ជំពូកទី២៦
ព្រះមួយអង្គដែល«បំរុងតែនឹងអត់ទោស»
១-៣ (ក) តើដាវីឌបានទ្រាំនឹងបន្ទុកដ៏ធ្ងន់អ្វី? ហើយតើដាវីឌបានរកឃើញអ្វីដែលសម្រាលទុក្ខគាត់? (ខ) នៅពេលយើងធ្វើបាប តើយើងប្រហែលជាមានបន្ទុកអ្វីជាលទ្ធផល? តើព្រះយេហូវ៉ាធ្វើឲ្យយើងមានទំនុកចិត្តទៅលើអ្វី?
ដាវីឌដែលជាអ្នកតែងទំនុកដំកើងបានសរសេរថា៖ «កំហុសរបស់ទូលបង្គំបានជន់ជោរឡើងលិចក្បាលទូលបង្គំ ហើយជាបន្ទុកមួយដ៏ធ្ងន់សង្កត់មកលើទូលបង្គំ ទូលបង្គំអស់កម្លាំង»។ (ទំនុកតម្កើង ៣៨:៥, ៩, ខ.ស.) ដាវីឌធ្លាប់មានបទពិសោធន៍ដឹងថា ការដែលមនសិការធ្វើទុក្ខនោះ គឺដូចជាមានបន្ទុកដ៏ធ្ងន់មួយសង្កត់មកលើខ្លួន។ ប៉ុន្តែ ដាវីឌបានរកឃើញនូវអ្វីដែលបានសម្រាលទុក្ខ។ ដាវីឌយល់ថា ទោះជាព្រះយេហូវ៉ាស្អប់បាបក៏ដោយ ទ្រង់មិនស្អប់អ្នកដែលធ្វើបាបទេបើអ្នកនោះប្រែចិត្តយ៉ាងស្មោះនិងវៀរចាកអំពើបាបនោះ។ ដោយសារដាវីឌជឿស៊ប់ថា ព្រះយេហូវ៉ាសុខចិត្តមេត្ដាប្រណីនឹងអ្នកដែលប្រែចិត្ត នោះដាវីឌបានពោលថា៖«ឱ[ព្រះយេហូវ៉ា]អើយ! ទ្រង់ . . . បំរុងតែនឹងអត់ទោស»។—ទំនុកដំកើង ៨៦:៥
២ នៅពេលយើងធ្វើបាប មនសិការរបស់យើងក៏ប្រហែលជាធ្វើទុក្ខដូចជាបន្ទុកដ៏ធ្ងន់សង្កត់មកលើយើងឲ្យរាបដែរ។ វិប្បដិសារីនេះមានគុណប្រយោជន៍។ អារម្មណ៍នេះអាចជំរុញឲ្យយើងខំធ្វើតាមជំហានដ៏ចាំបាច់ដើម្បីកែខ្លួន។ ក៏ប៉ុន្តែ ការមានវិប្បដិសារីនេះក៏អាចទៅជាសំណាញ់ទុក្ខមួយដែលរុំស្រោបរួបរឹតខ្លួនយើងយ៉ាងពេញទី។ ចិត្តរបស់យើងដែលចេះតែបន្ទោសជានិច្ច ប្រហែលជាប្រកាន់ថាព្រះយេហូវ៉ានឹងមិនអត់ទោសឲ្យយើងទេ ទោះជាយើងប្រែចិត្តយ៉ាងណាក៏ដោយ។ បើយើងត្រូវ«ស្រូបបាត់»ដោយវិប្បដិសារី នោះសាតាំងប្រហែលជានឹងព្យាយាមធ្វើឲ្យយើងចុះញ៉ម និងគិតថាព្រះយេហូវ៉ាមិនឲ្យតម្លៃមកលើយើងហើយចាត់ទុកយើងមិនសមនឹងបំរើទ្រង់ទេ។—កូរិនថូសទី២ ២:៥-១១
៣ តើនេះជាទស្សនៈរបស់ព្រះយេហូវ៉ាពិតមែនទេ? មិនមែនទាល់តែសោះ! ការអត់ទោសគឺជាលក្ខណៈមួយនៃសេចក្ដីស្រឡាញ់ដ៏ឧត្តមរបស់ព្រះយេហូវ៉ា។ ក្នុងព្រះបន្ទូលរបស់ព្រះយេហូវ៉ា ទ្រង់ជួយឲ្យយើងមានទំនុកចិត្តថា ទ្រង់សុខចិត្តអត់ទោសឲ្យយើងនៅពេលយើងប្រែចិត្តយ៉ាងស្មោះអស់ពីចិត្ត។ (សុភាសិត ២៨:១៣) យើងសូមពិចារណានូវមូលហេតុនិងរបៀបព្រះយេហូវ៉ាអត់ទោស ក្រែងយើងនឹកស្មានថាការអត់ទោសពីព្រះយេហូវ៉ាជាអ្វីដែលខ្លួនយើងទទួលពុំបាននោះ។
មូលហេតុដែលព្រះយេហូវ៉ា«បំរុងតែនឹងអត់ទោស»
៤. តើព្រះយេហូវ៉ាចាំអ្វីអំពីធាតុពិតរបស់យើង? តើនេះមានឥទ្ធិពលយ៉ាងណាទៅលើរបៀបទ្រង់ប្រព្រឹត្តចំពោះយើង?
