ព្រះយេហូវ៉ាចំរើនកម្លាំងដល់អ្នកនឿយហត់
«តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាបដូចជាឥន្ទ្រី»។—អេសាយ ៤០:៣១
១, ២. តើព្រះយេហូវ៉ាប្រទានអ្វីដល់ពួកអ្នកដែលទុកចិត្តនឹងទ្រង់ ហើយតើយើងនឹងពិចារណាអ្វីទៀតឥឡូវនេះ?
សត្វឥន្ទ្រីជាសត្វស្លាបដ៏ខ្លាំងពូកែបំផុតនៅលើអាកាស។ ពួកវាអាចហោះហើរសំកាំងបានយ៉ាងយូរដោយមិនចាំបាច់បក់ស្លាប។ ដោយមានស្លាបដែលអាចត្រដាងដល់ពីម៉ែត្រ «ស្តេចនៃពពួកសត្វស្លាប» ដែលជាឥន្ទ្រីពណ៌ទឹកមាស គឺជា«សត្វមួយដែលគួរឲ្យកោតសរសើរបំផុតនៃសត្វឥន្ទ្រីទាំងអស់ ដែលអាចហោះហើរនៅលើភ្នំនិងនៅទីល្ហល្ហេវ ហើយអាចសំកាំងអស់រយៈពេលជាច្រើនម៉ោងនៅលើជួរភ្នំ រួចវាអាចហោះឡើងទៅជាទង់វង់រហូតមើលទៅឃើញដូចជាចំណុចដ៏ខ្មៅមួយនៅក្នុងអាកាស»។—សព្វវចនាធិប្បាយសមាគមអូដូបន់នៃសត្វស្លាបអាមេរិកាំងខាងជើង
២ ដោយយល់ដល់សមត្ថភាពហោះហើរនៃសត្វឥន្ទ្រី អេសាយបានសរសេរថា៖ «[ព្រះយេហូវ៉ា]រមែងចំរើនកំឡាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ ទោះទាំងពួកជំទង់ គេនឹងល្វើយហើយនឿយហត់ទៅបាន ពួកកំឡោះក៏នឹងដួលជ្រលាកបានផង តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។ (អេសាយ ៤០:២៩-៣១) ជាការគួរឲ្យស្រាកស្រួលចិត្តណាស់ដោយដឹងថា ព្រះយេហូវ៉ាចំរើនកម្លាំងឲ្យបន្តទៅមុខទៀតដល់អ្នកណាដែលទុកចិត្តលើទ្រង់ ហាក់បីដូចជាប្រដាប់ពួកគេជាមួយនឹងស្លាបដោយមិនចេះនឿយហត់នៃសត្វឥន្ទ្រីដែលហោះសំកាំង! ឥឡូវនេះ ចូរពិចារណាមើលនូវសំវិធានការខ្លះៗដែលទ្រង់បានធ្វើឡើងដើម្បីចំរើនកម្លាំងនៃពួកអ្នកនឿយហត់។
កម្លាំងនៃការអធិស្ឋាន
៣, ៤. (ក) ព្រះយេស៊ូបានដាស់តឿនពួកសិស្សទ្រង់ឲ្យធ្វើអ្វី? (ខ) តើយើងអាចសង្ឃឹមឲ្យព្រះយេហូវ៉ាធ្វើអ្វីក្នុងការតបឆ្លើយនឹងការអធិស្ឋានរបស់យើង?
៣ ព្រះយេស៊ូបានដាស់តឿនពួកសិស្សរបស់ទ្រង់ឲ្យ«ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ»។ (លូកា ១៨:១) តើការសម្ដែងប្រាប់អ្វីៗនៅក្នុងចិត្តយើងដល់ព្រះយេហូវ៉ា ពិតជាអាចជួយយើងឲ្យកើនកម្លាំងឡើងវិញ ហើយចៀសវាងពីការចុះចាញ់បានទេ នៅពេលដែលសេចក្ដីលំបាកនៃជីវិតបានមានកាន់តែច្រើនឡើងនោះ? គឺពិតជាបានមែន ប៉ុន្តែមានអ្វីខ្លះៗដែលយើងត្រូវតែចងចាំ។
៤ យើងត្រូវតែឲ្យចេះសមហេតុសមផល ក្នុងការសង្ឃឹមឲ្យព្រះយេហូវ៉ាតបឆ្លើយនូវការអធិស្ឋានរបស់យើង។ ជនគ្រីស្ទានម្នាក់ដែលបានធ្លាក់ខ្លួនក្នុងដំណើរបាក់ទឹកចិត្តជាខ្លាំង ក្រោយមកបានសង្កេតឃើញថា៖ «ចំពោះជម្ងឺឈឺថ្កាត់ឯទៀតជាច្រើន ព្រះយេហូវ៉ាពុំបានធ្វើអព្ភូតហេតុទេនៅគ្រានេះ។ ប៉ុន្តែទ្រង់បានជួយយើងឲ្យអត់ទ្រាំនិងឲ្យបានជាដល់កំរិតដែលយើងអាចធ្វើទៅបាននៅក្នុងរបបនេះ»។ ក្នុងការពន្យល់ពីមូលហេតុដែលការអធិស្ឋានរបស់នាងបានជួយដល់នាង នាងបន្ថែមទៀតថា៖ «ខ្ញុំបានមានការចេញចូលនៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាក្នុង២៤ក្នុងមួយថ្ងៃ»។ ដូច្នេះ ព្រះយេហូវ៉ាពុំបានការពារយើងពីសេចក្ដីលំបាកនៃជីវិត ដែលអាចធ្វើឲ្យយើងទន់ខ្សោយនោះទេ ប៉ុន្តែទ្រង់ប្រទាន«ព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម»។ (លូកា ១១:១៣; ទំនុកដំកើង ៨៨:១-៣) ព្រះវិញ្ញាណនោះអាចជួយឲ្យយើងប្រឈមមុខនឹងសេចក្ដីលំបាក ឬបញ្ហាណាមួយដែលយើងជួបប្រទះ។ (កូរិនថូសទី១ ១០:១៣) បើត្រូវការ វិញ្ញាណនោះអាចបញ្ចូលនៅក្នុងយើង«ឥទ្ធិឫទ្ធិដ៏លើសលប់» ដើម្បីឲ្យអត់ទ្រាំរហូតដល់ព្រះរាជាណាចក្ររបស់ព្រះបំបាត់បញ្ហាដែលធ្វើឲ្យឈឺចិត្តទាំងអស់ នៅក្នុងពិភពលោកថ្មីដែលនៅក្នុងអនាគតខាងមុខនេះ។—កូរិនថូសទី២ ៤:៧
៥. (ក) ដើម្បីឲ្យការអធិស្ឋានរបស់យើងមានប្រសិទ្ធិភាព តើមានប្រការពីរណាដ៏សំខាន់បំផុត? (ខ) តើយើងអាចអធិស្ឋានយ៉ាងណា បើសិនជាយើងកំពុងតែតយុទ្ធនឹងភាពទន់ខ្សោយនៃសាច់ឈាម? (គ) តើការខំតស៊ូក្នុងការអធិស្ឋានដ៏ច្បាស់លាស់របស់យើងបង្ហាញយ៉ាងណាដល់ព្រះយេហូវ៉ា?
