សំបុត្រទី១ជូនចំពោះធីម៉ូថេ
៤ ក៏ប៉ុន្តែ បណ្ដាំពីឫទ្ធានុភាពរបស់ព្រះប្រាប់យ៉ាងច្បាស់ថា នៅអនាគតនឹងមានអ្នកខ្លះបោះបង់ចោលជំនឿ ដោយសារពួកគេយកចិត្តទុកដាក់ស្ដាប់បណ្ដាំមិនពិតដែលហាក់ដូចជាមកពីព្រះ+ ព្រមទាំងស្ដាប់សេចក្ដីបង្រៀនរបស់ពួកវិញ្ញាណកំណាច* ២ តាមរយៈសម្ដីភូតភររបស់មនុស្សលាក់ពុត+ ជាពួកអ្នកដែលមានសមត្ថភាពវិនិច្ឆ័យស្ពឹក ដូចស្បែកដែលរលាកដោយដែកដុត។ ៣ ពួកគេហាមមនុស្សមិនឲ្យរៀបការ+ ហើយបង្គាប់មិនឲ្យបរិភោគអាហារខ្លះ។+ ប៉ុន្តែ ព្រះបានបង្កើតអាហារទាំងនោះ+ ដើម្បីឲ្យអស់អ្នកដែលមានជំនឿ+តាមរយៈចំណេះត្រឹមត្រូវអំពីសេចក្ដីពិត អាចបរិភោគទាំងអរគុណព្រះ។ ៤ ពីព្រោះអ្វីៗទាំងអស់ដែលព្រះបានបង្កើតគឺល្អប្រសើរ+ ហើយគ្មានអ្វីដែលគួរឲ្យបដិសេធទេ+ បើបរិភោគទាំងអរគុណលោក ៥ ព្រោះអ្វីៗទាំងនោះបានត្រូវធ្វើឲ្យបរិសុទ្ធដោយបណ្ដាំរបស់ព្រះនិងការអធិដ្ឋាន។
៦ ពេលអ្នកផ្ដល់ឱវាទនេះដល់បងប្អូន អ្នកនឹងធ្វើជាអ្នកបម្រើដ៏ល្អរបស់គ្រិស្តយេស៊ូ ពោលគឺជាអ្នកបម្រើដែលបានត្រូវបំប៉នដោយពាក្យនៃជំនឿ និងពាក្យនៃសេចក្ដីបង្រៀនដ៏ល្អប្រសើរ ដែលអ្នកបានកាន់តាមយ៉ាងដិតដល់។+ ៧ ប៉ុន្តែ ចូរបដិសេធរឿងមិនពិតដែលមិនស្របតាមអ្វីដែលបរិសុទ្ធ+ ដូចជារឿងដែលស្ត្រីចាស់ៗបានប្រាប់។ ផ្ទុយទៅវិញ ចូរបង្ហាត់បង្រៀនខ្លួនអ្នកក្នុងបំណង*រក្សាភក្ដីភាពចំពោះព្រះ។ ៨ ព្រោះការហ្វឹកហាត់ខ្លួនប្រាណ*មានប្រយោជន៍បន្តិចបន្តួច តែភក្ដីភាពចំពោះព្រះមានប្រយោជន៍សម្រាប់គ្រប់ការទាំងអស់ ព្រោះនោះរួមបញ្ចូលសេចក្ដីសន្យាឲ្យបានជីវិតនៅពេលបច្ចុប្បន្ននិងនៅអនាគត។+ ៩ ពាក្យទាំងនេះគឺពិតនិងគួរឲ្យជឿជាក់។ ១០ ហេតុនេះហើយបានជាយើងកំពុងធ្វើការនឿយហត់ ហើយខំព្យាយាមយ៉ាងខ្លាំង+ ដោយសារយើងសង្ឃឹមលើព្រះដែលមានជីវិតរស់នៅ ជាព្រះដែលសង្គ្រោះ+មនុស្សគ្រប់ប្រភេទ+ ជាពិសេសមនុស្សស្មោះត្រង់។
១១ ចូរបន្តបង្គាប់និងបង្រៀនសេចក្ដីទាំងនេះ។ ១២ កុំឲ្យអ្នកណាមើលងាយអ្នកដោយសារអ្នកនៅក្មេងឡើយ។ ផ្ទុយទៅវិញ ចូរធ្វើជាគំរូល្អដល់ពួកអ្នកស្មោះត្រង់ក្នុងការនិយាយ ការប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ។ ១៣ ចូរបន្តព្យាយាមក្នុងការអានឲ្យអ្នកឯទៀតស្ដាប់+ ក្នុងការលើកទឹកចិត្ត និងក្នុងការបង្រៀន រហូតដល់ខ្ញុំមក។ ១៤ កុំធ្វេសប្រហែសនឹងអំណោយដែលអ្នកបានទទួលពីព្រះតាមរយៈទំនាយ នៅពេលក្រុមអ្នកចាស់ទុំបានដាក់ដៃលើអ្នក។+ ១៥ ចូររំពឹងគិតអំពីការទាំងនេះ។ ចូរជក់ចិត្តគំនិតនឹងការទាំងនេះ ដើម្បីឲ្យមនុស្សទាំងអស់ឃើញថាអ្នកកំពុងរីកចម្រើន។ ១៦ ចូរប្រុងប្រយ័ត្នជានិច្ចនឹងខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក។+ ចូរកាន់ខ្ជាប់នឹងការទាំងនេះ ព្រោះដោយធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក ទាំងពួកអ្នកដែលស្ដាប់អ្នក។+