សូមបន្តដើរជាមួយព្រះ
«ចូរដើរក្នុងព្រះវិញ្ញាណនោះអ្នករាល់គ្នានឹងមិនបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមទេ»។—កាឡាទី ៥:១៦
១. (ក) ក្នុងស្ថានភាពអ្វីហើយជាយូរប៉ុន្មានទៅ ដែលអេណុកដើរជាមួយនឹងព្រះ? (ខ) តើលោកណូអេបានដើរជាមួយព្រះប៉ុន្មានឆ្នាំ ហើយតើភារកិច្ចដ៏ធ្ងន់ណាខ្លះដែលលោកមាន?
ព្រះគម្ពីរប្រាប់យើងថាលោកអេណុក«ដើរជាមួយនឹងព្រះ»។ ទោះជាមនុស្សមានពាក្យសំដីនិងចរិយាដ៏ល្មើសនៅជុំវិញក៏ដោយ ក៏លោកនៅតែដើរជាមួយព្រះ រហូតដល់ស្លាប់ ដែលមានអាយុ៣៦៥ឆ្នាំ។ (លោកុប្បត្តិ ៥:២៣, ២៤; យូដាស ១៤, ១៥) លោកណូអេក៏‹បានដើរជាមួយនឹងព្រះពិត›ដែរ។ លោកបានដើរជាមួយនឹងព្រះ កាលដែលចិញ្ចឹមគ្រួសារ ហើយប្រឈមនឹងឥទ្ធិពលពីពួកទេវតាដ៏បះបោរនិងកូនចៅដ៏សាហាវរបស់វា ក្នុងកាលដែលយកចិត្តទុកដាក់នឹងសេចក្ដីដ៏ល្អិតល្អន់ ក្នុងការសង់ទូកដ៏ធំមួយ ដែលធំជាងនាវាឯណាទៅទៀតនៅជំនាន់បុរាណ។ លោកបានបន្តដើរជាមួយព្រះក្រោយពីទឹកជំនន់ ក្នុងកាលមានការបះបោរប្រឆាំងព្រះយេហូវ៉ាម្ដងទៀតនៅស្រុកបាបិល។ ប្រាកដហើយ លោកណូអេ បានបន្តដើរជាមួយព្រះរហូតដល់ស្លាប់ ដែលមានអាយុ៩៥០ឆ្នាំ។—លោកុប្បត្តិ ៦:៩; ៩:២៩
២. តើ‹ការដើរជាមួយនឹងព្រះ› មានន័យយ៉ាងដូចម្ដេច?
២ នៅពេលដែលនិយាយថាបុរសនៃជំនឿទាំងនេះ «ដើរ»ជាមួយព្រះ ព្រះគម្ពីរគឺប្រើឃ្លាក្នុងន័យជាពាក្យប្រៀបធៀប។ នេះមានន័យថា លោកអេណុកនិងណូអេ បានដឹកនាំខ្លួនគេតាមរបៀបដែលផ្ដល់ទីសំអាងនៃជំនឿដ៏មាំមួនលើព្រះ។ ពួកគេបានធ្វើតាមអ្វីដែលព្រះយេហូវ៉ាបង្គាប់គេឲ្យធ្វើ ហើយប្រកបជីវិតស្របតាមអ្វីដែលគេបានដឹងអំពីទ្រង់ ពីការទាក់ទងជាមួយមនុស្សលោក។ (ប្រៀបធៀប របាក្សត្រទី២ ៧:១៧) ពួកគេមិនមែនគ្រាន់តែបង្ហាញការយល់ស្របពីគំនិត ដល់អ្វីៗដែលព្រះមានបន្ទូលនិងធ្វើនោះទេ ប៉ុន្តែគេបានធ្វើតាមអ្វីៗដែលទ្រង់តម្រូវពីគេ—មិនគ្រាន់តែលើរបស់ខ្លះ ប៉ុន្តែគឺធ្វើតាមអ្វីៗទាំងអស់ដែលអាចធ្វើទៅបានចំពោះមនុស្សឥតគ្រប់ល័ក្ខណ៍។ ដូច្នេះលោកណូអេ ជាឧទាហរណ៍ បានធ្វើគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់។ (លោកុប្បត្តិ ៦:២២) លោកណូអេមិនបានធ្វើអ្វីលើសហួសពីសេចក្ដីបង្គាប់របស់ព្រះឡើយ ហើយលោកក៏ឥតធ្វេសប្រហែសនោះដែរ។ ជាបុគ្គលដែលមានភាពស្និទ្ធស្នាលជាមួយព្រះយេហូវ៉ា លោកបានដើរជាមួយព្រះ ដោយមានចិត្តសេរីក្នុងការអធិស្ឋានទៅព្រះ ហើយអបអរដល់សេចក្ដីបង្គាប់របស់ព្រះ។ តើអ្នកកំពុងតែធ្វើការនេះទេ?
