ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅថែស្សាឡូនីច និងធីម៉ូថេ
ក្រុមជំនុំថ្មីនាទីក្រុងថែស្សាឡូនីចទទួលការប្រឆាំង គឺចាប់តាំងពីពេលដែលក្រុមជំនុំទើបតែកកើតឡើង នៅពេលដែលសាវ័កប៉ុលបានទៅលេងនៅទីនោះម្ល៉េះ។ ពេលដែលធីម៉ូថេត្រឡប់ពីទីក្រុងថែស្សាឡូនីចមានទាំងរបាយការណ៍ដ៏ល្អផងនោះ គាត់មានអាយុទើបតែជាង២០ឆ្នាំប៉ុណ្ណោះ។ ប៉ុលក៏សម្រេចថាសរសេរសំបុត្រមួយច្បាប់ដើម្បីសរសើរនិងលើកទឹកចិត្តបងប្អូននៅទីនោះ។ ប្រហែលជានៅឆ្នាំ៥០ គ.ស. ដែលព្រះបានបណ្ដាលឲ្យប៉ុលសរសេរសំបុត្រទី១ទៅពួកថែស្សាឡូនីច។ បន្ដិចក្រោយមកគាត់បានសរសេរសំបុត្រមួយទៀតជាលើកទី២។ លើកនេះគាត់បានកែប្រែទស្សនៈខុសឆ្គងដែលអ្នកខ្លះមាន ហើយលើកទឹកចិត្តបងប្អូនឲ្យឈរឲ្យបានរឹងមាំក្នុងជំនឿ។
ប្រហែលជា១០ឆ្នាំក្រោយមក ប៉ុលបានទៅម៉ាសេដូននិងធីម៉ូថេទៅទីក្រុងអេភេសូរ។ ប៉ុលសរសេរលើកទឹកចិត្តធីម៉ូថេឲ្យនៅទីក្រុងអេភេសូរ ដើម្បីជួយបងប្អូនប្រុសស្រីរក្សាឲ្យមានចំណងមេត្រីភាពជាមួយនឹងព្រះយេហូវ៉ា ទោះជាមានឥទ្ធិពលអាក្រក់ពីពួកគ្រូក្លែងក្លាយនៅក្នុងក្រុមជំនុំក្ដី។ សំបុត្រនេះប៉ុលសរសេរជាលើកទី២ទៅធីម៉ូថេ ពេលគ្រិស្តសាសនិករងការបៀតបៀន បន្ទាប់ពីមានភ្លើងឆេះបំផ្លាញទីក្រុងរ៉ូមនៅឆ្នាំ៦៤ គ.ស.។ គឺជាសំបុត្រចុងក្រោយដែលព្រះបណ្ដាលឲ្យប៉ុលសរសេរ។ សព្វថ្ងៃនេះ យើងក៏អាចទទួលប្រយោជន៍ពីការលើកទឹកចិត្ត និងឱវាទដែលមាននៅក្នុងសំបុត្រទាំងបួនរបស់ប៉ុលដែរ។—ហេ. ៤:១២
ចូរ«ចាំយាម»
ប៉ុលសរសើរបងប្អូននៅទីក្រុងថែស្សាឡូនីចស្តី‹ពីការដែលពួកគាត់ធ្វើដោយសេចក្ដីជំនឿ នឹងពីការនឿយហត់ដែលធ្វើដោយសេចក្ដីស្រឡាញ់›។ សាវ័កប៉ុលជម្រាបពួកគាត់ថាមាន‹សេចក្ដីសង្ឃឹម សេចក្ដីអំណរ នឹងមកុដ ដែលនាំឲ្យរីករាយឡើង›។—១ថែ. ១:៣; ២:១៩
បន្ទាប់ពីបានលើកទឹកចិត្តគ្រិស្តសាសនិកនៅទីក្រុងថែស្សាឡូនីចឲ្យកម្សាន្តចិត្តគ្នាទៅវិញទៅមក ប៉ុលថ្លែងថា៖ «ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់»។ សាវ័កប៉ុលដាស់តឿនពួកគាត់ឲ្យ«ចាំយាម»ហើយឲ្យដឹងខ្លួនជានិច្ច។—១ថែ. ៤:១៦-១៨; ៥:២, ៦
