ជំពូកទី២៣
អង្គការដែលមើលឃើញរបស់ព្រះ
១ តើព្រះគម្ពីរចែងយ៉ាងណា អំពីអង្គការដែលមើលមិនឃើញរបស់ព្រះ?
ហេតុអ្វីក៏យើងអាចដឹងជាប្រាកដថា ព្រះទ្រង់មានអង្គការដែលមើលឃើញមួយ? មូលហេតុមួយគឺ ទ្រង់មានអង្គការដែលមើលមិនឃើញមួយ។ ព្រះយេហូវ៉ាបានបង្កើតពួកចេរូប៊ីន ពួកសេរភីម និងទេវតាជាច្រើនផ្សេងទៀត ដើម្បីឲ្យប្រតិបត្ដិតាមព្រះហឫទ័យរបស់ទ្រង់នៅស្ថានសួគ៌។ (លោកុប្បត្តិ ៣:២៤; អេសាយ ៦:២, ៣; ទំនុកដំកើង ១០៣:២០) ព្រះយេស៊ូវគ្រីស្ទជាមហាទេវតាដែលមានឋានៈខ្ពង់ខ្ពស់ជាងពួកនេះទាំងអស់។ (ថែស្សាឡូនីចទី១ ៤:១៦; យូដាស ៩; វិវរណៈ ១២:៧) ព្រះគម្ពីរបានពណ៌នាអំពីពួកទេវតាជាពួកដែលបានត្រូវរៀបចំជា«រាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ»។ (កូល៉ុស ១:១៦; អេភេសូរ ១:២១) ពួកគេទាំងអស់គ្នាបម្រើតាមបញ្ជារបស់ព្រះយេហូវ៉ា ដោយសាមគ្គីគ្នាធ្វើកិច្ចការដែលទ្រង់មានចំពោះពួកគេ។—ដានីយ៉ែល ៧:៩, ១០; យ៉ូប ១:៦; ២:១
២ តើរបៀបដែលព្រះទ្រង់បានបង្កើតលោកធាតុបានបង្ហាញយ៉ាងណា អំពីសេចក្ដីសំខាន់ដែលទ្រង់បានដាក់ទៅលើរបៀបរៀបចំនោះ?
២ យើងក៏យល់ដឹងដែរ អំពីសេចក្ដីសំខាន់ដែលព្រះទ្រង់បានដាក់ទៅលើរបៀបរៀបចំ ដោយពិចារណាអំពីវត្ថុទាំងឡាយដែលទ្រង់បានបង្កើត។ ជាឧទាហរណ៍ មានផ្កាយរាប់លានកោដិនៅក្នុងលោកធាតុ ដែលបានរៀបចំឲ្យមានជាកញ្ចុំយ៉ាងធំៗដែលហៅថា តារាវលី។ តារាវលីទាំងនេះធ្វើដំណើរកាត់អវកាសតាមផ្លូវដោយមានលំដាប់ត្រឹមត្រូវ ហើយផ្កាយនិងផ្កាយដីនិមួយៗដែលនៅក្នុងតារាវលីទាំងនោះក៏ធ្វើដូច្នោះដែរ។ ជាឧទាហរណ៍ ផ្កាយដីដែលជាផែនដីរបស់យើង រៀងរាល់ឆ្នាំធ្វើដំណើរជុំវិញសុរិយា ដែលជាផ្កាយនៅជិតជាងគេរបស់យើង ក្នុងរយៈពេលយ៉ាងទៀងទាត់ ៣៦៥ថ្ងៃ ៥ម៉ោង ៤៨នាទី និង៤៥, ៥១វិនាទី។ មែនហើយ លោកធាតុត្រូវបានរៀបចំតាមវិធីដ៏ខ្ពង់ខ្ពស់មែន!
៣ តើរបៀបរៀបចំដ៏ប្រសើរនេះ ដែលមានក្នុងចំណោមសត្តនិករវិញ្ញាណដែលមើលមិនឃើញរបស់ព្រះ និងក្នុងលោកធាតុរបស់ទ្រង់ បង្រៀនអ្វីខ្លះដល់យើង?
៣ តើរបៀបរៀបចំដ៏អស្ចារ្យនេះ ដែលមានក្នុងចំណោមសត្តនិករវិញ្ញាណដែលមើលមិនឃើញរបស់ព្រះ និងក្នុងលោកធាតុរបស់ទ្រង់ បង្រៀនអ្វីខ្លះដល់យើង? មែនហើយ នេះបង្រៀនយើងឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះនៃការរៀបចំមួយអង្គ។ អញ្ចឹង ព្រះបែបនេះប្រាកដជានឹងមិនបណ្ដោយឲ្យមនុស្សលោកនៅលើផែនដី ដែលពិតជាស្រឡាញ់ទ្រង់ ឲ្យនៅដោយគ្មានការដឹកនាំនិងគ្មានការរៀបចំនោះឡើយ។
អង្គការដែលមើលឃើញរបស់ព្រះ—អតីតកាលនិងបច្ចុប្បន្នកាល
៤, ៥ តើយ៉ាងណាដែលយើងដឹងថា ព្រះទ្រង់បានដឹកនាំរាស្ត្រទ្រង់តាមរបៀបរៀបរយ នៅសម័យអ័ប្រាហាំនិងសម័យជនជាតិអ៊ីស្រាអែលនោះ?
៤ ព្រះគម្ពីរបង្ហាញថា ព្រះយេហូវ៉ាបានដឹកនាំពួកអ្នកបម្រើរបស់ទ្រង់ តាមរបៀបរៀបរយជានិច្ច។ ជាឧទាហរណ៍ ពួកបុរសដែលមានជំនឿ ដូចជាលោកអ័ប្រាហាំ បានដឹកនាំគ្រួសារនិងពួកអ្នកបម្រើរបស់លោកក្នុងការថ្វាយបង្គំព្រះយេហូវ៉ា។ ព្រះយេហូវ៉ាទ្រង់បានសម្ដែងព្រះហឫទ័យទ្រង់ឲ្យអ័ប្រាហាំស្គាល់ ដោយការមានព្រះបន្ទូលឆ្លើយឆ្លងជាមួយនឹងលោក។ (លោកុប្បត្តិ ១២:១) ហើយព្រះបានបង្គាប់លោកឲ្យប្រាប់ពត៌មានទាំងនេះទៅអ្នកដទៃទៀត ដោយមានព្រះបន្ទូលថា៖ «ដ្បិតអញស្គាល់[អ័ប្រាហាំ]ថា គាត់នឹងបង្គាប់ដល់កូនចៅនឹងពួកផ្ទះគាត់តរៀងទៅ ឲ្យគេកាន់ខ្ជាប់តាមផ្លូវនៃព្រះយេហូវ៉ា»។ (លោកុប្បត្តិ ១៨:១៩) នេះហើយជាការរៀបចំដែលមានលំដាប់មួយ ចំពោះប្រជាជនមួយក្រុមដើម្បីថ្វាយបង្គំព្រះយេហូវ៉ាឲ្យបានត្រឹមត្រូវ។
៥ បន្ទាប់មក ពេលដែលជនជាតិអ៊ីស្រាអែលបានកើនឡើងហើយមានរាប់លាននាក់ ព្រះយេហូវ៉ាទ្រង់មិនបានបណ្ដោយឲ្យម្នាក់ៗថ្វាយបង្គំតាមរបៀបផ្ទាល់ខ្លួនគេ បែកចេញពីការរៀបចំដែលមានរបៀបរៀបរយនោះឡើយ។ ជនជាតិអ៊ីស្រាអែលត្រូវបានរៀបចំឲ្យទៅជាសាសន៍មួយ គឺជាសាសន៍នៃពួកអ្នកថ្វាយបង្គំដ៏មានរបៀបរៀបរយ។ ប្រជាជាតិអ៊ីស្រាអែលបានត្រូវហៅថា៖ «ពួកជំនុំនៃព្រះយេហូវ៉ា»។ (ជនគណនា ២០:៤; របាក្សត្រទី១ ២៨:៨) ប្រសិនបើលោកអ្នក ជាអ្នកថ្វាយបង្គំពិតរបស់ព្រះយេហូវ៉ានៅពេលនោះ អ្នកមុខជាបានមានចំណែកក្នុងក្រុមជំនុំរបស់ពួកអ្នកថ្វាយបង្គំនោះជាមិនខាន គឺមិនញែកចេញពីពួកនោះទេ។—ទំនុកដំកើង ១៤៧:១៩, ២០
៦ (ក) តើព្រះទ្រង់បានធ្វើយ៉ាងណាដើម្បីបង្ហាញថា ទ្រង់ពេញព្រះហឫទ័យនឹងពួកអ្នកកាន់តាមព្រះគ្រីស្ទនោះ? (ខ) តើមានសក្ខីភាពអ្វី ដែលបញ្ជាក់ថាពួកគ្រីស្ទានមានរបៀបរៀបចំក្នុងការថ្វាយបង្គំនោះ?
