ប្អូនៗវ័យក្មេង ចូរពង្រឹងជំនឿរបស់ប្អូន
«ជំនឿគឺជា . . . ការឃើញភ័ស្តុតាងដែលនាំឲ្យជឿជាក់ថា អ្វីដែលភ្នែកមើលមិនឃើញពិតជាមានមែន»។—ហេប្រឺ ១១:១
១, ២. ជួនកាល តើប្អូនៗវ័យក្មេងដែលជាអ្នកបម្រើព្រះយេហូវ៉ាប្រហែលជាឆ្ងល់អំពីអ្វី ហើយតើគម្ពីរផ្ដល់ឱវាទអ្វី?
សិស្សរួមថ្នាក់ម្នាក់របស់ប្អូនស្រីវ័យក្មេងនៅប្រទេសអង់គ្លេសបានប្រាប់គាត់ថា៖ «ឯងមើលទៅដូចជាមនុស្សឆ្លាត តែម៉េចជឿលើព្រះអ៊ីចឹង»។ ប្អូនប្រុសម្នាក់នៅប្រទេសអាល្លឺម៉ង់បានសរសេរថា៖ «គ្រូបង្រៀនរបស់ខ្ញុំចាត់ទុកកំណត់ហេតុក្នុងគម្ពីរស្តីអំពីការបង្កើតថាជារឿងប្រឌិត។ ម្យ៉ាងទៀត ពួកគាត់ស្មានថាសិស្សជាទូទៅជឿលើការវិវត្តន៍»។ ប្អូនស្រីវ័យក្មេងម្នាក់នៅប្រទេសបារាំងបាននិយាយថា៖ «គ្រូបង្រៀននៅសាលារបស់ខ្ញុំបានភ្ញាក់ផ្អើលពេលមានសិស្សដែលនៅតែជឿលើគម្ពីរ»។
២ សព្វថ្ងៃនេះ មនុស្សជាច្រើនមិនជឿថាព្រះបានបង្កើតយើងទេ។ បើអ្នកជាប្អូនៗវ័យក្មេងដែលបម្រើព្រះយេហូវ៉ាឬកំពុងរៀនអំពីលោក ជួនកាលអ្នកប្រហែលជាឆ្ងល់អំពីរបៀបដែលអ្នកអាចផ្ដល់ទីសំអាងថាលោកគឺជាអ្នកបង្កើតរបស់យើង។ គម្ពីរជួយយើងគិតឲ្យបានដិតដល់អំពីអ្វីដែលយើងឮឬអាន ហើយវែកញែកទៅលើអ្វីទាំងនោះ។ បណ្ដាំរបស់ព្រះចែងថា៖ «គំនិតវាងវៃនឹងការពារឯង»។ តើតាមរបៀបណា? គំនិតវាងវៃនឹងជួយអ្នកឲ្យមិនព្រមទទួលទស្សនៈដែលមិនពិត ហើយពង្រឹងជំនឿរបស់អ្នកទៅលើព្រះយេហូវ៉ា។—សូមអាន សុភាសិត ២:១០-១២
៣. ក្នុងអត្ថបទនេះ តើយើងនឹងពិចារណាអ្វី?
៣ ដើម្បីមានជំនឿមាំមួនទៅលើព្រះយេហូវ៉ា យើងត្រូវស្គាល់លោកឲ្យបានច្បាស់។ (ធីម៉ូថេទី១ ២:៤) ដូច្នេះ ពេលអ្នកអានគម្ពីរនិងសៀវភៅផ្សេងៗរបស់យើង គឺជាការសំខាន់ណាស់ដែលអ្នកផ្អាកនិងគិតអំពីអ្វីដែលអាន។ ចូរព្យាយាមយល់អំពីអ្វីដែលអ្នកកំពុងអាន។ (ម៉ាថាយ ១៣:២៣) សូមយើងពិចារណាអំពីរបៀបដែលការសិក្សាតាមរបៀបនេះ នឹងជួយអ្នកឃើញភ័ស្តុតាងជាច្រើនដែលបង្ហាញថាព្រះយេហូវ៉ាគឺជាអ្នកបង្កើតរបស់យើង ហើយថាគម្ពីរគឺមកពីលោក។—ហេប្រឺ ១១:១
របៀបពង្រឹងជំនឿរបស់អ្នក
៤. តើមានចំណុចស្រដៀងគ្នាអ្វីរវាងការជឿលើការវិវត្តន៍និងការជឿលើការបង្កើត? តើយើងទាំងអស់គ្នាត្រូវធ្វើអ្វី?