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៤:១៥-១៧—តើអ្នកណាខ្លះដែល«បានលើកឡើង ទៅក្នុងពពក . . . ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស»? ហើយតើតាមរបៀបណា? គឺពួកគ្រិស្តសាសនិកជាអ្នករើសតាំង ដែលរស់នៅក្នុងអំឡុងដែលព្រះគ្រិស្តមានវត្តមានជាស្តេចក្នុងរាជាណាចក្ររបស់ទ្រង់។ ពួកគាត់«ជួបជុំនឹងព្រះអម្ចាស់»យេស៊ូនៅឯស្ថានសួគ៌។ ដូច្នេះ ដើម្បីជួបជុំនឹងព្រះយេស៊ូនៅឯស្ថានសួគ៌បាន ដំបូងពួកគាត់ត្រូវតែស្លាប់សិន ហើយត្រូវប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណ។ (រ៉ូម ៦:៣-៥; ១កូ. ១៥:៣៥, ៤៤) ដោយហេតុថាវត្តមានរបស់ព្រះគ្រិស្តចាប់ផ្ដើមហើយ នោះពួកគ្រិស្តសាសនិកជាអ្នករើសតាំង ដែលស្លាប់ពេលបច្ចុប្បន្នមិនស្ថិតនៅក្នុងស្ថានភាពនោះយូរទេ។ ពួកគាត់នឹងត្រូវ«លើកឡើង» ឬប្រោសឲ្យរស់ឡើងវិញក្នុងមួយរំពេច។—១កូ. ១៥:៥១, ៥២
៥:២៣—ពេលប៉ុលអធិដ្ឋានថា «ទាំងព្រលឹងនឹងវិញ្ញាណហើយរូបកាយទាំងមូល[របស់បងប្អូនទាំងនោះ]បានបម្រុងទុក» តើគាត់ចង់មានន័យអ្វី? ប៉ុលសំដៅទៅព្រលឹង វិញ្ញាណ និងរូបកាយជាច្រើនដែលរួមបញ្ចូលគ្នានៅក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិក ថែមទាំងគ្រិស្តសាសនិកដែលបានរើសតាំងដោយសកម្មពលរបស់ព្រះនៅទីក្រុងថែស្សាឡូនីចផង។ ជាជាងអធិដ្ឋានសូមឲ្យក្រុមជំនុំបានបម្រុងទុក ប៉ុលអធិដ្ឋានសូមឲ្យ«វិញ្ញាណ»ឬគំនិតបានបម្រុងឬថែរក្សាទុកវិញ។ ប៉ុលក៏អធិដ្ឋានឲ្យ«ព្រលឹង» ជីវិត ឬវត្តមាន និង«រូបកាយ»របស់ពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ដែរ។ (១កូ. ១២:១២, ១៣) ដូច្នេះ ការអធិដ្ឋានរបស់ប៉ុលគូសបញ្ជាក់ពីការដែលគាត់យកចិត្តទុកដាក់ចំពោះក្រុមជំនុំ។
មេរៀនសម្រាប់យើង:
១:៣, ៧; ២:១៣; ៤:១-១២; ៥:១៥: ការជូនឱវាទដែលមានប្រសិទ្ធភាពគឺជាការផ្ដល់សេចក្ដីសរសើរដ៏ស្មោះ និងការលើកទឹកចិត្តដើម្បីឲ្យបងប្អូនខំប្រឹងឲ្យបានល្អប្រសើរជាង។
៤:១, ៩, ១០: អ្នកថ្វាយបង្គំព្រះយេហូវ៉ាគួរតែខំព្យាយាមពង្រឹងចំណងមេត្រីភាពជាមួយព្រះឲ្យបានកាន់តែរឹងមាំឡើងជានិច្ច។
៥:១-៣, ៨, ២០, ២១: ពេលដែលថ្ងៃនៃព្រះយេហូវ៉ាខិតមកកាន់តែជិត«យើងត្រូវដឹងខ្លួន ទាំងប្រដាប់កាយដោយសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ទុកជាប្រដាប់បាំងដើមទ្រូង ហើយសេចក្ដីសង្ឃឹមរបស់ផងសេចក្ដីសង្គ្រោះទុកជាមួកសឹក»។ បន្ថែមទៀត យើងត្រូវតែយកចិត្តទុកដាក់យ៉ាងស្មោះទៅលើពាក្យទំនាយដែលមានក្នុងគម្ពីរ។