៦ តើស្ថានភាពនៅសតវត្សទីមួយយ៉ាងណាដែរ? ព្រះគម្ពីរបង្ហាញថា ព្រះយេហូវ៉ាពេញព្រះហឫទ័យនឹងពួកអ្នកកាន់តាមព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ។ ព្រះយេហូវ៉ាបានចាក់ព្រះវិញ្ញាណបរិសុទ្ធទៅលើពួកគេ។ ដើម្បីបង្ហាញថា ទ្រង់បានប្រើអង្គការគ្រីស្ទាននេះ ជាជាងសាសន៍អ៊ីស្រាអែល ទ្រង់បានប្រទានជនគ្រីស្ទានពីដើមខ្លះនូវឥទ្ធិពល ដើម្បីធ្វើឲ្យមនុស្សឈឺបានជាឡើងវិញ ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ និងបានបង្កើតអព្ភូតហេតុផ្សេងៗទៀតដែរ។ លោកអ្នកមិនអាចអានបទគម្ពីរគ្រីស្ទានភាសាក្រិក ដោយគ្មានការចាប់អារម្មណ៍ទៅលើរបៀបរៀបចំនៃពួកគ្រីស្ទាន ក្នុងការថ្វាយបង្គំនោះឡើយ។ តាមការពិត ពួកគេបានត្រូវបញ្ជាឲ្យប្រជុំគ្នាសំរាប់គោលបំណងនេះ។ (ហេព្រើរ ១០:២៤, ២៥) ដូច្នេះ ប្រសិនបើលោកអ្នកជាអ្នកថ្វាយបង្គំពិតរបស់ព្រះយេហូវ៉ានៅសតវត្សទីមួយ លោកអ្នកនឹងត្រូវបានជាផ្នែកមួយនៃអង្គការគ្រីស្ទានរបស់ទ្រង់ជាមិនខាន។
៧ តើយ៉ាងណាដែលយើងដឹងថា ព្រះយេហូវ៉ាទ្រង់មិនប្រើអង្គការច្រើនជាងមួយ ក្នុងកំឡុងពេលណាមួយនោះ?
៧ តើព្រះយេហូវ៉ាទ្រង់បានប្រើអង្គការច្រើនជាងមួយឬ ក្នុងកំឡុងពេលណាមួយនោះ? នៅសម័យលោកណូអេ មានតែលោកណូអេនិងពួកដែលនៅជាមួយលោកក្នុងទូកធំទេ ដែលបានទទួលនូវសេចក្ដីការពាររបស់ព្រះហើយរួចរស់ជីវិតពីទឹកជំនន់នោះ។ (ពេត្រុសទី១ ៣:២០) នៅក្នុងសតវត្សទីមួយ ក៏អញ្ចឹងដែរ មិនមានអង្គការគ្រីស្ទានពីរឬច្រើនទេ។ ព្រះទ្រង់បានទាក់ទងជាមួយអង្គការតែមួយប៉ុណ្ណោះ។ គឺមាន«ព្រះអម្ចាស់តែ១ សេចក្ដីជំនឿតែ១ បុណ្យជ្រមុជទឹកតែ១»គត់។ (អេភេសូរ ៤:៥) ក្នុងសម័យយើងនេះ ក៏ដូចគ្នាដែរ ព្រះយេស៊ូវគ្រីស្ទបានទាយថា នឹងមានប្រភពនៃការបង្រៀនខាងវិញ្ញាណតែមួយទេ សំរាប់ប្រជារាស្ត្ររបស់ព្រះ។
៨ តើព្រះយេស៊ូវបានបង្ហាញយ៉ាងណា ថាមានអង្គការដែលមើលឃើញតែមួយគត់របស់ព្រះនៅលើផែនដីក្នុងសម័យយើងនេះ?
៨ ក្នុងការប្រាប់អំពីវត្តមានរបស់ទ្រង់ក្នុងអំណាចនៃព្រះរាជាណាចក្រ ព្រះយេស៊ូវបានមានបន្ទូលថា៖ «អ្នកណាជាអ្នកបំរើស្មោះត្រង់ មានមារយាទដែលចៅហ្វាយបានតាំងឲ្យត្រួតលើពួកផ្ទះលោក នឹងឲ្យអាហារគេបរិភោគ តាមត្រូវពេល។ បើកាលណាចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះមានពរហើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតាំងអ្នកនោះឡើង ឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់»។ (ម៉ាថាយ ២៤:៤៥-៤៧) ក្នុងការយាងត្រឡប់មកនៅក្នុងអំណាចនៃព្រះរាជាណាចក្ររបស់ទ្រង់ ក្នុងឆ្នាំ១៩១៤ តើព្រះគ្រីស្ទបានរកឃើញ«អ្នកបំរើស្មោះត្រង់ មានមារយាទ»មួយក្រុម ដែលផ្ដល់ឲ្យ«អាហារ»ខាងវិញ្ញាណ ឬពត៌មានទេ? មែនហើយ ទ្រង់បានរកឃើញ«អ្នកបំរើ»បែបនេះ ដែលផ្គុំឡើងដោយពួកសំណល់នៅលើផែនដីនៃពួក១៤៤.០០០នាក់ជា«ពួកបងប្អូន»របស់ទ្រង់។ (វិវរណៈ ១២:១០; ១៤:១, ៣) ហើយចាប់តាំងពីឆ្នាំ១៩១៤មក មនុស្សរាប់លាននាក់បានទទួល«អាហារ» ដែលពួកគេបានផ្ដល់ឲ្យ ហើយក៏បានចាប់អនុវត្តសាសនាពិតជាមួយនឹងពួកគេ។ អង្គការរបស់ពួកអ្នកបម្រើព្រះបានត្រូវសម្គាល់ជា ស្មរបន្ទាល់ព្រះយេហូវ៉ា។
៩ (ក) ហេតុអ្វីក៏ពួកអ្នកបម្រើព្រះ កាន់ឈ្មោះជាស្មរបន្ទាល់ព្រះយេហូវ៉ា? (ខ) ហេតុអ្វីក៏ពួកគេហៅទីកន្លែងសំរាប់ការថ្វាយបង្គំរបស់គេជា សាលព្រះរាជាណាចក្រ?