៤ ប្រហែលជាមានគេនិយាយមកកាន់អ្នកថា៖ «ខ្ញុំជឿលើការវិវត្តន៍ ដោយសារពួកអ្នកវិទ្យាសាស្ត្របាននិយាយថានេះគឺជាការពិត។ តើអ្នកអាចជឿលើព្រះយ៉ាងដូចម្ដេចពេលដែលគ្មាននរណាម្នាក់បានឃើញលោក?»។ មនុស្សជាច្រើនគិតដូច្នេះ។ ពិតមែន គ្មានយើងណាម្នាក់ឃើញព្រះ ឬសង្កេតមើលពេលដែលអ្វីមួយបានត្រូវបង្កើតឡើយ។ (យ៉ូហាន ១:១៨) ប៉ុន្តែ ចុះយ៉ាងណាមនុស្សដែលជឿលើការវិវត្តន៍? ពួកគេក៏ជឿលើអ្វីដែលពួកគេមិនអាចឃើញដែរ។ គ្មានអ្នកវិទ្យាសាស្ត្រណាម្នាក់ ឬមនុស្សណាម្នាក់ឃើញប្រភេទភាវរស់ណាមួយវិវត្តន៍ទៅជាប្រភេទមួយទៀតឡើយ។ ជាឧទាហរណ៍ គ្មានអ្នកណាធ្លាប់ឃើញពពួកសត្វល្មូនវិវត្តន៍ទៅជាពពួកថនិកសត្វទេ។ (យ៉ូប ៣៨:១, ៤) ដូច្នេះ យើងទាំងអស់គ្នាត្រូវពិនិត្យមើលហេតុការណ៍ពិត។ សូមគិតអំពីហេតុការណ៍ពិតទាំងនេះដោយយកចិត្តទុកដាក់ ហើយសម្រេចចិត្តអំពីអ្វីដែលជាការពិត។ មនុស្សជាច្រើនបានសង្កេតមើលអ្វីៗក្នុងធម្មជាតិ ហើយ«ពិចារណា»ឲ្យយល់ថាមានព្រះ។ ពួកគេបាន«ឃើញច្បាស់»ថាលោកគឺជាអ្នកបង្កើត ហើយថាលោកមានឫទ្ធានុភាពនិងមានគុណសម្បត្ដិដ៏អស្ចារ្យជាច្រើន។—រ៉ូម ១:២០
៥. តើឧបករណ៍ស្រាវជ្រាវអ្វីខ្លះអាចជួយយើងឲ្យរៀនថែមទៀតអំពីអ្វីដែលព្រះបានបង្កើត?
៥ ពេលយើងសង្កេតមើលធម្មជាតិ ហើយគិតយ៉ាងស៊ីជម្រៅអំពីនោះ យើងអាចឃើញថាអ្វីៗទាំងអស់បានត្រូវបង្កើតតាមរបៀបដ៏អស្ចារ្យ។ «ដោយសារជំនឿ យើងយល់ឃើញថា»មានអ្នកបង្កើត ទោះជាមនុស្សមើលមិនឃើញលោកក្ដី។ យើងយល់ថាលោកមានបុគ្គលិកលក្ខណៈដ៏គួរឲ្យសរសើរនិងមានប្រាជ្ញាដ៏ឧត្តម។ (ហេប្រឺ ១១:៣, ២៧) យើងអាចរៀនថែមទៀតអំពីអ្វីដែលលោកបានបង្កើតដោយអានអំពីអ្វីដែលអ្នកវិទ្យាសាស្ត្របានរកឃើញ។ ព័ត៌មានខ្លះទាំងនោះមាននៅក្នុងឧបករណ៍ស្រាវជ្រាវដូចជាវីដេអូដែលមានចំណងជើងថា អ្វីៗដ៏អស្ចារ្យដែលព្រះបានបង្កើតបង្ហាញអំពីសិរីរុងរឿងរបស់លោក និងសៀវភៅស្តើងតើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ?
៦. តើឧបករណ៍ស្រាវជ្រាវអាចជួយអ្នកយ៉ាងដូចម្ដេច?
