អត្ថបទសិក្សា ២៤
ព្រះយេហូវ៉ាបម្រុងតែនឹងអភ័យទោស
«ឱព្រះយេហូវ៉ា លោកល្អពិតមែន ហើយលោកបម្រុងតែនឹងអភ័យទោស។ លោកពេញទៅដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះមនុស្សទាំងអស់ដែលហៅរកលោក»។—ចសព. ៨៦:៥
ចម្រៀងលេខ៤២ សេចក្ដីអធិដ្ឋានរបស់អ្នកបម្រើព្រះ
សេចក្ដីសង្ខេបa
១. តើយើងរៀនអ្វីពីពាក្យរបស់ស្ដេចសាឡូម៉ូននៅអ្នកទូន្មាន ៧:២០?
ស្ដេចសាឡូម៉ូនបានសរសេរថា៖ «នៅផែនដី គ្មានមនុស្សសុចរិតណាម្នាក់ដែលតែងតែធ្វើល្អជានិច្ច ហើយមិនចេះធ្វើខុសនោះទេ»។ (អទ. ៧:២០) ពាក្យនេះគឺពិតមែន! យើងទាំងអស់គ្នាជាមនុស្សដែលមានភាពខុសឆ្គង។ (១យ៉ូន. ១:៨) ដូច្នេះ យើងត្រូវការការអភ័យទោសពីព្រះ និងអ្នកឯទៀត។
២. តើយើងមានអារម្មណ៍យ៉ាងណាពេលមិត្តជិតស្និទ្ធអភ័យទោសឲ្យយើង?
២ អ្នកច្បាស់ជានឹកចាំអំពីពេលមួយដែលអ្នកបានធ្វើឲ្យមិត្តជិតស្និទ្ធម្នាក់ឈឺចិត្ត។ អ្នកចង់ដោះស្រាយបញ្ហានោះ ហើយផ្សះផ្សាចំណងមិត្តភាពរបស់អ្នកឡើងវិញ ដូច្នេះអ្នកបានសុំទោសគាត់ដោយស្មោះអស់ពីចិត្ត។ តើអ្នកមានអារម្មណ៍យ៉ាងណាពេលមិត្តរបស់អ្នកបានអភ័យទោសឲ្យអ្នកដោយគ្មានល័ក្ខខ័ណ្ឌ? តើអ្នកធូរចិត្តឬ? អ្នកទំនងជាធូរចិត្ត ហើយក៏សប្បាយចិត្តផងដែរ!
៣. តើយើងនឹងទទួលចម្លើយចំពោះសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
៣ យើងចង់ឲ្យព្រះយេហូវ៉ាធ្វើជាមិត្តជិតស្និទ្ធបំផុតរបស់យើង។ ប៉ុន្តែជួនកាល យើងនឹងនិយាយឬធ្វើអ្វីដែលនាំឲ្យលោកឈឺចិត្ត។ ទោះជាយ៉ាងនេះក្ដី ហេតុអ្វីយើងអាចប្រាកដថាព្រះយេហូវ៉ាចង់អភ័យទោសឲ្យយើង? តើមានភាពខុសគ្នាយ៉ាងណារវាងការអភ័យទោសពីព្រះយេហូវ៉ា និងការអភ័យទោសពីយើង? តើអ្នកណាអាចទទួលការអភ័យទោសពីព្រះ?
ព្រះយេហូវ៉ាបម្រុងតែនឹងអភ័យទោស
៤. ហេតុអ្វីយើងអាចដឹងថាព្រះយេហូវ៉ាបម្រុងតែនឹងអភ័យទោស?
៤ បណ្ដាំរបស់ព្រះពង្រឹងទំនុកចិត្តយើងថាព្រះយេហូវ៉ាបម្រុងតែនឹងអភ័យទោស។ ពេលលោករៀបរាប់អំពីខ្លួនលោកដល់ម៉ូសេនៅភ្នំស៊ីណាយ លោកបានមានប្រសាសន៍តាមរយៈទេវតាមួយរូបថា៖ «យេហូវ៉ា យេហូវ៉ា ជាព្រះនៃសេចក្ដីមេត្តាករុណានិងសេចក្ដីអាណិតអាសូរ។ លោកយឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងសេចក្ដីពិតជាបរិបូរ។ លោកបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដល់មនុស្សរាប់ពាន់ជំនាន់។ លោកថែមទាំងអភ័យទោសកំហុស និងអំពើខុសឆ្គងរបស់ពួកគេទៀតផង»។ (ដច. ៣៤:៦, ៧) ព្រះយេហូវ៉ាមានចិត្តសប្បុរសនិងសេចក្ដីមេត្តាករុណា។ លោកតែងតែបម្រុងនឹងអភ័យទោសឲ្យអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត។—នេហ. ៩:១៧; ចសព. ៨៦:១៥
៥. យោងទៅតាមចម្រៀងសរសើរព្រះ ១០៣:១៣, ១៤ តើការដឹងច្បាស់អំពីមនុស្សជាតិជំរុញចិត្តព្រះយេហូវ៉ាឲ្យធ្វើអ្វី?
៥ ដោយសារព្រះយេហូវ៉ាជាអ្នកបង្កើតយើង លោកដឹងគ្រប់សព្វអំពីយើង។ សូមគិតទៅមើល! លោកដឹងព័ត៌មានទាំងអស់អំពីបុគ្គលគ្រប់រូបនៅលើផែនដីនេះ។ (ចសព. ១៣៩:១៥-១៧) ដូច្នេះ លោកអាចឃើញភាពមិនល្អឥតខ្ចោះទាំងអស់ដែលយើងបានទទួលពីឪពុកម្ដាយ។ លោកថែមទាំងដឹងអ្វីដែលបានកើតឡើងក្នុងជីវិតយើង ដែលបានជះឥទ្ធិពលលើបុគ្គលិកលក្ខណៈរបស់យើង។ តើការដឹងច្បាស់ដូចនេះអំពីមនុស្សជាតិជំរុញចិត្តព្រះយេហូវ៉ាឲ្យធ្វើអ្វី? គឺជំរុញចិត្តលោកឲ្យប្រព្រឹត្តដោយមេត្តាករុណាចំពោះយើង។—ចសព. ៧៨:៣៩; សូមអាន ចម្រៀងសរសើរព្រះ ១០៣:១៣, ១៤
៦. តើព្រះយេហូវ៉ាបានបង្ហាញយ៉ាងណាថាលោកចង់អភ័យទោសឲ្យយើង?
៦ ព្រះយេហូវ៉ាបានបង្ហាញថាលោកចង់អភ័យទោសឲ្យអ្នកឯទៀត។ លោកយល់ថាដោយសារតែការប្រព្រឹត្តរបស់អាដាមដែលជាមនុស្សដំបូង យើងទាំងអស់គ្នាមានភាពខុសឆ្គង ហើយត្រូវស្លាប់។ (រ៉ូម ៥:១២) គ្មានអ្វីដែលយើងអាចធ្វើដើម្បីរំដោះខ្លួនឯងឬអ្នកឯទៀតឲ្យរួចពីការខុសឆ្គងនិងសេចក្ដីស្លាប់ឡើយ។ (ចសព. ៤៩:៧-៩) ប៉ុន្តែ ព្រះដែលស្រឡាញ់យើងបានបង្ហាញសេចក្ដីអាណិតមេត្តា និងបានធ្វើអ្វីមួយដើម្បីរំដោះយើង។ តើលោកបានធ្វើអ្វី? ដូចយ៉ូហាន ៣:១៦បង្ហាញ ព្រះយេហូវ៉ាបានចាត់បុត្រតែមួយរបស់លោកឲ្យស្លាប់ដើម្បីយើង។ (ម៉ាថ. ២០:២៨; រ៉ូម ៥:១៩) លោកយេស៊ូបានស្លាប់ជំនួសយើងដើម្បីរំដោះអស់អ្នកដែលបង្ហាញជំនឿលើលោក។ (ហេ. ២:៩) ព្រះយេហូវ៉ាច្បាស់ជាឈឺចាប់ខ្លាំងណាស់ពេលឃើញបុត្រជាទីស្រឡាញ់របស់លោកស្លាប់យ៉ាងអាណោចអាធ័ម និងយ៉ាងអាម៉ាស់! ពិតណាស់ ព្រះយេហូវ៉ានឹងមិនអនុញ្ញាតឲ្យបុត្ររបស់លោកស្លាប់ទេ បើលោកមិនចង់អភ័យទោសឲ្យយើង។
៧. តើព្រះយេហូវ៉ាបានអភ័យទោសឲ្យបុគ្គលណាខ្លះក្នុងគម្ពីរដោយគ្មានល័ក្ខខ័ណ្ឌ?
៧ គម្ពីរពេញទៅដោយគំរូរបស់បុគ្គលដែលព្រះយេហូវ៉ាបានអភ័យទោសឲ្យដោយគ្មានល័ក្ខខ័ណ្ឌ។ (អេភ. ៤:៣២) តើអ្នកអាចនឹកឃើញអំពីអ្នកណាខ្លះ? ប្រហែលជាអ្នកគិតអំពីស្ដេចម៉ាណាសេ។ បុរសដ៏អាក្រក់នេះបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរទាស់នឹងព្រះយេហូវ៉ា។ គាត់បាននាំមុខក្នុងការគោរពបូជាព្រះមិនពិត។ គាត់បានសម្លាប់កូនខ្លួនឯង ដើម្បីជូនជាគ្រឿងបូជាទៅព្រះមិនពិត។ គាត់ថែមទាំងបានយករូបចម្លាក់ព្រះមិនពិតទៅដាក់ក្នុងវិហារពិសិដ្ឋរបស់ព្រះយេហូវ៉ា។ គម្ពីរចែងអំពីគាត់ថា៖ «គាត់បានប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើនក្រៃលែងនៅចំពោះព្រះយេហូវ៉ា ហើយនេះបានធ្វើឲ្យលោកមានកំហឹងជាខ្លាំង»។ (២ប្រ. ៣៣:២-៧) ប៉ុន្តែ ពេលម៉ាណាសេបានប្រែចិត្តយ៉ាងស្មោះ ព្រះយេហូវ៉ាបានអភ័យទោសឲ្យគាត់ដោយគ្មានល័ក្ខខ័ណ្ឌ។ លោកថែមទាំងអនុញ្ញាតឲ្យគាត់ធ្វើជាស្ដេចម្ដងទៀត។ (២ប្រ. ៣៣:១២, ១៣) ប្រហែលជាអ្នកក៏នឹកឃើញដែរអំពីស្ដេចដាវីឌដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរទាស់នឹងព្រះយេហូវ៉ា ដែលរួមមានការផិតក្បត់ និងអំពើឃាតកម្ម។ ប៉ុន្តែ ពេលដាវីឌបានប្រែចិត្តយ៉ាងស្មោះនិងទទួលស្គាល់កំហុសរបស់ខ្លួន ព្រះយេហូវ៉ាបានអភ័យទោសឲ្យគាត់។ (២សាំ. ១២:៩, ១០, ១៣, ១៤) មែនហើយ យើងអាចប្រាកដថាព្រះយេហូវ៉ាចង់អភ័យទោសឲ្យអ្នកឯទៀត។ ម្យ៉ាងទៀត ដូចដែលយើងនឹងឃើញ ការអភ័យទោសរបស់ព្រះយេហូវ៉ាគឺខុសគ្នានឹងការអភ័យទោសរបស់មនុស្សជាតិ។
ព្រះយេហូវ៉ាមានសមត្ថភាពដ៏ល្អឯកក្នុងការអភ័យទោស
៨. តើការដែលព្រះយេហូវ៉ាជាចៅក្រមដ៏ល្អឯក ជះឥទ្ធិពលយ៉ាងណាទៅលើការអភ័យទោសរបស់លោក?
៨ ព្រះយេហូវ៉ាជា«ចៅក្រមនៃផែនដី»។ (ដក. ១៨:២៥) តាមធម្មតា ចៅក្រមល្អត្រូវមានការយល់ដឹងយ៉ាងច្បាស់អំពីច្បាប់។ ព្រះយេហូវ៉ាជាចៅក្រមរបស់យើង ហើយលោកយល់ទាំងស្រុងអំពីច្បាប់ ដោយសារលោកក៏ជាអ្នកតែងច្បាប់ឲ្យយើងដែរ។ (អេ. ៣៣:២២) គ្មានអ្នកណាដឹងអំពីអ្វីដែលខុស និងអ្វីដែលត្រូវដូចព្រះយេហូវ៉ាឡើយ។ តើចៅក្រមល្អត្រូវការអ្វីទៀត? គាត់ត្រូវដឹងព័ត៌មានទាំងអស់ក្នុងរឿងក្ដីណាមួយ មុនដែលគាត់ធ្វើការសម្រេចចិត្ត។ ដូច្នេះ ព្រះយេហូវ៉ាជាចៅក្រមដ៏ល្អបំផុត ដោយសារលោកតែងតែដឹងព័ត៌មានទាំងអស់។
៩. តើព្រះយេហូវ៉ាដឹងព័ត៌មានអ្វីខ្លះ ពេលលោកសម្រេចចិត្តថាអភ័យទោសឬមិនអភ័យទោស?
៩ ខុសពីចៅក្រមដែលជាមនុស្ស ព្រះយេហូវ៉ាតែងតែដឹងព័ត៌មានទាំងអស់ក្នុងគ្រប់រឿងក្ដីនីមួយៗ។ (ដក. ១៨:២០, ២១; ចសព. ៩០:៨) ចៅក្រមជាមនុស្សវិនិច្ឆ័យក្ដីតាមតែអ្វីដែលពួកគេមើលឃើញឬស្ដាប់ឮប៉ុណ្ណោះ តែព្រះយេហូវ៉ាមិនមែនដូច្នេះទេ។ លោកយល់ទាំងស្រុងថាបុគ្គលិកលក្ខណៈ គុណសម្បត្តិ និងគុណវិបត្តិដែលទទួលពីឪពុកម្ដាយ ការអប់រំ មជ្ឈដ្ឋានរស់នៅ ព្រមទាំងផ្លូវចិត្តឬសតិអារម្មណ៍របស់បុគ្គលណាម្នាក់អាចជះឥទ្ធិពលយ៉ាងណាទៅលើការប្រព្រឹត្តរបស់បុគ្គលនោះ។ ព្រះយេហូវ៉ាអាចមើលធ្លុះចិត្តមនុស្ស។ លោកយល់ទាំងស្រុងអំពីមូលហេតុដែលបុគ្គលម្នាក់ធ្វើអ្វីណាមួយ។ គ្មានអ្វីអាចលាក់បាំងពីព្រះយេហូវ៉ាឡើយ។ (ហេ. ៤:១៣) យ៉ាងនេះ ការអភ័យទោសរបស់ព្រះយេហូវ៉ាតែងតែមានមូលដ្ឋានទៅលើការដឹងព័ត៌មានទាំងអស់អំពីស្ថានភាពណាមួយ។
១០. ហេតុអ្វីយើងអាចនិយាយថាការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាតែងតែយុត្តិធម៌? (ការបំភ្លឺច្បាប់ ៣២:៤)
១០ ការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាតែងតែយុត្តិធម៌។ លោកមិនលម្អៀងទាល់តែសោះ។ ព្រះយេហូវ៉ាមិនដែលអភ័យទោសឲ្យបុគ្គលណាម្នាក់ដោយសារគាត់ស្អាតសង្ហា ជាអ្នកមាន មានមុខមានមាត់ ឬមានទេពកោសល្យច្រើនឡើយ។ (១សាំ. ១៦:៧; យ៉ា. ២:១-៤) គ្មានអ្នកណាអាចបង្ខិតបង្ខំ ឬឲ្យសំណូកព្រះយេហូវ៉ាបានទេ។ (២ប្រ. ១៩:៧) ការសម្រេចចិត្តរបស់លោកមិនមែនដោយសារលោកធុញទ្រាន់ទេ។ លោកក៏មិនមែនធ្វើការសម្រេចចិត្តតាមតែអារម្មណ៍ប៉ុណ្ណោះដែរ។ (ដច. ៣៤:៧) ព្រះយេហូវ៉ាជាចៅក្រមដ៏ល្អបំផុត ដោយសារលោកយល់អ្វីៗទាំងអស់អំពីយើងនិងស្ថានភាពរបស់យើង។—សូមអាន ការបំភ្លឺច្បាប់ ៣២:៤
១១. ហេតុអ្វីការអភ័យទោសរបស់ព្រះយេហូវ៉ាគឺល្អឯក?
១១ អ្នកសរសេរបទគម្ពីរភាសាហេប្រឺបានទទួលស្គាល់ថាការអភ័យទោសរបស់ព្រះយេហូវ៉ាគឺល្អឯក។ ក្នុងករណីខ្លះ ពួកគេបានប្រើពាក្យភាសាហេប្រឺ ដែលឯកសារយោងមួយពន្យល់ថា ពាក្យនោះ«បានត្រូវប្រើសម្រាប់តែរៀបរាប់អំពីរបៀបដែលព្រះអភ័យទោសឲ្យអ្នកប្រព្រឹត្តអំពើខុសឆ្គង។ ពាក្យនោះមិនដែលប្រើដើម្បីរៀបរាប់អំពីរបៀបមនុស្សម្នាក់អភ័យទោសឲ្យមនុស្សម្នាក់ទៀតនោះទេ ដោយសារការអភ័យទោសរបស់មនុស្សមានកម្រិត»។ មានតែព្រះយេហូវ៉ាប៉ុណ្ណោះមានសមត្ថភាពអភ័យទោសទាំងស្រុងឲ្យអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត។ តើមានលទ្ធផលអ្វីពេលព្រះយេហូវ៉ាអភ័យទោសឲ្យយើង?
១២-១៣. (ក) តើបុគ្គលដែលព្រះយេហូវ៉ាអភ័យទោសទទួលអ្វី? (ខ) តើការអភ័យទោសរបស់ព្រះយេហូវ៉ាផ្ដល់ប្រយោជន៍យូរយ៉ាងណា?
១២ ពេលយើងព្រមទទួលយកការពិតថាព្រះយេហូវ៉ាបានអភ័យទោសឲ្យយើង យើងមាន«សេចក្ដីសុខសាន្តក្នុងចិត្ត» ដែលរួមមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ ការអភ័យទោសបែបនេះមិនអាចមកពីមនុស្សទេ តែត្រូវមកពី«ព្រះយេហូវ៉ា»។ (សកម្ម. ៣:១៩) ពេលព្រះយេហូវ៉ាអភ័យទោសឲ្យយើង លោកអនុញ្ញាតឲ្យយើងធ្វើជាមិត្តសម្លាញ់របស់លោកម្ដងទៀត ហើយលោកចាត់ទុកថាគឺហាក់ដូចជាយើងមិនដែលធ្វើខុស។
១៣ ក្រោយពីព្រះយេហូវ៉ាអភ័យទោសឲ្យយើង លោកនឹងមិនចោទប្រកាន់យើង ឬដាក់ទោសយើងចំពោះអំពើខុសឆ្គងនោះម្ដងទៀតទេ។ (អេ. ៤៣:២៥; យេ. ៣១:៣៤) ព្រះយេហូវ៉ាដកអំពើខុសឆ្គងរបស់យើងឲ្យចេញឆ្ងាយ «ដូចទិសខាងលិចឆ្ងាយពីទិសខាងកើត»។b (ចសព. ១០៣:១២) ពេលយើងរំពឹងគិតអំពីការអភ័យទោសដ៏ធំធេងរបស់ព្រះយេហូវ៉ា យើងពេញទៅដោយចិត្តកតញ្ញូ ហើយគោរពកោតខ្លាចលោក។ (ចសព. ១៣០:៤) ប៉ុន្តែ តើអ្នកណាអាចទទួលការអភ័យទោសនេះពីព្រះយេហូវ៉ា?
តើព្រះយេហូវ៉ានឹងអភ័យទោសឲ្យអ្នកណា?
១៤. មកដល់ត្រឹមនេះ តើយើងបានរៀនអ្វីខ្លះអំពីការសម្រេចចិត្តរបស់ព្រះយេហូវ៉ាក្នុងការអភ័យទោសឬមិនអភ័យទោសឲ្យអ្នកណាម្នាក់?
១៤ យើងបានរៀនថាការអភ័យទោសពីព្រះយេហូវ៉ាមិនផ្អែកលើអំពើខុសឆ្គងស្រាលឬធ្ងន់ឡើយ។ យើងក៏បានរៀនថាព្រះយេហូវ៉ាប្រើចំណេះដឹងរបស់លោកជាអ្នកបង្កើតយើង ជាអ្នកតែងច្បាប់ និងជាចៅក្រម ពេលដែលលោកសម្រេចចិត្តថាលោកនឹងអភ័យទោសឲ្យបុគ្គលណាម្នាក់ឬយ៉ាងណា។ តើព្រះយេហូវ៉ាគិតពិចារណាអំពីកត្តាអ្វីខ្លះ មុនលោកសម្រេចចិត្តថាលោកនឹងអភ័យទោសឬមិនអភ័យទោសឲ្យបុគ្គលណាម្នាក់?
១៥. យោងទៅតាមលូកា ១២:៤៧, ៤៨ តើព្រះយេហូវ៉ាគិតពិចារណាអំពីកត្តាអ្វី?
១៥ កត្តាមួយដែលព្រះយេហូវ៉ាគិតពិចារណាគឺថាអ្នកប្រព្រឹត្តអំពើខុសឆ្គងបានដឹងថាអ្វីដែលគាត់កំពុងធ្វើគឺខុសឬយ៉ាងណា។ លោកយេស៊ូបានបញ្ជាក់អំពីចំណុចនេះនៅលូកា ១២:៤៧, ៤៨។ (សូមអាន) ពេលបុគ្គលម្នាក់គ្រោងធ្វើអ្វីណាមួយដែលគាត់ដឹងថាអាក្រក់ ហើយថាព្រះមិនពេញចិត្ត តែគាត់នៅតែធ្វើ នោះគាត់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ យ៉ាងនេះ ព្រះយេហូវ៉ាប្រហែលជាសម្រេចចិត្តមិនអភ័យទោសឲ្យបុគ្គលនោះទេ។ (ម៉ាក. ៣:២៩; យ៉ូន. ៩:៤១) ប៉ុន្តែ យើងត្រូវសារភាពថា ជួនកាលយើងដឹងថាអ្វីដែលយើងបានធ្វើគឺខុស។ បើដូច្នេះ តើយើងអាចសង្ឃឹមថាយើងនឹងទទួលការអភ័យទោសឬទេ? គឺអាច! នេះនាំឲ្យយើងទៅដល់កត្តាមួយទៀតដែលព្រះយេហូវ៉ាគិតពិចារណា។
១៦. តើការប្រែចិត្តគឺជាអ្វី ហើយហេតុអ្វីនេះគឺសំខាន់ចាំបាច់ដើម្បីឲ្យយើងទទួលការអភ័យទោសពីព្រះយេហូវ៉ា?
១៦ កត្តាមួយទៀតដែលព្រះយេហូវ៉ាគិតពិចារណាគឺថា តើអ្នកប្រព្រឹត្តអំពើខុសឆ្គងបានប្រែចិត្តយ៉ាងស្មោះឬយ៉ាងណា។ តើការប្រែចិត្តមានន័យអ្វី? គឺមានន័យថា «ផ្លាស់ប្ដូរគំនិត ទស្សនៈ ឬគោលបំណង»។ នេះរួមបញ្ចូលអារម្មណ៍ស្ដាយក្រោយ និងសោកស្ដាយយ៉ាងខ្លាំងដែលបុគ្គលណាម្នាក់មាន ចំពោះអ្វីអាក្រក់ដែលគាត់បានធ្វើ ឬចំពោះការមិនធ្វើអ្វីត្រឹមត្រូវដែលគាត់គួរធ្វើ។ បុគ្គលដែលប្រែចិត្ត មិនគ្រាន់តែកើតទុក្ខចំពោះកំហុសដែលគាត់បានប្រព្រឹត្តប៉ុណ្ណោះទេ តែក៏ចំពោះការអនុញ្ញាតឲ្យចំណងមិត្តភាពរបស់គាត់ជាមួយព្រះយេហូវ៉ាចុះខ្សោយ រហូតដល់គាត់ធ្វើអ្វីដែលខុសទាំងនោះ។ សូមចាំថាទាំងស្ដេចម៉ាណាសេ ទាំងស្ដេចដាវីឌបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ប៉ុន្តែព្រះយេហូវ៉ាបានអភ័យទោសឲ្យពួកគាត់ដោយសារពួកគាត់បានប្រែចិត្តយ៉ាងស្មោះ។ (១បស. ១៤:៨) មែនហើយ ព្រះយេហូវ៉ាអភ័យទោសឲ្យយើង លុះត្រាតែលោកឃើញថាយើងបានប្រែចិត្ត។ ប៉ុន្តែ ការគ្រាន់តែស្ដាយក្រោយចំពោះអំពើខុសឆ្គងដែលយើងបានប្រព្រឹត្ត គឺមិនគ្រប់គ្រាន់ទេ។ យើងក៏ត្រូវប្រុងប្រៀបចាត់វិធានការដែរ។c នេះគឺជាកត្តាមួយទៀតដែលព្រះយេហូវ៉ាគិតពិចារណា។
១៧. តើការវិលមកវិញគឺជាអ្វី ហើយហេតុអ្វីនេះគឺសំខាន់ចាំបាច់ដើម្បីកុំឲ្យយើងធ្វើខុសដូចពីមុន? (អេសាយ ៥៥:៧)
១៧ កត្តាសំខាន់មួយទៀតដែលព្រះយេហូវ៉ាគិតពិចារណា គឺការវិលមកវិញ។ និយាយឲ្យចំទៅ បុគ្គលម្នាក់ត្រូវលះចោលអំពើអាក្រក់ ហើយចាប់ផ្ដើមមានរបៀបរស់នៅដែលព្រះពេញចិត្ត។ (សូមអាន អេសាយ ៥៥:៧) បុគ្គលនោះត្រូវកែប្រែគំនិតរបស់គាត់ ដើម្បីឲ្យរបៀបគិតគូររបស់ព្រះដឹកនាំគាត់។ (រ៉ូម ១២:២; អេភ. ៤:២៣) គាត់ត្រូវតាំងចិត្តលះចោលរបៀបគិតគូរនិងការប្រព្រឹត្តអាក្រក់របស់គាត់ពីមុន។ (កូឡ. ៣:៧-១០) មូលដ្ឋានពិតប្រាកដឲ្យព្រះយេហូវ៉ាអភ័យទោសឲ្យយើង និងសម្អាតយើងពីការខុសឆ្គង គឺជំនឿរបស់យើងទៅលើគ្រឿងបូជាលោះរបស់គ្រិស្ត។ ព្រះយេហូវ៉ានឹងអភ័យទោសឲ្យយើងដោយមានមូលដ្ឋានលើគ្រឿងបូជាលោះនោះ ពេលដែលលោកឃើញថាយើងខំប្រឹងកែប្រែការប្រព្រឹត្តរបស់យើងយ៉ាងស្មោះ។—១យ៉ូន. ១:៧
ចូរមានទំនុកចិត្តថាព្រះយេហូវ៉ានឹងអភ័យទោសឲ្យអ្នក
១៨. តើយើងបានពិចារណាអ្វីខ្លះអំពីការអភ័យទោសរបស់ព្រះយេហូវ៉ា?
១៨ សូមយើងគិតឡើងវិញយ៉ាងខ្លីអំពីចំណុចសំខាន់ខ្លះដែលយើងបានពិចារណា។ ព្រះយេហូវ៉ាជាអ្នកអភ័យទោសប្រសើរបំផុតក្នុងសកលលោក។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? ទី១ លោកបម្រុងតែនឹងអភ័យទោសជានិច្ច។ ទី២ លោកដឹងអ្វីទាំងអស់អំពីយើង។ លោកដឹងច្បាស់ជាងគេថាយើងប្រែចិត្តពិតប្រាកដឬយ៉ាងណា។ ទី៣ ពេលព្រះយេហូវ៉ាអភ័យទោសឲ្យយើង លោកអភ័យទោសឲ្យទាំងស្រុង ហើយចំពោះលោកគឺហាក់ដូចជាយើងមិនបានប្រព្រឹត្តអំពើខុសឆ្គងនោះទាល់តែសោះ។ នេះអនុញ្ញាតឲ្យយើងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស និងទទួលការពេញចិត្តពីលោក។
១៩. ហេតុអ្វីយើងអាចអរសប្បាយ ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះនិងចេះធ្វើខុសក្ដី?
១៩ ដរាបណាយើងជាមនុស្សមិនល្អឥតខ្ចោះ ដរាបនោះយើងនឹងបន្ដធ្វើខុស។ ប៉ុន្តែ យើងអាចទទួលការសម្រាលទុក្ខពីអ្វីដែលបានត្រូវចែងនៅក្នុងសៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរជាភាសាអង់គ្លេស ក្បាលទី២ ទំព័រ៧៧១ដែលថា៖ «ព្រះយេហូវ៉ាមានចិត្តមេត្តាករុណា ហើយលោកដឹងថាអ្នកបម្រើលោកគឺទន់ខ្សោយ។ ដូច្នេះ ពួកគេមិនចាំបាច់សោកស្ដាយគ្រប់ពេលវេលាទេ ដោយសារពួកគេជាមនុស្សមិនល្អឥតខ្ចោះ ហើយធ្វើខុស។ (ចសព. ១០៣:៨-១៤; ១៣០:៣) បើពួកគេកំពុងខំអស់ពីសមត្ថភាពដើម្បីមានរបៀបរស់នៅដែលព្រះពេញចិត្ត ពួកគេអាចអរសប្បាយ។ (ភី. ៤:៤-៦; ១យ៉ូន. ៣:១៩-២២)»។ នេះពិតជាលើកទឹកចិត្តយើងខ្លាំងណាស់!
២០. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទបន្ទាប់?
២០ យើងសប្បាយចិត្តដែលព្រះយេហូវ៉ាបម្រុងតែនឹងអភ័យទោសឲ្យយើង ពេលដែលយើងពិតជាស្ដាយក្រោយចំពោះអំពើខុសឆ្គងដែលយើងបានប្រព្រឹត្ត។ ប៉ុន្តែ តើតាមរបៀបណាយើងអាចយកតម្រាប់ព្រះយេហូវ៉ាស្ដីអំពីការអភ័យទោស? តើការអភ័យទោសរបស់យើងនិងការអភ័យទោសរបស់ព្រះយេហូវ៉ាគឺស្រដៀងគ្នាយ៉ាងណា ហើយខុសគ្នាយ៉ាងណា? ហេតុអ្វីការយល់អំពីភាពខុសគ្នានេះគឺសំខាន់? នៅអត្ថបទបន្ទាប់យើងនឹងឆ្លើយសំណួរទាំងនេះ។
ចម្រៀងលេខ៤៥ ការរំពឹងគិតក្នុងចិត្ត
a ក្នុងបណ្ដាំរបស់លោក ព្រះយេហូវ៉ាពង្រឹងទំនុកចិត្តយើងថា លោកសុខចិត្តអភ័យទោសឲ្យអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត។ ប៉ុន្តែ ជួនកាលយើងប្រហែលជាមានអារម្មណ៍ថា យើងមិនសមនឹងទទួលការអភ័យទោសពីលោកទេ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីមូលហេតុដែលយើងអាចប្រាកដថា ព្រះរបស់យើងបម្រុងតែនឹងអភ័យទោសឲ្យយើងជានិច្ចពេលដែលយើងស្ដាយក្រោយយ៉ាងស្មោះចំពោះការខុសឆ្គងរបស់យើង។
b សូមមើលសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ជំ.២៦ វ.៩។
c ការពន្យល់ពាក្យ៖ ការ«ប្រែចិត្ត» សំដៅលើការកែប្រែគំនិត ទាំងមានអារម្មណ៍សោកស្ដាយចំពោះរបៀបរស់នៅពីមុន ឬសោកស្ដាយកំហុស ឬសោកស្ដាយមិនបានធ្វើអ្វីមួយដែលខ្លួនគួរធ្វើ។ ការប្រែចិត្តពិតប្រាកដត្រូវបង្ហាញតាមរយៈការប្រព្រឹត្តថាខ្លួនពិតជាបានឈប់ធ្វើអំពើនោះទៀត។