ជំពូកទី១៣
«ព្រះបន្ទូលនៃព្រះ នោះរស់នៅ»
នៅជំពូកមុននេះ យើងឃើញថាដំបូន្មានព្រះគម្ពីរអាចជួយយើងឲ្យដោះស្រាយបញ្ហា និងជៀសវាងការធ្វើខុស។ ប្រាជ្ញាដ៏នៅអស់កល្បនៃដំបូន្មានរបស់ព្រះគម្ពីរ គឺជាទីសំអាងដ៏ខ្លាំងអំពីព្រះវិញ្ញាណ។ ព្រះគម្ពីរចែងប្រាប់ថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត»។ (ធីម៉ូថេទី២ ៣:១៦) ប៉ុន្តែព្រះគម្ពីរមិនគ្រាន់តែផ្ដល់ឲ្យយើង នូវដំបូន្មានដ៏មានប្រាជ្ញាតែប៉ុណ្ណោះទេ។ ជាបន្ទូលនៃព្រះ ព្រះគម្ពីរគឺពិតជាធ្វើឲ្យមនុស្សប្រែមែន។
១-៣. (ក) តាមរបៀបណាដែលព្រះគម្ពីរបញ្ជាក់នូវការត្រូវប្រែបុគ្គលិកលក្ខណៈ? (ខ) តើការពិសោធអ្វីបង្ហាញថាអំណាចនៃព្រះគម្ពីរអាចប្រែបុគ្គលិកលក្ខណៈបាន?
តើព្រះគម្ពីរអាចធ្វើឲ្យមនុស្សប្រែពិតមែនឬ? មែនហើយ ព្រះគម្ពីរអាចកែបុគ្គលិកលក្ខណៈរបស់មនុស្សផង។ សូមពិចារណាដំបូន្មាននេះ ដែលកត់ទុកក្នុងព្រះគម្ពីរ៖ «ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាបានដោះមនុស្សចាស់ដែលតែងតែខូចទៅ តាមសេចក្ដីប៉ងប្រាថ្នារបស់សេចក្ដីឆបោកចោលចេញ . . . ឲ្យគំនិតក្នុងចិត្តបានកែប្រែជាថ្មីឡើង ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដីបរិសុទ្ធ របស់ផងសេចក្ដីពិត តាមភាពព្រះ»។—អេភេសូរ ៤:២២-២៤
២ តើយើងពិតជាអាចប្រដាប់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មីវិញបានឬ? បានពិតមែន! តាមពិត ក្លាយជាគ្រីស្ទានម្នាក់ជួនកាលត្រូវឲ្យមានការកែប្រែយ៉ាងខ្លាំងដល់បុគ្គលិកលក្ខណៈ។ (កូរិនថូសទី១ ៦:៩-១១) ជាឧទាហរណ៍ កុមារម្នាក់នៅអាមេរិកខាងត្បូង ត្រូវនៅកំព្រាពេលមានអាយុប្រាំបួនឆ្នាំ។ ដល់បានធំឡើងទាំងគ្មានការអប់រំពីឪពុកម្ដាយ គាត់ក៏កើតមានបញ្ហាធំខាងបុគ្គលិកលក្ខណៈ។ គាត់និយាយថា៖ «ដល់ពេលខ្ញុំមានអាយុ១៨ឆ្នាំ ខ្ញុំក៏ញៀនស៊ប់នឹងគ្រឿងឱសថ ហើយបានត្រូវជាប់គុក ដោយព្រោះបានលួចគេដើម្បីមកគាំទ្រទម្លាប់អាក្រក់»។ ប៉ុន្តែ ម្ដាយមីងរបស់គាត់ជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ ហើយដល់ទីបំផុតក៏អាចជួយគាត់បាន។
