ចូរផ្សព្វផ្សាយដំណឹងល្អអំពីគុណដ៏វិសេសលើសលប់របស់ព្រះ
«[ចូរ]ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ពីដំណឹងល្អស្តីអំពីគុណដ៏វិសេសលើសលប់របស់ព្រះ»។—សកម្មភាព ២០:២៤
១, ២. តើសាវ័កប៉ូលបានបង្ហាញយ៉ាងណាថាគាត់មានអំណរគុណចំពោះគុណដ៏វិសេសលើសលប់របស់ព្រះ?
សាវ័កប៉ូលអាចនិយាយដោយស្មោះថា៖ «គុណដ៏វិសេសលើសលប់ដែល[ព្រះ]មានចំពោះខ្ញុំ មិនបានទៅជាអសារឥតការទេ»។ (សូមអាន កូរិនថូសទី១ ១៥:៩, ១០) ប៉ូលបានដឹងច្បាស់ថាគាត់មិនសមនឹងទទួលសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅរបស់ព្រះឡើយ។ គាត់ធ្លាប់ជាអ្នកបៀតបៀនគ្រិស្តសាសនិក។
២ នៅជិតចុងបញ្ចប់នៃជីវិតរបស់ប៉ូល គាត់បានសរសេរទៅកាន់ធីម៉ូថេថា៖ «ខ្ញុំមានអំណរគុណចំពោះគ្រិស្តយេស៊ូជាម្ចាស់របស់យើង ជាអ្នកដែលបានផ្ដល់កម្លាំងឲ្យខ្ញុំ ពីព្រោះលោកបានចាត់ទុកខ្ញុំជាមនុស្សស្មោះត្រង់ ដោយចាត់តាំងខ្ញុំឲ្យបំពេញកិច្ចបម្រើ»។ (ធីម៉ូថេទី១ ១:១២-១៤) តើកិច្ចបម្រើនោះជាអ្វី? ប៉ូលបានប្រាប់ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំនៅក្រុងអេភេសូរថា៖ «ខ្ញុំមិនចាត់ទុកថាព្រលឹងខ្ញុំគឺសំខាន់ ឬជាអ្វីដ៏វិសេសចំពោះខ្ញុំទេ ប្រសិនបើខ្ញុំគ្រាន់តែអាចរត់ក្នុងការប្រណាំងនេះរហូតដល់ទីបញ្ចប់ ហើយបង្ហើយកិច្ចបម្រើដែលខ្ញុំបានទទួលពីលោកម្ចាស់យេស៊ូ ពោលគឺការធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ពីដំណឹងល្អស្តីអំពីគុណដ៏វិសេសលើសលប់របស់ព្រះ»។—សកម្មភាព ២០:២៤
៣. តើប៉ូលបានទទួលកិច្ចបម្រើពិសេសអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)
៣ តើប៉ូលបានផ្សព្វផ្សាយ«ដំណឹងល្អ»អ្វី ហើយតើនេះបង្ហាញយ៉ាងណាអំពីគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា? ប៉ូលបាននិយាយទៅកាន់គ្រិស្តសាសនិកនៅក្រុងអេភេសូរថា៖ ‹អ្នករាល់គ្នាបានឮថា ខ្ញុំបានទទួលភារកិច្ចជួយអ្នករាល់គ្នាឲ្យទទួលប្រយោជន៍ពីគុណដ៏វិសេសលើសលប់របស់ព្រះ›។ (អេភេសូរ ៣:១, ២) លោកយេស៊ូបានប្រាប់ប៉ូលឲ្យផ្សព្វផ្សាយដំណឹងល្អដល់ពួកអ្នកដែលមិនមែនជាជនជាតិយូដា។ ចាប់ពីពេលនោះ មនុស្សដែលមកពីប្រជាជាតិផ្សេងៗអាចទៅជាសមាជិករដ្ឋាភិបាលនៅស្ថានសួគ៌ដែលគ្រប់គ្រងដោយមេស្ស៊ី។ (សូមអាន អេភេសូរ ៣:៥-៨) ប៉ូលបានផ្សព្វផ្សាយយ៉ាងខ្នះខ្នែង ហើយបានទុកគំរូដ៏ល្អឲ្យគ្រិស្តសាសនិកនៅសព្វថ្ងៃនេះ។ គាត់បានបង្ហាញថាគុណដ៏វិសេសលើសលប់របស់ព្រះមិនមែន«អសារឥតការ»ចំពោះគាត់ឡើយ។
តើគុណដ៏វិសេសលើសលប់របស់ព្រះជំរុញចិត្តអ្នកឬទេ?