៦ នៅសហរដ្ឋអាម៉េរិក ប្អូនប្រុសម្នាក់ដែលមានអាយុ១៩ឆ្នាំបាននិយាយអំពីសៀវភៅស្តើងពីរជាភាសាអង់គ្លេសដែលរៀបរាប់អំពីការបង្កើត។ គាត់និយាយថា៖ «សៀវភៅស្តើងទាំងនោះមានប្រយោជន៍ណាស់សម្រាប់ខ្ញុំ។ ខ្ញុំបានសិក្សាសៀវភៅស្តើងទាំងនោះប្រហែលជា១២ដង»។ បងស្រីម្នាក់នៅប្រទេសបារាំងបានសរសេរថា៖ «អត្ថបទដែលមានចំណងជើងថា ‹តើវាបានត្រូវគ្រោងបង្កើតឬទេ?›បានធ្វើឲ្យខ្ញុំកោតស្ងើចណាស់! អត្ថបទទាំងនោះបង្ហាញថាវិស្វករដ៏ជំនាញបំផុតព្យាយាមយកគំរូតាមអ្វីក្នុងធម្មជាតិ ប៉ុន្តែមិនស្មើនឹងភាពសាំញ៉ាំក្នុងធម្មជាតិឡើយ»។ នៅប្រទេសអាហ្វ្រិកខាងត្បូង ឪពុកម្ដាយរបស់ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់បាននិយាយថាតាមធម្មតា អ្វីដែលកូនស្រីយើងអានមុនគេក្នុងទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) គឺអត្ថបទតភាគដែលសម្ភាសបុគ្គលដែលមានជំនាញណាមួយ។ សៀវភៅផ្សេងៗទាំងនេះក៏អាចជួយអ្នកឲ្យឃើញភ័ស្តុតាងដែលបញ្ជាក់ថាមានអ្នកបង្កើត ហើយអ្នកនឹងអាចសម្គាល់និងបដិសេធសេចក្ដីបង្រៀនមិនពិត។ ជំនឿរបស់អ្នកនឹងមាំមួនណាស់បានជាអ្នកនឹងប្រៀបដូចជាដើមឈើដែលចាក់ឫសជ្រៅ ហើយដែលមិនរលំ ទោះជាមានខ្យល់ខ្លាំងក្ដី។—យេរេមា ១៧:៥-៨
ជំនឿរបស់អ្នកទៅលើគម្ពីរ
៧. ហេតុអ្វីព្រះចង់ឲ្យអ្នកប្រើសមត្ថភាពរិះគិត?
៧ តើជាការខុសឬទេដែលសួរសំណួរដូចជា ‹ហេតុអ្វីខ្ញុំជឿអ្វីដែលគម្ពីរចែង›? មិនមែនទេ។ ព្រះយេហូវ៉ាមិនចង់ឲ្យអ្នកជឿអ្វីមួយដោយសារតែអ្នកឯទៀតជឿនោះទេ។ លោកចង់ឲ្យអ្នកប្រើ«សមត្ថភាពរិះគិត»ដើម្បីស្គាល់គម្ពីរ និងរកភ័ស្តុតាងដែលបញ្ជាក់ថាគម្ពីរគឺពិតជាមកពីលោក។ កាលដែលអ្នកកាន់តែស្គាល់អ្វីដែលគម្ពីរចែង អ្នកនឹងកាន់តែមានជំនឿមាំមួនទៅលើគម្ពីរ។ (សូមអាន រ៉ូម ១២:១, ២; ធីម៉ូថេទី១ ២:៤) របៀបមួយដើម្បីស្គាល់គម្ពីរគឺដោយសិក្សាប្រធានបទផ្សេងៗដែលអ្នកចង់ដឹងថែមទៀត។
៨, ៩. (ក) តើបងប្អូនខ្លះចូលចិត្តរៀនអំពីប្រធានបទអ្វីខ្លះ? (ខ) តើបងប្អូនខ្លះបានទទួលប្រយោជន៍យ៉ាងណាពេលពួកគាត់រំពឹងគិតអំពីអ្វីដែលពួកគាត់អាន?
៨ បងប្អូនខ្លះចូលចិត្តសិក្សាទំនាយក្នុងគម្ពីរ ឬប្រហែលជាចូលចិត្តប្រៀបធៀបកំណត់ហេតុក្នុងគម្ពីរជាមួយនឹងអ្វីដែលអ្នកប្រវត្ដិវិទូ អ្នកវិទ្យាសាស្ត្រ ឬអ្នកបុរាណវត្ថុវិទ្យានិយាយ។ ជាឧទាហរណ៍ សូមគិតអំពីលោកុប្បត្តិ ៣:១៥។ ព្រះយេហូវ៉ាបានប្រកាសទំនាយនេះដ៏សំខាន់ណាស់បន្ទាប់ពីអាដាមនិងអេវ៉ាបានបះបោរប្រឆាំងនឹងលោកនិងរបៀបគ្រប់គ្រងរបស់លោក។ នេះគឺជាទំនាយទីមួយក្នុងចំណោមទំនាយជាច្រើនក្នុងគម្ពីរដែលជួយយើងឲ្យយល់អំពីរបៀបដែលរាជាណាចក្រព្រះនឹងបង្ហាញថាការគ្រប់គ្រងរបស់ព្រះគឺល្អបំផុត ហើយអំពីរបៀបដែលរាជាណាចក្រនោះនឹងបំបាត់ទុក្ខវេទនាទាំងអស់។ តើតាមរបៀបណាអ្នកអាចសិក្សាលោកុប្បត្តិ ៣:១៥? អ្នកអាចធ្វើបញ្ជីមួយអំពីខគម្ពីរផ្សេងៗដែលមានព័ត៌មានថែមទៀតអំពីរបៀបដែលទំនាយនេះនឹងក្លាយទៅជាការពិត។ បន្ទាប់មក អ្នកអាចស្វែងយល់ថាខគម្ពីរទាំងនោះបានត្រូវសរសេរនៅពេលណា ហើយដាក់តាមលំដាប់ពេល។ មិនយូរក្រោយមក អ្នកនឹងយល់ថាអ្នកទាំងនោះដែលសរសេរគម្ពីរបានរស់នៅគ្រាខុសៗគ្នា ប៉ុន្តែពួកគាត់ម្នាក់ៗបានសរសេរអ្វីដែលធ្វើឲ្យទំនាយនោះកាន់តែច្បាស់ទៅៗ។ នេះអាចជួយអ្នកឲ្យឃើញថាសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាបានដឹកនាំពួកគាត់។—ពេត្រុសទី២ ១:២១
៩ នៅប្រទេសអាល្លឺម៉ង់ បងប្រុសម្នាក់បានគិតអំពីរបៀបដែលសៀវភៅនីមួយៗក្នុងគម្ពីរមានព័ត៌មានអំពីរាជាណាចក្រព្រះ។ គាត់បាននិយាយថា៖ «គម្ពីរគឺដូច្នេះ ទោះជាបានត្រូវសរសេរដោយបុរសប្រហែលជា៤០នាក់ក៏ដោយ។ ម្យ៉ាងទៀត ពួកគាត់ជាច្រើននាក់បានរស់នៅសម័យខុសៗគ្នា ហើយមិនស្គាល់គ្នាដោយផ្ទាល់ទេ»។ បងស្រីម្នាក់ដែលនៅប្រទេសអូស្ដ្រាលីបានសិក្សាអត្ថបទមួយក្នុងទស្សនាវដ្ដីប៉មយាម ហើយបានរៀនអំពីរបៀបដែលបុណ្យរំលងជាប់ទាក់ទងនឹងលោកុប្បត្តិ ៣:១៥និងមេស្ស៊ី។ [១] (សូមមើលកំណត់នៅចុងអត្ថបទ) គាត់បានសរសេរថា៖ «ការសិក្សានោះបានធ្វើឲ្យខ្ញុំយល់ថាព្រះយេហូវ៉ាគឺអស្ចារ្យខ្លាំងណាស់។ ខ្ញុំពិតជាកោតស្ងើចដែលអាចមានបុគ្គលម្នាក់ដែលបានគិតអំពីការរៀបចំនេះសម្រាប់ជនជាតិអ៊ីស្រាអែល ហើយដែលបានធ្វើឲ្យនេះសម្រេចតាមរយៈលោកយេស៊ូ។ ខ្ញុំត្រូវផ្អាក ហើយពិចារណាអំពីអាហារបុណ្យរំលងនោះដែលជាតំណាងអ្វីមួយដែលនឹងកើតឡើងនៅសម័យក្រោយមក។ ការរៀបចំនោះគឺអស្ចារ្យណាស់!»។ ហេតុអ្វីបងស្រីនេះមានអារម្មណ៍ដូច្នេះ? គាត់បានគិតយ៉ាងស៊ីជម្រៅអំពីអ្វីដែលគាត់អាន ហើយបានយល់។ នេះបានជួយពង្រឹងជំនឿរបស់គាត់ ហើយបានធ្វើឲ្យគាត់ចូលកាន់តែជិតព្រះយេហូវ៉ា។—ម៉ាថាយ ១៣:២៣
១០. តើភាពទៀងត្រង់របស់អ្នកសរសេរគម្ពីរពង្រឹងជំនឿរបស់យើងទៅលើគម្ពីរយ៉ាងដូចម្ដេច?
១០ សូមគិតដែរអំពីភាពទៀងត្រង់របស់បុរសដែលបានសរសេរគម្ពីរ។ ពួកគាត់តែងតែសរសេរការពិត ហើយមិនខ្លាចនឹងធ្វើដូច្នេះឡើយ។ អ្នកនិពន្ធនៅសម័យនោះច្រើនតែសរសេរអ្វីដែលល្អប៉ុណ្ណោះអំពីប្រជាជាតិនិងអ្នកដឹកនាំរបស់ពួកគេ។ ប៉ុន្តែ អ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាមិនគ្រាន់តែបានសរសេរអំពីអ្វីដែលល្អដែលជនជាតិអ៊ីស្រាអែលនិងស្តេចរបស់ពួកគេបានធ្វើប៉ុណ្ណោះទេ តែក៏បានសរសេរអំពីអ្វីមិនល្អដែលពួកគេបានធ្វើដែរ។ (របាក្សត្រទី២ ១៦:៩, ១០; ២៤:១៨-២២) ពួកគាត់ថែមទាំងសរសេរអំពីកំហុសរបស់ខ្លួននិងកំហុសរបស់អ្នកបម្រើឯទៀតរបស់ព្រះ។ (សាំយូអែលទី២ ១២:១-១៤; ម៉ាកុស ១៤:៥០) ប្អូនប្រុសវ័យក្មេងម្នាក់ដែលនៅប្រទេសអង់គ្លេសបាននិយាយថា៖ «ភាពទៀងត្រង់បែបនោះកម្រមានណាស់។ នេះធ្វើឲ្យយើងកាន់តែមានទំនុកចិត្តថាគម្ពីរគឺពិតជាមកពីព្រះយេហូវ៉ា»។
១១. តើតាមរបៀបណាការណែនាំក្នុងគម្ពីរអាចធ្វើឲ្យយើងជឿជាក់ថាគម្ពីរគឺមកពីព្រះ?
១១ ពេលមនុស្សធ្វើតាមការណែនាំពីគម្ពីរក្នុងជីវិតរស់នៅ នោះពួកគេឃើញថាគម្ពីរមានឥទ្ធិពលល្អទៅលើជីវិត។ នេះធ្វើឲ្យពួកគេជឿជាក់ថាគម្ពីរគឺមកពីព្រះ។ (សូមអាន ទំនុកតម្កើង ១៩:៧-១១) ប្អូនស្រីវ័យក្មេងម្នាក់នៅប្រទេសជប៉ុនបានសរសេរថា៖ «ពេលក្រុមគ្រួសាររបស់ខ្ញុំធ្វើតាមសេចក្ដីបង្រៀនក្នុងគម្ពីរ យើងពិតជាសប្បាយរីករាយណាស់។ យើងមានសេចក្ដីសុខសាន្ត សាមគ្គីភាព និងសេចក្ដីស្រឡាញ់»។ គម្ពីរបានជួយមនុស្សជាច្រើនឲ្យយល់ថាអ្វីខ្លះដែលពួកគេជឿ មិនមែនជាការពិតទេ។ (ទំនុកតម្កើង ១១៥:៣-៨) គម្ពីរណែនាំមនុស្សឲ្យពឹងផ្អែកលើព្រះយេហូវ៉ាដែលជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ហើយគម្ពីរក៏មានសេចក្ដីសន្យាអំពីអនាគតដ៏ប្រសើរជាង។ ម្យ៉ាងវិញទៀត អ្នកខ្លះដែលនិយាយថាគ្មានព្រះ យកធម្មជាតិធ្វើដូចជាព្រះរបស់ពួកគេ។ អ្នកខ្លះទៀតនិយាយថាមនុស្សជាតិអាចផ្ដល់អនាគតដ៏ប្រសើរជាង ប៉ុន្តែពេលយើងមើលអ្វីដែលមនុស្សបានធ្វើកន្លងមក ពួកគេមិនបានដោះស្រាយបញ្ហាក្នុងពិភពលោកទេ។—ទំនុកតម្កើង ១៤៦:៣, ៤
របៀបវែកញែកជាមួយនឹងអ្នកឯទៀត
១២, ១៣. តើតាមរបៀបណាយើងអាចនិយាយជាមួយនឹងអ្នកឯទៀតអំពីអ្វីដែលព្រះបានបង្កើតឬអំពីគម្ពីរ?
១២ ដំបូងសូមស្វែងយល់អំពីអ្វីដែលអ្នកឯទៀតជឿ មុនអ្នកនិយាយអំពីការបង្កើត ឬអំពីគម្ពីរជាមួយនឹងពួកគេ។ សូមចាំថាអ្នកខ្លះដែលជឿលើការវិវត្តន៍ក៏ជឿថាមានព្រះដែរ។ ពួកគេនិយាយថាព្រះបានប្រើការវិវត្តន៍ដើម្បីបង្កើតភាវរស់ទាំងអស់។ អ្នកខ្លះទៀតជឿថាការវិវត្តន៍ច្បាស់ជាការពិត ដោយសារនេះបានត្រូវបង្រៀននៅសាលា។ ម្យ៉ាងទៀត អ្នកខ្លះឈប់ជឿព្រះ ដោយសារពួកគេខកចិត្តនឹងសាសនា។ ដូច្នេះ ដំបូងសូមសួរបុគ្គលនោះអំពីអ្វីដែលគាត់ជឿ និងមូលហេតុដែលគាត់ជឿដូច្នេះ។ ក្រោយមក ចូរស្ដាប់យ៉ាងយកចិត្តទុកដាក់ចំពោះអ្វីដែលគាត់និយាយ។ បើអ្នកធ្វើដូច្នេះ គាត់ប្រហែលជាចង់ស្ដាប់អ្នកជាង។—ទីតុស ៣:២
ដោយបង្ហាញការគោរព សូមសួរមនុស្សអំពីអ្វីដែលពួកគេជឿ ហើយក្រោយមកស្ដាប់យ៉ាងយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេនិយាយ
១៣ បើអ្នកណាម្នាក់និយាយថាអ្នកជាមនុស្សល្ងង់ដោយសារអ្នកជឿថាមានអ្នកបង្កើត តើអ្នកអាចតបឆ្លើយយ៉ាងដូចម្ដេច? ដោយបង្ហាញការគោរព ចូរសុំបុគ្គលនោះឲ្យពន្យល់អ្នកអំពីគំនិតរបស់គាត់ស្តីអំពីរបៀបដែលជីវិតទាំងឡាយបានចាប់ផ្ដើម។ អ្នកអាចលើកបញ្ជាក់ថាបើជីវិតបានវិវត្តន៍ ភាវរស់មុនគេបង្អស់ត្រូវមានសមត្ថភាពបន្តពូជដោយបំបែកខ្លួនជាថ្មីមួយទៀត ហើយចំលងធាតុផ្សេងៗយ៉ាងត្រឹមត្រូវពីភាវរស់ទី១។ តាមពិត សាស្ដ្រាចារ្យផ្នែកគីមីវិទ្យាម្នាក់បាននិយាយថាភាវរស់ទី១នោះត្រូវការអ្វីផ្សេងៗទៀតរួមទាំង៖ (១) អ្វីមួយដែលដូចជាស្បែកដើម្បីការពារវា (២) សមត្ថភាពទទួលថាមពលនិងប្រើប្រាស់ថាមពលនោះ (៣) ព័ត៌មានអំពីរូបរាងនិងការលូតលាស់របស់វា ឬឌីអិនអេ (DNA) និង (៤) សមត្ថភាពចម្លងព័ត៌មាននោះ។ គាត់បានបន្ថែមទៀតថា៖ «សូម្បីតែភាវរស់ដ៏តូចបំផុតក៏មានទម្រង់សាំញ៉ាំដែរ»។
១៤. ពេលពិភាក្សាអំពីការបង្កើត តើអ្នកអាចប្រើរបៀបវែកញែកដ៏ស្រួលយល់អ្វី?
១៤ ពេលពិភាក្សាអំពីការបង្កើត អ្នកអាចប្រើរបៀបវែកញែកដ៏ស្រួលយល់ដែលសាវ័កប៉ូលបានប្រើ។ គាត់បានសរសេរថា៖ «ផ្ទះទាំងអស់មានអ្នកសង់ ប៉ុន្តែអ្នកដែលបានសង់អ្វីៗទាំងអស់គឺព្រះ»។ (ហេប្រឺ ៣:៤) ផ្ទះមានអ្នកគូប្លង់និងសង់។ ភាវរស់ដែលមានភាពសាំញ៉ាំជាងផ្ទះឆ្ងាយណាស់ ច្បាស់ជាមានអ្នកគ្រោងនិងបង្កើត។ អ្នកក៏អាចប្រើសៀវភៅផ្សេងៗរបស់យើង។ បងស្រីម្នាក់បាននិយាយជាមួយនឹងបុរសវ័យក្មេងដែលមិនជឿថាមានព្រះ។ បងស្រីយើងបានឲ្យគាត់នូវសៀវភៅស្តើងពីរក្បាលដែលរៀបរាប់អំពីការបង្កើត ហើយប្រហែលជាមួយសប្ដាហ៍ក្រោយមក គាត់បាននិយាយថា៖ «ឥឡូវខ្ញុំជឿព្រះហើយ»។ បុរសវ័យក្មេងនោះបានចាប់ផ្ដើមសិក្សាគម្ពីរ ហើយក្រោយមកបានទៅជាបងប្អូនរួមជំនឿរបស់យើង។
១៥, ១៦. តើយើងគួរធ្វើអ្វីមុនយើងពន្យល់បុគ្គលណាម្នាក់ថាគម្ពីរគឺមកពីព្រះ? តើយើងគួរចាំអំពីអ្វីជានិច្ច?
១៥ បើបុគ្គលណាម្នាក់សង្ស័យអំពីគម្ពីរ តើអ្នកអាចវែកញែកជាមួយនឹងគាត់យ៉ាងដូចម្ដេច? ដូចបានរៀបរាប់ខាងលើ ដំបូងសូមសួរគាត់អំពីអ្វីដែលគាត់ជឿ។ ម្យ៉ាងទៀត សូមស្វែងយល់អំពីចំណាប់អារម្មណ៍របស់គាត់។ (សុភាសិត ១៨:១៣) បើគាត់ចូលចិត្តវិទ្យាសាស្ត្រ សូមលើកឧទាហរណ៍ពីគម្ពីរដើម្បីបង្ហាញថាអ្វីដែលគម្ពីរចែងអំពីវិទ្យាសាស្ត្រតែងតែត្រឹមត្រូវ។ បើគាត់ចូលចិត្តប្រវត្ដិសាស្ត្រ អ្នកអាចលើកបញ្ជាក់អំពីព្រឹត្ដិការណ៍មួយដែលបានត្រូវរៀបរាប់ក្នុងសៀវភៅប្រវត្ដិសាស្ត្រ ហើយបង្ហាញគាត់អំពីរបៀបដែលគម្ពីរបានប្រកាសទុកជាមុនអំពីព្រឹត្ដិការណ៍នោះជាច្រើនឆ្នាំមុនបានសម្រេច។ មនុស្សខ្លះទៀតប្រហែលជាស្ដាប់អ្នក បើអ្នកបង្ហាញពួកគេអំពីអ្វីមួយក្នុងគម្ពីរដែលអាចធ្វើឲ្យជីវិតរបស់ពួកគេល្អប្រសើរជាង ដូចជាឱវាទក្នុងសុន្ទរកថានៅលើភ្នំ។
១៦ សូមចាំថា យើងមិនចង់ឈ្លោះប្រកែកជាមួយនឹងមនុស្សឯទៀតទេ។ យើងចង់ឲ្យពួកគេចូលចិត្តសន្ទនាជាមួយយើង ហើយចូលចិត្តរៀនអំពីគម្ពីរ។ ដូច្នេះ សូមសួរសំណួរដោយបង្ហាញការគោរព ហើយក្រោយមកស្ដាប់យ៉ាងយកចិត្តទុកដាក់។ ពេលអ្នកប្រាប់អ្នកណាម្នាក់អំពីអ្វីដែលអ្នកជឿ ចូរធ្វើដូច្នេះដោយគួរសម ជាពិសេសបើបុគ្គលនោះចាស់ជាងអ្នក។ បើអ្នកគោរពអ្នកឯទៀត ពួកគេទំនងជានឹងគោរពអ្នកដែរ។ ម្យ៉ាងទៀត ពួកគេនឹងកោតស្ងើចដែលអ្នកបានគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលអ្នកជឿ ទោះជាអ្នកនៅក្មេងក្ដី។ បើអ្នកណាម្នាក់គ្រាន់តែចង់ឈ្លោះប្រកែកឬសើចចំអកអ្នក អ្នកនឹងមិនចាំបាច់តបឆ្លើយនឹងគាត់ទេ។—សុភាសិត ២៦:៤
ចូរស្វែងយល់សេចក្ដីពិតពីគម្ពីរ និងពង្រឹងជំនឿរបស់អ្នក
១៧, ១៨. (ក) តើអ្វីអាចជួយអ្នកឲ្យពង្រឹងជំនឿរបស់អ្នកទៅលើគម្ពីរ? (ខ) តើយើងនឹងពិចារណាសំណួរអ្វីនៅអត្ថបទបន្ទាប់?
១៧ យើងប្រហែលជាស្គាល់សេចក្ដីបង្រៀនសំខាន់ៗក្នុងគម្ពីរ ប៉ុន្តែដើម្បីមានជំនឿមាំមួនយើងត្រូវធ្វើច្រើនជាងនេះ។ ដូច្នេះ យើងត្រូវស្រាវជ្រាវនិងស្វែងយល់សេចក្ដីពិតដ៏ជ្រាលជ្រៅក្នុងគម្ពីរ គឺប្រៀបដូចជាយើងកំពុងស្វែងរកកំណប់ទ្រព្យ។ (សុភាសិត ២:៣-៦) របៀបដ៏ល្អមួយដើម្បីពង្រឹងជំនឿរបស់អ្នកគឺដោយអានគម្ពីរទាំងមូល។ ប្រហែលជាអ្នកអាចព្យាយាមអានឲ្យចប់នៅក្នុងមួយឆ្នាំ។ ការធ្វើដូច្នេះបានជួយអ្នកត្រួតពិនិត្យប្រចាំមណ្ឌលឲ្យចូលកាន់តែជិតព្រះយេហូវ៉ាពេលគាត់នៅក្មេង។ គាត់បាននិយាយថា៖ «អ្វីមួយដែលបានជួយខ្ញុំឲ្យយល់ថាគម្ពីរគឺជាបណ្ដាំរបស់ព្រះ គឺការអានគម្ពីរទាំងមូល។ ដោយធ្វើដូច្នេះខ្ញុំអាចយល់រឿងក្នុងគម្ពីរដែលខ្ញុំបានរៀនតាំងពីខ្ញុំនៅក្មេងតូច»។ ម្យ៉ាងទៀត ចូរប្រើឧបករណ៍ស្រាវជ្រាវដែលមានក្នុងភាសារបស់អ្នកដើម្បីជួយអ្នកឲ្យយល់អ្វីដែលអ្នកអាន។ អ្នកប្រហែលជាមានបណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម ឬជំនួយស្រាវជ្រាវសម្រាប់សាក្សីព្រះយេហូវ៉ា។
១៨ ឪពុកម្ដាយទាំងឡាយ អ្នកមានតួនាទីសំខាន់ណាស់ក្នុងការបង្រៀនកូនរបស់អ្នកអំពីព្រះយេហូវ៉ា។ ដូច្នេះ តើតាមរបៀបណាអ្នកអាចជួយពួកគេឲ្យមានជំនឿមាំមួនលើលោក? អត្ថបទបន្ទាប់នឹងពិចារណាអំពីរបៀបខ្លះដែលអ្នកអាចធ្វើដូច្នេះ។
^ [១] (វគ្គ៩) ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣។