ការបំព្រួមរបស់នៅស្ថានសួគ៌និងរបស់នៅផែនដី
«តាមគំនិតដែលទ្រង់បានគិតសំរេច . . . [ទ្រង់]នឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង»។—អេភេសូរ ១:៩, ១០
១. តើអ្វីជា‹គំនិតដែលព្រះយេហូវ៉ាបានគិតសំរេច›សម្រាប់ស្ថានសួគ៌និងផែនដី?
ព្រះយេហូវ៉ាជា«ព្រះនៃសេចក្ដីសុខសាន្ត» ហើយទ្រង់មានគោលបំណងដ៏អស្ចារ្យមួយ គឺដើម្បីធ្វើឲ្យមានសេចក្ដីសុខសាន្តទូទាំងសកលលោក។ (ហេព្រើរ ១៣:២០) ទ្រង់បានបណ្ដាលឲ្យសាវ័កប៉ុលសរសេរថា៖ «គំនិតដែលទ្រង់បានគិតសំរេច»គឺ«ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង»។ (អេភេសូរ ១:៩, ១០) តើអ្វីទៅជាអត្ថន័យនៃកិរិយាស័ព្ទដែលបកប្រែថា«បំព្រួម»ក្នុងខនោះ? បណ្ឌិតព្រះគម្ពីរមួយរូបឈ្មោះចន ឡែតហ៊្វូតបានពន្យល់ថា៖ «ពាក្យនោះបង្កប់អត្ថន័យថា សកលលោកទាំងមូលនឹងប្រកបដោយភាពចុះសម្រុងគ្នា លែងមានភាពទទឹងទទែងឬខុសឆ្គងទៀត ដ្បិតគ្រប់ទាំងអស់នឹងរួបរួមគ្នាមានសាមគ្គីភាពក្នុងព្រះគ្រីស្ទ។ បាប សេចក្ដីស្លាប់ ទុក្ខសោក បរាជ័យ និងទុក្ខវេទនានឹងលែងមានតទៅទៀត»។
«របស់នៅស្ថានសួគ៌»
២. តើអ្នកណាជា«របស់នៅស្ថានសួគ៌»ដែលត្រូវបំព្រួមឬប្រមូលនោះ?
២ សាវ័កពេត្រុសបានបញ្ជាក់ពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យក្រៃលែងរបស់គ្រីស្ទានពិត ពេលដែលគាត់សរសេរថា៖ «តាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។ (ពេត្រុសទី២ ៣:១៣) «ផ្ទៃមេឃថ្មី»ដែលត្រូវមានតាមសេចក្ដីសន្យារបស់ព្រះ សំដៅលើរដ្ឋាភិបាលថ្មី ពោលគឺព្រះរាជាណាចក្រនៃព្រះមេស្ស៊ី។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានផ្ញើទៅកាន់បណ្ដាគ្រីស្ទាននៅទីក្រុងអេភេសូរនោះ គាត់បានសរសេរថា«របស់នៅស្ថានសួគ៌»ត្រូវបំព្រួមឬប្រមូល«ក្នុងព្រះគ្រីស្ទ»។ ពួកគេជាមនុស្សជាតិតែប៉ុន្មាននាក់ដែលបានត្រូវជ្រើសរើសឲ្យគ្រប់គ្រងជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌។ (ពេត្រុសទី១ ១:៣, ៤) គ្រីស្ទានចាក់ប្រេងតាំង១៤៤.០០០នាក់នេះ ត្រូវបាន«លោះពីផែនដីចេញ»និង«លោះ . . . ចេញពីពួកមនុស្សលោក» ដើម្បីគ្រងមត៌កជាមួយព្រះគ្រីស្ទ ក្នុងព្រះរាជាណាចក្រទ្រង់នៅស្ថានសួគ៌។—វិវរណៈ ៥:៩, ១០; ១៤:៣, ៤; កូរិនថូសទី២ ១:២១; អេភេសូរ ១:១១; ៣:៦
៣. ហេតុអ្វីអាចនិយាយថាអ្នកចាក់ប្រេងតាំង‹អង្គុយនៅស្ថានដ៏ខ្ពស់›ទោះជានៅផែនដីនៅឡើយ?