៣ គាត់ពន្យល់ប្រាប់ថា៖ «ម្ដាយមីងរបស់ខ្ញុំចាប់ផ្ដើមបង្រៀនព្រះគម្ពីរដល់ខ្ញុំ ហើយប្រាំពីរខែក្រោយមក ខ្ញុំក៏អាចបោះបង់ទម្លាប់ប្រើគ្រឿងឱសថចោលបាន»។ គាត់ក៏ដកខ្លួនចេញពីពួកម៉ាកចាស់ ហើយមានពួកម៉ាកថ្មីក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ាវិញ។ គាត់និយាយទៀតថា៖ «ពួកម៉ាកថ្មីទាំងនេះ ព្រមទាំងការរៀនព្រះគម្ពីរជារឿយៗ អាចធ្វើឲ្យខ្ញុំមានការលូតលាស់ ហើយដល់ទីបំផុតក៏ថ្វាយជីវិតខ្ញុំទៅបំរើព្រះ»។ ពិតហើយ អ្នកញៀនគ្រឿងឱសថហើយជាចោរកាលពីមុននោះ បានក្លាយជាគ្រីស្ទានដ៏សកម្មម្នាក់ ហើយការកែប្រែដ៏អស្ចារ្យនេះ គឺបានសម្រេចឡើង ដោយសារអំណាចនៃព្រះគម្ពីរ។ ជាប្រាកដ ដូចសាវ័កប៉ុលបានមានប្រសាសន៍មក «ព្រះបន្ទូលនៃព្រះ នោះរស់នៅ ហើយពូកែផង»។—ហេព្រើរ ៤:១២
ប្រែដោយសារសេចក្ដីចេះដឹង
៤, ៥. ស្របតាមកូល៉ុស ៣:៨-១០ តើយើងត្រូវបានអ្វីដើម្បីឲ្យកើតមានបុគ្គលិកលក្ខណៈថ្មី?
៤ តាមរបៀបណាដែលព្រះគម្ពីរធ្វើឲ្យមនុស្សប្រែ? ចម្លើយគឺឃើញក្នុងវគ្គព្រះគម្ពីរនេះ៖ «ចូរឲ្យអ្នករាល់គ្នាលះអស់ទាំងអំពើនោះ គឺសេចក្ដីកំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ នឹងពាក្យអព្វមង្គល ចេញពីមាត់ចោលទៅ កុំឲ្យកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ នឹងអំពើរបស់វាចោលចេញហើយ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្ដីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក»។—កូល៉ុស ៣:៨-១០
៥ សូមសម្គាល់មើលចំណែកដ៏សំខាន់នៃចំណេះត្រឹមត្រូវអំពីព្រះគម្ពីរ។ ព្រះគម្ពីរពន្យល់ប្រាប់ថាលក្ខណៈមួយណាយើងត្រូវលះបង់ ហើយលក្ខណៈមួយណាយើងគួរមានវិញ។ ចំណេះបែបនេះក៏មានអានុភាពយ៉ាងខ្លាំង ដូចយុវជនម្នាក់នៅអឺរ៉ុបខាងត្បូងបានឃើញ។ គាត់មានបញ្ហាមែនទែន គឺកំហឹងឃោរឃៅ។ ពេលគាត់ធំឡើង គាត់វាយគ្នានឹងគេជាញយ ហើយគាត់ចូលហាត់កីឡាប្រដាល់ ដើម្បីបញ្ចេញសេចក្ដីឃោរឃៅ។ ប៉ុន្តែគាត់នៅតែមិនអាចទប់ចរិយាឃោរឃៅរបស់គាត់បានសោះ។ ពេលចូលបំរើកងទ័ព គាត់កើតមានរឿងដោយព្រោះបានវាយទាហានគ្នាឯងម្នាក់។ ពេលចេញពីកងទ័ពវិញ គាត់ក៏រៀបការ ប៉ុន្តែរួចមកក៏វាយប្រពន្ធរបស់គាត់ទៀត។ ក្នុងជម្លោះមួយក្នុងគ្រួសារ គាត់បានទាំងវាយឪពុករបស់គាត់ដួលផង។ នេះជាយុវជនម្នាក់ដ៏ខឹងឃោរឃៅពិតមែន!
៦, ៧. តាមរបៀបណាដែលចំណេះត្រឹមត្រូវអំពីព្រះគម្ពីរ ជួយយុវជនម្នាក់នៅអឺរ៉ុបខាងត្បូង ឲ្យប្រែបុគ្គលិកលក្ខណៈរបស់គាត់?