៤, ៥. ហេតុអ្វីយើងអាចនិយាយថា‹ដំណឹងល្អអំពីរាជាណាចក្រ›គឺដូចគ្នានឹងដំណឹងល្អស្តីអំពី«គុណដ៏វិសេសលើសលប់របស់ព្រះ»?
៤ នៅគ្រាចុងបញ្ចប់នេះ រាស្ត្ររបស់ព្រះយេហូវ៉ាមានភារកិច្ចផ្សព្វផ្សាយ‹ដំណឹងល្អអំពីរាជាណាចក្រនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ›។ (ម៉ាថាយ ២៤:១៤) ដំណឹងល្អអំពីរាជាណាចក្រក៏ជា«ដំណឹងល្អស្តីអំពីគុណដ៏វិសេសលើសលប់របស់ព្រះ»ដែរ។ តើតាមរបៀបណា? ពរទាំងអស់ដែលយើងនឹងទទួលពីរាជាណាចក្រព្រះគឺដោយសារចិត្តសប្បុរសរបស់ព្រះយេហូវ៉ា។ (អេភេសូរ ១:៣) ប៉ូលបានបង្ហាញចិត្តកតញ្ញូចំពោះគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ាដោយផ្សព្វផ្សាយយ៉ាងខ្នះខ្នែង។ តើយើងកំពុងធ្វើតាមគំរូរបស់ប៉ូលឬទេ?—សូមអាន រ៉ូម ១:១៤-១៦
៥ ក្នុងអត្ថបទមុន យើងបានរៀនអំពីរបៀបដែលយើងដែលជាមនុស្សមានភាពខុសឆ្គង ទទួលប្រយោជន៍ពីគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ាតាមវិធីជាច្រើន។ ដោយសារយើងបានទទួលប្រយោជន៍យ៉ាងច្រើន នោះយើងមានភារកិច្ចបង្រៀនអ្នកឯទៀតអំពីរបៀបដែលព្រះយេហូវ៉ាកំពុងបង្ហាញសេចក្ដីស្រឡាញ់របស់លោក និងអំពីរបៀបដែលពួកគេអាចទទួលប្រយោជន៍ពីនេះ។ តើតាមរបៀបណាយើងអាចជួយអ្នកឯទៀតឲ្យមានចិត្តកតញ្ញូចំពោះគុណដ៏វិសេសលើសលប់របស់ព្រះ?
ចូរផ្សាយដំណឹងល្អអំពីគ្រឿងបូជាលោះ
៦, ៧. ពេលយើងពន្យល់អ្នកឯទៀតអំពីថ្លៃលោះ តើយើងកំពុងផ្សព្វផ្សាយដំណឹងល្អអំពីគុណដ៏វិសេសលើសលប់របស់ព្រះយ៉ាងដូចម្ដេច?
៦ សព្វថ្ងៃនេះ ពេលមនុស្សជាច្រើនប្រព្រឹត្តអំពើខុសឆ្គង ពួកគេមិនមានអារម្មណ៍ថាខ្លួនធ្វើខុសឡើយ ដូច្នេះពួកគេមិនយល់អំពីមូលហេតុដែលមនុស្សជាតិត្រូវការថ្លៃលោះទេ។ នៅដំណាលគ្នានោះ មនុស្សកាន់តែច្រើនទទួលស្គាល់ថារបៀបរស់នៅរបស់ពួកគេមិនធ្វើឲ្យពួកគេសប្បាយរីករាយឡើយ។ ម្យ៉ាងទៀត មនុស្សជាច្រើនមិនដឹងថាអ្វីជាភាពខុសឆ្គង របៀបដែលភាពខុសឆ្គងមានឥទ្ធិពលមកលើមនុស្ស និងអ្វីដែលមនុស្សត្រូវធ្វើដើម្បីរួចផុតពីការធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គងឡើយ រហូតទាល់តែពួកគេនិយាយជាមួយនឹងសាក្សីព្រះយេហូវ៉ា។ ពេលដែលពួកគេយល់ថាភាពខុសឆ្គងគឺជាអ្វី មនុស្សដែលមានចិត្តស្មោះសប្បាយចិត្តរៀនថាព្រះយេហូវ៉ាបានចាត់បុត្ររបស់លោកឲ្យមកផែនដីដើម្បីរំដោះយើងពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ ព្រះយេហូវ៉ាបានធ្វើដូច្នេះ ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅនិងដោយសារគុណដ៏វិសេសលើសលប់របស់លោក។—យ៉ូហានទី១ ៤:៩, ១០
៧ សូមកត់សម្គាល់អ្វីដែលប៉ូលបាននិយាយអំពីបុត្រជាទីស្រឡាញ់របស់ព្រះយេហូវ៉ាថា៖ «ដោយបង់ថ្លៃលោះ នោះបុត្រលោកបានរំដោះយើងតាមរយៈឈាមរបស់ខ្លួន ពោលគឺយើងទទួលការអភ័យទោសចំពោះកំហុសរបស់យើង ដោយសារភាពបរិបូរនៃគុណដ៏វិសេសលើសលប់របស់លោក[ព្រះយេហូវ៉ា]»។ (អេភេសូរ ១:៧) គ្រឿងបូជាលោះរបស់គ្រិស្តគឺជាភ័ស្តុតាងដ៏អស្ចារ្យបំផុតដែលបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើង ហើយបង្ហាញថាគុណដ៏វិសេសលើសលប់របស់លោកគឺប្រសើរក្រៃលែង។ យើងធូរស្រាលក្នុងចិត្តណាស់ពេលដែលរៀនដឹងថាបើយើងបង្ហាញជំនឿលើគ្រឿងបូជារបស់លោកយេស៊ូ ភាពខុសឆ្គងរបស់យើងនឹងត្រូវអភ័យទោសឲ្យ ហើយយើងនឹងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស! (ហេប្រឺ ៩:១៤) នេះពិតជាដំណឹងល្អដើម្បីប្រាប់អ្នកឯទៀត!
ចូរជួយមនុស្សឲ្យក្លាយទៅជាមិត្តសម្លាញ់របស់ព្រះ
៨. ហេតុអ្វីមនុស្សដែលមានភាពខុសឆ្គងត្រូវផ្សះផ្សាជាមួយនឹងព្រះ?
៨ បើមនុស្សមិនបង្ហាញជំនឿលើគ្រឿងបូជារបស់លោកយេស៊ូទេ ព្រះចាត់ទុកពួកគេជាសត្រូវ។ ហេតុនេះ យើងមានភារកិច្ចប្រាប់ពួកគេថាពួកគេអាចទៅជាមិត្តសម្លាញ់របស់ព្រះបាន។ សាវ័កយ៉ូហានបានសរសេរថា៖ «អ្នកណាដែលបង្ហាញជំនឿលើបុត្ររបស់លោក អ្នកនោះមានជីវិតដែលគ្មានទីបញ្ចប់ រីឯអ្នកណាដែលមិនស្ដាប់បង្គាប់បុត្ររបស់លោក អ្នកនោះនឹងមិនទទួលជីវិតឡើយ តែកំហឹងរបស់ព្រះនៅជាប់នឹងអ្នកនោះ»។ (យ៉ូហាន ៣:៣៦) យើងសប្បាយចិត្តដែលគ្រឿងបូជារបស់គ្រិស្តផ្ដល់លទ្ធភាពឲ្យយើងក្លាយទៅជាមិត្តសម្លាញ់របស់ព្រះ។ ប៉ូលបានប្រកាសថា៖ «អ្នករាល់គ្នាដែលធ្លាប់នៅដាច់ឆ្ងាយពីព្រះនិងជាសត្រូវ ព្រោះមានគំនិតលម្អៀងទៅរកអំពើទុច្ចរិត ឥឡូវជាអ្នកដែលលោកបានផ្សះផ្សាឲ្យជានឹងលោកឡើងវិញ តាមរយៈរូបកាយសាច់ឈាមរបស់លោកដែលបានស្លាប់»។—កូឡុស ១:២១, ២២
យើងមានភារកិច្ចប្រាប់អ្នកឯទៀតថាពួកគេអាចទៅជាមិត្តសម្លាញ់របស់ព្រះ
៩, ១០. (ក) តើគ្រិស្តបានប្រគល់ភារកិច្ចអ្វីដល់បងប្អូនរបស់លោកដែលព្រះបានរើសតាំង? (ខ) តើ«ចៀមឯទៀត»ជួយអ្នកដែលព្រះបានរើសតាំងយ៉ាងដូចម្ដេច?
