អត្ថបទសិក្សា ២៧
សូមកុំគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត
«ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នានៅទីនោះថា កុំគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត តែចូរមានគំនិតសមហេតុសមផល»។—រ៉ូម ១២:៣
ចម្រៀងលេខ១៣០ យើងត្រូវចេះអភ័យទោស
សេចក្ដីសង្ខេបa
១. ហេតុអ្វីការមានចិត្តរាបទាបដូចដែលចែងនៅភីលីព ២:៣ នាំឲ្យយើងមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងអ្នកឯទៀត?
យើងស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយចិត្តរាបទាប ពីព្រោះយើងទទួលស្គាល់ថាព្រះយេហូវ៉ាតែងតែដឹងអំពីអ្វីដែលល្អបំផុតសម្រាប់យើង។ (អេភ. ៤:២២-២៤) ពេលយើងមានចិត្តរាបទាប យើងយល់ថាបំណងប្រាថ្នារបស់ព្រះយេហូវ៉ាគឺសំខាន់ជាងបំណងចិត្តរបស់យើង ហើយក៏យល់ថាអ្នកឯទៀតគឺប្រសើរជាងយើង។ ជាលទ្ធផល យើងមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ានិងបងប្អូនក្នុងក្រុមជំនុំ។—សូមអាន ភីលីព ២:៣
២. តើសាវ័កប៉ូលបានបញ្ជាក់អំពីអ្វី ហើយតើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
២ បើយើងមិនប្រយ័ត្នទេ យើងអាចទទួលឥទ្ធិពលពីមនុស្សក្នុងពិភពលោករបស់សាថាន ដែលមានអំណួតនិងគិតតែប្រយោជន៍ផ្ទាល់ខ្លួន។b តាមមើលទៅបងប្អូនខ្លះនៅសតវត្សរ៍ទី១បានទទួលឥទ្ធិពលនោះ ពីព្រោះសាវ័កប៉ូលបានសរសេរទៅកាន់បងប្អូននៅក្រុងរ៉ូមថា៖ «ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នានៅទីនោះថា កុំគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត តែចូរមានគំនិតសមហេតុសមផល»។ (រ៉ូម ១២:៣) ប៉ូលទទួលស្គាល់ថាយើងត្រូវចាត់ទុកថាខ្លួនមានតម្លៃមួយកម្រិត។ ប៉ុន្តែ ចិត្តរាបទាបនឹងជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះខ្លួនឯង។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលចិត្តរាបទាបនឹងជួយយើងមិនឲ្យគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិតក្នុងស្ថានភាពបី៖ (១) ក្នុងអាពាហ៍ពិពាហ៍ (២) ភារកិច្ចក្នុងអង្គការព្រះយេហូវ៉ា និង(៣) របៀបដែលយើងប្រើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា។
ចូរបង្ហាញចិត្តរាបទាបក្នុងអាពាហ៍ពិពាហ៍
៣. ហេតុអ្វីគូអាពាហ៍ពិពាហ៍អាចមានបញ្ហា ហើយតើអ្នកខ្លះព្យាយាមដោះស្រាយបញ្ហានោះយ៉ាងដូចម្ដេច?
៣ ព្រះយេហូវ៉ាចង់ឲ្យប្ដីប្រពន្ធរស់នៅជាមួយគ្នាយ៉ាងសប្បាយរីករាយ។ ប៉ុន្តែ ដោយសារពួកគេជាមនុស្សមិនល្អឥតខ្ចោះ ពួកគេនឹងទំនងជាខ្វែងគំនិតគ្នាក្នុងរឿងខ្លះ។ តាមការពិត ប៉ូលបានសរសេរថាអ្នកដែលរៀបការអាចរំពឹងថាពួកគេនឹងមានការលំបាកផ្សេងៗក្នុងជីវិត។ (១កូ. ៧:២៨) មនុស្សខ្លះឈ្លោះប្រកែកជាមួយនឹងគូអាពាហ៍ពិពាហ៍ជាញឹកញយ ហើយប្រហែលជាសន្និដ្ឋានថាពួកគេមិនស៊ីគ្នាទេ។ បើពួកគេទទួលឥទ្ធិពលពីពិភពលោក ពួកគេនឹងគិតថាវិធីដោះស្រាយ គឺការលែងលះគ្នា។ ពួកគេនឹងគិតថាអ្វីដ៏សំខាន់បំផុតគឺធ្វើឲ្យខ្លួនសប្បាយចិត្ត។
៤. តើយើងមិនត្រូវធ្វើអ្វី?
