ចូររក្សាសម្ដី បើថាមែនគឺមែន
«គ្រាន់តែរក្សាសម្ដីប៉ុណ្ណោះ បើថា‹មែន› គឺមែន បើថា‹ទេ› គឺទេ»។—ម៉ាថ. ៥:៣៧
តើអ្នកអាចរកចម្លើយឃើញឬទេ?
តើលោកយេស៊ូបានមានប្រសាសន៍យ៉ាងណាអំពីការស្បថ?
ហេតុអ្វីលោកយេស៊ូជាគំរូល្អបំផុតស្តីអំពីការធ្វើតាមពាក្យសម្ដីរបស់លោក?
តើក្នុងរឿងណាខ្លះដែលយើងគួររក្សាសម្ដីរបស់យើងបើថាមែនគឺមែន?
១. តើលោកយេស៊ូបានមានប្រសាសន៍យ៉ាងណាអំពីការស្បថ ហើយហេតុអ្វី?
តាមធម្មតាគ្រិស្តសាសនិកពិតមិនចាំបាច់ស្បថឡើយ។ នេះគឺដោយសារពួកគេស្ដាប់បង្គាប់លោកយេស៊ូ ដែលបានមានប្រសាសន៍ថា៖ «គ្រាន់តែរក្សាសម្ដីប៉ុណ្ណោះ បើថា‹មែន› គឺមែន»។ លោកចង់និយាយថា បុគ្គលម្នាក់គួរធ្វើតាមពាក្យសម្ដីរបស់ខ្លួន។ លោកយេស៊ូបានចាប់ផ្ដើមពាក្យនោះដោយបង្គាប់ថា៖ «កុំស្បថឲ្យសោះ»។ លោកនិយាយបែបនេះដោយសារលោកមិនពេញចិត្តនឹងទម្លាប់ធម្មតាដែលមនុស្សជាច្រើនមានក្នុងការសន្ទនាជារៀងរាល់ថ្ងៃ ដោយស្បថម្ដងហើយម្ដងទៀតថាធ្វើនេះឬក៏ធ្វើនោះ តែគ្មានបំណងធ្វើអ្វីដែលពួកគេនិយាយនោះទេ។ មនុស្សដែលនិយាយ«លើសពី»ពាក្យថាមែនឬទេដើម្បីបញ្ជាក់អំពីបំណងរបស់ខ្លួន ប្រហែលជាបង្ហាញឲ្យឃើញថាពួកគេមិនគួរឲ្យទុកចិត្ត ហេតុនេះពួកគេនៅក្រោមឥទ្ធិពលនៃ«មេកំណាច»។—សូមអាន ម៉ាថាយ ៥:៣៣-៣៧
២. សូមពន្យល់នូវមូលហេតុដែលការស្បថមិនតែងតែជាអ្វីដែលខុសនោះទេ។
២ តើពាក្យលោកយេស៊ូមានន័យថាការស្បថទាំងអស់គឺខុសឬ? តើការស្បថអាចខុសយ៉ាងដូចម្ដេចបាន? ដូចយើងបានរៀននៅអត្ថបទមុន ព្រះយេហូវ៉ានិងអាប្រាហាំដែលជាអ្នកបម្រើដ៏សុចរិតរបស់លោក បានស្បថនៅក្នុងឱកាសដ៏សំខាន់ៗ។ ច្បាប់របស់ព្រះក៏តម្រូវឲ្យស្បថដើម្បីដោះស្រាយជម្លោះផ្សេងៗដែរ។ (និក្ខ. ២២:១០, ១១; ជន. ៥:២១, ២២) ដូច្នេះ គ្រិស្តសាសនិកប្រហែលជាត្រូវស្បថដើម្បីប្រាប់ការពិតពេលពួកគេត្រូវធ្វើជាសាក្សីនៅតុលាការ។ ក្នុងកាលៈទេសៈដ៏កម្រមាន គ្រិស្តសាសនិកម្នាក់ប្រហែលជាត្រូវស្បថដើម្បីធានាចំពោះអ្នកឯទៀតអំពីបំណងរបស់គាត់ឬក៏ដើម្បីជួយដោះស្រាយបញ្ហា។ តាមការពិត ពេលដែលសម្ដេចសង្ឃបង្គាប់ឲ្យលោកយេស៊ូស្បថ លោកមិនបានប្រកែកទេ ប៉ុន្តែលោកបាននិយាយការពិតប្រាប់ក្រុមប្រឹក្សាជាន់ខ្ពស់នៃជនជាតិយូដា។ (ម៉ាថ. ២៦:៦៣, ៦៤) ប៉ុន្តែ លោកយេស៊ូមិនចាំបាច់ស្បថចំពោះអ្នកណាឡើយ។ ទោះជាយ៉ាងនេះក្ដី ដើម្បីបញ្ជាក់ថាសម្ដីរបស់លោកគួរឲ្យទុកចិត្ត ជារឿយៗលោកបានចាប់ផ្ដើមអ្វីដែលលោកបាននិយាយតាមរបៀបនេះថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិត[ន័យត្រង់‹ដោយពិតត្រង់ ដោយពិតត្រង់›]»។ (យ៉ូន. ១:៥១; ១៣:១៦, ២០, ២១, ៣៨) សូមយើងពិនិត្យមើលអ្វីផ្សេងទៀតដែលយើងអាចរៀនពីគំរូរបស់លោកយេស៊ូ ប៉ូល និងអ្នកឯទៀតដែលថាមែនគឺមែន។
លោកយេស៊ូជាគំរូដ៏ប្រសើរបំផុត
៣. តើលោកយេស៊ូបានសន្យាអ្វីចំពោះព្រះក្នុងសេចក្ដីអធិដ្ឋានរបស់លោក ហើយតើបិតារបស់លោកនៅស្ថានសួគ៌បានតបឆ្លើយយ៉ាងណា?
