសាសន៍ថា ប្រសិនបើព្រះគ្រីស្ទមិនបានប្រោសឲ្យរស់ឡើងវិញ នោះសារគ្រីស្ទានជាអ្វីដ៏កុហក ហើយថាអស់អ្នកដែលបានជាសាក្សីពីព្រះគ្រីស្ទដែលបានរស់ឡើងវិញ នោះឈ្មោះថា«ស្មរបន្ទាល់ក្លែងក្លាយពីព្រះវិញ»។ ប្រសិនបើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះឥតមានតម្លៃលោះបានបង់ទៅព្រះទេ ហើយពួកគ្រីស្ទាននៅតែ«ក្នុងអំពើបាបនៅឡើយ»។ (កូរិនថូសទី១ ១៥:១៣-១៩; រ៉ូម ៣:២៣, ២៤; ហេព្រើរ ៩:១១-១៤) ហើយពួកគ្រីស្ទានដែលបាន‹ដេកលក់ក្នុងមរណភាព› ដែលក្នុងករណីខ្លះជាទុក្ករបុគ្គល នោះបានស្លាប់ទៅដោយឥតមានសេចក្ដីសង្ឃឹមដ៏ពិត។ ប្រសិនបើមានតែជីវិតនេះទេ នោះពួកគ្រីស្ទានពិតជានៅក្នុងស្ថានភាពដ៏កំសត់មែន! ការរងទុក្ខរបស់គេ គឺឥតមានប្រយោជន៍មែន។
១២. (ក) តើការហៅព្រះគ្រីស្ទ«ផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ» ចង់បង្ហាញអំពីអ្វី? (ខ) តើតាមរបៀបណាដែលព្រះគ្រីស្ទធ្វើឲ្យមានដំណើររស់ឡើងវិញនោះ?
១២ ប៉ុន្តែ គឺមិនមែនដូច្នេះឡើយ។ ប៉ុលមានប្រសាសន៍បន្តថា៖ «ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត»។ ម្យ៉ាងទៀត ទ្រង់ជា«ផលដំបូងពីពួកអ្នក ដែលបានដេកលក់ទៅហើយ»។ (កូរិនថូសទី១ ១៥:២០) នៅពេលដែលពួកអ៊ីស្រាអែល បានស្ដាប់បង្គាប់ដោយថ្វាយផ្លែដំបូងនៃផលដំណាំរបស់គេជូនព្រះយេហូវ៉ា នោះទ្រង់បានប្រទានពរឲ្យគេ ជាការច្រូតកាត់យ៉ាងធំមួយ។ (និក្ខមនំ ២២:២៩, ៣០; ២៣:១៩; សុភាសិត ៣:៩, ១០) ដោយហៅព្រះគ្រីស្ទជា«ផលដំបូង» នោះប៉ុលបង្ហាញថានឹងមានការប្រោសឲ្យរស់ឡើងវិញនូវមនុស្សស្លាប់ឯទៀត ឲ្យមានជីវិតនៅស្ថានសួគ៌។ ប៉ុលមានប្រសាសន៍ថា «ដ្បិតដែលសេចក្ដីស្លាប់បានមកដោយសារមនុស្ស នោះសេចក្ដីដែលមនុស្សស្លាប់បានរស់ឡើងវិញ ក៏មកដោយសារមនុស្សដែរ ព្រោះ ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ»។ (កូរិនថូសទី១ ១៥:២១, ២២) ព្រះយេស៊ូបានធ្វើឲ្យមានដំណើររស់ឡើងវិញ ដោយប្រគល់ជីវិតជាមនុស្សដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់ ជាការលោះ ដែលបើកផ្លូវឲ្យមនុស្សលោកចេញពីសេចក្ដីបាបនិងសេចក្ដីស្លាប់។—កាឡាទី ១:៤; ពេត្រុសទី១ ១:១៨, ១៩a
១៣. (ក) តើការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌នឹងសម្រេចនៅពេលណា? (ខ) ហេតុអ្វីក៏ពួកអ្នកចាក់ប្រេងតាំងខ្លះមិន‹ដេកលក់ក្នុងមរណភាព›សោះឡើយ?