៥ ដើម្បីឲ្យការអធិស្ឋានរបស់យើងមានប្រសិទ្ធិភាព យើងត្រូវតែខំតស៊ូ ហើយយើងត្រូវតែជំរាបឲ្យបានច្បាស់លាស់។ (រ៉ូម ១២:១២) ជាឧទាហរណ៍ បើសិនជាអ្នកទៅជាទន់ខ្សោយ ដោយសារតែអ្នកប្រយុទ្ធនឹងភាពទន់ខ្សោយនៃសាច់ឈាម នៅដើមថ្ងៃនិមួយៗ ចូរអ្នកអង្វរដល់ព្រះយេហូវ៉ាឲ្យជួយអ្នកចៀសវាងពីការបង្អោនទៅតាមភាពទន់ខ្សោយណាមួយ ក្នុងកំឡុងថ្ងៃនោះ។ ចូរអធិស្ឋានដូចនោះ ក្នុងរយៈថ្ងៃនោះ ហើយមុននឹងចូលទៅសម្រាន្តរៀងរាល់យប់។ បើសិនជាអ្នកមានការបរាជ័យ សូមទូលអង្វរដល់ព្រះយេហូវ៉ាឲ្យទ្រង់អត់ឱនទោសឲ្យ ប៉ុន្តែសូមជំរាបប្រាប់ទ្រង់នូវអ្វីៗដែលបណ្ដាលឲ្យមានការបរាជ័យនោះ ហើយអ្វីដែលអ្នកអាចធ្វើដើម្បីនឹងចៀសវាងនូវកាលៈទេសៈទាំងនោះនៅអនាគត។ ការអធិស្ឋានដ៏ខំតស៊ូនិងច្បាស់លាស់បែបនេះ នឹងសម្ដែងប្រាប់ដល់«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន» នូវភាពស្មោះនៃចំណង់ចង់ឈ្នះការប្រយុទ្ធរបស់អ្នក។—ទំនុកដំកើង ៦៥:២; លូកា ១១:៥-១៣
៦. ហេតុអ្វីក៏យើងអាចសង្ឃឹមយ៉ាងត្រឹមត្រូវថា ព្រះយេហូវ៉ានឹងសណ្ដាប់ការអធិស្ឋានរបស់យើង ទោះបីជានៅពេលដែលយើងមានអារម្មណ៍ថាមិនសមនឹងអធិស្ឋាននោះ?
៦ ម្យ៉ាងវិញទៀត ជួនកាលអស់អ្នកដែលបានទៅជាទន់ខ្សោយ មានអារម្មណ៍ថា គេមិនគួរនឹងអធិស្ឋានឡើយ។ ស្ត្រីគ្រីស្ទានម្នាក់ដែលបានមានអារម្មណ៍បែបនេះ ក្រោយមកបានសង្កេតឃើញថា៖ «នេះជាគំនិតដ៏មានគ្រោះថ្នាក់ណាស់ ពីព្រោះនេះមានន័យថា យើងយករឿងនេះមកដាក់លើខ្លួនយើង ដើម្បីនឹងវិនិច្ឆ័យខ្លួនយើង ប៉ុន្តែការវិនិច្ឆ័យនោះគឺមិនមែនជាសំរាប់ស្រេចលើយើងទេ»។ ពិតមែនហើយ «ព្រះហើយ ដែលជាចៅក្រម»។ (ទំនុកដំកើង ៥០:៦) ព្រះគម្ពីរបានធានាអះអាងនឹងយើងថា «ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង»។ (យ៉ូហានទី១ ៣:២០) ជាការស្រាកស្រួលចិត្តណាស់ ដោយដឹងថា កាលណាយើងអាចវិនិច្ឆ័យមកលើខ្លួនយើងថាជាអ្នកមិនសមគួរអធិស្ឋាន ព្រះយេហូវ៉ាទ្រង់ពុំមានអារម្មណ៍បែបនោះមកលើយើងទេ! ទ្រង់‹ស្គាល់របស់ទាំងអស់›អំពីយើង រួមបញ្ចូលទាំងកាលៈទេសៈជាច្រើននៅក្នុងជីវិតរបស់យើង ដែលអាចធ្វើឲ្យយើងថាគ្មានតម្លៃនោះ។ (ទំនុកដំកើង ១០៣:១០-១៤) សេចក្ដីមេត្ដាករុណានិងទីជំរៅនៃការយល់របស់ទ្រង់ បានជំរុញឲ្យទ្រង់សណ្ដាប់នូវអធិស្ឋានទាំងឡាយ ពី«ចិត្តខ្ទេចខ្ទាំ ហើយទន់ទាប»។ (ទំនុកដំកើង ៥១:១៧) តើឲ្យទ្រង់បដិសេធមិនស្ដាប់នូវសម្រែករកជំនួយរបស់យើងយ៉ាងដូចម្ដេច នៅពេលដែលទ្រង់ផ្ទាល់បានផ្ដន្ទាទោស«អ្នកណាដែលចុកត្រចៀកមិនស្ដាប់ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ»?—សុភាសិត ២១:១៣
ភាពកក់ក្ដៅនៃភាតរភាព
៧. (ក) តើព្រះយេហូវ៉ាបានប្រទានឲ្យសំវិធានការអ្វីទៀត ដើម្បីជួយយើងឲ្យកើនកម្លាំងឡើងវិញ? (ខ) ដោយដឹងអ្វីអំពីភាតរភាពរបស់យើង ដែលនឹងអាចជួយចំរើនកម្លាំងដល់យើង?