«ចូរឈរឲ្យមាំមួន»
បងប្អូនខ្លះនៅក្នុងក្រុមជំនុំមួលបង្កាច់ពាក្យរបស់ប៉ុលដែលបានសរសេរនៅក្នុងសំបុត្រទី១។ តាមមើលទៅ ពួកគេអះអាងថាពេលនេះហើយ«ព្រះអម្ចាស់នៃយើង ទ្រង់ត្រូវយាងមក»។ ប៉ុលកែតម្រូវទស្សនៈនេះ ដោយប្រាប់ពីអ្វីដែលត្រូវ‹មកជាមុនសិន›។—២ថែ. ២:១-៣
ប៉ុលដាស់តឿនថា៖ «ចូរឈរឲ្យមាំមួន ហើយកាន់ខ្ជាប់តាមសេចក្ដីបញ្ញត្ត ដែលយើងខ្ញុំបានបង្រៀនដល់អ្នករាល់គ្នាចុះ!»។ ប៉ុលបង្គាប់ពួកគាត់ឲ្យ«ថយចេញឲ្យផុតពីគ្រប់ទាំងបងប្អូនណា ដែលប្រព្រឹត្តខុសរបៀប»។—២ថែ. ២:១៥; ៣:៦
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
២:៣, ៨—តើអ្នកណាជា«មនុស្សដែលជាតួបាប[ឬទទឹងច្បាប់]»? ហើយនឹងត្រូវបំផ្លាញយ៉ាងដូចម្ដេច? «មនុស្ស»ទទឹងច្បាប់ទាំងនោះគឺជាពួកគណៈបព្វជិតពិភពគ្រិស្តសាសនា។ រីឯអ្នកដែលព្រះបានប្រគល់សិទ្ធិឲ្យប្រកាសការកាត់ទោស និងបំផ្លាញពួកមនុស្សអាក្រក់ចោល គឺ«ព្រះបន្ទូល»ឬមេនាំពាក្យរបស់ព្រះ គឺព្រះយេស៊ូគ្រិស្ត។ (យ៉ូន. ១:១) ដូច្នេះ អាចនិយាយបានថាព្រះយេស៊ូជាអ្នកបំផ្លាញពួកទទឹងច្បាប់«ដោយខ្យល់[ឬសកម្មពល]ពីព្រះឱស្ឋទ្រង់»។
២:១៣, ១៤—តើពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌‹បានរើសតាំងពីដើមដំបូងមក ដើម្បីឲ្យបានសង្គ្រោះ›យ៉ាងដូចម្ដេច? អ្នករើសតាំងជាក្រុមបានតម្រូវទុកជាមុន តាំងពីពេលដែលព្រះយេហូវ៉ាបានតាំងចិត្តឲ្យពូជស្ត្រីកិនក្បាលសាតាំងម្ល៉េះ។ (លោ. ៣:១៥) ព្រះយេហូវ៉ាបានថ្លែងប្រាប់ពីលក្ខណៈសម្បត្ដិដែលពួកគាត់ត្រូវមាន កិច្ចការដែលពួកគាត់ត្រូវធ្វើ ហើយនិងការសាកល្បងដែលពួកគាត់ត្រូវឆ្លងកាត់។ ព្រះយេហូវ៉ាបានរើសតាំងពួកគាត់ក្នុង‹សេចក្ដីនេះឯង›។
មេរៀនសម្រាប់យើង:
១:៦-៩: ព្រះយេហូវ៉ាមិនដាក់ទោសដោយឥតរើសមុខឡើយ។
៣:៨-១២: សូមកុំយកថ្ងៃនៃព្រះយេហូវ៉ាដែលខិតមកកាន់តែជិតជាលេស ថាមិនចាំបាច់ឲ្យយើងរកស៊ីចិញ្ចឹមខ្លួននិងធ្វើកិច្ចបម្រើព្រះឲ្យសោះ។ គំនិតឥតប្រយោជន៍បែបនេះអាចធ្វើឲ្យយើងទៅជាខ្ជិលច្រអូស ហើយបែរទៅជាមានពេលនិយាយ«សៀតចូលក្នុងការរបស់អ្នកដទៃ»។—១ពេ. ៤:១៥
«ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ!»