៣ «ឱព្រះអើយ មើល! ខ្ញុំមក . . . ដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក»។ (ហេ. ១០:៧) តាមរយៈពាក្យសម្ដីដ៏មានអត្ថន័យនេះ លោកយេស៊ូបានបង្ហាញខ្លួនលោកចំពោះព្រះដើម្បីធ្វើអ្វីទាំងអស់ដែលគម្ពីរបានទាយអំពីពូជដែលបានត្រូវសន្យា នេះរួមបញ្ចូលការដែលលោកត្រូវសាថាន«ចឹកកែងជើង»។ (លោ. ៣:១៥) គ្មានមនុស្សណាទៀតធ្លាប់ស្ម័គ្រចិត្តទទួលភារកិច្ចដ៏ធ្ងន់ធ្ងរបែបនេះឡើយ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ពីស្ថានសួគ៌ថាលោកមានទំនុកចិត្តទាំងស្រុងលើបុត្ររបស់លោក ទោះជាលោកមិនបានតម្រូវឲ្យលោកយេស៊ូស្បថធ្វើតាមពាក្យសម្ដីរបស់លោកក៏ដោយ។—លូក. ៣:២១, ២២
៤. តើលោកយេស៊ូរក្សាសម្ដីរបស់លោក បើថាមែនគឺមែនយ៉ាងដូចម្ដេច?
៤ លោកយេស៊ូតែងតែធ្វើតាមអ្វីដែលលោកបានផ្សព្វផ្សាយ ដោយរក្សាសម្ដីរបស់លោកបើថាមែនគឺមែន។ លោកមិនឲ្យអ្វីមកបំបែរអារម្មណ៍លោកពីភារកិច្ចដែលលោកបានទទួលពីបិតាលោកសោះឡើយ។ ភារកិច្ចនោះគឺការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ និងការបង្រៀនមនុស្សដែលព្រះបានទាញនាំមកឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូ។ (យ៉ូន. ៦:៤៤) គម្ពីររៀបរាប់ថាលោកយេស៊ូតែងតែធ្វើតាមអ្វីដែលលោកសន្យា ដោយប្រើពាក្យដ៏ល្បីល្បាញដែលថា៖ «ទោះជាសេចក្ដីសន្យារបស់ព្រះមានច្រើនយ៉ាងណាក៏ដោយ ក៏សេចក្ដីសន្យាទាំងអស់នោះបានទៅជាមែន តាមរយៈលោក»។ (២កូ. ១:២០) លោកយេស៊ូពិតជាគំរូដ៏ប្រសើរបំផុត ជាអ្នកដែលធ្វើតាមអ្វីដែលលោកបានសន្យាចំពោះបិតាលោក។ បន្ទាប់មក សូមពិចារណាអំពីបុគ្គលម្នាក់ដែលបានខំអស់ពីសមត្ថភាពដើម្បីយកតម្រាប់លោកយេស៊ូ។
ប៉ូលជាមនុស្សដែលធ្វើតាមពាក្យសម្ដីរបស់ខ្លួន
៥. តើសាវ័កប៉ូលបានទុកគំរូអ្វីសម្រាប់យើង?
