ជំពូកទី២៤
តើយើងនៅក្រោមក្រិត្យទាំងដប់ប្រការឬទេ?
១ តើក្រិត្យវិន័យអ្វី ដែលលោកម៉ូសេនាំយកទៅឲ្យប្រជាជននោះ?
តើក្រិត្យវិន័យមួយណាដែលព្រះយេហូវ៉ាមានព្រះហឫទ័យចង់ឲ្យយើងគោរពតាម? តើយើងត្រូវតែកាន់តាមអ្វីដែលព្រះគម្ពីរបានចែងថា «ក្រិត្យវិន័យរបស់លោកម៉ូសេ» ឬក៏ជួនកាលជា «ក្រិត្យវិន័យ»ឬ? (ពង្សាវតារក្សត្រទី១ ២:៣; ទីតុស ៣:៩) ក្រិត្យវិន័យនេះក៏ហៅថា «ក្រិត្យវិន័យព្រះយេហូវ៉ា»ដែរ ពីព្រោះទ្រង់ជាព្រះអង្គដែលបានប្រទានទាំងនេះមក។ (របាក្សត្រទី១ ១៦:៤០) លោកម៉ូសេគ្រាន់តែនាំយកក្រិត្យវិន័យនេះទៅឲ្យប្រជាជនប៉ុណ្ណោះ។
២ តើក្រិត្យវិន័យនេះផ្គុំឡើងពីអ្វី?
២ ក្រិត្យវិន័យរបស់លោកម៉ូសេ ផ្គុំឡើងពីវិន័យផ្សេងៗគ្នាច្រើនជាង៦០០ច្បាប់ ឬក៏ក្រិត្យ ដែលរួមបញ្ចូលទាំងក្រិត្យ១០ប្រការដ៏សំខាន់បំផុតផង។ ដូចជាលោកម៉ូសេបានមានប្រសាសន៍មកថា៖ «ទ្រង់[ព្រះយេហូវ៉ា]បានបង្គាប់ឲ្យឯងរាល់គ្នាប្រព្រឹត្តតាម គឺជាក្រិត្យទាំង ១០ ប្រការ ហើយទ្រង់ក៏ចារឹកកត់ក្រិត្យទាំងនោះ ចុះនៅបន្ទះថ្ម ២ ផ្ទាំង»។ (ចោទិយកថា ៤:១៣; និក្ខមនំ ៣១:១៨) ប៉ុន្តែ តើព្រះយេហូវ៉ាបានប្រទានក្រិត្យវិន័យនោះ ព្រមទាំងក្រិត្យទាំងដប់ប្រការទៅឲ្យអ្នកណា? តើទ្រង់បានប្រទានទៅមនុស្សលោកទាំងអស់ឬ? តើគោលបំណងនៃក្រិត្យវិន័យនោះជាអ្វី?
ឲ្យទៅសាសន៍អ៊ីស្រាអែលសំរាប់គោល បំណងពិសេសមួយ
៣ តើយ៉ាងណាបានជាយើងដឹងថា ក្រិត្យវិន័យនោះបានត្រូវប្រទានមកសំរាប់តែសាសន៍អ៊ីស្រាអែលប៉ុណ្ណោះ?
៣ ក្រិត្យវិន័យមិនបានប្រទានមកសំរាប់មនុស្សលោកទាំងអស់ទេ។ ព្រះយេហូវ៉ាទ្រង់បានធ្វើកិច្ចព្រមព្រៀង ឬកិច្ចសន្យាមួយ ជាមួយនឹងកូនចៅរបស់លោកយ៉ាកុប ដែលបានទៅជាសាសន៍អ៊ីស្រាអែល។ ព្រះយេហូវ៉ាបានប្រទានក្រិត្យវិន័យរបស់ទ្រង់ សំរាប់តែប្រជាជាតិនេះប៉ុណ្ណោះ។ ព្រះគម្ពីរបានចែងយ៉ាងច្បាស់អំពីរឿងនេះនៅក្នុង ចោទិយកថា ៥:១-៣ និង ទំនុកដំកើង ១៤៧:១៩, ២០។
៤ ហេតុអ្វីក៏ក្រិត្យវិន័យបានត្រូវប្រទានទៅសាសន៍អ៊ីស្រាអែល?