១៣ ប៉ុលមានប្រសាសន៍បន្តថា៖ «តែគ្រប់គ្នាតាមលំដាប់រៀងខ្លួន គឺព្រះគ្រីស្ទជាផលដំបូង រួចពួកអ្នកដែលជា របស់ផងព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់យាងមក»។ (កូរិនថូសទី១ ១៥:២៣) ព្រះគ្រីស្ទបានត្រូវប្រោសឲ្យរស់ឡើងវិញនៅឆ្នាំ៣៣ ស.យ.។ ប៉ុន្តែ ពួកអ្នកកាន់តាមទ្រង់ដែលបានចាក់ប្រេងតាំង ដែលជា«របស់ផងព្រះគ្រីស្ទ» នឹងត្រូវរង់ចាំមិនយូរប៉ុន្មានក្រោយពីព្រះយេស៊ូមានវត្តមានរបស់ទ្រង់ ដែលទំនាយព្រះគម្ពីរបង្ហាញថា បានកើតឡើងនៅឆ្នាំ១៩១៤។ (ថែស្សាឡូនីចទី១ ៤:១៤-១៦; វិវរណៈ ១១:១៨) ចុះយ៉ាងណាវិញ ចំពោះពួកអ្នកដែលនៅរស់ក្នុងកំឡុងវត្តមានរបស់ទ្រង់នោះ? ប៉ុលមានប្រសាសន៍ថា៖ «នែ ខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្ដីអាថ៌កំបាំង គឺថាយើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេ តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ»។ (កូរិនថូសទី១ ១៥:៥១, ៥២) យ៉ាងច្បាស់ណាស់ មិនមែនពួកអ្នកចាក់ប្រេងតាំងទាំងអស់ ដេកលក់ក្នុងផ្នូររង់ចាំដំណើររស់ឡើងវិញនោះឡើយ។ អស់អ្នកដែលស្លាប់ក្នុងកំឡុងវត្តមានរបស់ព្រះគ្រីស្ទ នោះផ្លាស់ប្ដូរមួយរំពេចភ្លាមវិញ។—វិវរណៈ ១៤:១៣
១៤. តើតាមរបៀបណាដែលពួកអ្នកចាក់ប្រេងតាំង«ទទួលបុណ្យជ្រមុជ ទុកជាគំរូពីសេចក្ដី»នោះ?
១៤ «ពុំនោះ» ប៉ុលសួរថា៖ «ពួកអ្នកដែលទទួលបុណ្យជ្រមុជ ទុកជាគំរូពីសេចក្ដីស្លាប់នឹងធ្វើដូចម្ដេច បើសិនជាពួកស្លាប់មិនរស់ឡើងវិញទេ នោះតើហេតុអ្វីបានជាគេទទួលបុណ្យជ្រមុជ ទុកជាគំរូពីសេចក្ដីស្លាប់ធ្វើអី ហេតុអ្វីបានជាយើងមានសេចក្ដីអន្តរាយរាល់ពេលរាល់វេលាដែរ»? (កូរិនថូសទី១ ១៥:២៩, ៣០) ប៉ុលមិនមានសេចក្ដីថា បុគ្គលរស់នៅបានធ្វើបុណ្យជ្រមុជទឹកជាប្រយោជន៍ឲ្យមនុស្សស្លាប់នោះទេ ដែលសេចក្ដីបកប្រែព្រះគម្ពីរខ្លះបានបង្ហាញមកនោះ។ ដ្បិត ពិធីជ្រមុជទឹកគឺជាប់ទាក់ទិននឹងភាពជាសិស្សគ្រីស្ទាន ហើយមនុស្សស្លាប់មិនអាចធ្វើជាសិស្សបាននោះទេ។ (យ៉ូហាន ៤:១) ផ្ទុយទៅវិញ ប៉ុលកំពុងតែនិយាយអំពីពួកគ្រីស្ទានដែលនៅរស់ ដែលពួកគេជាច្រើន ដូចគាត់ នោះបាន«មានសេចក្ដីអន្តរាយរាល់ពេលរាល់វេលាដែរ»។ ពួកគ្រីស្ទានដែលបានចាក់ប្រេងតាំងបាន‹ទទួលជ្រមុជទឹកក្នុងសេចក្ដីសុគតនៃព្រះគ្រីស្ទ›។ (រ៉ូម ៦:៣) ពីពេលដែលគេបានចាក់ប្រេងតាំងមក នោះគេបាន«ទទួលបុណ្យជ្រមុជ» ក្នុងផ្លូវដែលនឹងនាំឲ្យគេស្លាប់ ដូចជាព្រះគ្រីស្ទដែរ។ (ម៉ាកុស ១០:៣៥-៤០) គេនឹងស្លាប់ដោយមានសេចក្ដីសង្ឃឹមនឹងទទួលដំណើររស់ឡើងវិញដ៏អស្ចារ្យទៅស្ថានសួគ៌។—កូរិនថូសទី១ ៦:១៤; ភីលីព ៣:១០, ១១
១៥. តើប៉ុលប្រហែលជាពិសោធសេចក្ដីអន្តរាយអ្វី ហើយតើតាមរបៀបណាដែលជំនឿលើដំណើររស់ឡើងវិញ មានមុខនាទីក្នុងការធ្វើឲ្យគេស៊ូទ្រាំនោះ
១៥ ឥឡូវនេះប៉ុលពន្យល់ថា គាត់បានជួបប្រទះសេចក្ដីអន្តរាយដល់ម្ល៉េះ ដែលគាត់អាចនិយាយថា៖ «ខ្ញុំស្លាប់រាល់តែថ្ងៃ»។ ក្រែងលោអ្នកខ្លះចោទថាគាត់និយាយពន្លើស នោះប៉ុលមានប្រសាសន៍ទៀតថា៖ «ដែលខ្ញុំអួតពីអ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ ព្រះគម្ពីរយេរូសាឡិម បានបកប្រែខនេះថា៖ «បងប្អូនអើយ ខ្ញុំជួបប្រទះសេចក្ដីស្លាប់រៀងរាល់ថ្ងៃ ហើយខ្ញុំអាចស្បថដោយនូវសេចក្ដីអំនួត ដែលខ្ញុំពេញចិត្តនឹងអ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូជាព្រះអម្ចាស់នៃយើង»។ ជាឧទាហរណ៍ខ្លះៗនៃគ្រោះថ្នាក់ដែលគាត់បានប្រឈមមុខនោះ ខ៣២ ប៉ុលមានប្រសាសន៍អំពី‹ការតយុទ្ធនឹងសត្វព្រៃនៅក្រុងអេភេសូរ›។ ពួករ៉ូម៉ាំងតែងប្រហារជីវិតពួកឧក្រិដ្ឋជន ដោយបោះគេចូលទៅក្នុងទីធ្លានៃសត្វព្រៃ។ ប្រសិនបើប៉ុលបានស៊ូទ្រាំនឹងការតយុទ្ធជាមួយសត្វព្រៃមែន នោះមានតែដោយជំនួយពីព្រះយេហូវ៉ាទេ ដែលគាត់អាចរួចរស់ជីវិតបាននោះ។ បើឥតមានសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ នោះការប្រកបជីវិតបែបនេះ ដែលជួបសេចក្ដីអន្តរាយ គឺច្បាស់ជាក្លាហានហួសប្រមាណហើយ។ បើគ្មានសេចក្ដីសង្ឃឹមឲ្យបានជីវិតនៅខាងមុខ នោះការស៊ូទ្រាំការលំបាកនិងការបោះបង់បែបនេះ ក្នុងការបំរើព្រះ នោះប្រហែលជាឥតអំពើទេ។ ប៉ុលមានប្រសាសន៍ថា «បើសិនណាជាមនុស្សស្លាប់មិនរស់ឡើងវិញមែន នោះចូរយើងស៊ីផឹកទៅចុះ ដ្បិតស្អែកយើងត្រូវស្លាប់ហើយ»។—កូរិនថូសទី១ ១៥:៣១, ៣២; សូមមើល កូរិនថូសទី២ ១:៨, ៩; ១១:២៣-២៧)
១៦. (ក) តើឃ្លាដែលថា«ចូរយើងស៊ីផឹកទៅចុះ ដ្បិតស្អែកយើងត្រូវស្លាប់ហើយ» ប្រហែលជាមានកំណើតពីណាមក? (ខ) តើការយកចិត្តគំនិតបែបនេះអាចមានគ្រោះថ្នាក់យ៉ាងដូចម្ដេច?
១៦ ប៉ុលប្រហែលជាបានដកស្រង់ពាក្យចេញពីអេសាយ ២២:១៣ហើយ ដែលរៀបរាប់អំពីអាកប្បកិរិយាដែលបណ្ដាលឲ្យស្លាប់ នូវពួកអ្នកដ៏ឥតស្ដាប់បង្គាប់ដែលបានរស់នៅទីក្រុងយេរូសាឡិម។ ឬក៏គាត់ចង់និយាយអំពីជំនឿនៃពួកអិភីឃ្យូរាន ដែលទិតៀននឹងសេចក្ដីសង្ឃឹមអំពីជីវិតក្រោយពីស្លាប់ ហើយដែលបានជឿថា ការកំសាន្តខាងផ្លូវចិត្តជាអ្វីដ៏សំខាន់បំផុតក្នុងជីវិត។ ទោះជាមានករណីយ៉ាងណាក៏ដោយ ទស្សនៈដែលគិតតែពីការ‹ស៊ីផឹក› នោះគឺជាអ្វីដែលមិនមកពីព្រះទេ។ ដូច្នេះហើយប៉ុលក៏ព្រមានថា៖ «កុំឲ្យច្រឡំឡើយ ពីព្រោះពួកម៉ាក់អាក្រក់តែងនឹងបង្ខូចកិរិយាល្អ»។ (កូរិនថូសទី១ ១៥:៣៣) ការសេពគប់ជាមួយអស់អ្នកដែលបានបដិសេធនូវដំណើររស់ឡើងវិញ នោះអាចជាអ្វីដែលមានពិស។ ការសេពគប់បែបនេះប្រហែលជាបានបណ្ដាលឲ្យមានបញ្ហា ដែលប៉ុលត្រូវតែដោះស្រាយក្នុងក្រុមជំនុំកូរិនថូស ដូចជា អំពើឥតសីលធម៌ខាងកាម ការទាស់ទែងគ្នា ការកើតក្ដី ហើយការឥតគោរពចំពោះអាហារល្ងាចរបស់ព្រះអម្ចាស់។—កូរិនថូសទី១ ១:១១; ៥:១; ៦:១; ១១:២០-២២
១៧. (ក) តើការដាស់តឿនអ្វីដែលប៉ុលឲ្យទៅពួកកូរិនថូស? (ខ) តើសំនួរអ្វីខ្លះដែលត្រូវតែឆ្លើយនោះ?
១៧ ដូច្នេះប៉ុលក៏ឲ្យការដាស់តឿនដ៏វិជ្ជមាននេះទៅពួកកូរិនថូសថា៖ «ចូរភ្ញាក់ដឹងខ្លួនឡើងខាងឯសេចក្ដីសុចរិតចុះ កុំឲ្យធ្វើបាបឡើយ ដ្បិតអ្នករាល់គ្នាខ្លះមិនស្គាល់ព្រះទេ ខ្ញុំថាដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីខ្មាស»។ (កូរិនថូសទី១ ១៥:៣៤) ទស្សនៈដ៏អវិជ្ជមានអំពីដំណើររស់ឡើងវិញ បានបណ្ដាលឲ្យអ្នកខ្លះទៅជាមានភាពធេងធោងខាងវិញ្ញាណ ដែលហាក់ដូចជាស្រវឹងអញ្ចឹង។ ពួកគេត្រូវតែភ្ញាក់ខ្លួនឡើង ឲ្យបានដឹងខ្លួនវិញ។ ពួកគ្រីស្ទានដែលបានចាក់ប្រេងតាំងសព្វថ្ងៃនេះ ក៏ត្រូវតែភ្ញាក់ខ្លួនឡើងខាងវិញ្ញាណដែរ ដោយមិនអនុញ្ញាតឲ្យទស្សនៈដ៏ទិតៀនពីលោកីយ៍នេះមានឥទ្ធិពលលើគេនោះឡើយ។ ពួកគេត្រូវតែឲ្យកាន់ជាប់នឹងសេចក្ដីសង្ឃឹមរបស់គេអំពីដំណើររស់ឡើងវិញខាងស្ថានសួគ៌។ ប៉ុន្តែនៅមានសំនួរខ្លះ សំរាប់ពួកកូរិនថូសនៅគ្រានោះ ហើយសំរាប់ពួកយើងនៅសព្វថ្ងៃនេះដែរ។ ជាឧទាហរណ៍ តើពួក១៤៤.០០០នាក់នឹងត្រូវប្រោសឡើងឲ្យទៅស្ថានសួគ៌ ទាំងមានរូបរាងបែបណា? ហើយចុះយ៉ាងណាដែរ ចំពោះមនុស្សជាច្រើនលាននាក់ឯទៀត ដែលកំពុងនៅក្នុងផ្នូរនៅឡើយ ដែលឥតមានសេចក្ដីសង្ឃឹមខាងស្ថានសួគ៌នោះ? តើដំណើររស់ឡើងវិញចំពោះមនុស្សបែបនេះមានន័យយ៉ាងដូចម្ដេច? នៅក្នុងអត្ថបទជាបន្ទាប់របស់យើង នោះយើងនឹងពិចារណាមើលការពិគ្រោះរបស់ប៉ុលទាំងប៉ុន្មាន ដែលស្តីអំពីដំណើររស់ឡើងវិញនេះ។
[កំណត់សម្គាល់]
a ចំពោះការពិគ្រោះលើការលោះ សូមមើលទស្សនាវដ្ដីប៉មយាម ១៥ កុម្ភៈ ១៩៩១
តើអ្នកនៅចាំទេ?
◻ តើព្រះយេស៊ូបានបញ្ចាំងពន្លឺយ៉ាងណាអំពីដំណើររស់ឡើងវិញ?
◻ តើអ្នកណាខ្លះដែលជាពួកសាក្សីដែលបានឃើញព្រះយេស៊ូរស់ឡើងវិញនោះ?
◻ ហេតុអ្វីក៏សេចក្ដីបង្រៀនអំពីដំណើររស់ឡើងវិញបានត្រូវគេទិតៀន ហើយតើប៉ុលបានតបឆ្លើយយ៉ាងដូចម្ដេច?
◻ ហេតុអ្វីក៏ជំនឿលើដំណើររស់ឡើងវិញជាការចាំបាច់ ចំពោះពួកគ្រីស្ទានដែលបានចាក់ប្រេងតាំង?
[រូបភាពនៅទំព័រ១៥]
កូនស្រីរបស់លោកយ៉ៃរ៉ុស ជាភស្តុតាងនៃដំណើររស់ឡើងវិញ
[រូបភាពនៅទំព័រ១៦]
បើឥតមានសេចក្ដីសង្ឃឹមអំពីដំណើររស់ឡើងវិញទេ នោះទុក្ករកម្មនៃពួកគ្រីស្ទានដ៏ស្មោះត្រង់នឹងទៅជាឥតអំពើ