៤ យើងត្រូវជៀសវាងពីការគិតថាអាពាហ៍ពិពាហ៍របស់យើងបានបរាជ័យឡើយ។ យើងដឹងថាក្នុងគម្ពីរមូលហេតុតែមួយគត់សម្រាប់ការលែងលះ គឺអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (ម៉ាថ. ៥:៣២) ដូច្នេះ ពេលមានបញ្ហាកើតឡើងក្នុងអាពាហ៍ពិពាហ៍ យើងមិនគួរឲ្យអំណួតបណ្ដាលឲ្យយើងចាប់ផ្ដើមគិតថា ‹គូរបស់ខ្ញុំមិនយកចិត្តទុកដាក់ចំពោះខ្ញុំទេ។ គូខ្ញុំមិនស្រឡាញ់ខ្ញុំដូចដែលខ្ញុំសមនឹងទទួល។ ប្រហែលជាខ្ញុំសប្បាយជាង បើខ្ញុំនៅជាមួយអ្នកផ្សេងទេដឹង›។ ការគិតបែបនេះបង្ហាញថាយើងគិតតែអំពីខ្លួនឯង មិនមែនគិតអំពីគូរបស់ខ្លួនទេ។ ប្រាជ្ញារបស់ពិភពលោកនេះប្រាប់អ្នកថាអ្នកគួរស្ដាប់តាមបេះដូង និងធ្វើអ្វីដែលនាំឲ្យអ្នកសប្បាយ ទោះជានោះមានន័យថាអាពាហ៍ពិពាហ៍ត្រូវបញ្ចប់ក្ដី។ ផ្ទុយទៅវិញ ប្រាជ្ញារបស់ព្រះប្រាប់ថា អ្នកគួរ«បន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតអំពីរឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ»។ (ភី. ២:៤) ព្រះយេហូវ៉ាចង់ឲ្យអ្នករក្សាអាពាហ៍ពិពាហ៍របស់អ្នកឲ្យស្ថិតស្ថេរ មិនមែនបញ្ចប់វាទេ។ (ម៉ាថ. ១៩:៦) លោកចង់ឲ្យអ្នកគិតអំពីលោកជាមុនសិន មិនមែនអំពីខ្លួនឯងទេ។
៥. យោងទៅតាមអេភេសូរ ៥:៣៣ តើប្ដីប្រពន្ធគួរប្រព្រឹត្តយ៉ាងណាចំពោះគ្នា?
៥ ប្ដីប្រពន្ធគួរបង្ហាញសេចក្ដីស្រឡាញ់ ហើយគោរពគ្នាទៅវិញទៅមក។ (សូមអាន អេភេសូរ ៥:៣៣) គម្ពីរបង្រៀនយើងថាយើងគួរផ្ដោតអារម្មណ៍ទៅលើការឲ្យជាជាងការទទួល។ (សកម្ម. ២០:៣៥) តើគុណសម្បត្តិអ្វីនឹងជួយប្ដីប្រពន្ធឲ្យបង្ហាញសេចក្ដីស្រឡាញ់និងគោរពគ្នា? គឺចិត្តរាបទាប។ ប្ដីប្រពន្ធដែលមានចិត្តរាបទាប សុខចិត្តលះបង់ប្រយោជន៍ខ្លួន«ដើម្បីប្រយោជន៍»គូរបស់គាត់។—១កូ. ១០:២៤
ជាជាងព្យាយាមយកឈ្នះគ្នា ប្ដីប្រពន្ធដែលមានចិត្តរាបទាបនឹងសហការគ្នា (សូមមើលវគ្គ៦)
៦. តើអ្នករៀនអ្វីពីពាក្យសម្ដីរបស់បងស្ទីវើននិងបងស្តេហ្វានី?
