នេះហើយជាគ្រាប្រោសឲ្យ«រស់ឡើងវិញជាន់មុនដំបូង»!
«ពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់»។—ថែស្សាឡូនីចទី១ ៤:១៦
១, ២. (ក) តើមានសេចក្ដីសង្ឃឹមអ្វីសម្រាប់មនុស្សស្លាប់? (ខ) ហេតុអ្វីក៏អ្នកជឿថាមនុស្សស្លាប់អាចរស់ឡើងវិញបាន? (សូមមើលសម្គាល់ហេតុដែរ)
«មនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន»។ នេះជាការពិតមែន តាំងពីអ័ដាមបានធ្វើបាប។ ទូទាំងប្រវត្ដិសាស្ត្រ មនុស្សដែលកើតមកដឹងថា នៅទីបំផុតខ្លួនត្រូវស្លាប់ជាមិនខាន។ ដូច្នេះ មនុស្សជាច្រើនចេះតែឆ្ងល់ថា ‹តើអ្វីកើតឡើងក្រោយយើងស្លាប់? តើមនុស្សស្លាប់ស្ថិតក្នុងស្ថានភាពបែបណា?›។ ព្រះគម្ពីរឆ្លើយថា៖ «មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។—សាស្ដា ៩:៥
២ បើដូច្នេះ តើមានសេចក្ដីសង្ឃឹមសម្រាប់មនុស្សស្លាប់ឬទេ? ពិតជាមានសង្ឃឹមមែន ដ្បិតមនុស្សស្លាប់ត្រូវមានសេចក្ដីសង្ឃឹមទើបព្រះយេហូវ៉ាអាចសម្រេចបំណងដើមរបស់ទ្រង់ចំពោះមនុស្សជាតិ។ រាប់រយឆ្នាំហើយ មនុស្សស្មោះត្រង់បានបម្រើព្រះយេហូវ៉ាដោយជឿទៅលើសេចក្ដីសន្យារបស់ទ្រង់ ថាមានពូជមួយដែលនឹងបំផ្លាញសាតាំងចោល ព្រមទាំងបំបាត់អំពើអាក្រក់ដែលបណ្ដាលមកពីវាដែរ។ (លោកុប្បត្តិ ៣:១៥) អ្នកបម្រើព្រះភាគច្រើននោះបានស្លាប់អស់ហើយ។ ដូច្នេះ ព្រះយេហូវ៉ាត្រូវប្រោសពួកគេឲ្យរស់ឡើងវិញទើបពួកគេអាចឃើញនូវការសម្រេចនៃសេចក្ដីសន្យានោះនិងសេចក្ដីសន្យាឯទៀតរបស់ព្រះយេហូវ៉ា។ (ហេព្រើរ ១១:១៣) តើមនុស្សស្លាប់ពិតជាអាចរស់ឡើងវិញបានទេ? ពួកគេពិតជាអាចរស់ម្ដងទៀតបាន។ សាវ័កប៉ុលមានប្រសាសន៍ថា៖ «ទាំងមនុស្សសុចរិតនឹងមនុស្សទុច្ចរិតនឹងបានរស់ឡើងវិញទាំងអស់គ្នា»។ (កិច្ចការ ២៤:១៥) តួយ៉ាងគឺពេលប៉ុលប្រោសក្មេងជំទង់ម្នាក់ឈ្មោះអ៊ើទីកុសឲ្យរស់ឡើងវិញ ដ្បិតក្មេងនោះបានធ្លាក់ពីបង្អួចនៅជាន់ទីបី ហើយពេល«គេលើកវាឡើង» នោះឃើញថាប្អូនប្រុសនោះ«បានស្លាប់ហើយ»។ សរុបទាំងអស់ ព្រះគម្ពីររៀបរាប់អំពីមនុស្ស៩នាក់ដែលមានជីវិតឡើងវិញ ហើយអ៊ើទីកុសជាមនុស្សទី៩។—កិច្ចការ ២០:៧-១២a
៣. តើពាក្យរបស់ព្រះយេស៊ូនៅយ៉ូហាន ៥:២៨, ២៩ បានជួយសម្រាលទុក្ខអ្នកផ្ទាល់យ៉ាងណា? ហេតុអ្វីក៏នេះសម្រាលទុក្ខអ្នក?
