ជំពូកទី១៤
ព្រះគម្ពីរនិងលោកអ្នក
អ្នកធ្វើវិវេចនាសម័យថ្មីនិយាយថា ព្រះគម្ពីរមិនស្របតាមវិទ្យាសាស្ត្រហើយនិយាយប្រឆាំងខ្លួនឯង ថាព្រះគម្ពីរគ្រាន់តែជារឿងតាមប្រពៃណីដែលបញ្ចូលគ្នាប៉ុណ្ណោះ។ តែផ្ទុយទៅវិញ ព្រះយេស៊ូមានបន្ទូលថា៖ «ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់[ព្រះ]»។ (យ៉ូហាន ១៧:១៧) ទីសំអាងជួយគាំទ្រព្រះយេស៊ូ ជាជាងអ្នកធ្វើវិវេចនា។ ការណ៍ពិតបង្ហាញថា ព្រះគម្ពីរគឺពិតតាមប្រវត្ដិសាស្ត្រ។ ម្យ៉ាងទៀត សេចក្ដីស្របគ្នាដ៏អស្ចារ្យ ទំនាយពិត ប្រាជ្ញាដ៏ជ្រាលជ្រៅ និងអំណាចរបស់ព្រះគម្ពីរដែលផ្ដល់ផលល្អក្នុងជីវិតមនុស្សនោះ សុទ្ធតែបង្ហាញថា ព្រះគម្ពីរជាបន្ទូលនៃព្រះ ដែលបានកត់ទុក។ ដូចសាវ័កប៉ុលបានសរសេរថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍»ផង។—ធីម៉ូថេទី២ ៣:១៦
១. (រួមបុព្វយោគ) (ក) តើការណ៍ពិតបញ្ជាក់អ្វីអំពីព្រះគម្ពីរ? (ខ) តើមានន័យអ្វីជាប់ទាក់ទង ក្នុងការដែលព្រះគម្ពីរជាបន្ទូលដែលបណ្ដាលមកពីព្រះ?
ដែលព្រះគម្ពីរជាបន្ទូលនៃព្រះ មិនមែនពាក្យសំដីនៃមនុស្សនោះ គឺមានន័យយ៉ាងជ្រាលជ្រៅជាប់ទាក់ទង។ នេះមានន័យថា ព្រះពិតជាបានមានបន្ទូលទាក់ទងនឹងមនុស្សលោកមែន។ ទ្រង់បានឆ្លើយសំនួរជាច្រើនរបស់យើង ហើយបានបង្ហាញនូវវិធីដោះស្រាយសម្រាប់បញ្ហាជាច្រើនរបស់យើងផង។ នេះក៏មានន័យដែរថា សេចក្ដីសង្ឃឹមសម្រាប់អនាគត ដែលរៀបរាប់ក្នុងព្រះគម្ពីរនោះ គឺពិតមែនទែន។ ព្រះរាជាណាចក្ររបស់ព្រះគឺកំពុងគ្រប់គ្រងមែន ហើយមិនយូរក្រោយមកនឹងបំបាត់អស់ទាំងអយុត្ដិធម៌ ការជិះជាន់ និងការឈឺចាប់។
២. ការដឹងថាព្រះគម្ពីរជាបន្ទូលនៃព្រះគួរជំរុញអ្នកឲ្យធ្វើអ្វី?