៩ គ្រិស្តបានប្រគល់«កិច្ចបម្រើខាងការផ្សះផ្សា»ឲ្យបងប្អូនរបស់លោកនៅផែនដីដែលព្រះបានរើសតាំង។ ប៉ូលបានប្រាប់ពួកគាត់ថា៖ «អ្វីៗទាំងអស់មកពីព្រះ ដែលបានផ្សះផ្សាចំណងមិត្តភាពរវាងយើងនឹងលោកតាមរយៈគ្រិស្ត ហើយបានប្រគល់កិច្ចបម្រើខាងការផ្សះផ្សាឲ្យយើង ពោលគឺ កិច្ចបម្រើដែលប្រកាសថា ព្រះបានផ្សះផ្សាជាមួយនឹងពិភពលោកតាមរយៈគ្រិស្ត ក៏មិនបានផ្ដន្ទាទោសពួកគេដោយសារកំហុសរបស់ពួកគេឡើយ ហើយលោកបានប្រគល់បណ្ដាំអំពីការផ្សះផ្សាឲ្យយើង។ ដូច្នេះ យើងជាទូតតំណាងគ្រិស្ត ហាក់ដូចជាព្រះកំពុងអង្វរតាមរយៈយើង។ ក្នុងនាមជាតំណាងគ្រិស្ត យើងអង្វរថា៖ ‹សូមផ្សះផ្សាជាមួយនឹងព្រះ›»។—កូរិនថូសទី២ ៥:១៨-២០
១០ ក្នុងកិច្ចបម្រើផ្សាយ «ចៀមឯទៀត»មានឯកសិទ្ធិជួយពួកអ្នកដែលព្រះបានរើសតាំង។ (យ៉ូហាន ១០:១៦) ក្នុងនាមជាអ្នកនាំពាក្យ ឬ«ជាតំណាង»របស់គ្រិស្ត «ចៀមឯទៀត»កំពុងរួមចំណែកយ៉ាងធំក្នុងកិច្ចការផ្សព្វផ្សាយ ការបង្រៀនមនុស្សអំពីសេចក្ដីពិត និងការជួយពួកគេឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ អ្វីទាំងនេះគឺជាផ្នែកដ៏សំខាន់នៃកិច្ចការផ្សព្វផ្សាយដំណឹងល្អអំពីគុណដ៏វិសេសលើសលប់របស់ព្រះ។
ចូរបង្រៀនមនុស្សថាព្រះស្ដាប់សេចក្ដីអធិដ្ឋាន
១១, ១២. ហេតុអ្វីគឺជាដំណឹងល្អដែលមនុស្សរៀនថាពួកគេអាចអធិដ្ឋានទៅព្រះយេហូវ៉ា?
១១ មនុស្សជាច្រើនអធិដ្ឋាន ដោយសារនោះធ្វើឲ្យពួកគេមានអារម្មណ៍ស្រួល ប៉ុន្តែពួកគេមិនជឿថាព្រះស្ដាប់សេចក្ដីអធិដ្ឋានរបស់ពួកគេឡើយ។ ពួកគេត្រូវដឹងថាព្រះយេហូវ៉ាគឺជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»។ ដាវីឌដែលជាអ្នកតែងទំនុកតម្កើងបានសរសេរថា៖ «ឱព្រះដែលស្ដាប់សេចក្ដីអធិស្ឋានអើយ អស់ទាំងមនុស្សនឹងមូលមកឯទ្រង់។ អស់ទាំងសេចក្ដីទុច្ចរិតតែងតែឈ្នះទូលបង្គំ ឯការរំលងរបស់យើងខ្ញុំ នោះទ្រង់នឹងជំរះចោលចេញ»។—ទំនុកតម្កើង ៦៥:២, ៣
ពេលយើងបង្រៀនមនុស្សអំពីរបៀបអធិដ្ឋាន យើងជួយពួកគេឲ្យក្លាយទៅជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា
១២ លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកថា៖ «ប្រសិនបើអ្នករាល់គ្នាសុំអ្វីក៏ដោយ ដោយនូវឈ្មោះរបស់ខ្ញុំ នោះខ្ញុំនឹងធ្វើ»។ (យ៉ូហាន ១៤:១៤) នេះមានន័យថាយើងអាចអធិដ្ឋានសុំ«អ្វីក៏ដោយ»ដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។ យ៉ូហានបានសរសេរថា៖ «យើងមានទំនុកចិត្តថា អ្វីក៏ដោយដែលយើងអធិដ្ឋានសុំ ដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះ នោះព្រះនឹងស្ដាប់យើង»។ (យ៉ូហានទី១ ៥:១៤) គឺពិតជាល្អណាស់ដែលយើងជួយមនុស្សឲ្យយល់ថាសេចក្ដីអធិដ្ឋានមិនគ្រាន់តែជាអ្វីដែលធ្វើឲ្យពួកគេមានអារម្មណ៍ស្រួលប៉ុណ្ណោះទេ តែគឺជារបៀបមួយដើម្បីចូលនៅមុខ«បល្ល័ង្កនៃគុណដ៏វិសេសលើសលប់»របស់ព្រះយេហូវ៉ា! (ហេប្រឺ ៤:១៦) ពេលយើងបង្រៀនមនុស្សអំពីរបៀបអធិដ្ឋានទៅបុគ្គលត្រឹមត្រូវ តាមរបៀបត្រឹមត្រូវ និងសម្រាប់អ្វីត្រឹមត្រូវ នោះយើងជួយពួកគេឲ្យក្លាយទៅជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា ហើយទទួលការសម្រាលទុក្ខពេលពួកគេរងទុក្ខ។—ទំនុកតម្កើង ៤:១; ១៤៥:១៨
គុណដ៏វិសេសលើសលប់របស់ព្រះក្នុងរបៀបរបបពិភពលោកថ្មី
១៣, ១៤. (ក) នៅពេលអនាគត តើអ្នកដែលព្រះបានរើសតាំងនឹងមានឯកសិទ្ធិដ៏វិសេសអ្វី? (ខ) តើអ្នកដែលព្រះបានរើសតាំងនឹងធ្វើកិច្ចការដ៏អស្ចារ្យអ្វីសម្រាប់មនុស្សជាតិ?
១៣ ព្រះយេហូវ៉ានឹងបង្ហាញគុណដ៏វិសេសលើសលប់របស់លោកកាន់តែច្រើន«នៅថ្ងៃមុខ»។ តើតាមរបៀបណា? ព្រះនឹងប្រគល់ឯកសិទ្ធិដ៏អស្ចារ្យដល់១៤៤.