៣ គ្រីស្ទានចាក់ប្រេងតាំងត្រូវកើតជាថ្មីឬតែងតាំងដោយវិញ្ញាណបរិសុទ្ធ ឲ្យទៅជាបុត្រវិញ្ញាណរបស់ព្រះយេហូវ៉ា។ (យ៉ូហាន ១:១២, ១៣; ៣:៥-៧) ដោយសារព្រះយេហូវ៉ាចាត់ទុកពួកគេជា«កូន» នោះពួកគេទៅជាបងប្អូនរបស់ព្រះយេស៊ូ។ (រ៉ូម ៨:១៥; អេភេសូរ ១:៥) ដោយមានឋានៈនេះ ព្រះគម្ពីរសរសេរថាពួកគេបានត្រូវ«ប្រោសឲ្យ . . . អង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់» ទោះជាពួកគេនៅផែនដីនៅឡើយក៏ដោយ។ (អេភេសូរ ១:៣; ២:៦) ពួកគេមានឋានៈខ្ពង់ខ្ពស់ខាងវិញ្ញាណដូច្នេះ ដោយសារពួកគេបានត្រូវ«ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា . . . ជាទីបញ្ចាំចិត្ត ពីដំណើរកេរ្ដិ៍អាករ[របស់ពួកគេ]»ដែលបម្រុងទុកឲ្យនៅស្ថានសួគ៌។ (អេភេសូរ ១:១៣, ១៤; កូល៉ុស ១:៥) ដូច្នេះ អ្នកទាំងនេះគឺជា«របស់នៅស្ថានសួគ៌» ដែលនឹងត្រូវបំព្រួមឲ្យមានគ្រប់ចំនួនតាមការកំណត់របស់ព្រះយេហូវ៉ា។
ទីចាប់ផ្ដើមនៃការបំព្រួម
៤. តើការបំព្រួម«របស់នៅស្ថានសួគ៌»បានចាប់ផ្ដើមនៅពេលណា? តើបានចាប់ផ្ដើមដោយដូចម្ដេច?
៤ សមស្របតាម«ការកាន់កាប់ត្រួតត្រា»របស់ព្រះយេហូវ៉ាឬរបៀបទ្រង់ចាត់ចែងនោះ ការបំព្រួម«របស់នៅស្ថានសួគ៌»ត្រូវចាប់ផ្ដើម«កាលដែលពេលពេញកំណត់បានមកដល់»។ (អេភេសូរ ១:១០) ពេលកំណត់នោះបានមកដល់នៅបុណ្យថ្ងៃទី៥០ឆ្នាំ ៣៣គ.ស.។ នៅថ្ងៃនោះ វិញ្ញាណបរិសុទ្ធបានត្រូវចាក់ទៅលើពួកសាវ័ក ហើយបុរសស្ត្រីមួយក្រុមដែលជាសិស្សព្រះយេស៊ូ។ (កិច្ចការ ១:១៣-១៥; ២:១-៤) ការចាក់វិញ្ញាណបរិសុទ្ធទៅលើពួកគេជាភស្តុតាងថា កិច្ចព្រមព្រៀងថ្មីបានចាប់មានសុពលភាព។ ពេលដែលកិច្ចព្រមព្រៀងថ្មីចាប់មានសុពលភាព នោះក៏ជាកំណើតក្រុមជំនុំគ្រីស្ទាននិងសាសន៍អ៊ីស្រាអែលថ្មីដែលជា«អ៊ីស្រាអែលនៃព្រះ»។—កាឡាទី ៦:១៦; ហេព្រើរ ៩:១៥; ១២:២៣, ២៤
៥. ហេតុអ្វីបានជាព្រះយេហូវ៉ាបង្កើត«សាសន៍»ថ្មីមួយដើម្បីជំនួសជនជាតិអ៊ីស្រាអែល?