២ ឥឡូវ សំនួរគឺថា៖ តើអ្នកនឹងធ្វើអ្វីនឹងពត៌មាននេះ? ជាយ៉ាងតិចណាស់ ការដឹងថាព្រះគម្ពីរជាបន្ទូលនៃព្រះក៏គួរតែជំរុញចិត្តអ្នកឲ្យពិនិត្យមើលព្រះគម្ពីរ។ អ្នកសរសេរទំនុកដំកើងសន្យាថានឹងមានសេចក្ដីសប្បាយចិត្ត ដល់ពួកអ្នកដែលពិនិត្យមើលព្រះគម្ពីរ៖ «មានពរហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ . . . អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ»។—ទំនុកដំកើង ១:១, ២
សូមទទួលជំនួយ
៣, ៤. (ក) ដូចព្រះគម្ពីរបង្ហាញប្រាប់ តើយើងគួរធ្វើយ៉ាងណាពេលយើងមិនយល់សេចក្ដីដែលយើងអានក្នុងព្រះគម្ពីរ? (ខ) តើអ្នកណាដែលតែងស្ម័គ្រចិត្តជួយមនុស្សឯទៀតឲ្យយល់ព្រះគម្ពីរបានច្បាស់លាស់ឡើង?
៣ ក្នុងការអានព្រះគម្ពីរ អ្នកប្រហែលនឹងឃើញសេចក្ដីដែលអ្នកមិនយល់។ (ពេត្រុសទី២ ៣:១៦) ព្រឹត្ដិការណ៍មួយដែលកត់ទុកក្នុងសៀវភៅកិច្ចការនៃព្រះគម្ពីរ បង្ហាញថានេះគឺគួរតែអញ្ចឹងមែន។ មិនយូរក្រោយពេលព្រះយេស៊ូបានសោយទិវង្គត នោះសាសន៍អេធីយ៉ូពីម្នាក់កំពុងអានអំពីទំនាយសៀវភៅអេសាយក្នុងព្រះគម្ពីរ។ ភីលីព ជាគ្រីស្ទានដែលផ្សាយដំណឹងល្អ ជួបប្រទះនឹងលោកនោះ ហើយក៏សួរថា៖ «លោកមើលយល់ឬទេ»? សាសន៍អេធីយ៉ូពីនោះមើលមិនយល់ទេ ដូច្នេះលោកអញ្ជើញភីលីពមកជួយលោកឲ្យបានយល់។—កិច្ចការ ៨:៣០, ៣១
៤ ស្ត្រីម្នាក់នៅសហរដ្ឋក៏មានស្ថានភាពស្រដៀងគ្នាដែរ។ នាងជាអ្នកអានព្រះគម្ពីរជារឿយៗ ប៉ុន្តែមានសិក្ខាបទដ៏សំខាន់ជាច្រើននៃព្រះគម្ពីរ ដែលនាងមិនទាន់បានយល់ ពីការអានដោយខ្លួនឯងឡើយ។ ទាល់តែនាងបានពិគ្រោះជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ា ទើបនាងយល់សេចក្ដីពិតដ៏សំខាន់នៃព្រះគម្ពីរ ព្រមទាំងសារៈសំខាន់នៃព្រះរាជាណាចក្ររបស់ព្រះ និងពរជាច្រើនដែលព្រះរាជាណាចក្រនឹងប្រទានដល់មនុស្សជាតិ។ បើអ្នកអញ្ជើញស្មរបន្ទាល់ព្រះយេហូវ៉ាឲ្យជួយ នោះពួកគេនឹងមានចិត្តរីករាយជួយអ្នកដែរ ដើម្បីឲ្យបានយល់ច្បាស់លាស់ឡើងនូវសេចក្ដីដែលអ្នកអានក្នុងព្រះគម្ពីរ។
សូមអនុវត្តតាមដំបូន្មាននៃព្រះគម្ពីរ
៥. ស្របតាមព្រះគម្ពីរ តើផ្លូវណានឹងនាំឲ្យមានការសប្បាយចិត្ត?
