ការអប់រំពីព្រះមានតម្លៃលើសលប់
«ខ្ញុំចាត់ទុកអ្វីៗទាំងអស់ថាខាត ដោយសារតម្លៃលើសលប់នៃចំណេះអំពីគ្រិស្តយេស៊ូ»។—ភី. ៣:៨
១, ២. តើពួកគ្រិស្តសាសនិកខ្លះបានសម្រេចចិត្តធ្វើអ្វី? ហើយហេតុអ្វី?
តាំងពីក្មេងមក រ៉ូបើតជាសិស្សពូកែម្នាក់។ ពេលរ៉ូបើតមានអាយុតែ៨ឆ្នាំ អ្នកគ្រូម្នាក់បានទៅផ្ទះគាត់ ហើយប្រាប់រ៉ូបើតថាគាត់អាចទទួលជោគជ័យក្នុងគ្រប់មុខវិជ្ជាបាន។ អ្នកគ្រូនោះសង្ឃឹមថា រ៉ូបើតនឹងសម្រេចចិត្តធ្វើជាគ្រូពេទ្យ។ ដោយសារនៅវិទ្យាល័យ រ៉ូបើតជាសិស្សពូកែ នោះគាត់អាចជ្រើសរើសទៅរៀននៅមហាវិទ្យាល័យល្បីៗណាក៏បានក្នុងប្រទេសគាត់។ មនុស្សជាច្រើនគិតថានេះជាឱកាសដ៏កម្ររកបានក្នុងជីវិត តែរ៉ូបើតបានសម្រេចចិត្តលះបង់ឱកាសនោះដើម្បីបម្រើជាអ្នកត្រួសត្រាយពេញពេល។
២ ពួកគ្រិស្តសាសនិកជាច្រើននាក់ ទាំងចាស់ទាំងក្មេងក៏ដូចរ៉ូបើតដែរ គឺពួកគេមានឱកាសធ្វើអ្វីធំដុំ។ បងប្អូនរួមជំនឿខ្លះបានសម្រេចចិត្តមិនប្រើប្រាស់យ៉ាងពេញលេញនូវឱកាសដែលគេមានក្នុងពិភពលោកនេះទេ តែពួកគេខំសម្រេចគោលដៅដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះវិញ។ (១កូ. ៧:២៩-៣១) តើអ្វីជំរុញទឹកចិត្តពួកគ្រិស្តសាសនិកដូចរ៉ូបើតឲ្យស្ម័គ្រចិត្តផ្សព្វផ្សាយយ៉ាងមមាញឹក? មូលហេតុចម្បងគឺពីព្រោះពួកគេស្រឡាញ់ព្រះយេហូវ៉ា លើសពីនេះពួកគេក៏យល់ថា ការអប់រំពីលោកមានតម្លៃលើសលប់។ នៅពេលថ្មីៗនេះ តើអ្នកបានគិតអំពីជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា បើអ្នកមិនបានរៀនសេចក្ដីពិតទេ? ការជញ្ជឹងគិតអំពីពរដ៏អស្ចារ្យខ្លះៗដែលយើងទទួលដោយសារព្រះយេហូវ៉ាអប់រំយើង នោះនឹងជួយយើងឲ្យចាំមិនភ្លេចតម្លៃនៃដំណឹងល្អ ហើយខ្នះខ្នែងផ្សព្វផ្សាយដំណឹងល្អនោះដល់អ្នកឯទៀត។
យើងមានឯកសិទ្ធិរៀនពីព្រះ
៣. ហេតុអ្វីយើងអាចដឹងពិតប្រាកដថា ព្រះយេហូវ៉ាស្ម័គ្រចិត្តបង្រៀនមនុស្សមិនល្អឥតខ្ចោះ?