៦ ចិត្តរាបទាបបានជួយគ្រិស្តសាសនិកជាច្រើនគូឲ្យមានសុភមង្គលជាងក្នុងអាពាហ៍ពិពាហ៍។ ជាឧទាហរណ៍ ប្ដីម្នាក់ឈ្មោះស្ទីវើននិយាយថា៖ «ប្ដីប្រពន្ធត្រូវសហការគ្នា ជាពិសេសពេលមានបញ្ហា។ ជាជាងគិតអំពីប្រយោជន៍ខ្លួន យើងគិតអំពីប្រយោជន៍រួម»។ ប្រពន្ធរបស់គាត់ឈ្មោះស្តេហ្វានីក៏មានគំនិតស្រដៀងគ្នា គាត់និយាយថា៖ «គ្មានអ្នកណាចង់រស់នៅជាមួយគូប្រកួតប្រជែងទេ។ ពេលមានជម្លោះកើតឡើង យើងព្យាយាមស្វែងយល់ថាបញ្ហានោះមកពីអី។ បន្ទាប់មកយើងអធិដ្ឋាន ធ្វើការស្រាវជ្រាវ និងនិយាយគ្នាដើម្បីដោះស្រាយបញ្ហានោះ។ យើងព្យាយាមយកឈ្នះបញ្ហា មិនមែនយកឈ្នះគ្នាទេ»។ ប្ដីប្រពន្ធនឹងមានសុភមង្គលជាង បើពួកគេមិនគិតថាខ្លួនសំខាន់ជាងគូរបស់ខ្លួន។
ចូរបម្រើព្រះយេហូវ៉ាដោយ ‹មានចិត្តរាបទាបជានិច្ច›
៧. តើបងប្អូនប្រុសដែលទទួលភារកិច្ចណាមួយក្នុងអង្គការរបស់ព្រះយេហូវ៉ាគួរមានចិត្តគំនិតបែបណា?
៧ យើងយល់ថាការបម្រើព្រះយេហូវ៉ាតាមរបៀបផ្សេងៗ គឺជាឯកសិទ្ធិមួយ។ (ទំនុក. ២៧:៤; ៨៤:១០) បើបងប្អូនប្រុសណាម្នាក់សុខចិត្តធ្វើច្រើនជាងក្នុងអង្គការរបស់ព្រះយេហូវ៉ា នោះគឺគួរឲ្យសរសើរមែន។ ពីព្រោះគម្ពីរចែងថា៖ «ប្រសិនបើបុរសណាកំពុងព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ គាត់ចង់បានកិច្ចការដ៏ល្អប្រសើរ»។ (១ធី. ៣:១) ប៉ុន្តែ ពេលគាត់ទទួលភារកិច្ចណាមួយ គាត់មិនគួរគិតថាឥឡូវគាត់ជាបុគ្គលសំខាន់ម្នាក់នោះទេ។ (លូក. ១៧:៧-១០) គាត់គួរមានគោលដៅបម្រើអ្នកឯទៀតដោយចិត្តរាបទាប។—២កូ. ១២:១៥
៨. តើយើងរៀនអ្វីពីគំរូរបស់ឌីអូត្រែប អូសៀស និងអាប់សាឡំម?
៨ គម្ពីរមានគំរូខ្លះដែលទុកជាការព្រមានអំពីមនុស្សដែលឲ្យតម្លៃច្រើនពេកចំពោះខ្លួនឯង។ ជាឧទាហរណ៍ ឌីអូត្រែបមិនមានចិត្តសុភាពរាបទាបទេ គាត់បានព្យាយាម«ធ្វើជាអ្នកធំជាងគេ»ក្នុងក្រុមជំនុំ។ (៣យ៉ូន. ៩) ដោយអំណួត អូសៀសបានព្យាយាមបំពេញភារកិច្ចដែលព្រះយេហូវ៉ាមិនបានប្រគល់ឲ្យគាត់។ (២រប. ២៦:១៦-២១) អាប់សាឡំមចង់ធ្វើជាស្ដេច ដូច្នេះគាត់បានធ្វើពុតជាស្រឡាញ់បណ្ដាជនដើម្បីទទួលការគាំទ្រពីពួកគេ។ (២សាំ. ១៥:២-៦) កំណត់ហេតុទាំងនេះបង្ហាញយ៉ាងច្បាស់ថា ព្រះយេហូវ៉ាមិនពេញចិត្តនឹងមនុស្សដែលព្យាយាមលើកកិត្តិយសខ្លួនឯងទេ។ (សុភ. ២៥:២៧) អំណួតនិងមហិច្ឆតានាំឲ្យអន្តរាយ។—សុភ. ១៦:១៨
៩. តើលោកយេស៊ូបានទុកគំរូអ្វី?
៩ លោកយេស៊ូមិនដូចមនុស្សដែលមានអំណួតទាំងនោះទេ។ គម្ពីរចែងថា៖ «ទោះជាលោក[យេស៊ូ]ធ្លាប់មានសណ្ឋានដូចព្រះ លោកមិនដែលគិតអំពីការដណ្ដើមយកឋានៈរបស់ព្រះ ពោលគឺការតាំងខ្លួនឲ្យស្មើព្រះនោះទេ»។ (ភី. ២:៦) លោកយេស៊ូដែលមានអំណាចទី២បន្ទាប់ពីព្រះយេហូវ៉ា មិនគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិតទេ។ លោកបានប្រាប់អ្នកកាន់តាមលោកថា៖ «អ្នកណាដែលកាន់ចរិយាជាអ្នកតូចជាងគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះគឺអ្នកធំ»។ (លូក. ៩:៤៨) ការបម្រើជាមួយនឹងអ្នកត្រួសត្រាយ ជំនួយការខាងកិច្ចបម្រើ អ្នកចាស់ទុំ និងអ្នកត្រួតពិនិត្យប្រចាំមណ្ឌល ដែលយកតម្រាប់លោកយេស៊ូក្នុងការបង្ហាញចិត្តរាបទាប គឺជាពរមួយមែន! អ្នកបម្រើរបស់ព្រះយេហូវ៉ាដែលមានចិត្តរាបទាប បង្កើតបរិយាកាសដ៏កក់ក្ដៅដែលបញ្ជាក់ថានេះជាអង្គការរបស់ព្រះ។—យ៉ូន. ១៣:៣៥
១០. តើអ្នកគួរធ្វើអ្វី បើអ្នកគិតថាបញ្ហាក្នុងក្រុមជំនុំមិនបានត្រូវដោះស្រាយយ៉ាងត្រឹមត្រូវ?
១០ ចុះយ៉ាងណាបើមើលទៅមានបញ្ហាក្នុងក្រុមជំនុំ ហើយអ្នកគិតថាបញ្ហានោះមិនបានត្រូវដោះស្រាយយ៉ាងត្រឹមត្រូវ? ជាជាងត្អូញត្អែរ អ្នកអាចបង្ហាញចិត្តរាបទាបដោយគាំទ្រពួកអ្នកដែលនាំមុខ។ (ហេ. ១៣:១៧) ដើម្បីជួយអ្នកឲ្យធ្វើដូច្នេះ សូមសួរខ្លួនអ្នកថា ‹តើបញ្ហានោះធំដុំរហូតដល់ត្រូវការការកែតម្រូវឬទេ? តើនេះគឺជាពេលសមត្រឹមត្រូវឲ្យកែតម្រូវបញ្ហានោះឬទេ? តើខ្ញុំមានសិទ្ធិកែតម្រូវរឿងនោះឬទេ? តាមការពិត តើខ្ញុំកំពុងព្យាយាមធ្វើឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំ ឬតើខ្ញុំកំពុងព្យាយាមចេញមុខចេញមាត់វិញ?›។
បងប្អូនដែលមានភារកិច្ច គួរមានកេរ្ដិ៍ឈ្មោះជាបុគ្គលដែលមានចិត្តរាបទាប (សូមមើលវគ្គ១១)c
១១. ស្ដីអំពីលទ្ធផលដែលយើងទទួលពេលយើងបម្រើព្រះយេហូវ៉ាដោយចិត្តរាបទាប តើយើងរៀនអ្វីពីអេភេសូរ ៤:២, ៣?
១១ ចំពោះព្រះយេហូវ៉ា ការមានចិត្តរាបទាបគឺសំខាន់ជាងការមានសមត្ថភាព ហើយសាមគ្គីភាពគឺសំខាន់ជាងសមិទ្ធផល។ ដូច្នេះ សូមខំអស់ពីសមត្ថភាពដើម្បីបម្រើព្រះយេហូវ៉ាដោយចិត្តរាបទាប។ យ៉ាងនេះ អ្នកនឹងជួយធ្វើឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំ។ (សូមអាន អេភេសូរ ៤:២, ៣) តើយើងអាចបង្ហាញចិត្តរាបទាបតាមរបៀបណាខ្លះ? ចូរជាប់រវល់ក្នុងកិច្ចបម្រើផ្សាយ។ ចូរគិតអំពីវិធីផ្សេងៗដែលអ្នកអាចប្រព្រឹត្តយ៉ាងសប្បុរសចំពោះអ្នកឯទៀត។ ចូរទទួលបងប្អូនទាំងអស់ដោយរាក់ទាក់ រួមទាំងពួកអ្នកដែលមិនមានភារកិច្ចក្នុងក្រុមជំនុំ។ (ម៉ាថ. ៦:១-៤; លូក. ១៤:១២-១៤) ពេលអ្នករក្សាចិត្តរាបទាប ហើយធ្វើកិច្ចការផ្សេងៗជាមួយបងប្អូនក្នុងក្រុមជំនុំ ពួកគេនឹងឃើញថាអ្នកមានសមត្ថភាព ប៉ុន្តែសំខាន់ជាងនេះ ពួកគេនឹងឃើញថាអ្នកមានចិត្តរាបទាប។
ចូរបង្ហាញចិត្តរាបទាប ពេលប្រើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា
១២. តើគម្ពីរលើកទឹកចិត្តយើងឲ្យមានមិត្តភក្ដិឬទេ? សូមពន្យល់។
១២ ព្រះយេហូវ៉ាចង់ឲ្យយើងសេពគប់យ៉ាងសប្បាយជាមួយក្រុមគ្រួសារនិងមិត្តភក្ដិ។ (ទំនុក. ១៣៣:១) ពេលលោកយេស៊ូនៅផែនដី លោកមានមិត្តភក្ដិល្អ។ (យ៉ូន. ១៥:១៥) គម្ពីររៀបរាប់អំពីប្រយោជន៍ដែលមកពីការមានមិត្តពិត។ (សុភ. ១៧:១៧; ១៨:២៤) គម្ពីរក៏ប្រាប់យើងដែរថាការញែកខ្លួនចេញពីអ្នកឯទៀតគឺមិនល្អទេ។ (សុភ. ១៨:១) មនុស្សជាច្រើនយល់ថាកាប្រើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នាគឺជារបៀបមួយ ដើម្បីមានមិត្តភក្ដិច្រើននិងកុំឲ្យមានអារម្មណ៍ឯកោ។ ប៉ុន្តែ យើងត្រូវប្រុងប្រយ័ត្នអំពីការទាក់ទងគ្នាតាមរបៀបនេះ។
១៣. ហេតុអ្វីអ្នកខ្លះដែលប្រើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នាមានអារម្មណ៍ឯកោនិងធ្លាក់ទឹកចិត្ត?
១៣ ការសិក្សាស្រាវជ្រាវផ្សេងៗបានរកឃើញថាមនុស្សដែលចំណាយពេលច្រើនមើលមតិយោបល់និងរូបថតដែលគេបង្ហោះនៅលើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា អាចនាំឲ្យមានអារម្មណ៍ឯកោនិងធ្លាក់ទឹកចិត្ត។ ហេតុអ្វី? ប្រហែលជាមូលហេតុមួយគឺថាមនុស្សច្រើនតែបង្ហោះរូបថតអំពីគ្រាដ៏ពិសេសក្នុងជីវិត ដោយជ្រើសរើសរូបថតដែលស្អាតបំផុតអំពីខ្លួនឯង មិត្តភក្ដិរបស់ពួកគេ និងកន្លែងសប្បាយៗដែលពួកគេទៅ។ អ្នកដែលមើលរូបថតនោះ ប្រហែលជាសន្និដ្ឋានថាជីវិតរបស់ខ្លួនគ្មានអ្វីពិសេសទេ ឬថែមទាំងគួរឲ្យធុញទ្រាន់ទៀតផង បើប្រៀបធៀបជាមួយនឹងពួកអ្នកទាំងនោះ។ ប្អូនស្រីគ្រិស្តសាសនិកម្នាក់ដែលមានអាយុ១៩ឆ្នាំសារភាពថា៖ «ខ្ញុំចាប់ផ្ដើមច្រណែន ពេលខ្ញុំឃើញគេសប្បាយនៅចុងសប្ដាហ៍ ហើយខ្ញុំអផ្សុកនៅផ្ទះ»។
១៤. តើយោបល់នៅពេត្រុសទី១ ៣:៨ អាចជួយយើងយ៉ាងណាពេលប្រើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា?