ដំណើរដ៏ឥតប្រែប្រួលនៃជីវិត
៣. តើអ្វីជាការសំខាន់បំផុតចំពោះអស់អ្នកដែលបានថ្វាយខ្លួន និងជាអ្នកធ្វើបុណ្យជ្រមុជទឹកនៃព្រះ?
៣ ជាការគួរឲ្យកក់ក្ដៅណាស់ ដោយឃើញមនុស្សចាប់ផ្ដើមដើរជាមួយព្រះ។ កាលដែលគេយកជំហានដ៏វិជ្ជមានដែលស្របតាមព្រះហឫទ័យនៃព្រះយេហូវ៉ា នោះគេផ្ដល់ទីសំអាងនៃជំនឿ។ បើឥតមានជំនឿទេ គឺគ្មានអ្នកណាមួយដែលអាចផ្គាប់ព្រះហឫទ័យព្រះបានឡើយ។ (ហេព្រើរ ១១:៦) យើងមានចិត្តរីករាយណាស់ ដែលរៀងរាល់ឆ្នាំ ជាមធ្យមក្នុងប្រាំឆ្នាំកន្លងទៅនេះ មានមនុស្សជាង៣២០.០០០នាក់ បានថ្វាយខ្លួនគេដល់ព្រះយេហូវ៉ា ហើយធ្វើបុណ្យជ្រមុជទឹក! ប៉ុន្តែ ក៏ជាការសំខាន់ណាស់ចំពោះគេ និងយើងគ្រប់គ្នាដែរ ឲ្យខំបន្តដើរជាមួយព្រះ។—ម៉ាថាយ ២៤:១៣; វិវរណៈ ២:១០
៤. ទោះជាគេមានជំនឿខ្លះក៏ដោយ ហេតុអ្វីក៏ពួកអ៊ីស្រាអែលជាច្រើនដែលចេញពីអេស៊ីប មិនបានចូលទៅក្នុងស្រុកដែលបានសន្យា?
៤ ក្នុងសម័យរបស់លោកម៉ូសេ គឺត្រូវការជំនឿចំពោះគ្រួសារអ៊ីស្រាអែលទាំងឡាយ ក្នុងការធ្វើបុណ្យរំលងក្នុងប្រទេសអេស៊ីប ហើយឲ្យលាបឈាមលើទ្វារនៃផ្ទះរបស់គេ។ (និក្ខមនំ ១២:១-២៨) ប៉ុន្តែ ជំនឿនៃមនុស្សជាច្រើនបានឱនថយ ពេលដែលគេឃើញកងទ័ពផារ៉ោន ដេញតាមជិតទាន់គេនៅឯសមុទ្រក្រហម។ (និក្ខមនំ ១៤:៩-១២) ទំនុកដំកើង ១០៦:១២ បង្ហាញថា ពេលដែលគេឆ្លងតាមបាតសមុទ្រ ហើយបានឃើញទឹកបោកសម្លាប់កងទ័ពអេស៊ីប គេ‹ក៏មានជំនឿលើបន្ទូលរបស់ព្រះយេហូវ៉ា›ម្ដងទៀត។ ប៉ុន្តែ មិនយូរប៉ុន្មានមក ក្នុងទីរហោស្ថាន ពួកអ៊ីស្រាអែលបានចាប់ផ្ដើមត្អូញត្អែរអំពីទឹក អាហារ និងអំពីការដឹកនាំ។ របាយការណ៍ដ៏អវិជ្ជមាននៃពួកឈ្លប១០ក្នុងចំណោម១២នាក់ ដែលបានត្រឡប់ពីស្រុកសន្យា បានធ្វើឲ្យគេមានចិត្តភ័យខ្លាចឡើង។ ក្រោមកាលៈទេសៈនោះ ទំនុកដំកើង ១០៦:២៤ ចែងថា «គេមិនបានជឿព្រះបន្ទូលទ្រង់ទេ»។ ពួកគេចង់ត្រឡប់ទៅស្រុកអេស៊ីបវិញ។ (ជនគណនា ១៤:១-៤) ជំនឿអ្វីក៏ដោយដែលគេមាន គឺគ្រាន់តែនៅពេលដែលគេឃើញការសម្ដែងព្រះចេស្ដាដ៏អស្ចារ្យ។ ពួកគេមិនបានបន្តដើរជាមួយព្រះទេ។ ជាលទ្ធផល ពួកអ៊ីស្រាអែលទាំងនោះមិនបានចូលក្នុងស្រុកដែលបានសន្យាឡើយ។—ទំនុកដំកើង ៩៥:១០, ១១
៥. តើកូរិនថូសទី២ ១៣:៥ និងសុភាសិត ៣:៥, ៦ បានទាក់ទងក្នុងការដើរជាមួយព្រះយ៉ាងណា?