៣ មនុស្ស៩នាក់ដែលមានជីវិតឡើងវិញនោះ ផ្ដល់ហេតុឲ្យយើងជឿទៅលើសំណេររបស់ប៉ុល ហើយពង្រឹងទំនុកចិត្តរបស់យើងទៅលើអ្វីដែលព្រះយេស៊ូធានាពេលទ្រង់មានប្រសាសន៍ថា៖ «[នឹង]មានពេលវេលាមកដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេង[ព្រះយេស៊ូ]ហើយនឹងចេញមក»។ (យ៉ូហាន ៥:២៨, ២៩, កំណែជាអក្សរទ្រេត) ពាក្យនោះពិតជានាំឲ្យយើងមានចិត្តរីករាយ ហើយសម្រាលទុក្ខមនុស្សរាប់លាននាក់ដែលមានបងប្អូនញាតិមិត្តជាទីស្រឡាញ់បានស្លាប់។
៤, ៥. តើព្រះគម្ពីររៀបរាប់អំពីការប្រោសឲ្យរស់ឡើងវិញណាខ្លះ? ក្នុងអត្ថបទនេះ តើយើងនឹងពិភាក្សាអំពីគ្រាប្រោសឲ្យរស់ឡើងវិញមួយណា?
៤ មនុស្សភាគច្រើនដែលនឹងរស់ឡើងវិញនោះ នឹងមានជីវិតនៅលើផែនដីដែលមានសេចក្ដីសុខក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ។ (ទំនុកដំកើង ៣៧:១០, ១១, ២៩; អេសាយ ១១:៦-៩; ៣៥:៥, ៦; ៦៥:២១-២៣) ប៉ុន្តែ មនុស្សខ្លះនឹងរស់ឡើងវិញមុននោះទៅទៀត។ មុនដំបូង ព្រះយេស៊ូគ្រិស្តបានរស់ឡើងវិញដើម្បីថ្វាយតម្លៃនៃយញ្ញបូជាលោះរបស់ទ្រង់ចំពោះព្រះយេហូវ៉ាដើម្បីឲ្យយើងបានសេចក្ដីសង្គ្រោះ។ ព្រះយេស៊ូបានសោយទិវង្គតហើយបានរស់ឡើងវិញនៅឆ្នាំ៣៣ គ.ស.។
៥ ក្រោយមក មនុស្សមួយក្រុមគឺ«សាសន៍អ៊ីស្រាអែលនៃព្រះ»ដែលនឹងសោយរាជ្យជាមួយព្រះយេស៊ូគ្រិស្ត ពួកគេនឹងមានសិរីរុងរឿងដូចទ្រង់នៅស្ថានសួគ៌ ហើយនឹងរស់«នៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»។ (កាឡាទី ៦:១៦; ថែស្សាឡូនីចទី១ ៤:១៧) នេះជាអ្វីដែលព្រះគម្ពីរហៅថា គ្រាប្រោសឲ្យ«រស់ឡើងវិញជាន់មុនដំបូង»។ (វិវរណៈ ២០:៦) ក្រោយពួកគេទាំងអស់គ្នាបានរស់ឡើងវិញហើយ មនុស្សរាប់សិបលាននាក់ឯទៀតនឹងរស់ឡើងវិញដែរ។ ពួកអ្នកទាំងនេះនឹងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតក្នុងសួនមនោរម្យនៅលើផែនដី។ ដូច្នេះ មិនថាយើងមានសង្ឃឹមរស់នៅស្ថានសួគ៌ឬនៅលើផែនដីក្ដី យើងទាំងអស់គ្នានៅតែចាប់អារម្មណ៍ចំពោះគ្រាប្រោសឲ្យ«រស់ឡើងវិញជាន់មុនដំបូង»។ ពេលអ្នកទាំងនោះរស់ឡើងវិញ តើពួកគេនឹងមានជីវិតបែបណា? តើពួកគេនឹងរស់ឡើងវិញនៅពេលណា?
តើពួកគេនឹង«មានរូបកាយដូចម្ដេច»?
៦, ៧. (ក) តើអ្វីត្រូវកើតឡើងមុនពួកគ្រិស្តសាសនិកដែលបានតែងតាំងដោយវិញ្ញាណបរិសុទ្ធអាចឡើងទៅស្ថានសួគ៌បាន? (ខ) តើពួកគេនឹងមានរូបកាយបែបណា?
៦ ក្នុងសំបុត្រទីមួយដែលប៉ុលសរសេរជូនបងប្អូននៅទីក្រុងកូរិនថូស គាត់សួរអំពីគ្រាប្រោសឲ្យរស់ឡើងវិញនៅជាន់មុនដំបូងថា៖ «[តើ]ពួកមនុស្សស្លាប់នឹងរស់ឡើងវិញយ៉ាងណា? តើ[ពួកគេនឹង]មកវិញមានរូបកាយដូចម្ដេច?»។ រួចមក គាត់ឆ្លើយថា៖ «គ្រាប់ពូជដែលអ្នកព្រោះទៅ បើមិនងាប់ នោះមិនពន្លកដុះឡើងទេ . . . តែព្រះទ្រង់ប្រទានឲ្យមានដើមទីទៃពីគ្នារៀងរាល់ពូជតាមព្រះហឫទ័យទ្រង់ . . . តែសិរីរបស់រូបកាយនៅស្ថានសួគ៌នឹងរបស់រូបកាយនៅផែនដីនោះទីទៃពីគ្នា»។—កូរិនថូសទី១ ១៥:៣៥-៤០
៧ ពាក្យទាំងនេះរបស់ប៉ុលបង្ហាញថា ពួកគ្រិស្តសាសនិកដែលបានតែងតាំងដោយវិញ្ញាណបរិសុទ្ធត្រូវស្លាប់មុនពួកគេអាចទទួលឯកសិទ្ធិរស់នៅស្ថានសួគ៌។ ពេលស្លាប់ រូបកាយរបស់ពួកគេត្រឡប់ទៅជាធូលីដីវិញ។ (លោកុប្បត្តិ ៣:១៩) តាមកំណត់ពេលរបស់ព្រះយេហូវ៉ា ទ្រង់ប្រោសពួកគេឲ្យមានជីវិតឡើងវិញ ឲ្យមានរូបកាយផ្សេងសម្រាប់រស់នៅស្ថានសួគ៌។ (យ៉ូហានទី១ ៣:២) ពេលធ្វើដូច្នេះ ព្រះយេហូវ៉ាប្រទានជីវិតអមតៈដល់ពួកគេ។ ជីវិតអមតៈនោះមិនមែនជាអ្វីដែលពួកគេមានតាំងពីកើតចេញពីផ្ទៃម្ដាយទេ ហាក់ដូចជាមានព្រលឹងអមតៈក្នុងខ្លួននោះ។ ប៉ុលមានប្រសាសន៍ថា៖ «រូបកាយដែលរមែងស្លាប់នេះ ត្រូវតែបានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់[ឬ«ភាពអមតៈ»]វិញ»។ អស់អ្នកដែលរស់ឡើងវិញនៅជាន់មុនដំបូងនោះ ត្រូវ«ប្រដាប់»ដោយជីវិតអមតៈដែលជាអំណោយមួយពីព្រះ។—កូរិនថូសទី១ ១៥:៥០, ៥៣; ខ.ស.; លោកុប្បត្តិ ២:៧; កូរិនថូសទី២ ៥:១, ២, ៨
៨. តើយើងដឹងយ៉ាងដូចម្ដេចថា ព្រះយេហូវ៉ាមិនជ្រើសរើសមនុស្ស១៤៤.០០០នាក់ពីសាសនាផ្សេងៗ?
៨ មានតែមនុស្ស១៤៤.០០០នាក់ប៉ុណ្ណោះដែលនឹងរស់ឡើងវិញនៅជាន់មុនដំបូង។ ព្រះយេហូវ៉ាបានចាប់ផ្ដើមជ្រើសរើសពួកគេតាំងពីបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស. គឺមិនយូរប៉ុន្មានក្រោយទ្រង់បានប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញ។ ពួកគេទាំងអស់គ្នា«មានព្រះនាម[ព្រះយេស៊ូ]នឹងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស»។ (វិវរណៈ ១៤:១, ៣) នេះបង្ហាញថា ព្រះយេហូវ៉ាមិនជ្រើសរើសពួកគេពីសាសនាផ្សេងៗទេ ដ្បិតពួកគេទាំងអស់គ្នាជាគ្រិស្តសាសនិកដែលមានមោទនភាពក្នុងការតំណាងព្រះនាមព្រះយេហូវ៉ាជាព្រះវរបិតា។ ពេលព្រះយេហូវ៉ាប្រោសពួកគេឲ្យរស់ឡើងវិញនោះ ពួកគេនឹងទទួលភារកិច្ចផ្សេងៗនៅស្ថានសួគ៌។ ពួកគេរំភើបចិត្តណាស់ ដោយដឹងថាអាចបម្រើព្រះយេហូវ៉ាយ៉ាងនេះបាន។
តើនេះជាគ្រាប្រោសឲ្យរស់ឡើងវិញឬ?
៩. តើវិវរណៈ ១២:៧ និង១៧:១៤ ជួយយើងប៉ាន់ស្មានយ៉ាងណាអំពីទីចាប់ផ្ដើមនៃគ្រាប្រោសឲ្យរស់ឡើងវិញនៅជាន់មុនដំបូង?