៤ ព្រះយេហូវ៉ាជ្រាបថាសមត្ថភាពយើងមានកំរិត។ ទំនុកដំកើង ១០៣:១៤ ចែងថា៖«ទ្រង់ស្គាល់រាងកាយរបស់យើង[ឬ«ជ្រាបថាយើងត្រូវបានសូនពីអ្វីមក», ព.ថ.] ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។ ទ្រង់មិនដែលភ្លេចថាយើងជាសត្តនិករធ្វើពីធូលីដី ទាំងមានភាពទន់ខ្សោយដោយសារភាពឥតគ្រប់ល័ក្ខណ៍។ ពាក្យដែលថាទ្រង់ជ្រាបថា«យើងត្រូវបានសូនពីអ្វី» ធ្វើឲ្យយើងនឹកចាំថាព្រះគម្ពីរប្រដូចព្រះយេហូវ៉ាទៅនឹងជាងស្មូន ថែមទាំងប្រដូចយើងទៅនឹងរបស់ដែលជាងស្មូនសូនធ្វើពីដីឥដ្ឋ។a (យេរេមា ១៨:២-៦) ដោយសារព្រះយេហូវ៉ាជាជាងស្មូនដ៏ឧត្តម ទ្រង់ប្រព្រឹត្តមកលើយើងសមស្របនឹងភាពទន់ខ្សោយដែលយើងមានពីព្រោះបាប និងរបៀបយើងស្ដាប់ឬមិនស្ដាប់តាមការណែនាំរបស់ទ្រង់។
៥. តើសៀវភៅរ៉ូមពណ៌នាអំពីឥទ្ធិពលខ្លាំងនៃបាបយ៉ាងដូចម្ដេច?
៥ ព្រះយេហូវ៉ាជ្រាបពីឥទ្ធិពលនៃបាប។ បន្ទូលរបស់ទ្រង់ពណ៌នាអំពីបាបថាវាជាអានុភាពដ៏ខ្លាំងមួយមានអំណាចលើមនុស្សជាតិហាក់បីដូចជាស្ថិតនៅក្នុងក្រញាំវា។ តើបាបមានឥទ្ធិពលខ្លាំងប៉ុនណាទៅ? ក្នុងសៀវភៅរ៉ូម សាវ័កប៉ុលពន្យល់ថា៖ យើង«នៅក្រោមអំពើបាប» ដូចជាទាហាននៅក្រោមមេបញ្ជាការរបស់ពួកគេ។ (រ៉ូម ៣:៩) គាត់ក៏បានសរសេរថាបាបបាន«សោយរាជ្យ»លើមនុស្សជាតិដូចជាស្តេចមួយអង្គ។ (រ៉ូម ៥:២១) ហើយគាត់ថាបាបស្ថិត«នៅក្នុងខ្លួន»យើង។ (រ៉ូម ៧:១៧, ២០) «អំណាច»របស់បាបមានអានុភាពមកលើយើងជានិច្ច ដោយខិតខំកាន់កាប់ទៅលើយើង។ (រ៉ូម ៧:២៣, ២៥) បាបពិតជាមានឥទ្ធិពលខ្លាំងសម្បើមមកលើមនុស្សឥតគ្រប់ល័ក្ខណ៍!—រ៉ូម ៧:២១, ២៤
៦, ៧. (ក) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះអ្នកដែលសុំដោយចិត្តសង្រេងឲ្យទ្រង់បង្ហាញសេចក្ដីមេត្ដាករុណានោះ? (ខ) ហេតុអ្វីយើងមិនគួររំលោភទៅលើសេចក្ដីមេត្ដាករុណារបស់ព្រះ?