១៤ ពិតមែនថាការប្រើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នាអាចមានប្រយោជន៍ ដូចជាសម្រាប់ប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសារនិងមិត្តភក្ដិ។ តែតើអ្នកបានសង្កេតឃើញឬទេថា ព័ត៌មានខ្លះដែលគេបង្ហោះគឺដើម្បីធ្វើឲ្យអ្នកឯទៀតកោតស្ងើចពួកគេប៉ុណ្ណោះ? មើលទៅដូចជាពួកគេតែងតែចង់ឲ្យអ្នកឯទៀតផ្ដោតអារម្មណ៍ទៅលើពួកគេ។ អ្នកខ្លះថែមទាំងបញ្ចេញមតិយោបល់អសុរោះនិងអាសអាភាសលើរូបថតខ្លួនឯង ឬលើរូបថតដែលអ្នកឯទៀតបង្ហោះ។ ដោយសារគ្រិស្តសាសនិកបានត្រូវលើកទឹកចិត្តឲ្យមានចិត្តរាបទាបនិងមានចិត្តគំនិតតែមួយ ពួកគេនឹងមិនប្រើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នាតាមរបៀបនេះទេ។—សូមអាន ពេត្រុសទី១ ៣:៨
បើអ្នកបង្ហោះអ្វីមួយលើបណ្ដាញគេហទំព័រ តើនោះធ្វើឲ្យអ្នកឯទៀតគិតថាអ្នកអួតខ្លួន ឬមានចិត្តរាបទាប? (សូមមើលវគ្គ១៥)
១៥. តើគម្ពីរអាចជួយយើងយ៉ាងណាឲ្យជៀសវាងពីការលើកខ្លួនហួសប្រមាណ?
១៥ បើអ្នកប្រើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា សូមសួរខ្លួនអ្នកថា ‹តើមតិយោបល់ រូបថត ឬវីដេអូដែលខ្ញុំបង្ហោះអាចធ្វើឲ្យអ្នកឯទៀតគិតថាខ្ញុំអួតឬទេ? តើវាអាចនាំឲ្យអ្នកឯទៀតច្រណែនខ្ញុំឬទេ?›។ គម្ពីរចែងថា៖ «អ្វីៗក្នុងពិភពលោកនេះ ពោលគឺសេចក្ដីប៉ងប្រាថ្នាខុសឆ្គង ការចង់បានអ្វីដែលទាក់ទាញភ្នែក និងការអួតសម្ញែងភាពមានបានរបស់ខ្លួន នោះមិនមែនមកពីបិតាដែលស្ថិតនៅស្ថានសួគ៌ឡើយ តែមកពីពិភពលោកនេះវិញ»។ (១យ៉ូន. ២:១៦) គ្រិស្តសាសនិកមិនមានអារម្មណ៍ថាត្រូវលើកខ្លួនឲ្យលេចមុខលេចមាត់ទេ។ ពួកគេធ្វើតាមការណែនាំពីគម្ពីរ ដែលថា៖ «កុំឲ្យយើងក្លាយទៅជាមនុស្សដែលលើកខ្លួនហួសប្រមាណ ដោយបង្កើតឲ្យមានការប្រកួតប្រជែងគ្នា ដោយឈ្នានីសគ្នាទៅវិញទៅមក»។ (កាឡ. ៥:២៦) បើយើងមានចិត្តរាបទាប យើងនឹងមិនដូចមនុស្សក្នុងពិភពលោកដែលមានអំណួតនិងចង់ឲ្យអ្នកឯទៀតគិតថាពួកគេជាបុគ្គលដ៏សំខាន់ឡើយ។
«ចូរមានគំនិតសមហេតុសមផល»
១៦. ហេតុអ្វីយើងមិនគួរមានអំណួត?
១៦ គឺសំខាន់ដែលយើងមានចិត្តរាបទាប ដោយសារមនុស្សដែលមានអំណួតមិនមាន«គំនិតសមហេតុសមផល»ទេ។ (រ៉ូម ១២:៣) មនុស្សដែលមានអំណួតចេះតែបង្កជម្លោះ និងលើកខ្លួនហួសប្រមាណ។ គំនិតនិងការប្រព្រឹត្តរបស់ពួកគេ ច្រើនតែធ្វើឲ្យពួកគេនិងអ្នកឯទៀតរងទុក្ខ។ បើពួកគេមិនផ្លាស់ប្ដូររបៀបគិតគូររបស់ពួកគេទេ នោះគំនិតរបស់ពួកគេនឹងទៅជាងងឹត ហើយត្រូវបង្ខូចដោយសាថាន។ (២កូ. ៤:៤; ១១:៣) ផ្ទុយពីបុគ្គលនោះ មនុស្សដែលមានចិត្តរាបទាបគឺជាបុគ្គលដែលមានគំនិតសមហេតុផល។ គាត់មានទស្សនៈត្រឹមត្រូវចំពោះខ្លួនដោយទទួលស្គាល់ថា អ្នកឯទៀតប្រសើរជាងគាត់តាមរបៀបផ្សេងៗជាច្រើន។ (ភី. ២:៣) គាត់ក៏ដឹងថា«ព្រះប្រឆាំងមនុស្សក្រអឺតក្រទម តែលោកឲ្យគុណដ៏វិសេសលើសលប់ដល់មនុស្សដែលមានចិត្តរាបទាប»។ (១ពេ. ៥:៥) ពួកអ្នកដែលមានគំនិតសមហេតុសមផលមិនចង់ឲ្យព្រះយេហូវ៉ាទៅជាសត្រូវរបស់ពួកគេទេ។
១៧. តើយើងត្រូវធ្វើអ្វីដើម្បីរក្សាចិត្តរាបទាប?
១៧ ដើម្បីរក្សាចិត្តរាបទាប យើងត្រូវធ្វើតាមការណែនាំក្នុងគម្ពីរ ដែលថា៖ «ចូរដោះចេញនូវបុគ្គលិកលក្ខណៈចាស់និងការប្រព្រឹត្តរបស់វា រួចបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី»។ ដូច្នេះ យើងត្រូវសិក្សាអំពីគំរូរបស់លោកយេស៊ូនិងព្យាយាមយកតម្រាប់លោកឲ្យបានដិតដល់។ (កូឡ. ៣:៩, ១០; ១ពេ. ២:២១) នេះតម្រូវឲ្យយើងខំប្រឹងព្យាយាម។ ប៉ុន្តែបើយើងធ្វើដូច្នេះ យើងនឹងទទួលប្រយោជន៍ជាច្រើន។ កាលដែលយើងព្យាយាមឲ្យមានចិត្តរាបទាបកាន់តែខ្លាំងឡើង ជីវិតក្រុមគ្រួសារនឹងកាន់តែប្រសើរឡើង យើងនឹងជួយធ្វើឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំ ហើយយើងនឹងមិនប្រើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នាដើម្បីធ្វើឲ្យអ្នកឯទៀតកោតស្ងើចយើង ឬធ្វើឲ្យគេគិតថាយើងជាមនុស្សសំខាន់ទេ។ សំខាន់បំផុត យើងនឹងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយនឹងទទួលពរពីលោក។
ចម្រៀងលេខ១១៧ គុណធម៌របស់ព្រះ
a សព្វថ្ងៃនេះ យើងរស់នៅក្នុងពិភពលោកមួយដែលពេញទៅដោយមនុស្សដែលមានអំណួតនិងគិតតែប្រយោជន៍ខ្លួន។ យើងត្រូវប្រយ័ត្នថាយើងមិនមានចិត្តគំនិតដូចពួកគេទេ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាស្ថានភាពបីក្នុងជីវិត ដែលយើងមិនគួរគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត។
b ការពន្យល់ពាក្យ: មនុស្សដែលមានអំណួតគិតអំពីខ្លួនឯងច្រើនជាងគិតអំពីអ្នកឯទៀត។ គាត់ក៏គិតតែអំពីប្រយោជន៍ខ្លួនឯងដែរ។ ផ្ទុយទៅវិញ មនុស្សដែលមានចិត្តរាបទាបចេះលះបង់ប្រយោជន៍ខ្លួន។ ការមានចិត្តរាបទាបមានន័យថាគ្មានអំណួត ហើយមិនគិតថាខ្លួនជាមនុស្សសំខាន់បំផុតទេ។
c ការពណ៌នាអំពីរូបភាព: អ្នកចាស់ទុំម្នាក់ដែលថ្លែងសុន្ទរកថានៅមហាសន្និបាត ហើយដឹកនាំបងប្អូនឯទៀត ក៏ឲ្យតម្លៃចំពោះការនាំមុខក្នុងកិច្ចបម្រើផ្សាយនិងការសម្អាតសាលប្រជុំ។