៧ សំវិធានការមួយទៀត ដែលព្រះយេហូវ៉ាបានធ្វើឡើងដើម្បីជួយយើងឲ្យកើនកម្លាំងវិញ នោះគឺជាភាតរភាពគ្រីស្ទានរបស់យើង។ ជាឯកសិទ្ធិដ៏មានតម្លៃម្ល៉េះហ្ន៎ ក្នុងការមានចំណែកជាមួយគ្រួសារដ៏ពាសពេញពិភពលោកនៃបងប្អូនប្រុសស្រីទាំងអស់! (ពេត្រុសទី១ ២:១៧) កាលណាសេចក្ដីលំបាកនៃជីវិតធ្វើឲ្យយើងទន់ខ្សោយ ភាពកក់ក្ដៅនៃភាតរភាពរបស់យើង អាចជួយយើងឲ្យកើននូវកម្លាំងនោះឡើងវិញ។ តើធ្វើយ៉ាងដូចម្ដេចបាន? ដោយដឹងថា មិនមានតែយើងម្នាក់ទេ ដែលកំពុងតែជួបប្រទះនឹងបញ្ហាលំបាកចិត្តបែបនេះ គឺអាចជួយលើកទឹកចិត្តផងដែរ។ ក្នុងចំណោមបងប្អូនប្រុសស្រីរបស់យើងទាំងឡាយ គឺច្បាស់ជាមានអ្នកខ្លះ ដែលបានជួបប្រទះនូវសេចក្ដីលំបាកឬបញ្ហាស្រដៀងនេះដែរ ហើយដែលបានពិសោធនូវអារម្មណ៍ដូចរបស់យើងផ្ទាល់។ (ពេត្រុសទី១ ៥:៩) ជាការគួរឲ្យលើកទឹកចិត្តណាស់ ដោយដឹងថា អ្វីៗដែលយើងកំពុងតែឆ្លងកាត់គឺមិនមែនឥតមានទូទៅ ហើយអារម្មណ៍របស់យើងគឺមិនប្លែកពីធម្មតាទេ។
៨. (ក) តើមានគំរូអ្វីដែលបង្ហាញពីរបៀបដែលយើងអាចស្វែងរកជំនួយនិងការសម្រាលចិត្តក្នុងភាតរភាពរបស់យើង? (ខ) តើតាមរបៀបណាខ្លះ ដែលអ្នកត្រូវបានគេជួយឬក៏គេសម្រាលចិត្តផ្ទាល់ខ្លួនដោយ‹មិត្តសំឡាញ់ដ៏ពិតប្រាកដ›?
៨ ក្នុងភាពកក់ក្ដៅនៃភាតរភាព យើងអាចរកឃើញ‹មិត្តសំឡាញ់ដ៏ពិតប្រាកដ› ដែលអាចផ្ដល់ឲ្យជំនួយជាចាំបាច់និងការសម្រាលចិត្ត នៅពេលដែលយើងមានការទុក្ខព្រួយ។ (សុភាសិត ១៧:១៧) ជាញឹកញាប់ អ្វីដែលត្រូវការជាទីបំផុត នោះគឺពាក្យសំដីដ៏ល្អខ្លះឬក៏សកម្មភាពដ៏ចេះគិតគូជាមុន។ ជនគ្រីស្ទានម្នាក់ដែលបានតយុទ្ធនឹងអារម្មណ៍ដែលថាខ្លួនឥតមានតម្លៃ នឹកចាំថា៖ «មានមិត្តសំឡាញ់ច្រើនដែលនិយាយប្រាប់ខ្ញុំនូវសេចក្ដីល្អអំពីខ្លួនខ្ញុំ ដើម្បីជួយខ្ញុំឲ្យមានជ័យជំនះលើគំនិតអាក្រក់ដែលខ្ញុំមាន»។ (សុភាសិត ១៥:២៣) ក្រោយពីកូនស្រីរបស់គាត់បានស្លាប់ទៅ ជាមុនដំបូងគឺជាការពិបាកណាស់ចំពោះបងស្រីម្នាក់ក្នុងការច្រៀងចំរៀងព្រះរាជាណាចក្រនៅឯកិច្ចប្រជុំក្នុងក្រុមជំនុំ ជាពិសេស គឺចំរៀងស្តីអំពីដំណើររស់ឡើងវិញ។ នាងនឹកចាំថា៖ «នៅគ្រាមួយ បងស្រីម្នាក់ដែលកំពុងតែអង្គុយនៅម្ខាងច្រកដើរបានឃើញខ្ញុំកំពុងតែយំ។ គាត់ក៏បានមកជិតដោយដាក់ដៃគាត់នៅលើខ្ញុំ ហើយបានច្រៀងចំរៀងនោះជាមួយខ្ញុំរហូតដល់ចប់។ ខ្ញុំបានមានអារម្មណ៍ពោរពេញទៅដោយសេចក្ដីស្រឡាញ់ណាស់ ចំពោះបងប្អូនប្រុសស្រីទាំងឡាយ ហើយសប្បាយចិត្តដល់ម្ល៉េះដែលខ្ញុំបានទៅប្រជុំដោយយល់ដឹងថា នៅកន្លែងនោះឯងគឺជាជំនួយរបស់ខ្ញុំ គឺនៅឯសាលព្រះរាជាណាចក្រ»។
៩, ១០. (ក) តើយើងអាចជួយផ្ដល់ភាពកក់ក្ដៅនៃភាតរភាពរបស់យើងយ៉ាងដូចម្ដេច? (ខ) តើអ្នកណាជាពិសេសដែលត្រូវការចូលរួបរួមដ៏ល្អត្រឹមត្រូវ? (គ) តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយពួកអ្នកដែលត្រូវការការលើកទឹកចិត្ត?