៤ សាវកប៉ុលបានសួរថា៖ «ដូច្នេះ តើហេតុអ្វីបានជាមានក្រិត្យវិន័យ»? មែនហើយ តើសំរាប់គោលបំណងអ្វី ដែលព្រះយេហូវ៉ាបានប្រទានក្រិត្យវិន័យទៅជនជាតិអ៊ីស្រាអែលនោះ? ប៉ុលបានឆ្លើយថា៖ «នោះគឺបានបន្ថែមបញ្ចូល ដោយព្រោះសេចក្ដីរំលងច្បាប់ ទាល់តែពូជបានកើតឡើង ដែលទ្រង់តាំងសេចក្ដីសន្យានោះឲ្យ . . . បានជាក្រិត្យវិន័យធ្វើជាអ្នកដឹកនាំ[ឬក៏គ្រូ]យើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ»។ (កាឡាទី ៣:១៩-២៤) គោលបំណងពិសេសនៃក្រិត្យវិន័យនេះគឺ សំរាប់ការពារនិងដឹកនាំសាសន៍អ៊ីស្រាអែល ដើម្បីឲ្យពួកគេអាចត្រៀមខ្លួនចាំទទួលព្រះគ្រីស្ទពេលដែលទ្រង់បានយាងមក។ យញ្ញបូជាទាំងឡាយដែលបានតម្រូវដោយសារក្រិត្យវិន័យនោះ បានរំឭកជនជាតិអ៊ីស្រាអែលឲ្យដឹងថា ពួកគេជាមនុស្សមានបាបដែលត្រូវការអ្នកសង្គ្រោះម្នាក់ជាចាំបាច់។—ហេព្រើរ ១០:១-៤
«ព្រះគ្រីស្ទជាចុងបំផុតនៃក្រិត្យវិន័យ»
៥ ពេលដែលព្រះគ្រីស្ទបានយាងមក ហើយបានទទួលមរណភាពសំរាប់យើងនោះ តើមានអ្វីកើតឡើងដល់ក្រិត្យវិន័យនោះ?
៥ ត្រូវហើយ ព្រះយេស៊ូវគ្រីស្ទគឺជាអ្នកសង្គ្រោះ១អង្គ ដែលបានសន្យាមកនោះ សូម្បីតែទេវតាក៏បានប្រកាសដូច្នេះនៅទីកំណើតរបស់ទ្រង់ដែរ។ (លូកា ២:៨-១៤) ដូច្នេះពេលដែលព្រះគ្រីស្ទបានយាងមក ហើយបានប្រទានព្រះជន្មដ៏ល្អឥតខ្ចោះរបស់ទ្រង់ជាយញ្ញបូជានោះ តើមានអ្វីកើតឡើងដល់ក្រិត្យវិន័យនោះ? គឺបានត្រូវដកយកចេញ។ ប៉ុលបានពន្យល់ថា៖ «យើងមិនមែននៅក្រោមអំណាច របស់អ្នកដឹកនាំនោះទៀតទេ»។ (កាឡាទី ៣:២៥) ការដកយកចេញនូវក្រិត្យវិន័យនេះ ជាការធូរស្បើយមួយចំពោះជនជាតិអ៊ីស្រាអែល។ ក្រិត្យនេះបានបង្ហាញឲ្យឃើញថា ពួកគេជាមនុស្សមានបាប ពីព្រោះពួកគេទាំងអស់មិនអាចកាន់តាមក្រិត្យវិន័យនោះឲ្យបានល្អគ្រប់សព្វឡើយ។ ប៉ុលបានមានប្រសាសន៍ថា៖ «ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្ដីបណ្ដាសារបស់ក្រិត្យវិន័យ»។ (កាឡាទី ៣:១០-១៤) ដូច្នេះ ព្រះគម្ពីរក៏បានចែងទៀតថា៖ «ព្រះគ្រីស្ទជាចុងបំផុតនៃក្រិត្យវិន័យ»។—រ៉ូម ១០:៤; ៦:១៤
៦ (ក) នៅពេលដែលក្រិត្យវិន័យនេះបានចប់ទៅ តើមានលទ្ធផលយ៉ាងណាទៅលើជនជាតិអ៊ីស្រាអែលនិងជនជាតិផ្សេងទៀត ហើយមកពីហេតុអ្វី? (ខ) តើសកម្មភាពអ្វី ដែលព្រះយេហូវ៉ាបានធ្វើចំពោះក្រិត្យវិន័យនេះ?
៦ តាមពិតទៅ ក្រិត្យវិន័យនេះបានធ្វើជារបាំង ឬក៏«ជញ្ជាំង»មួយរវាងជនជាតិអ៊ីស្រាអែល និងជនជាតិផ្សេងទៀត ដែលមិននៅក្រោមក្រិត្យវិន័យនេះ។ ប៉ុន្តែ ដោយសារយញ្ញបូជានៃព្រះជន្មរបស់ទ្រង់ ព្រះគ្រីស្ទ «បំបាត់ក្រិត្យវិន័យដែលមានបញ្ញត្ត នឹងសេចក្ដីហាមប្រាមទាំងប៉ុន្មានចេញ ដើម្បីឲ្យបានយកទាំង ២ [ជនជាតិអ៊ីស្រាអែល និងក្រៅពីជនជាតិអ៊ីស្រាអែល]មក បង្កើតជាមនុស្សថ្មីតែ ១ ក្នុងព្រះអង្គទ្រង់»។ (អេភេសូរ ២:១១-១៨) ចំពោះសកម្មភាពដែលព្រះយេហូវ៉ាទ្រង់បានធ្វើដោយអង្គទ្រង់ ទៅលើក្រិត្យវិន័យរបស់លោកម៉ូសេ យើងអានថា៖ «ទ្រង់ . . . បានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នា ទាំងលុបចោលសេចក្ដីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្ដីបញ្ញត្ត[រួមទាំងក្រិត្យដប់ប្រការ] ដែលប្រទាំងនឹងយើង[ពីព្រោះតែការថ្កោលថាជនជាតិអ៊ីស្រាអែលជាមនុស្សមានបាប] ហើយទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង»។ (កូល៉ុស ២:១៣, ១៤) ដូច្នេះ ដោយសារយញ្ញបូជាដ៏ល្អឥតខ្ចោះនៃព្រះគ្រីស្ទ ក្រិត្យវិន័យនេះបានត្រូវដល់ទីបញ្ចប់។
៧, ៨ តើមានភស្តុតាងអ្វី ដែលបញ្ជាក់ថាក្រិត្យវិន័យមិនបានចែកទៅជាពីរផ្នែកទេនោះ?