៣ ដោយសារព្រះយេហូវ៉ាមានគុណធម៌ លោកស្ម័គ្រចិត្តបង្រៀនមនុស្សមិនល្អឥតខ្ចោះ។ ដោយទាយអំពីពួកគ្រិស្តសាសនិកដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ សៀវភៅអេសាយ ៥៤:១៣បានរៀបរាប់ថា៖ «កូនចៅទាំងប៉ុន្មានរបស់ឯង នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្ដិសុខជាបរិបូរ»។ ពាក្យទាំងនោះក៏ទាក់ទងនឹង«ចៀមឯទៀត»របស់គ្រិស្តផងដែរ។ (យ៉ូន. ១០:១៦) នេះបានត្រូវបញ្ជាក់យ៉ាងច្បាស់ក្នុងទំនាយមួយដែលកំពុងសម្រេចនៅសម័យយើង។ ព្រះបានបើកបង្ហាញឲ្យអេសាយឃើញក្នុងគំនិតថា មនុស្សពីគ្រប់ប្រជាជាតិចូលរួមក្នុងការគោរពប្រណិប័តន៍ពិត។ អេសាយបានរៀបរាប់អំពីមនុស្សទាំងនោះនិយាយគ្នាថា៖ «ចូរយើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុបចុះ! ទ្រង់នឹងបង្រៀនយើងពីផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមផ្លូវទាំងនោះ»។ (អេ. ២:១-៣) ការរៀនពីព្រះពិតជាឯកសិទ្ធិមែន!
៤. តើព្រះយេហូវ៉ាតម្រូវអ្វីពីពួកអ្នកដែលលោកបង្រៀន?
៤ តើយើងត្រូវធ្វើអ្វីដើម្បីទទួលការអប់រំពីព្រះ? តម្រូវការសំខាន់មួយគឺឲ្យយើងមានចិត្តរាបទាប ហើយសុខចិត្តឲ្យព្រះបង្រៀនយើង។ ដាវីឌដែលជាអ្នកតែងបទទំនុកតម្កើងបានសរសេរថា៖ «ព្រះយេហូវ៉ាទ្រង់ល្អ ហើយទៀងត្រង់ . . . ទ្រង់ . . . នឹងបង្រៀនមនុស្សរាបទាបឲ្យស្គាល់ផ្លូវទ្រង់»។ (ទំនុក. ២៥:៨, ៩) លោកយេស៊ូបានមានប្រសាសន៍ថា៖ «ឱបិតាជាម្ចាស់ស្ថានសួគ៌និងផែនដី ខ្ញុំសូមសរសើរលោកនៅមុខមនុស្ស ពីព្រោះលោកបានលាក់អ្វីៗទាំងនេះយ៉ាងល្អពីអ្នកប្រាជ្ញនិងអ្នកចេះដឹង ហើយបានបើកសម្ដែងឲ្យកូនតូចៗយល់វិញ»។ (លូក. ១០:២១) ដោយដឹងថាព្រះ«ឲ្យគុណដ៏វិសេសលើសលប់ដល់មនុស្សដែលមានចិត្តរាបទាប» នោះធ្វើឲ្យយើងស្រឡាញ់លោក មែនទេ?—១ពេ. ៥:៥
៥. មានមូលហេតុតែមួយដែលយើងអាចមានចំណេះអំពីព្រះ តើនេះជាអ្វី?
៥ ក្នុងនាមជាអ្នកបម្រើព្រះ តើយើងបានស្គាល់សេចក្ដីពិតដោយសារសមត្ថភាពឬប្រាជ្ញារបស់យើងទេ? មិនមែនទេ។ តាមការពិត យើងមិនអាចមានចំណេះអំពីព្រះដោយសំអាងទៅលើប្រាជ្ញារបស់ខ្លួនឯងទេ។ លោកយេស៊ូមានប្រសាសន៍ថា៖ «គ្មានមនុស្សណាម្នាក់អាចមកឯខ្ញុំបានឡើយ លុះត្រាតែអ្នកនោះបានត្រូវទាញនាំមកដោយបិតានៅស្ថានសួគ៌»។ (យ៉ូន. ៦:៤៤) តាមរយៈកិច្ចផ្សព្វផ្សាយនិងសកម្មពលបរិសុទ្ធ ព្រះយេហូវ៉ាកំពុងទាញនាំមកនូវ«ទីគាប់ចិត្តរបស់អស់ទាំងសាសន៍»ដែលមានលក្ខណៈដូចចៀម។ (ហាក. ២:៧) យើងពិតជាសប្បាយចិត្តមែន ដោយព្រោះយើងស្ថិតក្នុងចំណោមបុគ្គលដែលព្រះបានទាញនាំឲ្យទៅឯបុត្ររបស់លោក។—សូមអាន យេរេមា ៩:២៣, ២៤
ការអប់រំដែលមានឥទ្ធិពលជួយឲ្យជីវិតបានប្រសើរឡើង
៦. តើការ«ស្គាល់ព្រះយេហូវ៉ា»អាចមានឥទ្ធិពលអស្ចារ្យអ្វីទៅលើមនុស្ស?