៩ ពិតប្រាកដហើយ យើងម្នាក់ៗមានភារៈជួយផ្ដល់ឲ្យមានភាពកក់ក្ដៅនៃភាតរភាពគ្រីស្ទាន។ ដូច្នេះ យើងគួរតែ«បើកចិត្តឲ្យទូលាយឡើង» ដើម្បីរាប់បញ្ចូលបងប្អូនប្រុសស្រីរបស់យើងទាំងអស់។ (កូរិនថូសទី២ ៦:១៣) ជាការគួរឲ្យសោកស្ដាយដែរ ចំពោះអស់អ្នកដែលបានទៅជាទន់ខ្សោយ បើសិនជាគេមានអារម្មណ៍ថាសេចក្ដីស្រឡាញ់នៃភាតរភាពបានរសាយចេញពីគេនោះ! តែមានជនគ្រីស្ទានខ្លះរាយការណ៍ថា គេនៅតែឯកឯងហើយគ្មានអ្នកណាអើពើសោះ។ បងស្រីម្នាក់ដែលប្ដីរបស់នាងបានប្រឆាំងនឹងសេចក្ដីពិត បានអង្វរថា៖ «តើអ្នកណាដែលមិនចង់បាននូវមិត្តភាពដ៏ល្អ ការលើកទឹកចិត្តនិងការចូលរួបរួមដ៏ពោរពេញទៅដោយសេចក្ដីស្រឡាញ់នោះ? សូមរំឭកដល់បងប្អូនរបស់យើងទាំងឡាយ ថាយើងត្រូវការរបស់ទាំងនោះណាស់»! ត្រូវហើយ ជាពិសេស ចំពោះអស់ពួកអ្នកដែលកាលៈទេសៈរបស់គេក្នុងជីវិតបានធ្វើឲ្យគេទន់ខ្សោយ—គឺជាពួកអ្នកដែលមានប្ដីឬប្រពន្ធមិនជាអ្នកជឿ ឪពុកឬម្ដាយតែម្នាក់ឯង អស់ពួកអ្នកដែលមានបញ្ហានឹងសុខភាពដ៏រ៉ាំរ៉ៃ ពួកអ្នកចំណាស់ ហើយពួកអ្នកឯទៀត—ពួកគេត្រូវការការចូលរួបរួមដ៏ល្អត្រឹមត្រូវ។ តើពួកយើងខ្លះត្រូវការរំឭកពីការនេះទេ?
១០ តើយើងអាចជួយធ្វើអ្វីបាន? ចូរឲ្យយើងសម្ដែងសេចក្ដីស្រឡាញ់របស់យើងឲ្យបានទូលំទូលាយ។ កាលណាយើងសម្ដែងសេចក្ដីរាក់ទាក់ ចូរឲ្យយើងកុំភ្លេចដល់ពួកអ្នកដែលត្រូវការការលើកទឹកចិត្ត។ (លូកា ១៤:១២-១៤; ហេព្រើរ ១៣:២) ហេតុអ្វីក៏មិនអញ្ជើញគេទៅ ជាជាងសន្មតថា កាលៈទេសៈរបស់គេមិនអនុញ្ញាតឲ្យគេទទួលយល់ព្រមនោះ? ហើយរួចមក ចូរឲ្យគេសម្រេចចិត្តដោយខ្លួនគេចុះ។ ទោះបីជាពួកគេមិនអាចទទួលក្ដី គឺពួកគេច្បាស់ជាមានអារម្មណ៍លើកទឹកចិត្តដោយដឹងថា អ្នកឯទៀតបានគិតដល់គេ។ នេះប្រហែលជាអ្វីដែលគេត្រូវការដើម្បីឲ្យកើនកម្លាំងមកវិញ។
១១. ចំពោះពួកអ្នកដែលបានទៅជាទន់ខ្សោយ ប្រហែលជាគេត្រូវការជំនួយតាមរបៀបណាខ្លះ?