៥ ព្រះគម្ពីរដាស់តឿនយើងថា៖ «ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្ដីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ»។ (កូរិនថូសទី២ ១៣:៥) ការ«ស្ថិតនៅក្នុងជំនឿ» មានន័យថា កាន់តាមជំនឿគ្រីស្ទានទាំងមូល។ នេះគឺសំខាន់ណាស់ បើយើងចង់បានជោគជ័យក្នុងការដើរជាមួយព្រះក្នុងមួយជីវិតរបស់យើង។ ដើម្បីដើរជាមួយព្រះ យើងត្រូវអនុវត្តជំនឿ ដោយទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា។ (សុភាសិត ៣:៥, ៦) គឺមានអន្ទាក់និងឧបសគ្គជាច្រើន ដែលអាចទាក់ទាញអស់អ្នកដែលមិនធ្វើដូចនេះ។ តើឧបសគ្គទាំងនេះមានយ៉ាងណាខ្លះ?
ចៀសវាងពីអន្ទាក់នៃការទុកចិត្តលើខ្លួន
៦. តើគ្រីស្ទានទាំងអស់ដឹងអ្វីអំពីអំពើសហាយស្មន់និងការផិតគ្នា ហើយតើពួកគេមានអារម្មណ៍យ៉ាងណាចំពោះអំពើបាបទាំងនេះ?
៦ មនុស្សគ្រប់គ្នាដែលបានសិក្សាព្រះគម្ពីរ ថ្វាយជីវិតដល់ព្រះយេហូវ៉ា ហើយបានធ្វើបុណ្យជ្រមុជទឹក ដឹងថា បន្ទូលរបស់ព្រះផ្ដន្ទាអំពើសហាយស្មន់និងការផិតគ្នា។ (ថែស្សាឡូនីចទី១ ៤:១-៣; ហេព្រើរ ១៣:៤) បុគ្គលបែបនេះយល់ស្របថានេះគឺត្រឹមត្រូវ។ គេមានបំណងដើម្បីរស់នៅឲ្យបានស្របតាមច្បាប់នេះ។ ប៉ុន្តែអំពើឥតសីលធម៌ខាងកាម គឺនៅតែជាអន្ទាក់ដ៏មានប្រសិទ្ធិភាពមួយរបស់សាតាំង។ ហេតុអ្វី?
៧. នៅត្រង់វាលនៃស្រុកម៉ូអាប់ តើតាមរបៀបណាដែលពួកបុរសអ៊ីស្រាអែលបានជាប់ទាក់ទងនឹងចរិយាដែលគេដឹងថាខុស?
៧ មុនដំបូង ពួកអ្នកដែលបានជាប់ទាក់ទងនឹងចរិយាដ៏ឥតសីលធម៌ ប្រហែលជាមិនបានគ្រោងទុកការប្រព្រឹត្តដូច្នេះទេ។ នេះក៏ប្រហែលជាការពិតនៃពួកអ៊ីស្រាអែលនៅត្រង់វាលនៃស្រុកម៉ូអាប់។ ចំពោះពួកបុរសអ៊ីស្រាអែលដែលបានធុញទ្រាន់នឹងជីវិតក្នុងទីរហោស្ថាន ពួកស្ត្រីសាសន៍ម៉ូអាប់និងម៉ាឌានដែលបានល្បួងគេ មុនដំបូង ប្រហែលឃើញដូចជាយ៉ាងរាក់ទាក់។ ប៉ុន្តែ តើមានអ្វីកើតឡើង ពេលដែលពួកអ៊ីស្រាអែលបានទទួលការអញ្ជើញឲ្យចងមិត្តភាពជាមួយមនុស្ស ដែលបំរើព្រះបាល ជាជាងព្រះយេហូវ៉ា ដែលអនុញ្ញាតឲ្យកូនស្រីរបស់គេ (ព្រមទាំងពីគ្រួសារដ៏ធំដុំ) ឲ្យរួមដំណេកជាមួយនឹងពួកបុរស ដែលគេមិនបានរៀបការនោះ? នៅពេលដែលពួកបុរសក្នុងជំរំអ៊ីស្រាអែល បានចាប់ផ្ដើមចាត់ទុកការសេពគប់បែបនេះជាការចង់បាន នោះគេបានល្បួងឲ្យធ្វើអ្វីដែលគេដឹងថាជាខុស ហើយនេះបានធ្វើឲ្យគេបាត់បង់ជីវិត។—ជនគណនា ២២:១; ២៥:១-១៥; ៣១:១៦; វិវរណៈ ២:១៤
៨. ក្នុងសម័យយើងនេះ តើអ្វីដែលអាចនាំឲ្យគ្រីស្ទានម្នាក់ប្រព្រឹត្តអំពើឥតសីលធម៌ខាងកាម?
៨ តើអ្វីដែលអាចបណ្ដាលឲ្យបុគ្គលម្នាក់ធ្លាក់ចូលក្នុងអន្ទាក់ដូចនេះ នៅសព្វថ្ងៃនេះ? ទោះជាគាត់អាចដឹងនូវភាពធ្ងន់ធ្ងរនៃអំពើឥតសីលធម៌ខាងកាមក៏ដោយ ប្រសិនបើគាត់មិនយល់អំពីគ្រោះថ្នាក់នៃការទុកចិត្តខ្លួនឯង នោះគាត់ប្រហែលជាអនុញ្ញាតខ្លួនគាត់ចូលក្នុងស្ថានការណ៍ ដែលសេចក្ដីល្បួងទាក់ទាញឲ្យធ្វើខុស មកសន្ធប់លើការវែកញែករបស់គាត់។—សុភាសិត ៧:៦-៩, ២១, ២២; ១៤:១៦
៩. តើការព្រមានអ្វីពីព្រះគម្ពីរ ដែលអាចការពារយើងពីអំពើឥតសីលធម៌?
៩ បើនិយាយឲ្យស្រួលយល់ទៅ បន្ទូលរបស់ព្រះព្រមានយើង កុំឲ្យវង្វេងក្នុងការគិតថា យើងមានចិត្តមាំមួនដ៏ម្ល៉េះ ដែលការសេពគប់អាក្រក់នឹងមិនធ្វើឲ្យយើងខូចបង់។ នេះគឺរួមបញ្ចូលការមើលកម្មវិធីទូរទស្សន៍ ដែលបង្ហាញមនុស្សដ៏ឥតសីលធម៌ ហើយមើលទស្សនាវដ្ដីដែលធ្វើឲ្យមានការស្រើបស្រាលចេតនាដ៏ឥតសីលធម៌។ (កូរិនថូសទី១ ១០:១១, ១២; ១៥:៣៣) សូម្បីតែចូលរួមជាមួយអ្នកជឿគ្នីគ្នាក្នុងកាលៈទេសៈដ៏ខុស ក៏អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរដែរ។ ការទាក់ទាញរវាងភេទនិងភេទគឺខ្លាំងណាស់។ ដូច្នេះ ដោយមានសេចក្ដីខ្វល់ខ្វាយដ៏ស្រឡាញ់ អង្គការរបស់ព្រះយេហូវ៉ាព្រមានពីការនៅម្នាក់ឯងដ៏ស្ងាត់ជាមួយបុគ្គលណាម្នាក់នៃភេទស្រីឬប្រុស ដែលយើងមិនរៀបការឬមិនមែនជាសមាជិកគ្រួសារ។ ដើម្បីរក្សាការដើរជាមួយព្រះ នោះយើងត្រូវតែជៀសវាងអន្ទាក់នៃការទុកចិត្តលើខ្លួនឯង ហើយធ្វើតាមឱវាទដែលទ្រង់ប្រទានឲ្យ។—ទំនុកដំកើង ៨៥:៨
សូមកុំឲ្យការខ្លាចមនុស្សមកកាន់កាប់អ្នកឡើយ
១០. តើ‹ការខ្លាចមនុស្ស› អាចទៅជាអន្ទាក់យ៉ាងដូចម្ដេច?
១០ គ្រោះថ្នាក់មួយទៀត គឺឃើញនៅក្នុងសុភាសិត ២៩:២៥ ដែលចែងថា៖ «ការដែលខ្លាចចំពោះមនុស្ស នោះនាំឲ្យជាប់អន្ទាក់»។ អន្ទាក់នៃពួកព្រានតែងទាក់ទងនឹងអន្ទាក់រូត ដែលរឹតជាប់ក ឬខ្សែដែលប្រទាក់ជើងសត្វណាមួយ។ (យ៉ូប ១៨:៨-១១) ការខ្លាចមនុស្ស អាចរឹតដល់សមត្ថភាពនៃបុគ្គលម្នាក់ ក្នុងការនិយាយដ៏ឥតលាក់លាម ហើយក្នុងការប្រព្រឹត្តខ្លួនតាមរបៀបដែលផ្គាប់ព្រះហឫទ័យព្រះ។ សេចក្ដីប្រាថ្នាចង់ឲ្យអ្នកដទៃពេញចិត្តនឹងខ្លួនគឺជាការធម្មតា ហើយការមិនគោរពដល់អ្វីដែលមនុស្សដទៃគិត នោះគឺមិនមែនជាគ្រីស្ទានទេ។ ប៉ុន្តែគឺត្រូវការការថ្លឹងថ្លែង។ ពេលដែលការខ្វល់ខ្វាយអំពីប្រតិកម្មនៃអ្នកដទៃ បណ្ដាលឲ្យបុគ្គលម្នាក់ធ្វើអ្វីៗដែលព្រះហាម ឬទប់ពីការធ្វើអ្វីដែលបន្ទូលរបស់ព្រះបង្គាប់ បុគ្គលនោះគឺបានជាប់អន្ទាក់ហើយ។
១១. (ក) តើអ្វីជាការការពារកុំឲ្យការខ្លាចមនុស្សមកកាន់កាប់លើបុគ្គលម្នាក់? (ខ) តើតាមរបៀបណាដែលព្រះយេហូវ៉ាបានជួយពួកអ្នកបំរើទ្រង់ ដែលតស៊ូនឹងការខ្លាចមនុស្ស?
១១ ការការពារពីអន្ទាក់បែបនេះ គឺពឹងលើការ«ទុកចិត្តដល់ព្រះយេហូវ៉ា» មិនលើលក្ខណៈពីកំណើតនោះទេ។ (សុភាសិត ២៩:២៥ខ) ដោយទុកចិត្តលើព្រះ សូម្បីតែបុគ្គលម្នាក់ដែលជាមនុស្សអៀនពីកំណើត ក៏អាចបង្ហាញចិត្តដ៏ក្លាហាននិងខ្ជាប់ខ្ជួនដែរ។ ដរាបណាដែលយើងនៅកណ្ដាលនៃការបង្ខិតបង្ខំពីរបបលោកីយ៍នៃសាតាំង នោះយើងក៏ត្រូវការការពារពីការខ្លាចមនុស្ស។ ថ្វីបើព្យាការីអេលីយ៉ាមានប្រវត្ដិដ៏ល្អនៃការបំរើដ៏ក្លាហានក្ដី នៅពេលដែលយេសិបិលបានគំរាមកំហែងសម្លាប់គាត់ គាត់ក៏បានរត់គេចយ៉ាងខ្លាច។ (ពង្សាវតារក្សត្រទី១ ១៩:២-១៨) ដោយមានការបង្ខិតបង្ខំ សាវ័កពេត្រុសក៏បានបដិសេធយ៉ាងខ្លាចថាមិនស្គាល់ព្រះយេស៊ូគ្រីស្ទ ហើយជាច្រើនឆ្នាំក្រោយមក ការខ្លាចមនុស្សបណ្ដាលឲ្យគាត់ប្រព្រឹត្តតាមរបៀបដែលខុសផ្ទុយនឹងជំនឿ។ (ម៉ាកុស ១៤:៦៦-៧១; កាឡាទី ២:១១, ១២) ប៉ុន្តែ អេលីយ៉ានិងពេត្រុសបានសុខចិត្តទទួលជំនួយខាងវិញ្ញាណ ហើយដោយទុកចិត្តលើព្រះយេហូវ៉ា បានបន្តការបំរើព្រះដ៏ត្រឹមត្រូវ។
១២. តើឧទាហរណ៍នៃសម័យទំនើបនេះណាមួយ ដែលបង្ហាញនូវរបៀបដែលបុគ្គលម្នាក់បានទទួលជំនួយ ដើម្បីជៀសវាងកុំឲ្យការខ្លាចបណ្ដាលឲ្យគេឈប់ពីការផ្គាប់ព្រះហឫទ័យព្រះ?
១២ ពួកអ្នកបំរើព្រះយេហូវ៉ាជាច្រើនសព្វថ្ងៃនេះ ក៏បានរៀនអំពីរបៀបដើម្បីឲ្យមានការជោគជ័យលើការខ្លាច។ ស្មរបន្ទាល់ក្មេងជំទង់ម្នាក់ក្នុងប្រទេសហ្គាយណា បានទទួលស្គាល់ថា៖ «នៅឯសាលារៀន ការតយុទ្ធទប់ទល់នឹងការបង្ខំពីពួកម៉ាកគឺខ្លាំងណាស់»។ ប៉ុន្តែ នាងនិយាយទៀតថា៖ «ជំនឿរបស់ខ្ញុំលើព្រះយេហូវ៉ាក៏ខ្លាំងដែរ»។ ពេលដែលគ្រូរបស់នាងបានចំអកដាក់នាង នៅពីមុខថ្នាក់ដោយសារជំនឿរបស់នាង នាងក៏បានអធិស្ឋានយ៉ាងស្ងាត់ទៅព្រះយេហូវ៉ា។ ក្រោយមក នៅដាច់ឡែកពីគេ នាងបានធ្វើបន្ទាល់ដ៏ប៉ិនប្រសប់ដល់គ្រូរបស់នាង។ ពេលដែលទៅលេងភូមិរបស់គាត់នៅប្រទេសបិនណិន យុវបុរសម្នាក់ដែលបានរៀនអំពីសេចក្ដីតម្រូវរបស់ព្រះយេហូវ៉ា បានតាំងចិត្តនឹងបោះចោលរូបសំណាក ដែលឪពុកបានឆ្លាក់ឲ្យគាត់។ យុវបុរសនេះដឹងថា រូបសំណាកនេះគឺឥតមានជីវិត ហើយគាត់មិនខ្លាចវាទេ តែគាត់ក៏ដឹងថាពួកអ្នកភូមិដ៏ខឹង ប្រហែលចង់រកផ្លូវសម្លាប់គាត់ដែរ។ គាត់បានអធិស្ឋានទៅព្រះយេហូវ៉ា ហើយរួចមកនៅពេលយប់ គាត់ក៏បានយករូបសំណាកបោះចោលក្នុងព្រៃទៅ។ (ប្រៀបធៀប ចៅហ្វាយ ៦:២៧-៣១) ពេលដែលស្ត្រីម្នាក់ក្នុងប្រទេសដូមីនីកែនរ៉េពុយប្លិក ចាប់ផ្ដើមបំរើព្រះយេហូវ៉ា ប្ដីរបស់នាងបានទាមទារឲ្យនាងជ្រើសរើសយកគាត់ឬក៏ព្រះយេហូវ៉ា។ បុរសនេះបានគំរាមកំហែងនឹងលែងលះគ្នា។ តើការខ្លាចនឹងធ្វើឲ្យនាងបោះចោលជំនឿរបស់នាងឬ? នាងបានតបឆ្លើយថា៖ «ប្រសិនបើមានការទាក់ទងនឹងអស្វាមីភក្ដី នោះខ្ញុំនឹងអាម៉ាស់មុខណាស់ ប៉ុន្តែខ្ញុំមិនអាម៉ាស់មុខនឹងការបំរើព្រះយេហូវ៉ាទេ»! នាងបានបន្តដើរជាមួយព្រះ ហើយក្រោយមក ប្ដីក៏បានចូលរួមជាមួយនាង ក្នុងការធ្វើតាមបំណងរបស់ព្រះយេហូវ៉ា។ ដោយមានការទុកចិត្តទាំងស្រុងលើព្រះវរបិតានៅស្ថានសួគ៌ យើងក៏អាចជៀសវាងកុំឲ្យការខ្លាចមនុស្ស បណ្ដាលឲ្យយើងឈប់ពីការធ្វើអ្វី ដែលយើងដឹងថានឹងផ្គាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា។
ជៀសវាងការបន្ថយនូវសារៈសំខាន់នៃឱវាទ
១៣. តើអំពីអន្ទាក់អ្វីដែលធីម៉ូថេទី១ ៦:៩ ព្រមានប្រាប់យើង?
១៣ ថ្វីបើអន្ទាក់ខ្លះដែលបានប្រើដោយពួកព្រាន ដើម្បីចាប់សត្វដែលបានដើរនៅកន្លែងណាមួយ តែអន្ទាក់ផ្សេងទៀតបានប្រើនុយដ៏ទាក់ទាញចិត្ត។ ចំពោះមនុស្សជាច្រើន វត្ថុទ្រព្យគឺជានុយបែបនេះមែន។ (ម៉ាថាយ ១៣:២២) នៅធីម៉ូថេទី១ ៦:៨, ៩ លើកទឹកចិត្តយើងឲ្យស្កប់ចិត្តនឹងអាហារទទួលទាននិងសំលៀកបំពាក់។ រួចមក ក៏ព្រមានប្រាប់ថា៖ «ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ»។
១៤. (ក) តើអ្វីដែលអាចបង្ការបុគ្គលម្នាក់ពីការធ្វើតាមឱវាទឲ្យស្កប់ចិត្តនឹងការទទួលទាននិងសំលៀកបំពាក់? (ខ) តើការយល់ខុសនៃវត្ថុទ្រព្យបណ្ដាលឲ្យបុគ្គលម្នាក់បន្ថយនូវសារៈសំខាន់នៃការព្រមានក្នុងធីម៉ូថេទី១ ៦:៩ យ៉ាងដូចម្ដេច? (គ) ក្នុងរបៀបណាដែល‹សេចក្ដីប្រាថ្នានៃភ្នែក› ធ្វើឲ្យបុគ្គលខ្លះខ្វាក់នឹងអន្ទាក់ដែលចាំគេ?
១៤ ទោះជាមានការព្រមាននេះក្ដី មនុស្សជាច្រើនបានជាប់អន្ទាក់ ពីព្រោះគេមិនអនុវត្តឱវាទនេះ។ ហេតុអ្វី? តើនេះអាចជាចិត្តមានះ ដែលជំរុញគេឲ្យទទូចកាន់តាមបែបលំនាំរស់នៅ ដែលតម្រូវច្រើនជាង«អាហារទទួលទាននឹងសំលៀកបំពាក់» ដែលព្រះគម្ពីរដាស់តឿនឲ្យយើងស្កប់ចិត្តនោះឬ? តើគេប្រហែលជាបន្ថយនូវសារៈសំខាន់នៃការព្រមានរបស់ព្រះគម្ពីរ ពីព្រោះគេចាត់ទុកទ្រព្យសម្បត្ដិរបស់ពួកអ្នកមានឬ? ព្រះគម្ពីរបានប្រៀបធៀបការតាំងចិត្តចង់បានមាន ជាមួយនឹងការស្កប់ចិត្តនឹងការទទួលទាននិងសំលៀកបំពាក់។ (ប្រៀបធៀប ហេព្រើរ ១៣:៥) តើ‹សេចក្ដីប្រាថ្នានៃភ្នែក›—សេចក្ដីប្រាថ្នាចង់បានរបស់ដែលគេឃើញ ថែមទាំងបូជាការស្វែងរកខាងវិញ្ញាណ—បណ្ដាលឲ្យគេបោះចោលផលប្រយោជន៍នៃការថ្វាយបង្គំពិតជាអ្វីដ៏ឥតសំខាន់ឬ? (យ៉ូហានទី១ ២:១៥-១៧; ហាកាយ ១:២-៨) ពួកអ្នកដែលធ្វើតាមឱវាទរបស់ព្រះគម្ពីរហើយដើរជាមួយព្រះ គឺមានចិត្តសប្បាយណាស់ ដោយយកកិច្ចបំរើនៃព្រះយេហូវ៉ាជាអ្វីដ៏សំខាន់ក្នុងជីវិតរបស់គេ!
ប្រឈមដោះស្រាយដ៏ជោគជ័យនឹងសេចក្ដីកង្វល់នៃជីវិត
១៥. តើស្ថានការណ៍អ្វីដែលធ្វើឲ្យមានសេចក្ដីខ្វល់ខ្វាយដល់រាស្ត្ររបស់ព្រះយេហូវ៉ាជាច្រើន ហើយតើចំពោះអន្ទាក់អ្វីដែលយើងត្រូវតែប្រុងប្រយ័ត្ន ពេលដែលយើងមានការពិបាក?
១៥ អ្វីដែលមានទូទៅជាងការតាំងចិត្តចង់បានមាន គឺសេចក្ដីខ្វល់ខ្វាយលើការរករបស់ដែលត្រូវការនៃជីវិត។ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាជាច្រើនមានតែរបស់របរបន្ដិចបន្តួចទេ។ គេខំប្រឹងធ្វើការជាច្រើនម៉ោង ដើម្បីឲ្យមានសំលៀកបំពាក់គ្រប់គ្រាន់ កន្លែងសំរាប់គ្រួសារសម្រាន្តនៅពេលយប់ ហើយយ៉ាងហោចណាស់ចំពោះអាហារប្រចាំថ្ងៃ។ អ្នកដទៃមានបញ្ហា ពីព្រោះជម្ងឺឬអាយុចាស់ជរារបស់គេ ឬពួកសមាជិកនៃគ្រួសារ។ ជាការស្រួលមែន ដោយអនុញ្ញាតឲ្យកាលៈទេសៈបែបនេះ រឹតកផលប្រយោជន៍ខាងវិញ្ញាណនៃជីវិតរបស់គេ!—ម៉ាថាយ ១៣:២២
១៦. តើព្រះយេហូវ៉ាជួយយើងឲ្យប្រឈមដោះស្រាយនឹងសេចក្ដីពិបាកក្នុងជីវិតយ៉ាងដូចម្ដេច?
១៦ ប្រកបដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាមានបន្ទូលប្រាប់យើងអំពីការធូរស្បើយ ដែលនឹងមាននៅក្រោមព្រះរាជាណាចក្រនៃព្រះមេស្ស៊ី។ (ទំនុកដំកើង ៧២:១-៤, ១៦; អេសាយ ២៥:៧, ៨) ទ្រង់ក៏មានបន្ទូលប្រាប់យើងឲ្យប្រឈមដោះស្រាយនឹងសេចក្ដីពិបាកនៃជីវិត ដោយប្រទានឱវាទនូវរបៀបដែលយើងអាចចាត់ទុកអាទិភាពតាមរបៀបរៀបរយ។ (ម៉ាថាយ ៤:៤; ៦:២៥-៣៤) តាមរយៈប្រវត្ដិដែលទ្រង់បានជួយពួកអ្នកបំរើទ្រង់ក្នុងគ្រាមុនៗ ព្រះយេហូវ៉ាក៏ធានារ៉ាប់រងយើងដែរ។ (យេរេមា ៣៧:២១; យ៉ាកុប ៥:១១) ទ្រង់ពង្រឹងយើងដោយប្រទានចំណេះ ដែលថា ទោះជាមានស្ថានភាពរារាំងលើយ៉ាងណាក៏ដោយ នោះសេចក្ដីស្រឡាញ់របស់ទ្រង់ក៏នឹងនៅមានជានិច្ចចំពោះពួកអ្នកបំរើដ៏ស្មោះនៃទ្រង់។ (រ៉ូម ៨:៣៥-៣៩) ចំពោះអស់អ្នកដែលទុកចិត្តលើព្រះយេហូវ៉ា ទ្រង់ប្រកាសថា៖ «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»។—ហេព្រើរ ១៣:៥
១៧. សូមឲ្យឧទាហរណ៍នូវរបៀបដែលបុគ្គលដែលមានស្ថានការណ៍ដ៏អាក្រក់ អាចនៅដើរជាមួយព្រះ។
