មេរៀនទី៣៦
ចូរធ្វើការទាំងអស់ដោយទៀងត្រង់
មនុស្សម្នាក់ៗចង់មានមិត្តភក្តិដែលទៀងត្រង់។ ព្រះយេហូវ៉ាក៏តម្រូវឲ្យមិត្តភក្តិរបស់លោកមានភាពទៀងត្រង់ដែរ។ ប៉ុន្តែ ការមានភាពទៀងត្រង់ គឺមិនងាយស្រួលទេក្នុងពិភពលោកដែលមានមនុស្សជាច្រើនមិនទៀងត្រង់។ តើការមានភាពទៀងត្រង់ក្នុងគ្រប់ការទាំងអស់ នាំឲ្យទទួលប្រយោជន៍អ្វីខ្លះ?
១. ហេតុអ្វីការមានភាពទៀងត្រង់គឺសំខាន់ម្ល៉េះ?
ពេលយើងទៀងត្រង់ចំពោះអ្នកឯទៀត យើងបង្ហាញព្រះយេហូវ៉ាថាយើងស្រឡាញ់និងគោរពលោក។ សូមពិចារណា: ព្រះយេហូវ៉ាដឹងអ្វីទាំងអស់ដែលយើងគិតនិងធ្វើ។ (ហេប្រឺ ៤:១៣) ពេលលោកឃើញយើងប្រព្រឹត្តដោយទៀងត្រង់ លោកសប្បាយចិត្តណាស់។ បណ្ដាំរបស់លោកចែងថា៖ «ព្រះយេហូវ៉ាស្អប់ខ្ពើមជនដែលមានល្បិចកល តែលោកជាមិត្តជិតស្និទ្ធរបស់មនុស្សទៀងត្រង់»។—សុភាសិត ៣:៣២
២. ក្នុងជីវិតប្រចាំថ្ងៃ តើយើងអាចបង្ហាញថាយើងទៀងត្រង់តាមរបៀបណាខ្លះ?
ព្រះយេហូវ៉ាចង់ឲ្យយើង«និយាយពាក្យពិតចំពោះគ្នា»។ (សាការី ៨:១៦, ១៧) តើនេះមានន័យអ្វី? នេះមានន័យថាពេលយើងនិយាយជាមួយក្រុមគ្រួសារ អ្នករួមការងារ បងប្អូនរួមជំនឿ ឬពួកអាជ្ញាធរ យើងមិនត្រូវនិយាយកុហកឬផ្ដល់ព័ត៌មានមិនត្រឹមត្រូវទេ។ មនុស្សទៀងត្រង់មិនលួចឬកេងបន្លំអ្នកឯទៀតឡើយ។ (សូមអាន សុភាសិត ២៤:២៨ និងអេភេសូរ ៤:២៨) ម្យ៉ាងទៀត ពួកគេបង់ពន្ធទាំងអស់ទៅអ្នកណាដែលតម្រូវឲ្យបង់ពន្ធ។ (រ៉ូម ១៣:៥-៧) ក្នុងរឿងទាំងនេះនិងរឿងផ្សេងទៀត យើង«ចង់ធ្វើការទាំងអស់ដោយទៀងត្រង់»។—ហេប្រឺ ១៣:១៨
៣. តើការមានភាពទៀងត្រង់ផ្ដល់ប្រយោជន៍អ្វីខ្លះ?
ពេលយើងមានកេរ្តិ៍ឈ្មោះជាមនុស្សទៀងត្រង់ នោះធ្វើឲ្យអ្នកឯទៀតទុកចិត្តយើង។ ភាពទៀងត្រង់របស់យើងជួយធ្វើឲ្យបងប្អូនគ្រប់គ្នាមានអារម្មណ៍ថាមានសុវត្ថិភាពពេលនៅក្នុងក្រុមជំនុំ ប្រៀបដូចជាអារម្មណ៍ដែលពួកគាត់មានពេលនៅក្នុងក្រុមគ្រួសារ។ ម្យ៉ាងទៀត ភាពទៀងត្រង់របស់យើងធ្វើឲ្យយើងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស និងអាចធ្វើឲ្យ«សេចក្ដីបង្រៀនរបស់ព្រះជាអ្នកសង្គ្រោះយើង ទាក់ទាញចិត្តមនុស្សកាន់តែខ្លាំង» ព្រមទាំងធ្វើឲ្យអ្នកឯទៀតចង់ស្គាល់ព្រះយេហូវ៉ា។—ទីតុស ២:១០
បង្កើនចំណេះ
សូមពិចារណាថាភាពទៀងត្រង់មានឥទ្ធិពលយ៉ាងណាលើព្រះយេហូវ៉ានិងរូបអ្នកផ្ទាល់។ សូមរៀនដែរអំពីរបៀបដែលអ្នកអាចទៀងត្រង់ក្នុងស្ថានភាពផ្សេងៗ។
៤. ភាពទៀងត្រង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត
សូមអាន ចម្រៀងសរសើរព្រះ ៤៤:២១ និងម៉ាឡាគី ៣:១៦ រួចពិភាក្សាសំណួរដូចតទៅ៖
តាមទស្សនៈរបស់អ្នក ហេតុអ្វីយើងមិនគួរគិតថា យើងអាចលាក់បាំងការពិតពីព្រះយេហូវ៉ា?