៦ អេសាយបានប្រើការប្រៀបធៀបល្អៗ ពេលប្រកាសទំនាយអំពីការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់មនុស្ស ដែលកំពុងតែកើតឡើងសព្វថ្ងៃ។ មនុស្សដែលធ្លាប់ប្រព្រឹត្តអំពើឃោរឃៅបានក្លាយទៅជាអ្នកដែលធ្វើឲ្យមានសន្ដិភាពវិញ។ (សូមអាន អេសាយ ១១:៦-៩) អ្នកដែលពីមុនស្អប់គ្នាដោយព្រោះជាតិសាសន៍និងកុលសម្ព័ន្ធខុសគ្នា ឬមកពីមជ្ឈដ្ឋានផ្សេងៗ បានរៀនឲ្យរស់នៅជាមួយគ្នាដោយសាមគ្គីភាព។ ក្នុងន័យធៀប ពួកគេបាន«យកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល»។ (អេ. ២:៤) ហេតុអ្វីបានជាមានការផ្លាស់ប្ដូរអស្ចារ្យម្ល៉េះ? ពីព្រោះមនុស្សបាន«ស្គាល់ព្រះយេហូវ៉ា»ឬមានចំណេះអំពីព្រះយេហូវ៉ា ហើយអនុវត្តតាមចំណេះនោះក្នុងជីវិត។ ទោះជាអ្នកបម្រើរបស់ព្រះជាមនុស្សមិនល្អឥតខ្ចោះក៏ដោយ ពួកគេជាបងប្អូនរួមជំនឿដ៏ពិតដែលមកពីគ្រប់សាសន៍ទូទាំងពិភពលោក។ ដំណឹងល្អដែលទាក់ទាញមនុស្សគ្រប់ជាតិសាសន៍ និងលទ្ធផលដ៏ប្រសើរដែលមកពីដំណឹងល្អ នោះបញ្ជាក់ថាការអប់រំពីព្រះមានតម្លៃលើសលប់។—ម៉ាថ. ១១:១៩
៧, ៨. (ក) តើការអប់រំពីព្រះបានជួយរំដោះមនុស្សឲ្យរួចពីអ្វីទៅ ដែល«ចាក់ឫសជ្រៅ»នោះ? (ខ) តើអ្វីបង្ហាញថាការអប់រំពីព្រះនាំឲ្យព្រះយេហូវ៉ាទទួលសេចក្ដីសរសើរ?