៥ កិច្ចព្រមព្រៀងខាងក្រឹត្យវិន័យដែលព្រះបានធ្វើជាមួយជនជាតិអ៊ីស្រាអែល មិនបានបង្កើតឲ្យមាន«នគរ . . . ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធ»ដើម្បីបម្រើនៅស្ថានសួគ៌ជារៀងរហូតនោះទេ។ (និក្ខមនំ ១៩:៥, ៦) ព្រះយេស៊ូធ្លាប់មានបន្ទូលប្រាប់អ្នកដឹកនាំសាសនាយូដាថា៖ «នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍១ទៀត ដែលគេនឹងបង្កើតផលរបស់នគរនោះ»។ (ម៉ាថាយ ២១:៤៣) សាសន៍១ទៀតនោះគឺជាអ៊ីស្រាអែលខាងវិញ្ញាណ ដែលជាគ្រីស្ទានចាក់ប្រេងតាំង។ ពួកគេជាភាគីក្នុងកិច្ចព្រមព្រៀងថ្មី។ សាវ័កពេត្រុសបានសរសេរទៅកាន់អ្នកទាំងនោះថា៖ «អ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្ដិ៍អាករនៃព្រះដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់។ ពីដើមអ្នករាល់គ្នាមិនមែនជាសាសន៍ណាមួយទេ តែឥឡូវនេះជាសាសន៍របស់ព្រះវិញ»។ (ពេត្រុសទី១ ២:៩, ១០) ជនជាតិអ៊ីស្រាអែលលែងជារាស្ត្រដែលមានកិច្ចព្រមព្រៀងជាមួយព្រះយេហូវ៉ាហើយ។ (ហេព្រើរ ៨:៧-១៣) ដូចព្រះយេស៊ូបានទាយនោះ ឯកសិទ្ធិទៅជាសមាជិកព្រះរាជាណាចក្រនៃព្រះមេស្ស៊ី បានត្រូវដកហូតពីពួកគេហើយប្រគល់ដល់១៤៤.០០០នាក់ដែលជាសមាជិកអ៊ីស្រាអែលខាងវិញ្ញាណ។—វិវរណៈ ៧:៤-៨
ភាគីក្នុងកិច្ចព្រមព្រៀងខាងព្រះរាជាណាចក្រ
៦, ៧. តើព្រះយេស៊ូបានធ្វើកិច្ចព្រមព្រៀងពិសេសអ្វីជាមួយបងប្អូនចាក់ប្រេងតាំងរបស់ទ្រង់? តើនេះមានន័យអ្វីសម្រាប់ពួកគេ?
៦ នៅវេលាយប់ដែលព្រះយេស៊ូបានប្រារព្ធបុណ្យរំឭកការសោយទិវង្គតរបស់ទ្រង់ នោះទ្រង់មានបន្ទូលប្រាប់សាវ័កស្មោះត្រង់របស់ទ្រង់ថា៖ «អ្នករាល់គ្នា គឺជាពួកដែលបានកាន់ខ្ជាប់ជាមួយនឹងខ្ញុំ ក្នុងអស់ទាំងសេចក្ដីល្បងលខ្ញុំ ខ្ញុំក៏ដំរូវនគរ១ឲ្យអ្នករាល់គ្នា ដូចជាព្រះវរបិតានៃខ្ញុំបានដំរូវនគរឲ្យខ្ញុំដែរ ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុខ្ញុំ ក្នុងនគររបស់ខ្ញុំ ហើយឲ្យបានអង្គុយលើបល្ល័ង្ក ជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២ផង»។ (លូកា ២២:២៨-៣០) ក្នុងខនេះ ព្រះយេស៊ូមានបន្ទូលអំពីកិច្ចព្រមព្រៀងពិសេសមួយរវាងទ្រង់និងបងប្អូនចាក់ប្រេងតាំងរបស់ទ្រង់ គឺ១៤៤.០០០នាក់ដែលនៅ«ស្មោះត្រង់ដរាបដល់ស្លាប់» ហើយបង្ហាញថាពួកគេជា‹អ្នកដែលឈ្នះ›។—វិវរណៈ ២:១០; ៣:២១
៧ សមាជិកក្រុមនេះ សុខចិត្តលះបង់សេចក្ដីសង្ឃឹមរស់នៅផែនដីជារៀងរហូតជាមនុស្សជាតិ។ ពួកគេនឹងគ្រប់គ្រងជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌ ដោយអង្គុយលើបល្ល័ង្កដើម្បីជំនុំជំរះមនុស្សជាតិ។ (វិវរណៈ ២០:៤, ៦) ឥឡូវយើងនឹងពិចារណាបទគម្ពីរឯទៀតដែលសំដៅទៅលើគ្រីស្ទានចាក់ប្រេងតាំងប៉ុណ្ណោះ ហើយបញ្ជាក់នូវមូលហេតុដែល«ចៀមឯទៀត»មិនពិសាវត្ថុតំណាងនៅឯពិធីបុណ្យរំឭក។—យ៉ូហាន ១០:១៦
៨. ពេលដែលគ្រីស្ទានចាក់ប្រេងតាំងពិសានំប៉័ងនោះ តើមានអត្ថន័យអ្វី? (សូមមើលប្រអប់នៅទំព័រ១៥)
៨ អ្នកចាក់ប្រេងតាំងរងសេចក្ដីទុក្ខវេទនាដូចព្រះគ្រីស្ទ ហើយសុខចិត្តស្លាប់ដូចទ្រង់ដែរ។ ប៉ុលជាសមាជិកក្នុងចំណោមអ្នកទាំងនេះហើយគាត់ប្រាប់ថា គាត់បម្រុងនឹងលះបង់អ្វីទាំងអស់ប្រយោជន៍ឲ្យ«បានព្រះគ្រីស្ទ . . . [ដើម្បីឲ្យ]បានស្គាល់ទ្រង់ នឹងព្រះចេស្ដានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនឹងសេចក្ដីប្រកបក្នុងការរងទុក្ខរបស់ទ្រង់»។ ប៉ុលសុខចិត្ត«ត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្ដីស្លាប់»។ (ភីលីព ៣:៨, ១០) គ្រីស្ទានចាក់ប្រេងតាំងជាច្រើននាក់បានផ្ទុកនូវ«សេចក្ដីសុគត[ឬ«សេចក្ដីឈឺចាប់»]នៃព្រះអម្ចាស់យេស៊ូវ»ក្នុងរូបកាយរបស់ពួកគេ។—កូរិនថូសទី២ ៤:១០; ខ.ស.