១៧ ពង្រឹងដោយចំណេះនេះ ពួកគ្រីស្ទានពិតបន្តដើរជាមួយព្រះ ជាជាងបែរចេញទៅតាមផ្លូវនៃលោកីយ៍។ ទស្សនៈលោកីយ៍ដ៏ទូទៅមួយក្នុងចំណោមពួកអ្នកក្រក្នុងស្រុកជាច្រើន គឺថា ការយកលុយឬរបស់ពីបុគ្គលដែលមានវត្ថុទ្រព្យច្រើន គឺមិនមែនជាលួចនោះទេ។ ប៉ុន្តែ អស់អ្នកដែលដើរដោយជំនឿ គឺបដិសេធទស្សនៈនោះ។ គេចាត់ទុកការយល់ព្រមពីព្រះជាអ្វីដ៏សំខាន់ ហើយទុកចិត្តលើទ្រង់ ឲ្យផ្ដល់រង្វាន់ចំពោះចរិយាដ៏ស្មោះត្រង់របស់គេ។ (សុភាសិត ៣០:៨, ៩; កូរិនថូសទី១ ១០:១៣; ហេព្រើរ ១៣:១៨) ស្ត្រីមេម៉ាយម្នាក់ក្នុងប្រទេសឥណ្ឌា ឃើញថា ការសុខចិត្តធ្វើការដោយប្រសប់លៃលក បានជួយនាងឲ្យប្រឈមដោះស្រាយ។ ជាជាងមានការតូចចិត្តលើស្ថានការណ៍របស់នាង នាងដឹងថាបើនាងដាក់ព្រះរាជាណាចក្រនៃព្រះ និងសេចក្ដីសុចរិតរបស់ទ្រង់ទីមួយក្នុងជីវិត នោះព្រះយេហូវ៉ានឹងប្រទានពរដល់ការខ្នះខ្នែងឲ្យរករបស់ដែលត្រូវការសំរាប់នាងនិងកូនប្រុស។ (ម៉ាថាយ ៦:៣៣, ៣៤) មនុស្សរាប់ពាន់នាក់លើផែនដីបានបង្ហាញថា ព្រះយេហូវ៉ាជាទីពឹងពំនាក់ជាបន្ទាយរបស់គេ មិនថាគេមានស្ថានការណ៍យ៉ាងណាក៏ដោយ។ (ទំនុកដំកើង ៩១:២) តើនេះជាការពិតចំពោះអ្នកទេ?
១៨. តើអ្វីជាកូនសោដើម្បីជៀសវាងអន្ទាក់ទាំងឡាយក្នុងលោកីយ៍សាតាំង?
១៨ ដរាបណាដែលយើងរស់នៅក្នុងរបបលោកីយ៍នេះ គឺនឹងមានអន្ទាក់ជាច្រើនដែលយើងត្រូវជៀសវាង។ (យ៉ូហានទី១ ៥:១៩) ព្រះគម្ពីរប្រាប់យើងអំពីអន្ទាក់ទាំងនេះ ហើយបង្ហាញនូវរបៀបដែលយើងត្រូវជៀសវាង។ ពួកអ្នកដែលពិតជាស្រឡាញ់ព្រះយេហូវ៉ា ហើយមានការខ្លាចត្រឹមត្រូវនៃការធ្វើឲ្យទ្រង់មិនសព្វព្រះហឫទ័យ អាចដោះស្រាយដ៏ជោគជ័យនឹងអន្ទាក់បែបនេះ។ ប្រសិនបើគេ«ដើរក្នុងព្រះវិញ្ញាណ» នោះគេនឹងមិនចុះចូលធ្វើតាមផ្លូវនៃលោកីយ៍នេះឡើយ។ (កាឡាទី ៥:១៦-២៥) ចំពោះអស់អ្នកដែលកសាងជីវិតរបស់គេដោយមានទំនាក់ទំនងជាមួយព្រះយេហូវ៉ា នោះនឹងមានការទន្ទឹងចាំដ៏អស្ចារ្យនៃការដើរជាមួយព្រះ ដែលមានភាពស្និទ្ធស្នាលជាមួយទ្រង់ជានិរន្តរ៍។—ទំនុកដំកើង ២៥:១៤
តើអ្វីជាចម្លើយរបស់អ្នក?
◻ តើការទុកចិត្តលើខ្លួនឯងជាអន្ទាក់យ៉ាងណា?
◻ តើអ្វីដែលអាចការពារយើងពីការនៅក្រោមការខ្លាចមនុស្ស?
◻ តើអ្វីដែលអាចបណ្ដាលយើងកុំឲ្យធ្វើតាមឱវាទលើការមានគ្រោះថ្នាក់ នៃការសង្វាតរកទ្រព្យសម្បត្ដិ?
◻ តើអ្វីដែលអាចជួយយើងឲ្យជៀសវាងពីការជាប់អន្ទាក់នៃសេចក្ដីខ្វល់ខ្វាយនៃជីវិត?
[រូបភាពនៅទំព័រ២៨, ២៩]
មនុស្សជាច្រើនបន្តដើរជាមួយព្រះក្នុងមួយជីវិតរបស់គេ