តើអ្នកជាគ្រីស្ទាន«ពេញវ័យ»ទេ?
សាវ័កប៉ុលបានសរសេរថា៖ «កាលដែលខ្ញុំនៅក្មេងនៅឡើយ នោះខ្ញុំបាននិយាយដូចជាកូនក្មេង ក៏មានគំនិតដូចជាកូនក្មេង ហើយបានពិចារណាដូចជាកូនក្មេងដែរ»។ តាមពិតទៅ យើងទាំងអស់គ្នាធ្លាប់ជាកូនង៉ាដ៏តែលតោល។ ក៏ប៉ុន្តែ យើងមិនបាននៅអ៊ីចឹងជារៀងរហូតទេ។ ប៉ុលបានសង្កេតឃើញថា៖ «លុះកាលខ្ញុំធំហើយ នោះខ្ញុំបានលះចោលការរបស់កូនក្មេងចេញទៅ»។—កូរិនថូសទី១ ១៣:១១
ស្រដៀងគ្នាដែរ គ្រីស្ទានគ្រប់ៗរូបចាប់ផ្ដើមប្រៀបដូចជាកូនង៉ាខាងវិញ្ញាណ។ ក៏ប៉ុន្តែ មិនយូរទេ គេទាំងអស់គ្នាអាច«រួបរួម ខាងឯសេចក្ដីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់ គឺដល់បានពេញជាមនុស្ស [ជាមនុស្សពេញវ័យ, ព្រះគម្ពីរភាសាខ្មែរសម្រាយ] ហើយដល់ខ្នាតកំពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ»។ (អេភេសូរ ៤:១៣) នៅកូរិនថូសទី១ ១៤:២០ យើងបានត្រូវដាស់តឿនថា៖ «បងប្អូនអើយ កុំឲ្យអ្នករាល់គ្នានៅខ្ចីខាងឯគំនិតឡើយ . . . ចំណែកខាងឯគំនិត នោះចូរធ្វើជាមនុស្សពេញអាយុវិញ»។
ការមានពួកគ្រីស្ទានពេញវ័យ ដែលមានគំនិតចាស់ទុំគឺជាពរដល់រាស្ត្ររបស់ព្រះសព្វថ្ងៃនេះ ជាពិសេសដោយព្រោះមានអ្នកថ្មីជាច្រើន។ ពួកគ្រីស្ទានពេញវ័យនាំឲ្យក្រុមជំនុំមានភាពមាំមួន។ ពួកគេមានអានុភាពដ៏ល្អទៅលើទំនោរចិត្តទូទៅរបស់ក្រុមជំនុំណាដែលគេចូលរួមនោះ។
ការធំធាត់លូតលាស់ផ្នែករាងកាយគឺច្រើនតែស្វ័យប្រវត្ត រីឯការលូតលាស់ខាងវិញ្ញាណវិញកើតមានឡើងដោយពេលវេលានិងការខិតខំវិញ។ មិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលនៅសម័យរបស់ប៉ុលមានគ្រីស្ទានខ្លះ បានខកខានមិនបាន«ជឿនទៅមុខ ដរាបដល់ពេញខ្នាត»។ (ហេព្រើរ ៥:១២; ៦:១) ចុះអ្នកវិញ យ៉ាងណាដែរ? មិនថាអ្នកបានបំរើព្រះយេហូវ៉ាអស់ច្រើនឆ្នាំហើយ ឬក៏តែមួយរយៈខ្លីប៉ុណ្ណោះ គឺនឹងមានប្រយោជន៍ បើសិនជាអ្នកពិនិត្យមើលខ្លួនឯងដោយឥតលាក់លៀម។ (កូរិនថូសទី២ ១៣:៥) តើអ្នកនៅក្នុងចំណោមអស់អ្នកដែលអាចត្រូវហៅជាគ្រីស្ទាន ដែលមានគំនិតចាស់ទុំនិងពេញវ័យឬទេ? បើមិនអ៊ីចឹងទេ តើតាមរបៀបណាដែលអ្នកអាចទៅជាគ្រីស្ទានបែបនេះ?
‹មនុស្សពេញវ័យខាងគំនិត›
អ្នកដែលក្មេងខ្ចីខាងវិញ្ញាណ គឺងាយស្រួល«ត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្ដីបង្រៀនបោក ហើយផាត់យើងចុះឡើង ដោយសេចក្ដីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ»។ អ៊ីចឹងហើយប៉ុលបានជំរុញថា៖ «ដោយសេចក្ដីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ»។ (អេភេសូរ ៤:១៤, ១៥) តើមនុស្សម្នាក់អាចធ្វើអ៊ីចឹងតាមរបៀបណា? ហេព្រើរ ៥:១៤ ពីព្រះគម្ពីរភាសាខ្មែរសម្រាយប្រាប់ថា៖ «មានតែមនុស្សពេញវ័យប៉ុណ្ណោះ ដែលអាចទទួលអាហាររឹងបាន ព្រោះគេធ្លាប់មានការពិសោធន៍ ចេះវែកញែក ស្គាល់ល្អ ស្គាល់អាក្រក់»។
សូមកត់សម្គាល់ថា មនុស្សពេញវ័យត្រូវសមត្ថភាពវែកញែករបស់គេបង្ហាត់តាមរយៈការប្រើ ឬក៏បទពិសោធន៍ក្នុងការអនុវត្តន៍គោលការណ៍ព្រះគម្ពីរ។ អ៊ីចឹងគឺច្បាស់ហើយថា មនុស្សម្នាក់មិនអាចទៅជាមនុស្សពេញវ័យខាងវិញ្ញាណក្នុងរយៈពេលតែមួយយប់នោះទេ គេត្រូវការនូវពេលវេលា។ យ៉ាងណាក៏ដោយ អ្នកអាចជួយឲ្យការលូតលាស់ខាងវិញ្ញាណរបស់អ្នកទៅជាងាយជាង ដោយការសិក្សាផ្ទាល់ ជាពិសេសការសិក្សានូវអ្វីដ៏ជ្រាលជ្រៅក្នុងព្រះបន្ទូលរបស់ព្រះ។ ពេលថ្មីៗនេះ ទស្សនាវដ្ដីប៉មយាម បានពិភាក្សានូវរឿងជ្រៅៗជាច្រើន។ មនុស្សដែលមានគំនិតចាស់ទុំមិនជៀសវាងអត្ថបទបែបនេះ ដែលមាន«សេចក្ដីខ្លះដែលពិបាកយល់»ទេ។ (ពេត្រុសទី២ ៣:១៦) ផ្ទុយទៅវិញ ពួកគេបរិភោគអាហាររឹងបែបនេះដោយចិត្តរំភើប!
អ្នកផ្សព្វផ្សាយនិងគ្រូបង្រៀនដ៏ឧស្សាហ៍
ព្រះយេស៊ូបានបញ្ជាសិស្សរបស់ទ្រង់ថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ (ម៉ាថាយ ២៨:១៩, ២០) ការចូលរួមយ៉ាងខ្នះខ្នែងក្នុងកិច្ចផ្សព្វផ្សាយ ក៏អាចជំរុញការលូតលាស់ខាងវិញ្ញាណរបស់អ្នកដែរ។ អញ្ជើញចូលរួមឲ្យបានពេញលេញតាមតែកាលៈទេសៈរបស់អ្នកហុចឲ្យចុះ។—ម៉ាថាយ ១៣:២៣
ជួនកាល ការបង្ខិតបង្ខំនៃជីវិតធ្វើឲ្យយើងពិបាករកពេលផ្សព្វផ្សាយបាន។ ក៏ប៉ុន្តែ ដោយអ្នក«ខំប្រឹងយ៉ាងអស់ពីចិត្ត»ជាអ្នកផ្សព្វផ្សាយ អ្នកអាចបង្ហាញនូវសារៈសំខាន់នៃ«ដំណឹងល្អ»ដែលមានចំពោះអ្នក។ (លូកា ១៣:២៤; រ៉ូម ១:១៦) អ៊ីចឹងហើយ អ្នកប្រហែលជានឹងត្រូវរាប់«ជាគំរូដល់ពួកអ្នកជឿ»។—ធីម៉ូថេទី១ ៤:១២
អ្នកដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍
ការលូតលាស់ដល់ភាពចាស់ទុំ ក៏តម្រូវឲ្យអ្នកខិតខំរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍របស់អ្នកដែរ។ ដូចជាបានកត់ទុកនូវទំនុកដំកើង ២៦:១ ដាវីឌបានប្រកាសថា៖ «ឱព្រះយេហូវ៉ាអើយ! សូមទ្រង់វិនិច្ឆ័យឲ្យទូលបង្គំ ដ្បិតទូលបង្គំបានដើរតាមចិត្តគ្រប់ល័ក្ខណ៍របស់ទូលបង្គំ»។ ចិត្តស្មោះគ្រប់ល័ក្ខណ៍គឺជាភាពគ្រប់ល័ក្ខណ៍ខាងសីលធម៌។ ក៏ប៉ុន្តែ នេះមិនមានន័យស្មើនឹងភាពល្អឥតខ្ចោះទេ។ ដាវីឌក៏បានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរមួយចំនួន។ ក៏ប៉ុន្តែ ដោយព្រោះគាត់បានព្រមទទួលនូវការកែតម្រង់ហើយនិងបានប្រែចិត្តវិញ នោះគាត់បានបង្ហាញថា ចិត្តរបស់គាត់បាននៅមានសេចក្ដីស្រឡាញ់ស្មោះចំពោះព្រះយេហូវ៉ា។ (ទំនុកដំកើង ២៦:២, ៣, ៦,៨,១១) ចិត្តស្មោះគ្រប់ល័ក្ខណ៍រួមបញ្ចូលភក្ដីភាពដ៏ពេញទី។ ដាវីឌបានមានបន្ទូលប្រាប់រាជបុត្រារបស់ទ្រង់នាមសាឡូម៉ូនថា ៖«ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្ដិតាមទ្រង់ ដោយអស់ពីចិត្ត»។—របាក្សត្រទី១ ២៨:៩
ការរក្សានូវចិត្តស្មោះគ្រប់ល័ក្ខណ៍រួមបញ្ចូលការ«មិនមែនជារបស់ផងលោកីយ»។ (យ៉ូហាន ១៧:១៦) អ្នកក៏ត្រូវតែទប់ទល់នឹងការប្រព្រឹត្តដ៏អាក្រក់ ដូចជាការសហាយស្មន់ ការកំផិត និងការប្រើថ្នាំញៀន។ (កាឡាទី ៥:១៩-២១) ក៏ប៉ុន្តែ ការរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍តម្រូវច្រើនជាងការជៀសវាងពីអំពើទាំងនោះ។ សាឡូម៉ូនបានព្រមានថា៖ «រុយស្លាប់ធ្វើឲ្យប្រេងក្រអូបរបស់អ្នកអប់ប្រេងទៅជាមានក្លិនស្អុយ ហើយសេចក្ដីចំកួតតែបន្ដិចបន្តួចក៏បង្ខូចប្រាជ្ញា នឹងកិត្ដិយសដូច្នោះដែរ»។ (សាស្ដា ១០:១) ត្រូវហើយ សូម្បីតែ«ចំកួតតែបន្ដិចបន្តួច» ដូចជាការនិយាយមិនគួរសម ឬក៏ការបញ្ចេញអាការឲ្យឃើញថា ស្រឡាញ់តាមរបៀបមិនគួរសម អាចបង្ខូចកិត្ដិនាមរបស់មនុស្សម្នាក់«ដែលមានប្រាជ្ញា»។ (យ៉ូប ៣១:១) ដូច្នេះ ចូរសម្ដែងគំនិតចាស់ទុំរបស់ខ្លួនដោយការរកធ្វើជាគំរូខាងចរិយា ទាំងជៀសវាងសូម្បីតែ«អ្វីដែលមើលទៅដូចជាអាក្រក់»។—ថែស្សាឡូនីចទី១ ៥:២២, សេចក្ដីបកប្រែព្រះគម្ពីរឃីងជេម្ស
អ្នកដែលមានភក្ដីភាព
គ្រីស្ទានម្នាក់ដែលមានគំនិតពេញវ័យក៏មានភក្ដីភាពដែរ។ សមស្របនឹងសេចក្ដីដាស់តឿនរបស់សាវ័កប៉ុលក្នុងអេភេសូរ ៤:២៤, ព.ថ. ថា៖ «ប្រដាប់ខ្លួនដោយចរិយាសម្បត្ដិថ្មី ដែលបានត្រូវបង្កើតមកតាមបំណងព្រះហឫទ័យព្រះ ដោយសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដនោះ»។ ក្នុងបទគម្ពីរភាសាក្រិក ពាក្យដើមដែលបានត្រូវបកប្រែ«ភក្ដីភាព»មានន័យថា ភាពបរិសុទ្ធ សេចក្ដីសុចរិត សេចក្ដីគោរពដ៏ជ្រាលជ្រៅ។ មនុស្សដែលមានភក្ដីភាព គឺស្មោះត្រង់និងបំពេញយ៉ាងយកចិត្តទុកដាក់នូវភារកិច្ចរបស់ខ្លួនចំពោះព្រះ។
តើតាមរបៀបណាខ្លះដែលអ្នកអាចបណ្ដុះបណ្ដាលភក្ដីភាពបែបនេះ? របៀបមួយគឺដោយអ្នកស្ដាប់តាមអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់អ្នក។ (ហេព្រើរ ១៣:១៧) ដោយទទួលស្គាល់ថា ព្រះគ្រីស្ទជាសិរសាជ្រើសតាំងនៃក្រុមជំនុំគ្រីស្ទាន នោះគ្រីស្ទានពេញវ័យមានភក្ដីភាពចំពោះអ្នក ដែលបានត្រូវជ្រើសតាំង«ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះ»។ (កិច្ចការ ២០:២៨) តើជាការមិនសមរម្យយ៉ាងណាទៅហ្ន៎! ក្នុងការប្រឆាំងឬក៏ធ្វើឲ្យទន់ខ្សោយ ដល់អំណាចគ្រប់គ្រងរបស់អ្នកចាស់ទុំដែលរើសតាំងនោះ។ អ្នកក៏គួរមានចិត្តភក្ដីចំពោះ«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ» និងខ្សែរយៈដែលត្រូវប្រើដើម្បីចែកចាយ‹អាហារខាងវិញ្ញាណ តាមត្រូវពេល›នោះដែរ។ (ម៉ាថាយ ២៤:៤៥, ព.ថ.) ចូរអាននិងអនុវត្តយ៉ាងឆាប់រហ័សនូវពត៌មាន ដែលត្រូវរកឃើញក្នុងទស្សនាវដ្ដីប៉មយាមនិង ប្រកាសនវត្ថុឯទៀត។
ការបង្ហាញសេចក្ដីស្រឡាញ់ដោយសកម្មភាពរបស់អ្នក
ប៉ុលបានសរសេរទៅកាន់គ្រីស្ទាននៅទីក្រុងថែស្សាឡូនីចថា៖ «អ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ ដល់គ្នាទៅវិញទៅមក រឹតតែខ្លាំងឡើង»។ (ថែស្សាឡូនីចទី២ ១:៣) ការចំរើននូវសេចក្ដីស្រឡាញ់គឺជាផ្នែកដ៏សំខាន់មួយនៃការលូតលាស់ខាងវិញ្ញាណ។ ព្រះយេស៊ូបានមានបន្ទូលដូចបានកត់ទុកក្នុងយ៉ូហាន ១៣:៣៥ ថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ សេចក្ដីស្រឡាញ់បែបជាបងប្អូនអ៊ីចឹង គឺមិនត្រូវសម្ដែងទៅតែអារម្មណ៍ប៉ុណ្ណោះទេ។ វចនានុក្រមរបស់លោកវ៉ែនខាងពាក្យពីសញ្ញាចាស់និងសញ្ញាថ្មី សង្កេតឃើញថា៖ «សេចក្ដីស្រឡាញ់អាចត្រូវសម្គាល់ដោយតែការប្រព្រឹត្តដែលវាជំរុញ»។ ត្រូវហើយ អ្នកជឿនទៅដល់ភាពពេញវ័យដោយការប្រព្រឹត្តប្រកបដោយសេចក្ដីស្រឡាញ់!
ជាឧទាហរណ៍ នៅរ៉ូម ១៥:៧ យើងអានថា៖ «ចូរទទួលគ្នាទៅវិញទៅមក»។ របៀបមួយដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ គឺដោយការទទួលរាប់រកអ្នកជឿគ្នីគ្នានិងអ្នកថ្មីនៅឯកិច្ចប្រជុំក្រុមជំនុំ ដោយចិត្តរំភើបនិងកក់ក្ដៅ! ចូរឲ្យបានស្គាល់គេផ្ទាល់។ ចូរ«យកចិត្តទុកដាក់ផ្ទាល់ខ្លួន»ទៅលើអ្នកឯទៀត។ (ភីលីព ២:៤, ព.ថ.) ប្រហែលជាអ្នកអាចសម្ដែងភាពរាក់ទាក់ដោយអញ្ជើញអ្នកខ្លះមកផ្ទះរបស់អ្នក។ (កិច្ចការ ១៦:១៤, ១៥) ភាពមិនគ្រប់ល័ក្ខណ៍របស់អ្នកឯទៀត ជួនកាលអាចល្បងលកម្លាំងនៃសេចក្ដីស្រឡាញ់របស់យើង ក៏ប៉ុន្តែ ពេលដែលអ្នករៀនចេះ‹ទ្រាំទ្រនឹងគេដោយស្រឡាញ់› នោះអ្នកនឹងសម្ដែងថាអ្នកកំពុងតែជឿនទៅដល់ភាពពេញវ័យ។—អេភេសូរ ៤:២
ការប្រើទ្រព្យសម្បត្ដិដើម្បីគាំទ្រការថ្វាយបង្គំដ៏បរិសុទ្ធ
នៅសម័យបុរាណ មានមនុស្សខ្លះក្នុងរាស្ត្ររបស់ព្រះដែលមិនបានបំពេញភារកិច្ចរបស់គេ ដើម្បីគាំទ្រព្រះវិហាររបស់ព្រះយេហូវ៉ា។ ដូច្នេះហើយ ព្រះបានចាត់ពួកព្យាការីដូចជាហាកាយនិងម៉ាឡាគី ដើម្បីដាស់តឿនរាស្ត្ររបស់ទ្រង់ចំពោះរឿងនេះ។ (ហាកាយ ១:២-៦; ម៉ាឡាគី ៣:១០) ពួកគ្រីស្ទានដែលមានគំនិតចាស់ទុំសព្វថ្ងៃនេះមានអំណរ ដើម្បីគាំទ្រការថ្វាយបង្គំព្រះយេហូវ៉ា។ ចូរត្រាប់តាមមនុស្សបែបនេះ ដោយធ្វើតាមគោលការណ៍នៅកូរិនថូសទី១ ១៦:១, ២ ទាំង‹ប្រមូលដាក់ទុកនូវអ្វីៗដោយឡែក›ជាទៀងទាត់ដើម្បីជូនជាវិភាគទានដល់ក្រុមជំនុំនិងកិច្ចការទូទាំងពិភពលោករបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ បន្ទូលរបស់ព្រះសន្យាថា៖ «អ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ»។—កូរិនថូសទី២ ៩:៦
កុំភ្លេចនូវទ្រព្យផ្សេងទៀតដែលអ្នកមាន ដូចជាពេលវេលានិងកម្លាំងរបស់អ្នក។ ចូរខិតខំ«លៃយកឱកាស»ពីសកម្មភាពផ្សេងដែលឥតសូវសំខាន់។ (អេភេសូរ ៥:១៥, ១៦; ភីលីព ១:១០) រៀនឲ្យចេះសំចៃពេលវេលា។ ការធ្វើអ៊ីចឹងនឹងជួយអ្នកមានសមត្ថភាពចូលរួមក្នុងគម្រោងថែទាំសាលព្រះរាជាណាចក្រ និងសកម្មភាពផ្សេងទៀតដែលស្រដៀងនេះដែរ ដែលគាំទ្រការថ្វាយបង្គំពិតរបស់ព្រះយេហូវ៉ា។ ការប្រើប្រាស់នូវទ្រព្យសម្បត្ដិតាមរបៀបនេះនឹងផ្ដល់ទីសំអាងបន្ថែមថា អ្នកកំពុងតែជឿនទៅភាពជាគ្រីស្ទានពេញវ័យ។
ចូរជឿនទៅដល់ភាពពេញវ័យចុះ!
បុរសនិងស្ត្រីទាំងឡាយពិតជាពរមួយ ដោយព្រោះគេចេះសិក្សានិងមានចំណេះដឹង ជាអ្នកផ្សព្វផ្សាយដ៏ខ្នះខ្នែង រក្សាភាពស្មោះត្រង់របស់គេ មានភក្ដីភាពនិងប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ ហើយសុខចិត្តចំណាយកម្លាំងកាយនិងទ្រព្យសម្បត្ដិក្នុងការគាំទ្រកិច្ចការខាងព្រះរាជាណាចក្រ។ អ៊ីចឹងហើយបានជាសាវ័កប៉ុលបានដាស់តឿនថា៖ «ចូរឲ្យយើងឈប់ ខាងឯសេចក្ដីបឋមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ ហើយខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាតចុះ»!—ហេព្រើរ ៦:១
តើអ្នកជាគ្រីស្ទានពេញវ័យ ដែលមានគំនិតចាស់ទុំឬទេ? ឬក៏ តើក្នុងលក្ខណៈខ្លះៗអ្នកនៅជាក្មេងតូចខាងវិញ្ញាណវិញ? (ហេព្រើរ ៥:១៣) យ៉ាងណាក៏ដោយ ចូរតាំងចិត្តខិតខំព្យាយាមសិក្សា ផ្សព្វផ្សាយ និងបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរបស់អ្នក។ ទទួលដោយមិនទើសទាល់នូវឱវាទនិងការកែតម្រង់ណា ដែលអ្នកដែលមានភាពចាស់ទុំជូនឲ្យអ្នក។ (សុភាសិត ៨:៣៣) បំពេញនូវភារកិច្ចគ្រីស្ទានទាំងអស់របស់អ្នក។ បន្ទាប់មកដោយការខិតខំរបស់អ្នក អ្នកក៏អាច«រួបរួម ខាងឯសេចក្ដីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់ គឺដល់បានពេញជាមនុស្ស [ជាមនុស្សពេញវ័យ, ព្រះគម្ពីរភាសាខ្មែរសម្រាយ] ហើយដល់ខ្នាតកំពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ»។—អេភេសូរ ៤:១៣
[ឃ្លាអក្សរធំនៅទំព័រ៣១]
គ្រីស្ទានពេញវ័យនាំឲ្យក្រុមជំនុំមានភាពមាំមួន។ ពួកគេមានអានុភាពល្អទៅលើទំនោរទូទៅនៃក្រុមជំនុំ។