៩. តើនំប៉័ងនៅបុណ្យរំឭកតំណាងអ្វី?
៩ នៅពេលដែលព្រះយេស៊ូប្រារព្ធពិធីអាហារល្ងាចរបស់ព្រះអម្ចាស់ ទ្រង់មានបន្ទូលថា៖ «នេះហើយជារូបកាយខ្ញុំ»។ (ម៉ាកុស ១៤:២២) ទ្រង់បានមានបន្ទូលសំដៅទៅលើព្រះកាយរបស់ទ្រង់ដែលមិនយូរទៀត នឹងត្រូវគេវាយទាល់តែហូរឈាមរហាម។ នំប៉័ងឥតដំបែជាតំណាងសមរម្យសម្រាប់ព្រះកាយទ្រង់។ តើហេតុអ្វី? ពីព្រោះក្នុងព្រះគម្ពីរដំបែអាចតំណាងបាបឬសេចក្ដីទុច្ចរិត។ (ម៉ាថាយ ១៦:៤, ១១, ១២; កូរិនថូសទី១ ៥:៦-៨) ព្រះយេស៊ូជាបុរសគ្រប់ល័ក្ខណ៍ ហើយព្រះកាយរបស់ទ្រង់គ្មានបាបឡើយ។ ទ្រង់នឹងថ្វាយព្រះកាយគ្រប់ល័ក្ខណ៍នោះ ជាយញ្ញបូជាធួនបាបរបស់យើង។ (ហេព្រើរ ៧:២៦; យ៉ូហានទី១ ២:២) នោះនឹងមានផលប្រយោជន៍សម្រាប់គ្រីស្ទានស្មោះត្រង់គ្រប់រូប មិនថាមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ឬរស់ជារៀងរហូតក្នុងសួនមនោរម្យនៅលើផែនដី។—យ៉ូហាន ៦:៥១
១០. នៅបុណ្យរំឭក តើអ្នកដែលពិសាស្រាក្រហមមាន«សេចក្ដីប្រកបនឹងលោហិតរបស់ព្រះគ្រីស្ទ»តាមរបៀបណា?
១០ ស្តីអំពីស្រាដែលគ្រីស្ទានចាក់ប្រេងតាំងពិសានៅបុណ្យរំឭក ប៉ុលបានសរសេរថា៖ «ឯពែងដ៏មានពរ ដែលយើងសូមពរឲ្យ តើមិនមែនជាសេចក្ដីប្រកបនឹងលោហិតរបស់ព្រះគ្រីស្ទទេឬអី?»។ (កូរិនថូសទី១ ១០:១៦) តើអ្នកដែលពិសាស្រាក្រហមមាន«សេចក្ដីប្រកបនឹងលោហិតរបស់ព្រះគ្រីស្ទ»យ៉ាងដូចម្ដេច? ពួកគេប្រាកដជាមិនរួមចំណែកក្នុងការផ្ដល់យញ្ញបូជាលោះ ដ្បិតរូបគេក៏ត្រូវការនូវការប្រោសលោះផងដែរ។ ក៏ប៉ុន្តែ ដោយសារពួកគេមានជំនឿថាព្រះលោហិតរបស់ព្រះគ្រីស្ទអាចលោះពួកគេបាន នោះបាបរបស់ពួកគេត្រូវអត់ឱនទោស ហើយពួកគេត្រូវរាប់ជាសុចរិតដើម្បីបានជីវិតនៅស្ថានសួគ៌។ (រ៉ូម ៥:៨, ៩; ទីតុស ៣:៤-៧) តាមរយៈព្រះលោហិតរបស់ព្រះគ្រីស្ទ នោះមនុស្ស១៤៤.០០០នាក់ដែលគ្រងមត៌កជាមួយព្រះគ្រីស្ទត្រូវ‹ញែកចេញជាបរិសុទ្ធ›ឬ ត្រូវសម្អាតពីបាបឲ្យទៅជា«ពួកបរិសុទ្ធ»។ (ហេព្រើរ ១០:២៩; ដានីយ៉ែល ៧:១៨, ២៧; អេភេសូរ ២:១៩) ព្រះលោហិតរបស់ព្រះគ្រីស្ទជាអ្វីដែលបានត្រូវប្រើ ដើម្បី«លោះ[មនុស្ស] . . . ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ ក៏តាំង[ពួកគេ]ឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី»។—វិវរណៈ ៥:៩, ១០
១១. ពេលដែលអ្នកចាក់ប្រេងតាំងពិសាស្រានៅបុណ្យរំឭក តើនោះបញ្ជាក់ពីអ្វី?
១១ នៅពេលដែលព្រះយេស៊ូប្រារព្ធបុណ្យរំឭកការសោយទិវង្គតរបស់ទ្រង់នោះ ទ្រង់បានជូនពែងដល់សាវ័កស្មោះត្រង់របស់ទ្រង់ ដោយមានបន្ទូលថា៖ «ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្ដាច់បាប»។ (ម៉ាថាយ ២៦:២៧, ២៨) ឈាមរបស់សត្វគោឈ្មោលនិងសត្វពពែបានធ្វើឲ្យកិច្ចព្រមព្រៀងខាងក្រឹត្យវិន័យរវាងព្រះនិងសាសន៍អ៊ីស្រាអែលមានសុពលភាព។ ដូចគ្នាដែរ កិច្ចព្រមព្រៀងថ្មីដែលព្រះយេហូវ៉ានឹងធ្វើជាមួយអ៊ីស្រាអែលខាងវិញ្ញាណ នឹងចាប់មានសុពលភាពដោយសារព្រះលោហិតរបស់ព្រះយេស៊ូ ចាប់ពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣គ.ស.។ (និក្ខមនំ ២៤:៥-៨; លូកា ២២:២០; ហេព្រើរ ៩:១៤, ១៥) ពេលដែលពិសាស្រាដែលតំណាង«ឈាមនៃសញ្ញាថ្មី» នោះអ្នកចាក់ប្រេងតាំងបញ្ជាក់ថា ពួកគេជាភាគីនៃកិច្ចព្រមព្រៀងថ្មី ហើយកំពុងតែទទួលប្រយោជន៍ពីកិច្ចព្រមព្រៀងនោះ។
១២. តើអ្នកចាក់ប្រេងតាំងទទួលបុណ្យជ្រមុជទឹកទៅក្នុងការសោយទិវង្គតរបស់ព្រះគ្រីស្ទយ៉ាងដូចម្ដេច?
១២ អ្នកចាក់ប្រេងតាំងក៏ត្រូវរំឭកអំពីអ្វីមួយទៀតដែរ។ ព្រះយេស៊ូមានបន្ទូលប្រាប់សិស្សស្មោះត្រង់របស់ទ្រង់ថា៖ «អ្នករាល់គ្នានឹងផឹកអំពីពែងខ្ញុំ ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួល»។ (ម៉ាកុស ១០:៣៨, ៣៩) នៅពេលក្រោយទៀត សាវ័កប៉ុលបានសរសេរថា គ្រីស្ទានពិតបាន«ទទួលជ្រមុជក្នុងសេចក្ដីសុគតនៃ[ព្រះគ្រីស្ទ]»។ (រ៉ូម ៦:៣) វិថីជីវិតរបស់អ្នកចាក់ប្រេងតាំងនាំទៅដល់ការលះបង់ជីវិត។ មរណភាពរបស់ពួកគេគឺជាការលះបង់ ពីព្រោះពួកគេលះបង់សេចក្ដីសង្ឃឹមរស់នៅលើផែនដីជានិរន្តរ។ ការទទួលបុណ្យជ្រមុជទឹកទៅក្នុងការសោយទិវង្គតរបស់ព្រះគ្រីស្ទនឹងចប់ ក្រោយដែលបានស្លាប់ដោយស្មោះត្រង់ ហើយត្រូវប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណដើម្បី«សោយរាជ្យ»ជាមួយនឹងព្រះគ្រីស្ទនៅស្ថានសួគ៌។—ធីម៉ូថេទី២ ២:១០-១២; រ៉ូម ៦:៥; កូរិនថូសទី១ ១៥:៤២-៤៤, ៥០
ការពិសាវត្ថុតំណាង
១៣. ហេតុអ្វីអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីមិនពិសាវត្ថុតំណាងនៅបុណ្យរំឭក? ហេតុអ្វីក៏ពួកគេមានវត្តមាន?