៥ «លោកម្ចាស់ តើខ្ញុំត្រូវធ្វើយ៉ាងណា?»។ (សកម្ម. ២២:១០) ដោយនិយាយពាក្យសម្ដីដ៏ស្មោះនេះ ប៉ូលដែលពីមុនគេស្គាល់ថាជាសុល បានធ្វើតាមការណែនាំរបស់លោកម្ចាស់យេស៊ូដែលបានទទួលសិរីរុងរឿង ដែលបានលេចមកឲ្យប៉ូលឃើញក្នុងការបើកបង្ហាញក្នុងគំនិតមួយ ដើម្បីបញ្ឈប់គាត់មិនឲ្យបៀតបៀនពួកអ្នកកាន់តាមគ្រិស្ត។ ជាលទ្ធផល ដោយចិត្តរាបទាប សុលបានប្រែចិត្តពីការប្រព្រឹត្តរបស់គាត់នៅអតីតកាល បានទទួលការជ្រមុជទឹក ហើយទទួលយកភារកិច្ចពិសេសដែលបានត្រូវប្រគល់ឲ្យគាត់ ដើម្បីធ្វើជាសាក្សីបញ្ជាក់ពីលោកយេស៊ូដល់ប្រជាជាតិនានា។ ចាប់តាំងពីពេលនោះមក ប៉ូលបានបន្តនិយាយទៅកាន់លោកយេស៊ូថាជា«លោកម្ចាស់»របស់គាត់ ដោយប្រព្រឹត្តសមស្របនឹងពាក្យនោះរហូតដល់ទីបញ្ចប់នៃជីវិតរបស់គាត់នៅផែនដី។ (សកម្ម. ២២:៦-១៦; ២កូ. ៤:៥; ២ធី. ៤:៨) ប៉ូលមិនដូចអ្នកឯទៀតដែលលោកយេស៊ូបានមានប្រសាសន៍ថា៖ «បើដូច្នេះ ហេតុអ្វីអ្នករាល់គ្នាហៅខ្ញុំថា‹លោកម្ចាស់! លោកម្ចាស់!› តែមិនប្រព្រឹត្តតាមអ្វីដែលខ្ញុំនិយាយ?»។ (លូក. ៦:៤៦) លោកយេស៊ូសង្ឃឹមថាអស់អ្នកដែលទទួលយកលោកជាម្ចាស់របស់ពួកគេធ្វើតាមពាក្យសម្ដីរបស់ខ្លួនដូចសាវ័កប៉ូល។
៦, ៧. (ក) ហេតុអ្វីប៉ូលផ្លាស់ប្ដូរគម្រោងធ្វើទស្សនកិច្ចរបស់គាត់នៅក្រុងកូរិនថូស ហើយហេតុអ្វីពួកអ្នកដែលរិះគន់គាត់មិនអាចមានមូលហេតុត្រឹមត្រូវដើម្បីចោទប្រកាន់គាត់ថាមិនគួរឲ្យទុកចិត្ត? (ខ) តើយើងគួរមានទស្សនៈយ៉ាងណាចំពោះពួកអ្នកដែលបានត្រូវតែងតាំងឲ្យនាំមុខក្នុងចំណោមយើង?
៦ ប៉ូលបានផ្សព្វផ្សាយយ៉ាងខ្នះខ្នែងនូវដំណឹងអំពីរាជាណាចក្រពាសពេញតំបន់អាស៊ីប៉ែកខាងលិចនិងក្នុងទ្វីបអឺរ៉ុប ដោយបង្កើតក្រុមជំនុំជាច្រើន ហើយត្រឡប់ទៅធ្វើទស្សនកិច្ចនៅក្រុមជំនុំទាំងនោះ។ ម្ដងម្កាល គាត់ត្រូវស្បថថាអ្វីដែលគាត់បានសរសេរគឺជាការពិត។ (កាឡ. ១:២០) ពេលបងប្អូនខ្លះនៅក្រុងកូរិនថូសចោទប្រកាន់ប៉ូលថាមិនគួរឲ្យទុកចិត្ត នោះគាត់បានសរសេរដើម្បីការពារខ្លួនថា៖ «យើងអាចទុកចិត្តព្រះ ថាសម្ដីរបស់យើងចំពោះអ្នករាល់គ្នា មិនមែនថា មែន រួចទេវិញឡើយ»។ (២កូ. ១:១៨) នៅពេលដែលគាត់សរសេរសំបុត្រនោះ ប៉ូលបានចាកចេញពីក្រុងអេភេសូរ ហើយកំពុងធ្វើដំណើរកាត់ស្រុកម៉ាសេដូនដើម្បីទៅក្រុងកូរិនថូស។ ដើមឡើយគាត់មានគម្រោងត្រឡប់ទៅធ្វើទស្សនកិច្ចនៅក្រុងកូរិនថូសមុនទៅស្រុកម៉ាសេដូន។ (២កូ. ១:១៥, ១៦) ប៉ុន្តែ ដូចអ្នកធ្វើដំណើរត្រួតពិនិត្យសព្វថ្ងៃនេះ ជួនកាលពួកគាត់ត្រូវផ្លាស់ប្ដូរគម្រោង។ ការផ្លាស់ប្ដូរបែបនេះមិនមែនធ្វើឡើងដោយសារមូលហេតុតូចតាច ឬមូលហេតុផ្ទាល់ខ្លួននោះទេ ប៉ុន្តែដោយសារមានកិច្ចការបន្ទាន់។ ក្នុងករណីរបស់ប៉ូល មូលហេតុដែលគាត់ពន្យារពេលធ្វើទស្សនកិច្ចដែលគាត់បានគ្រោងទុកនៅក្រុងកូរិនថូស គឺដើម្បីជាប្រយោជន៍ដល់ក្រុមជំនុំនោះ។ ហេតុអ្វីដូច្នេះ?