៧ សាវ័កប៉ូលបានប្រៀបប្រដូចកិច្ចបម្រើផ្សាយរបស់អ្នកបម្រើព្រះ ទៅនឹងសង្គ្រាម។ គាត់បានសរសេរថា៖ «គ្រឿងសស្ដ្រាវុធដែលយើងប្រើក្នុងសឹកសង្គ្រាមមិនមែនមកពីពិភពលោកនេះទេ តែមានឫទ្ធានុភាពពីព្រះ ដើម្បីរំលើងអ្វីៗដែលចាក់ឫសជ្រៅ។ ព្រោះយើងកំពុងរំលំរំលើងការវែកញែក និងអ្វីៗទាំងអស់ដែលឆ្មើងកន្ត្រើង ហើយប្រឆាំងចំណេះអំពីព្រះ»។ (២កូ. ១០:៤, ៥) តើការអប់រំពីព្រះបានជួយរំដោះមនុស្សឲ្យរួចពីអ្វីទៅ ដែល«ចាក់ឫសជ្រៅ»នោះ? អ្វីដែល«ចាក់ឫសជ្រៅ»នោះគឺក្ដីបង្រៀនមិនពិត អបិយជំនឿ និងទស្សនវិជ្ជារបស់មនុស្សជាដើម ដែលនេះប្រៀបដូចជាអំរែកដ៏សែនធ្ងន់មួយ។ (កូឡ. ២:៨) ការអប់រំពីព្រះជួយមនុស្សឲ្យលែងប្រព្រឹត្តអំពើអាក្រក់ ហើយបណ្ដុះឲ្យមានលក្ខណៈដែលព្រះពេញចិត្ត។ (១កូ. ៦:៩-១១) ការអប់រំពីព្រះធ្វើឲ្យជីវិតគ្រួសារប្រសើរឡើង ថែមទាំងផ្ដល់ឲ្យអ្នកដែលអស់សង្ឃឹមនឹងជីវិត មានគោលបំណងពិត។ នេះហើយជាការអប់រំដែលមនុស្សត្រូវការសព្វថ្ងៃ។
៨ គុណសម្បត្ដិមួយដែលព្រះយេហូវ៉ាជួយមនុស្សឲ្យមាន គឺសេចក្ដីទៀងត្រង់ ដូចយើងអាចឃើញពេលអានអ្វីដែលស្ត្រីម្នាក់បានធ្វើខាងក្រោមនេះ។ (ហេ. ១៣:១៨) ស្ត្រីម្នាក់នៅប្រទេសឥណ្ឌាចាប់ផ្ដើមរៀនគម្ពីរ ហើយមិនយូរក្រោយមក គាត់មានលក្ខណៈគ្រប់គ្រាន់ធ្វើជាអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក។ ថ្ងៃមួយ ពេលគាត់ចប់ធ្វើការសាងសង់សាលប្រជុំ ហើយធ្វើដំណើរត្រឡប់ទៅផ្ទះវិញ គាត់បានឃើញខ្សែកមាសដែលមានតម្លៃ៨០០ដុល្លារអាម៉េរិក នៅលើដីជិតស្ថានីយឡានក្រុង។ ទោះជាគាត់ក្រក៏ដោយ គាត់បានយកខ្សែកនោះជូនប៉ូលិសដើម្បីអាចរកម្ចាស់។ ប៉ូលិសដែលជួបគាត់ភ្ញាក់ផ្អើលខ្លាំងណាស់! ក្រោយមក ប៉ូលិសម្នាក់ទៀតបានសួរគាត់ថា៖ «ហេតុអ្វីបានជាអ្នកមិនទុកខ្សែកនោះសម្រាប់ខ្លួនឯង?»។ គាត់បានពន្យល់ថា៖ «ការរៀនគម្ពីរបានធ្វើឲ្យខ្ញុំកែប្រែ ដូច្នេះឥឡូវខ្ញុំជាមនុស្សទៀងត្រង់»។ ប៉ូលិសនោះបានកោតស្ងើច ហើយបាននិយាយទៅអ្នកចាស់ទុំដែលទៅប៉ុស្តិ៍ប៉ូលិសជាមួយប្អូនស្រីនោះថា៖ «មានមនុស្សជាង៣៨លាននាក់នៅរដ្ឋនេះ។ បើអ្នកអាចជួយមនុស្ស១០នាក់ឲ្យកែប្រែដូចស្ត្រីនេះ នោះជាទង្វើដ៏ល្អណាស់»។ ពេលយើងគិតអំពីមនុស្សរាប់លាននាក់ដែលមានជីវិតប្រសើរជាងដោយសារពួកគេទទួលការអប់រំពីព្រះ យើងពិតជាមានហេតុជាច្រើនដើម្បីសរសើរព្រះយេហូវ៉ា មែនទេ?
៩. ហេតុអ្វីបានជាមនុស្សអាចផ្លាស់ប្ដូរជីវិតយ៉ាងសម្បើម?
៩ មនុស្សបានផ្លាស់ប្ដូរជីវិតយ៉ាងសម្បើម ដោយមានជំនួយពីបណ្ដាំរបស់ព្រះដែលមានអំណាចកែប្រែមនុស្ស ព្រមទាំងមានជំនួយដែលព្រះយេហូវ៉ាផ្ដល់តាមរយៈសកម្មពលបរិសុទ្ធរបស់លោក។ (រ៉ូម ១២:២; កាឡ. ៥:២២, ២៣) កូឡុស ៣:១០ ចែងថា៖ «បំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី ដែលកំពុងត្រូវកែប្រែឲ្យថ្មីឡើងតាមរយៈចំណេះត្រឹមត្រូវ ស្របតាមលក្ខណៈរបស់លោកដែលបានបង្កើតបុគ្គលិកលក្ខណៈថ្មីនោះ»។ ព័ត៌មានក្នុងគម្ពីរដែលជាបណ្ដាំរបស់ព្រះ មានអំណាចបង្ហាញឲ្យឃើញលក្ខណៈពិតរបស់មនុស្ស ហើយអាចធ្វើឲ្យពួកគេកែប្រែរបៀបគិតគូរ ព្រមទាំងអារម្មណ៍របស់ពួកគេដែរ។ (សូមអាន ហេប្រឺ ៤:១២) ប្រសិនបើបុគ្គលម្នាក់ទទួលចំណេះត្រឹមត្រូវអំពីបទគម្ពីរ ហើយរស់នៅសមស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះ នោះគាត់អាចក្លាយទៅជាមិត្តសម្លាញ់របស់ព្រះបាន ថែមទាំងមានក្ដីសង្ឃឹមរស់ជារៀងរហូតដែរ។
ការអប់រំជួយយើងត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងនៅអនាគត
១០. (ក) ហេតុអ្វីមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចជួយយើងត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងនៅអនាគត? (ខ) បន្ដិចទៀត តើនឹងមានព្រឹត្ដិការណ៍អស្ចារ្យអ្វីកើតឡើងទូទាំងផែនដី?
១០ ព្រះយេហូវ៉ាជាបុគ្គលតែមួយគត់ដែលអាចជួយយើងត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងនៅអនាគត ពីព្រោះលោកជ្រាបអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើង។ អនាគតរបស់មនុស្សស្រេចទៅលើលោក។ (អេ. ៤៦:៩, ១០) ទំនាយក្នុងគម្ពីរបានប្រាប់ថា«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់»។ (សេផ. ១:១៤) ស្តីអំពីថ្ងៃនោះ ពាក្យនៅសៀវភៅសុភាសិត ១១:៤នឹងក្លាយទៅជាការពិត។ បទគម្ពីរនោះចែងថា៖ «ឯទ្រព្យសម្បត្ដិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្ដីសុចរិត នឹងជួយឲ្យរួចពីស្លាប់វិញ»។ កាលណាព្រះយេហូវ៉ាកាត់ទោសមនុស្សក្នុងពិភពលោករបស់សាថាន អ្វីដែលសំខាន់បំផុតគឺឲ្យយើងធ្វើអ្វីៗដែលព្រះពេញចិត្ត ព្រោះនៅពេលនោះ លុយគ្មានតម្លៃទេ។ តាមការពិត សៀវភៅអេសេគាល ៧:១៩ចែងថា៖ «គេនឹងបោះចោលប្រាក់របស់គេទៅក្នុងផ្លូវ ហើយមាសគេនឹងទុកដូចជារបស់មិនស្អាត»។ ដោយដឹងព័ត៌មាននេះទុកជាមុន នោះអាចជួយយើងឲ្យប្រព្រឹត្តដោយប្រាជ្ញានៅឥឡូវ។
១១. តើអ្វីជាវិធីមួយដែលការអប់រំពីព្រះជួយយើងត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងនៅអនាគត?
១១ វិធីមួយដែលការអប់រំពីព្រះធ្វើឲ្យយើងត្រៀមខ្លួនសម្រាប់ថ្ងៃរបស់ព្រះយេហូវ៉ា គឺដោយជួយយើងឲ្យដឹងអ្វីដែលពិតជាសំខាន់ក្នុងជីវិត។ សាវ័កប៉ូលបានសរសេរជូនធីម៉ូថេថា៖ «ចូរបង្គាប់ពួកអ្នកដែលជាអ្នកមានក្នុងរបៀបរបបពិភពលោកនេះ កុំឲ្យក្រអឺតក្រអោង ហើយបង្គាប់ឲ្យពួកគេមានសង្ឃឹម មិនមែនលើទ្រព្យដែលមិនទៀង តែមានសង្ឃឹមលើព្រះ»។ សូម្បីតែយើងមិនមែនជាអ្នកមានក៏ដោយ ក៏យើងអាចទទួលប្រយោជន៍ពីដំបូន្មាននេះដែលមកពីព្រះ។ តើដំបូន្មាននេះរួមបញ្ចូលអ្វីខ្លះ? ជាជាងខំប្រមូលទ្រព្យសម្បត្ដិ យើងគួរព្យាយាម«ធ្វើអំពើល្អ ហើយធ្វើជាអ្នកមានខាងការល្អប្រសើរ»។ ដោយចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាសំខាន់បំផុតក្នុងជីវិត នោះយើង«រក្សាគ្រឹះដ៏ល្អមួយសម្រាប់អនាគតខ្លួន ទុកជាទ្រព្យសម្បត្ដិ»។ (១ធី. ៦:១៧-១៩) ការប្រព្រឹត្តដែលលះបង់ប្រយោជន៍បែបនេះ បង្ហាញពីការសម្រេចចិត្តត្រឹមត្រូវ ពីព្រោះដូចលោកយេស៊ូបានមានប្រសាសន៍ថា៖ «តើមានប្រយោជន៍អ្វីប្រសិនបើអ្នកណាម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិតខ្លួនវិញនោះ?»។ (ម៉ាថ. ១៦:២៦, ២៧) ដោយដឹងថាថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់ យើងម្នាក់ៗគួរពិចារណាថា ‹តើខ្ញុំកំពុងប្រមូលទ្រព្យសម្បត្ដិទុកនៅឯណា? តើខ្ញុំកំពុងធ្វើជាខ្ញុំបម្រើរបស់ព្រះឬក៏ទ្រព្យសម្បត្ដិ?›។—ម៉ាថ. ៦:១៩, ២០, ២៤
១២. ហេតុអ្វីយើងមិនគួរធ្លាក់ទឹកចិត្តបើមនុស្សខ្លះមើលងាយកិច្ចបម្រើផ្សាយរបស់យើង?
១២ បណ្ដាំរបស់ព្រះបានរៀបរាប់ថា អ្វីដែលសំខាន់បំផុតក្នុងចំណោម«ការល្អប្រសើរ»សម្រាប់ពួកគ្រិស្តសាសនិក គឺកិច្ចការសង្គ្រោះជីវិត ដែលជាការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ និងការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមរបស់លោកយេស៊ូ។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) ដូចនៅសតវត្សរ៍ទី១ មនុស្សខ្លះប្រហែលជាមើលងាយកិច្ចបម្រើផ្សាយយើង។ (សូមអាន កូរិនថូសទី១ ១:១៨-២១) ប៉ុន្តែនេះមិនបន្ថោកតម្លៃនៃដំណឹងល្អដែលយើងផ្សាយ ហើយមិនបន្ថយសារៈសំខាន់នៃការផ្ដល់ឱកាសឲ្យមនុស្សទាំងអស់មានជំនឿទៅលើដំណឹងនោះកាលដែលពេលនៅសេសសល់។ (រ៉ូម ១០:១៣, ១៤) កាលដែលយើងជួយអ្នកឯទៀតឲ្យទទួលប្រយោជន៍ពីការអប់រំពីព្រះ យើងក៏នឹងទទួលពរជាច្រើនដែរ។
យើងទទួលពរព្រោះលះបង់ប្រយោជន៍ខ្លួន
១៣. តើសាវ័កប៉ូលបានលះបង់អ្វីខ្លះដើម្បីផ្សព្វផ្សាយដំណឹងល្អ?