០០០នាក់ដែលនឹងគ្រប់គ្រងជាមួយនឹងគ្រិស្តនៅស្ថានសួគ៌។ ប៉ូលបានពន្យល់ថាឯកសិទ្ធិនោះនឹងទៅជាយ៉ាងណាពេលគាត់បានសរសេរថា៖ «ព្រះមានសេចក្ដីមេត្ដាករុណាដ៏បរិបូរ ហើយដោយសារលោកស្រឡាញ់យើងយ៉ាងខ្លាំង លោកបានធ្វើឲ្យយើងមានជីវិតជាមួយនឹងគ្រិស្ត ទោះបីយើងធ្លាប់ជាមនុស្សស្លាប់ដោយសារកំហុសរបស់យើងក៏ដោយ (អ្នករាល់គ្នាបានត្រូវសង្គ្រោះដោយសារគុណដ៏វិសេសលើសលប់) ហើយលោកបានធ្វើឲ្យយើងមានជីវិតជាមួយគ្នា ក៏បានឲ្យយើងអង្គុយជាមួយគ្នានៅស្ថានសួគ៌ ក្នុងនាមជាអ្នកកាន់តាមគ្រិស្ត ដើម្បីនៅថ្ងៃមុខ លោកនឹងសម្ដែងឲ្យឃើញនូវភាពបរិបូរក្រៃលែងនៃគុណដ៏វិសេសលើសលប់របស់លោក តាមរយៈសេចក្ដីមេត្ដាករុណាដែលលោកបង្ហាញចំពោះយើងជាអ្នកកាន់តាមគ្រិស្តយេស៊ូ»។—អេភេសូរ ២:៤-៧
១៤ គឺពិបាកស្រមៃគិតអំពីអ្វីដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានរៀបចំសម្រាប់គ្រិស្តសាសនិកដែលលោកបានរើសតាំង ពេលពួកគាត់គ្រប់គ្រងជាមួយនឹងគ្រិស្តនៅស្ថានសួគ៌។ (លូកា ២២:២៨-៣០; ភីលីព ៣:២០, ២១; យ៉ូហានទី១ ៣:២) ព្រះយេហូវ៉ានឹង«សម្ដែងឲ្យឃើញនូវភាពបរិបូរក្រៃលែងនៃគុណដ៏វិសេសលើសលប់របស់លោក»ចំពោះពួកគាត់តាមរបៀបពិសេស។ ពួកគាត់នឹងទៅជា«ក្រុងយេរូសាឡិមថ្មី» ពោលគឺកូនក្រមុំរបស់គ្រិស្ត។ (ការបើកបង្ហាញ ៣:១២; ១៧:១៤; ២១:២, ៩, ១០) ពួកគាត់នឹងសហការជាមួយនឹងលោកយេស៊ូក្នុង‹ការធ្វើឲ្យប្រជាជាតិទាំងអស់ជាសះស្បើយ›។ ពួកគាត់នឹងជួយមនុស្សជាតិឲ្យរួចពីភាពខុសឆ្គងនិងសេចក្ដីស្លាប់ ហើយនឹងជួយពួកគេឲ្យទៅជាមនុស្សល្អឥតខ្ចោះ។—សូមអាន ការបើកបង្ហាញ ២២:១, ២, ១៧
១៥, ១៦. នៅពេលអនាគត តើព្រះយេហូវ៉ានឹងបង្ហាញគុណដ៏វិសេសលើសលប់របស់លោកចំពោះ«ចៀមឯទៀត»យ៉ាងដូចម្ដេច?
១៥ អេភេសូរ ២:៧ ចែងថាព្រះនឹងបង្ហាញគុណដ៏វិសេសលើសលប់«នៅថ្ងៃមុខ»។ នៅពេលនោះ មនុស្សទាំងអស់នៅផែនដីច្បាស់ជានឹងទទួល«ភាពបរិបូរក្រៃលែងនៃគុណដ៏វិសេសលើសលប់របស់លោក»។ (លូកា ១៨:២៩, ៣០) របៀបដ៏អស្ចារ្យមួយដែលព្រះយេហូវ៉ានឹងបង្ហាញគុណដ៏វិសេសលើសលប់របស់លោកនៅលើផែនដី គឺការប្រោសមនុស្សស្លាប់ឲ្យរួចពី«ផ្នូរ»។ (យ៉ូហាន ៥:២៨, ២៩) តើអ្នកណាខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ? បុរសស្ត្រីដ៏ស្មោះត្រង់ដែលបានស្លាប់មុនលោកយេស៊ូគ្រិស្តបានស្លាប់ និង«ចៀមឯទៀត»ដែលបានស្មោះត្រង់ចំពោះព្រះយេហូវ៉ារហូតដល់ស្លាប់ក្នុងអំឡុងគ្រាចុងក្រោយបង្អស់។ ពួកអ្នកស្មោះត្រង់ទាំងអស់នេះនឹងត្រូវប្រោសឲ្យរស់ឡើងវិញដើម្បីបន្តបម្រើព្រះយេហូវ៉ា។
១៦ មនុស្សរាប់លាននាក់ដែលបានស្លាប់ដោយមិនបានស្គាល់ព្រះ ក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញដែរ។ យ៉ូហានបានសរសេរថា៖ «ខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំទាំងអ្នកតូចកំពុងឈរនៅមុខបល្ល័ង្ក ហើយរមូរផ្សេងៗបានត្រូវបើកឡើង។ ប៉ុន្តែបញ្ជីមួយទៀតបានត្រូវបើកឡើង គឺជាបញ្ជីជីវិត។ ឯមនុស្សស្លាប់បានត្រូវវិនិច្ឆ័យយោងទៅតាមអ្វីដែលបានត្រូវសរសេរក្នុងរមូរទាំងនោះ ស្របតាមការប្រព្រឹត្តរបស់ពួកគេ។ សមុទ្របានប្រគល់មនុស្សស្លាប់នៅក្នុងនោះមកវិញ ហើយសេចក្ដីស្លាប់និងផ្នូរបានប្រគល់មនុស្សស្លាប់នៅក្នុងនោះមកវិញដែរ ហើយពួកគេបានត្រូវវិនិច្ឆ័យរៀងៗខ្លួន ស្របតាមការប្រព្រឹត្តរបស់ពួកគេ»។ (ការបើកបង្ហាញ ២០:១២, ១៣) ពួកអ្នកដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញនឹងមានឱកាសរៀនអំពីព្រះយេហូវ៉ានិងទទួលស្គាល់ការគ្រប់គ្រងរបស់លោក។ ពួកគេនឹងត្រូវរៀន ហើយធ្វើតាមគោលការណ៍គម្ពីរនិងការណែនាំថ្មីនៅក្នុង«រមូរ»។ ការណែនាំថ្មីនោះគឺជារបៀបមួយទៀតដែលព្រះយេហូវ៉ានឹងបង្ហាញគុណដ៏វិសេសលើសលប់របស់លោក។
ចូរបន្តផ្សព្វផ្សាយដំណឹងល្អ
១៧. ពេលយើងផ្សព្វផ្សាយ តើយើងគួរចងចាំអ្វី?
១៧ ការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះគឺកាន់តែសំខាន់ជាងមុន ដោយសារទីបញ្ចប់ជិតមកដល់ហើយ! (ម៉ាកុស ១៣:១០) យើងត្រូវចាំថាពេលផ្សព្វផ្សាយគោលដៅរបស់យើងគឺដើម្បីលើកកិត្ដិយសព្រះយេហូវ៉ា។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? យើងត្រូវប្រាប់មនុស្សឯទៀតថាពរទាំងអស់ដែលយើងនឹងទទួលក្នុងពិភពលោកថ្មី គឺមានដោយសារតែចិត្តសប្បុរសដ៏ធំធេងរបស់ព្រះយេហូវ៉ា។
១៨, ១៩. តើយើងសរសើរតម្កើងគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៨ ពេលយើងផ្សព្វផ្សាយដល់អ្នកឯទៀត យើងអាចពន្យល់ថាពេលរាជាណាចក្ររបស់គ្រិស្តគ្រប់គ្រង មនុស្សជាតិនឹងទទួលប្រយោជន៍ទាំងអស់ដែលមកពីថ្លៃលោះ ហើយបន្ដិចម្ដងៗនឹងទៅជាមនុស្សល្អឥតខ្ចោះ។ គម្ពីរចែងថា៖ «អ្វីៗដែលព្រះបានបង្កើតក៏នឹងត្រូវរំដោះឲ្យរួចពីចំណងនៃការខូចរលួយ ដើម្បីមានសេរីភាពរុងរឿងជាកូនព្រះ»។ (រ៉ូម ៨:២១) នេះនឹងអាចកើតឡើងបានដោយសារតែគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា។
១៩ យើងមានឯកសិទ្ធិប្រាប់មនុស្សទាំងអស់អំពីសេចក្ដីសន្យាដ៏គួរឲ្យរំភើបចិត្តនៅការបើកបង្ហាញ ២១:៤,៥ ដែលថា៖ «[ព្រះ]នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។ ម្យ៉ាងទៀត ព្រះយេហូវ៉ាដែលអង្គុយលើបល្ល័ង្កមានប្រសាសន៍ថា៖ «មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី»។ លោកក៏មានប្រសាសន៍ដែរថា៖ «ចូរសរសេរ ពីព្រោះពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយក៏ពិតត្រង់»។ ពេលយើងផ្សព្វផ្សាយយ៉ាងខ្នះខ្នែងអំពីដំណឹងល្អនេះដល់អ្នកឯទៀត យើងពិតជាសរសើរតម្កើងគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា!