ការស្វែងរកសន្ដិសុខក្នុងពិភពលោកមួយដ៏ប្រកបទៅដោយការប្រថុយ
បើសិនជាអ្នកដើរក្នុងវាលមួយដែលពេញដោយគ្រាប់មីន អ្នកអាចស្លាប់មែន។ ក៏ប៉ុន្តែ តើផែនទីមួយដែលបង្ហាញថា គ្រាប់មីននៅកន្លែងណាអាចជួយអ្នកបានទេ? ម្យ៉ាងទៀត ឧបមាថា អ្នកបានត្រូវគេបង្ហាត់បង្រៀនឲ្យចេះមើលឃើញមីនផ្សេងៗនោះ។ ចំណេះបែបនេះច្បាស់ជានឹងកាត់បន្ថយយ៉ាងខ្លាំងនូវលទ្ធភាពដែលអ្នកអាចនឹងរងរបួសជាទំងន់ឬក៏ដល់ស្លាប់។
ព្រះគម្ពីរអាចត្រូវប្រៀបប្រដូចទៅនឹងផែនទីនោះ ថែមទាំងមានការបង្ហាត់បង្រៀនឲ្យចេះសម្គាល់មើលឃើញគ្រាប់មីន។ ព្រះគម្ពីរមានប្រាជ្ញាដែលប្រៀបផ្ទឹមគ្មាន ចំពោះការជួយឲ្យជៀសវាងពីគ្រោះថ្នាក់និងការទាក់ទងបញ្ហាផ្សេងៗដែលកើតឡើងក្នុងជីវិត។
សូមកត់សម្គាល់សេចក្ដីសន្យានេះដែលបង្កើតឲ្យមានទំនុកចិត្ត នៅសុភាសិត ២:១០, ១១ ចែងថា៖ «ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង»។ ប្រាជ្ញានិងគំនិតវាងវៃដែលត្រូវរៀបរាប់មកខាងលើនេះ មិនមែនមកពីមនុស្សទេ ក៏ប៉ុន្តែមកពីព្រះវិញ។ «តែអ្នកណាដែលស្ដាប់តាម[ប្រាជ្ញារបស់ព្រះ] នោះនឹងនៅដោយសេចក្ដីសុខពិត ហើយនឹងមានសេចក្ដីសំរាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ»។ (សុភាសិត ១:៣៣) សូមឲ្យយើងពិនិត្យមើលនូវរបៀបដែលព្រះគម្ពីរអាចបង្កើននូវសន្ដិសុខរបស់យើង និងជួយយើងឲ្យជៀសវាងពីបញ្ហាជាច្រើន។
ការជៀសវាងនូវគ្រោះថ្នាក់ដែលបណ្ដាលឲ្យស្លាប់
ស្ថិតិលេខដែលអង្គការសុខភាពពិភពលោកបោះពុម្ព បង្ហាញថា១.១៧១.០០០នាក់ត្រូវស្លាប់ជារៀងរាល់ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ស្ទើរតែ៤០លាននាក់ឯទៀតត្រូវរងរបួស និងជាង៨លាននាក់ទៅជាពិការអស់មួយរយៈយ៉ាងយូរ។
ទោះបីមិនអាចមានសុវត្ថិភាពទាំងស្រុងក្នុងការបើកបរក៏ដោយ សុវត្ថិភាពរបស់យើងផ្ទាល់ត្រូវបង្កើនឡើងពេលយើងធ្វើតាមច្បាប់ចរាចរណ៍។ ព្រះគម្ពីរចែងពីអាជ្ញាធរដែលបង្កើតនិងអនុវត្តច្បាប់ចរាចរណ៍ទាំងនេះថា៖ «ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ»។ (រ៉ូម ១៣:១) អ្នកបើកបរដែលគោរពតាមឱវាទនេះ ក៏កាត់បន្ថយនូវលទ្ធភាពមានគ្រោះថ្នាក់ដែលច្រើនតែមានលទ្ធផលដ៏គួរឲ្យរន្ធត់មែន។
ហេតុមួយទៀតដែលនាំឲ្យការបើកបរប្រកបដោយសុវត្ថិភាព គឺជាការគោរពជីវិត។ ព្រះគម្ពីរចែងអំពីព្រះយេហូវ៉ាថា៖ «ដ្បិតឯជ្រោះនៃជីវិត នោះនៅជាមួយនឹងទ្រង់»។ (ទំនុកដំកើង ៣៦:៩) ដូច្នេះហើយ ជីវិតគឺជាអំណោយមួយពីព្រះ។ ហេតុនេះហើយ យើងគ្មានសិទ្ធិដកហូតអំណោយនោះពីអ្នកណាម្នាក់ទេ ឬក៏បង្ហាញថាយើងមិនគោរពចំពោះជីវិត រួមបញ្ចូលជីវិតរបស់ខ្លួនផងដែរ។—លោកុប្បត្តិ ៩:៥, ៦
គឺជាការធម្មតាដែលការគោរពជីវិតមនុស្សរួមបញ្ចូលការធ្វើឲ្យប្រាកដថា ឡាននិងផ្ទះរបស់យើងប្រកបទៅដោយសុវត្ថិភាពច្រើនបំផុតដែលអាចធ្វើទៅបាន។ នៅសម័យអ៊ីស្រាអែលពីបុរាណ សុវត្ថិភាពមានអាទិភាពក្នុងគ្រប់វិស័យនៃជីវិត។ ជាឧទាហរណ៍ ពេលដែលផ្ទះមួយបានត្រូវសង់ហើយ ច្បាប់របស់ព្រះតម្រូវឲ្យដំបូលវាមានបង្កាន់ដៃ ដោយព្រោះជាកន្លែងដែលគ្រួសារមានសកម្មភាពច្រើននៅទីនោះ។ «ត្រូវឲ្យធ្វើបង្កាន់ដៃលើដំបូល ដើម្បីកុំឲ្យមានអ្នកណាធ្លាក់ពីលើនោះទៅក្រោមនឹងនាំឲ្យមានទោសចំពោះឈាមគេលើផ្ទះឯងឡើយ»។ (ចោទិយកថា ២២:៨) បើសិនជាមនុស្សម្នាក់ធ្លាក់ពីលើផ្ទះព្រោះច្បាប់សុវត្ថិភាពនេះបានត្រូវគេគោរព ព្រះបានចាត់ទុកម្ចាស់ផ្ទះជាអ្នកទទួលខុសត្រូវ។ ប្រាកដហើយ ការអនុវត្តគោលការណ៍ដ៏ប្រកបទៅដោយសេចក្ដីស្រឡាញ់ដែលមានក្នុងច្បាប់នេះ នឹងកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ ឬក៏សូម្បីតែពេលលេងកំសាន្តផងដែរ។
ការតទល់នឹងការញៀនដែលបណ្ដាលឲ្យស្លាប់
យោងទៅតាមអង្គការសុខភាពពិភពលោក ឥឡូវនេះ ទូទាំងពិភពលោកមានមនុស្សជាងមួយពាន់លាននាក់ដែលជក់បារី និងរាល់ឆ្នាំប្រមាណ៤លាននាក់ស្លាប់ដោយសារថ្នាំជក់។ គេយល់ថាលេខនៃស្ថិតិនេះនឹងកើនឡើងដល់១០លានក្នុងរវាងពី២០ទៅដល់៣០ឆ្នាំ។ រាប់លាននាក់ឯទៀតដែលជក់បារីព្រមទាំងអ្នកប្រើថ្នាំប្រភេទមួយដែលហៅជាថ្នាំ«កំសាន្ត» នឹងបង្ខូចសុខភាពរបស់ខ្លួននិងគុណភាពនៃជីវិត ដោយព្រោះការញៀនរបស់គេ។
ទោះបីព្រះគម្ពីរមិនបញ្ជាក់ច្បាស់អំពីការប្រើថ្នាំជក់និងការប្រើថ្នាំញៀនក៏ដោយ គោលការណ៍ទាំងប៉ុន្មានក្នុងព្រះគម្ពីរអាចការពារយើងពីការប្រព្រឹត្តបែបនេះបាន។ ជាឧទាហរណ៍ កូរិនថូសទី២ ៧:១ ទូន្មានថា៖ «ត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង»។ ថ្នាំជក់និងថ្នាំញៀនប្រាកដជាធ្វើឲ្យរូបកាយក្រខ្វក់ឬក៏ប្រឡាក់ដោយគីមីជាច្រើនដែលបណ្ដាលឲ្យមានគ្រោះថ្នាក់។ លើសពីនេះទៅទៀត ព្រះមានព្រះទ័យចង់ឲ្យរូបកាយរបស់យើង«បរិសុទ្ធ» គឺថាស្អាតនិងមិនប្រឡាក់។ (រ៉ូម ១២:១) តើអ្នកយល់ព្រមថា ការអនុវត្តតាមគោលការណ៍ទាំងនេះ នឹងកាត់បន្ថយយ៉ាងច្រើននូវការប្រថុយជីវិតរបស់ខ្លួនឬទេ?
ការឈ្នះលើទម្លាប់ដែលប្រកបទៅដោយការប្រថុយ
មនុស្សជាច្រើនបរិភោគនិងផឹកច្រើនហួសហេតុ។ លទ្ធផលពីការបរិភោគច្រើនពេកក៏រួមបញ្ចូល ជម្ងឺទឹកនោមផ្អែម រោគមហារីក និងជម្ងឺបេះដូង។ ការញ៉ាំស្រាច្រើនពេកនាំឲ្យមានបញ្ហាផ្សេងទៀត ដូចជាញៀនស្រា រោគថ្លើម ការបែកបាក់គ្នានូវក្រុមគ្រួសារ និងគ្រោះថ្នាក់ចរាចរណ៍។ ម្យ៉ាងវិញទៀត ការតមអាហារច្រើនហួសហេតុក៏អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដែរ និងបើកផ្លូវនាំមកនូវបញ្ហាខាងការបរិភោគដែលអាចគំរាមដល់ជីវិត ដូចជាជម្ងឺបាត់បង់ចំណង់បរិភោគ។
ថ្វីត្បិតព្រះគម្ពីរមិនមែនជាសៀវភៅវិជ្ជាពេទ្យក៏ដោយ ព្រះគម្ពីរនៅតែផ្ដល់នូវឱវាទចំៗចំពោះភាពចាំបាច់នៃតុល្យភាពក្នុងការបរិភោគនិងការផឹក។ «កូនអើយ! ចូរប្រុងស្ដាប់ ហើយមានប្រាជ្ញាចុះ ត្រូវឲ្យដំរង់ចិត្តទៅតាមផ្លូវ កុំឲ្យនៅកណ្ដាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ ដ្បិតមនុស្សប្រមឹក នឹងមនុស្សល្មោភនឹងទៅជាក្រ»។ (សុភាសិត ២៣:១៩-២១) ក៏ប៉ុន្តែ ព្រះគម្ពីរប្រាប់ថា ការបរិភោគនិងការផឹកគួរជាអ្វីដ៏នាំឲ្យសប្បាយ។ «គ្រប់មនុស្សបានស៊ីហើយផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ទាំងការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទាននៃព្រះទេ»។—សាស្ដា ៣:១៣
ព្រះគម្ពីរក៏លើកទឹកចិត្តឲ្យមានតុល្យភាពចំពោះការហាត់ប្រាណ ដោយបញ្ជាក់ថា៖ «ការបង្ហាត់ខ្លួនប្រាណ នោះមានប្រយោជន៍តែបន្ដិច» ក៏ប៉ុន្តែនេះប្រាប់បន្ថែមថា«តែសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ នោះទើបមានប្រយោជន៍គ្រប់ជំពូកវិញ ក៏មានសេចក្ដីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង»។ (ធីម៉ូថេទី១ ៤:៨) ប្រហែលជាអ្នកនឹងសួរថា៖ ‹តើដោយដូចម្ដេចដែលសូម្បីតែឥឡូវនេះ ការគោរពប្រតិបត្ដិដល់ព្រះមានប្រយោជន៍›? នោះមានប្រយោជន៍ច្រើនយ៉ាង។ ក្រៅពីការបន្ថែមនូវភាពខាងវិញ្ញាណចំពោះជីវិតរបស់មនុស្សម្នាក់ ការគោរពប្រតិបត្ដិដល់ព្រះក៏បណ្ដុះបណ្ដាលឲ្យមានគុណសម្បត្ដិដែលមានប្រយោជន៍ដូចជា សេចក្ដីស្រឡាញ់ អំណរ សន្ដិភាព និងសមត្ថភាពចេះទប់ចិត្ត ហើយគុណសម្បត្ដិទាំងអស់នេះនាំឲ្យខ្លួនមានទស្សនៈសុទិដ្ឋិនិយមថែមទាំងមានសុខភាពល្អទៀតផង។—កាឡាទី ៥:២២, ២៣
លទ្ធផលជូរចត់ដែលមកពីអំពើអសីលធម៌
នៅសព្វថ្ងៃនេះ មនុស្សរាប់លាននាក់បានបោះបង់ចោលនូវគោលការណ៍ទាំងអស់ខាងសីលធម៌។ ការឆ្លងរាលដាលនៃជម្ងឺអេដស៍គឺជាលទ្ធផលម្យ៉ាង។ យោងទៅតាមអង្គការសុខភាពពិភពលោក មនុស្សជាង១៦លាននាក់បានស្លាប់តាំងតែពីពេលជម្ងឺអេដស៍បានចាប់ផ្ដើមឆ្លងរាលដាល ហើយនាពេលបុច្ចប្បន្ន ប្រមាណ៣៤លាននាក់មានមេរោគអេច្ចអាយវី គឺជាមេរោគដែលបង្កើតជម្ងឺអេដស៍។ មនុស្សជាច្រើនដែលមានជម្ងឺអេដស៍បានកើតមានជម្ងឺនោះ ដោយការរួមដំណេកមិនរើសមុខ ម្ជុលដ៏មិនស្អាតដែលអ្នកញៀនថ្នាំប្រើ ឬក៏ដោយបានត្រូវគេបញ្ចូលឈាមដ៏មិនស្អាត។
លទ្ធផលឯទៀតពីការមិនគោរពតាមគោលការណ៍សីលធម៌ ក៏រួមបញ្ចូល រោគពងបែក(Herpes)រោគប្រមះ រោគរលាកថ្លើម(Hepatitis B, C) និងរោគស្វាយ។ ទោះបីពាក្យវិជ្ជាពេទ្យមិនត្រូវប្រើនៅសម័យព្រះគម្ពីរក៏ដោយ គេដឹងទូទៅថា សរីរាង្គណាដែលរងគ្រោះដោយកាមរោគ។ ជាឧទាហរណ៍ សុភាសិត ៧:២៣ ពណ៌នាអំពីលទ្ធផលដ៏គួរឲ្យរន្ធត់ដែលមកពីការសហាយស្មន់ ដោយថា‹ព្រួញទំលុះថ្លើមខ្លួន›។ រោគរលាកថ្លើមនិងរោគស្វាយច្រើនតែស៊ីថ្លើម។ ត្រូវហើយ ឱវាទក្នុងព្រះគម្ពីរថា‹ជៀសវាងពីឈាមនិងការសហាយស្មន់› គឺទាន់សម័យមែន និងប្រកបទៅដោយសេចក្ដីស្រឡាញ់យ៉ាងណាទៅហ្ន៎!—កិច្ចការ ១៥:២៨, ២៩
ការស្រឡាញ់លុយគឺជាអន្ទាក់
ដោយសារមនុស្សជាច្រើនចង់ទៅជាអ្នកមានយ៉ាងឆាប់រហ័ស នោះគេប្រថុយលុយរបស់គេច្រើនណាស់។ គួរឲ្យសោកស្ដាយ ការប្រថុយបែបនេះច្រើនតែនាំទៅដល់អន្តរាយខាងសេដ្ឋកិច្ច។ ក៏ប៉ុន្តែ ចំពោះអ្នកថ្វាយបង្គំព្រះ ព្រះគម្ពីរថា៖ «ស៊ូឲ្យអ្នកនោះទ្រាំនឿយហត់ជាជាង ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីនឹងចែកដល់អ្នកណាដែលត្រូវការផង»។ (អេភេសូរ ៤:២៨) ពិតមែន អ្នកដែលធ្វើការនឿយហត់ប្រហែលជានឹងមិនតែងតែទៅជាអ្នកមានទេ។ ក៏ប៉ុន្តែ គាត់មានអារម្មណ៍ស្រួលហើយស្ងប់ចិត្ត និងមានសេចក្ដីគោរពចំពោះខ្លួន ហើយក៏ប្រហែលជាអាចមានលុយតិចតួចដើម្បីជួយអាចបរិច្ចាគចំពោះអ្នកណាដែលមានការខ្វះខាតទៀតផង។
ព្រះគម្ពីរព្រមានថា៖ «ពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយ . . . ចាក់ទំលុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន»។ (ធីម៉ូថេទី១ ៦:៩, ១០) ប្រាកដហើយ មនុស្សជាច្រើនដែល«ចង់ធ្វើជាអ្នកស្តុកស្តម្ភ» ពិតជាទៅជាអ្នកមានស្តុកស្តម្ភមែន។ ក៏ប៉ុន្តែ តើគេត្រូវតែលះបង់អ្វីខ្លះ? ពួកគេកើតមានបញ្ហាខាងសុខភាព ក្រុមគ្រួសារ ភាពខាងវិញ្ញាណ រហូតដល់មិនអាចដេកលក់ស្រួលទៀតផង?—សាស្ដា ៥:១២
អ្នកដែលមានប្រាជ្ញាទទួលស្គាល់ថា«ជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្ដិជាបរិបូរទេ»។ (លូកា ១២:១៥) លុយនិងទ្រព្យសម្បត្ដិខ្លះៗ គឺចាំបាច់ក្នុងសង្គមមនុស្សភាគច្រើន។ តាមពិត ព្រះគម្ពីរប្រាប់ថា៖ «ប្រាក់ក៏ជាគ្រឿងការពារខ្លួន» ប៉ុន្តែក៏ប្រាប់បន្តទៀតថា៖ «ការដែលវិសេសជាងខាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ»។ (សាស្ដា ៧:១២) ខុសគ្នាពីលុយ ចំណេះត្រឹមត្រូវនិងប្រាជ្ញាអាចជួយយើងក្នុងកាលៈទេសៈទាំងអស់ ជាពិសេសក្នុងរឿងដែលទាក់ទងនឹងជីវិតយើង។—សុភាសិត ៤:៥-៩
ពេលដែលមានតែប្រាជ្ញាអាចការពារយើងបាន
បន្ដិចទៀត ប្រាជ្ញាពិតប្រាកដនឹង«រក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ»តាមវិធីមួយដែលមិនធ្លាប់មានទេគឺថា នឹងការពារឲ្យរួចពី«សេចក្ដីវេទនាជាខ្លាំងណាស់»ដែលកំពុងតែឆ្ពោះមកដល់យ៉ាងលឿន គឺជាពេលដែលព្រះនឹងបំផ្លាញមនុស្សអាក្រក់។ (ម៉ាថាយ ២៤:២១) យោងទៅតាមព្រះគម្ពីរ នៅពេលនោះមនុស្សនឹងបោះចោលលុយរបស់គេតាមផ្លូវ ដោយចាត់ទុកនោះជា«របស់មិនស្អាត»។ ហេតុអ្វីអ៊ីចឹង? ពីព្រោះពួកគេនឹងបានរៀនហើយដោយបទពិសោធន៍ជូរចត់មួយ គេអាចដឹងថា មាសនិងប្រាក់នឹងមិនអាចទិញនូវជីវិតរបស់គេក្នុង«ថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា»ឡើយ។ (អេសេគាល ៧:១៩) ម្យ៉ាងវិញទៀត «មនុស្សមួយហ្វូងយ៉ាងធំ»ដែលបាន«ប្រមូលទ្រព្យសម្បត្ដិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌»ដោយទុកអ្វីខាងវិញ្ញាណជាអាទិភាពក្នុងជីវិតរបស់គេ នឹងទទួលនូវប្រយោជន៍ពីការវិនិយោគរបស់គេ គឺជាជីវិតជារៀងរហូតនៅលើផែនដីមនោរម្យមួយ។—វិវរណៈ ៧:៩, ១៤; ២១:៣, ៤; ម៉ាថាយ ៦:១៩,២០
តើយើងអាចទទួលអនាគតដ៏ប្រាកដប្រជានេះដោយដូចម្ដេច? ព្រះយេស៊ូមានបន្ទូលឆ្លើយតបថា៖ «នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យគេបានចំណេះអំពីទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣, ព.ថ.) រាប់លាននាក់បានរកឃើញចំណេះនេះក្នុងព្រះបន្ទូលរបស់ព្រះគឺជា ព្រះគម្ពីរ។ អ្នកទាំងនេះមិនគ្រាន់តែមានសេចក្ដីសង្ឃឹមដ៏ប្រសើរមួយចំពោះអនាគតទេ ក៏ប៉ុន្តែ ពួកគេក៏មានសន្ដិភាពនិងសន្ដិសុខនៅសព្វថ្ងៃនេះដែរ។ គឺដូចជាអ្នកតែងទំនុកដំកើងបានពោលថា៖ «ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្ដីស្ងប់ ដ្បិតឱព្រះយេហូវ៉ាអើយ! មានតែទ្រង់ទេ ដែលប្រោសឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន»។—ទំនុកដំកើង ៤:៨
តើអ្នកដឹងពីប្រភពពត៌មានឯទៀតដែលអាចជួយកាត់បន្ថយការប្រថុយនូវសុខភាពនិងជីវិតដល់កំរិតដែលព្រះគម្ពីរអាចជួយនោះឬទេ? គ្មានសៀវភៅឯទៀតណាដែលមានអំណាចដូចជាព្រះគម្ពីរទេ ហើយគ្មានសៀវភៅឯទៀតណាដែលអាចជួយអ្នករកឃើញនូវសន្ដិសុខក្នុងពិភពលោកសព្វថ្ងៃ ដែលប្រកបទៅដោយការប្រថុយនោះទេ។ សូមអញ្ជើញពិនិត្យមើលព្រះគម្ពីរបន្តទៅទៀត។