៧ ប៉ុន្តែ អ្នកខ្លះនិយាយថា ក្រិត្យវិន័យបានត្រូវចែកជាពីរផ្នែកគឺ៖ ក្រិត្យទាំងដប់ប្រការ និងក្រិត្យវិន័យឯទៀត។ ពួកគេថា ក្រិត្យវិន័យឯទៀតនោះបានត្រូវចប់ហើយ តែក្រិត្យទាំងដប់ប្រការនៅធរមាននៅឡើយ។ ប៉ុន្តែ នេះមិនមែនជាការពិតទេ។ នៅក្នុងធម្មទានរបស់ទ្រង់នៅលើភ្នំ ព្រះយេស៊ូវបានស្រង់ពាក្យពីក្រិត្យទាំងដប់ប្រការ ហើយព្រមទាំងពីផ្នែកផ្សេងទៀតនៃក្រិត្យវិន័យដែរ តែមិនបានធ្វើការបែងចែកពីគ្នាឡើយ។ ដូច្នេះ ព្រះយេស៊ូវបានបង្ហាញថា ក្រិត្យវិន័យរបស់លោកម៉ូសេមិនបានចែកជាពីរផ្នែកទេ។—ម៉ាថាយ ៥:២១-៤២
៨ សូមកត់សម្គាល់ទៀត អំពីអ្វីដែលសាវកប៉ុលត្រូវបានញ៉ាំងដោយវិញ្ញាណព្រះឲ្យសរសេរថា៖ «ឥឡូវនេះ យើងបានរួចពីក្រិត្យវិន័យហើយ»។ តើនេះគ្រាន់តែជាក្រិត្យវិន័យផ្សេងទៀតក្រៅពីក្រិត្យទាំងដប់ប្រការឬ ដែលជនជាតិយូដាបានរួចនោះ? មិនមែនទេ ពីព្រោះប៉ុលបានមានប្រសាសន៍បន្តទៅទៀតថា៖ «មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រិត្យវិន័យចេញ ដ្បិតបើសិនក្រិត្យវិន័យមិនបានថា ‹កុំឲ្យលោភ› នោះខ្ញុំឥតបានដឹងថាមានសេចក្ដីលោភផងឡើយ»។ (រ៉ូម ៧:៦, ៧; និក្ខមនំ ២០:១៧) ដោយព្រោះ«កុំឲ្យលោភ» ជាក្រិត្យចុងក្រោយបង្អស់នៃក្រិត្យទាំងដប់ប្រការនោះ រឿងនេះបានសេចក្ដីថា ជនជាតិអ៊ីស្រាអែលក៏បានរួចពីក្រិត្យវិន័យទាំងដប់ប្រការដែរ។
៩ អ្វីដែលបង្ហាញថាក្រិត្យវិន័យឈប់សំរាកប្រចាំសប្ដាហ៍ បានត្រូវលប់ចោលដែរនោះ?
៩ តើរឿងនេះមានន័យថាក្រិត្យវិន័យនៃការកាន់ថ្ងៃឈប់សំរាកប្រចាំសប្ដាហ៍ ដែលជាក្រិត្យវិន័យទីបួននៃក្រិត្យទាំងដប់ប្រការនោះ ក៏បានដកយកចេញដែរឬ? មែនហើយ គឺពិតជាបានដកយកចេញមែន។ អ្វីៗដែលព្រះគម្ពីរបានចែងនៅក្នុង កាឡាទី ៤:៨-១១ និង កូល៉ុស ២:១៦, ១៧ បានបង្ហាញថា គ្រីស្ទានមិននៅក្រោមក្រិត្យវិន័យរបស់ព្រះដែលបានប្រទានទៅជនជាតិអ៊ីស្រាអែលទេ ព្រមទាំងការតម្រូវឲ្យកាន់ថ្ងៃឈប់សំរាកប្រចាំសប្ដាហ៍ និងការកាន់ថ្ងៃពិសេសផ្សេងទៀតប្រចាំឆ្នាំដែរ។ ការកាន់ថ្ងៃឈប់សំរាកប្រចាំសប្ដាហ៍ មិនមែនជាសេចក្ដីតម្រូវសំរាប់ពួកគ្រីស្ទានទេ ហើយរឿងនេះក៏អាចឃើញនៅក្នុង រ៉ូម ១៤:៥ដែរ។
ក្រិត្យវិន័យដែលទាក់ទងពួកគ្រីស្ទាន
១០ (ក) តើពួកគ្រីស្ទានស្ថិតនៅក្រោមក្រិត្យវិន័យណា? (ខ) តើក្រិត្យវិន័យភាគច្រើនត្រូវបានយកចេញពីទីណា ហើយហេតុអ្វីក៏ជាការសមហេតុសមផល ដែលក្រិត្យវិន័យទាំងនេះបានយកចេញពីទីនោះ?