៥ យើងមិនគ្រាន់តែបានត្រូវជំរុញចិត្តឲ្យអានព្រះគម្ពីរតែប៉ុណ្ណោះទេ ប៉ុន្តែឲ្យប្រព្រឹត្តតាមសេចក្ដីដែលយើងអានដែរ។ (ទំនុកដំកើង ១១៩:២) ថែមទៅទៀត ព្រះគម្ពីរជំរុញចិត្តយើងដោយប្រាប់ថា៖ «ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ មានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងទ្រង់»។ (ទំនុកដំកើង ៣៤:៨) តាមពិត ព្រះគម្ពីរប្រាប់យើងឲ្យសាកព្រះលមើលចុះ។ សូមខំប្រឹងរស់នៅតាមគោលការណ៍នៃព្រះមើល ដោយបង្ហាញថា អ្នកទុកចិត្តនឹងព្រះថាទ្រង់នឹងដឹងអ្វីជាល្អបំផុតសម្រាប់អ្នក។ ដល់ពេលនោះឯង ទើបអ្នកនឹងឃើញថានេះពិតជាផ្លូវត្រឹមត្រូវ។ ពួកអ្នកដែលទុកចិត្តនឹងព្រះយ៉ាងនេះ គឺនឹងសប្បាយចិត្តពិតមែន។
៦. តើមនុស្សអាចរស់នៅតាមគោលការណ៍ព្រះគម្ពីរបានទេសព្វថ្ងៃនេះ? សូមពន្យល់។
៦ អ្នកខ្លះអះអាងថា គ្មាននរណាអាចរស់នៅ តាមគោលការណ៍ព្រះគម្ពីរបានទេ នៅក្នុងលោកីយ៍ដ៏ឥតស្មោះត្រង់ ឥតសីលធម៌ និងឃោរឃៅនេះ។ ប៉ុន្តែ ការពិតគឺមានមនុស្សជាច្រើនរស់នៅយ៉ាងដូច្នេះបាន។ តើគឺជានរណា? យុវជនម្នាក់នៅអាហ្វ្រិកបានឃើញមនុស្សដូចនេះមួយក្រុម។ គាត់សរសេរថា៖ «ខ្ញុំបានឃើញក្នុងរយៈពេលពីរបីឆ្នាំមុន នៅស្រុកហ្ស៊ីមបាវេនេះ គឺពួកអ្នកឯងនេះហើយ ជាស្មរបន្ទាល់ព្រះយេហូវ៉ា ដែលពិតជាខិតខំធ្វើតាមគំរូផ្ទាល់នៃព្រះយេស៊ូ . . . មកដល់ពេលនេះ ពួកអ្នកគឺជាមនុស្សតែមួយក្រុម ដែលអាចធ្វើឲ្យខ្ញុំជឿនូវសេចក្ដីស្រឡាញ់នៃព្រះ និងអំណាចនៃសិក្ខាបទរបស់ទ្រង់ ដោយសាររបៀបរស់នៅរបស់អ្នក មិនមែនគ្រាន់តែដោយសារសំដីនិងសេចក្ដីសរសេរប៉ុណ្ណោះទេ។ ពួកអ្នកគឺរស់នៅតាមសិក្ខាបទ ហើយក៏ផ្សាយប្រកាសសិក្ខាបទផង រីឯមនុស្សឯទៀតជាច្រើននាក់ គេផ្សាយប្រកាសសិក្ខាបទ ប៉ុន្តែមិនរស់នៅតាមសិក្ខាបទទេ»។
សូមទទួលស្គាល់អំណាចនៃព្រះគម្ពីរ
៧. តើការអនុវត្តអ្វីដ៏ជាធម្មតាសព្វថ្ងៃនេះ ដែលខុសផ្ទុយពីសេចក្ដីដែលព្រះគម្ពីរបានប្រាប់?
៧ សាវ័កប៉ុលមានប្រសាសន៍ថា ព្រះគម្ពីរគឺ«មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់»។ (ធីម៉ូថេទី២ ៣:១៦) ប៉ុន្តែ ជួនកាលសេចក្ដីដែលព្រះគម្ពីរប្រាប់ គឺគេមិននិយមទេ។ ជាឧទាហរណ៍ ព្រះគម្ពីរប្រឆាំងយ៉ាងខ្លាំងនឹងអំពើប្រតិព័ទ្ធមនុស្សភេទដូចគ្នា ប៉ុន្តែមនុស្សជាច្រើនយល់ថា អំពើនេះជារបៀបរស់នៅមួយដែលគួរគាប់បាន។ (រ៉ូម ១:២៤-២៧; កូរិនថូសទី១ ៦:៩-១១; ធីម៉ូថេទី១ ១:៩-១១) ព្រះគម្ពីរក៏ប្រាប់ដែរថា ជីវិតនៃទារកក្នុងផ្ទៃគឺសំខាន់ ហើយមិនគួរឲ្យបំផ្លាញចោលដោយបំណងនោះទេ ប៉ុន្តែមានការពន្លូតកូនប្រហែលជាង៥០លាន ទូទាំងពិភពលោករាល់ឆ្នាំ។ (និក្ខមនំ ២១:២២, ២៣; ទំនុកដំកើង ៣៦:៩; ១៣៩:១៤-១៦; យេរេមា ១:៥) ចុះយ៉ាងដូចម្ដេចទៅ បើយើងឃើញថាពិបាកនឹងទទួលស្គាល់សេចក្ដី ដែលព្រះគម្ពីរប្រាប់ក្នុងរឿងដូចនេះ?
៨, ៩. ពេលយើងឃើញជាដំបូងថាពិបាកទទួលចំណុចខ្លះក្នុងព្រះគម្ពីរ តើយើងគួរតែនឹកចាំអំពីអ្វី ហើយខ្នាតគំរូអ្នកណាដែលយើងតែងតែគួរទទួលនោះ?
៨ ពួកគ្រីស្ទានបានឃើញថា ធ្វើតាមបន្ទូលនៃព្រះគឺតែងតែជាការឆ្លៀវឆ្លាត។ ហេតុអ្វី? ពីព្រោះក្នុងពេលយូរទៅមុខ ធ្វើតាមសេចក្ដីដែលព្រះគម្ពីរប្រាប់ តែងតែបានផលល្អបំផុតសម្រាប់គ្រប់ៗគ្នា។ (សុភាសិត ២:១-១១) ការពិតគឺថា មនុស្សមានកំរិតណាស់ បើនិយាយខាងប្រាជ្ញា។ ពួកគេមិនសូវអាចគិតឃើញជាមុនទេ នូវលទ្ធផលចុងក្រោយនៃអំពើរបស់គេ។ ព្យាការីយេរេមាបានសារភាពថា៖ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះមិនស្រេចនៅមនុស្សដែលដើរដែរ»។—យេរេមា ១០:២៣
៩ យើងគ្រាន់តែក្រឡេកមើលជុំវិញខ្លួនតែប៉ុណ្ណោះ នោះនឹងឃើញហើយថាការគិតស្មាននេះគឺត្រូវមែន។ បញ្ហាភាគច្រើនដែលធ្វើឲ្យមនុស្សជាតិមានទុក្ខវេទនា គឺជាលទ្ធផលនៃការដែលមនុស្សមិនធ្វើតាមដំបូន្មាននៃព្រះបន្ទូល។ ប្រវត្ដិសាស្ត្រដ៏យូរហើយប្រកបដោយបញ្ហាជាច្រើនរបស់មនុស្សជាតិបានបង្ហាញថា មនុស្សមិនអាចគិតគូរឲ្យបានសម្រេចសម្រាប់ខ្លួនគេទេ ក្នុងរឿងសីលធម៌។ ព្រះមានប្រាជ្ញាច្រើនជាងយើងឆ្ងាយណាស់ គឺមានច្រើនឥតព្រំដែនឡើយ។ ហេតុអ្វីក៏មិនទទួលស្គាល់សេចក្ដីដែលទ្រង់មានបន្ទូលប្រាប់ ជាជាងពឹងផ្អែកលើប្រាជ្ញានៃខ្លួនយើង?—សុភាសិត ២៨:២៦; យេរេមា ១៧:៩
ឥតមាននរណាគ្រប់ល័ក្ខណ៍ទេ
១០, ១១. (ក) តើការណ៍ពិតអ្វីអំពីរបៀបដែលយើងបានត្រូវបង្កើត និងអំពីពិភពលោកដែលយើងរស់នៅ ដែលបណ្ដាលឲ្យមានបញ្ហាកើតឡើង ពេលយើងចង់រស់នៅតាមខ្នាតគំរូនៃព្រះគម្ពីរ? (ខ) តើការចូលរួមប្រជុំអ្វីដែលព្រះគម្ពីរជំរុញយើងឲ្យស្វែងរក ហើយយើងអាចរកការចូលរួមប្រជុំនេះនៅឯណា?
១០ ព្រះគម្ពីរព្រមានយើងអំពីវិស័យមួយទៀតដែលយើងត្រូវការជំនួយ។ យើងទាំងអស់បានទទួលជាមរតក នូវចិត្តដែលលំអៀងទៅរកតែប្រព្រឹត្តអំពើបាប។ «គំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក»។ (លោកុប្បត្តិ ៨:២១; រ៉ូម ៧:២១) បញ្ហានេះគឺរឹតតែពិបាកស្មុគស្មាញឡើង ដោយព្រោះយើងរស់នៅក្នុងលោកីយដែលមិនធ្វើតាមគោលការណ៍ព្រះគម្ពីរ។ ម្ល៉ោះហើយយើងត្រូវការជំនួយ មិនមែនសម្រាប់តែជួយយើងឲ្យយល់ព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែជួយយើងឲ្យអនុវត្តតាមអ្វីៗដែលរៀនដែរ។ ហេតុនោះហើយដែលព្រះគម្ពីរជំរុញចិត្តយើង ឲ្យរួបរួមជាមួយនឹងពួកអ្នកដែលប្រាថ្នាចង់រស់នៅតាមខ្នាតគំរូនៃព្រះ។ អ្នកសរសេរទំនុកដំកើងបានសរសេរថា៖ «ទូលបង្គំស្អប់ចំពោះជំនុំនៃពួកមនុស្សដែលប្រព្រឹត្តអាក្រក់ ក៏មិនព្រមអង្គុយជាមួយនឹងពួកមានចិត្តអាក្រក់ឡើយ . . . ទូលបង្គំនឹងលើកសរសើរដល់ព្រះយេហូវ៉ា នៅក្នុងពួកជំនុំទាំងប៉ុន្មាន»។ ហើយទំនុកដំកើងមួយទៀតចែងថា៖ «មើល ដែលបងប្អូននៅមូលជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ»!—ទំនុកដំកើង ២៦:៥, ១២; ១៣៣:១
១១ ចំពោះពួកស្មរបន្ទាល់ព្រះយេហូវ៉ា ការចូលរួបរួមជាមួយគឺជាចំណែកដ៏សំខាន់មួយក្នុងការថ្វាយបង្គំព្រះ។ ពួកគេមានការប្រជុំបីបួនរៀងរាល់អាទិត្យ ព្រមទាំងសន្និបាតជារឿយៗ ដែលពួកគេរៀនព្រះគម្ពីរជាមួយគ្នា ហើយពិគ្រោះអំពីរបៀបអនុវត្តតាមគោលការណ៍ព្រះគម្ពីរក្នុងជីវិតរបស់គេ។ ពួកគេបង្កើតបានជា«បងប្អូន»ដ៏រួបរួមគ្នាទូទាំងពិភពលោក ដែលពួកគេនិមួយៗបានទទួលការជំរុញចិត្តនិងជំនួយ ឲ្យកាន់ជាប់នឹងខ្នាតគំរូព្រះគម្ពីរដ៏ខ្ពង់ខ្ពស់។ (ពេត្រុសទី១ ២:១៧) ហេតុអ្វីក៏លោកអ្នកមិនចូលរួមក្នុងការប្រជុំរបស់ពួកគេ ហើយមើលរបៀបណាដែលសហគមន៍ដូចនេះ អាចជួយលោកអ្នកបាន?—ហេព្រើរ ១០:២៤, ២៥
សូមរស់នៅតាមបន្ទូលនៃព្រះ
១២. ដោយដឹងថាព្រះគម្ពីរជាបន្ទូលនៃព្រះ នោះយើងនឹងបានពរអ្វី?
១២ ដូច្នេះ ដោយដឹងថាព្រះគម្ពីរជាបន្ទូលនៃព្រះ នោះយើងនឹងបានទទួលពរ និងភារកិច្ចផង។ យើងគឺបានពរពីព្រោះយើងបានទទួលការណែនាំ ដែលមិនអាចរកបានពីកន្លែងណាទៀត សម្រាប់មារយាទប្រចាំថ្ងៃរបស់យើង។ ថែមទៅទៀត យើងជ្រាបនូវសេចក្ដីស្រឡាញ់របស់ព្រះ ដែលទ្រង់បានប្រទានព្រះរាជបុត្រាផ្ទាល់នៃទ្រង់ មកលោះយើងដើម្បីយើងអាចមានសេចក្ដីសង្ឃឹមក្នុងជីវិតដ៏អស់កល្បជានិច្ច។ (យ៉ូហាន ៣:១៦) យើងដឹងថាព្រះយេស៊ូឥឡូវកំពុងគ្រប់គ្រងជាស្តេច ហើយមិនយូរទេ ទ្រង់នឹងបំបាត់អំពើអាក្រក់ចោលចេញពីផែនដី។ ហើយយើងនៅរង់ចាំយ៉ាងទុកចិត្ត នូវ«ផ្ទៃមេឃថ្មី នឹងផែនដីថ្មី»ដ៏សុចរិត ដែលព្រះបានសន្យាផ្ទាល់នោះ។—ពេត្រុសទី២ ៣:១៣
១៣. តើយើងនឹងត្រូវមានភារកិច្ចអ្វី ពេលយើងទទួលស្គាល់ព្រះគម្ពីរជាបន្ទូលនៃព្រះ?
១៣ ប៉ុន្តែ ចូរចាំក្នុងចិត្តថាយើងមានភារកិច្ចរៀនព្រះគម្ពីរ ហើយទទួលសេចក្ដីដែលព្រះគម្ពីរប្រាប់ទុកដាក់ក្នុងចិត្តផង។ ព្រះទ្រង់មានបន្ទូលប្រាប់ដោយផ្ទាល់ថា៖ «កូនអើយ កុំឲ្យភ្លេចឱវាទអញឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្ដាំរបស់អញទាំងប៉ុន្មាន»។ (សុភាសិត ៣:១) ថ្វីបើមនុស្សភាគច្រើនយល់ថាព្រះគម្ពីរគ្រាន់តែជាពាក្យសំដីរបស់មនុស្ស យើងគួរតែមានចិត្តក្លាហានថាសូម«ឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញ»។ (រ៉ូម ៣:៤) សូមឲ្យប្រាជ្ញានៃព្រះណែនាំជីវិតលោកអ្នក។ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត . . . ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ»។ (សុភាសិត ៣:៥, ៦) ដោយមានប្រាជ្ញាគោរពតាមបន្ទូលនៃព្រះក្នុងរបៀបនេះ នឹងធ្វើឲ្យជីវិតលោកអ្នកបានល្អប្រសើរនៅពេលឥឡូវនេះ និងនៅអស់កល្បជានិច្ចផង។
[ឃ្លាអក្សរធំនៅទំព័រ១៨៧]
យើងមិនគ្រាន់តែអានព្រះគម្ពីរប៉ុណ្ណោះ ប៉ុន្តែត្រូវប្រព្រឹត្តតាមសេចក្ដីដែលយើងអានដែរ
[ឃ្លាអក្សរធំនៅទំព័រ១៨៨]
ធ្វើតាមសេចក្ដីដែលព្រះគម្ពីរប្រាប់ តែងតែបានផលល្អបំផុត