៩ ពួកស្មរបន្ទាល់ព្រះយេហូវ៉ា បែរទៅរកព្រះយេហូវ៉ានិងព្រះបន្ទូលរបស់ទ្រង់ ដើម្បីជួយដឹកនាំកិច្ចការទាំងអស់ដែលពួកគេធ្វើ។ សូម្បីតែឈ្មោះរបស់ពួកគេជាស្មរបន្ទាល់ព្រះយេហូវ៉ា ក៏បង្ហាញថា សកម្មភាពដ៏សំខាន់បំផុតរបស់ពួកគេគឺជាការធ្វើបន្ទាល់អំពីព្រះនាមនិងព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ា ដូចជាព្រះគ្រីស្ទបានធ្វើមកដែរ។ (យ៉ូហាន ១៧:៦; វិវរណៈ ១:៥) ម្យ៉ាងទៀតពួកគេបានហៅកន្លែងដែលពួកគេមកជួបជុំគ្នាដើម្បីការថ្វាយបង្គំនោះ ជាសាលព្រះរាជាណាចក្រ ពីព្រោះជាព្រះរាជាណាចក្ររបស់ព្រះដោយសារព្រះមែស៊ីឬព្រះគ្រីស្ទ ហើយនេះជាប្រធានក្នុងព្រះគម្ពីរទាំងមូល។ ដោយឃើញយ៉ាងច្បាស់ថា គ្រីស្ទសាសនាក្នុងសតវត្សទីមួយបានជាទីពេញព្រះហឫទ័យដល់ព្រះនោះ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាក៏ធ្វើឲ្យអង្គការរបស់ពួកគេដូចនោះដែរ។ សូមឲ្យយើងពិនិត្យមើលមួយភ្លែតនូវអង្គការគ្រីស្ទានពីដើម និងសូមកត់សម្គាល់នូវភាពដូចគ្នាជាមួយនឹងអង្គការដែលមើលឃើញរបស់ព្រះសព្វថ្ងៃនេះ។
គំរូពីសតវត្សទីមួយ
១០ តើអ្វីជាលក្ខណៈខ្លះៗនៃអង្គការគ្រីស្ទាននៅសតវត្សទីមួយ?
១០ នៅក្នុងសតវត្សទីមួយ ទីណាដែលមានពួកគ្រីស្ទាន ទីនោះពួកគេបានប្រមូលគ្នាជាក្រុមៗដើម្បីថ្វាយបង្គំ។ ក្រុមជំនុំទាំងនេះបានជួបគ្នាយ៉ាងទៀងទាត់ ដើម្បីមិត្តភាពនិងការសិក្សាជាមួយគ្នា។ (ហេព្រើរ ១០:២៤, ២៥) សកម្មភាពដ៏សំខាន់បំផុតរបស់ពួកគេ គឺការប្រកាសនិងបង្រៀនអំពីព្រះរាជាណាចក្ររបស់ព្រះ ដូចជាព្រះគ្រីស្ទបានធ្វើមកដែរ។ (ម៉ាថាយ ៤:១៧; ២៨:១៩, ២០) ប្រសិនបើសមាជិកណាមួយនៃក្រុមជំនុំបានបែរត្រឡប់ទៅផ្លូវអាក្រក់នៃជីវិតរបស់គេវិញ ជននោះត្រូវដកពីក្រុមជំនុំចេញ។—កូរិនថូសទី១ ៥:៩-១៣; យ៉ូហានទី២ ១០, ១១
១១, ១២ (ក) អ្វីដែលបង្ហាញជាភស្តុតាងថា ក្រុមជំនុំគ្រីស្ទានពីដើមបានទទួលនូវការដឹកនាំនិងការណែនាំពីពួកសាវកនិង«ពួកចាស់ទុំ» នៅក្រុងយេរូសាឡិមនោះ? (ខ) តើការណែនាំខាង«ព្រះធិបតេយ្យ»មានន័យយ៉ាងណា? (គ) តើក្រុមជំនុំដែលទទួលយកនូវការណែនាំបែបនេះ បានទទួលលទ្ធផលយ៉ាងណាខ្លះ?
១១ តើក្រុមជំនុំគ្រីស្ទានក្នុងសតវត្សទីមួយមិនពឹងពាក់រវាងគ្នានឹងគ្នាទេឬ? តើពួកគេសម្រេចរឿងអ្វីដោយរៀងៗខ្លួនឬ? មិនមែនទេ ព្រះគម្ពីរបង្ហាញថា ពួកគេមានសាមគ្គីភាពក្នុងជំនឿគ្រីស្ទានដូចគ្នា។ ក្រុមជំនុំទាំងអស់បានទទួលការដឹកនាំនិងការណែនាំពីប្រភពតែមួយ។ អញ្ចឹងហើយ ពេលដែលមានវិវាទអំពីរឿងកាត់ស្បែក ក្រុមជំនុំឬក៏បុគ្គលម្នាក់ៗមិនបានសម្រេចធ្វើតាមរៀងៗខ្លួនទេ។ ប៉ុន្តែ ផ្ទុយទៅវិញ សាវកប៉ុល បាណាបាស និងអ្នកខ្លះទៀតត្រូវបានតម្រូវឲ្យ«ឡើងទៅឯពួកសាវក នឹងពួកចាស់ទុំ នៅក្រុងយេរូសាឡិម ដើម្បីនឹងសួរបញ្ជាក់អំពីដំណើរនោះ»។ ពេលដែលពួកចាស់ទុំទាំងនេះបានធ្វើការសម្រេចដោយមានជំនួយពីព្រះបន្ទូលរបស់ព្រះនិង«ព្រះវិញ្ញាណបរិសុទ្ធ»របស់ទ្រង់រួចហើយនោះ ពួកគេក៏បានចាត់ពួកបុរសស្មោះត្រង់ឲ្យទៅជូនដំណឹងនេះដល់ក្រុមជំនុំនានា។—កិច្ចការ ១៥:២, ២៧-២៩
១២ តើបានលទ្ធផលយ៉ាងណា ពេលដែលក្រុមជំនុំទាំងនោះបានទទួលនូវការដឹកនាំនិងការណែនាំខាងព្រះធិបតេយ្យឬមកពីព្រះនេះ? ព្រះគម្ពីរបានចែងថា៖ «កំពុងដែល[សាវកប៉ុលនិងសហការីរបស់គាត់]ដើរកាត់អស់ទាំងទីក្រុង នោះក៏ប្រគល់សេចក្ដីបញ្ញត្តទាំងប៉ុន្មានដល់គេ ជាសេចក្ដីដែលពួកសាវក នឹងពួកចាស់ទុំដែលនៅក្រុងយេរូសាឡិម បានជំនុំសំរេចឲ្យគេកាន់តាម។ យ៉ាងនោះ ពួកជំនុំទាំងប៉ុន្មាន មានសេចក្ដីជំនឿរឹតតែខ្លាំង ហើយចំនួននៃពួកសិស្ស ចេះតែចំរើនកើនឡើងជារាល់ថ្ងៃ»។ (កិច្ចការ ១៦:៤, ៥) មែនហើយ ក្រុមជំនុំទាំងអស់បានធ្វើសហប្រតិបត្ដិការតាមអ្វីៗដែលគណៈនៃពួកអ្នកចាស់ទុំនៅក្រុងយេរូសាឡិមបានសម្រេច ហើយជំនឿរបស់ពួកគេក៏បានលូតលាស់កាន់តែមុតមាំឡើង។
ការដឹកនាំនៃព្រះធិបតេយ្យនៅសព្វថ្ងៃនេះ
១៣ (ក) ពីកន្លែងណានៅលើផែនដី ហើយតាមរយៈគណៈនៃពួកបុរសណា ដែលអង្គការមើលឃើញរបស់ព្រះសព្វថ្ងៃនេះទទួលនូវការដឹកនាំ? (ខ) តើគណៈអភិបាលមានការទាក់ទងយ៉ាងណាជាមួយនឹងពួក«អ្នកបំរើស្មោះត្រង់ មានមារយាទ»?