សូម្បីតែពេលខ្លះពិបាកឲ្យយើងនិយាយការពិត តែបើយើងនិយាយការពិត តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណា?
៥. ចូរប្រព្រឹត្តទៀងត្រង់គ្រប់ពេលវេលា
មនុស្សជាច្រើនគិតថាភាពទៀងត្រង់មិនតែងតែមានប្រយោជន៍ទេ។ ប៉ុន្តែ សូមពិចារណាអំពីមូលហេតុដែលយើងគួរទៀងត្រង់គ្រប់ពេលវេលា។ លេងវីដេអូ។
សូមអាន ហេប្រឺ ១៣:១៨ រួចពិភាក្សាអំពីរបៀបដែលយើងអាចទៀងត្រង់ . . .
នៅក្នុងក្រុមគ្រួសារ។
នៅកន្លែងធ្វើការឬសាលារៀន។
នៅក្នុងស្ថានភាពផ្សេងទៀត។
៦. ភាពទៀងត្រង់នាំឲ្យមានប្រយោជន៍
ភាពទៀងត្រង់អាចនាំឲ្យមានបញ្ហាខ្លះ។ ប៉ុន្តែ ការប្រកាន់ខ្ជាប់ភាពទៀងត្រង់តែងតែជាអ្វីដែលល្អបំផុត។ សូមអាន ចម្រៀងសរសើរព្រះ ៣៤:១២-១៦ រួចពិភាក្សាសំណួរនេះ៖
តើការមានភាពទៀងត្រង់ធ្វើឲ្យជីវិតអ្នកប្រសើរជាងយ៉ាងដូចម្ដេច?
ក. ប្ដីប្រពន្ធដែលទៀងត្រង់ចំពោះគ្នា ជួយឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំ
ខ. បុគ្គលិកដែលទៀងត្រង់នាំឲ្យចៅហ្វាយទុកចិត្ត
គ. ពលរដ្ឋដែលទៀងត្រង់ទទួលការសរសើរពីសំណាក់មន្ត្រីអាជ្ញាធរ
មនុស្សខ្លះនិយាយថា៖ «កុហកបន្តិចបន្តួចគ្មានបញ្ហាទេ»។
ហេតុអ្វីអ្នកគិតថាព្រះយេហូវ៉ាស្អប់ពាក្យកុហកទាំងអស់?
សេចក្ដីសង្ខេប
ព្រះយេហូវ៉ាចង់ឲ្យមិត្តរបស់លោកទៀងត្រង់ក្នុងគ្រប់ការទាំងអស់ គឺទាំងពាក្យសម្ដីទាំងការប្រព្រឹត្ត។
រៀនសាឡើងវិញ
តើយើងអាចបង្ហាញភាពទៀងត្រង់តាមរបៀបណាខ្លះ?
ហេតុអ្វីយើងមិនគួរគិតថា យើងអាចលាក់បាំងការពិតពីព្រះយេហូវ៉ា?
ហេតុអ្វីយើងចង់ទៀងត្រង់គ្រប់ពេលវេលា?
ស្វែងយល់ថែមទៀត
តើឪពុកម្ដាយអាចបង្រៀនកូនឲ្យមានភាពទៀងត្រង់យ៉ាងដូចម្ដេច?
តើការធ្វើតាមពាក្យសន្យានាំឲ្យទទួលប្រយោជន៍អ្វីខ្លះ?
តើអ្វីជំរុញឲ្យបុរសម្នាក់ដែលធ្លាប់មានរបៀបរស់នៅមិនទៀងត្រង់ ទៅជាមនុស្សទៀងត្រង់វិញ?