៩ តើគ្រាប្រោសឲ្យរស់ឡើងវិញនៅជាន់មុនដំបូងកើតឡើងនៅពេលណា? មានទីសំអាងច្បាស់លាស់ថា អ្នកទាំងនោះកំពុងតែរស់ឡើងវិញនៅពេលឥឡូវនេះ។ ជាឧទាហរណ៍ សូមប្រៀបមើលជំពូកពីរក្នុងសៀវភៅវិវរណៈ។ ទីមួយ សូមមើលវិវរណៈជំពូកទី១២។ ក្នុងជំពូកនោះយើងអានអំពីព្រះយេស៊ូគ្រិស្តដែលទើបតែបានទទួលអំណាចជាស្តេច គឺទ្រង់កំពុងតែនាំមុខពួកទេវតាល្អក្នុងចម្បាំងទាស់នឹងសាតាំងហើយពួកទេវតាអាក្រក់របស់វា។ (វិវរណៈ ១២:៧-៩) ទស្សនាវដ្ដីនេះធ្លាប់ពន្យល់ច្រើនដងថា ចម្បាំងនោះបានចាប់ផ្ដើមនៅឆ្នាំ១៩១៤។b ប៉ុន្តែ សូមកត់សម្គាល់ថា កំណត់ហេតុនោះមិនរៀបរាប់ថាពួកអ្នកដែលសោយរាជ្យជាមួយព្រះយេស៊ូគ្រិស្តបានរួមចំណែកក្នុងសង្គ្រាមនោះនៅស្ថានសួគ៌ទេ។ ឥឡូវ សូមមើលវិវរណៈជំពូកទី១៧។ យើងអានថា ក្រោយ«បាប៊ីឡូនដ៏ជាធំ»ត្រូវបំផ្លាញអស់ទៅ នោះកូនចៀមនឹងឈ្នះលើអស់ទាំងសាសន៍។ ជំពូកនោះរៀបរាប់ទៀតថា៖ «ពួកអ្នកដែលនៅជាមួយនឹង[ព្រះយេស៊ូ] នោះជាអ្នកដែលទ្រង់បានហៅ បានរើស ហើយជាអ្នកស្មោះត្រង់ទាំងអស់គ្នា»។ (វិវរណៈ ១៧:៥, ១៤) ‹ពួកអ្នកដែលទ្រង់បានហៅនិងរើសដែលជាអ្នកស្មោះត្រង់› ត្រូវតែរស់ឡើងវិញទើបអាចនៅជាមួយព្រះយេស៊ូពេលទ្រង់ឈ្នះលើរបបលោកិយរបស់សាតាំងលើកចុងក្រោយបង្អស់។ បើដូច្នេះ គឺសមហេតុសមផលដែលថា ពួកអ្នកសង្ឃឹមឡើងទៅស្ថានសួគ៌ដែលស្លាប់មុនសង្គ្រាមអើម៉ាគេដូន នឹងរស់ឡើងវិញរវាងឆ្នាំ១៩១៤ និងសង្គ្រាមអើម៉ាគេដូន។
១០, ១១. (ក) តើពួកអ្នកចាស់ទុំ២៤នាក់តំណាងអ្នកណា? តើអ្នកចាស់ទុំម្នាក់ប្រាប់ឲ្យយ៉ូហានដឹងអ្វី? (ខ) ពេលមើលព័ត៌មាននេះ តើយើងអាចសន្និដ្ឋានយ៉ាងណា?
១០ តើយើងអាចដឹងច្បាស់ជាងនេះទៅទៀតទេ ថាគ្រាប្រោសឲ្យរស់ឡើងវិញនៅជាន់មុនដំបូងបានចាប់ផ្ដើមនៅពេលណានោះ? សៀវភៅវិវរណៈ ៧:៩-១៥ មានចំណុចគួរឲ្យចាប់អារម្មណ៍មួយ។ ក្នុងខទាំងនោះសាវ័កយ៉ូហានរៀបរាប់ពីចក្ខុនិមិត្តឬសុបិនដែលគាត់ឃើញអំពី«មនុស្ស១ហ្វូងយ៉ាងធំដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ»។ អ្នកចាស់ទុំម្នាក់ពីពួកអ្នកចាស់ទុំ២៤នាក់បានប្រាប់ឲ្យយ៉ូហានដឹងថាមនុស្ស១ហ្វូងយ៉ាងធំនោះជាអ្នកណា។ អ្នកចាស់ទុំ២៤នាក់នោះតំណាងមនុស្ស១៤៤.០០០នាក់ដែលមានសិរីរុងរឿងក្នុងការគ្រប់គ្រងជាមួយព្រះគ្រិស្តនៅស្ថានសួគ៌។c (លូកា ២២:២៨-៣០; វិវរណៈ ៤:៤) យ៉ូហានមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ដែរ ប៉ុន្តែពេលដែលអ្នកចាស់ទុំម្នាក់នោះបាននិយាយជាមួយគាត់ គាត់នៅតែមានជីវិតនៅលើផែនដីនៅឡើយ។ ដូច្នេះក្នុងចក្ខុនិមិត្តនោះ យ៉ូហានតំណាងពួកអ្នកនៅលើផែនដីដែលមានសង្ឃឹមឡើងទៅស្ថានសួគ៌ តែមិនទាន់ទទួលឯកសិទ្ធិនោះនៅឡើយ។