៦ ដូច្នេះ ព្រះយេហូវ៉ាជ្រាបថាយើងមិនអាចស្ដាប់បង្គាប់ទ្រង់បានយ៉ាងល្អឥតខ្ចោះឡើយ សូម្បីតែយើងចង់ធ្វើដូច្នេះយ៉ាងណាក៏ដោយ។ ទ្រង់បង្ហាញសេចក្ដីស្រឡាញ់ដោយជួយឲ្យយើងមានទំនុកចិត្តថា ទ្រង់នឹងអត់ទោសឲ្យយើងនៅពេលយើងសុំដោយចិត្តសោកសង្រេងឲ្យទ្រង់បង្ហាញសេចក្ដីមេត្ដាករុណានោះ។ ទំនុកដំកើង ៥១:១៧ ចែងថា៖«ឯដង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអង្គអើយ! ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ ហើយទន់ទាបឡើយ»។ ព្រះយេហូវ៉ានឹងមិនដែលបដិសេធចិត្តមួយដែល«ខ្ទេចខ្ទាំ ហើយទន់ទាប»ដោយវិប្បដិសារីនោះទេ។
៧ ប៉ុន្តែ តើនេះមានន័យថាយើងអាចរំលោភទៅលើសេចក្ដីមេត្ដាករុណានៃព្រះដោយប្រើភាពឥតគ្រប់ល័ក្ខណ៍របស់យើងជាលេសដើម្បីធ្វើបាបឬទេ? ប្រាកដជាមិនមានន័យដូច្នេះទេ! ព្រះយេហូវ៉ាមិនបណ្ដោយឲ្យអង្គទ្រង់លំអៀងតាមអារម្មណ៍មនោសញ្ចេតនានោះទេ។ សេចក្ដីមេត្ដាករុណារបស់ទ្រង់មានកំរិត។ ទ្រង់នឹងមិនព្រមអត់ទោសឲ្យអ្នកដែលរឹងចចេសធ្វើអំពើបាបដោយចេតនានិងមិនប្រែចិត្តនោះទេ។ (ហេព្រើរ ១០:២៦) ប៉ុន្តែ នៅពេលទ្រង់ទតឃើញថាអ្នកណាម្នាក់មានចិត្តសោកសង្រេង នោះទ្រង់បំរុងតែនឹងអត់ទោស។ ឥឡូវ យើងសូមពិចារណានូវការពណ៌នាក្នុងព្រះគម្ពីរដែលប្រើពាក្យបញ្ជាក់ឲ្យឃើញពីទិដ្ឋភាពជាក់ស្តែងស្តីអំពីលក្ខណៈប្រសើរឯកនៃសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។
តើព្រះយេហូវ៉ាអត់ទោសយ៉ាងពេញលេញប៉ុនណា?
៨. នៅពេលព្រះយេហូវ៉ាលើកលែងទោសបាបរបស់យើង តើនេះដូចជាទ្រង់ធ្វើអ្វីទៅ? តើនេះធ្វើឲ្យយើងមានទំនុកចិត្តយ៉ាងណា?
៨ ដាវីឌបានប្រែចិត្តនិងមានបន្ទូលថា៖«ទូលបង្គំបានសារភាពអំពើបាបចំពោះព្រះអង្គ ទូលបង្គំមិនបានលាក់លៀមកំហុសរបស់ទូលបង្គំឡើយ . . . ព្រះអង្គក៏លើកលែងទោសទូលបង្គំអោយរួចពីបាប»។ (ទំនុកតម្កើង ៣២:៥, ខ.ស., កំណែជាអក្សរទ្រេត) ពាក្យ«លើកលែង»ត្រូវបកប្រែពីពាក្យភាសាហេព្រើរមួយដែលមានន័យថា «លើកឡើង»ឬ«យកទៅ»។ ក្នុងខនេះសំដៅទៅលើការលើកចោល«ទោស អំពើបាប និងការរំលងវិន័យ»។ ដូច្នេះ គឺដូចជាព្រះយេហូវ៉ាលើកបាបរបស់ដាវីឌយកទៅបោះចោល។ នេះពិតជាបានជួយរំលែកទុក្ខដែលដាវីឌមានដោយសារវិប្បដិសារីនោះ។ (ទំនុកដំកើង ៣២:៣) យើងក៏អាចមានទំនុកចិត្តទាំងស្រុងទៅលើព្រះមួយអង្គដែលលើកចោលបាបរបស់អ្នកដែលសុំការអត់ទោស ដោយមានមូលដ្ឋានទៅលើជំនឿដែលពួកគេមានលើយញ្ញបូជាលោះរបស់ព្រះយេស៊ូ។—ម៉ាថាយ ២០:២៨
៩. តើព្រះយេហូវ៉ាដាក់បាបរបស់យើងឲ្យនៅឆ្ងាយពីយើងប៉ុនណាទៅ?
៩ ដាវីឌបានពណ៌នាអំពីការអត់ទោសរបស់ព្រះយេហូវ៉ា ដោយប្រើពាក្យដែលបង្ហាញឲ្យឃើញទិដ្ឋភាពច្បាស់ នៅពេលដែលសរសេរថា៖«ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ»។ (ទំនុកដំកើង ១០៣:១២, កំណែជាអក្សរទ្រេត) តើទិសខាងកើតគឺឆ្ងាយពីទិសខាងលិចប៉ុនណាទៅ? យើងអាចនិយាយថា ទិសខាងកើតជាចំណុចឆ្ងាយបំផុតពីទិសខាងលិច។ ទិសទាំងពីរនេះគ្មានជំនួបទេ។ បណ្ឌិតម្នាក់កត់សម្គាល់ថា ពាក្យនេះបានន័យថា«ឆ្ងាយបំផុត ឬចម្ងាយឆ្ងាយបំផុតដែលយើងអាចគិតឃើញបាន»។ ពាក្យរបស់ដាវីឌដែលព្រះបានបណ្ដាលឲ្យសរសេរនោះបង្រៀនយើងថា នៅពេលដែលព្រះយេហូវ៉ាអត់ទោសឲ្យយើង ទ្រង់ដាក់បាបរបស់យើងឲ្យនៅឆ្ងាយបំផុតដែលយើងអាចគិតឃើញបាន។
១០. នៅពេលដែលព្រះយេហូវ៉ាអត់ទោសបាបរបស់យើង ហេតុអ្វីមិនគួរគិតថាយើងនឹងមានស្នាមប្រឡាក់ជាប់អស់មួយជីវិតដោយសារបាបនោះ?
១០ តើអ្នកធ្លាប់ខំបោកស្នាមប្រឡាក់មួយចេញពីសំលៀកបំពាក់ពណ៌ស្រស់ខ្ចីទេ? ទោះជាអ្នកខំប្រឹងយ៉ាងណាក៏ដោយ នៅតែអាចមើលឃើញស្នាមនោះដដែល។ សូមកត់សម្គាល់នូវរបៀបព្រះយេហូវ៉ាពណ៌នាអំពីសមត្ថភាពអត់ទោសរបស់ទ្រង់៖«ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅ[ឬ«ក្រហមជាំ», ព.ថ.]ក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ»។ (អេសាយ ១:១៨, កំណែជាអក្សរទ្រេត) ពាក្យ«ក្រហមទែង»សំដៅលើក្រហមឆើត។b «ក្រហមជាំ»គឺជាពណ៌ចាស់មួយដែលគេធ្លាប់ប្រើជ្រលក់ក្រណាត់។ បាបរបស់យើងគឺដូចជាស្នាមមួយដែលយើងមិនអាចបំបាត់ដោយការខំប្រឹងរបស់ខ្លួនឯងបានឡើយ។ ប៉ុន្តែ ព្រះយេហូវ៉ាអាចធ្វើឲ្យបាបដែលប្រៀបដូចជាពណ៌ក្រហមទែងនិងក្រហមជាំទៅជាសដូចហិម:ឬទឹកកក ឬក៏សដូចរោមចៀមដែលមិនជ្រលក់ពណ៌។ ដូច្នេះ នៅពេលព្រះយេហូវ៉ាអត់ទោសបាបរបស់យើង យើងមិនចាំបាច់ខ្លាចថាយើងនឹងមានស្នាមប្រឡាក់ជាប់អស់មួយជីវិតដោយសារបាបនោះទេ។
១១. តើពាក្យដែលថាព្រះយេហូវ៉ាបោះបាបរបស់យើងទៅក្រោយទ្រង់ មានន័យដូចម្ដេច?
១១ ហេសេគាបាននិពន្ធចំរៀងដ៏ពីរោះក្រៃលែងមួយ ដើម្បីបញ្ជាក់អំណរគុណរបស់ទ្រង់ក្រោយត្រូវបានប្រោសឲ្យរួចពីជំងឺធ្ងន់ធ្ងរដែលអាចបណ្ដាលឲ្យស្លាប់។ ទ្រង់បានទូលព្រះយេហូវ៉ាថា៖ «ទ្រង់បានបោះចោលអស់ទាំងអំពើបាបរបស់ទូលបង្គំ ទៅក្រោយទ្រង់ហើយ»។ (អេសាយ ៣៨:១៧, កំណែជាអក្សរទ្រេត) នៅទីនេះ ពណ៌នាថាព្រះយេហូវ៉ាយកបាបរបស់អ្នកដែលធ្វើខុសតែប្រែចិត្ត បោះទៅក្រោយមិនឲ្យឃើញឬចាប់អារម្មណ៍ទៀតទេ។ យោងទៅតាមឯកសារមួយ ចំណុចនេះអាចត្រូវបញ្ជាក់ដូចតទៅនេះថា«ទ្រង់បានធ្វើឲ្យ[អំពើបាបរបស់ទូលបង្គំ]ដែលមាន ហាក់ដូចជាមិនបានមានទៅវិញ»។ នេះពិតជាសម្រាលទុក្ខយើងណាស់ មែនទេ?
១២. តើព្យាការីមីកាបង្ហាញយ៉ាងដូចម្ដេចថា ពេលព្រះយេហូវ៉ាអត់ទោសទ្រង់លើកចោលបាបរបស់យើងឲ្យលែងមានទៀត?
១២ ក្នុងសេចក្ដីសន្យាស្តីអំពីការនាំរាស្ត្ររបស់ព្រះមកវិញ ព្យាការីមីកាបានបញ្ជាក់ជំនឿរបស់គាត់ថា ព្រះយេហូវ៉ានឹងអត់ទោសឲ្យរាស្ត្រទ្រង់ដែលប្រែចិត្ត។ «តើមានអ្នកណាជាព្រះឲ្យដូចទ្រង់? . . . [ទ្រង់]បំភ្លេចអំពើរំលងរបស់សំណល់នៃមរដកទ្រង់ . . . ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើង ទៅក្នុងសមុទ្រជ្រៅ»។ (មីកា ៧:១៨, ១៩, កំណែជាអក្សរទ្រេត) សូមគិតទៅលើអត្ថន័យនៃពាក្យទាំងនេះចំពោះប្រជាជននៅសម័យព្រះគម្ពីរ។ តើមានលទ្ធភាពអាចទទួលបានមកវិញនូវអ្វីដែលបានបោះទៅក្នុង«សមុទ្រជ្រៅ»ឬ? ពាក្យសំដីរបស់មីកាបង្ហាញថានៅពេលដែលព្រះយេហូវ៉ាអត់ទោស នោះទ្រង់លើកចោលបាបរបស់យើងឲ្យលែងមានទៀត។
១៣. តើបន្ទូលរបស់ព្រះយេស៊ូដែលថា«សូមអត់ទោសសេចក្ដីកំហុសរបស់យើងខ្ញុំ[ឬ«បំណុលរបស់យើងខ្ញុំ», ព.ថ.]»មានន័យដូចម្ដេច?