១១ អស់ពួកអ្នកដែលទន់ខ្សោយ ប្រហែលជាត្រូវការជំនួយអ្វីផ្សេងៗទៀត។ ជាឧទាហរណ៍ ម្ដាយដែលតែម្នាក់ឯង ប្រហែលជាត្រូវការបងប្រុសដែលមានគំនិតចាស់ទុំ ឲ្យសម្ដែងការយកចិត្តទុកដាក់មកលើកូនប្រុស ដែលគ្មានឪពុករបស់នាង។ (យ៉ាកុប ១:២៧) បងប្រុសម្នាក់ឬបងស្រីម្នាក់ដែលមានបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ ប្រហែលជាត្រូវការជំនួយខ្លះៗក្នុងការទៅផ្សាយ ឬក៏ជួយធ្វើកិច្ចការក្នុងផ្ទះសម្បែង។ ពួកអ្នកចំណាស់ម្នាក់ប្រហែលជាចង់បានជាខ្លាំងនៅមិត្តភាព ឬក៏ត្រូវការជំនួយខ្លះៗដើម្បីនឹងឲ្យអាចចេញទៅផ្សាយបាន។ កាលណាមានសេចក្ដីត្រូវការមិនចេះអស់ចំពោះជំនួយបែបនេះ វាអាច‹សាកល្បងដល់ភាពស្មោះមែនទែននៃសេចក្ដីស្រឡាញ់របស់យើង›។ (កូរិនថូសទី២ ៨:៨) ជាជាងដកខ្លួនចេញពីពួកអ្នកត្រូវការជំនួយ ដោយសារតែពេលវេលានិងការខំប្រឹងខ្នះខ្នែងនោះ ចូរឲ្យយើងបានឈ្នះនូវការសាកល្បងនូវសេចក្ដីស្រឡាញ់គ្រីស្ទានរបស់យើង ដោយចេះចង់ដឹងឮហើយរហ័សអើពើដល់សេចក្ដីត្រូវការនៃអ្នកឯទៀត។
កម្លាំងនៃបន្ទូលរបស់ព្រះ
១២. តើពាក្យបន្ទូលរបស់ព្រះ អាចជួយយើងឲ្យកើនកម្លាំងមកវិញយ៉ាងដូចម្ដេច?
១២ បុគ្គលណាម្នាក់ដែលឈប់បរិភោគអាហារ មិនយូរប៉ុន្មានគាត់នឹងបាត់បង់កម្លាំងឬឥទ្ធិពលរបស់គាត់។ យ៉ាងដូចនេះដែរ វិធីម្យ៉ាងទៀតដែលព្រះយេហូវ៉ាចំរើនកម្លាំងដល់យើង ដើម្បីឲ្យយើងបន្តទៅមុខ នោះគឺលៃលកយ៉ាងណាដើម្បីឲ្យយើងបានទទួលចំណីអាហារខាងវិញ្ញាណឲ្យបានបរិបូរ។ (អេសាយ ៦៥:១៣, ១៤) តើទ្រង់ប្រទានអាហារខាងវិញ្ញាណអ្វីខ្លះ? ជាពិសេស គឺព្រះបន្ទូលរបស់ទ្រង់ ជាព្រះគម្ពីរ។ (ម៉ាថាយ ៤:៤; ប្រៀបធៀប ហេព្រើរ ៤:១២) តើព្រះគម្ពីរអាចជួយឲ្យយើងកើននូវកម្លាំងរបស់យើងវិញយ៉ាងដូចម្ដេច? កាលណាសេចក្ដីលំបាកនិងបញ្ហាជាច្រើនដែលយើងជួបប្រទះចាប់ផ្ដើមធ្វើឲ្យយើងអស់កម្លាំង យើងអាចស្រូបយកកម្លាំងមកវិញ ពីការអានអំពីអារម្មណ៍ផ្សេងៗនូវការប្រយុទ្ធដ៏ពិតប្រាកដនៃពួកបុរសប្រុសស្រីដ៏ស្មោះត្រង់នៅក្នុងសម័យព្រះគម្ពីរ។ ទោះបីជាពួកគេជាគំរូដ៏ល្អប្រសើរនៃចិត្តស្មោះគ្រប់ល័ក្ខណ៍ក្ដី តែពួកគេគឺជាមនុស្សដែល«មានចិត្តដូចជាយើងដែរ»។ (យ៉ាកុប ៥:១៧; កិច្ចការ ១៤:១៥) ពួកគេបានជួបប្រទះបញ្ហានឹងសេចក្ដីលំបាកផ្សេងៗដូចជាយើងដែរ។ ចូរពិចារណាមើលគំរូខ្លះៗ។
១៣. តើមានគំរូនៅក្នុងព្រះគម្ពីរណាខ្លះ ដែលបង្ហាញប្រាប់ថា ពួកបុរសនិងពួកស្ត្រីស្មោះត្រង់នៅសម័យព្រះគម្ពីរមានអារម្មណ៍និងការពិសោធដូចជាយើងដែរ?