១១ ពេលដឹងថា អ្នកចាស់ទុំម្នាក់ពីចំណោមពួកអ្នកចាស់ទុំ២៤នាក់បានប្រាប់យ៉ូហាននូវអត្តសញ្ញាណនៃមនុស្ស១ហ្វូងយ៉ាងធំនោះ តើនេះជួយយើងសន្និដ្ឋានយ៉ាងណា? គឺមើលទៅដូចជាអស់អ្នកដែលបានរស់ឡើងវិញរួចហើយ (ពីចំណោមក្រុមអ្នកចាស់ទុំ២៤នាក់នោះ) ប្រហែលជាកំពុងតែប្រកាសសាររបស់ព្រះដល់មនុស្ស។ ហេតុអ្វីក៏ចំណុចនេះសំខាន់ម្ល៉េះ? គឺពីព្រោះពួកអ្នកបម្រើព្រះដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌បានទទួលការយល់ដឹងច្បាស់លាស់នៅឆ្នាំ១៩៣៥ ស្តីអំពីមនុស្ស១ហ្វូងយ៉ាងធំ។ ដោយសារអ្នកចាស់ទុំម្នាក់បានជូនដំណឹងសំខាន់នោះ គាត់ក៏ត្រូវមានជីវិតនៅស្ថានសួគ៌មុនឆ្នាំ១៩៣៥។ នេះមានន័យថា គ្រាប្រោសឲ្យរស់ឡើងវិញនៅជាន់មុនដំបូងបានចាប់ផ្ដើមរវាងឆ្នាំ១៩១៤ និងឆ្នាំ១៩៣៥។ តើនៅមានព័ត៌មានផ្សេងទៀតដើម្បីជួយយើងយល់ច្បាស់ជាងទេ?
១២. សូមពន្យល់នូវមូលហេតុដែលយើងអាចយល់ថា គ្រាប្រោសឲ្យរស់ឡើងវិញនៅជាន់មុនដំបូងប្រហែលជាបានចាប់ផ្ដើមនៅខែមេសានាឆ្នាំ១៩១៨។
១២ ឥឡូវ ប្រហែលជាមានប្រយោជន៍ឲ្យយើងពិចារណាព្រឹត្ដិការណ៍ក្នុងព្រះគម្ពីរដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ នៅខែតុលា នាឆ្នាំ២៩ គ.ស. ព្រះយេស៊ូគ្រិស្តត្រូវបានតែងតាំងជាស្តេចដែលនឹងសោយរាជ្យក្នុងព្រះរាជាណាចក្ររបស់ព្រះនៅពេលអនាគត។ បីឆ្នាំកន្លះក្រោយមក គឺនៅខែមេសា នាឆ្នាំ៣៣ គ.ស. ទ្រង់មានព្រះជន្មរស់ឡើងវិញជាបុគ្គលវិញ្ញាណដែលមានអំណាចខ្លាំងក្លា។ ដូច្នេះ ដោយសារព្រះយេស៊ូបានឡើងសោយរាជ្យនៅខែតុលា នាឆ្នាំ១៩១៤ នោះប្រហែលជាយើងអាចសន្និដ្ឋានថា បីឆ្នាំកន្លះក្រោយមក គឺនៅខែមេសា នាឆ្នាំ១៩១៨ ពួកអ្នកស្មោះត្រង់បានចាប់ផ្ដើមឡើងទៅស្ថានសួគ៌។ ទោះជាគ្មានបទគម្ពីរណាបញ្ជាក់ចំណុចនេះច្បាស់លាស់ក្ដី ទស្សនៈនេះមិនផ្ទុយពីបទគម្ពីរឯទៀតទេដែលបង្ហាញថាគ្រាប្រោសឲ្យរស់ឡើងវិញនៅជាន់មុនដំបូងបានចាប់ផ្ដើមមិនយូរប៉ុន្មានក្រោយព្រះគ្រិស្តមានវត្តមានជាស្តេច។
១៣. តើថែស្សាឡូនីចទី១ ៤:១៥-១៧ បង្ហាញយ៉ាងណាថាគ្រាប្រោសឲ្យរស់ឡើងវិញនៅជាន់មុនដំបូងចាប់ផ្ដើមមិនយូរប៉ុន្មានក្រោយព្រះគ្រិស្តមានវត្តមាន?
១៣ ជាឧទាហរណ៍ ប៉ុលបានសរសេរថា៖ «យើងដែលរស់នៅជាប់ដរាបដល់ព្រះអម្ចាស់យាងមក[គឺមិនមែនដល់ទីអវសាននៃពិភពលោកនេះទេ] នោះយើងមិនទៅមុនពួកអ្នកដែលបានដេកលក់ទៅហើយនោះទេ ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មកដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតានឹងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅក៏នឹងបានលើកឡើងទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះយើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»។ (ថែស្សាឡូនីចទី១ ៤:១៥-១៧) ចំពោះពួកគ្រិស្តសាសនិកដែលមានសង្ឃឹមឡើងទៅស្ថានសួគ៌នោះ បទគម្ពីរនេះបង្ហាញថាពួកគាត់ដែលបានស្លាប់មុនវត្តមានរបស់ព្រះយេស៊ូនឹងរស់ឡើងវិញមុនបងប្អូនដែលកំពុងតែរស់ក្នុងអំឡុងវត្តមានរបស់ទ្រង់។ នេះមានន័យថា គ្រាប្រោសឲ្យរស់ឡើងវិញនៅជាន់មុនដំបូងបានចាប់ផ្ដើមមិនយូរប៉ុន្មានក្រោយព្រះយេស៊ូមានវត្តមានជាស្តេច ហើយបន្តរហូត«ក្នុងកាលដែលទ្រង់យាងមក»ឬក្នុងអំឡុងពេលនេះដែលទ្រង់មានវត្តមាន។ (កូរិនថូសទី១ ១៥:២៣) ច្បាស់ហើយ គ្រាប្រោសឲ្យរស់ឡើងវិញនៅជាន់មុនដំបូង មិនមែនកើតឡើងមួយដងហើយរួចស្រេចនោះទេ តែកើតឡើងជាបណ្ដើរៗវិញ។
«អ្នកទាំងនោះ»ទទួល«អាវសវែង»
១៤. (ក) តើចក្ខុនិមិត្តក្នុងវិវរណៈជំពូកទី៦ បានសម្រេចនៅពេលណា? (ខ) តើវិវរណៈ ៦:៩ សំដៅទៅលើអ្វី?
១៤ សូមគិតអំពីទីសំអាងក្នុងវិវរណៈជំពូកទី៦ដែរ។ ជំពូកនោះរៀបរាប់អំពីព្រះយេស៊ូជាស្តេចដែលកំពុងតែជិះសេះក្នុងការយកឈ្នះលើពួកខ្មាំងសត្រូវ។ (វិវរណៈ ៦:២) មនុស្សពីគ្រប់ទាំងសាសន៍កំពុងតែធ្វើសង្គ្រាមពេញទិសទី។ (វិវរណៈ ៦:៤) មានទុរភិក្សទូទៅ។ (វិវរណៈ ៦:៥, ៦) ហើយក៏មានរោគរាតត្បាតយាយីមនុស្សជាតិ។ (វិវរណៈ ៦:៨) ព្រឹត្ដិការណ៍ទាំងនេះដែលមានទូទាំងពិភពលោកតាំងពីឆ្នាំ១៩១៤ គឺដូចនឹងអ្វីដែលបានទាយក្នុងព្រះគម្ពីរ។ ប៉ុន្តែ នៅមានអ្វីផ្សេងទៀតដែរ។ ជំពូកនោះក៏រៀបរាប់អំពីអាសនៈមួយសម្រាប់ការថ្វាយយញ្ញបូជា។ នៅខាងក្រោមអាសនៈនោះមាន«អស់ទាំងព្រលឹងរបស់មនុស្សដែលគេបានសំឡាប់ដោយព្រោះកាន់តាមព្រះបន្ទូលនឹង[ធ្វើ]បន្ទាល់»ពីព្រះ។ (វិវរណៈ ៦:៩) ដោយសារ«ឈាម[ឬជីវិត]នោះឯងដែលធួននឹងព្រលឹង» នេះបានន័យថា ព្រលឹងនៅក្រោមអាសនៈតំណាងឈាមនៃពួកអ្នកបម្រើស្មោះត្រង់របស់ព្រះយេស៊ូដែលគេបានសម្លាប់ដោយព្រោះមានចិត្តអង់អាចក្នុងការផ្សព្វផ្សាយដោយខ្នះខ្នែង។—លេវីវិន័យ ១៧:១១
១៥, ១៦. សូមពន្យល់ថា តើវិវរណៈ ៦:១០, ១១ ទាក់ទងនឹងគ្រាប្រោសឲ្យរស់ឡើងវិញនៅជាន់មុនដំបូងយ៉ាងណា?
១៥ ដូចឈាមនៃបុរសសុចរិតឈ្មោះអេបិលនោះ ឈាមនៃពួកគ្រិស្តសាសនិកដែលស៊ូស្លាប់ដើម្បីជំនឿ ក៏ស្រែករកយុត្ដិធម៌ដែរ។ (លោកុប្បត្តិ ៤:១០) «ព្រលឹងទាំងនោះក៏បន្លឺសំឡេងថា៖ ‹ឱព្រះដ៏ជាម្ចាស់ជាព្រះបរិសុទ្ធហើយពិតប្រាកដអើយ! តើទ្រង់ចាំដល់កាលណាទៀតបានជំនុំជំរះហើយសងសឹកដល់ពួកមនុស្សនៅលើផែនដីដោយព្រោះឈាមយើងខ្ញុំរាល់គ្នា?›»។ បន្ទាប់មក តើមានអ្វីកើតឡើង? «គេឲ្យអាវសវែងដល់អ្នកទាំងនោះ ហើយក៏ប្រាប់ឲ្យឈប់សំរាកបន្ដិចសិនទាល់តែពួកបាវបំរើ ជាគូកនហើយជាបងប្អូនដែលត្រូវសំឡាប់បែបដូចគ្នាបានគ្រប់ចំនួន»។—វិវរណៈ ៦:១០, ១១
១៦ ដូច្នេះ តើគេឲ្យអាវសវែងដល់អ្នកណា? គេឲ្យអាវសវែងនោះដល់មនុស្សដែលស៊ូស្លាប់ក្នុងកិច្ចបម្រើព្រះយេស៊ូ ដែលពួកគេប្រៀបដូចជាយញ្ញបូជាលើអាសនៈ តែឥឡូវនេះពួកគេមានជីវិតនៅស្ថានសួគ៌វិញ។ ដូច្នេះ ព្រលឹងឬឈាមនៅក្រោមអាសនៈនោះតំណាងបុគ្គលនីមួយៗក្នុងចំណោម១៤៤.០០០នាក់ដែលបានស្លាប់ទៅហើយ។ ហេតុអ្វីក៏យើងអាចសន្និដ្ឋានដូច្នេះ? ពីព្រោះជំពូកមុនៗក្នុងសៀវភៅវិវរណៈពន្យល់ថា៖ «អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយអញមិនដែលលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ»។ សូមនឹកចាំដែរថា ពួកអ្នកចាស់ទុំ២៤នាក់«ស្លៀកពាក់សហើយមានមកុដមាសនៅលើក្បាល»ដែរ។ (វិវរណៈ ៣:៥; ៤:៤) ដូច្នេះ មុនដំបូងមានសង្គ្រាម ទុរភិក្សនិងរោគរាតត្បាតយាយីមនុស្សលោក។ ក្រោយមក ពេលមនុស្ស១៤៤.០០០នាក់ស្លាប់ ពួកគេឡើងទៅស្ថានសួគ៌ទាំងប្រៀបដូចជាពាក់អាវសវែង។
១៧. ចំពោះអស់អ្នកដែលទទួលអាវសវែងនោះ តើពួកគេនឹង«ឈប់សំរាកបន្ដិចសិន»ក្នុងន័យអ្វី?
១៧ ពួកអ្នកដែលទើបតែបានរស់ឡើងវិញនោះ ត្រូវតែ«ឈប់សំរាកបន្ដិចសិន»។ ពួកគេត្រូវមានចិត្តអត់ធ្មត់ពេលរង់ចាំថ្ងៃដែលព្រះយេហូវ៉ាសងសឹក។ ពួកគ្រិស្តសាសនិកនៅលើផែនដីដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ គឺជា«ពួកបាវបំរើ»របស់ព្រះ ហើយក៏ជា«គូកន»របស់ពួកអ្នកដែលបានឡើងទៅស្ថានសួគ៌រួចហើយ។ ពេលរងទុក្ខលំបាកនិងមានការល្បួងផ្សេងៗនៅលើផែនដី អ្នកទាំងនោះត្រូវរក្សាចិត្តស្មោះគ្រប់លក្ខណ៍រហូតដល់ស្លាប់។ ពេលគ្រាជំនុំជម្រះរបស់ព្រះយេហូវ៉ាមកដល់នោះ ពួកគេនឹងលែង«ឈប់សំរាក»ទៀត។ (វិវរណៈ ៧:៣) នៅគ្រានោះ ពួកអ្នកដែលបានឡើងទៅស្ថានសួគ៌ហើយនឹងរួមចំណែកជាមួយព្រះយេស៊ូគ្រិស្តក្នុងការបំផ្លាញមនុស្សអាក្រក់ដែលរួមបញ្ចូលអស់អ្នកដែលបានប្រហារជីវិតពួកគ្រិស្តសាសនិកដោយឥតហេតុ។—ថែស្សាឡូនីចទី២ ១:៧-១០
តើនេះទាក់ទងនឹងយើងយ៉ាងណា?
១៨, ១៩. (ក) ហេតុអ្វីក៏អ្នកសន្និដ្ឋានថា នេះជាគ្រាប្រោសឲ្យរស់ឡើងវិញនៅជាន់មុនដំបូង? (ខ) តើការយល់ដឹងអំពីគ្រាប្រោសឲ្យរស់ឡើងវិញនៅជាន់មុនដំបូងនេះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា?