៧ ពេលខ្លះ ក្រោយពីបានធ្វើគម្រោងរួចហើយ ប៉ូលបានឮដំណឹងមិនល្អស្តីអំពីការបណ្ដោយឲ្យមានការបែកបាក់សាមគ្គីគ្នានិងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទនៅក្នុងក្រុងកូរិនថូស។ (១កូ. ១:១១; ៥:១) ដើម្បីកែតម្រូវស្ថានភាពនោះ ប៉ូលបានផ្ដល់ឱវាទយ៉ាងម៉ឺងម៉ាត់ក្នុងសំបុត្រទី១របស់គាត់ទៅកាន់គ្រិស្តសាសនិកនៅក្រុងកូរិនថូស។ បន្ទាប់មក ជាជាងជិះសំពៅចេញពីក្រុងអេភេសូរទៅកាន់ក្រុងកូរិនថូស ប៉ូលបានសម្រេចចិត្តទុកពេលឲ្យបងប្អូនធ្វើតាមឱវាទរបស់គាត់ ដើម្បីពេលដែលគាត់ទៅដល់ទីនោះ ទស្សនកិច្ចរបស់គាត់នឹងនាំឲ្យមានការលើកទឹកចិត្តយ៉ាងខ្លាំងថែមទៀត។ ដើម្បីធ្វើឲ្យពួកគេជឿជាក់ពីមូលហេតុពិតប្រាកដនៃការកែប្រែគម្រោងរបស់គាត់ ប៉ូលបានសរសេរនៅក្នុងសំបុត្រទី២របស់គាត់ថា៖ «ខ្ញុំសូមស្បថចំពោះព្រះដោយដាក់ជីវិតថា ខ្ញុំមិនទាន់មកក្រុងកូរិនថូសទេ ដើម្បីមិនធ្វើឲ្យអ្នករាល់គ្នាពិបាកចិត្តខ្លាំងជាងពេលនេះ»។ (២កូ. ១:២៣) ជាជាងធ្វើដូចពួកអ្នកដែលរិះគន់ប៉ូល សូមឲ្យយើងបង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះពួកអ្នកដែលព្រះបានតែងតាំងឲ្យនាំមុខក្នុងចំណោមយើង។ តាមការពិត យើងគួរយកតម្រាប់ប៉ូល ដូចគាត់បានយកតម្រាប់គ្រិស្តដែរ។—១កូ. ១១:១; ហេ. ១៣:៧
គំរូដ៏ល្អឯទៀត
៨. តើរេបិកាបានទុកគំរូអ្វីសម្រាប់យើង?
៨ ‹ខ្ញុំទទួលថាព្រមទៅ›។ (លោ. ២៤:៥៨) រេបិកាបានពោលពាក្យដូចខាងលើនេះ ពេលនាងឆ្លើយតបទៅម្ដាយនិងបងប្រុសរបស់នាងថានាងយល់ព្រមចាកចេញពីផ្ទះនៅថ្ងៃនោះឯង ហើយធ្វើដំណើរជាមួយមនុស្សដែលពុំធ្លាប់ស្គាល់អស់ជាង៨០០គីឡូម៉ែត្រ (៥០០ម៉ៃល៍) ដើម្បីក្លាយជាប្រពន្ធអ៊ីសាកដែលជាកូនប្រុសរបស់អាប្រាហាំ។ (លោ. ២៤:៥០-៥៨) រេបិកាបាននិយាយថាមែនគឺមែន ហើយនាងបង្ហាញថានាងជាប្រពន្ធដែលកោតខ្លាចព្រះ និងជាប្រពន្ធដែលស្មោះត្រង់របស់អ៊ីសាក។ រេបិការស់នៅអស់មួយជីវិតរបស់នាងក្នុងត្រសាល ជាជនបរទេសក្នុងស្រុកដែលព្រះបានសន្យា។ ដោយសារនាងមានចិត្តស្មោះត្រង់ នាងបានទទួលរង្វាន់ដោយក្លាយជាជីដូននៃលោកយេស៊ូគ្រិស្តជាពូជដែលបានត្រូវសន្យា។—ហេ. ១១:៩, ១៣
៩. តើនាងរូថបានធ្វើតាមពាក្យសម្ដីរបស់នាងយ៉ាងដូចម្ដេច?