១៣ មុនដែលសាវ័កប៉ូលក្លាយទៅជាគ្រិស្តសាសនិក គាត់កំពុងទទួលការអប់រំឲ្យមានមុខមាត់ក្នុងរបៀបរបបសាសន៍យូដា។ ប្រហែលជាពេលគាត់អាយុតិចជាង១៣ឆ្នាំ គាត់រើពីក្រុងតើសុសជាស្រុកកំណើតរបស់គាត់ ទៅក្រុងយេរូសាឡិមដើម្បីទទួលការអប់រំពីកាម៉េលៀល ជាគ្រូបង្រៀនច្បាប់ដែលគេគោរពខ្លាំងណាស់។ (សកម្ម. ២២:៣) មិនយូរមិនឆាប់ ប៉ូលចាប់ផ្ដើមលេចមុខលេចមាត់ក្នុងចំណោមមនុស្សស្រករគាត់ ហើយបើគាត់បន្តរៀនទៀត គាត់ប្រហែលជាមានមុខមាត់ធំដុំក្នុងសាសនាយូដា។ (កាឡ. ១:១៣, ១៤) ពេលគាត់ទទួលដំណឹងល្អហើយចាប់ផ្ដើមផ្សព្វផ្សាយ គាត់ស្ម័គ្រចិត្តលះបង់អ្វីៗទាំងអស់នោះ។ តើប៉ូលស្ដាយការសម្រេចចិត្តរបស់គាត់ទេ? អត់ទេ។ តាមការពិត គាត់បានសរសេរថា៖ «ខ្ញុំចាត់ទុកអ្វីៗទាំងអស់ថាខាត ដោយសារតម្លៃលើសលប់នៃចំណេះអំពីគ្រិស្តយេស៊ូជាម្ចាស់របស់ខ្ញុំ។ ដោយសារលោក ខ្ញុំបានសុខចិត្តខាតបង់អ្វីៗទាំងអស់ ហើយក៏ចាត់ទុកជាសំរាម»។—ភី. ៣:៨
១៤, ១៥. ក្នុងនាមជា«អ្នករួមការងារជាមួយនឹងព្រះ» តើយើងពិសោធពរអ្វីខ្លះ?
១៤ សព្វថ្ងៃ ពួកគ្រិស្តសាសនិកក៏ដូចប៉ូលដែរ ពួកគេបានលះបង់ប្រយោជន៍ខ្លួនដើម្បីផ្សព្វផ្សាយដំណឹងល្អ។ (ម៉ាក. ១០:២៩, ៣០) ដោយធ្វើដូចនេះ តើយើងខាតប្រយោជន៍ទេ? រ៉ូបើតដែលបានត្រូវរៀបរាប់នៅដើមអត្ថបទនេះ មានអារម្មណ៍ស្រដៀងបងប្អូនរួមជំនឿជាច្រើន ពេលគាត់និយាយថា៖ «ខ្ញុំមិនដែលសោកស្ដាយសោះ។ ការផ្សព្វផ្សាយពេញពេលនាំឲ្យខ្ញុំមានអំណរនិងមានចិត្តស្កប់ ហើយតាមរយៈកិច្ចបម្រើផ្សាយខ្ញុំបាន‹ភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អ›។ កាលណាដែលខ្ញុំលះបង់ប្រយោជន៍ខ្លួនដើម្បីសម្រេចតាមគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ា នោះលោកតែងតែឲ្យពរដល់ខ្ញុំលើសពីអ្វីដែលខ្ញុំត្រូវការ។ គឺហាក់ដូចខ្ញុំមិនបានលះបង់អ្វីសោះ មានតែទទួលប្រយោជន៍វិញ!»។—ទំនុក. ៣៤:៨; សុភ. ១០:២២
១៥ ប្រសិនបើអ្នកបានចូលរួមក្នុងការផ្សព្វផ្សាយនិងការបង្រៀនអស់មួយរយៈហើយ នោះអ្នកក៏ពិតជាមានឱកាសភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាល្អដែរ។ តើអ្នកធ្លាប់មានអារម្មណ៍ថា សកម្មពលរបស់ព្រះជួយអ្នកពេលកំពុងផ្សព្វផ្សាយទេ? តើអ្នកធ្លាប់ឃើញអ្នកឯទៀតមានអំណរឬទេ កាលដែលព្រះយេហូវ៉ាបានបើកចិត្តរបស់ពួកគេឲ្យស្ដាប់តាមដំណឹងល្អ? (សកម្ម. ១៦:១៤) តើព្រះយេហូវ៉ាបានជួយអ្នកទេឲ្យយកឈ្នះឧបសគ្គដោយបើកផ្លូវឲ្យអ្នកបម្រើលោកច្រើនជាង? តើលោកបានគាំទ្រអ្នកក្នុងគ្រាពិបាក ហើយជួយអ្នកបន្តបម្រើលោកសូម្បីតែមានអារម្មណ៍ថាអស់កម្លាំងឬ? (ភី. ៤:១៣) ពេលយើងពិសោធដោយផ្ទាល់ជំនួយពីព្រះយេហូវ៉ាកាលដែលផ្សាយ នោះធ្វើឲ្យយើងដឹងច្បាស់ជាងមុនថា លោកជាបុគ្គលដែលមានពិតមែន ហើយធ្វើឲ្យយើងកាន់តែជិតស្និទ្ធនឹងលោក។ (អេ. ៤១:១០) យើងជា«អ្នករួមការងារជាមួយនឹងព្រះ»ក្នុងកិច្ចការដ៏អស្ចារ្យ គឺការបង្រៀនអ្នកឯទៀតអំពីការអប់រំរបស់ព្រះ។ នេះពិតជានាំឲ្យយើងមានពរ មែនទេ?—១កូ. ៣:៩
១៦. តើអ្នកមានអារម្មណ៍យ៉ាងណាស្តីអំពីការព្យាយាមនិងការលះបង់ប្រយោជន៍ខ្លួនដែលទាក់ទងនឹងការអប់រំពីព្រះ?
១៦ ក្នុងជីវិតរបស់មនុស្សជាច្រើន ពួកគេសង្ឃឹមថាអាចសម្រេចអ្វីមួយដែលនាំឲ្យអ្នកឯទៀតចងចាំមិនភ្លេច។ ជាច្រើនដងយើងបានឃើញថា សូម្បីតែមនុស្សបានសម្រេចអ្វីអស្ចារ្យក៏ដោយក្នុងពិភពលោកនេះ ក៏គេភ្លេចកិច្ចការនោះភ្លាមៗដែរ។ ក៏ប៉ុន្តែ កិច្ចការដែលរាស្ត្ររបស់ព្រះយេហូវ៉ាកំពុងធ្វើដើម្បីឲ្យនាមរបស់លោកបរិសុទ្ធ នឹងពិតជាមានក្នុងទំព័រប្រវត្ដិសាស្ត្ររបស់រាស្ត្រព្រះយេហូវ៉ាជានិច្ច។ កិច្ចការទាំងអស់នេះ រាស្ត្ររបស់ព្រះយេហូវ៉ានឹងចាំជារៀងរហូត។ (សុភ. ១០:៧; ហេ. ៦:១០) ដូច្នេះ សូមឲ្យយើងស្រឡាញ់និងឲ្យតម្លៃឯកសិទ្ធិចូលរួមក្នុងការបង្រៀនអ្នកឯទៀតអំពីព្រះយេហូវ៉ា ជាកិច្ចការដែលគេនឹងចងចាំជានិច្ច។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើព្រះយេហូវ៉ាតម្រូវអ្វីពីអ្នកដែលលោកបង្រៀន?
• តើការអប់រំពីព្រះនាំឲ្យមនុស្សមានជីវិតប្រសើរជាងយ៉ាងដូចម្ដេច?
• ដោយជួយអ្នកឯទៀតឲ្យទទួលប្រយោជន៍ពីការអប់រំរបស់ព្រះ តើយើងទទួលពរតាមវិធីណាខ្លះ?
[រូបភាពនៅទំព័រ២៥]
អស់អ្នកដែលបានរៀនពីព្រះគឺជាបងប្អូនរួមជំនឿដ៏ពិតដែលមកពីគ្រប់សាសន៍ទូទាំងពិភពលោក
[រូបភាពនៅទំព័រ២៦]
យើងពិតជាមានឯកសិទ្ធិដោយធ្វើជា«អ្នករួមការងារជាមួយនឹងព្រះ» មែនទេ?