១៨ ព្រះបន្ទូលរបស់ព្រះមិនប្រាប់ថ្ងៃខែដែលគ្រាប្រោសឲ្យរស់ឡើងវិញនៅជាន់មុនដំបូងចាប់ផ្ដើមនោះទេ។ យ៉ាងណាក្ដី ព្រះគម្ពីរបង្ហាញថាពួកគេនឹងរស់ឡើងវិញក្នុងអំឡុងពេលវត្តមានរបស់ព្រះយេស៊ូ។ ចំពោះពួកគ្រិស្តសាសនិកដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ បើពួកគេបានស្លាប់មុនវត្តមានរបស់ព្រះគ្រិស្ត នោះពួកគេនឹងរស់ឡើងវិញមុនបងប្អូនឯទៀត។ ជាបណ្ដើរៗក្នុងអំឡុងវត្តមានរបស់ព្រះគ្រិស្ត ពួកអ្នកឯទៀតក្នុងចំណោមអ្នកទាំងនោះដែលរក្សាភាពស្មោះត្រង់រហូតដល់ស្លាប់ នឹងរស់ឡើងវិញ«ក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ» ហើយមានអំណាចខ្លាំងក្លានៅស្ថានសួគ៌។ (កូរិនថូសទី១ ១៥:៥២) ក្នុងចំណោម១៤៤.០០០នាក់នោះ តើពួកគេទាំងអស់គ្នានឹងទទួលមុខតំណែងអស្ចារ្យនៅស្ថានសួគ៌មុនសង្គ្រាមអើម៉ាគេដូនឬ? យើងមិនដឹងទេ។ ប៉ុន្តែយើងដឹងប្រាកដថា នៅកំណត់ពេលរបស់ព្រះយេហូវ៉ា មនុស្ស១៤៤.០០០នាក់នឹងឈរនៅលើភ្នំស៊ីយ៉ូនដែលតំណាងស្ថានសួគ៌។
១៩ យើងក៏ជ្រាបថា បងប្អូនភាគច្រើនក្នុងចំណោម១៤៤.០០០នាក់បានឡើងទៅស្ថានសួគ៌ជាមួយព្រះគ្រិស្តរួចហើយ។ មានតែជនសំណល់ប៉ុន្មាននាក់ទេដែលរស់នៅលើផែនដីនៅឡើយ។ នេះបញ្ជាក់យ៉ាងច្បាស់ថា គ្រាដែលព្រះយេហូវ៉ានឹងកាត់ក្ដីលើមនុស្សជាតិ គឺជិតណាស់ហើយ! មិនយូរប៉ុន្មានទៀត របបលោកិយទាំងមូលរបស់សាតាំងនឹងវិនាសទៅ។ សាតាំងត្រូវឃុំទុក ហើយមនុស្សស្លាប់ទាំងឡាយអាចរស់ឡើងវិញ។ រួចមក មនុស្សស្មោះត្រង់នឹងមានភាពគ្រប់លក្ខណ៍ដូចអ្វីដែលអ័ដាមបាត់បង់នោះ ដោយសារយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ ត្រូវមែន ទំនាយរបស់ព្រះយេហូវ៉ាដែលកត់ទុកក្នុងសៀវភៅលោកុប្បត្តិ ៣:១៥ កំពុងតែសម្រេចយ៉ាងអស្ចារ្យ។ យើងពិតជាមានឯកសិទ្ធិរស់នៅគ្រានេះមែន!
[កំណត់សម្គាល់]
a បើចង់មើលកំណត់ហេតុអំពី៨នាក់ទៀតដែលបានរស់ឡើងវិញ សូមមើលសៀវភៅពង្សាវតារក្សត្រទី១ ១៧:២១-២៣; ពង្សាវតារក្សត្រទី២ ៤:៣២-៣៧; ១៣:២១; ម៉ាកុស ៥:៣៥, ៤១-៤៣; លូកា ៧:១១-១៧; ២៤:៣៤; យ៉ូហាន ១១:៤៣-៤៥; កិច្ចការ ៩:៣៦-៤២។
b បើចង់មើលភ័ស្តុតាងពីព្រះគម្ពីរដែលបង្ហាញថាវត្តមានរបស់ព្រះគ្រិស្តបានចាប់ផ្ដើមនៅឆ្នាំ១៩១៤ សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ទំព័រ២៤៧-២៤៩ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
c បើចង់មើលព័ត៌មានដែលពន្យល់អំពីមូលហេតុដែលយើងដឹងថាអ្នកចាស់ទុំ២៤នាក់តំណាងពួកគ្រិស្តសាសនិកដែលឡើងសោយរាជ្យនៅស្ថានសួគ៌ សូមមើលសៀវភៅភាសាអង់គ្លេសចំណងជើងថា វិវរណៈ ការសម្រេចផ្ដាច់ព្រាត់ជិតមកដល់ហើយ! (Revelation—Its Grand Climax At Hand!) ទំព័រ៧៧ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកអាចពន្យល់បានទេ?
តើបទគម្ពីរខាងក្រោមនេះជួយយើងយល់ថាគ្រាប្រោសឲ្យ«រស់ឡើងវិញជាន់មុនដំបូង»គឺចាប់ផ្ដើមនៅពេលណា?
• កូរិនថូសទី១ ១៥:២៣; ថែស្សាឡូនីចទី១ ៤:១៥-១៧