៦ ប៉ុន្តែ ដល់ទីបំផុតគាត់បានរៀនព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា ហើយបានឮដំបូន្មានដូចនេះថា៖ «កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ . . . ខាងឯពួកអ្នករាល់គ្នា នោះខំឲ្យនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន ឱពួកស្ងួនភ្ងាអើយ កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្ដីកំហឹងទៅ»។ (រ៉ូម ១២:១៧-១៩) នេះជួយគាត់ឲ្យដឹងថា កំហឹងឃោរឃៅរបស់គាត់គឺជាការខុសឆ្គងខ្លាំងយ៉ាងណា។ គាត់ក៏ឈប់លេងកីឡាប្រដាល់ទៀត ដោយដឹងថាវាមិនស្របនឹងបុគ្គលិកលក្ខណៈគ្រីស្ទានដ៏ប្រកបដោយមេត្រីភាព។ ប៉ុន្តែ គាត់នៅតែត្រូវខំប្រឹងទប់យ៉ាងខ្លាំង នឹងចរិយាឃោរឃៅរបស់គាត់។
៧ ប៉ុន្តែ ដោយបានចំរើនចំណេះថែមទៀត អំពីគោលការណ៍ព្រះគម្ពីរ នោះក៏បានជួយគាត់។ នេះធ្វើឲ្យមនសិការរបស់គាត់បានស្អាតស្អំឡើង ដែលនឹងជួយទប់ទល់នឹងកំហឹងឆេវឆាវរបស់គាត់។ នៅគ្រាមួយ ក្រោយពេលគាត់រៀនព្រះគម្ពីរបានលូតលាស់ខ្លះៗហើយ ក៏មានអ្នកដទៃម្នាក់ខឹងនឹងគាត់ ហើយស្រែកជេរមើលងាយផង។ យុវជននេះក៏មានអារម្មណ៍ ដូចពីមុនរោលឡើងក្នុងចិត្តរបស់គាត់។ បន្ទាប់មកគាត់ក៏មានអារម្មណ៍នូវកម្លាំងមួយទៀត៖ គឺសេចក្ដីខ្មាសអាម៉ាស់ ហើយនេះការពារមិនឲ្យគាត់បញ្ចេញកំហឹង។ គាត់ទប់អារម្មណ៍របស់គាត់ ជាជាង«ធ្វើការអាក្រក់ស្នងនឹងការអាក្រក់»។ ឥឡូវនេះ គាត់ជាមនុស្សម្នាក់ដែលបានប្រែហើយ ទាំងមានបុគ្គលិកលក្ខណៈថ្មីផង ដោយសារតែចំណេះត្រឹមត្រូវពីព្រះគម្ពីរ។
ត្រូវឲ្យស្គាល់ព្រះ
៨. (ក) តើបុគ្គលិកលក្ខណៈថ្មីត្រូវបង្កើតឡើងតាមរូបអង្គណា? (ខ) តើចំណេះត្រឹមត្រូវ ដែលបង្កើតបុគ្គលិកលក្ខណៈថ្មី ត្រូវមានរួមការស្គាល់ដល់នរណា?
៨ ពិតមែនហើយ មនុស្សជាច្រើនដឹងនូវការត្រឹមត្រូវដែលគេត្រូវធ្វើ ប៉ុន្តែគេចុះញ៉មក្នុងការទន់ខ្សោយខាងរូបកាយវិញ។ គឺច្បាស់ណាស់ គ្រាន់តែមានចំណេះត្រឹមត្រូវអំពីការខុសត្រូវ គឺមិនគ្រប់គ្រាន់ទេ។ គឺមានអ្វីផ្សេងទៀត ដែលជួយមនុស្សពីរនាក់ ដូចរៀបរាប់ខាងលើនេះឲ្យប្រែ។ តើជាអ្វីទៅ? វគ្គដែលនិយាយសំដៅពីមុននេះប្រាប់ថា៖ «ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្ដីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក»។ (កូល៉ុស ៣:១០) សូមសម្គាល់ថា ដូចអ័ដាមបានត្រូវបង្កើតដំបូងតាមរូបអង្គព្រះ ដូច្នេះបុគ្គលិកលក្ខណៈថ្មីក៏ត្រូវបង្កើតតាមរូបអង្គព្រះដែរ។ (លោកុប្បត្តិ ១:២៦) ដូច្នេះ ចំណេះត្រឹមត្រូវដែលជួយយុវជនទាំងពីរនេះ គឺត្រូវតែមានរួមការស្គាល់ព្រះដែរ។ នេះរំឭកយើងអំពីបន្ទូលរបស់ព្រះយេស៊ូដែលថា៖ «នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យគេបានចំណេះអំពីទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»។—យ៉ូហាន ១៧:៣, ព.ថ.