ប៉ុលណែនាំធីម៉ូថេឲ្យ«ច្បាំងជាចំបាំងយ៉ាងល្អ ដោយសារសេចក្ដីទាំងនោះ ព្រមទាំងរក្សាសេចក្ដីជំនឿ នឹងបញ្ញាចិត្តជ្រះថ្លា»។ សាវ័កប៉ុលគូសបញ្ជាក់ពីគុណសម្បត្ដិខ្លះៗដែលបុរសដែលទទួលមុខតំណែងក្នុងក្រុមជំនុំត្រូវមាន។ ប៉ុលក៏បានអប់រំធីម៉ូថេ«កុំឲ្យព្រមស្ដាប់អស់ទាំងរឿងល្បែង»ឡើយ។—១ធី. ១:១៨, ១៩; ៣:១-១០, ១២, ១៣; ៤:៧
សាវ័កប៉ុលបានសរសេរថា៖ «កុំឲ្យស្តីបន្ទោសដល់មនុស្សចាស់ៗឡើយ»។ គាត់ដាស់តឿនធីម៉ូថេថា៖ «ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ! ហើយចៀសចេញពីសំដីឡេះឡោះឥតប្រយោជន៍ នឹងពាក្យទទឹងទទែងនៃសេចក្ដី ដែលក្លែងហៅថាចំណេះវិជ្ជាផង»។—១ធី. ៥:១; ៦:២០
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:១៨; ៤:១៤—តើ«ពាក្យបណ្ដាំ»អ្វីដែលបានចែងទុកអំពីធីម៉ូថេ? នេះអាចជាទំនាយខ្លះដែលប៉ុលបានទទួលពេលគាត់ទៅលេងក្រុមជំនុំនៅទីក្រុងលីស្ដ្រាក្នុងដំណើរសាសនទូតជាលើកទី២ ស្តីអំពីភារកិច្ចក្រុមជំនុំដែលធីម៉ូថេត្រូវមាននៅពេលអនាគត។ (កិច្ច. ១៦:១, ២) ដោយផ្អែកលើ«ពាក្យបណ្ដាំ»ទាំងនេះ បុរសចាស់ទុំនៅក្នុងក្រុមជំនុំ«ដាក់ដៃ»លើធីម៉ូថេដើម្បីញែកទុកសម្រាប់កិច្ចការពិសេសមួយ។
២:១៥—តើស្ត្រី«នឹងបានសង្គ្រោះក្នុងកាលដែលបង្កើតកូន»យ៉ាងដូចម្ដេច? ការបង្កើតកូន ចិញ្ចឹមបីបាច់ថែរក្សាកូន និងគ្រប់គ្រងផ្ទះសម្បែងអាច«សង្គ្រោះ»ស្ត្រីៗពីការដើរ‹និយាយប៉ប៉ាច់ប៉ប៉ោច ហើយបេះបួយពីរឿងអ្នកដទៃ›។—១ធី. ៥:១១-១៥
៣:១៦—តើសេចក្ដីអាថ៌កំបាំងបរិសុទ្ធក្នុងការគោរពប្រតិបត្ដិដល់ព្រះជាអ្វី? អស់រយៈពេលជាយូរ គ្មានចម្លើយចំពោះសំណួរថាតើមនុស្សអាចឬក៏មិនអាចស្ដាប់បង្គាប់ ចុះចូលយ៉ាងល្អឥតខ្ចោះក្រោមការគ្រប់គ្រងរបស់ព្រះទេ។ ក៏ប៉ុន្តែ ព្រះយេស៊ូបានផ្ដល់ចម្លើយដោយរក្សាភក្ដីភាពយ៉ាងល្អឥតខ្ចោះចំពោះព្រះរហូតដល់ស្លាប់។
៦:១៥, ១៦—តើពាក្យទាំងនេះសំដៅទៅព្រះយេហូវ៉ាឬក៏ព្រះយេស៊ូគ្រិស្ត? ពាក្យទាំងនេះសំដៅទៅព្រះយេស៊ូគ្រិស្តដែលនឹងលេចមកដូចដែលបានរៀបរាប់។ (១ធី. ៦:១៤) បើប្រៀបធៀបទៅនឹងមនុស្សជាតិដែលសោយរាជ្យជាស្តេច ជាអម្ចាស់ មានតែព្រះយេស៊ូទេដែលជាស្តេច«ចក្រតែ១ព្រះអង្គ» ហើយទ្រង់តែមួយអង្គគត់ដែលមានជីវិតអមតៈ។ (ដា. ៧:១៤; រ៉ូម ៦:៩) តាំងពីបានលើកឡើងទៅស្ថានដ៏ខ្ពស់ គ្មានមនុស្សជាតិណាម្នាក់ដែលអាចមើល«ឃើញ»ទ្រង់ដោយភ្នែកធម្មតាទេ។
មេរៀនសម្រាប់យើង:
៤:១៥: មិនថាយើងជាគ្រិស្តសាសនិកយូរឆ្នាំមកហើយ ឬក៏មិនយូរប៉ុន្មានក្ដី យើងត្រូវតែព្យាយាមឲ្យមានការរីកចម្រើនទៅមុខជានិច្ច ទាំងពង្រឹងចំណងមេត្រីភាពជាមួយនឹងព្រះយេហូវ៉ាផង។
៦:២: បើយើងធ្វើការឲ្យអ្នកជឿគ្នីគ្នា យើងគួរតែខំធ្វើការជូនគាត់ឲ្យបានច្រើនជាងយើងធ្វើឲ្យអ្នកផ្សេងក្រៅក្រុមជំនុំទៅទៀត ជាជាងឆ្លៀតយកប្រយោជន៍ពីគាត់តាមមធ្យោបាយណាមួយ។
«ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ! ហើយទទូចជំរុញផង»
ដើម្បីឲ្យធីម៉ូថេចេះស៊ូទ្រាំពេលជួបប្រទះគ្រាលំបាក ប៉ុលសរសេរថា៖ «ព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់ នឹងប្រាជ្ញានឹងធឹងវិញ»។ ធីម៉ូថេត្រូវបានព្រមានថា៖ «មិនគួរឲ្យបាវបំរើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន»។—២ធី. ១:៧; ២:២៤
ប៉ុលដាស់តឿនធីម៉ូថេថា៖ «ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ»។ ដោយហេតុថាសេចក្ដីបង្រៀនរបស់ពួកអ្នកក្បត់ជំនឿបានចាប់រាលដាលនៅក្នុងក្រុមជំនុំ សាវ័កប៉ុលក៏ជូនឱវាទដល់អ្នកត្រួតពិនិត្យដែលមានវ័យក្មេងនេះថា៖ «ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ! ហើយទទូចជំរុញផង . . . ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ»។—២ធី. ៣:១៤; ៤:២