៩ «ទេយើងខ្ញុំនឹងទៅនៅក្នុងសាសន៍របស់អ្នកម្ដាយ ជាមួយនឹងអ្នកម្ដាយដែរ»។ (រស់. ១:១០) រូថនិងអ័រប៉ាដែលជាស្ត្រីមេម៉ាយជនជាតិម៉ូអាប់ បាននិយាយពាក្យនេះទៅន៉ាអូមីដែលជាស្ត្រីមេម៉ាយនិងជាម្ដាយក្មេករបស់ពួកគេ ដែលកំពុងត្រឡប់ពីស្រុកម៉ូអាប់ទៅក្រុងបេថ្លេហិមវិញ។ នៅទីបំផុត ដោយសារន៉ាអូមីបង្ខំ អ័រប៉ាក៏ត្រឡប់ទៅស្រុកកំណើតរបស់នាងវិញ។ ប៉ុន្តែ ពាក្យនាងរូថថាទេគឺទេមែន។ (សូមអាន នាងរស់ ១:១៦, ១៧) នាងរូថបាននៅជាប់នឹងន៉ាអូមីយ៉ាងស្មោះត្រង់ ហើយបានលះចោលគ្រួសាររបស់នាងនិងសាសនាមិនពិតរបស់ជនជាតិម៉ូអាប់ជារៀងរហូត។ នាងបានស៊ូទ្រាំក្នុងនាមជាអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ហើយបានទទួលរង្វាន់ដោយបានធ្វើជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីតែប្រាំនាក់ប៉ុណ្ណោះ ដែលម៉ាថាយរៀបរាប់ក្នុងវង្សត្រកូលរបស់គ្រិស្ត។—ម៉ាថ. ១:១, ៣, ៥, ៦, ១៦
១០. ហេតុអ្វីអេសាយជាគំរូល្អសម្រាប់យើង?
១០ «ទូលបង្គំនៅឯណេះហើយ! សូមចាត់ទូលបង្គំចុះ»។ (អេ. ៦:៨) មុនពោលពាក្យនេះ ក្នុងការបើកបង្ហាញដ៏អស្ចារ្យមួយក្នុងគំនិត អេសាយបានឃើញព្រះយេហូវ៉ាអង្គុយលើបល្ល័ង្កខាងលើវិហាររបស់អ៊ីស្រាអែល។ កាលដែលគាត់កំពុងសម្លឹងមើលអ្វីដ៏អស្ចារ្យនោះ អេសាយបានឮព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «តើអញនឹងចាត់អ្នកណាឲ្យទៅ តើអ្នកណានឹងទៅឲ្យអញ?»។ នេះជាការអញ្ជើញមួយរបស់ព្រះយេហូវ៉ាឲ្យគាត់ធ្វើជាអ្នកនាំពាក្យរបស់លោកទៅកាន់បណ្ដាជនដ៏រឹងទទឹងរបស់លោក។ អេសាយបានធ្វើតាមពាក្យរបស់គាត់ដែលថាមែនគឺមែន។ គាត់បានបម្រើជាអ្នកប្រកាសទំនាយយ៉ាងស្មោះត្រង់អស់ជាង៤៦ឆ្នាំ ដោយប្រកាសការផ្ដន្ទាទោសយ៉ាងម៉ឺងម៉ាត់ ព្រមទាំងប្រាប់អំពីសេចក្ដីសន្យាដ៏អស្ចារ្យស្តីអំពីការរៀបចំឡើងវិញនូវការគោរពប្រណិប័តន៍ពិត។
១១. (ក) ហេតុអ្វីការធ្វើតាមពាក្យសម្ដីរបស់ខ្លួនគឺសំខាន់ម្ល៉េះ? (ខ) តើមានគំរូអ្វីខ្លះ ដែលទុកជាការព្រមាន សម្រាប់អ្នកដែលមិនរក្សាសម្ដីរបស់ខ្លួន?
១១ ហេតុអ្វីព្រះយេហូវ៉ាឲ្យគេកត់ទុកគំរូខាងលើនេះក្នុងបណ្ដាំរបស់លោកសម្រាប់យើង? ហើយតើការរក្សាសម្ដីថាមែនគឺមែនគឺសំខាន់យ៉ាងណា? គម្ពីរព្រមានយ៉ាងច្បាស់ថា បុគ្គលដែល«ក្បត់សន្យា» គឺនៅក្នុងចំណោមមនុស្សដែល«គួរតែស្លាប់»។ (រ៉ូម ១:៣១, ៣២) ផារ៉ូដែលជាស្តេចអេស៊ីប សេដេគាដែលជាស្តេចយូដា អាណានាសនិងសាភីរ៉ា គឺនៅក្នុងចំណោមគំរូអាក្រក់ដែលគម្ពីរបានបញ្ជាក់អំពីបុគ្គលដែលនិយាយថាមែនតែមិនធ្វើតាមសម្ដីរបស់ខ្លួន។ ពួកគេទាំងអស់គ្នាទទួលលទ្ធផលអាក្រក់ ហើយជាគំរូដែលទុកជាការព្រមានសម្រាប់យើង។—និក្ខ. ៩:២៧, ២៨, ៣៤, ៣៥; អេស. ១៧:១៣-១៥, ១៩, ២០; សកម្ម. ៥:១-១០
១២. តើអ្វីនឹងជួយយើងឲ្យធ្វើតាមពាក្យសម្ដីរបស់យើង?
១២ ដោយសារយើងរស់នៅ«គ្រាចុងក្រោយបង្អស់» នៅជុំវិញយើងមានមនុស្ស«មិនស្មោះត្រង់» មនុស្សដែល«ធ្វើឫកពាជាមនុស្សមានភក្ដីភាពចំពោះព្រះ ប៉ុន្តែពួកគេមិនព្រមទទួលឥទ្ធិពលពីភក្ដីភាពនោះទេ»។ (២ធី. ៣:១-៥) យើងត្រូវខំអស់ពីសមត្ថភាពដើម្បីជៀសវាងពីការសេពគប់អាក្រក់បែបនេះ។ ផ្ទុយទៅវិញ យើងគួរចូលរួមប្រជុំជាទៀងទាត់ជាមួយពួកអ្នកដែលព្យាយាមរក្សាសម្ដីរបស់ខ្លួនដែលថាមែនគឺមែនជានិច្ច។—ហេ. ១០:២៤, ២៥
ពាក្យថាមែនដែលសំខាន់បំផុតសម្រាប់អ្នក
១៣. តើពាក្យថាមែនដែលសំខាន់បំផុតសម្រាប់អ្នកកាន់តាមលោកយេស៊ូគឺជាអ្វី?
១៣ ពាក្យសន្យាដ៏សំខាន់បំផុតដែលបុគ្គលម្នាក់អាចសន្យាគឺជាប់ទាក់ទងនឹងការប្រគល់ខ្លួនរបស់គាត់ជូនព្រះ។ នៅក្នុងឱកាសបីដោយឡែកពីគ្នា ពួកអ្នកដែលចង់ប្រគល់ខ្លួនពួកគេធ្វើជាអ្នកកាន់តាមលោកយេស៊ូមានឱកាសឆ្លើយថាមែនទៅនឹងសំណួរស្តីអំពីបំណងចិត្តរបស់ពួកគេ។ (ម៉ាថ. ១៦:២៤) នៅពេលដែលអ្នកចាស់ទុំពីរនាក់សួរសំណួរបុគ្គលម្នាក់ដែលចង់ក្លាយជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក ពួកគាត់នឹងសួរគាត់ថា៖ «តើអ្នកពិតជាចង់ធ្វើជាសាក្សីព្រះយេហូវ៉ាមែនឬទេ?»។ ក្រោយមក ពេលដែលបុគ្គលនោះជឿនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ ហើយមានបំណងចង់បានការអនុញ្ញាតឲ្យទទួលការជ្រមុជទឹក អ្នកចាស់ទុំនឹងជួបគាត់ ហើយសួរថា៖ «តើអ្នកបានប្រគល់ខ្លួនអ្នកជូនព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋានហើយឬនៅ?»។ នៅទីបំផុត នៅថ្ងៃទទួលការជ្រមុជទឹក អ្នកដែលត្រូវទទួលការជ្រមុជទឹកម្នាក់ៗនឹងត្រូវសួរថា៖ «ដោយមានមូលដ្ឋានលើការបូជាជីវិតនៃលោកយេស៊ូគ្រិស្ត តើអ្នកបានប្រែចិត្តពីអំពើខុសឆ្គងរបស់អ្នក ហើយបានប្រគល់ខ្លួនអ្នកចំពោះព្រះយេហូវ៉ា ដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោកឬទេ?»។ ដូច្នេះ នៅមុខសាក្សីទាំងឡាយ អ្នកថ្មីទាំងនេះនិយាយថាបាទឬចាសដើម្បីសន្យាថាពួកគេនឹងបម្រើព្រះយេហូវ៉ាជារៀងរហូត។
១៤. ដើម្បីពិចារណាអំពីខ្លួនយើងជាទៀងទាត់ តើយើងគួរសួរសំណួរអ្វីខ្លះ?
