ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៤-១០ ខែមីនា
it-1-E ទំ. ៥៥
មនោសញ្ចេតនា
ការស្រឡាញ់គ្នាជាបងប្អូនគួរមានក្នុងចំណោមសមាជិកទាំងអស់នៃក្រុមជំនុំគ្រិស្តសាសនិក។ (រ៉ូម ១២:១០; ហេ. ១៣:១; សូមមើលដែរ ១ពេ. ៣:៨) ដូច្នេះ ទំនាក់ទំនងក្នុងក្រុមជំនុំគួរជិតស្និទ្ធ រឹងមាំ និងកក់ក្ដៅដូចជាក្រុមគ្រួសារមួយ។ ទោះជាសមាជិកក្រុមជំនុំបានបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូនចំពោះគ្នារួចហើយក៏ដោយ ពួកគេបានត្រូវបំផុសទឹកចិត្តឲ្យធ្វើដូច្នោះឲ្យកាន់តែប្រសើរថែមទៀត។—១ថែ. ៤:៩, ១០
ពាក្យភាសាក្រិចដែលមានន័យថា«មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ» គឺបានត្រូវប្រើចំពោះបុគ្គលម្នាក់ដែលជិតស្និទ្ធនឹងបុគ្គលម្នាក់ទៀត និងមានចំណងមិត្តភាពយ៉ាងកក់ក្ដៅជាមួយគ្នា។ សាវ័កប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកឲ្យបណ្ដុះគុណសម្បត្ដិនេះ។ (រ៉ូម ១២:១០) ប៉ូលក៏បានបញ្ជាក់ថានៅគ្រាចុងក្រោយបង្អស់ មនុស្ស«គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស»ទេ ហើយថាមនុស្សបែបនោះគឺគួរតែស្លាប់។—២ធី. ៣:៣; រ៉ូម ១:៣១, ៣២
ថ្ងៃទី១១-១៧ ខែមីនា
w៨៩-E ១/១២ ទំ. ២៤ វ. ៣
«ល្បងមើលឲ្យដឹងថាសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាស្មោះឬមិនស្មោះ»
ពិតណាស់ បងប្អូនដែលជាជនជាតិដទៃគួរមានចិត្តជំរុញឲ្យជួយពួកគេ។ ពួកគេបាន«ជំពាក់»ចំពោះគ្រិស្តសាសនិកនៅក្រុងយេរូសាឡិម ពីព្រោះដំណឹងល្អបានត្រូវឮដល់ជនជាតិដទៃចាប់ពីក្រុងនោះ។ ប៉ូលបានវែកញែកថា៖ «បើជនជាតិដទៃបានរួមចំណែកក្នុងអ្វីៗពីព្រះដែលជារបស់គ្រិស្តសាសនិកជនជាតិយូដា នោះពួកគាត់ក៏មានភារកិច្ចជួយបំពេញសេចក្ដីត្រូវការក្នុងជីវភាពរបស់គ្រិស្តសាសនិកជនជាតិយូដាដែរ»។—រ៉ូម ១៥:២៧, ព្រះគម្ពីរភាសាអង់គ្លេសកំណែថ្មី
it-1-E ទំ. ៨៥៨ វ. ៥
ការដឹងទុកជាមុន
តាមរយៈមេស្ស៊ី ឬគ្រិស្តដែលជាពូជដែលបានត្រូវសន្យា មនុស្សសុចរិតទាំងអស់នៅលើផែនដីនឹងទទួលពរ។ (កាឡ. ៣:៨, ១៤) ការរៀបរាប់ជាលើកដំបូងអំពី«ពូជ»នេះគឺបន្ទាប់ពីការបះបោរប្រឆាំងនៅសួនអេដែន ប៉ុន្តែមុនកំណើតរបស់អេបិល។ (លោ. ៣:១៥) នេះប្រហែលជា៤.០០០ឆ្នាំមុន«អាថ៌កំបាំងដ៏ពិសិដ្ឋ»បានត្រូវបើកបង្ហាញ ដោយបញ្ជាក់យ៉ាងច្បាស់អំពីអត្តសញ្ញាណរបស់«ពូជ»ដែលជាមេស្ស៊ី។ ដូច្នេះ អាថ៌កំបាំងនោះ«បានត្រូវទុកជារឿងសម្ងាត់អស់កាលយូរលង់»។—រ៉ូម ១៦:២៥-២៧; អេភ. ១:៨-១០; ៣:៤-១១
ថ្ងៃទី១៨-២៤ ខែមីនា
it-2-E ទំ. ១១៩៣ វ. ១
ប្រាជ្ញា
