តើរបៀបស្លៀកពាក់របស់អ្នកនាំឲ្យព្រះទទួលការសរសើរតម្កើងឬទេ?
«ចូរធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង»។—កូរិនថូសទី១ ១០:៣១
១, ២. ហេតុអ្វីសាក្សីព្រះយេហូវ៉ាមានខ្នាតតម្រាខ្ពង់ខ្ពស់ស្តីអំពីរបៀបស្លៀកពាក់? (សូមមើលរូបភាពនៅដើមអត្ថបទ)
កាសែតហូឡង់មួយបានរៀបរាប់អំពីរបៀបដែលពួកអ្នកដឹកនាំវិហារបានស្លៀកពាក់នៅកិច្ចប្រជុំមួយរបស់ពួកគេ។ កាសែតនោះបានសរសេរថា៖ «យើងឃើញពួកគេជាច្រើននាក់បានស្លៀកពាក់សាមញ្ញពេក ជាពិសេសនៅពេលអាកាសធាតុក្ដៅ»។ ប៉ុន្តែកាសែតនោះក៏បានសរសេរដែរថាសាក្សីព្រះយេហូវ៉ាមិនស្លៀកពាក់របៀបនេះនៅមហាសន្និបាតរបស់ពួកគេទេ។ កាសែតនោះបានរៀបរាប់ថាបុរសនិងក្មេងប្រុសបានពាក់អាវធំនិងក្រវ៉ាត់ក ហើយស្ត្រីនិងក្មេងស្រីបានស្លៀកសំពត់វែងល្មមតែទាន់សម័យ។ សាក្សីព្រះយេហូវ៉ាច្រើនតែទទួលការសរសើរចំពោះរបៀបដែលពួកគេស្លៀកពាក់។ សាវ័កប៉ូលបាននិយាយថាគ្រិស្តសាសនិកគួរស្លៀកពាក់«បែបរមទម និងដោយមានគំនិតសមហេតុសមផល» ដែលសមត្រឹមត្រូវសម្រាប់អ្នកបម្រើព្រះ។ (ធីម៉ូថេទី១ ២:៩, ១០) ទោះជាប៉ូលបាននិយាយអំពីស្ត្រីក៏ដោយ ខ្នាតតម្រានេះក៏សម្រាប់បុរសដែលជាគ្រិស្តសាសនិកដែរ។
២ ខ្នាតតម្រាខ្ពង់ខ្ពស់ស្តីអំពីរបៀបស្លៀកពាក់គឺសំខាន់ចំពោះយើងដែលជារាស្ត្ររបស់ព្រះយេហូវ៉ា ហើយក៏សំខាន់ចំពោះព្រះដែលយើងគោរពប្រណិប័តន៍ដែរ។ (លោកុប្បត្តិ ៣:២១) គម្ពីរបញ្ជាក់យ៉ាងច្បាស់ថាព្រះយេហូវ៉ាដែលជាអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុតលើសកលលោក មានខ្នាតតម្រាស្តីអំពីរបៀបដែលលោកចង់ឲ្យអ្នកបម្រើលោកស្លៀកពាក់។ ដូច្នេះ អ្វីដែលយើងស្លៀកពាក់មិនគ្រាន់តែគួរផ្គាប់ចិត្តយើងប៉ុណ្ណោះទេ តែសំខាន់ជាងនេះ គួរផ្គាប់ចិត្តព្រះយេហូវ៉ាដែលជាម្ចាស់ដ៏ឧត្តមបំផុត។
៣. តើយើងអាចរៀនអ្វីពីច្បាប់របស់ព្រះចំពោះជនជាតិអ៊ីស្រាអែលអំពីសម្លៀកបំពាក់?