១៣ អង្គការដែលមើលឃើញរបស់ព្រះសព្វថ្ងៃនេះក៏ទទួលនូវការដឹកនាំនិងការណែនាំពីព្រះដែរ។ នៅមន្ទីរចាត់ការនៃស្មរបន្ទាល់ព្រះយេហូវ៉ា នៅទីក្រុងប៊្រុគ្លីន រដ្ឋញូវយ៉ក ទីនោះមានគណៈអភិបាលនៃពួកអ្នកចាស់ទុំគ្រីស្ទានដែលមកពីផ្នែកនានានៃផែនដីយើងនេះ ជាអ្នកត្រួតពិនិត្យមើលសកម្មភាពនៃប្រជារាស្ត្ររបស់ព្រះដែលមានពេញពិភពលោកទាំងមូល។ គណៈអភិបាលបានផ្គុំឡើងដោយសមាជិកនៃ«អ្នកបំរើស្មោះត្រង់ មានមារយាទ»។ គណៈអភិបាលនេះបានធ្វើជាអ្នកនាំពាក្យសំរាប់«អ្នកបំរើ»ស្មោះត្រង់នេះ។
១៤ តើគណៈអភិបាលនៃប្រជារាស្ត្ររបស់ព្រះពឹងទៅលើអ្វី ក្នុងការសម្រេចចិត្តនោះ?
១៤ បុរសទាំងឡាយនៃគណៈអភិបាលនេះ មានការពិសោធន៍ខាងការបម្រើព្រះជាច្រើនឆ្នាំមកហើយ ដូចជាពួកសាវកនិងពួកអ្នកចាស់ទុំនៅក្រុងយេរូសាឡិមដែរ។ ប៉ុន្តែពួកគេមិនពឹងទៅលើប្រាជ្ញារបស់មនុស្សទេ ក្នុងការសម្រេចចិត្ត។ ផ្ទុយទៅវិញ ដោយព្រះទ្រង់គ្រប់គ្រងលើពួកគេជានិច្ចនោះ ពួកគេយកគំរូតាមគណៈអភិបាលពីដើមនៅក្រុងយេរូសាឡិម ដែលសេចក្ដីសម្រេចរបស់គេមានមូលដ្ឋានទៅលើព្រះបន្ទូលរបស់ព្រះ ហើយក៏បានសម្រេចឡើងនៅក្រោមការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធដែរ។—កិច្ចការ ១៥:១៣-១៧, ២៨, ២៩
ការដឹកនាំអង្គការមួយដែលមានពាសពេញពិភពលោក
១៥ ហេតុអ្វីក៏បន្ទូលរបស់ព្រះយេស៊ូវនៅ ម៉ាថាយ ២៤:១៤ បង្ហាញថា ព្រះទ្រង់នឹងមានអង្គការដ៏ធំមួយនៅលើផែនដី ក្នុងគ្រាចុងបញ្ចប់នេះ?
១៥ ព្រះយេស៊ូវគ្រីស្ទបានឲ្យយើងដឹងខ្លះៗអំពីទំហំនៃអង្គការដែលព្រះទ្រង់នឹងមាននៅលើផែនដី ក្នុងគ្រាចុងបញ្ចប់នេះ ដោយទ្រង់បានមានបន្ទូលថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:១៤) សូមគិតអំពីទំហំនៃកិច្ចការដ៏ធំសម្បើមនេះ ដែលជាការចាំបាច់ក្នុងការប្រាប់ដល់មនុស្សរាប់ពាន់លាននាក់នៅលើផែនដី អំពីព្រះរាជាណាចក្ររបស់ព្រះដែលបានរៀបចំរួចហើយនេះ។ តើអង្គការគ្រីស្ទានសម័យទំនើបនេះ ដែលពឹងទៅលើគណៈអភិបាលក្នុងការដឹកនាំនិងការណែនាំនោះ អាចប្រដាប់ដោយគ្រឿងគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការដ៏ធំនេះបានទេ?
១៦ (ក) ហេតុអ្វីក៏ស្មរបន្ទាល់ព្រះយេហូវ៉ា បានតម្លើងរោងចក្របោះពុម្ពធំៗជាច្រើនម្ល៉េះ? (ខ) តើអ្វីដែលត្រូវបានផលិតនៅក្នុងរោងចក្រទាំងនោះ?
១៦ ពួកស្មរបន្ទាល់ព្រះយេហូវ៉ា ឥឡូវនេះកំពុងតែប្រកាសប្រាប់សារនៃព្រះរាជាណាចក្រនៅជាង២០០ប្រទេសនិងនៅតាមកោះទាំងឡាយពាសពេញផែនដីទាំងមូល។ ដើម្បីជួយពួកអ្នកផ្សាយព្រះរាជាណាចក្រដែលមានចំនួនជាង៤.២៥០.០០០នាក់(ក្នុងឆ្នាំ១៩៩១) ក្នុងការសម្រេចនូវកិច្ចការនេះ រោងចក្រសំរាប់បោះពុម្ពធំៗជាច្រើន ត្រូវបានតម្លើងឡើងក្នុងប្រទេសជាច្រើន។ នៅទីនេះ ព្រះគម្ពីរនិងប្រកាសនវត្ថុខាងព្រះគម្ពីរ បានត្រូវផលិតឡើងជាច្រើនក្រៃលែង។ ជារៀងរាល់ថ្ងៃធ្វើការ ជាមធ្យម ទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដីភ្ញាក់រឭក!ជាងពីរលានក្បាល ត្រូវបានបោះពុម្ពនិងបញ្ជូនចេញពីរោងចក្រទាំងនេះ។
១៧ (ក) ហេតុអ្វីក៏ប្រកាសនវត្ថុខាងព្រះគម្ពីរបានត្រូវរៀបចំឡើង? (ខ) តើលោកអ្នកត្រូវបានអញ្ជើញឲ្យធ្វើអ្វី?