១៤ ទោះជាអ្នកទើបនឹងទទួលការជ្រមុជទឹកឬបានបម្រើព្រះអស់ប៉ុន្មានទសវត្សរ៍ហើយក្ដី អ្នកត្រូវពិចារណាអំពីខ្លួនអ្នកជាទៀងទាត់ ហើយសួរខ្លួននូវសំណួរដែលថា៖ ‹ដោយយកតម្រាប់លោកយេស៊ូ តើខ្ញុំបន្តរក្សាពាក្យថាមែនដែលសំខាន់បំផុតសម្រាប់ខ្ញុំឬទេ? តើខ្ញុំបន្តធ្វើតាមបង្គាប់លោកយេស៊ូ ដោយចាត់ទុកកិច្ចការផ្សព្វផ្សាយនិងការបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោក ជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំឬទេ?›។—សូមអាន កូរិនថូសទី២ ១៣:៥
១៥. តើនៅក្នុងរឿងណាខ្លះនៃជីវិតរបស់អ្នកដែលការថាមែនគឺមែនគឺជារឿងសំខាន់?
១៥ ការធ្វើតាមសម្បថនៃការប្រគល់ខ្លួនជូនព្រះ មានន័យថាយើងក៏ត្រូវស្មោះត្រង់ក្នុងរឿងសំខាន់ឯទៀតដែរ។ ជាឧទាហរណ៍ តើអ្នកបានរៀបការហើយឬនៅ? បើអ្នករៀបការហើយ ចូរបន្តធ្វើតាមពាក្យសម្បថដ៏មានតម្លៃរបស់អ្នកដែលថាអ្នកនឹងស្រឡាញ់ ហើយថ្នាក់ថ្នមគូអាពាហ៍ពិពាហ៍របស់អ្នក។ តើអ្នកបានចុះកិច្ចសន្យារកស៊ីឬបានបំពេញពាក្យសុំដើម្បីទទួលភារកិច្ចខាងកិច្ចបម្រើក្នុងក្រុមជំនុំឬក្នុងអង្គការរបស់ព្រះឬទេ? បើដូច្នេះមែន សូមធ្វើតាមពាក្យសន្យារបស់អ្នក។ តើអ្នកបានយល់ព្រមទៅពិសាបាយជាមួយអ្នកណាម្នាក់ដែលមិនសូវមានធនធានឬទេ? ដូច្នេះ សូមកុំលុបចោលពាក្យសន្យានោះដោយសារមានម្នាក់ទៀតបានអញ្ជើញអ្នកដែលតាមមើលទៅគឺល្អជាងការអញ្ជើញមុន។ តើអ្នកបានសន្យាជាមួយអ្នកដែលអ្នកបានជួបពេលផ្សព្វផ្សាយថា អ្នកនឹងទៅជួបគាត់ម្ដងទៀតដើម្បីជួយគាត់ឲ្យកាន់តែមានចំណេះថែមទៀតអំពីព្រះឬទេ? បើដូច្នេះមែន ចូររក្សាសម្ដីរបស់អ្នកបើថាមែនគឺមែន ហើយព្រះយេហូវ៉ានឹងឲ្យពរដល់កិច្ចបម្រើផ្សាយរបស់អ្នក។—សូមអាន លូកា ១៦:១០
ប្រយោជន៍ដែលយើងទទួលពីសម្ដេចសង្ឃនិងស្តេចរបស់យើង
១៦. ប្រសិនបើយើងមិនបានធ្វើតាមពាក្យសម្ដីរបស់យើង តើយើងគួរធ្វើអ្វី?