១០ ដោយពួកគ្រីស្ទានមិននៅក្រោមក្រិត្យទាំងដប់ប្រការនោះ តើនេះមានន័យថា ពួកគេមិនបាច់កាន់ក្រិត្យណាសោះឬ? មិនមែនដូច្នោះទេ។ ព្រះយេស៊ូវបានបង្ហាញនូវ‹កិច្ចព្រមព្រៀងថ្មី›មួយ ដែលមានមូលដ្ឋានទៅលើយញ្ញបូជាដ៏ប្រសើរ គឺជាជីវិតមនុស្សល្អឥតខ្ចោះរបស់ទ្រង់ផ្ទាល់។ ពួកគ្រីស្ទានបានមកនៅក្រោមកិច្ចព្រមព្រៀងថ្មីនេះ ហើយស្ថិតនៅក្រោមក្រិត្យវិន័យរបស់គ្រីស្ទាន។ (ហេព្រើរ ៨:៧-១៣; លូកា ២២:២០) ភាគច្រើននៃក្រិត្យវិន័យទាំងនេះបានយកមកពីក្រិត្យវិន័យរបស់លោកម៉ូសេ។ ហើយនេះជាការធម្មតាទេ។ រឿងស្រដៀងគ្នាតែងតែកើតឡើងដែរ នៅពេលដែលរដ្ឋាភិបាលថ្មីមួយបានទទួលការគ្រប់គ្រងទៅលើប្រទេសមួយ។ រដ្ឋធម្មនុញ្ញនៅក្រោមរដ្ឋាភិបាលចាស់អាចលប់ចោលឬក៏ប្ដូរបាន ប៉ុន្តែរដ្ឋធម្មនុញ្ញថ្មីអាចរក្សាទុកច្បាប់ជាច្រើនរបស់រដ្ឋធម្មនុញ្ញចាស់។ តាមរបៀបស្រដៀងគ្នា កិច្ចព្រមព្រៀងខាងក្រិត្យវិន័យបានមកដល់ទីបញ្ចប់ ប៉ុន្តែក្រិត្យវិន័យសំខាន់ៗ និងគោលការណ៍ភាគច្រើន ត្រូវបានយកមកប្រើក្នុងសាសនាគ្រីស្ទាន។
១១ តើក្រិត្យវិន័យឬសេចក្ដីបង្រៀនណាខ្លះដែលបានផ្ដល់មកពួកគ្រីស្ទាន ដែលស្រដៀងនឹងក្រិត្យទាំងដប់ប្រការនោះ?
១១ សូមកត់ចំណាំការពិតអំពីរឿងនេះ នៅពេលដែលលោកអ្នកអានក្រិត្យទាំងដប់ប្រការនៅទំព័រ២០៣ ហើយបន្ទាប់មក សូមប្រៀបធៀបជាមួយនឹងក្រិត្យវិន័យ និងសេចក្ដីបង្រៀនគ្រីស្ទានដូចតទៅនេះ៖ «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់[ព្រះយេហូវ៉ា, ពថ] ជាព្រះនៃឯង» (ម៉ាថាយ ៤:១០; កូរិនថូសទី១ ១០:២០-២២) «ចូរឲ្យអ្នករាល់គ្នារក្សាខ្លួនឲ្យផុតពីរូបព្រះចេញ»។ (យ៉ូហានទី១ ៥:២១; កូរិនថូសទី១ ១០:១៤) «ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ[កុំឲ្យប្រើជាអសារឥតការឡើយ]»។ (ម៉ាថាយ ៦:៩) «ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់មាតាបិតាខ្លួន»។ (អេភេសូរ ៦:១, ២) ហើយព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា ឃាតករ ការប្រព្រឹត្តអំពើកំផិត ចោរកម្ម ការភូតកុហក និងការលោភ ក៏ជាការប្រឆាំងនឹងក្រិត្យវិន័យសំរាប់គ្រីស្ទានដែរ។—វិវរណៈ ២១:៨; យ៉ូហានទី១ ៣:១៥; ហេព្រើរ ១៣:៤; ថែស្សាឡូនីចទី១ ៤:៣-៧; អេភេសូរ ៤:២៥, ២៨; កូរិនថូសទី១ ៦:៩-១១; លូកា ១២:១៥; កូល៉ុស ៣:៥
១២ តើគោលការណ៍នៃក្រិត្យវិន័យសំរាប់ថ្ងៃឈប់សំរាកបន្តទៅក្នុងរបៀបរៀបចំគ្រីស្ទានយ៉ាងណា?
១២ ទោះបីពួកគ្រីស្ទានមិនបានត្រូវបញ្ជាឲ្យកាន់ថ្ងៃឈប់សំរាកប្រចាំសប្ដាហ៍ក៏ដោយ ក៏យើងបានរៀនដឹងខ្លះៗពីរបៀបរៀបចំនេះដែរ។ ជនជាតិអ៊ីស្រាអែលបានសំរាកក្នុងន័យមែនទែន ប៉ុន្តែពួកគ្រីស្ទានត្រូវសំរាកក្នុងន័យវិញ្ញាណវិញ។ តើយ៉ាងណាទៅ? ដោយព្រោះតែសេចក្ដីជំនឿនិងការគោរពស្ដាប់បង្គាប់ ជនគ្រីស្ទានពិតត្រូវបោះបង់ចោលនូវការប្រព្រឹត្តកិច្ចការអញនិយម។ កិច្ចការអញនិយមទាំងនេះ រួមបញ្ចូលទាំងការខំប្រឹងប្រែងបង្កើតសេចក្ដីសុចរិតសំរាប់ខ្លួនឯងដែរ។ (ហេព្រើរ ៤:១០) ការសំរាកខាងឯវិញ្ញាណនេះមិនគ្រាន់តែកាន់មួយថ្ងៃក្នុងមួយអាទិត្យទេ គឺទាំងប្រាំពីរថ្ងៃ។ សេចក្ដីតម្រូវនៃក្រិត្យវិន័យសំរាប់ថ្ងៃឈប់សំរាកមែនទែននោះ គឺឲ្យលើកយកមួយថ្ងៃសំរាប់ប្រយោជន៍ខាងឯវិញ្ញាណ ដើម្បីការពារជនជាតិអ៊ីស្រាអែលពីការប្រើពេលវេលាទាំងអស់របស់ពួកគេដោយអញនិយម ក្នុងការស្វែងរកនូវផលប្រយោជន៍ខាងវត្ថុសំរាប់ខ្លួននោះ។ ការអនុវត្តន៍នូវគោលការណ៍នេះជារៀងរាល់ថ្ងៃក្នុងផ្លូវវិញ្ញាណ អាចការពារនឹងវត្ថុនិយមកាន់តែស័ក្ដិសិទ្ធិខ្លាំងឡើង។
១៣ (ក) តើក្រិត្យវិន័យណា ដែលពួកគ្រីស្ទានបានត្រូវណែនាំឲ្យសម្រេចតាម ហើយតើពួកគេសម្រេចការនេះបានយ៉ាងណា? (ខ) តើក្រិត្យវិន័យណា ដែលព្រះយេស៊ូវបានបញ្ជាក់ថាជាការសំខាន់នោះ? (គ) តើក្រិត្យវិន័យណាជាមូលដ្ឋាននៃក្រិត្យវិន័យរបស់លោកម៉ូសេទាំងមូលនោះ?
១៣ ដូច្នេះ ពួកគ្រីស្ទានបានត្រូវណែនាំឲ្យ«សំរេចតាមក្រិត្យវិន័យនៃព្រះគ្រីស្ទ» ជាជាងកាន់ក្រិត្យទាំងដប់ប្រការនោះ។ (កាឡាទី ៦:២) ព្រះយេស៊ូវបានប្រទាននូវបទបញ្ជានិងគោលការណ៍ជាច្រើន ហើយដោយសារការគោរពស្ដាប់បង្គាប់តាមការទាំងនោះ យើងនឹងកាន់តាមឬសម្រេចតាមក្រិត្យវិន័យរបស់ទ្រង់។ ជាពិសេស ព្រះយេស៊ូវបានបញ្ជាក់អំពីការសំខាន់នៃសេចក្ដីស្រឡាញ់។ (ម៉ាថាយ ២២:៣៦-៤០; យ៉ូហាន ១៣:៣៤, ៣៥) មែនហើយ ស្រឡាញ់អ្នកដទៃ ជាក្រិត្យវិន័យមួយរបស់គ្រីស្ទាន។ នេះជាមូលដ្ឋាននៃក្រិត្យវិន័យរបស់លោកម៉ូសេទាំងមូល ដូចជាព្រះគម្ពីរបានចែងថា៖ «ក្រិត្យវិន័យទាំងមូល បានសំរេចមកក្នុងពាក្យតែ ១ ម៉ាត់នេះថា ‹ចូរឯងស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯង›»។—កាឡាទី ៥:១៣, ១៤; រ៉ូម ១៣:៨-១០
១៤ (ក) តើនឹងមានលទ្ធផលល្អណា ពីការសិក្សានិងការអនុវត្តន៍របស់យើង នូវគោលការណ៍នៃក្រិត្យវិន័យរបស់លោកម៉ូសេនោះ? (ខ) តើសេចក្ដីស្រឡាញ់ជម្រុញយើងឲ្យធ្វើអ្វី?
១៤ ក្រិត្យវិន័យដែលបានប្រទានមកតាមរយៈលោកម៉ូសេ ជាមួយនឹងក្រិត្យទាំងដប់ប្រការ គឺជាក្រិត្យវិន័យដ៏សុចរិតមួយច្បាប់ពីព្រះ។ ហើយសព្វថ្ងៃនេះ ទោះបីជាយើងមិននៅក្រោមក្រិត្យវិន័យនោះក៏ដោយ តែគោលការណ៍របស់ព្រះដែលសំអាងលើក្រិត្យនោះ ក៏នៅមានតម្លៃដ៏ធំធេងសំរាប់យើងដែរ។ ដោយសារការសិក្សានិងការអនុវត្តន៍ក្រិត្យវិន័យទាំងនោះ សេចក្ដីអំណរគុណរបស់យើងនឹងលូតលាស់ឡើងចំពោះអ្នកផ្ដល់នូវក្រិត្យវិន័យដ៏ខ្ពង់ខ្ពស់បំផុតនេះ គឺព្រះយេហូវ៉ា។ ប៉ុន្តែ ជាពិសេស យើងត្រូវសិក្សា និងអនុវត្តក្នុងជីវិតរបស់យើង នូវក្រិត្យវិន័យនិងសេចក្ដីបង្រៀនរបស់គ្រីស្ទាន។ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា នឹងជម្រុញយើងឲ្យគោរពអ្វីទាំងអស់ ដែលឥឡូវនេះទ្រង់តម្រូវពីយើង។—យ៉ូហានទី១ ៥:៣
[ប្រអប់នៅទំព័រ២០៣]
ក្រិត្យទាំងដប់ប្រការ
១. «អញនេះគឺយេហូវ៉ា ជាព្រះនៃឯង . . . កុំឲ្យមានព្រះឯណាទៀតនៅចំពោះមុខអញឲ្យសោះ។
២. «កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្ដិតាម នោះឡើយ . . .
៣. «កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងជាអសារឥតការឡើយ . . .
៤. «ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ ក្នុងរវាង ៦ ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី ៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនឯងឬកូនប្រុសកូនស្រីឯងក្ដី . . .
៥. «ចូរឲ្យគោរពប្រតិបត្ដិដល់ឪពុកម្ដាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ។
៦. «កុំឲ្យសំឡាប់មនុស្សឲ្យសោះ។
៧. «កុំឲ្យផិតគ្នាឲ្យសោះ។
៨. «កុំឲ្យលួចប្លន់ឲ្យសោះ។
៩. «កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ។
១០. «កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ ក៏កុំឲ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្ដី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ»។—និក្ខមនំ ២០:២-១៧
[រូបភាពនៅទំព័រ២០៤, ២០៥]
ក្រិត្យវិន័យបានប្រើជាជញ្ជាំងមួយរវាងជនជាតិអ៊ីស្រាអែលនិងជនជាតិដទៃ