៣ ក្នុងច្បាប់ម៉ូសេមានច្បាប់ផ្សេងៗដែលការពារជនជាតិអ៊ីស្រាអែលពីរបៀបរស់នៅដ៏ប្រាសចាកសីលធម៌របស់ប្រជាជាតិដែលនៅជុំវិញពួកគេ។ ច្បាប់ម៉ូសេបង្ហាញថាព្រះយេហូវ៉ាស្អប់ម៉ូដសម្លៀកបំពាក់ដែលធ្វើឲ្យពិបាកសម្គាល់ថាបុគ្គលណាម្នាក់ជាប្រុសឬស្រី។ សព្វថ្ងៃនេះ ក៏មានម៉ូដសម្លៀកបំពាក់បែបនេះដែរ។ (សូមអាន ចោទិយកថា ២២:៥) យើងរៀនពីច្បាប់នោះថាព្រះយេហូវ៉ាមិនពេញចិត្តនឹងសម្លៀកបំពាក់ណាដែលធ្វើឲ្យបុរសមើលទៅដូចស្ត្រី ឲ្យស្ត្រីមើលទៅដូចបុរស ឬសម្លៀកបំពាក់ណាដែលធ្វើឲ្យយើងពិបាកដឹងថាបុគ្គលនោះជាបុរសឬស្ត្រីឡើយ។
៤. តើអ្វីអាចជួយគ្រិស្តសាសនិកឲ្យធ្វើការសម្រេចចិត្តល្អស្តីអំពីរបៀបស្លៀកពាក់?
៤ គោលការណ៍គម្ពីរអាចជួយយើងឲ្យធ្វើការសម្រេចចិត្តល្អស្តីអំពីរបៀបស្លៀកពាក់។ យើងធ្វើតាមគោលការណ៍ទាំងនេះ ទោះជាយើងរស់នៅប្រទេសណា មានអាកាសធាតុយ៉ាងណា ឬមានវប្បធម៌បែបណាក៏ដោយ។ យើងមិនត្រូវការបញ្ជីដ៏វែងមួយដើម្បីប្រាប់យើងអំពីសម្លៀកបំពាក់ណាដែលសមរម្យនិងមិនសមរម្យទេ។ យើងគ្រាន់តែត្រូវធ្វើតាមគោលការណ៍គម្ពីរ ដែលនៅតែឲ្យយើងស្លៀកពាក់អ្វីដែលយើងចូលចិត្ត។ សូមយើងពិចារណាគោលការណ៍គម្ពីរខ្លះដែលអាចជួយយើងដឹងអំពី«បំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ»ពេលយើងសម្រេចចិត្តអំពីអ្វីដែលយើងនឹងស្លៀកពាក់។—រ៉ូម ១២:១, ២
«យើងបង្ហាញឲ្យឃើញថាយើងជាអ្នកបម្រើរបស់ព្រះ»
៥, ៦. តើសម្លៀកបំពាក់របស់យើងគួរមានឥទ្ធិពលយ៉ាងណាទៅលើអ្នកឯទៀត?
៥ ក្រោមការដឹកនាំរបស់ព្រះ សាវ័កប៉ូលបានលើកបញ្ជាក់អំពីគោលការណ៍ដ៏សំខាន់ដែលបានត្រូវកត់ទុកនៅកូរិនថូសទី២ ៦:៤។ (សូមអាន) របៀបដែលយើងស្លៀកពាក់សម្អិតសម្អាងខ្លួនសឲ្យឃើញថាយើងជាមនុស្សបែបណា ហើយមនុស្សជាច្រើននឹងមានទស្សនៈអំពីយើងអាស្រ័យទៅលើរបៀបដែលយើងស្លៀកពាក់និងសម្អិតសម្អាងខ្លួន។ (សាំយូអែលទី១ ១៦:៧) ដោយសារយើងជាអ្នកបម្រើព្រះ យើងមិនគ្រាន់តែស្លៀកពាក់អ្វីដែលស្រួលពាក់ ឬអ្វីដែលយើងចូលចិត្តប៉ុណ្ណោះទេ។ ពេលយើងធ្វើតាមគោលការណ៍គម្ពីរ នេះគួរជួយយើងឲ្យជៀសវាងពីសម្លៀកបំពាក់ដែលរឹប បង្ហាញសាច់ច្រើន ឬសិចស៊ី។ នេះមានន័យថាយើងនឹងជៀសវាងពីសម្លៀកបំពាក់ណាដែលបង្ហាញកេរ្ដិ៍ខ្មាសនៃរូបកាយឬធ្វើឲ្យកន្លែងនោះលេចធ្លោ។ យើងមិនគួរធ្វើឲ្យអ្នកណាម្នាក់មានអារម្មណ៍មិនស្រួល ឬត្រូវងាកមុខចេញពេលពួកគេឃើញរបៀបដែលយើងស្លៀកពាក់ឡើយ។
ពេលយើងមានរបៀបរៀបរយ ស្អាតបាត សម្អិតសម្អាងខ្លួន យ៉ាងល្អ និងស្លៀកពាក់បែប រមទម មនុស្សប្រហែលជា គោរពយើងច្រើនជាងក្នុងនាមជា អ្នកបម្រើព្រះយេហូវ៉ាដែល ជាម្ចាស់ដ៏ឧត្តមបំផុត
៦ ពេលយើងមានរបៀបរៀបរយ ស្អាតបាត សម្អិតសម្អាងខ្លួនយ៉ាងល្អ និងស្លៀកពាក់បែបរមទម មនុស្សប្រហែលជាគោរពយើងច្រើនជាងក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ាដែលជាម្ចាស់ដ៏ឧត្តមបំផុត។ ម្យ៉ាងទៀត ពួកគេប្រហែលជានឹងចាប់អារម្មណ៍ច្រើនជាងអំពីព្រះដែលយើងគោរពប្រណិប័តន៍ កាន់តែគោរពអង្គការរបស់យើង និងកាន់តែចង់ស្ដាប់ដំណឹងដែលអាចសង្គ្រោះជីវិតដែលយើងផ្សាយ។
៧, ៨. ជាពិសេស តើនៅពេលណាដែលយើងត្រូវស្លៀកពាក់សម្លៀកបំពាក់ដែលសមរម្យ?
៧ យើងមានភារកិច្ចចំពោះព្រះដែលបរិសុទ្ធរបស់យើង ចំពោះបងប្អូនគ្រិស្តសាសនិក និងចំពោះមនុស្សក្នុងតំបន់ផ្សាយរបស់យើង ពោលគឺស្លៀកពាក់តាមរបៀបដែលនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង និងនាំឲ្យមនុស្សឯទៀតឲ្យតម្លៃចំពោះដំណឹងដែលយើងផ្សព្វផ្សាយ។ (រ៉ូម ១៣:៨-១០) សម្លៀកបំពាក់របស់យើងគឺកាន់តែសំខាន់ពេលយើងទៅកិច្ចប្រជុំរបស់យើងជាគ្រិស្តសាសនិក ឬពេលយើងផ្សព្វផ្សាយ។ យើងគួរស្លៀកពាក់តាមរបៀបដែលសមនឹងអ្នកដែលគោរពប្រណិប័តន៍ព្រះ។ (ធីម៉ូថេទី១ ២:១០) សម្លៀកបំពាក់ខ្លះគឺសមរម្យសម្រាប់កន្លែងណាមួយ តែប្រហែលជាមិនសមរម្យសម្រាប់កន្លែងផ្សេងទៀត។ ដូច្នេះ ទោះជាយើងរស់នៅកន្លែងណាក៏ដោយ ក្នុងនាមជាសាក្សីព្រះយេហូវ៉ាយើងគួរជៀសវាងពីការធ្វើឲ្យអ្នកឯទៀតទើសចិត្តនឹងយើងដោយសាររបៀបដែលយើងស្លៀកពាក់។
៨ សូមអាន កូរិនថូសទី១ ១០:៣១។ ពេលយើងទៅសន្និបាតនិងមហាសន្និបាត សម្លៀកបំពាក់របស់យើងត្រូវតែសមរម្យនិងបែបរមទម។ យើងមិនគួរស្លៀកពាក់ម៉ូដចម្លែកដូចមនុស្សជាច្រើនក្នុងពិភពលោកទេ។ សូម្បីតែមុននិងក្រោយកម្មវិធីមហាសន្និបាត ហើយពេលយើងចូលឬចេញពីសណ្ឋាគារ យើងគួរធ្វើឲ្យប្រាកដថាសម្លៀកបំពាក់របស់យើងគឺមិនសាមញ្ញពេក ឬរយីករយាក។ យ៉ាងនេះ យើងនឹងមានមោទនភាពប្រាប់អ្នកឯទៀតថាយើងជាសាក្សីព្រះយេហូវ៉ា ហើយយើងនឹងប្រុងប្រៀបខ្លួនជានិច្ចដើម្បីផ្សព្វផ្សាយនៅពេលណាក៏បាន។
៩, ១០. ហេតុអ្វីភីលីព ២:៤គួរមានឥទ្ធិពលទៅលើរបៀបដែលយើងស្លៀកពាក់?
៩ សូមអាន ភីលីព ២:៤។ ហេតុអ្វីយើងគួរគិតអំពីឥទ្ធិពលដែលសម្លៀកបំពាក់របស់យើងអាចមានទៅលើបងប្អូនគ្រិស្តសាសនិក? មូលហេតុមួយគឺដោយសាររាស្ត្ររបស់ព្រះខំប្រឹងធ្វើតាមឱវាទដែលថា៖ «ចូររម្ងាប់ភាពទោរទន់ដែលមាននៅក្នុងអវយវៈរូបកាយរបស់អ្នករាល់គ្នា គឺភាពទោរទន់ទៅរកអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក តម្រេក»។ (កូឡុស ៣:២, ៥) បងប្អូនខ្លះរបស់យើងបានលះបង់របៀបរស់នៅដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ ប៉ុន្តែពួកគាត់ប្រហែលជានៅតែតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង។ បើយើងមិនប្រុងប្រយ័ត្ន របៀបដែលយើងស្លៀកពាក់អាចធ្វើឲ្យពួកគាត់កាន់តែពិបាកធ្វើតាមដំបូន្មានក្នុងគម្ពីរ និងតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាទាំងនោះ។ (កូរិនថូសទី១ ៦:៩, ១០) យើងនឹងមិនចង់ធ្វើឲ្យពួកគាត់កាន់តែពិបាកតយុទ្ធ មែនទេ?
១០ ពេលយើងនៅជាមួយនឹងបងប្អូន គ្មានអ្នកណាលើកស្ទួយអំពើប្រាសចាកសីលធម៌ទេ។ ទោះជាយើងនៅកិច្ចប្រជុំឬនៅកន្លែងណាផ្សេងទៀតក្ដី របៀបដែលយើងស្លៀកពាក់គួរធ្វើឲ្យបរិយាកាសនេះកាន់តែស្អាតស្អំ។ ទោះបីជាយើងមានសេរីភាពជ្រើសរើសអ្វីដែលយើងស្លៀកពាក់ក៏ដោយ យើងក៏មានភារកិច្ចស្លៀកពាក់អ្វីដែលធ្វើឲ្យអ្នកឯទៀតកាន់តែស្រួលរក្សាភាពស្អាតស្អំនៅចំពោះព្រះខាងគំនិត ពាក្យសំដី និងការប្រព្រឹត្ត។ (ពេត្រុសទី១ ១:១៥, ១៦) សេចក្ដីស្រឡាញ់ដ៏ពិត«មិនប្រព្រឹត្តឥតសមរម្យ មិនរកប្រយោជន៍ផ្ទាល់ខ្លួន»។—កូរិនថូសទី១ ១៣:៤, ៥
សម្លៀកបំពាក់សមត្រឹមត្រូវតាមពេលវេលានិងទីកន្លែង
១១, ១២. តើតាមរបៀបណាសាស្ដា ៣:១, ១៧ជួយយើងឲ្យធ្វើជាមនុស្សសមហេតុផល?
១១ ពេលអ្នកបម្រើរបស់ព្រះត្រូវសម្រេចចិត្តអំពីអ្វីដែលស្លៀកពាក់ ពួកគាត់ដឹងថា«មានពេលសំរាប់គ្រប់ទាំងបំណងដែលប៉ងធ្វើ នឹងបណ្ដាការទាំងពួងផង»។ (សាស្ដា ៣:១, ១៧) អាកាសធាតុ រដូវ និងកាលៈទេសៈខុសៗគ្នាអាចមានឥទ្ធិពលលើរបៀបដែលយើងស្លៀកពាក់។ ប៉ុន្តែ ខ្នាតតម្រារបស់ព្រះយេហូវ៉ាមិនប្រែប្រួលឡើយ។—ម៉ាឡាគី ៣:៦
ខ្នាតតម្រារបស់ព្រះយេហូវ៉ាមិនប្រែប្រួលឡើយ
១២ ពេលអាកាសធាតុក្ដៅ គឺកាន់តែពិបាកធ្វើឲ្យប្រាកដថាសម្លៀកបំពាក់របស់យើងគឺថ្លៃថ្នូរនិងបែបរមទម។ បងប្អូនយើងសប្បាយចិត្តពេលយើងមិនស្លៀកពាក់អ្វីដែលរឹបពេកឬរលុងពេកដែលធ្វើឲ្យបញ្ចេញសាច់។ (យ៉ូប ៣១:១) ម្យ៉ាងទៀត ពេលយើងនៅឆ្នេរសមុទ្រ ឬអាងហែលទឹក ឈុតហែលទឹករបស់យើងគួរតែរមទម។ (សុភាសិត ១១:២, ២០) សូម្បីតែមនុស្សជាច្រើនក្នុងពិភពលោកពាក់ឈុតហែលទឹកដែលបង្ហាញសាច់ច្រើនក្ដី យើងគួរធ្វើឲ្យប្រាកដថាអ្វីដែលយើងជ្រើសរើស នាំឲ្យព្រះយេហូវ៉ាដែលជាព្រះដ៏បរិសុទ្ធរបស់យើងទទួលការសរសើរតម្កើង។
១៣. ហេតុអ្វីដំបូន្មាននៅកូរិនថូសទី១ ១០:៣២, ៣៣គួរមានឥទ្ធិពលលើការសម្រេចចិត្តរបស់យើងស្តីអំពីសម្លៀកបំពាក់?
១៣ មានគោលការណ៍សំខាន់មួយទៀតដែលគួរមានឥទ្ធិពលលើការសម្រេចចិត្តរបស់យើងស្តីអំពីសម្លៀកបំពាក់។ យើងត្រូវយកចិត្តទុកដាក់ចំពោះសមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀត។ (សូមអាន កូរិនថូសទី១ ១០:៣២, ៣៣) យើងមានភារកិច្ចជៀសវាងពីសម្លៀកបំពាក់ណាដែលអាចនាំឲ្យបងប្អូននិងអ្នកឯទៀតដែលមិនបម្រើព្រះយេហូវ៉ាទើសចិត្ត។ សាវ័កប៉ូលបានសរសេរថា៖ «ចូរយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងដោយការល្អដែលពង្រឹងជំនឿរបស់គេ»។ ប៉ូលបានប្រាប់អំពីមូលហេតុដែលយើងធ្វើដូច្នេះ ពេលគាត់បន្ថែមថា៖ «ព្រោះសូម្បីតែគ្រិស្តមិនបានរកបំពេញចិត្តខ្លួនលោកដែរ»។ (រ៉ូម ១៥:២, ៣) ដូចលោកយេស៊ូ យើងគួរមានទស្សនៈថាការធ្វើតាមបំណងប្រាថ្នារបស់ព្រះនិងការជួយអ្នកឯទៀតគឺសំខាន់ជាងចំណង់ចំណូលចិត្តរបស់ខ្លួន។ ដូច្នេះ យើងនឹងសម្រេចចិត្តមិនស្លៀកពាក់ម៉ូដណាដែលអាចនាំឲ្យមនុស្សមិនចង់ស្ដាប់ដំណឹងដែលយើងផ្សាយ ទោះជាយើងចូលចិត្តម៉ូដនោះក៏ដោយ។
១៤. តើឪពុកម្ដាយអាចបង្ហាត់បង្រៀនកូនៗយ៉ាងដូចម្ដេចឲ្យស្លៀកពាក់តាមរបៀបដែលនាំឲ្យព្រះទទួលការសរសើរតម្កើង?
១៤ ឪពុកម្ដាយដែលជាគ្រិស្តសាសនិកមានភារកិច្ចបង្រៀនកូនឲ្យធ្វើតាមគោលការណ៍គម្ពីរ។ នេះរួមបញ្ចូលការធ្វើឲ្យប្រាកដថា ពួកគាត់និងកូនៗរបស់ពួកគាត់ខំប្រឹងដើម្បីឲ្យព្រះយេហូវ៉ាសប្បាយចិត្តដោយស្លៀកពាក់សម្អិតសម្អាងខ្លួនបែបរមទម។ (សុភាសិត ២២:៦; ២៧:១១) តើតាមរបៀបណាឪពុកម្ដាយអាចបង្ហាត់បង្រៀនកូនៗឲ្យគោរពព្រះដ៏បរិសុទ្ធរបស់យើងនិងគោលការណ៍របស់លោក? ឪពុកម្ដាយគួរទុកគំរូល្អឲ្យកូន។ ម្យ៉ាងទៀត ដោយសេចក្ដីស្រឡាញ់ ពួកគាត់គួរបង្ហាញកូនអំពីរបៀបនិងកន្លែងដែលពួកគេអាចរកឃើញសម្លៀកបំពាក់ដែលសមរម្យ។ កូនៗមិនគួរជ្រើសរើសសម្លៀកបំពាក់តាមចំណូលចិត្តរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះពួកគេគួរជ្រើសរើសសម្លៀកបំពាក់ដែលលើកកិត្ដិយសព្រះដែលពួកគេជាតំណាង ពោលគឺព្រះយេហូវ៉ា។
ចូរប្រើសេរីភាពរបស់អ្នកដោយឈ្លាសវៃ
១៥. តើអ្វីគួរជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ?