១៦ គម្ពីរចែងថាដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ «យើងទាំងអស់គ្នាជំពប់ដួលជាញឹកញយ»ជាពិសេសតាមរយៈពាក្យសម្ដីរបស់យើង។ (យ៉ា. ៣:២) តើយើងគួរធ្វើយ៉ាងណា ពេលយើងដឹងថាយើងមិនបានធ្វើតាមពាក្យសម្ដីរបស់យើង? នៅក្នុងច្បាប់របស់ព្រះសម្រាប់ជនជាតិអ៊ីស្រាអែល មានការរៀបចំដែលបង្ហាញសេចក្ដីមេត្ដាករុណាចំពោះមនុស្សណាដែលមានទោសដោយសារបាន«ស្បថដោយឥតបើគិត»។ (លេវី. ៥:៤-៧, ១១) ក្នុងច្បាប់របស់ព្រះក៏មានការរៀបចំមួយដែលសឲ្យឃើញសេចក្ដីស្រឡាញ់របស់ព្រះចំពោះគ្រិស្តសាសនិកដែលបានប្រព្រឹត្តអំពើខុសឆ្គងបែបនេះដែរ។ ប្រសិនបើយើងសារភាពកំហុសណាមួយចំពោះព្រះយេហូវ៉ា លោកនឹងអភ័យទោសឲ្យយើងដោយសេចក្ដីមេត្ដាករុណាតាមរយៈកិច្ចការរបស់សម្ដេចសង្ឃរបស់យើង ពោលគឺលោកយេស៊ូគ្រិស្ត។ (១យ៉ូន. ២:១, ២) ដូច្នេះ ដើម្បីឲ្យយើងនៅតែទទួលការពេញចិត្តពីព្រះ យើងត្រូវប្រព្រឹត្តយ៉ាងណាដែលបង្ហាញថាយើងបានប្រែចិត្តដោយមិនប្រព្រឹត្តអំពើខុសឆ្គងនោះជាទម្លាប់ ហើយខំអស់ពីសមត្ថភាពដើម្បីសងការខូចខាតដែលបណ្ដាលមកពីការស្បថដោយឥតបើគិតរបស់យើង។ (សុភ. ៦:២, ៣) ជាការប្រសើរជាងឆ្ងាយណាស់ដែលយើងពិចារណាយ៉ាងដិតដល់ មុននឹងយើងធ្វើការសន្យាដែលយើងមិនអាចធ្វើតាមបាន។—សូមអាន សាស្ដា ៥:២
១៧, ១៨. តើអស់អ្នកដែលខំប្រឹងរក្សាពាក្យសម្ដីរបស់ខ្លួនបើថាមែនគឺមែន នឹងមានអនាគតដ៏អស្ចារ្យអ្វី?
១៧ អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាទាំងអស់ដែលខំប្រឹងរក្សាពាក្យសម្ដីរបស់ខ្លួនបើថាមែនគឺមែន នឹងមានអនាគតដ៏អស្ចារ្យមែន! គ្រិស្តសាសនិក១៤៤.០០០នាក់ដែលបានត្រូវរើសតាំង នឹងមានជីវិតអមតៈនៅស្ថានសួគ៌ ដែលនៅទីនោះពួកគេរួមចំណែកជាមួយលោកយេស៊ូក្នុងរាជាណាចក្ររបស់លោក ហើយ«នឹងគ្រប់គ្រងជាស្តេចជាមួយនឹងលោកអស់មួយពាន់ឆ្នាំ»។ (បប. ២០:៦) មនុស្សជាច្រើនឥតគណនានឹងទទួលប្រយោជន៍ពីការគ្រប់គ្រងរបស់គ្រិស្ត នៅផែនដីដែលនឹងក្លាយជាសួនឧទ្យាន។ នៅទីនោះពួកគេនឹងត្រូវជួយឲ្យមានរូបកាយនិងចិត្តគំនិតល្អឥតខ្ចោះបន្ដិចម្ដងៗ។—បប. ២១:៣-៥
១៨ ដោយរក្សាភាពស្មោះត្រង់ចំពោះការសាកល្បងចុងក្រោយនៅចុងបញ្ចប់នៃការគ្រប់គ្រង១.០០០ឆ្នាំរបស់លោកយេស៊ូ យើងនឹងគ្មានហេតុសង្ស័យទៅលើសេចក្ដីសន្យារបស់អ្នកឯទៀតឡើយ។ (បប. ២០:៧-១០) ពាក្យទាំងអស់ដែលថាមែននឹងមែន ហើយពាក្យដែលថាទេគឺទេ។ មនុស្សទាំងអស់អាចយកតម្រាប់ព្រះយេហូវ៉ាយ៉ាងល្អឥតខ្ចោះ ដែលលោកជាបិតាជាទីស្រឡាញ់នៅស្ថានសួគ៌និងជា«ព្រះនៃសេចក្ដីពិត»។—ទំនុក. ៣១:៥
[រូបភាពធំនៅទំព័រ២៨]
តាំងពីលោកយេស៊ូទទួលការជ្រមុជទឹករហូតដល់ពេលលោកស្លាប់ លោកយេស៊ូធ្វើតាមអ្វីដែលលោកបានសន្យាចំពោះបិតាលោក
[រូបភាពនៅទំព័រ៣០]
តើអ្នកធ្វើតាមពាក្យថាមែនដែលសំខាន់បំផុតសម្រាប់អ្នកឬទេ?