ពិភពលោកបានបដិសេធរបៀបរៀបចំរបស់ព្រះតាមរយៈគ្រិស្ត ហើយគិតថារបៀបរៀបចំនោះគឺជាអ្វីផ្ដេសផ្ដាស។ ពួកអ្នកគ្រប់គ្រងរបស់ពិភពលោកថែមទាំង«បានព្យួរលោកម្ចាស់ដែលប្រកបទៅដោយសិរីរុងរឿង»ទៀតផង។ (១កូ. ១:១៨; ២:៧, ៨) ប៉ុន្តែ ព្រះបានបង្ហាញឲ្យឃើញថាប្រាជ្ញារបស់ពិភពលោកនេះ ជាអ្វីដែលផ្ដេសផ្ដាសទៅវិញ។ លោកបានធ្វើឲ្យអ្នកប្រាជ្ញរបស់ពួកគេអាម៉ាស់មុខដោយប្រើ«ការរបស់ព្រះដែលគេចាត់ទុកថាផ្ដេសផ្ដាស» និងមនុស្សដែលគេចាត់ទុកថា‹ល្ងង់ខ្លៅ ខ្សោយ និងអាប់ឱន›ឲ្យសម្រេចគោលបំណងរបស់លោកដែលគ្មានអ្វីអាចបញ្ឈប់បាន។ (១កូ. ១:១៩-២៨) ប៉ូលបានរំលឹកគ្រិស្តសាសនិកនៅក្រុងកូរិនថូសថា«ប្រាជ្ញានៃរបៀបរបបពិភពលោកនេះ[និង]ប្រាជ្ញារបស់ពួកអ្នកគ្រប់គ្រងនៃពិភពលោកនេះ»នឹងត្រូវវិនាសសាបសូន្យ ដូច្នេះប្រាជ្ញាបែបនេះមិននៅក្នុងដំណឹងរបស់ពួកសាវ័កទេ។ (១កូ. ២:៦, ១៣) គាត់បានព្រមានគ្រិស្តសាសនិកនៅក្រុងកូឡុសកុំឲ្យត្រូវបោកបញ្ឆោតដោយ«ទស្សនវិជ្ជានិងការបោកបញ្ឆោតអសារឥតការ ដែលមានមូលដ្ឋានលើទំនៀមទម្លាប់របស់មនុស្ស»។—កូឡ. ២:៨; សូមពិនិត្យបន្ថែម ខ២០-២៣
ថ្ងៃទី២៥-៣១ ខែមីនា
it-2-E ទំ. ២៣០
ដំបែ
សាវ័កប៉ូលបានប្រើឧទាហរណ៍មួយពេលគាត់បានបង្គាប់ក្រុមជំនុំគ្រិស្តសាសនិកក្នុងក្រុងកូរិនថូស ឲ្យបណ្ដាច់មិត្តភាពបុរសម្នាក់ដែលបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ចេញពីក្រុមជំនុំ ដោយនិយាយថា៖ «តើអ្នករាល់គ្នាមិនដឹងទេឬថា ដំបែតែបន្ដិចធ្វើឲ្យដុំម្សៅទាំងមូលដោរឡើង? ចូរជម្រះដំបែចាស់ចេញ ដើម្បីឲ្យអ្នករាល់គ្នាទៅជាដុំម្សៅថ្មី ដោយសារអ្នករាល់គ្នាគ្មានដំបែ។ ព្រោះគ្រិស្តដែលជាកូនចៀមបុណ្យរំលងរបស់យើងបានត្រូវបូជាហើយ»។ រួចមក គាត់បានពន្យល់យ៉ាងច្បាស់អំពី«ដំបែ»ដោយពោលថា៖ «ហេតុនេះ ចូរយើងធ្វើបុណ្យនោះ មិនមែនដោយដំបែចាស់ ឬដោយដំបែជាសេចក្ដីអាក្រក់និងអំពើទុច្ចរិតទេ ប៉ុន្តែដោយនំឥតដំបែជាសេចក្ដីស្មោះអស់ពីចិត្តនិងសេចក្ដីពិត»។ (១កូ. ៥:៦-៨) នៅទីនេះ ប៉ូលចង់សំដៅលើបុណ្យនំឥតដំបែរបស់ជនជាតិយូដា ដែលធ្វើឡើងភ្លាមៗបន្ទាប់ពីបុណ្យរំលង។ ដំបែតែបន្ដិចធ្វើឲ្យដុំម្សៅទាំងមូលដោរឡើងភ្លាមៗ ដូចគ្នាដែរក្រុមជំនុំនឹងទៅជាមិនស្អាតស្អំតាមទស្សនៈរបស់ព្រះយេហូវ៉ាបើពួកគេមិនបំបាត់ចោលនូវឥទ្ធិពលអាក្រក់នៃបុរសដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌នោះ។ ពួកគេត្រូវចាត់វិធានការដើម្បីដក«ដំបែ»ចេញពីចំណោមពួកគេ ដូចជនជាតិអ៊ីស្រាអែលមិនអាចមានដំបែនៅក្នុងផ្ទះរបស់ពួកគេក្នុងអំឡុងពេលបុណ្យនោះដែរ។
it-2-E ទំ. ៨៦៩-៨៧០
សាថាន
តើអ្វីជាអត្ថន័យនៃការ‹ប្រគល់បុគ្គលម្នាក់ទៅសាថានដើម្បីឲ្យបំផ្លាញឥទ្ធិពលខុសឆ្គងនៃបុគ្គលនោះ›?
ពេលប៉ូលបានណែនាំក្រុមជំនុំនៅក្រុងកូរិនថូសអំពីអ្វីដែលត្រូវធ្វើចំពោះសមាជិកម្នាក់ក្នុងក្រុមជំនុំដែលបានរួមដំណេកជាមួយនឹងប្រពន្ធរបស់ឪពុកគាត់ សាវ័កប៉ូលបានសរសេរថា៖ «ប្រគល់បុរសបែបនេះទៅសាថាន ដើម្បីឲ្យអ្នករាល់គ្នាបំផ្លាញឥទ្ធិពលខុសឆ្គងនៃបុរសនេះ»។ (១កូ. ៥:៥) នេះគឺជាបង្គាប់ឲ្យបណ្ដាច់មិត្តភាពបុរសនេះចេញពីក្រុមជំនុំ។ (១កូ. ៥:១៣) ការប្រគល់គាត់ទៅសាថានមានន័យថាគាត់មិននៅក្នុងក្រុមជំនុំទៀតទេ ហើយចូលក្នុងពិភពលោកដែលមានសាថានជាព្រះនិងជាអ្នកគ្រប់គ្រង។ ដូច«ដំបែតែបន្ដិច»នៅក្នុង«ដុំម្សៅទាំងមូល» បុរសនេះគឺជា«សាច់ឈាម» ឬជាចំណែកនៃពិភពលោកនៅក្នុងក្រុមជំនុំ ហើយដោយដកបុរសដែលប្រាសចាកសីលធម៌នេះចេញ នោះក្រុមជំនុំដែលឲ្យសកម្មពលរបស់ព្រះដឹកនាំនឹងបំផ្លាញ«សាច់ឈាម»ពីចំណោមពួកគេ។ (១កូ. ៥:៦, ៧) ស្រដៀងគ្នាដែរ ប៉ូលបានប្រគល់ហ៊ីមេនាសនិងអាឡិចសង់ឲ្យទៅសាថាន ដោយសារពួកគេបានបោះបង់ចោលជំនឿនិងសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ហើយជំនឿរបស់ពួកគេបានខូចទៅ ដូចសំពៅដែលលិចលង់។—១ធី. ១:២០
it-2-E ទំ. ២១១
ច្បាប់
ច្បាប់សម្រាប់ទេវតា។ ទេវតាដែលមានឋានៈខ្ពស់ជាងមនុស្សត្រូវធ្វើតាមច្បាប់និងបញ្ញត្ដិរបស់ព្រះ។ (ហេ. ១:៧, ១៤; ទំនុក. ១០៤:៤) ព្រះយេហូវ៉ាថែមទាំងបានបង្គាប់និងដាក់កម្រិតលើសាថានដែលជាសត្រូវរបស់លោក។ (យ៉ូប ១:១២; ២:៦) មីកែលដែលជាមហាទេវតាបានទទួលស្គាល់និងគោរពឋានៈរបស់ព្រះយេហូវ៉ាក្នុងនាមជាចៅក្រមដ៏ខ្ពង់ខ្ពស់បំផុត ពេលលោកបានមានប្រសាសន៍ក្នុងទំនាស់ជាមួយនឹងមេកំណាច ដោយថា៖ «សូមព្រះយេហូវ៉ាស្តីបន្ទោសអ្នកចុះ!»។ (យូ. ៩; សូមពិនិត្យបន្ថែម សាក. ៣:២) ព្រះយេហូវ៉ាបានឲ្យលោកយេស៊ូគ្រិស្តមានអំណាចលើទេវតាទាំងអស់។ (ហេ. ១:៦; ១ពេ. ៣:២២; ម៉ាថ. ១៣:៤១; ២៥:៣១; ភី. ២:៩-១១) ហេតុនេះ តាមបង្គាប់លោកយេស៊ូ ទេវតាដែលជាអ្នកនាំពាក្យបានត្រូវចាត់ឲ្យទៅឯយ៉ូហាន។ (បប. ១:១) នៅកូរិនថូសទី១ ៦:៣ សាវ័កប៉ូលនិយាយអំពីបងប្អូនរបស់គ្រិស្តថាបានត្រូវតែងតាំងឲ្យវិនិច្ឆ័យពួកទេវតា គឺទំនងជាដោយសារពួកគេត្រូវរួមចំណែកក្នុងការដាក់ទោសពួកវិញ្ញាណអាក្រក់។