១៣ ចាស់ព្រឹទ្ធាចារ្យអ័ប្រាហាំបានកើតទុក្ខយ៉ាងខ្លាំងទៅលើមរណភាពនៃប្រពន្ធរបស់គាត់ ទោះបីជាគាត់បានមានជំនឿទៅលើដំណើររស់ឡើងវិញក្ដី។ (លោកុប្បត្តិ ២៣:២; ប្រៀបធៀប ហេព្រើរ ១១:៨-១០, ១៧-១៩) ដាវីឌដែលជាអ្នកបានប្រែចិត្ត បានមានអារម្មណ៍ថា អំពើបាបរបស់គាត់បានធ្វើឲ្យគាត់ឥតសមនឹងបំរើព្រះយេហូវ៉ាឡើយ។ (ទំនុកដំកើង ៥១:១១) លោកម៉ូសេបានមានអារម្មណ៍ថាខ្លួនគ្មានសមត្ថភាពគ្រប់គ្រាន់សោះ។ (និក្ខមនំ ៤:១០) លោកអេប៉ាប្រូឌីតបានទៅជាកើតទុក្ខនៅពេលដែលគាត់បានដឹងថា ជម្ងឺដ៏ធ្ងន់ធ្ងររបស់គាត់បានបន្ថយនូវសកម្មភាពរបស់គាត់ក្នុង‹កិច្ចការព្រះអម្ចាស់›។ (ភីលីព ២:២៥-៣០) ប៉ុលបានខំតយុទ្ធនឹងសាច់ឈាមដ៏មានបាប។ (រ៉ូម ៧:២១-២៥) នាងអ៊ើរ៉ូឌានិងនាងស៊ុនទីច ទាំងពីរជាបងស្រីចាក់ប្រេងតាំងនៅក្នុងក្រុមជំនុំភីលីព តាមមើលទៅមានការពិបាកចុះចូលនឹងគ្នាខ្លះដែរ។ (ភីលីព ១:១; ៤:២, ៣) ជាការលើកទឹកចិត្តណាស់ដោយដឹងថា ពួកអ្នកស្មោះត្រង់ទាំងនេះបានមានអារម្មណ៍នឹងការពិសោធដូចជាយើងដែរ តែពួកគេនៅតែមិនចុះចាញ់ឡើយ! ព្រះយេហូវ៉ាទ្រង់ក៏មិនបោះបង់ពួកគេដែរ។
១៤. (ក) តើព្រះយេហូវ៉ាបានប្រើឧបករណ៍អ្វីដើម្បីជួយយើងឲ្យស្រូបយកកម្លាំងពីពាក្យបន្ទូលរបស់ទ្រង់? (ខ) ហេតុអ្វីក៏ទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! បោះផ្សាយអត្ថបទអំពីសង្គម គ្រួសារ និងបញ្ហាខាងផ្លូវចិត្តដូច្នេះ?
១៤ ដើម្បីជួយយើងស្រូបយកកម្លាំងពីពាក្យបន្ទូលរបស់ទ្រង់ ព្រះយេហូវ៉ាប្រើក្រុមអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ ដើម្បីផ្ដល់ឲ្យយើងនូវ‹អាហារបរិភោគតាមត្រូវពេល›យ៉ាងបរិបូរ។ (ម៉ាថាយ ២៤:៤៥ ព.ថ.) អ្នកបំរើស្មោះត្រង់បានប្រើទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!ជាយូរមកហើយ ដើម្បីគាំទ្រសេចក្ដីពិតក្នុងព្រះគម្ពីរ ហើយដើម្បីប្រកាសព្រះរាជាណាចក្ររបស់ព្រះ ជាសេចក្ដីសង្ឃឹមរបស់មនុស្សតែមួយគត់។ ជាពិសេស នៅក្នុងរយៈពីរបីទសវត្សកន្លងមកនេះ ទស្សនាវដ្ដីទាំងនេះបានបោះផ្សាយនៅអត្ថបទពីព្រះគម្ពីរដ៏ត្រឹមត្រូវពេលវេលាស្តីអំពីសង្គម ក្រុមគ្រួសារ សេចក្ដីលំបាកខាងផ្លូវចិត្ត ដែលសូម្បីតែប្រជារាស្ត្ររបស់ព្រះខ្លះបានជួបប្រទះដែរ។ តើពត៌មានបែបនេះបានបោះពុម្ពមកសំរាប់គោលបំណងអ្វី? ជាប្រាកដ គឺដើម្បីជួយអស់អ្នកណាដែលកំពុងតែពិសោធសេចក្ដីលំបាកទាំងនេះ ដើម្បីឲ្យគេស្រូបយកកម្លាំងចិត្តហើយលើកទឹកចិត្តពីពាក្យបន្ទូលរបស់ព្រះ។ ប៉ុន្តែ អត្ថបទទាំងនេះក៏ជួយពួកយើង ឲ្យយល់បានច្បាស់លាស់អំពីអ្វីៗដែលបងប្អូនប្រុសស្រីរបស់យើងខ្លះ កំពុងតែឆ្លងកាត់។ ម្ល៉ោះហើយ យើងត្រូវបានប្រដាប់ខ្លួនបានយ៉ាងល្អ ក្នុងការស្ដាប់តាមពាក្យរបស់ប៉ុល ដែលថា៖ «ជួយកំសាន្ត ដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ នឹងអត់ឱនចំពោះមនុស្សទាំងអស់»។—ថែស្សាឡូនីចទី១ ៥:១៤
ពួកអ្នកចាស់ទុំ«នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់»
១៥. តើអេសាយបានទាយអ្វីខ្លះ អំពីអស់ពួកអ្នកបំរើជាអ្នកចាស់ទុំ ហើយតើពួកគេមានភារៈអ្វីខ្លះ?
១៥ ព្រះយេហូវ៉ាបានប្រទានឲ្យអ្វីផ្សេងទៀត ដើម្បីជួយយើងនៅពេលដែលយើងទន់ខ្សោយ—គឺពួកចាស់ទុំនៅក្នុងក្រុមជំនុំ។ ព្យាការីអេសាយបានសរសេរអំពីពួកអ្នកទាំងនេះថា៖ «មនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ»។ (អេសាយ ៣២:១, ២) ដូច្នេះពួកអ្នកចាស់ទុំមានភារៈដើម្បីបំពេញតាមអ្វីៗដែលព្រះយេហូវ៉ាបានទាយអំពីពួកគេ។ ពួកគេ«នឹងបានដូចជា»ប្រភពនៃការស្រាកស្រួលចិត្តនឹងការលើកទឹកចិត្តដល់អ្នកដទៃ ហើយនឹងត្រូវស្មគ្រចិត្ត«យកអាសា [ឬ«របស់ដែលធ្វើឲ្យខ្វល់» ន័យចំៗ«របស់ដ៏ធ្ងន់»]គ្នាទៅវិញទៅមក»។ (កាឡាទី ៦:២) តើពួកគេអាចធ្វើការនេះបានយ៉ាងដូចម្ដេច?
១៦. តើពួកអ្នកចាស់ទុំអាចជួយធ្វើអ្វីខ្លះ ដើម្បីជួយអ្នកដែលមានអារម្មណ៍ថាខ្លួនមិនសមនឹងអធិស្ឋាន?
១៦ ដូចជាបានថ្លែងពីមុនមក ជួនកាលបុគ្គលម្នាក់ដែលបានទៅជាទន់ខ្សោយអាចមានអារម្មណ៍ថា ខ្លួនមិនសមនឹងអធិស្ឋានទេ។ តើពួកអ្នកចាស់ទុំអាចធ្វើអ្វី? ពួកគេអាចអធិស្ឋានជាមួយបុគ្គលនោះ ហើយសំរាប់គាត់ដែរ។ (យ៉ាកុប ៥:១៤) ដោយនិយាយឮៗ ចូរអធិស្ឋានសូមព្រះយេហូវ៉ាឲ្យជួយបុគ្គលនោះឲ្យយល់ថា ព្រះយេហូវ៉ានឹងអ្នកឯទៀតស្រឡាញ់គាត់ឬនាងណាស់ នឹងមុខធ្វើឲ្យគាត់បានលើកទឹកចិត្តជាមិនខាន។ ដោយបានឮការអធិស្ឋានដ៏ស្មោះពីចិត្តរបស់អ្នកចាស់ទុំម្នាក់ អាចជួយពង្រឹងនូវសេចក្ដីទុកចិត្តរបស់បុគ្គលដែលបានទន់ខ្សោយនោះ។ អ្នកចាស់ទុំអាចជួយបុគ្គលនោះ ឲ្យវែកញែកឃើញថា បើសិនជាអ្នកចាស់ទុំមានការទុកចិត្តជាខ្លាំងថាព្រះយេហូវ៉ានឹងតបឆ្លើយពីការអធិស្ឋានជំនួសបុគ្គលនោះ ដូច្នេះគាត់ឬនាងក៏អាចមានការទុកចិត្តនោះដែរ។
១៧. ហេតុអ្វីក៏ពួកអ្នកចាស់ទុំត្រូវតែជាអ្នកយកចិត្តទុកដាក់ស្ដាប់?
១៧ យ៉ាកុប ១:១៩ ចែងថា៖ «ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្ដាប់ ក្រនឹងនិយាយ»។ ដើម្បីជួយបុគ្គលទន់ខ្សោយឲ្យកើននូវកម្លាំងវិញ ពួកអ្នកចាស់ទុំត្រូវតែយកចិត្តទុកដាក់ស្ដាប់។ ក្នុងករណីខ្លះ សមាជិកនៃក្រុមជំនុំប្រហែលជាកំពុងតែតយុទ្ធនឹងបញ្ហាឬក៏សេចក្ដីលំបាកណាដែលពុំអាចដោះស្រាយបានឡើយនៅក្នុងរបបសម័យនេះ។ អ្វីៗដែលគេត្រូវការនោះ គឺមិនមែនជាដំណោះស្រាយណាមួយដើម្បី«ដោះស្រាយ»ចំពោះបញ្ហារបស់គេនោះទេ ប៉ុន្តែគ្រាន់តែត្រូវការនិយាយជាមួយនឹងអ្នកស្ដាប់ដ៏ល្អម្នាក់—បុគ្គលណាម្នាក់ដែលនឹងមិនប្រាប់គេ ថាគេត្រូវមានអារម្មណ៍យ៉ាងណា ប៉ុន្តែគឺជាអ្នកដែលនឹងស្ដាប់ដោយមិនកាត់ក្ដី។—លូកា ៦:៣៧; រ៉ូម ១៤:១៣
១៨, ១៩. (ក) តើការរហ័សស្ដាប់អាចជួយអ្នកចាស់ទុំម្នាក់ឲ្យចៀសវាងធ្វើឲ្យបន្ទុកអ្នកទន់ខ្សោយកាន់តែធ្ងន់ឡើងយ៉ាងដូចម្ដេច? (ខ) កាលណាពួកអ្នកចាស់ទុំសម្ដែង‹អារម្មណ៍ដល់គ្នីគ្នា› តើមានលទ្ធផលយ៉ាងណា?
១៨ ពួកអ្នកចាស់ទុំអើយ ចូររហ័សស្ដាប់ចុះ នេះនឹងអាចជួយអ្នកឲ្យចៀសវាងធ្វើឲ្យបន្ទុករបស់អ្នកទន់ខ្សោយកាន់តែធ្ងន់ឡើងដោយមិនដឹងខ្លួន។ ជាឧទាហរណ៍ បើសិនជាបងប្រុសឬបងស្រីម្នាក់បានខានមកប្រជុំខ្លះ ឬបានចុះថយក្នុងការដើរផ្សាយ តើគាត់ពិតជាត្រូវការការទូន្មានអំពីការទៅផ្សាយច្រើន ឬក៏អំពីការមកប្រជុំឲ្យបានទៀងទាត់ទេ? គឺប្រហែល។ ប៉ុន្តែ តើអ្នកដឹងស្ថានការណ៍ទាំងមូលនោះទេ? តើបញ្ហាសុខភាពមានកើតច្រើនទេ? តើភារៈក្នុងគ្រួសារមានប្រែប្រួលទេក្នុងពេលថ្មីៗនេះ? តើមានកាលៈទេសៈណាឬក៏សេចក្ដីលំបាកណាដែលធ្វើឲ្យគាត់ឬនាងទន់ខ្សោយទេ? ចូរចងចាំថា បុគ្គលនោះប្រហែលជាបានមានអារម្មណ៍ថា ជាកំហុសខ្លួនទៅហើយ អំពីការដែលខ្លួនមិនអាចធ្វើឲ្យបានច្រើននោះ។
១៩ ដូច្នេះ តើអ្នកអាចជួយបងប្រុសឬបងស្រីនោះយ៉ាងដូចម្ដេចបាន? មុននឹងអ្នកធ្វើការសន្និដ្ឋានឬផ្ដល់ឲ្យឱវាទណាមួយ សូមស្ដាប់សិន! (សុភាសិត ១៨:១៣) ដោយប្រើសំនួរដោយចេះវែកញែក ចូរ‹ស្រង់យក›អារម្មណ៍ពីចិត្តរបស់បុគ្គលនោះសិន។ (សុភាសិត ២០:៥) ចូរកុំឲ្យបំភ្លេចអំពីអារម្មណ៍ទាំងនេះឲ្យសោះ—ចូរទទួលស្គាល់អារម្មណ៍ទាំងនេះផង។ ប្រហែលជាជនទន់ខ្សោយនោះ ត្រូវការការរំឭកថា ព្រះយេហូវ៉ាខ្វល់ខ្វាយចំពោះយើង ហើយទ្រង់ជ្រាបថា នៅពេលខ្លះកាលៈទេសៈរបស់យើងអាចដាក់កំរិតឲ្យយើង។ (ពេត្រុសទី១ ៥:៧) កាលណាពួកអ្នកចាស់ទុំសម្ដែង‹អារម្មណ៍ដល់គ្នីគ្នា›បែបនេះ អ្នកទន់ខ្សោយនឹងបាន‹ការលើកទឹកចិត្តសំរាប់ខ្លួន›។ (ពេត្រុសទី១ ៣:៨; ម៉ាថាយ ១១:២៨-៣០) កាលណាពួកគេបានទទួលការលើកទឹកចិត្តបែបនេះ ពួកគេនឹងមិនចាំបាច់ប្រាប់ឲ្យធ្វើច្រើនទេ គឺថាចិត្តរបស់គេនឹងជំរុញគេឲ្យធ្វើទាំងអស់ ដែលគេអាចធ្វើទៅបានយ៉ាងសមហេតុផលក្នុងការបំរើព្រះយេហូវ៉ា។—ប្រៀបធៀប កូរិនថូសទី២ ៨:១២; ៩:៧
២០. ដោយទីបញ្ចប់នៃមនុស្សដំណអាក្រក់នេះកាន់តែជិតឡើង តើយើងគួរតែប្ដេជ្ញាធ្វើអ្វី?
២០ ពិតមែនហើយ យើងកំពុងតែរស់នៅក្នុងគ្រាដ៏លំបាកបំផុតក្នុងប្រវត្ដិសាស្ត្ររបស់មនុស្ស។ សេចក្ដីលំបាកនៃការរស់នៅក្នុងលោកីយ៍របស់សាតាំងកំពុងតែរីកចំរើនឡើង កាលដែលយើងចូលកាន់តែជ្រៅឡើងឆ្ពោះទៅរកទីបញ្ចប់នៃគ្រានេះ។ ចូរចងចាំថា ដូចសត្វសិង្ហដែលកំពុងតែរកចំណីស៊ី អារក្សវារង់ចាំយើងទំរាំដល់យើងទៅជាទន់ខ្សោយ ហើយចុះចាញ់ ដូច្នេះវាអាចចាប់យើងជាចំណីដ៏ស្រួល។ យើងអរព្រះគុណដល់ព្រះយេហូវ៉ាណាស់ ដែលទ្រង់ចំរើនកម្លាំងដល់ពួកអ្នកទន់ខ្សោយ! ចូរឲ្យយើងឆ្លៀតយកប្រយោជន៍ពីសំវិធានការនៃការដែលទ្រង់បានប្រទានមកយើង ដើម្បីចំរើនកម្លាំងដល់យើងឲ្យយើងបន្តទៅមុខ ហាក់បីដូចជាទ្រង់ប្រទានឲ្យយើងនូវស្លាបដ៏ខ្លាំងក្លានៃសត្វឥន្ទ្រីដែលហោះសំកាំង។ ដោយទីបញ្ចប់នៃមនុស្សដំណដ៏អាក្រក់នេះកាន់តែជិតឡើង ឥឡូវនេះមិនមែនជាពេលវេលាឲ្យឈប់រត់នោះទេ ក្នុងការរត់ប្រណាំងរបស់យើងដើម្បីយករង្វាន់—គឺជីវិតអស់កល្បជានិច្ច។—ហេព្រើរ ១២:១
តើអ្វីទៅជាចម្លើយរបស់អ្នក?
◻ តើយើងអាចសង្ឃឹមឲ្យព្រះយេហូវ៉ាធ្វើអ្វី ក្នុងការតបឆ្លើយនឹងការអធិស្ឋានរបស់យើង?
◻ តើតាមរបៀបណាខ្លះដែលយើងអាចស្រូបយកកម្លាំងពីភាតរភាពជនគ្រីស្ទានរបស់យើង?
◻ តើបន្ទូលរបស់ព្រះជួយយើងឲ្យកើនកម្លាំងមកវិញយ៉ាងដូចម្ដេច?
◻ តើពួកអ្នកចាស់ទុំអាចធ្វើអ្វីដើម្បីជួយពួកអ្នកទន់ខ្សោយឲ្យកើនកម្លាំងមកវិញ?
[រូបភាពនៅទំព័រ១៦]
ពេលសម្ដែងការរាក់ទាក់ ចូរឲ្យយើងកុំភ្លេចដល់អស់អ្នកដែលត្រូវការការលើកទឹកចិត្ត
[រូបភាពនៅទំព័រ១៧]
ពួកអ្នកចាស់ទុំអាចសូមព្រះយេហូវ៉ាឲ្យជួយអ្នកទន់ខ្សោយឲ្យយល់ថា ពួកគេគឺជាអ្នកជាទីស្រឡាញ់ណាស់