១៣ ដោយឃើញថាការពិសានំប៉័ងនិងស្រាដែលត្រូវជូននៅបុណ្យរំឭករួមបញ្ចូលអ្វីៗទាំងអស់នេះ គឺជាការមិនសមរម្យទេបើអ្នកដែលមានសេចក្ដីសង្ឃឹមរស់លើផែនដីពិសា។ អ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីយល់ថា ពួកគេមិនមែនជាអ្នកចាក់ប្រេងតាំងដែលរួមជារូបអង្គឬព្រះកាយរបស់ព្រះគ្រីស្ទ ក៏មិនមែនជាភាគីក្នុងកិច្ចព្រមព្រៀងថ្មី ដែលព្រះយេហូវ៉ាធ្វើជាមួយអ្នកដែលនឹងគ្រប់គ្រងជាមួយនឹងព្រះយេស៊ូគ្រីស្ទ។ ដោយសារ«ពែង»នោះតំណាងកិច្ចព្រមព្រៀងថ្មី មានតែអ្នកដែលជាភាគីក្នុងកិច្ចព្រមព្រៀងថ្មីដែលពិសាវត្ថុតំណាង។ អ្នកដែលរង់ចាំទទួលនូវជីវិតជារៀងរហូតជាមនុស្សគ្រប់លក្ខណ៍នៅផែនដីក្រោមព្រះរាជាណាចក្ររបស់ព្រះ មិនមែនជាអ្នកទទួលបុណ្យជ្រមុជទឹកក្នុងការសោយទិវង្គតរបស់ព្រះយេស៊ូទេ ក៏មិនត្រូវហៅឲ្យគ្រប់គ្រងជាមួយទ្រង់នៅស្ថានសួគ៌ដែរ។ បើពួកគេពិសាវត្ថុតំណាង នោះមានន័យថាពួកគេចង់អះអាងអ្វីមួយដែលមិនមែនជាការពិតទេ។ ហេតុនេះទោះជាពួកគេមានវត្តមាននៅបុណ្យរំឭកដើម្បីបង្ហាញការគោរពក៏ពិតមែន តែពួកគេមិនពិសានំប៉័ងនិងស្រានោះឡើយ។ ពួកគេជាមនុស្សកតញ្ញូ ដោយសារអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើដើម្បីពួកគេ តាមរយៈរាជបុត្រារបស់ទ្រង់ រួមទាំងការអត់ឱនទោសបាបរបស់ពួកគេ ដោយផ្អែកលើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលបានត្រូវបង្ហូរចេញ។
១៤. ពេលដែលពិសានំប៉័ងនិងស្រានោះ តើអ្នកចាក់ប្រេងតាំងទទួលនូវកម្លាំងខាងវិញ្ញាណយ៉ាងដូចម្ដេច?
១៤ ការបោះត្រាចុងក្រោយសម្រាប់គ្រីស្ទានតែប៉ុន្មាននាក់ដែលត្រូវហៅឲ្យទៅគ្រប់គ្រងជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌គឺជិតចប់ហើយ។ ទាល់តែមរណភាពរបស់ពួកគេពេលដែលលះបង់ជីវិតនៅផែនដី នោះអ្នកចាក់ប្រេងតាំងទទួលនូវកម្លាំងខាងវិញ្ញាណដោយពិសាវត្ថុតំណាងនៅបុណ្យរំឭក។ ពួកគេមានអារម្មណ៍ថាកំពុងតែរួបរួមជាមួយបងប្អូនប្រុសស្រីរបស់ពួកគេជារូបអង្គព្រះគ្រីស្ទ។ ពេលដែលពួកគេពិសានំប៉័ងនិងស្រា នោះរំឭកអំពីភារកិច្ចរបស់ពួកគេ គឺត្រូវរក្សាភាពស្មោះត្រង់រហូតដល់ស្លាប់។—ពេត្រុសទី២ ១:១០, ១១
ការបំព្រួម«របស់នៅផែនដី»
១៥. តើអ្នកណាបានត្រូវប្រមូលឲ្យចូលគាំទ្រអ្នកចាក់ប្រេងតាំង?
១៥ តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៣០ មានមនុស្សកាន់តែច្រើននាក់ចូលគាំទ្រអ្នកចាក់ប្រេងតាំង។ ពួកគេជា«ចៀមឯទៀត»ដែលមិនមែនចូលរួមក្រុម«ហ្វូងតូច»ទេ ហើយពួកគេមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី។ (យ៉ូហាន ១០:១៦; លូកា ១២:៣២; សាការី ៨:២៣) ពួកគេបានទៅជាមិត្តភក្ដីរបស់បងប្អូនព្រះគ្រីស្ទ ដោយផ្ដល់ជំនួយជាច្រើនណាស់ក្នុងការផ្សាយ«ដំណឹងល្អនេះដែលសំដែងពីនគរ»ដើម្បីជាទីបន្ទាល់ដល់គ្រប់សាសន៍។ (ម៉ាថាយ ២៤:១៤; ២៥:៤០) ធ្វើយ៉ាងនេះ ពួកគេអាចត្រូវរាប់ជា«ចៀម»របស់ព្រះគ្រីស្ទ ដែលទ្រង់ដាក់នៅ«ខាងស្ដាំ»ឬសព្វព្រះហឫទ័យ ពេលដែលទ្រង់យាងមកជំនុំជម្រះគ្រប់សាសន៍។ (ម៉ាថាយ ២៥:៣៣-៣៦, ៤៦) តាមរយៈជំនឿលើព្រះលោហិតរបស់ព្រះគ្រីស្ទ ពួកគេនឹងធ្វើជា«មនុស្ស១ហ្វូងយ៉ាងធំ» ដែលនឹងរួចរស់នៅ«គ្រាវេទនាយ៉ាងធំ»។—វិវរណៈ ៧:៩-១៤
១៦. តើ«របស់នៅផែនដី»នឹងរួមបញ្ចូលអ្នកណា? តើអ្នកទាំងនេះនឹងមានឱកាសទៅជា«កូនព្រះ»យ៉ាងដូចម្ដេច?
១៦ ពេលដែលគ្រីស្ទាន១៤៤.០០០នាក់ត្រូវបោះត្រាចុងក្រោយរួចហើយ នោះ«ខ្យល់»នៃសេចក្ដីហិនវិនាសនឹងមកលើរបបលោកិយរបស់សាតាំងនៅផែនដី។ (វិវរណៈ ៧:១-៤) ក្នុងកំលុងការសោយរាជ្យ១.០០០ឆ្នាំរបស់ព្រះគ្រីស្ទព្រមទាំងបណ្ដាស្តេចនិងសង្ឃដែលគ្រប់គ្រងជាមួយទ្រង់នោះ មនុស្សជាច្រើនឥតគណនានឹងត្រូវប្រោសឲ្យរស់ឡើងវិញដើម្បីរួបរួមជាមួយមនុស្សមួយហ្វូងធំ។ (វិវរណៈ ២០:១២, ១៣) អ្នកទាំងនោះនឹងមានឱកាសទៅជាសមាជិកអចិន្ត្រៃយ៍នៃរាស្ត្ររបស់ព្រះគ្រីស្ទយេស៊ូដែលជាស្តេចនិងព្រះមេស្ស៊ី។ នៅចុងការសោយរាជ្យ១.០០០ឆ្នាំ «របស់នៅផែនដី»នឹងត្រូវឆ្លងកាត់ការសាកល្បងចុងក្រោយ។ អ្នកដែលនៅស្មោះត្រង់នឹងត្រូវព្រះទទួលស្គាល់ជា«កូនព្រះ»នៅផែនដី។—អេភេសូរ ១:១០; រ៉ូម ៨:២១; វិវរណៈ ២០:៧, ៨
១៧. តើគោលបំណងរបស់ព្រះយេហូវ៉ានឹងត្រូវសម្រេចយ៉ាងដូចម្ដេច?
១៧ យ៉ាងនេះ តាមរយៈ«ការកាន់កាប់ត្រួតត្រា»ឬរបៀបចាត់ចែងដែលប្រកបដោយប្រាជ្ញាជ្រាលជ្រៅរបស់ព្រះយេហូវ៉ា ទ្រង់នឹងសម្រេចគោលបំណងរបស់ទ្រង់ ដែលចង់«បំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង»។ បុគ្គលទាំងអស់នៅស្ថានសួគ៌និងផែនដីនឹងត្រូវបំព្រួមទូទាំងសកលលោកឲ្យមានសេចក្ដីសុខសាន្ត ដោយចុះចូលនឹងការគ្រប់គ្រងដ៏សុចរិតរបស់ព្រះយេហូវ៉ា ជាព្រះដ៏ឧត្តុង្គឧត្តមដែលសម្រេចគោលបំណង។
១៨. តើអ្នកចាក់ប្រេងតាំងព្រមទាំងបណ្ដាគូកនរបស់ពួកគេនឹងទទួលប្រយោជន៍យ៉ាងដូចម្ដេចពីវត្តមាននៅបុណ្យរំឭក?
១៨ ពិតជានឹងពង្រឹងជំនឿណាស់! ពេលដែលអ្នកចាក់ប្រេងតាំងមួយក្រុមតូចនោះ និងបណ្ដាចៀមឯទៀតជាគូកនរបស់ពួកគេជួបជុំគ្នានៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ ដើម្បីធ្វើបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទ ដូចទ្រង់បានបង្គាប់ពេលទ្រង់មានបន្ទូលថា៖ «ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំ»។ (លូកា ២២:១៩) ទាំងអស់គ្នាដែលចូលរួម គួរចងចាំអ្វីដែលព្រះយេហូវ៉ាបានប្រព្រឹត្តដើម្បីពួកគេ តាមរយៈរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ ព្រះយេស៊ូគ្រីស្ទ។
ដើម្បីរៀនសាឡើងវិញ
• តើអ្វីជាគោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់របស់នៅស្ថានសួគ៌និងរបស់នៅផែនដី?
• តើអ្នកណាជា«របស់នៅស្ថានសួគ៌»? តើពួកគេបានត្រូវបំព្រួមយ៉ាងដូចម្ដេច?
• តើអ្នកណាជា«របស់នៅផែនដី»? តើពួកគេមានសេចក្ដីសង្ឃឹមអ្វី?
[ប្រអប់នៅទំព័រ១៥]
«រូបអង្គនៃព្រះគ្រីស្ទ»
នៅកូរិនថូសទី១ ១០:១៦, ១៧ ប៉ុលពន្យល់ឲ្យដឹងថាការពិសារនំប៉័ងមានអត្ថន័យអ្វីចំពោះបងប្អូនចាក់ប្រេងតាំងរបស់ព្រះគ្រីស្ទនៅបុណ្យរំឭក។ ក្នុងខទាំងនោះ ប៉ុលបានប្រើពាក្យ«រូបអង្គ»ក្នុងន័យពិសេស។ គាត់សរសេរថា៖ «នំប៉័ងដែលយើងកាច់ នោះតើមិនមែនជាសេចក្ដីប្រកបនឹងរូបអង្គនៃព្រះគ្រីស្ទទេឬអី? ដ្បិតដែលមាននំប៉័ងតែ១ដុំនោះយ៉ាងណា ចំណែកពួកយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែ១យ៉ាងនោះដែរ ពីព្រោះយើងទាំងអស់គ្នាទទួលទានពីដុំនំប៉័ងតែមួយនោះឯង»។ ពេលគ្រីស្ទានចាក់ប្រេងតាំងពិសានំប៉័ងនៅបុណ្យរំឭក ពួកគេសបញ្ជាក់ថាមានសាមគ្គីភាពក្នុងក្រុមជំនុំអ្នកចាក់ប្រេងតាំង ដែលប្រៀបដូចជារូបកាយតែមួយដោយមានព្រះគ្រីស្ទជាក្បាល។—ម៉ាថាយ ២៣:១០; កូរិនថូសទី១ ១២:១២, ១៣, ១៨
[រូបភាពនៅទំព័រ១៥]
ហេតុអ្វីមានតែអ្នកចាក់ប្រេងតាំងពិសានំប៉័ងនិងស្រានោះ?