១៣ ព្រះយេស៊ូសំដៅលើទំនាក់ទំនងរវាងម្ចាស់បំណុលនិងកូនបំណុលដើម្បីបញ្ជាក់នូវការអត់ទោសរបស់ព្រះយេហូវ៉ា។ (ម៉ាថាយ ១៨:២៣-៣៥) ព្រះយេស៊ូក៏បានដាស់តឿនយើងឲ្យអធិស្ឋានថា៖«សូមអត់ទោសសេចក្ដីកំហុសរបស់យើងខ្ញុំ[ឬ«បំណុលរបស់យើងខ្ញុំ», ព.ថ.]»។ (ម៉ាថាយ ៦:១២) ក្នុងខនេះព្រះយេស៊ូបានប្រដូចបាបរបស់យើងទៅនឹងបំណុល។ នៅពេលធ្វើបាប យើងទៅជា«កូនបំណុល»របស់ព្រះយេហូវ៉ា។ ស្តីអំពីអត្ថន័យពាក្យភាសាក្រិចដែលបកប្រែថា«អត់ទោស»នោះ ឯកសារយោងមួយចែងថា៖«លុបចោលបំណុល ដោយឈប់ទារ»។ នៅពេលព្រះយេហូវ៉ាអត់ទោស គឺដូចជាទ្រង់លុបចោលបំណុលដែលនឹងត្រូវទារពីយើង។ ហេតុនេះ អ្នកដែលធ្វើអំពើបាបតែប្រែចិត្តអាចទទួលបានការសម្រាលទុក្ខ។ ព្រះយេហូវ៉ានឹងមិនដែលទារបំណុលមួយដែលទ្រង់បានលុបចោលទៅហើយទេ!—ទំនុកដំកើង ៣២:១, ២
១៤. តើពាក្យថា«ឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ»ធ្វើឲ្យនឹកគិតអំពីទិដ្ឋភាពអ្វីទៅ?
១៤ ការអត់ទោសរបស់ព្រះយេហូវ៉ាត្រូវពណ៌នាតទៅទៀតនៅកិច្ចការ ៣:១៩ដែលចែងថា៖«ចូរប្រែចិត្ត ហើយវិលមកចុះ! ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ»។ (កំណែជាអក្សរទ្រេត) ពាក្យចុងក្រោយត្រូវបកប្រែពីកិរិយាស័ព្ទភាសាហេព្រើរដែលអាចមានន័យថា«ជូតចោល . . . លុបចោល ឬបំផ្លាញចោល»។ យោងទៅតាមបណ្ឌិតខ្លះៗ ទិដ្ឋភាពដែលពាក្យនេះបញ្ជាក់គឺការលុបចោលអក្សរដៃ។ តើនេះអាចធ្វើបានយ៉ាងដូចម្ដេចទៅ? ទឹកប៊ិចដែលត្រូវប្រើនៅសម័យបុរាណជាការបន្សំនៃកាបូន ជ័រ និងទឹក។ ក្រោយសរសេររួចហើយដោយប្រើទឹកប៊ិចនេះ មនុស្សម្នាក់អាចយកអេប៉ុងសើមមួយមកជូតអក្សរនោះចោលបាន។ ក្នុងរឿងនេះមានឧទាហរណ៍ដ៏ប្រសើរមួយដែលបញ្ជាក់សេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា។ នៅពេលទ្រង់អត់ទោសបាបយើង គឺដូចជាទ្រង់យកអេប៉ុងមួយជូតចោល។
ព្រះយេហូវ៉ាចង់ឲ្យយើងដឹងថា ទ្រង់«បំរុងតែនឹងអត់ទោស»
១៥. តើព្រះយេហូវ៉ាចង់ឲ្យយើងដឹងអ្វីអំពីទ្រង់?
១៥ នៅពេលយើងរំពឹងគិតអំពីការពណ៌នាទាំងប៉ុន្មាននេះ គឺច្បាស់ហើយដែលព្រះយេហូវ៉ាចង់ឲ្យយើងដឹងថា ទ្រង់បំរុងតែនឹងអត់ទោសឲ្យបាបរបស់យើងដរាបណាដែលទ្រង់ឃើញថាយើងប្រែចិត្តដោយស្មោះ មែនទេ? យើងមិនចាំបាច់ខ្លាចថាទ្រង់នឹងប្រកាន់ទោសយើងដោយសារអំពើបាបទាំងនោះនៅថ្ងៃអនាគតទេ។ នេះបញ្ជាក់ដោយអ្វីមួយទៀតដែលព្រះគម្ពីរលាតត្រដាងអំពីសេចក្ដីមេត្ដាករុណាដ៏ឧត្តមរបស់ព្រះយេហូវ៉ា នោះគឺនៅពេលទ្រង់អត់ទោសទ្រង់ក៏លែងនឹកចាំទៀត។
‹យើងនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ›
១៦, ១៧. នៅពេលព្រះគម្ពីរចែងថាព្រះយេហូវ៉ាលែងនឹកចាំពីអំពើបាបរបស់យើង តើនេះមានន័យដូចម្ដេច? ហើយហេតុអ្វីអ្នកឆ្លើយដូច្នេះ?
១៦ ព្រះយេហូវ៉ាបានសន្យាជាមួយអ្នកដែលចូលរួមកិច្ចព្រមព្រៀងថ្មីថា៖‹យើងនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ›។ (យេរេមា ៣១:៣៤) តើនេះមានន័យថា នៅពេលព្រះយេហូវ៉ាអត់ទោសនោះទ្រង់គ្មានសមត្ថភាពនឹកចាំពីអំពើបាបរបស់យើងតទៅទៀតឬ? គឺមិនមែនមានន័យដូច្នេះទេ! ព្រះគម្ពីរចែងប្រាប់យើងអំពីបាបរបស់មនុស្សជាច្រើនដែលព្រះយេហូវ៉ាអត់ទោស រួមទាំងដាវីឌដែរ។ (សាំយូអែលទី២ ១១:១-១៧; ១២:១៣) ព្រះយេហូវ៉ាពិតជានៅចាំពីអំពើបាបដែលពួកគេបានប្រព្រឹត្តនោះ។ កំណត់ហេតុអំពីអំពើបាបរបស់ពួកគេព្រមទាំងការប្រែចិត្តរបស់ពួកគេនិងការអត់ទោសដោយព្រះ ត្រូវបានកត់ទុកជាប្រយោជន៍ដល់យើង។ (រ៉ូម ១៥:៤) ដូច្នេះ តើព្រះគម្ពីរមានន័យដូចម្ដេចពេលដែលចែងថា ព្រះយេហូវ៉ាមិន«នឹកចាំ»ពីអំពើបាបរបស់អ្នកដែលទ្រង់អត់ទោសនោះ?
១៧ កិរិយាស័ព្ទហេព្រើរដែលបកប្រែថា«នឹកចាំ»មានន័យជ្រៅជាងការនឹកចាំអំពីអតីតកាលប៉ុណ្ណោះ។ សៀវភៅវចនានុក្រមសាសនវិទ្យាពាក្យសញ្ញាចាស់កត់សម្គាល់ថា ពាក្យនេះរួមបញ្ចូល«អត្ថន័យបន្ថែមដែលទាក់ទងនឹងការប្រព្រឹត្តសមស្របទៅតាមអ្វីដែលខ្លួននឹកចាំនោះ»។ ដូច្នេះ ក្នុងន័យនេះ ការ«នឹកចាំ»អំពីអំពើបាប រួមបញ្ចូលការចាត់វិធានការដាក់ទោសអ្នកដែលធ្វើបាប។ (ហូសេ ៩:៩) ប៉ុន្តែ ពេលព្រះមានបន្ទូលថា‹យើងនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ› នោះទ្រង់កំពុងតែជួយឲ្យយើងមានទំនុកចិត្តថា ក្រោយទ្រង់អត់ទោសអ្នកដែលធ្វើបាបហើយប្រែចិត្ត នោះទ្រង់នឹងមិនដាក់ទោសពួកគេនៅថ្ងៃខាងមុខដោយសារអំពើបាបនោះទេ។ (អេសេគាល ១៨:២១, ២២) ដូច្នេះ ព្រះយេហូវ៉ាមិននឹកចាំក្នុងន័យថាទ្រង់មិនលើកឡើងនូវអំពើបាបយើងម្ដងហើយម្ដងទៀតដើម្បីចោទប្រកាន់ឬក៏ដាក់ទោសយើងម្ដងហើយម្ដងទៀតនោះទេ។ ការដឹងថាព្រះអត់ទោសហើយលែងនឹកចាំទៀតពិតជាធ្វើឲ្យយើងធូរក្នុងចិត្តណាស់ មែនទេ?
ចុះយ៉ាងណាចំពោះលទ្ធផលពីអំពើបាបនោះ?
១៨. ហេតុអ្វីការអត់ទោសមិនបានន័យថាអ្នកដែលធ្វើបាបតែប្រែចិត្តមិនត្រូវទទួលលទ្ធផលពីការប្រព្រឹត្តដ៏អាក្រក់របស់ខ្លួន?
១៨ កាលដែលព្រះយេហូវ៉ាបំរុងតែនឹងអត់ទោស តើនេះបានន័យថាអ្នកដែលធ្វើបាបគឺរួចពីផលវិបាកដែលមកពីកំហុសរបស់ខ្លួនឬទេ? មិនមានន័យដូច្នេះទេ! យើងមិនអាចធ្វើបាបនិងរួចផុតពីលទ្ធផលបានឡើយ។ ប៉ុលបានសរសេរថា៖«ពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ»។ (កាឡាទី ៦:៧) យើងប្រហែលជាត្រូវប្រឈមមុខលទ្ធផលខ្លះពីការប្រព្រឹត្តរបស់យើង។ នេះមិនបានន័យថាព្រះយេហូវ៉ាធ្វើឲ្យយើងជួបការលំបាកក្រោយទ្រង់អត់ទោសយើងទេ។ នៅពេលកើតមានបញ្ហា គ្រីស្ទានម្នាក់មិនគួរគិតថា‹ព្រះយេហូវ៉ាកំពុងតែដាក់ទោសខ្ញុំដោយសារអំពើបាបកាលពីមុននោះ›។ (យ៉ាកុប ១:១៣) ក៏ប៉ុន្តែ ព្រះយេហូវ៉ាក៏មិនការពារយើងពីលទ្ធផលមកពីកំហុសរបស់យើងដែរ។ ការលែងលះគ្នា ការមានផ្ទៃពោះដែលមិនចង់បាន ជំងឺកាមរោគ ការបាត់បង់នូវទំនុកចិត្តឬការគោរពពីអ្នកដទៃ សុទ្ធតែជាលទ្ធផលដ៏គួរឲ្យសោកស្ដាយនិងចៀសពុំបានដែលប្រហែលជាមកពីអំពើបាបនោះ។ សូមចាំថា សូម្បីតែក្រោយព្រះយេហូវ៉ាអត់ទោសបាបរបស់ដាវីឌចំពោះបាតសេបានិងអ៊ូរី ក៏ព្រះយេហូវ៉ាមិនបានការពារដាវីឌពីអន្តរាយដែលមកជាលទ្ធផលនោះទេ។—សាំយូអែលទី២ ១២:៩-១២
១៩-២១. (ក) តើក្រិត្យវិន័យកត់ទុកនៅលេវីវិន័យ ៦:១-៧មានប្រយោជន៍សំរាប់ជនរងគ្រោះនិងអ្នកធ្វើខុសយ៉ាងដូចម្ដេច? (ខ) បើអំពើបាបរបស់យើងបានប៉ះពាល់ដល់អ្នកឯទៀតនោះ តើព្រះនឹងសព្វព្រះហឫទ័យនៅពេលយើងព្យាយាមធ្វើអ្វី?
១៩ បាបរបស់យើងប្រហែលជាមានលទ្ធផលថែមទៀតដែរ ជាពិសេសបើការប្រព្រឹត្តរបស់យើងមានផលប៉ះពាល់អាក្រក់ទៅលើអ្នកឯទៀត។ ជាឧទាហរណ៍ សូមពិចារណាកំណត់ហេតុនៅលេវីវិន័យជំពូកទី៦។ ក្រិត្យវិន័យលោកម៉ូសេបានបញ្ជាក់អំពីពេលដែលមនុស្សម្នាក់យកទ្រព្យរបស់សាសន៍អ៊ីស្រាអែលគ្នីគ្នា ដោយប្លន់កំហែងយកប្រាក់ ឬដោយបោកប្រាស់។ អ្នកធ្វើបាបនេះបដិសេធថាខ្លួនគ្មានទោសទេ និងរហូតដល់ហ៊ានស្បថកុហកទៀតផង។ គាត់តវ៉ាជាមួយអ្នកចោទប្រកាន់ថាខ្លួនគ្មានទោស។ ប៉ុន្តែ ក្រោយមកមនសិការរបស់អ្នកដែលធ្វើខុសធ្វើទុក្ខគាត់ហើយគាត់សារភាពពីអំពើបាបរបស់ខ្លួន។ ដើម្បីទទួលការអត់ទោសពីព្រះ គាត់ត្រូវធ្វើអ្វីបីយ៉ាងទៀត គឺសងរបស់ដែលគាត់យក បង់ប្រាក់ពិន័យទៅជនរងគ្រោះចំនួន២០ភាគរយនៃតម្លៃរបស់ដែលគាត់បានលួចនោះ ហើយក៏ត្រូវឲ្យពពែឈ្មោលមួយជាដង្វាយដោយព្រោះការរំលង។ រួចមកក្រិត្យវិន័យចែងថា៖«ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេហូវ៉ា រួចអ្នកនោះនឹងរួចចាកទោស»។—លេវីវិន័យ ៦:១-៧
២០ ក្រិត្យវិន័យនេះជាសំវិធានការប្រកបដោយមេត្ដាករុណាពីព្រះ។ នេះផ្ដល់ប្រយោជន៍ដល់ជនរងគ្រោះដោយបានទទួលទ្រព្យខ្លួនមកវិញនិងមានអារម្មណ៍ធូរក្នុងចិត្តនៅពេលអ្នកធ្វើខុសសារភាពកំហុសនៅទីបំផុត។ នៅដំណាលគ្នាដែរ ក្រិត្យវិន័យបានជួយអ្នកដែលមនសិការជំរុញឲ្យសារភាពកំហុសនិងទៅស្រុះស្រួលជាមួយគេវិញ។ ប្រាកដហើយ បើគាត់មិនព្រមធ្វើដូច្នេះ ព្រះនឹងមិនអត់ទោសឲ្យគាត់ទេ។
២១ ទោះជាយើងមិននៅក្រោមក្រិត្យវិន័យលោកម៉ូសេក៏ដោយ ក៏ក្រិត្យវិន័យនោះជួយយើងយល់នូវគំនិតរបស់ព្រះយេហូវ៉ារួមទាំងគំនិតរបស់ទ្រង់ស្តីអំពីការអត់ទោស។ (កូល៉ុស ២:១៣, ១៤) បើអំពើបាបរបស់យើងបានប៉ះពាល់ដល់អ្នកឯទៀតនោះ ព្រះសព្វព្រះហឫទ័យនៅពេលយើងព្យាយាមដើម្បីស្រុះស្រួលនឹងអ្នកនោះ។ (ម៉ាថាយ ៥:២៣, ២៤) នេះប្រហែលជារួមបញ្ចូលការទទួលស្គាល់អំពើបាបរបស់យើង សារភាពទោសកំហុស និងរហូតដល់សុំទោសជនរងគ្រោះទៀតផង។ ពេលនោះយើងអាចអង្វរព្រះយេហូវ៉ាដោយអាងលើយញ្ញបូជារបស់ព្រះយេស៊ូនិងមានទំនុកចិត្តថា ព្រះបានអត់ទោសឲ្យយើង។—ហេព្រើរ ១០:២១, ២២
២២. តើការអត់ទោសរបស់ព្រះយេហូវ៉ាប្រហែលជារួមបញ្ចូលអ្វីខ្លះទៀត?
២២ ដូចបិតាមួយរូបដែលប្រកបដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ានឹងអត់ទោសហើយប្រហែលជាប្រដៅយើងខ្លះៗដែរ។ (សុភាសិត ៣:១១, ១២) គ្រីស្ទានម្នាក់ដែលប្រែចិត្តប្រហែលជាត្រូវលះបង់ឯកសិទ្ធិជាអ្នកចាស់ទុំ អ្នកងារជំនួយ ឬអ្នកផ្សព្វផ្សាយពេញពេល។ គាត់ប្រហែលជាឈឺចិត្តដោយត្រូវបាត់បង់អស់មួយរយៈនូវឯកសិទ្ធិដែលមានតម្លៃវិសេសចំពោះគាត់។ ប៉ុន្តែ ការប្រដៅនេះមិនបានន័យថាព្រះយេហូវ៉ាមិនអត់ទោសចំពោះគាត់នោះទេ។ យើងត្រូវចាំថា ការប្រដៅពីព្រះយេហូវ៉ាបង្ហាញថាទ្រង់ស្រឡាញ់យើង។ ការទទួលនិងការអនុវត្តតាមការប្រដៅនោះនឹងផ្ដល់ផលប្រយោជន៍ល្អបំផុតសំរាប់យើង។—ហេព្រើរ ១២:៥-១១
២៣. ហេតុអ្វីយើងមិនគួរសន្និដ្ឋានថាយើងមិនអាចទទួលនូវសេចក្ដីមេត្ដាករុណាពីព្រះយេហូវ៉ាបាន? ហើយហេតុអ្វីយើងគួរយកតម្រាប់តាមទ្រង់នឹងអត់ទោសឲ្យអ្នកឯទៀត?
២៣ ពិតជាផ្ដល់ឲ្យកម្លាំងចិត្តណាស់ពេលដឹងថាព្រះរបស់យើង«បំរុងតែនឹងអត់ទោស»! ទោះជាយើងធ្វើខុសក៏ដោយ យើងមិនគួរសន្និដ្ឋានថាយើងមិនអាចទទួលនូវសេចក្ដីមេត្ដាករុណាពីព្រះយេហូវ៉ាទេ។ បើយើងពិតជាប្រែចិត្ត ព្យាយាមស្រុះស្រួល និងអធិស្ឋានស្មោះអស់ពីចិត្តដើម្បីបានការអត់ទោសដោយអាងព្រះលោហិតរបស់ព្រះយេស៊ូ នោះយើងអាចមានជំនឿសប់ថាព្រះយេហូវ៉ានឹងអត់ទោសឲ្យយើង។ (យ៉ូហានទី១ ១:៩) ចូរយើងយកតម្រាប់តាមការអត់ទោសរបស់ទ្រង់ពេលយើងប្រព្រឹត្តទៅលើអ្នកឯទៀត។ យ៉ាងណាមិញ បើព្រះយេហូវ៉ាដែលមិនចេះធ្វើបាប អាចបង្ហាញសេចក្ដីស្រឡាញ់និងអត់ទោសឲ្យយើង តើយើងដែលជាមនុស្សមានបាបមិនគួរព្យាយាមអស់ពីសមត្ថភាពដើម្បីអត់ទោសគ្នាទៅវិញទៅមកទេឬ?
a ពាក្យភាសាហេព្រើរដែលត្រូវបកប្រែថា «យើងត្រូវបានសូនពីអ្វី»ក៏ត្រូវប្រើសំដៅលើរបស់របរដីឥដ្ឋដែលជាងស្មូនធ្វើដែរ។—អេសាយ ២៩:១៦
b បណ្ឌិតម្នាក់ប្រាប់ថាក្រហមទែង«ជាពណ៌មួយដែលមិនចេញពណ៌ឡើយ។ ទោះទឹកសន្សើម ទឹកភ្លៀង ការបោក ឬប្រើប្រាស់ជាយូរក្ដី ក៏មិនធ្វើឲ្យវាចេញដែរ»។