១៧ ប្រកាសនវត្ថុខាងព្រះគម្ពីរទាំងអស់នេះបានរៀបចំឡើង ដើម្បីជួយមនុស្សទាំងឡាយឲ្យបានលូតលាស់នូវតម្រិះវិជ្ជាអំពីព្រះរាជបំណងដ៏ធំរបស់ព្រះយេហូវ៉ា។ តាមការពិត ឃ្លាដែលថា«ប្រកាសនូវព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ា»នេះ ជាផ្នែកនៃចំណងជើងរបស់ទស្សនាវដ្ដីប៉មយាម។ លោកអ្នកត្រូវបានអញ្ជើញឲ្យមកចូលរួបរួមក្នុងការចែកចាយប្រកាសនវត្ថុខាងព្រះគម្ពីរនេះ ហើយពន្យល់ដល់អ្នកដទៃអំពីសេចក្ដីពិតនៃព្រះគម្ពីរដែលមានក្នុងនោះ។ ឧទាហរណ៍ តើមានអ្នកណាម្នាក់ ដែលលោកអ្នកអាចប្រាប់ពត៌មានដ៏សំខាន់បំផុត ដែលអ្នកបានរៀនពីសៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដីនេះទេ?
១៨ (ក) តើអង្គការរបស់ព្រះសព្វថ្ងៃនេះ ជាអង្គការប្រភេទណា? (ខ) ហេតុអ្វីក៏ប្រជារាស្ត្ររបស់ព្រះត្រូវការជាចាំបាច់នូវការលើកទឹកចិត្តយ៉ាងខ្លាំងក្នុងពេលឥឡូវនេះ?
១៨ ដូចនៅក្នុងសតវត្សទីមួយ អង្គការរបស់ព្រះសព្វថ្ងៃនេះជា អង្គការមួយនៃពួកអ្នកប្រកាសព្រះរាជាណាចក្រដែលបានថ្វាយខ្លួននិងបានជ្រមុជទឹកហើយ។ ហើយអង្គការនេះបានស្ថាបនាឡើង ដើម្បីជួយសមាជិកទាំងអស់ឲ្យចូលរួបរួមក្នុងកិច្ចការផ្សាយនេះ។ បុគ្គលទាំងនេះត្រូវការជាចាំបាច់នូវការលើកទឹកចិត្តដ៏ខ្លាំង និងការធ្វើឲ្យខ្លាំងមាំមួនខាងវិញ្ញាណ ពីព្រោះសាតាំងនិងពួកអ្នកដែលវាអាចមានឥទ្ធិពលទៅលើនោះ ប្រឆាំងនឹងសារនៃព្រះរាជាណាចក្រនេះ។ ពួកអ្នកប្រឆាំងបែបនេះ បានធ្វើគុតដល់ព្រះយេស៊ូវដោយព្រោះទ្រង់បានប្រកាសអំពីសារនេះ ហើយព្រះគម្ពីរព្រមានថា ពួកអ្នកកាន់តាមទ្រង់ក៏អាចត្រូវបៀតបៀនដែរ។—យ៉ូហាន ១៥:១៩, ២០; ធីម៉ូថេទី២ ៣:១២
១៩ (ក) ពួកណាដែលត្រូវបានតែងតាំងឡើង ដើម្បីជួយហើយធ្វើឲ្យខ្លាំងមាំមួនដល់ប្រជារាស្ត្ររបស់ព្រះក្នុងពេលឥឡូវនេះ? (ខ) តើក្រុមជំនុំបានត្រូវការពារយ៉ាងណា ពីឥទ្ធិពលអាក្រក់ដែលអាចធ្វើឲ្យពុករលួយដល់នោះ?
១៩ សព្វថ្ងៃនេះក៏ដូចនៅសតវត្សទីមួយដែរ «ពួកចាស់ទុំ» បានត្រូវតែងតាំងឡើងដើម្បីជួយនិងធ្វើឲ្យក្រុមជំនុំនិមួយៗបានខ្លាំងមាំមួនឡើង។ ពួកគេក៏អាចជួយអ្នកដែរ ដោយប្រើដំបូន្មានពីព្រះគម្ពីរ ដើម្បីលៃលកដោះស្រាយនូវបញ្ហាផ្សេងៗ។ ពួកអ្នកចាស់ទុំទាំងនេះក៏ការពារ«ហ្វូងចៀមរបស់ព្រះ»ដែរ។ ដូច្នេះហើយ ប្រសិនបើសមាជិកនៃក្រុមជំនុំណា បែរត្រឡប់ទៅផ្លូវអាក្រក់នៃជីវិតគេវិញ ហើយបដិសេធមិនព្រមប្រែចិត្តនោះ «ពួកចាស់ទុំ» នឹងលៃលកយ៉ាងណា ដើម្បីដកជនបែបនោះចេញឬក៏បណ្ដាច់មិត្តភាពពីក្រុមជំនុំ។ អញ្ចឹងហើយ ពួកគេអាចរក្សាក្រុមជំនុំឲ្យមានសុខភាពមាំមួនខាងវិញ្ញាណ។—ទីតុស ១:៥; ពេត្រុសទី១ ៥:១-៣; អេសាយ ៣២:១, ២; កូរិនថូសទី១ ៥:១៣
២០ (ក) ក្នុងសតវត្សទីមួយ តើអ្នកណាដែលត្រូវបានចាត់ដោយគណៈអភិបាលនៅក្រុងយេរូសាឡិម ហើយដោយមូលហេតុអ្វី? (ខ) តើអ្នកណាដែលត្រូវបានចាត់ដោយគណៈអភិបាលសព្វថ្ងៃនេះ?
២០ តាមលំនាំដូចគ្នា គណៈអភិបាលនៅក្រុងយេរូសាឡិមបានចាត់អ្នកតំណាងពិសេស ដូចជាប៉ុលនិងស៊ីឡាស ដើម្បីនាំយកនូវសេចក្ដីបង្រៀនហើយនិងជួយលើកទឹកចិត្តដល់ប្រជារាស្ត្ររបស់ព្រះ ដូច្នេះនៅគ្រាចុងបញ្ចប់នេះ គណៈអភិបាលសព្វថ្ងៃក៏ធ្វើដូចនេះដែរ។ (កិច្ចការ ១៥:២៤-២៧, ៣០-៣២) ប្រហែលជាពីរដងក្នុងមួយឆ្នាំ អ្នកបម្រើដែលមានការពិសោធម្នាក់ ដែលហៅថាអ្នកត្រួតត្រាតាមមណ្ឌល បានត្រូវចាត់ឲ្យចំណាយពេលមួយអាទិត្យនៅជាមួយក្រុមជំនុំនិមួយៗដែលនៅក្នុងមណ្ឌលរបស់គាត់។
២១ តើអ្នកត្រួតត្រាតាមមណ្ឌលជួយក្រុមជំនុំនៃប្រជារាស្ត្ររបស់ព្រះយ៉ាងណា?
២១ នៅក្នុងពិភពលោកយើងនេះ មានជាង៦៦.០០០ក្រុមជំនុំនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា ហើយក្រុមជំនុំទាំងនេះបានចែកជាមណ្ឌលនានាដែលផ្គុំឡើងដោយមានប្រហែលជា២០ក្រុមជំនុំក្នុងមណ្ឌលនិមួយៗ។ ពេលដែលធ្វើទស្សនកិច្ចនៅក្រុមជំនុំទាំងឡាយក្នុងមណ្ឌលរបស់គាត់ អ្នកត្រួតត្រាតាមមណ្ឌលជួយលើកទឹកចិត្តពួកស្មរបន្ទាល់ព្រះរាជាណាចក្រ ដោយចូលរួបរួមជាមួយពួកគេក្នុងសកម្មភាពនៃការផ្សាយនិងការបង្រៀន។ ក្រៅពីការលើកទឹកចិត្តពួកគេតាមរបៀបនេះ គាត់ក៏ផ្ដល់នូវយោបល់ផ្សេងៗទៀតដើម្បីជួយពួកគេឲ្យរីកចម្រើនក្នុងកិច្ចបម្រើរបស់ពួកគេ។—កិច្ចការ ២០:២០, ២១
២២ (ក) តើមានការរៀបចំណាទៀត ដែលបានធ្វើឡើងមួយឆ្នាំពីរដងដើម្បីជួយប្រជារាស្ត្ររបស់ព្រះឲ្យបានខ្លាំងមាំមួននោះ? (ខ) តើលោកអ្នកត្រូវបានអញ្ជើញឲ្យចូលរួមអ្វី?
២២ ការលើកទឹកចិត្តនិងការធ្វើឲ្យខ្លាំងមាំមួនត្រូវបានផ្ដល់ថែមទៀត ជាធម្មតាពីរដងក្នុងមួយឆ្នាំ នៅពេលដែលក្រុមជំនុំនានាក្នុងមណ្ឌលនិមួយៗបានប្រមូលជួបជុំគ្នាមកសន្និបាតដែលមានមួយថ្ងៃឬក៏ពីរថ្ងៃ។ នៅក្នុងពិធីទាំងនេះ មានប្រជុំជនប្រហែលជាពីររយឬបីរយនាក់ រហូតដល់២.០០០នាក់ឬក៏ច្រើនជាងនោះទៅទៀត។ យើងខ្ញុំសូមអញ្ជើញលោកអ្នកទៅចូលរួបរួមក្នុងសន្និបាតមួយខាងមុខនេះ នៅក្នុងតំបន់របស់លោកអ្នក។ យើងខ្ញុំមានអារម្មណ៍ជាប្រាកដថា លោកអ្នកនឹងយល់ថាសន្និបាតនេះនឹងធ្វើឲ្យលោកអ្នកមានអារម្មណ៍រីករាយកាន់តែខ្លាំងឡើងខាងវិញ្ញាណនិងជាប្រយោជន៍សំរាប់លោកអ្នកផ្ទាល់ដែរ។
២៣ តើមានការប្រជុំអ្វីផ្សេងទៀត ដែលបានត្រូវប្រតិបត្ដិឡើងមួយឆ្នាំមួយដង? (ខ) តើមហាសន្និបាតមួយក្នុងចំណោមទាំងនេះ មានទំហំប៉ុនណា?
២៣ បន្ទាប់មក មួយឆ្នាំមួយដង មានការប្រជុំយ៉ាងធំមួយទៀតដែលហៅថា មហាសន្និបាតតាមតំបន់ ដែលប្រតិបត្ដិឡើងអស់រយៈពេលបីបួនថ្ងៃ។ សូមលោកអ្នកខំប្រឹងប្រែងមកចូលរួមប្រជុំនិងមើលដោយខ្លួនឯងផ្ទាល់ចុះ ថាតើមហាសន្និបាតបែបនេះអាចជាទីពេញចិត្តនិងប្រកបដោយប្រយោជន៍ជាច្រើនខាងវិញ្ញាណយ៉ាងណាខ្លះ? នៅឆ្នាំខ្លះ ជំនួសមហាសន្និបាតតាមតំបន់ គឺមានមហាសន្និបាតជាតិដ៏ធំមួយ ឬក៏មហាសន្និបាតអន្តរជាតិ។ មហាសន្និបាតដ៏ធំជាងគេបំផុតដែលធ្លាប់បានប្រារព្ធឡើងក្នុងកន្លែងមួយ គឺនៅកីឡាមណ្ឌលយ៉ាង្គីនៃទីក្រុងញូវយ៉ក និងនៅកីឡាដ្ឋានប៉ូឡូ អស់រយៈពេលប្រាំបីថ្ងៃក្នុងឆ្នាំ១៩៥៨។ នៅក្នុងពិធីប្រជុំនោះ មានមនុស្សចំនួន២៥៣.៩២២នាក់បានមកស្ដាប់សេចក្ដីថ្លែងសុន្ទរកថាសាធារណៈដែលមានចំណងជើងថា«ព្រះរាជាណាចក្ររបស់ព្រះបានគ្រប់គ្រងហើយ—តើទីបញ្ចប់របស់លោកីយ៍ជិតមកដល់ហើយឬ»? តាំងពីពេលនោះមក គ្មានកន្លែងណាដែលធំគ្រប់គ្រាន់ដើម្បីទប់ទល់ហ្វូងយ៉ាងធំបែបនេះបានទៀតឡើយ ដូច្នេះការរៀបចំចាត់ចែងទីប្រជុំជនក៏បានធ្វើឡើងនៅតាមទីក្រុងសំខាន់ៗជាច្រើន ដើម្បីប្រើសំរាប់មហាសន្និបាតធំៗ។
ការប្រជុំនៅតាមក្រុមជំនុំ
២៤ តើក្រុមជំនុំនៃប្រជារាស្ត្ររបស់ព្រះ មានកិច្ចប្រជុំទាំងប្រាំណាខ្លះ ជារៀងរាល់អាទិត្យ?
២៤ គណៈអភិបាលនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ាក៏បានចាត់ចែងរៀបចំឲ្យមានកម្មវិធីជាឯកភាពសំរាប់សិក្សាព្រះគម្ពីរ នៅគ្រប់ក្រុមជំនុំនៃប្រជារាស្ត្ររបស់ព្រះយេហូវ៉ាដែរ។ ក្រុមជំនុំនិមួយៗមានកិច្ចប្រជុំចំនួនប្រាំក្នុងមួយអាទិត្យ។ កិច្ចប្រជុំទាំងនេះគឺជាសាលាកិច្ចបម្រើព្រះធិបតេយ្យ ការប្រជុំអប់រំកិច្ចបម្រើ ការប្រជុំសាធារណៈ ការសិក្សាទស្សនាវដ្ដីប៉មយាម និងការសិក្សាតាមក្រុម។ ដោយលោកអ្នកមិនទាន់បានយល់ច្បាស់អំពីការប្រជុំទាំងនេះនៅឡើយ យើងនឹងពណ៌នាដោយសង្ខេបអំពីកិច្ចប្រជុំទាំងនេះ។
២៥, ២៦ តើសាលាកិច្ចបម្រើព្រះធិបតេយ្យនិងការប្រជុំអប់រំកិច្ចបម្រើ មានគោលបំណងដើម្បីអ្វី?
២៥ សាលាកិច្ចបម្រើព្រះធិបតេយ្យ បានរៀបចំឡើងដើម្បីជួយពួកសិស្សឲ្យមានប្រសិទ្ធិភាពរឹតតែច្រើនឡើង ក្នុងការនិយាយទៅអ្នកដទៃអំពីព្រះរាជាណាចក្ររបស់ព្រះ។ យូរៗម្ដង ពួកអ្នកដែលបានចុះឈ្មោះ ឡើងថ្លែងសុន្ទរកថាខ្លីៗអំពីមុខវិជ្ជាតាមបទគម្ពីរ ឲ្យក្រុមប្រជុំជនទាំងមូលស្ដាប់។ បន្ទាប់មកអ្នកចាស់ទុំដែលមានការពិសោធម្នាក់នឹងផ្ដល់នូវយោបល់ដើម្បីធ្វើឲ្យបានប្រសើរឡើង។
២៦ ជាធម្មតា នៅរាត្រីដដែលនោះ ក៏មានការប្រជុំអប់រំកិច្ចបម្រើដែរ។ កម្មវិធីសំរាប់ការប្រជុំនេះបានផ្សាយនៅក្នុងកិច្ចបម្រើព្រះរាជាណាចក្ររបស់យើង ជាប្រកាសនវត្ថុប្រចាំខែមួយដែលមានពីរឬក៏ច្រើនទំព័រ ដែលបានពិនិត្យផ្ទៀងផ្ទាត់ដោយគណៈអភិបាល។ នៅក្នុងកិច្ចប្រជុំនេះ មានការថ្លែងយោបល់ដែលផ្ដល់ប្រយោជន៍និងការសម្ដែងនិទស្សន៍ជាច្រើន អំពីរបៀបដ៏ស័ក្ដិសិទ្ធិនានាក្នុងការនិយាយទៅអ្នកដទៃអំពីសារនៃព្រះរាជាណាចក្រ។ តាមរបៀបដូចគ្នា ព្រះគ្រីស្ទក៏បានលើកទឹកចិត្តពួកអ្នកកាន់តាមទ្រង់ ហើយប្រទានពួកគេនូវការណែនាំអំពីរបៀបប្រតិបត្ដិកិច្ចបម្រើរបស់ពួកគេដែរ។—យ៉ូហាន ២១:១៥-១៧; ម៉ាថាយ ១០:៥-១៤
២៧, ២៨ តើការប្រជុំសាធារណៈ ការសិក្សាទស្សនាវដ្ដីប៉មយាមនិងការសិក្សាតាមក្រុម ជាកិច្ចប្រជុំប្រភេទណា?
២៧ ការប្រជុំសាធារណៈនិងការសិក្សាទស្សនាវដ្ដីប៉មយាម តាមធម្មតាបានធ្វើឡើងនៅថ្ងៃអាទិត្យ។ ការខំប្រឹងប្រែងពិសេសបានធ្វើឡើង ដើម្បីអញ្ជើញពួកអ្នកចាប់អារម្មណ៍ថ្មី ឲ្យចូលរួបរួមក្នុងការប្រជុំសាធារណៈ ដែលជាសុន្ទរកថាតាមបទគម្ពីរមួយ ថ្លែងដោយអ្នកបម្រើដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ម្នាក់។ ការសិក្សាទស្សនាវដ្ដីប៉មយាម ជាការពិភាក្សាដោយសំនួរនិងចម្លើយនៃអត្ថបទតាមបទគម្ពីរដែលបានចុះផ្សាយនៅក្នុងលេខថ្មីៗនៃទស្សនាវដ្ដីប៉មយាម។
២៨ ក្នុងកាលដែលក្រុមជំនុំទាំងមូលមកជួបជុំគ្នានៅក្នុងសាលព្រះរាជាណាចក្រមួយសំរាប់កិច្ចប្រជុំដែលបានពណ៌នានៅខាងលើនេះ ក្រុមតូចៗក៏ប្រជុំគ្នានៅតាមផ្ទះឯកជនសំរាប់ការសិក្សាប្រចាំសប្ដាហ៍ដែរ។ ឧបករណ៍សំរាប់សិក្សាព្រះគម្ពីរមួយ ដូចជាសៀវភៅដែលលោកអ្នកកំពុងអាននេះ បានយកទៅប្រើជាមូលដ្ឋានសំរាប់ការពិភាក្សាអំពីបទគម្ពីរ ដែលអាចមានរយៈពេលមួយម៉ោង។
២៩ (ក) តើបុណ្យរំឭកអ្វី ដែលពួកគ្រីស្ទានត្រូវធ្វើជារៀងរាល់ឆ្នាំ? (ខ) ពួកណាដែលគួរនឹងទទួលទាននំប៉័ងនិងស្រាទំពាំងបាយជូរ?
២៩ បន្ថែមទៅលើកិច្ចប្រជុំទៀងទាត់ទាំងនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាមានកិច្ចប្រជុំពិសេសមួយទៀត ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាបុណ្យខួបនៃមរណភាពរបស់ព្រះយេស៊ូវ។ ពេលដែលទ្រង់បានរៀបចំពិធីបុណ្យរំឭកមរណភាពរបស់ទ្រង់ជាលើកដំបូងនោះ ព្រះយេស៊ូវបានមានបន្ទូលថា៖ «ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ»។ (លូកា ២២:១៩, ២០) ក្នុងពិធីដ៏មិនស្មុគស្មាញមួយនេះ ព្រះយេស៊ូវបានប្រើស្រាទំពាំងបាយជូរនិងនំប៉័ងឥតដំបែជានិមិត្តរូបនៃជីវិតដែលទ្រង់បានបម្រុងនឹងធ្វើជាយញ្ញបូជាសំរាប់មនុស្សលោក។ ដូច្នេះ នៅបុណ្យរំឭកប្រចាំឆ្នាំនេះ ពួកសំណល់ចាក់ប្រេងតាំងនៃពួក១៤៤.០០០នាក់ ជាអ្នកកាន់តាមព្រះយេស៊ូវនៅលើផែនដី បានបង្ហាញឲ្យឃើញនូវសេចក្ដីសង្ឃឹមទៅស្ថានសួគ៌របស់ពួកគេ ដោយទទួលទាននំប៉័ងនិងស្រានោះ។
៣០ (ក) តើពួកណាផ្សេងទៀតដែលគួរនឹងចូលរួបរួមធ្វើបុណ្យរំឭក ហើយតើសេចក្ដីសង្ឃឹមរបស់ពួកគេជាអ្វី? (ខ) តើព្រះយេស៊ូវមានបន្ទូលពណ៌នាយ៉ាងណា អំពីពួកនេះ?
៣០ មនុស្សរាប់លាននាក់ផ្សេងទៀត ដែលចូលរួមក្នុងពិធីបុណ្យរំឭកនៅតាមសាលព្រះរាជាណាចក្រនៅជុំវិញផែនដីទាំងមូលនេះ មានចិត្តរីករាយជាអ្នកពិនិត្យមើល។ ពួកគេក៏ត្រូវបានរំឭកអំពីអ្វីៗដែលព្រះយេហូវ៉ានិងព្រះយេស៊ូវគ្រីស្ទបានធ្វើមក ដែលបើកឲ្យមានលទ្ធភាពអាចរំដោះពួកគេពីអំពើបាបនិងសេចក្ដីស្លាប់នោះ។ ប៉ុន្តែជាជាងរង់ចាំដោយរីករាយចំពោះជីវិតនៅស្ថានសួគ៌ ពួកគេសប្បាយនឹងសេចក្ដីសង្ឃឹមចំពោះការរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដីវិញ។ ពួកគេដូចជាលោកយ៉ូហាន-បាទីស្ទដែរ ដែលបាននិយាយអំពីខ្លួនគាត់ជា«ពួកមិត្តសំឡាញ់របស់កូនកម្លោះ» ជាជាងជាផ្នែកនៃពួកប្រពន្ធថ្មោងថ្មីរបស់ព្រះគ្រីស្ទដែលមាន១៤៤.០០០នាក់នោះ។ (យ៉ូហាន ៣:២៩, ពថ) ពួករាប់លាននាក់នេះជាផ្នែកនៃពួក«ចៀមឯទៀត» ដែលព្រះយេស៊ូវបានមានបន្ទូលមក។ ពួកគេមិនមែនជាសមាជិកនៃពួក«ហ្វូងតូច»ទេ។ ផ្ទុយទៅវិញ ព្រះយេស៊ូវបានមានបន្ទូលថា ពួកគេបម្រើដោយសាមគ្គីភាពជាមួយនឹងពួក«ហ្វូងតូច»ដើម្បីទាំងអស់នឹងបាន«ជាហ្វូងតែ១»វិញ។—យ៉ូហាន ១០:១៦; លូកា ១២:៣២
ការបម្រើព្រះជាមួយនឹងអង្គការរបស់ទ្រង់
៣១ តើមានសក្ខីភាពណា ដែលថាព្រះទ្រង់មិនពេញព្រះហឫទ័យនឹងពួកណាដែលនៅមានចំណែកនឹងសាសនាមិនពិត ហើយដំណាលគ្នានោះខំព្យាយាមឲ្យមានចំណែកនឹងអង្គការរបស់ទ្រង់ដែរ?
៣១ ជាការច្បាស់យ៉ាងណាទៅហ្ន៎ ដែលព្រះយេហូវ៉ាទ្រង់មានអង្គការដែលមើលឃើញមួយនៅសព្វថ្ងៃនេះ ក៏ដូចនៅសម័យអតីតកាលនោះដែរ! ទ្រង់កំពុងតែប្រើអង្គការនេះសព្វថ្ងៃ ក្នុងការបង្ហាត់មនុស្សម្នាដើម្បីជីវិតនៅក្នុងរបបថ្មីដ៏សុចរិតរបស់ទ្រង់។ ក៏ប៉ុន្តែ យើងមិនអាចមានចំណែកនឹងអង្គការរបស់ព្រះ ហើយនៅពេលដំណាលគ្នានោះមានចំណែកនឹងសាសនាមិនពិតបានទេ។ ព្រះបន្ទូលរបស់ព្រះចែងថា៖ «កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្ដីសុចរិត នឹងសេចក្ដីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺ នឹងងងឹតលាយឡំគ្នាដូចម្ដេចបាន? . . . ឬអ្នកជឿមានចំណែកអ្វីនឹងអ្នកដែលមិនជឿ»? ដូច្នេះ ព្រះបានបញ្ជាថា៖ «ចូរចេញពីកណ្ដាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក»។—កូរិនថូសទី២ ៦:១៤-១៧
៣២ (ក) ប្រសិនបើយើងចង់ «ចេញពីកណ្ដាលពួកគេ»នោះ តើយើងត្រូវធ្វើយ៉ាងណា? (ខ) តើពរអ្វីខ្លះដែលយើងនឹងទទួល ប្រសិនបើយើងសម្រេចចិត្តដ៏ម៉ឺងម៉ាត់ ដើម្បីបម្រើព្រះជាមួយនឹងអង្គការព្រះធិបតេយ្យដែលមើលឃើញរបស់ទ្រង់នោះ?
៣២ តើការ«ចេញពីកណ្ដាលពួកគេ» មានន័យយ៉ាងណា? យើងមិនអាចថា យើងជាអ្នកគោរពបទបញ្ជានេះបានឡើយ បើយើងនៅតែមានចំណែកឬក៏យើងផ្ដល់នូវការគាំទ្រដល់អង្គការសាសនាផ្សេងទៀត ក្រៅពីអង្គការដែលព្រះយេហូវ៉ាកំពុងតែប្រើនេះ។ ដូច្នេះ ប្រសិនបើអ្នកណាម្នាក់នៃពួកយើង នៅតែជារបស់ផងនៃអង្គការសាសនាបែបនោះ យើងត្រូវតែជំរាបឲ្យអង្គការសាសនានោះដឹងជាផ្លូវការថា យើងនឹងដកខ្លួនចេញពីអង្គការនោះ។ ប្រសិនបើឥឡូវនេះ យើងចាកចេញពីពួកដែលអនុវត្តនូវសាសនាមិនពិត ហើយសម្រេចចិត្តដ៏ម៉ឺងម៉ាត់ក្នុងការបម្រើព្រះជាមួយនឹងអង្គការដែលមើលឃើញរបស់ទ្រង់ យើងនឹងទៅជាមនុស្សម្នាក់ក្នុងចំណោមពួកដែលព្រះមានបន្ទូលថា៖ «អញនឹងនៅក្នុងគេ ហើយនឹងដើរជាមួយផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្រដល់អញ»។—កូរិនថូសទី២ ៦:១៦
[រូបភាពនៅទំព័រ១៩២]
នៅសម័យទឹកជំនន់ តើព្រះទ្រង់មានអង្គការច្រើនជាងមួយឬ?
[រូបភាពនៅទំព័រ១៩៦]
មន្ទីរចាត់ការពិភពលោករបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា
ការិយាល័យនីតិប្រតិបត្ដិ
ប្រព័ន្ធកុំព្យូទ័រ
រោងពុម្ពនៅប៊្រុគ្លីន
ម៉ាស៊ីនបោះពុម្ពបង្វិល
រោងចក្រដេរសៀវភៅ
កន្លែងសំរាប់ដឹកជញ្ជូន
[រូបភាពនៅទំព័រ១៩៧]
រោងពុម្ពខ្លះនៃរោងពុម្ព ជាច្រើនទៀតរបស់សមាគមប៉មយាម
ប្រទេសអាហ្វ្រិកខាងត្បូង
ក្រុងវ៉ាលគីល រដ្ឋញូវយ៉ក
ប្រទេសកាណាដា
ប្រទេសប្រេហ្ស៊ីល
ប្រទេសអង់គ្លេស
[រូបភាពនៅទំព័រ១៩៨]
ពួកខ្លះនៃពួកប្រជុំជន២៥៣.៩២២នាក់ នៅមហាសន្និបាតនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ាមួយ នៅទីក្រុងញូវយ៉ក
កីឡាដ្ឋានប៉ូឡូ
កីឡាមណ្ឌលយ៉ាង្គី
[រូបភាពនៅទំព័រ២០១]
កម្មវិធីនៃការបង្រៀនព្រះគម្ពីរត្រូវបានទទួលដោយបណ្ដាជននៅឯទីប្រជុំនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា