ចូររត់ដោយស៊ូទ្រាំក្នុងទីប្រណាំង
«ចូរយើង . . . រត់ដោយស៊ូទ្រាំក្នុងទីប្រណាំងដែលបានត្រូវកំណត់ឲ្យយើង»។—ហេ. ១២:១
១, ២. តើសាវ័កប៉ូលបានប្រៀបធៀបដំណើរជីវិតជាគ្រិស្តសាសនិកទៅនឹងអ្វី?
រៀងរាល់ឆ្នាំ ការរត់ចម្ងាយជាលក្ខណៈម៉ារ៉ាតុងមាននៅកន្លែងជាច្រើន។ មនុស្សខ្លះដែលចូលរួមក្នុងការរត់ប្រណាំងនេះជាមនុស្សដែលពូកែរត់ ហើយពួកគេចង់ឈ្នះមែន។ ប៉ុន្តែមនុស្សជាច្រើនទៀតដែលចូលរួម ពួកគេដឹងថាខ្លួនមិនអាចឈ្នះក្នុងការរត់ប្រណាំងនេះទេ។ ចំពោះពួកគេ អ្វីដែលសំខាន់បំផុត គឺការរត់ឲ្យដល់ទីតែប៉ុណ្ណោះ។
២ ក្នុងគម្ពីរ ដំណើរជីវិតជាគ្រិស្តសាសនិកបានត្រូវប្រៀបធៀបដូចជាការរត់ប្រណាំង។ សាវ័កប៉ូលបានបញ្ជាក់អំពីចំណុចនេះក្នុងសំបុត្រទី១របស់គាត់ចំពោះពួកគ្រិស្តសាសនិកនៅក្រុមជំនុំកូរិនថូសពីបុរាណ។ គាត់បានសរសេរថា៖ «តើអ្នករាល់គ្នាមិនដឹងទេថា អ្នកដែលរត់ប្រណាំង រត់ទាំងអស់គ្នា ប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះទទួលរង្វាន់? ចូររត់យ៉ាងណាឲ្យបានរង្វាន់»។—១កូ. ៩:២៤
៣. ហេតុអ្វីប៉ូលបញ្ជាក់ថា មានតែអ្នករត់ប្រណាំងតែម្នាក់ប៉ុណ្ណោះដែលនឹងឈ្នះរង្វាន់?
៣ តើប៉ូលចង់និយាយថា មានតែគ្រិស្តសាសនិកតែម្នាក់ប៉ុណ្ណោះដែលនឹងឈ្នះរង្វាន់នៃជីវិត ហើយអ្នកឯទៀតរត់ដោយឥតប្រយោជន៍ឬ? មិនមែនទេ! អ្នករត់ប្រណាំងនោះត្រូវហ្វឹកហាត់និងលត់ដំខ្លួនយ៉ាងខ្លាំងដោយមានគោលបំណងចង់ក្លាយទៅជាអ្នកឈ្នះ។ ប៉ូលក៏ចង់ឲ្យពួកគ្រិស្តសាសនិកលត់ដំខ្លួនតាមរបៀបនេះដែរដើម្បីរត់ឲ្យដល់ទីផ្ដាច់ព្រាត់។ ដោយធ្វើដូច្នេះ ពួកគេអាចសង្ឃឹមថាខ្លួនទទួលរង្វាន់នៃជីវិត។ ពិតមែនហើយ គ្រិស្តសាសនិកទាំងអស់ដែលរត់ដល់ទីផ្ដាច់ព្រាត់អាចទទួលរង្វាន់ជាជីវិតដែលគ្មានទីបញ្ចប់។
៤. ស្តីអំពីការរត់ក្នុងទីប្រណាំងដែលបានត្រូវកំណត់ឲ្យយើង តើយើងត្រូវពិចារណាអំពីអ្វី?
៤ ពាក្យទាំងនោះពិតជាលើកទឹកចិត្តយើងមែន ប៉ុន្តែនេះក៏ធ្វើឲ្យយើងគិតឲ្យបានហ្មត់ចត់អំពីរបៀបដែលយើងរស់នៅដែរ។ ហេតុអ្វី? ពីព្រោះរង្វាន់របស់យើង មិនថាជីវិតនៅស្ថានសួគ៌ឬជីវិតនៅផែនដីជាសួនឧទ្យានក្ដី គឺជារង្វាន់ដែលមិនអាចរកអ្វីមកប្រៀបផ្ទឹមបានទេ។ ពិតមែនហើយ ការរត់ប្រណាំងរបស់យើងមានចម្ងាយឆ្ងាយ និងលំបាកណាស់ ព្រោះមានឧបសគ្គ និងអ្វីដែលបំបែរអារម្មណ៍របស់យើង ថែមទាំងមានគ្រោះថ្នាក់ជាច្រើនក្នុងផ្លូវនោះ។ (ម៉ាថ. ៧:១៣, ១៤) គួរឲ្យស្ដាយមែន មានបងប្អូនខ្លះបានរាថយឬឈប់ក្នុងការរត់ប្រណាំងនេះតទៅទៀត។ តើអ្វីជាអន្ទាក់និងគ្រោះថ្នាក់ដែលមានក្នុងការរត់ប្រណាំងដើម្បីឲ្យបានជីវិត? តើអ្នកអាចជៀសវាងពីគ្រោះថ្នាក់ទាំងនោះយ៉ាងដូចម្ដេច? តើអ្នកអាចធ្វើយ៉ាងណាដើម្បីរត់ឲ្យដល់ទីផ្ដាច់ព្រាត់ ហើយឈ្នះក្នុងការរត់ប្រណាំងនេះ?
ត្រូវមានការស៊ូទ្រាំដើម្បីរត់ដល់ទីផ្ដាច់ព្រាត់
៥. ដូចបានកត់ទុកនៅហេប្រឺ ១២:១ តើប៉ូលបានពន្យល់អំពីអ្វី?
៥ ក្នុងសំបុត្ររបស់ប៉ូលដែលបានសរសេរដល់បងប្អូនគ្រិស្តសាសនិកជនជាតិហេប្រឺដែលនៅក្រុងយេរូសាឡិម និងតំបន់យូឌា គាត់បានលើកបញ្ជាក់អំពីលក្ខណៈពិសេសនៃការរត់ប្រណាំងនេះម្ដងទៀត។ (សូមអាន ហេប្រឺ ១២:១) គាត់មិនគ្រាន់តែបញ្ជាក់អំពីមូលហេតុដែលយើងត្រូវចូលរួមក្នុងការរត់ប្រណាំងនេះប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានលើកឡើងនូវអ្វីដែលយើងត្រូវធ្វើដើម្បីរត់ដល់ទីផ្ដាច់ព្រាត់ផងដែរ។ មុនដំបូង យើងនឹងពិចារណាអំពីមូលហេតុដែលប៉ូលសរសេរសំបុត្រនេះដល់ពួកគ្រិស្តសាសនិកជនជាតិហេប្រឺ និងអំពីអ្វីដែលគាត់ចង់ឲ្យពួកគេធ្វើ។ បន្ទាប់មក យើងនឹងពិចារណាអំពីមេរៀនដែលយើងអាចរៀនពីសំបុត្ររបស់គាត់។
៦. តើមេដឹកនាំសាសនាបានធ្វើអ្វីទៅលើពួកគ្រិស្តសាសនិក?
៦ គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ ជាពិសេសគ្រិស្តសាសនិកជនជាតិហេប្រឺដែលរស់នៅក្នុងក្រុងយេរូសាឡិមនិងតំបន់យូឌា បានជួបប្រទះទុក្ខលំបាកនិងការពិបាកជាច្រើន។ ពួកគេបានទទួលការគំរាមកំហែងយ៉ាងខ្លាំងពីមេដឹកនាំសាសនាយូដា ជាអ្នកដែលមានអំណាចគ្រប់គ្រងលើបណ្ដាជន។ មុននោះ មេដឹកនាំទាំងនេះបានទទួលជោគជ័យក្នុងការចោទប្រកាន់លោកយេស៊ូគ្រិស្តថាជាអ្នកដែលនាំឲ្យបណ្ដាជនបះបោរ ហើយគេក៏ទទួលជោគជ័យក្នុងការសម្លាប់លោកដូចជាឧក្រិដ្ឋជនដែរ។ តាំងពីពេលនោះមក ពួកគេមិនព្រមបញ្ឈប់ការបៀតបៀនប្រឆាំងនោះទេ។ ក្នុងសៀវភៅសកម្មភាព មានកំណត់ហេតុជាច្រើនដែលចែងអំពីការគំរាមកំហែង និងការវាយប្រហារដែលប្រឆាំងនឹងពួកគ្រិស្តសាសនិក ហើយព្រឹត្ដិការណ៍នេះបានចាប់ផ្ដើមភ្លាមៗក្រោយពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.។ អ្វីៗទាំងនេះបានធ្វើឲ្យជីវិតរបស់ពួកអ្នកស្មោះត្រង់កាន់តែពិបាកទៅៗ។—សកម្ម. ៤:១-៣; ៥:១៧, ១៨; ៦:៨-១២; ៧:៥៩; ៨:១, ៣
៧. ចំពោះពួកគ្រិស្តសាសនិកដែលទទួលសំបុត្ររបស់ប៉ូល តើពួកគេរស់នៅក្នុងគ្រាដ៏ពិបាកអ្វី?
៧ ពួកគ្រិស្តសាសនិកទាំងនោះក៏រស់នៅក្នុងគ្រាដែលទីក្រុងយេរូសាឡិមជិតត្រូវបំផ្លាញចោលដែរ។ លោកយេស៊ូបានប្រាប់ពួកគេអំពីការវិនាសអន្តរាយដែលនឹងកើតឡើងដល់ទីក្រុងយេរូសាឡិម។ លោកមិនគ្រាន់តែប្រាប់ពួកអ្នកកាន់តាមរបស់លោកអំពីអ្វីដែលនឹងកើតឡើងនៅគ្រាចុងក្រោយនៃរបៀបរបបនោះប៉ុណ្ណោះទេ តែលោកក៏បានឲ្យការណែនាំដ៏ជាក់លាក់អំពីអ្វីដែលពួកគេត្រូវធ្វើដើម្បីរួចរស់ជីវិតផងដែរ។ (សូមអាន លូកា ២១:២០-២២) ដូច្នេះ តើពួកគេត្រូវធ្វើអ្វី? លោកយេស៊ូបានព្រមានថា៖ «កុំភ្លេចខ្លួនឲ្យសោះ ក្រែងការផឹកនិងការបរិភោគហួសប្រមាណ និងកង្វល់អំពីជីវិតពង្វក់ចិត្តអ្នករាល់គ្នា ស្រាប់តែថ្ងៃនោះមកដល់ភ្លាមមួយរំពេច»។—លូក. ២១:៣៤
៨. តើអ្វីប្រហែលជាបណ្ដាលឲ្យគ្រិស្តសាសនិកខ្លះរាថយឬឈប់បម្រើព្រះយេហូវ៉ា?
៨ ប៉ូលបានសរសេរសំបុត្រនេះដល់បងប្អូនជនជាតិហេប្រឺជិត៣០ឆ្នាំក្រោយពីលោកយេស៊ូបានឲ្យការព្រមាននោះ។ តើពេលវេលាដែលកន្លងទៅបានមានឥទ្ធិពលយ៉ាងណាទៅលើពួកគ្រិស្តសាសនិកទាំងនោះ? ដោយសារបញ្ហានិងកង្វល់ក្នុងជីវិតប្រចាំថ្ងៃ នោះបងប្អូនខ្លះមិនបានបន្តរៀនអំពីព្រះយេហូវ៉ានិងរក្សាចំណងមិត្តភាពជាមួយលោកឲ្យរឹងមាំនោះទេ។ (ហេ. ៥:១១-១៤) បងប្អូនខ្លះទៀត ប្រហែលជាមានអារម្មណ៍ថា ជីវិតនឹងស្រួលជាងឆ្ងាយណាស់ បើពួកគេធ្វើតាមជនជាតិយូដាភាគច្រើនដែលនៅជុំវិញពួកគេ។ ពួកគេប្រហែលជាគិតថានេះមិនខុសទេ ព្រោះពួកយូដាទាំងនោះនៅតែជឿទៅលើព្រះ ហើយធ្វើតាមច្បាប់ភាគច្រើនរបស់ម៉ូសេ។ បន្ថែមទៅទៀត អ្នកខ្លះក្នុងក្រុមជំនុំបានបង្ខំបងប្អូនឯទៀតឲ្យធ្វើតាមច្បាប់របស់ម៉ូសេនិងទំនៀមទម្លាប់របស់ជនជាតិយូដា។ ជាលទ្ធផល គ្រិស្តសាសនិកខ្លះបានជឿតាមពួកគេ ហើយខ្លះទៀតបានធ្វើតាមពួកគេដោយសារការភ័យខ្លាច។ ដូច្នេះ ដើម្បីលើកទឹកចិត្តបងប្អូនគ្រិស្តសាសនិកឲ្យមានចំណងមិត្តភាពរឹងមាំជាមួយព្រះយេហូវ៉ា ហើយរត់ដោយស៊ូទ្រាំក្នុងទីប្រណាំង តើប៉ូលបាននិយាយយ៉ាងណា?
៩, ១០. (ក) ចុងជំពូកទី១០នៃសៀវភៅហេប្រឺ តើប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកជនជាតិហេប្រឺឲ្យធ្វើអ្វី? (ខ) ហេតុអ្វីប៉ូលសរសេរអំពីការប្រព្រឹត្តដែលបង្ហាញពីជំនឿរបស់សាក្សីពីសម័យបុរាណ?
៩ គួរឲ្យកត់សម្គាល់អំពីរបៀបដែលប៉ូលខំពង្រឹងកម្លាំងចិត្តពួកគ្រិស្តសាសនិកជនជាតិហេប្រឺ។ ក្នុងជំពូកទី១០នៃសំបុត្រនេះ ប៉ូលបញ្ជាក់ថាច្បាប់ម៉ូសេគ្រាន់តែជា«ស្រមោលនៃពរដែលនឹងមកដល់» ហើយគាត់បានបង្ហាញយ៉ាងច្បាស់អំពីតម្លៃនៃគ្រឿងបូជាដែលជាថ្លៃលោះរបស់លោកយេស៊ូ។ ចុងជំពូកនោះ ប៉ូលបានដាស់តឿនពួកគេថា៖ «អ្នករាល់គ្នាត្រូវចេះស៊ូទ្រាំ ដើម្បីឲ្យអ្នករាល់គ្នាទទួលតាមសេចក្ដីសន្យា ក្រោយពីបានធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ ព្រោះនៅតែ‹បន្ដិចទៀត› ហើយ‹ឯលោកដែលត្រូវមក នឹងមកដល់ ហើយមិនបង្អែបង្អង់ឡើយ›»។—ហេ. ១០:១, ៣៦, ៣៧
១០ នៅហេប្រឺជំពូកទី១១ ប៉ូលបានពន្យល់យ៉ាងប៉ិនប្រសប់អំពីជំនឿពិតទៅលើព្រះ។ គាត់ក៏បានបង្ហាញអំពីរឿងនេះដោយលើកឡើងគំរូរបស់អ្នកបម្រើព្រះទាំងប្រុសទាំងស្រីដែលមានជំនឿពីសម័យបុរាណដែរ។ តើការពន្យល់អំពីគំរូទាំងនេះជាអ្វីដែលចាកប្រធានឬទេ? មិនមែនទេ។ សាវ័កប៉ូលបានដឹងថាបងប្អូនរួមជំនឿត្រូវទទួលស្គាល់ថា ជំនឿតម្រូវឲ្យមានចិត្តក្លាហាននិងការស៊ូទ្រាំ។ គំរូដ៏ល្អនៃអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ាពីសម័យបុរាណនឹងពង្រឹងកម្លាំងគ្រិស្តសាសនិកជនជាតិហេប្រឺឲ្យទប់ទល់នឹងទុក្ខលំបាកនិងការពិបាកដែលពួកគេជួបប្រទះ។ យ៉ាងនេះ ក្រោយពីប៉ូលបានរៀបរាប់អំពីការប្រព្រឹត្តដែលបង្ហាញពីជំនឿរបស់ពួកអ្នកស្មោះត្រង់ទាំងនោះរួចហើយ គាត់អាចនិយាយថា៖ «ដោយសារមានសាក្សីមួយក្រុមធំយ៉ាងនេះនៅជុំវិញយើង ចូរយើងចោលអ្វីៗគ្រប់យ៉ាងដែលធ្ងន់ និងការខុសឆ្គងដែលទាក់យើងយ៉ាងងាយនោះ ហើយរត់ដោយស៊ូទ្រាំក្នុងទីប្រណាំងដែលបានត្រូវកំណត់ឲ្យយើង»។—ហេ. ១២:១
«សាក្សីមួយក្រុម»
១១. ពេលដែលយើងគិតអំពី«សាក្សីមួយក្រុមធំ» តើនេះអាចមានឥទ្ធិពលយ៉ាងណាទៅលើយើង?
១១ ប៉ូលបាននិយាយថាអ្នកបម្រើព្រះដែលរស់នៅមុនសម័យគ្រិស្តសាសនិកជា«សាក្សីមួយក្រុមធំ»។ ពួកគេនៅស្មោះត្រង់ចំពោះព្រះយេហូវ៉ារហូតដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេ ហើយគំរូរបស់ពួកគេបង្ហាញថាគ្រិស្តសាសនិកអាចនៅស្មោះត្រង់ចំពោះព្រះយេហូវ៉ាទោះជាស្ថិតក្រោមកាលៈទេសៈពិបាកក៏ដោយ។ «សាក្សីមួយក្រុមធំ»ប្រៀបដូចជាអ្នករត់ប្រណាំងដែលបានទៅដល់ទីផ្ដាច់ព្រាត់របស់ពួកគេហើយ។ គំរូរបស់ពួកគេនឹងលើកទឹកចិត្តអ្នកឯទៀតឲ្យបន្តរត់ក្នុងទីប្រណាំងតទៅទៀត។ ពេលដែលយើងកំពុងរត់ បើយើងដឹងថាអ្នកដែលពូកែរត់កំពុងមើល និងចាំលើកទឹកចិត្តយើង នោះយើងនឹងខំអស់ពីសមត្ថភាពដើម្បីរត់ឲ្យដល់ទីផ្ដាច់ព្រាត់ មែនទេ? ដូច្នេះ ពួកគ្រិស្តសាសនិកជនជាតិហេប្រឺនៅសតវត្សរ៍ទី១ត្រូវរំពឹងគិតអំពីគំរូរបស់«សាក្សីមួយក្រុម» ព្រោះនេះអាចជួយពួកគេឲ្យមានចិត្តក្លាហាន និងអាច«រត់ដោយស៊ូទ្រាំក្នុងទីប្រណាំង»រហូតដល់ទីផ្ដាច់ព្រាត់បាន។ យើងក៏អាចធ្វើដូច្នេះបានដែរ។
១២. តើគំរូដែលប៉ូលបានលើកឡើងទាក់ទងនឹងយើងយ៉ាងណា?
១២ ពួកអ្នកស្មោះត្រង់ជាច្រើនដែលប៉ូលបានរៀបរាប់ក៏មានកាលៈទេសៈស្រដៀងនឹងយើងដែរ។ ជាឧទាហរណ៍ ណូអេធ្លាប់រស់នៅគ្រាដែលព្រះជិតបំផ្លាញចោលពិភពលោកដោយទឹកជំនន់។ យើងក៏កំពុងរស់នៅក្នុងរបៀបរបបពិភពលោកដែលជិតដល់ទីបញ្ចប់ដែរ។ ចំណែកឯអាប្រាហាំនិងសារ៉ាវិញ ព្រះយេហូវ៉ាបានហៅពួកគាត់ឲ្យចាកចេញពីស្រុកកំណើតដើម្បីស្វែងរកការគោរពប្រណិប័តន៍ពិត និងរង់ចាំការសម្រេចសេចក្ដីសន្យារបស់លោក។ ព្រះយេហូវ៉ាក៏បានសុំយើងឲ្យឈប់រស់នៅដើម្បីខ្លួនយើងទៀត តែរស់នៅដើម្បីលោកវិញ។ បើយើងធ្វើដូច្នេះ លោកសន្យាថាលោកនឹងក្លាយជាមិត្តរបស់យើង ថែមទាំងឲ្យពរដល់យើងដែរ។ ម៉ូសេបានធ្វើដំណើរកាត់តំបន់ស្ងាត់ជ្រងំដ៏គួរឲ្យភ័យខ្លាច ដើម្បីឆ្ពោះទៅស្រុកសន្យា។ យើងក៏កំពុងធ្វើដំណើរឬរស់នៅក្នុងពិភពលោកដ៏អាក្រក់នេះ ហើយរង់ចាំចូលក្នុងពិភពលោកថ្មីដែលព្រះបានសន្យាដែរ។ អ្វីដែលពួកអ្នកទាំងនោះបានឆ្លងកាត់ ការជោគជ័យនិងការបរាជ័យរបស់ពួកគេ ថែមទាំងចំណុចខ្លាំងនិងចំណុចខ្សោយរបស់ពួកគេ គឺជាអ្វីដែលយើងគួរតែយកមកពិចារណាមែន។—រ៉ូម ១៥:៤; ១កូ. ១០:១១
តើអ្វីបានជួយពួកគេឲ្យរត់ដល់ទីផ្ដាច់ព្រាត់?
១៣. តើណូអេជួបការពិបាកអ្វីខ្លះ? ហើយតើអ្វីបានជួយគាត់ឲ្យយកឈ្នះការពិបាកទាំងនោះ?
១៣ តើអ្វីបានជួយអ្នកបម្រើទាំងនេះរបស់ព្រះយេហូវ៉ាឲ្យស៊ូទ្រាំនិងរត់ដល់ទីផ្ដាច់ព្រាត់? សូមកត់សម្គាល់អ្វីដែលប៉ូលសរសេរអំពីណូអេ។ (សូមអាន ហេប្រឺ ១១:៧) ណូអេ«មិនទាន់ឃើញ»ទឹក«ជំនន់លើផែនដី[ដែល]នឹងបំផ្លាញគ្រប់ទាំងសាច់»នៅឡើយទេ។ (លោ. ៦:១៧) នេះជាអ្វីដែលមិនធ្លាប់កើតឡើងពីមុនមកទេ តែទោះជាយ៉ាងនេះក៏ដោយ ក៏ណូអេមិនដែលសង្ស័យអំពីរឿងនេះដែរ។ ហេតុអ្វី? ពីព្រោះគាត់មានជំនឿថាព្រះតែងតែធ្វើតាមពាក្យសម្ដីរបស់លោកជានិច្ច។ ម្យ៉ាងទៀត ណូអេមិនមានអារម្មណ៍ថាអ្វីដែលព្រះឲ្យគាត់ធ្វើគឺពិបាកពេកនោះទេ។ ផ្ទុយទៅវិញ «គាត់[បាន]ធ្វើការនោះសំរេចទាំងអស់»។ (លោ. ៦:២២) សូមគិតអំពីអ្វីទាំងអស់ដែលណូអេត្រូវធ្វើដូចជាការសង់ទូក ប្រមូលសត្វ ប្រមូលស្បៀងសម្រាប់ក្រុមគ្រួសារនិងសត្វ ផ្សព្វផ្សាយពីការព្រមានរបស់ព្រះ និងជួយក្រុមគ្រួសាររបស់គាត់ឲ្យមានចំណងមិត្តភាពល្អជាមួយព្រះ។ កិច្ចការទាំងនោះមិនមែនជាអ្វីដែលងាយឲ្យគាត់«សំរេចទាំងអស់»នោះទេ។ ប៉ុន្តែ ដោយសារណូអេមានជំនឿនិងការស៊ូទ្រាំ នោះបាននាំឲ្យគាត់និងក្រុមគ្រួសាររួចជីវិតនិងទទួលពរពីព្រះ។
១៤. តើអាប្រាហាំនិងសារ៉ាបានធ្វើអ្វីដែលបង្ហាញថាពួកគាត់មានជំនឿទៅលើព្រះ? ហើយតើគំរូរបស់ពួកគាត់បានបង្រៀនយើងនូវមេរៀនអ្វី?
១៤ បន្ទាប់មក ប៉ូលបានរៀបរាប់អំពីអាប្រាហាំនិងសារ៉ាក្នុងចំណោម«សាក្សីមួយក្រុម . . . នៅជុំវិញយើង»។ ពេលព្រះប្រាប់ពួកគាត់ឲ្យចាកចេញពីទីក្រុងអ៊ើរ ដែលជាស្រុកកំណើតរបស់ពួកគាត់ នោះជីវិតរបស់ពួកគាត់បានផ្លាស់ប្ដូរទាំងស្រុង។ ពួកគាត់មិនដឹងថានឹងមានអ្វីកើតឡើងចំពោះពួកគាត់នោះទេ។ ប៉ុន្តែ ពួកគាត់នៅតែមានជំនឿរឹងមាំទៅលើព្រះយេហូវ៉ានិងស្ដាប់បង្គាប់លោក សូម្បីតែមានកាល:ទេស:ពិបាកក៏ដោយ។ គម្ពីរបានហៅអាប្រាហាំជា«ឪពុករបស់អស់អ្នកណាដែលមានជំនឿ» ពីព្រោះគាត់បានលះបង់អ្វីៗជាច្រើនដើម្បីព្រះយេហូវ៉ា។ (រ៉ូម ៤:១១) ដោយសារគ្រិស្តសាសនិកជនជាតិហេប្រឺបានដឹងរួចទៅហើយអំពីជីវិតរបស់អាប្រាហាំនិងក្រុមគ្រួសាររបស់គាត់ នោះប៉ូលគ្រាន់តែរៀបរាប់ខ្លះៗប៉ុណ្ណោះអំពីការប្រព្រឹត្តដែលបង្ហាញពីជំនឿរបស់ពួកគាត់។ ប៉ុន្តែ ការរៀបរាប់នេះបានបញ្ជាក់យ៉ាងច្បាស់ថាពួកគាត់មានជំនឿខ្លាំងប៉ុណ្ណា។ ប៉ូលបាននិយាយអំពីពួកគាត់ថា៖ «អ្នកទាំងអស់នោះ[រួមទាំងអាប្រាហាំនិងក្រុមគ្រួសាររបស់គាត់]បានស្លាប់ដោយមានជំនឿ ទោះជាពួកគេមិនបានទទួលអ្វីដែលបានត្រូវសន្យាក៏ដោយ ក៏ពួកគេបានឃើញការនោះពីចម្ងាយ ហើយបានរីករាយនឹងការនោះ ថែមទាំងបានប្រកាសដោយចំហថា ពួកគេជាជនបរទេសនិងជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងស្រុក»។ (ហេ. ១១:១៣) ច្បាស់ណាស់ ជំនឿទៅលើព្រះនិងចំណងមិត្តភាពជាមួយលោកបានជួយពួកគាត់ឲ្យរត់ដោយស៊ូទ្រាំក្នុងទីប្រណាំង។
១៥. ហេតុអ្វីម៉ូសេលះចោលភាពចម្រុងចម្រើន និងជីវិតជាអ្នកធំ?
១៥ ម៉ូសេជាគំរូល្អមួយទៀតរបស់អ្នកបម្រើព្រះដែលមានក្នុងចំណោម«សាក្សីមួយក្រុម»នោះ។ ម៉ូសេបានលះបង់ភាពចម្រុងចម្រើន និងជីវិតជាអ្នកធំដែលរស់នៅក្នុងរាជវាំង ហើយសម្រេចចិត្ត«ឲ្យគេធ្វើបាបគាត់ជាមួយនឹងរាស្ត្ររបស់ព្រះ»។ ហេតុអ្វីគាត់សម្រេចចិត្តធ្វើដូច្នេះ? ប៉ូលឆ្លើយថា៖ «គាត់សម្លឹងចំទៅរង្វាន់ . . . គាត់បន្តស៊ូទ្រាំយ៉ាងអត់ធ្មត់ ហាក់ដូចជាមើលឃើញលោកដែលមនុស្សមើលពុំឃើញ»។ (សូមអាន ហេប្រឺ ១១:២៤-២៧) ម៉ូសេមិនឲ្យការ«សប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង» មកបង្វែរអារម្មណ៍គាត់នោះទេ។ ម្យ៉ាងទៀត ព្រះជាបុគ្គលមួយពិតសម្រាប់គាត់ ហើយគាត់ដឹងថាពាក្យសន្យារបស់លោកនឹងសម្រេចជាមិនខាន។ នេះជាអ្វីដែលបានជួយគាត់ឲ្យប្រព្រឹត្តដោយមានចិត្តក្លាហាននិងចេះស៊ូទ្រាំក្នុងកាលៈទេសៈពិបាក។ បន្ថែមទៅទៀត នេះក៏បានជួយគាត់ឲ្យបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ក្នុងការនាំបណ្ដាជនអ៊ីស្រាអែលចូលស្រុកសន្យាដែរ។
១៦. ហេតុអ្វីម៉ូសេមិនបានខកចិត្តពេលដែលព្រះមិនអនុញ្ញាតឲ្យគាត់ចូលក្នុងស្រុកសន្យា?
១៦ ដូចអាប្រាហាំ ម៉ូសេក៏មិនបានឃើញនូវការសម្រេចនៃពាក្យសន្យារបស់ព្រះក្នុងជីវិតរបស់គាត់ដែរ។ មុនបណ្ដាជនអ៊ីស្រាអែលចូលស្រុកសន្យា ព្រះមានប្រសាសន៍ទៅម៉ូសេថា៖ «ឯងនឹងមើលស្រុកនៅមុខឯងឃើញ តែមិនបានចូលទៅក្នុងស្រុកដែលអញឲ្យដល់ពួកកូនចៅអ៊ីស្រាអែលនោះទេ»។ នេះដោយសារពេលដែលបណ្ដាជនបះបោរ គាត់និងអេរ៉ុនបានក្ដៅចិត្ត ហើយបានប្រព្រឹត្ត«រំលងទាស់នឹង[ព្រះ] នៅក្នុងពួកកូនចៅអ៊ីស្រាអែល ត្រង់ទឹកមេរីបា»។ (ចោ. ៣២:៥១, ៥២) តើម៉ូសេបានខកចិត្តនិងតូចចិត្តឬទេ? អត់ទេ។ គាត់បានឲ្យពរដល់បណ្ដាជន ហើយបញ្ចប់ពរនោះដោយពាក្យថា៖ «ឱអ៊ីស្រាអែលអើយ! ឯងមានពរហើយ តើមានអ្នកឯណាដូចឯងជាសាសន៍ដែលព្រះយេហូវ៉ាបានសង្គ្រោះ ទ្រង់ជាខែលជួយឯង ហើយជាដាវនៃសិរីល្អរបស់ឯង?»។—ចោ. ៣៣:២៩
មេរៀនសម្រាប់យើង
១៧, ១៨. (ក) ក្នុងការរត់ប្រណាំងដើម្បីឲ្យបានជីវិត តើយើងអាចរៀនអ្វីពី«សាក្សីមួយក្រុម»? (ខ) តើយើងនឹងពិចារណាអំពីអ្វីក្នុងអត្ថបទបន្ទាប់?
១៧ ពេលដែលយើងពិនិត្យសាឡើងវិញអំពីជីវិតរបស់អ្នកដែលជា«សាក្សីមួយក្រុម . . . នៅជុំវិញយើង» នោះបង្ហាញយ៉ាងច្បាស់ថា យើងត្រូវមានជំនឿស៊ប់ទៅលើព្រះនិងការសន្យារបស់លោក ទើបយើងអាចរត់ប្រណាំងរហូតដល់ទីផ្ដាច់ព្រាត់បាន។ (ហេ. ១១:៦) ជំនឿមិនគ្រាន់តែជាចំណែកមួយនៃជីវិតរបស់យើងនោះទេ ប៉ុន្តែនេះត្រូវជាអ្វីដែលសំខាន់បំផុតក្នុងជីវិតយើងវិញ។ មិនដូចមនុស្សឯទៀតដែលគ្មានជំនឿ នោះអ្នកបម្រើរបស់ព្រះយេហូវ៉ាអាចដឹងថា ពួកគេមានអនាគតដ៏ល្អប្រសើរជាងនៅខាងមុខ។ យើងអាច«មើលឃើញលោកដែលមនុស្សមើលពុំឃើញ» ហើយយ៉ាងនេះ យើងក៏អាចរត់ដោយស៊ូទ្រាំក្នុងទីប្រណាំងបានដែរ។—២កូ. ៥:៧
១៨ ការរត់ប្រណាំងជាគ្រិស្តសាសនិកមិនមែនជាអ្វីដែលងាយស្រួលទេ។ ទោះជាយ៉ាងនោះក៏ដោយ យើងអាចរត់រហូតដល់ទីផ្ដាច់ព្រាត់ដោយជោគជ័យបាន។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាថា តើមានអ្វីថែមទៀតដែលអាចជួយយើងឲ្យធ្វើដូច្នេះបាន?
តើអ្នកអាចពន្យល់បានឬទេ?
• ហេតុអ្វីប៉ូលបានសរសេរយ៉ាងច្រើនអំពីសាក្សីដ៏ស្មោះត្រង់ពីសម័យបុរាណ?
• តើការគិតអំពី«សាក្សីមួយក្រុម . . . នៅជុំវិញយើង»អាចលើកទឹកចិត្តយើងឲ្យរត់ដោយស៊ូទ្រាំយ៉ាងដូចម្ដេច?
• តើអ្នកបានរៀនអ្វីខ្លះពីសាក្សីដ៏ស្មោះត្រង់ដែលមានដូចជាណូអេ អាប្រាហាំ សារ៉ា និងម៉ូសេ?
[រូបភាពនៅទំព័រ២២]
អាប្រាហាំនិងសារ៉ាសុខចិត្តលះចោលជីវិតសុខស្រួលនៅទីក្រុងអ៊ើរ