១៥ គម្ពីរផ្ដល់ការណែនាំដ៏មានប្រយោជន៍ ដែលអាចជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដែលនឹងនាំឲ្យព្រះទទួលការសរសើរតម្កើង។ ទោះជាយ៉ាងនោះក៏ដោយ អ្វីដែលយើងស្លៀកពាក់បង្ហាញអំពីចំណូលចិត្តរបស់ខ្លួន។ ម៉ូដដែលយើងចូលចិត្តនិងសម្លៀកបំពាក់ដែលយើងមានលទ្ធភាពទិញ ប្រហែលជាខុសគ្នាពីអ្នកឯទៀត។ ប៉ុន្តែ សម្លៀកបំពាក់របស់យើងតែងតែគួរមានរបៀបរៀបរយ ស្អាតបាត រមទម សមនឹងកាលៈទេសៈ និងសមរម្យសម្រាប់តំបន់ដែលយើងស្នាក់នៅ។
១៦. ហេតុអ្វីការខំប្រឹងស្លៀកពាក់ស្អាតបាតមានប្រយោជន៍?
១៦ យើងមិនតែងតែស្រួលរកសម្លៀកបំពាក់ដែលរមទមនិងសមរម្យទេ។ ហាងជាច្រើនលក់តែសម្លៀកបំពាក់ទាន់សម័យប៉ុណ្ណោះ។ ដូច្នេះ យើងប្រហែលជាត្រូវខំប្រឹង និងចំណាយពេលច្រើនជាងដើម្បីរកសម្លៀកបំពាក់រមទមដូចជាសំពត់ រ៉ូប អាវ ឬដើម្បីជ្រើសរើសឈុតអាវធំនិងខោដែលមិនរឹបពេក។ ប៉ុន្តែបងប្អូនយើងនឹងកត់សម្គាល់និងឲ្យតម្លៃចំពោះការខំប្រឹងរបស់យើងដើម្បីស្លៀកពាក់ស្អាតនិងសមរម្យ។ ម្យ៉ាងទៀត ការស្កប់ចិត្តដែលយើងមានដោយសារយើងបាននាំឲ្យបិតានៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់ទទួលការសរសើរតម្កើង គឺច្រើនជាងការលះបង់ណាដែលយើងបានធ្វើដើម្បីស្លៀកពាក់តាមរបៀបដែលនាំឲ្យលោកទទួលការសរសើរតម្កើង។
១៧. តើមានកត្ដាអ្វីខ្លះដែលអាចមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់បងប្អូនប្រុសស្តីអំពីពុកចង្កា?
១៧ តើគឺសមត្រឹមត្រូវឲ្យបងប្អូនប្រុសមានពុកចង្កាឬទេ? ច្បាប់ម៉ូសេបានតម្រូវឲ្យបុរសមានពុកចង្កា។ ប៉ុន្តែ គ្រិស្តសាសនិកមិននៅក្រោមច្បាប់ម៉ូសេ ឬមិនត្រូវតែធ្វើតាមច្បាប់នោះទេ។ (លេវីវិន័យ ១៩:២៧; ២១:៥; កាឡាទី ៣:២៤, ២៥) នៅវប្បធម៌ខ្លះ ពុកចង្កាខ្លីប្រហែលជាគួរសមនិងគួរឲ្យគោរព ហើយប្រហែលជាមិនធ្វើឲ្យមនុស្សលែងចង់ស្ដាប់ដំណឹងដែលយើងផ្សាយ។ ម្យ៉ាងទៀត បងប្រុសខ្លះដែលមានភារកិច្ចក្នុងក្រុមជំនុំមានពុកចង្កា។ ទោះជាយ៉ាងនេះក៏ដោយ បងប្អូនប្រុសខ្លះទៀតប្រហែលជាសម្រេចចិត្តមិនទុកពុកចង្កាឡើយ។ (កូរិនថូសទី១ ៨:៩, ១៣; ១០:៣២) នៅវប្បធម៌ឬកន្លែងផ្សេងទៀត ការមានពុកចង្កាមិនមែនជាទម្លាប់ ហើយនេះមិនមែនជាអ្វីដែលបានត្រូវចាត់ទុកថាសមត្រឹមត្រូវចំពោះសាក្សីព្រះយេហូវ៉ាទេ។ ដូច្នេះ បើបងប្អូនប្រុសមានពុកចង្កា នេះប្រហែលជារារាំងគាត់ពីការធ្វើឲ្យព្រះទទួលការសរសើរតម្កើង និងពីការធ្វើជាបុគ្គលដែល«គ្មានកន្លែងបន្ទោស»។—ធីម៉ូថេទី១ ៣:២, ៧; រ៉ូម ១៥:១-៣
១៨, ១៩. តើមីកា ៦:៨ជួយយើងយ៉ាងដូចម្ដេច?
១៨ យើងមានចិត្តកតញ្ញូដែលព្រះយេហូវ៉ាមិនឲ្យយើងនូវបញ្ជីវែងមួយស្តីអំពីការស្លៀកពាក់សម្អិតសម្អាងខ្លួនដែលសមរម្យនិងមិនសមរម្យ។ ផ្ទុយទៅវិញ លោកបានឲ្យយើងមានសេរីភាពធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនដែលសមហេតុសមផលដោយផ្អែកលើគោលការណ៍គម្ពីរ។ ដូច្នេះ សូម្បីតែនៅពេលដែលយើងត្រូវធ្វើការសម្រេចចិត្តអំពីរបៀបដែលយើងស្លៀកពាក់សម្អិតសម្អាងខ្លួន យើងអាចបង្ហាញថាយើងចង់មានចិត្តសុភាពរាបទាបកាលដែលយើងបម្រើព្រះរបស់យើង។—មីកា ៦:៨
១៩ ដោយចិត្តសុភាពរាបទាប យើងទទួលស្គាល់ថាព្រះយេហូវ៉ាគឺបរិសុទ្ធ ហើយខ្នាតតម្រារបស់លោកគឺជាការណែនាំដ៏ល្អបំផុតសម្រាប់យើង។ បើយើងចង់មានចិត្តរាបទាប យើងនឹងធ្វើតាមខ្នាតតម្រារបស់លោកក្នុងជីវិតរបស់យើង។ ចិត្តរាបទាបក៏នឹងជួយយើងឲ្យគោរពទស្សនៈនិងអារម្មណ៍របស់អ្នកឯទៀត។
២០. តើរបៀបដែលយើងស្លៀកពាក់សម្អិតសម្អាងខ្លួនគួរមានឥទ្ធិពលយ៉ាងណាទៅលើអ្នកឯទៀត?
២០ សម្លៀកបំពាក់របស់យើងគួរបង្ហាញយ៉ាងច្បាស់ថាយើងជាអ្នកបម្រើព្រះយេហូវ៉ា។ ព្រះយេហូវ៉ាមានខ្នាតតម្រាដ៏ខ្ពង់ខ្ពស់ ហើយយើងសប្បាយចិត្តធ្វើតាមខ្នាតតម្រានោះ។ ជាទូទៅ បងប្អូនរបស់យើងគួរទទួលការសរសើរចំពោះរបៀបដែលពួកគេស្លៀកពាក់សម្អិតសម្អាងខ្លួននិងការប្រព្រឹត្តដ៏ល្អរបស់ពួកគេ។ នេះទាក់ទាញមនុស្សដែលមានចិត្តស្មោះឲ្យចង់ស្ដាប់ដំណឹងក្នុងគម្ពីរដែលអាចសង្គ្រោះជីវិត ហើយនាំឲ្យព្រះយេហូវ៉ាមានអំណរនិងទទួលការសរសើរតម្កើង។ ពេលយើងធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃអំពីរបៀបដែលយើងស្លៀកពាក់ យើងនឹងបន្តនាំឲ្យព្រះដែលជាអ្នកដែលប្រដាប់ខ្លួនលោក«ដោយយសសក្ដិនឹងតេជានុភាព»ទទួលការសរសើរតម្កើង។—ទំនុកតម្កើង ១០៤:១, ២