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:១៣—តើ«អស់ទាំងពាក្យត្រឹមត្រូវ»ជាអ្វី? «ពាក្យសំដីដែលត្រឹមត្រូវ»ជា«បន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ»គឺជាសេចក្ដីបង្រៀនពិតរបស់គ្រិស្តសាសនិក។ (១ធី. ៦:៣) អ្វីដែលព្រះយេស៊ូបង្រៀននិងប្រព្រឹត្តគឺសមស្របទៅតាមបណ្ដាំរបស់ព្រះ។ ដូច្នេះ «ពាក្យសំដីដែលត្រឹមត្រូវ»បើនិយាយឲ្យបានទូលំទូលាយជាង គឺសំដៅទៅសេចក្ដីបង្រៀនទាំងអស់ដែលមានក្នុងគម្ពីរ។ សេចក្ដីបង្រៀនទាំងនេះអាចជួយយើងឲ្យដឹងពីអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើង។ យើងកាន់តាមពាក្យទាំងនេះដោយធ្វើតាមអ្វីដែលយើងបានរៀនពីគម្ពីរ។
៤:១៣—តើ«ក្រាំងស្បែក»ជាអ្វី? «ក្រាំងស្បែក»សំដៅទៅស្បែកសត្វដែលគេរៀបចំទុកសម្រាប់សរសេរ។ ប្រហែលជាប៉ុលសុំយកសៀវភៅខ្លះជាភាសាហេព្រើរ ទុកសម្រាប់សិក្សាបណ្ដាំរបស់ព្រះក្នុងអំឡុងពេលដែលគាត់ជាប់គុកនៅទីក្រុងរ៉ូម។ សៀវភៅខ្លះបានចងក្រងពីក្រដាសផែបផាយរ៉ុស តែខ្លះទៀតពីក្រាំងស្បែក។
មេរៀនសម្រាប់យើង:
១:៥; ៣:១៥: មូលហេតុសំខាន់បំផុតដែលធីម៉ូថេមានជំនឿទៅលើព្រះគ្រិស្តយេស៊ូ ជាជំនឿដែលមានឥទ្ធិពលទៅលើការប្រព្រឹត្តទាំងអស់របស់គាត់ គឺដោយសារអ្នកផ្ទះរបស់ធីម៉ូថេបានបង្រៀនគម្ពីរដល់គាត់តាំងពីគាត់នៅក្មេងខ្ចីនៅឡើយ។ ពិតជាសំខាន់មែន! ដែលសមាជិកក្រុមគ្រួសារគិតឲ្យបានដិតដល់ពីភារកិច្ចដែលពួកគាត់ត្រូវបំពេញនៅចំពោះព្រះនិងចំពោះកូនៗដែរ។
១:១៦-១៨: ពេលបងប្អូនជួបប្រទះទុក្ខលំបាក ប្រឈមមុខនឹងការល្បងល ជាប់ឃុំឃាំង សូមយើងអធិដ្ឋានឲ្យបងប្អូន និងជួយពួកគាត់ឲ្យអស់ពីសមត្ថភាពផង។—សុ. ៣:២៧; ១ថែ. ៥:២៥
២:២២: គ្រិស្តសាសនិកទាំងឡាយអើយ! ជាពិសេសប្អូនៗយុវវ័យមិនគួរជាប់រវល់ហួសហេតុពេកនឹងការហាត់ដំឡើងសាច់ដុំ កីឡា ភ្លេង ការកម្សាន្ត ការនិយាយលេងសើចឥតប្រយោជន៍ ការធ្វើដំណើរជាដើម ដល់ម្ល៉េះបានជាមានពេលតែបន្ដិចបន្តួចសម្រាប់កិច្ចការបម្រើព្រះឡើយ។
[រូបភាពនៅទំព័រ២៩]
តើសំបុត្រមួយណាដែលព្រះបណ្ដាលឲ្យសាវ័កប៉ុលសរសេរចុងក្រោយបង្អស់?