៩. តើតាមរបៀបណាដែលការស្គាល់ព្រះ ជួយយើងឲ្យប្រែបុគ្គលិកលក្ខណៈរបស់យើង?
៩ តើតាមរបៀបណាដែលការស្គាល់ព្រះជួយយើង ឲ្យប្រែបុគ្គលិកលក្ខណៈរបស់យើង? នេះធ្វើឲ្យយើងមានចិត្តចង់ប្រែ។ ពេលយើងស្គាល់ព្រះដោយសារការរៀនសូត្រព្រះគម្ពីរ នោះយើងនឹងជ្រាបអំពីគុណសម្បត្ដិនៃព្រះ ហើយឃើញនូវសេចក្ដីស្រឡាញ់ដែលទ្រង់បង្ហាញយើង។ នេះក៏នាំឲ្យយើងស្រឡាញ់ទ្រង់វិញ។ (យ៉ូហានទី១ ៤:១៩) ដូច្នេះ យើងអាចស្ដាប់តាមសេចក្ដីដែលព្រះយេស៊ូបានមានបន្ទូល ថាជាបញ្ញត្តទី១ ហើយសំខាន់បំផុត គឺ៖ «ត្រូវឲ្យស្រឡាញ់[ព្រះយេហូវ៉ា] ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង»។ (ម៉ាថាយ ២២:៣៧) ការស្រឡាញ់ព្រះធ្វើឲ្យយើងចង់ប្រដាប់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី ដែលសព្វព្រះហឫទ័យទ្រង់។ នេះធ្វើឲ្យយើងចង់ឲ្យបានដូចទ្រង់ថែមទៀត ទោះជាយើងត្រូវតែខំប្រឹងប្រែងខ្លាំងយ៉ាងណាក៏ដោយ។
ភាពទន់ខ្សោយដ៏ជ្រួតជ្រាបយ៉ាងជ្រៅ
១០, ១១. តើតាមរបៀបណាដែលចំណេះត្រឹមត្រូវ ជួយស្ត្រីក្មេងសាសន៍អាមេរិកខាងជើងម្នាក់ ឲ្យចាប់ផ្ដើមប្រែបុគ្គលិកលក្ខណៈរបស់នាង?
១០ ក្នុងស្ថានការណ៍ខ្លះ នេះជាការខំប្រឹងប្រែងមែនទែន។ ស្ត្រីក្មេងម្នាក់នៅអាមេរិកខាងជើងត្រូវតែតយុទ្ធយ៉ាងខ្លាំងដើម្បីប្រែខ្លួន។ នាងជាអ្នកត្រូវរងទុក្ខខាងមេថុនកម្មកាលនៅក្មេង ហើយធំពេញវ័យឡើងក្នុងគ្រួសារដ៏ឃោរឃៅ ហើយដល់ទីបំផុតក៏ទៅប្រើគ្រឿងញៀន។ ប៉ុន្តែគ្រឿងញៀនគឺថ្លៃ ម្ល៉ោះហើយនាងក៏លក់ខ្លួនធ្វើជាស្រីពេស្យា ដើម្បីយកប្រាក់សម្រាប់ទម្លាប់ញៀនរបស់នាង។ នាងក៏សម្លុតហើយប្លន់ពួកទេសចរ ហើយបានចំណាយពេលក្នុងគុក និងក្នុងកន្លែងលេងប៊ីយ៉ា ច្រើនជាងនៅផ្ទះ។
១១ ពេលស្មរបន្ទាល់ព្រះយេហូវ៉ាបានជួបនាង នាងក៏មានកូនឥតពេញច្បាប់មួយ—ក្រោយពេលបានពន្លូតកូនអស់បីបួនហើយ។ ប៉ុន្តែ នាងចូលចិត្តសេចក្ដីដែលនាងឮពីព្រះគម្ពីរ ហើយក៏ចាប់ផ្ដើមរៀនសូត្រព្រះគម្ពីរ។ មិនយូរនាងបានកសាងទំនាក់ទំនងជាមួយនឹងព្រះ ហើយកែប្រែជីវិតនាង។
១២, ១៣. សូមរៀបរាប់របៀបដែលចំណេះត្រឹមត្រូវ ដល់ពេលបានស្ថិតនៅជាប់ក្នុងចិត្តហើយ អាចមានអានុភាពជំរុញមនុស្សឲ្យប្រែ។
១២ ប៉ុន្តែ នាងត្រូវមានការតយុទ្ធរឹតតែខ្លាំងទៀត ពីព្រោះបុគ្គលិកលក្ខណៈចាស់របស់នាងបានត្រូវជ្រួតជ្រាបយ៉ាងជ្រៅ។ នៅគ្រាមួយ នាងប្រព្រឹត្តប្រឆាំងនឹងដំបូន្មានដ៏ល្អខ្លះ ឈប់រៀនសូត្រព្រះគម្ពីរទៀត ហើយត្រឡប់ទៅផ្លូវមិនស្អាតស្អំរបស់នាងវិញ។ ប៉ុន្តែ នាងមិនអាចភ្លេចសេចក្ដីពិតពីព្រះគម្ពីរទេ ដែលបានស្ថិតនៅជាប់ក្នុងចិត្តនាង ហើយនាងសារភាពថា៖ «យូរៗម្ដង ខ្ញុំក៏យល់នូវកំហុស ហើយពាក្យនៃពេត្រុសទី២ ២:២២ លេចចេញក្នុងចិត្តរបស់ខ្ញុំ៖ ‹ឆ្កែបានត្រឡប់ទៅស៊ីកំអួតវា ឯជ្រូកញីដែលគេលាងស្អាតហើយ បានទៅននៀលនៅក្នុងខ្នាចវិញ›»។
១៣ ក្រោយមក ចំណេះនេះធ្វើឲ្យនាងចង់ខំប្រឹងប្រែងម្ដងទៀត។ នាងនិយាយថា៖ «ខ្ញុំចាប់ផ្ដើមទទួលព្រះយេហូវ៉ា ហើយអធិស្ឋានឲ្យទ្រង់ជួយ»។ ពេលនេះ បុគ្គលិកលក្ខណៈថ្មីក៏បានស្ថិតនៅរឹតតែជាប់មាំឡើង ថ្វីដ្បិតនាងនៅតែខំប្រឹងប្រែងយ៉ាងខ្លាំងក៏ដោយ។ នៅគ្រាមួយ ជាគ្រាដែលមានការទន់ខ្សោយ នោះនាងធ្លាក់ខ្លួនវិញក្នុងការស្រវឹង និងអំពើឥតសីលធម៌។ ប៉ុន្តែ នៅលើកនេះប្រតិកម្មរបស់នាងបង្ហាញថា នាងពិតជាប្រែមែន។ នាងស្អប់ខ្ពើមនឹងខ្លួន ហើយនិយាយថា៖ «ខ្ញុំបានអធិស្ឋាន ហើយសិក្សាជាច្រើន»។ ដល់ទីបំផុត បន្ទូលនៃព្រះមានអានុភាពយ៉ាងខ្លាំងលើជីវិតនាង ដល់ម្ល៉េះនាងក៏បានក្លាយជាគ្រីស្ទានដ៏សកម្មម្នាក់ ទាំងមានជីវិតរស់នៅយ៉ាងស្អាតស្អំនិងល្អប្រសើរផង។ អស់រយៈពេលពីរបីឆ្នាំហើយ នាងបានក្លាយជាមនុស្សថ្មីម្នាក់ ខុសគ្នាទាំងស្រុងពីរូបដើមរបស់នាង ដែលធ្លាប់បានរស់នៅទាំងរងទុក្ខទោស ញៀនគ្រឿងឱសថ និងគ្មានសណ្ដាប់ធ្នាប់។
មនុស្សដែលបានត្រូវប្រែដោយបន្ទូលនៃព្រះ
១៤, ១៥. (ក) តើកម្លាំងអ្វីពីព្រះ ដែលមានប្រតិបត្ដិការតាមរយៈព្រះគម្ពីរ? (ខ) តើអ្វីជាលក្ខណៈខ្លះនៃគ្រីស្ទានពិតសព្វថ្ងៃនេះ?
១៤ អំណាចដែលព្រះគម្ពីរមានលើជីវិតនៃមនុស្សរាបទាប បង្ហាញថាព្រះគម្ពីរគឺពូកែលើសពីស្នាដៃនៃមនុស្សធម្មតា។ ជាបន្ទូលដែលបណ្ដាលមកពីព្រះ ព្រះគម្ពីរជាផ្លូវសម្រាប់ប្រតិបត្ដិការនៃវិញ្ញាណនៃព្រះ។ វិញ្ញាណដដែលនេះ ដែលធ្វើឲ្យអព្ភូតហេតុរបស់ព្រះយេស៊ូប្រព្រឹត្តកើតឡើងបាន ក៏ជួយយើងសព្វថ្ងៃនេះដែរ ឲ្យឈ្នះនឹងគុណសម្បត្ដិអាក្រក់ ហើយឲ្យកើតមានបុគ្គលិកលក្ខណៈគ្រីស្ទាន។ ជាប្រាកដ គុណសម្បត្ដិដ៏សំខាន់ដែលគ្រីស្ទានត្រូវតែមាន គឺ—សេចក្ដីស្រឡាញ់ អំណរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត—គឺត្រូវហៅក្នុងព្រះគម្ពីរថាជា«ផលផ្លែនៃព្រះវិញ្ញាណ»។—កាឡាទី ៥:២២, ២៣
១៥ សព្វថ្ងៃនេះ វិញ្ញាណនេះមិនមែនផ្ដល់លទ្ធផលល្អដល់មនុស្សតែពីរបីនាក់ប៉ុណ្ណោះទេ តែដល់មនុស្សជាច្រើនលាននាក់ ដែលបាន«ធ្វើជាសិស្សរបស់ព្រះយេហូវ៉ា» ហើយមាន‹សន្ដិសុខជាបរិបូរ›ពីទ្រង់។ (អេសាយ ៥៤:១៣) តើពួកគេជានរណា? ព្រះយេស៊ូបានប្រាប់របៀបមួយសម្រាប់សម្គាល់ពួកគេ ដោយមានបន្ទូលថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) សេចក្ដីស្រឡាញ់ខាងគ្រីស្ទានគឺជាផលផ្លែនៃព្រះវិញ្ញាណ ហើយជាចំណែកសំខាន់មួយនៃបុគ្គលិកលក្ខណៈថ្មីនៃគ្រីស្ទាន។ តើមានក្រុមមនុស្សណា ដែលមានសេចក្ដីស្រឡាញ់ដូចព្រះយេស៊ូបានបង្គាប់ទេ?
១៦, ១៧. សូមស្រង់យោបល់សារពត៌មានខ្លះ ដែលជួយសម្គាល់ពួកអ្នកដែល«ធ្វើជាសិស្សរបស់ព្រះយេហូវ៉ា»ហើយដែលមាន‹សន្ដិសុខជាបរិបូរ›។
១៦ សូមស្ដាប់សេចក្ដីស្រងពីសំបុត្រ១ច្បាប់ សរសេរទៅឲ្យ ញូវ ហាវិន រ៉ីជីស្ទើ ជាសារពត៌មានអាមេរិកខាងជើងថា៖ «ទោះជាអ្នកមានចិត្តមួម៉ៅ ឬក្ដៅក្រហាយ[ខឹង]ដូចខ្ញុំ ដោយសារការដែលគេបញ្ចុះបញ្ចូលឲ្យតាមជំនឿគេ អ្នកត្រូវតែសរសើរដល់ការដែលគេថ្វាយខ្លួនបំរើព្រះ ការស្អាតស្អំរបស់គេ គំរូដ៏អស្ចារ្យរបស់គេ អំពីចរិយាមនុស្ស និងអំពីការរស់នៅដ៏ស្អាតស្អំ»។ សារពត៌មានអាល្លឺម៉ង់ ម៉ុន្នើ មឺឃើ ក៏ចែងអំពីក្រុមមនុស្សដដែលនេះដែរថា៖ «ពួកគេជាអ្នកបង់ពន្ធយ៉ាងស្មោះត្រង់ ហើយទាន់ពេលបំផុត នៅសាធារណៈសហព័ន្ធ[អាល្លឺម៉ង់]។ ការដែលពួកគេគោរពតាមច្បាប់ គឺឃើញក្នុងរបៀបដែលគេបើកបររថយន្ត ព្រមទាំងក្នុងស្ថិតិខាងបទឧក្រិដ្ឋ»។
១៧ តើសារពត៌មានទាំងពីរនេះនិយាយអំពីនរណា? គឺអំពីមនុស្សមួយក្រុមដែលសារពត៌មាន ហ៊ឺរ៉ុល នៃក្រុងប៊ូណឺស អែរ្ស ប្រទេសអារ្សងទីនបានរាយការណ៍។ សារពត៌មាននេះប្រាប់ថា៖ «ស្មរបន្ទាល់ព្រះយេហូវ៉ាបានបង្ហាញឲ្យឃើញគ្រប់ទាំងឆ្នាំ ថាពួកគេជាពលរដ្ឋដ៏ឧស្សាហ៍ ស្រគត់ស្រគំ សំចៃ ហើយកោតខ្លាចព្រះ ហើយជាមនុស្សបែបនេះហើយដែលប្រទេសត្រូវការ»។ វិចារណ៍ខាងសង្គមវិជ្ជា ពីប្រទេសហ្សំប៊ី ដែលបោះពុម្ពក្នុង ជាតិពន្ធុវិទូអាមេរិកាំង ក៏និយាយសំដៅអំពីក្រុមមនុស្សដដែលនេះដែរថា៖ «ស្មរបន្ទាល់ព្រះយេហូវ៉ាបានជោគជ័យជាងសាសនាឯទៀត ក្នុងការរក្សាអាពាហ៍ពិពាហ៍ឲ្យបានមាំមួន»។
១៨, ១៩. តើគេរៀបរាប់ស្មរបន្ទាល់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច នៅប្រទេសអ៊ីតាលី និងអាហ្វ្រិកខាងត្បូង?
១៨ សារពត៌មាន ឡា ស្ត័មប៉ា នៅប្រទេសអ៊ីតាលី ក៏និយាយអំពីស្មរបន្ទាល់ព្រះយេហូវ៉ាដែរថា៖ «ពួកគេជាពលរដ្ឋដ៏ស្មោះដែលមនុស្សចង់បាន៖ ពួកគេមិនគេចពីការបង់ពន្ធ ឬរកជៀសវាងច្បាប់មិនស្រណុកស្រួល ដើម្បីឲ្យបានគុណប្រយោជន៍ដល់ខ្លួនគេឡើយ។ ឧត្តមគតិខាងសីលធម៌នៃសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាង នៃការមិនព្រមទទួលអំណាច និងនៃការឥតឃោរឃៅ នៃសេចក្ដីស្មោះត្រង់ផ្ទាល់ខ្លួន (ដែលចំពោះពួកគ្រីស្ទានភាគច្រើន គឺជា‹វិន័យថ្ងៃអាទិត្យ› សម្រាប់តែប្រកាសពីវេទិកាប៉ុណ្ណោះ) គឺមានអនុវត្តក្នុងការរស់នៅរបស់គេ‹ជារៀងរាល់ថ្ងៃ›»។
១៩ សាស្ដ្រាចារ្យម្នាក់នៃសកលវិទ្យាល័យអាហ្វ្រិកខាងត្បូង ដែលបានពិសោធនឹងការប្រកាន់សាសន៍ ក្រោមច្បាប់ខាងសាសន៍ក្នុងប្រទេសនោះ មានប្រសាសន៍ថាស្មរបន្ទាល់ព្រះយេហូវ៉ាជា«មនុស្សដែលត្រូវអប់រំដោយខ្នាតគំរូដ៏ខ្ពង់ខ្ពស់នៃព្រះគម្ពីរ ជាមនុស្សដ៏ពិតជា‹មិនប្រកាន់សម្បុរស្បែកមែន›»។ លោកពន្យល់ថែមទៀតថា៖ «នេះជាមនុស្សដែលមើលឃើញអ្នកដទៃនៅខាងក្នុងចិត្ត មិនមែនគ្រាន់តែសម្បុរស្បែករបស់គេប៉ុណ្ណោះទេ។ ស្មរបន្ទាល់ព្រះយេហូវ៉ាសព្វថ្ងៃនេះ បង្កើតបានភាតរភាពដ៏ពិតតែមួយនៃមនុស្សលោក»។
២០. ហេតុអ្វីបានស្មរបន្ទាល់ព្រះយេហូវ៉ាល្អប្លែកពីមនុស្សឯទៀត?
២០ យោបល់ទាំងនេះបង្ហាញថា មានមនុស្សមួយក្រុម ដែលចំហចិត្តរបស់គេដល់ព្រះគម្ពីរ ហើយព្រះវិញ្ញាណនៃព្រះក៏សកម្មលើគេដែរ។ គួរឲ្យសម្គាល់ថា ពួកគេនេះជាមនុស្សដែលយើងបានសម្គាល់ពីមុន ដែលស្ដាប់តាមបង្គាប់របស់ព្រះយេស៊ូ ឲ្យផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រពាសពេញពិភពលោក។ (ម៉ាថាយ ២៤:១៤) ហេតុអ្វីក៏ពួកស្មរបន្ទាល់ព្រះយេហូវ៉ាល្អប្លែកពីមនុស្សឯទៀត ក្នុងរបៀបនេះ? ពួកគេគឺមិនខុសពីមនុស្សឯទៀតទេ ក្នុងប្រការជាច្រើនយ៉ាង។ ពួកគេមានការទន់ខ្សោយខាងរូបកាយ មានបញ្ហាខាងសេដ្ឋកិច្ច និងមានសេចក្ដីត្រូវការដ៏សំខាន់ ដូចមនុស្សឯទៀតដែរ។ ប៉ុន្តែជាមនុស្សមួយក្រុម ពួកគេស្រឡាញ់ព្រះ អនុវត្តតាមព្រះគម្ពីរយ៉ាងហ្មត់ចត់ ហើយអនុញ្ញាតឲ្យព្រះគម្ពីរមានអំណាចលើជីវិតរបស់គេ។
២១. តើអ្វីបានត្រូវបញ្ជាក់ ដោយការដែលមនុស្សដូចស្មរបន្ទាល់ព្រះយេហូវ៉ាអាចគង់វង់បាន ក្នុងពិភពលោកដ៏ពោរពេញទៅដោយសេចក្ដីស្អប់គ្នាសព្វថ្ងៃនេះ?
២១ មានស្មរបន្ទាល់ព្រះយេហូវ៉ាជាច្រើនលាននាក់ រស់នៅក្នុងជាង២០០ស្រុក។ ពួកគេមានរួមមនុស្សពីគ្រប់សាសន៍ គ្រប់ភាសា និងគ្រប់វណ្ណៈ។ តែពួកគេជាភាតរភាពអន្តរជាតិដ៏ប្រកបដោយមេត្រីភាព និងសាមគ្គីភាព។ ពួកគេជាពលរដ្ឋល្អនៃប្រទេសដែលគេរស់នៅនោះ ប៉ុន្តែសំខាន់បង្អស់ ពួកគេជារាស្ត្រនៃព្រះរាជាណាចក្ររបស់ព្រះ ហើយពួកគេទាំងអស់គ្នាសកម្មណាស់ ក្នុងការផ្សាយប្រាប់មនុស្សឯទៀត អំពីដំណឹងល្អនៃព្រះរាជាណាចក្រនោះ។ គួរឲ្យអស្ចារ្យមែន ដែលមនុស្សមួយក្រុមដូចស្មរបន្ទាល់ព្រះយេហូវ៉ាអាចគង់វង់បាន ក្នុងពិភពលោកដ៏បែកខ្ញែកគ្នា ទាំងពោរពេញទៅដោយសេចក្ដីស្អប់គ្នានេះ។ ដែលពួកគេគង់វង់បាននោះ គឺជាទីសំអាងយ៉ាងខ្លាំង ថាវិញ្ញាណនៃព្រះនៅមានសកម្មភាពលើបណ្ដាមនុស្សលោក។ ហើយនេះជាភស្តុតាងដែលបង្ហាញថា ព្រះគម្ពីរពិតជា«រស់នៅ ហើយពូកែផង»។
[ឃ្លាអក្សរធំនៅទំព័រ១៧៧]
ព្រះគម្ពីរពិតជាធ្វើឲ្យមនុស្សប្រែមែន
[ឃ្លាអក្សរធំនៅទំព័រ១៨១]
ការស្គាល់ព្រះធ្វើឲ្យគេម្នាក់ចង់ឲ្យបានដូចទ្រង់ដែរ