អត្ថបទសិក្សា ៣១
តើអ្នកកំពុងរង់ចាំ«ក្រុងដែលមានគ្រឹះដ៏ពិត»ឬទេ?
«គាត់រង់ចាំក្រុងដែលមានគ្រឹះដ៏ពិត ជាក្រុងដែលមានព្រះជាអ្នកសង់និងជាអ្នកបង្កើត»។—ហេ. ១១:១០
ចម្រៀងលេខ២២ សូមឲ្យរាជាណាចក្រព្រះមកដល់!
សេចក្ដីសង្ខេបa
១. តើបងប្អូនជាច្រើននាក់បានធ្វើការលះបង់អ្វី ហើយហេតុអ្វី?
នៅសព្វថ្ងៃនេះ រាស្ដ្ររបស់ព្រះយេហូវ៉ារាប់លាននាក់បានធ្វើការលះបង់ផ្សេងៗ។ បងប្អូនជាច្រើននាក់បានសម្រេចចិត្តមិនរៀបការ។ ប្ដីប្រពន្ធជាច្រើនបានសម្រេចចិត្តមិនយកកូននៅឥឡូវនេះ។ ក្រុមគ្រួសារខ្លះបានរក្សាជីវិតឲ្យសាមញ្ញ។ ពួកគេបានធ្វើការសម្រេចចិត្តនេះសម្រាប់មូលហេតុដ៏សំខាន់មួយ គឺពួកគេចង់បម្រើព្រះយេហូវ៉ាឲ្យបានច្រើនបំផុត។ ពួកគេស្កប់ចិត្តនិងមានទំនុកចិត្តថាព្រះយេហូវ៉ានឹងផ្គត់ផ្គង់អ្វីៗទាំងអស់ដែលពួកគេពិតជាត្រូវការ។ តើពួកគេនឹងខកចិត្តឬទេ? ពួកគេនឹងមិនខកចិត្តទេ! ហេតុអ្វីយើងដឹងដូច្នេះ? មូលហេតុមួយ គឺដោយសារព្រះយេហូវ៉ាបានឲ្យពរដល់អាប្រាហាំដែលជា«ឪពុករបស់អស់អ្នកណាដែលមានជំនឿ»។—រ៉ូម ៤:១១
២. (ក) យោងទៅតាមហេប្រឺ ១១:៨-១០, ១៦ ហេតុអ្វីអាប្រាហាំសុខចិត្តចាកចេញពីក្រុងអ៊ើរ? (ខ) តើយើងនឹងរកចម្លើយចំពោះសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
២ អាប្រាហាំសុខចិត្តលះបង់ជីវិតសុខស្រួលដែលគាត់អាចមាននៅក្រុងអ៊ើរ។ ហេតុអ្វី? ព្រោះគាត់រង់ចាំ«ក្រុងដែលមានគ្រឹះដ៏ពិត»។ (សូមអាន ហេប្រឺ ១១:៨-១០, ១៦) តើ«ក្រុង»នោះជាអ្វី? តើអាប្រាហាំជួបការពិបាកអ្វីខ្លះកាលដែលគាត់រង់ចាំក្រុងនោះឲ្យសង់ឡើង? តើយើងអាចធ្វើតាមគំរូរបស់អាប្រាហាំនិងបងប្អូននៅសព្វថ្ងៃនេះដែលយកតម្រាប់គាត់យ៉ាងដូចម្ដេច?
តើអ្វីជា«ក្រុងដែលមានគ្រឹះដ៏ពិត»?
៣. តើក្រុងដែលអាប្រាហាំរង់ចាំគឺជាអ្វី?
៣ ក្រុងដែលអាប្រាហាំរង់ចាំគឺជារាជាណាចក្ររបស់ព្រះ។ លោកយេស៊ូគ្រិស្តជាស្ដេចនៃរាជាណាចក្រនោះ ហើយគ្រិស្តសាសនិកដែលបានត្រូវរើសតាំង១៤៤.០០០នាក់គ្រប់គ្រងជាមួយនឹងលោក។ ប៉ូលបានហៅរាជាណាចក្រនោះថា៖ «ក្រុងរបស់ព្រះដែលមានជីវិតរស់នៅ និងក្រុងយេរូសាឡិមនាស្ថានសួគ៌»។ (ហេ. ១២:២២; បប. ៥:៨-១០; ១៤:១) លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានសុំឲ្យរាជាណាចក្រនោះមកដល់ ដើម្បីឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ។—ម៉ាថ. ៦:១០
៤. យោងទៅតាមលោកុប្បត្តិ ១៧:១, ២, ៦ តើអាប្រាហាំបានដឹងច្រើនប៉ុណ្ណាអំពីក្រុង ឬរាជាណាចក្រដែលព្រះបានសន្យា?
៤ តើអាប្រាហាំដឹងអំពីរបៀបរៀបចំនៃរាជាណាចក្ររបស់ព្រះឬទេ? គាត់មិនដឹងទេ។ អ្វីទាំងនោះជា«អាថ៌កំបាំងដ៏ពិសិដ្ឋ» អស់ជាច្រើនសតវត្សរ៍។ (អេភ. ១:៨-១០; កូឡ. ១:២៦, ២៧) ប៉ុន្តែ អាប្រាហាំបានដឹងថាកូនចៅខ្លះរបស់គាត់នឹងទៅជាស្ដេច ដោយសារនេះជាអ្វីមួយដែលព្រះយេហូវ៉ាបានសន្យាដល់គាត់។ (សូមអាន លោកុប្បត្តិ ១៧:១, ២, ៦) អាប្រាហាំមានជំនឿខ្លាំងដល់ម្ល៉េះថាសេចក្ដីសន្យារបស់ព្រះនឹងត្រូវសម្រេច គឺហាក់ដូចជាគាត់អាចឃើញអ្នកដែលព្រះបានរើសតាំង ឬមេស្ស៊ីដែលនឹងទៅជាស្ដេចនៃរាជាណាចក្ររបស់ព្រះ។ ហេតុនេះ លោកយេស៊ូអាចប្រាប់ជនជាតិយូដានៅសម័យរបស់លោកថា៖ «អាប្រាហាំ ដែលជាឪពុករបស់អ្នករាល់គ្នាបានត្រេកអរដោយសង្ឃឹមថានឹងឃើញគ្រារបស់ខ្ញុំ ហើយគាត់បានឃើញក៏បានត្រេកអរផង»។ (យ៉ូន. ៨:៥៦) ដូច្នេះ អាប្រាហាំដឹងថាកូនចៅរបស់គាត់នឹងមានចំណែកក្នុងរាជាណាចក្រមួយដែលព្រះយេហូវ៉ានឹងស្ថាបនាឡើង ហើយគាត់សុខចិត្តរង់ចាំឲ្យព្រះយេហូវ៉ាធ្វើឲ្យសេចក្ដីសន្យានេះបានសម្រេច។
៥. ហេតុអ្វីយើងដឹងថាអាប្រាហាំរង់ចាំក្រុងដែលព្រះបង្កើត?
៥ តើអាប្រាហាំបង្ហាញយ៉ាងណាថាគាត់រង់ចាំក្រុងឬរាជាណាចក្រដែលព្រះបង្កើត? អាប្រាហាំមិនទៅជាពលរដ្ឋនៃរាជាណាចក្រមួយនៅផែនដីទេ។ គាត់ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ជាអ្នកស្នាក់នៅបណ្ដោះអាសន្ន និងមិនដែលគាំទ្រស្ដេចណាម្នាក់នៅលើផែនដីឡើយ។ អាប្រាហាំក៏មិនព្យាយាមបង្កើតរាជាណាចក្រផ្ទាល់ខ្លួនដែរ។ ផ្ទុយទៅវិញ គាត់បានបន្តស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយរង់ចាំលោកធ្វើឲ្យសេចក្ដីសន្យារបស់លោកបានសម្រេច។ យ៉ាងនេះ អាប្រាហាំបានបង្ហាញជំនឿយ៉ាងមុតមាំទៅលើព្រះយេហូវ៉ា។ សូមយើងពិចារណាការពិបាកខ្លះដែលគាត់ជួបប្រទះ និងអ្វីដែលយើងអាចរៀនពីគំរូរបស់គាត់។
តើអាប្រាហាំជួបការពិបាកអ្វីខ្លះ?
៦. តើក្រុងអ៊ើរជាក្រុងបែបណា?
៦ អាប្រាហាំចាកចេញពីក្រុងអ៊ើរជាក្រុងដែលបានត្រូវការពារយ៉ាងល្អ ស្រួលរស់នៅ ហើយមនុស្សនៅក្រុងនោះជាអ្នកមាន និងទទួលការអប់រំខ្ពស់។ ក្រុងនោះបានត្រូវការពារដោយកំពែងដ៏ខ្ពស់និងមានប្រឡាយទឹកនៅបីជ្រុង។ អ្នកក្រុងអ៊ើរពូកែខាងអក្សរសាស្ត្រនិងគណិតវិទ្យា។ តាមមើលទៅ ក្រុងនោះសំខាន់សម្រាប់ធ្វើជំនួញ ហើយឯកសារជំនួញជាច្រើនបានត្រូវរកឃើញនៅទីនោះ។ ផ្ទះនីមួយៗបានត្រូវសង់ឡើងពីឥដ្ឋដែលគេលាបកំបោរពណ៌ស។ ផ្ទះខ្លះមាន១៣ ឬ១៤បន្ទប់ដែលនៅជុំវិញទីធ្លាផ្ទះ។
៧. ហេតុអ្វីអាប្រាហាំត្រូវមានទំនុកចិត្តថាព្រះយេហូវ៉ានឹងការពារគាត់ ព្រមទាំងក្រុមគ្រួសារគាត់?
៧ អាប្រាហាំត្រូវមានទំនុកចិត្តថាព្រះយេហូវ៉ានឹងការពារគាត់ ព្រមទាំងក្រុមគ្រួសាររបស់គាត់។ ហេតុអ្វី? សូមចាំថា អាប្រាហាំនិងសារ៉ាបានចាកចេញពីផ្ទះនៅក្រុងអ៊ើរដែលមានសុវត្ថិភាពនិងសុខស្រួល ដើម្បីទៅរស់នៅក្នុងត្រសាល នាឯទីវាលនៅស្រុកកាណាន។ អាប្រាហាំនិងក្រុមគ្រួសារគាត់លែងមានកំពែងដ៏ក្រាស់ និងប្រឡាយទឹកដើម្បីការពារទៀតហើយ ដូច្នេះសត្រូវអាចវាយប្រហារពួកគេយ៉ាងងាយ។
៨. នៅពេលមួយ តើអាប្រាហាំត្រូវប្រឈមមុខនឹងអ្វី?
៨ ទោះជាអាប្រាហាំធ្វើតាមបំណងប្រាថ្នារបស់ព្រះក្ដី នៅពេលមួយគាត់ពិបាកផ្គត់ផ្គង់ក្រុមគ្រួសាររបស់គាត់។ គាត់ត្រូវប្រឈមមុខនឹងការអត់ឃ្លានដ៏ខ្លាំងមួយនៅស្រុកដែលព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យទៅ។ ភាពអត់ឃ្លាននោះខ្លាំងដល់ម្ល៉េះ រហូតដល់អាប្រាហាំបានសម្រេចចិត្តនាំក្រុមគ្រួសាររបស់គាត់ទៅស្រុកអេស៊ីបអស់មួយរយៈពេល។ ប៉ុន្តែ ពេលគាត់នៅស្រុកអេស៊ីប ផារ៉ូដែលជាអ្នកគ្រប់គ្រងស្រុកនោះបានយកប្រពន្ធរបស់គាត់។ សូមស្រមៃគិតថាអាប្រាហាំព្រួយចិត្តយ៉ាងណា ទម្រាំដល់ពេលដែលព្រះយេហូវ៉ាដាក់ទោសផារ៉ូ ហើយឲ្យផារ៉ូប្រគល់សារ៉ាទៅអាប្រាហាំវិញ។—លោ. ១២:១០-១៩
៩. តើអាប្រាហាំមានបញ្ហាអ្វីខ្លះក្នុងក្រុមគ្រួសារ?
៩ ក្នុងក្រុមគ្រួសាររបស់អាប្រាហាំក៏មានបញ្ហាដែរ។ សារ៉ាដែលជាប្រពន្ធសំណព្វរបស់គាត់មិនអាចមានកូនទេ។ ពួកគាត់ខកចិត្តអស់ជាច្រើនឆ្នាំ។ ក្រោយមក សារ៉ាបានឲ្យហាកាដែលជាស្ត្រីបម្រើរបស់គាត់ទៅអាប្រាហាំ ដើម្បីនាងអាចបង្កើតកូនឲ្យគាត់និងអាប្រាហាំ។ ប៉ុន្តែ ពេលអ៊ីសម៉ាអែលនៅក្នុងផ្ទៃរបស់ហាកា នាងចាប់ផ្ដើមមើលងាយសារ៉ា។ ស្ថានភាពនោះពិបាកយ៉ាងខ្លាំង រហូតដល់សារ៉ាបានបណ្ដេញហាកាចេញពីកន្លែងស្នាក់នៅ។—លោ. ១៦:១-៦
១០. តើអ្វីខ្លះបានកើតឡើងដែលអាចធ្វើឲ្យអាប្រាហាំពិបាកទុកចិត្តព្រះយេហូវ៉ា?
១០ នៅទីបំផុតសារ៉ាមានគភ៌ ហើយបានបង្កើតកូនប្រុសម្នាក់ឲ្យអាប្រាហាំ ដែលអាប្រាហាំដាក់ឈ្មោះថាអ៊ីសាក។ អាប្រាហាំស្រឡាញ់កូនប្រុសទាំងពីររបស់គាត់ ទាំងអ៊ីសម៉ាអែលទាំងអ៊ីសាក។ ប៉ុន្តែ ដោយសារអ៊ីសម៉ាអែលបានប្រព្រឹត្តយ៉ាងអាក្រក់ទៅលើអ៊ីសាក អាប្រាហាំត្រូវបណ្ដេញអ៊ីសម៉ាអែលនិងហាកាចេញ។ (លោ. ២១:៩-១៤) ក្រោយមក ព្រះយេហូវ៉ាបានសុំអាប្រាហាំឲ្យជូនអ៊ីសាកជាគ្រឿងបូជា។ (លោ. ២២:១, ២; ហេ. ១១:១៧-១៩) ក្នុងស្ថានភាពទាំងពីរនេះ អាប្រាហាំត្រូវមានទំនុកចិត្តថា ព្រះយេហូវ៉ានៅតែនឹងធ្វើឲ្យសេចក្ដីសន្យារបស់លោកចំពោះកូនរបស់គាត់បានសម្រេច។
១១. ហេតុអ្វីអាប្រាហាំត្រូវរង់ចាំព្រះយេហូវ៉ាដោយចិត្តអត់ធ្មត់?
១១ ក្នុងអំឡុងពេលនោះ អាប្រាហាំត្រូវរៀនឲ្យចេះរង់ចាំព្រះយេហូវ៉ាដោយចិត្តអត់ធ្មត់។ គាត់ទំនងជាមានអាយុ៧០ឆ្នាំជាង ពេលគាត់និងក្រុមគ្រួសាររបស់គាត់បានចាកចេញពីក្រុងអ៊ើរ។ (លោ. ១១:៣១–១២:៤) អស់រយៈពេលប្រហែលជា១០០ឆ្នាំ គាត់បានរស់នៅក្នុងត្រសាល ហើយធ្វើដំណើរទូទាំងស្រុកកាណាន។ អាប្រាហាំបានស្លាប់ពេលដែលគាត់មានអាយុ១៧៥ឆ្នាំ។ (លោ. ២៥:៧) ប៉ុន្តែ គាត់មិនបានឃើញកូនចៅរបស់គាត់ទទួលស្រុកកាណាន ដូចដែលព្រះយេហូវ៉ាបានសន្យាទេ។ គាត់បានស្លាប់មុនក្រុង ឬរាជាណាចក្ររបស់ព្រះបានត្រូវស្ថាបនាឡើង។ ទោះជាយ៉ាងនេះក៏ដោយ ពេលអាប្រាហាំស្លាប់ គម្ពីរបានរៀបរាប់ថា៖ «គាត់បានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួន»។ (លោ. ២៥:៨) មិនថាអាប្រាហាំជួបបញ្ហាច្រើនយ៉ាងណាក្ដី ជំនឿរបស់គាត់នៅតែរឹងមាំ ហើយគាត់ពេញចិត្តរង់ចាំព្រះយេហូវ៉ា។ ហេតុអ្វីគាត់អាចស៊ូទ្រាំបាន? ពីព្រោះពេញមួយជីវិតរបស់អាប្រាហាំ ព្រះយេហូវ៉ាបានការពារគាត់ ហើយប្រព្រឹត្តមកលើគាត់ដូចមិត្តសម្លាញ់។—លោ. ១៥:១; អេ. ៤១:៨; យ៉ា. ២:២២, ២៣
១២. តើយើងកំពុងទន្ទឹងរង់ចាំអ្វី ហើយតើយើងនឹងពិចារណាអ្វី?
១២ ដូចអាប្រាហាំ យើងកំពុងទន្ទឹងរង់ចាំក្រុងដែលមានគ្រឹះដ៏ពិត។ ប៉ុន្តែ យើងមិនមែនរង់ចាំឲ្យក្រុងនោះសង់ឡើងទេ ដោយសាររាជាណាចក្ររបស់ព្រះបានត្រូវស្ថាបនាឡើងនៅឆ្នាំ១៩១៤ ហើយគ្រប់គ្រងលើអ្វីៗទាំងអស់នៅស្ថានសួគ៌រួចហើយ។ (បប. ១២:៧-១០) ប៉ុន្តែ យើងកំពុងរង់ចាំឲ្យរាជាណាចក្រនោះគ្រប់គ្រងមកលើផែនដីទាំងមូល។ កាលដែលយើងរង់ចាំឲ្យនេះកើតឡើង យើងប្រហែលជាត្រូវស៊ូទ្រាំការពិបាកជាច្រើនដែលស្រដៀងនឹងការពិបាកដែលអាប្រាហាំនិងសារ៉ាបានជួបប្រទះ។ តើអ្នកបម្រើរបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះបានធ្វើតាមគំរូរបស់អាប្រាហាំឬទេ? ជីវប្រវត្តិដែលបានចេញផ្សាយក្នុងទស្សនាវដ្ដីប៉មយាមបង្ហាញថា ដូចអាប្រាហាំនិងសារ៉ា បងប្អូនជាច្រើននាក់នៅសព្វថ្ងៃនេះ មានជំនឿនិងចិត្តអត់ធ្មត់។ សូមឲ្យយើងពិចារណាអំពីជីវប្រវត្តិខ្លះ ហើយទាញយកមេរៀនពីបទពិសោធន៍របស់បងប្អូនទាំងនេះ។
បុគ្គលខ្លះដែលបានធ្វើតាមគំរូរបស់អាប្រាហាំ
១៣. តើអ្នករៀនអ្វីពីជីវប្រវត្តិរបស់បងវ៉ាលដឺន?
១៣ ចូរសុខចិត្តធ្វើការលះបង់។ ដើម្បីចាត់ទុកក្រុងរបស់ព្រះ ឬរាជាណាចក្ររបស់លោកថាសំខាន់បំផុតក្នុងជីវិតរបស់យើង យើងត្រូវយកតម្រាប់អាប្រាហាំដែលសុខចិត្តធ្វើការលះបង់ដើម្បីនាំឲ្យព្រះពេញចិត្ត។ (ម៉ាថ. ៦:៣៣; ម៉ាក. ១០:២៨-៣០) សូមគិតអំពីជីវិតរបស់បងប្រុសបៀល វ៉ាលដឺន។b នៅឆ្នាំ១៩៤២ ពេលបងបៀលចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា គាត់ជិតបញ្ចប់វគ្គសិក្សាបរិញ្ញាប័ត្រផ្នែកវិស្វកម្មខាងសំណង់ នៅសកលវិទ្យាល័យមួយនាសហរដ្ឋអាម៉េរិក។ សាស្ត្រាចារ្យដែលបង្រៀនបងបៀលបានរៀបចំឲ្យបងបៀលទទួលការងារមួយក្រោយពីរៀនចប់ ប៉ុន្តែបងបៀលមិនព្រមទទួលយកការងារនោះទេ។ គាត់បានពន្យល់ដល់សាស្ត្រាចារ្យនោះថា គាត់សម្រេចចិត្តមិនទទួលយកការងារដែលមានប្រាក់ខែខ្ពស់នោះ ដោយសារគាត់ចង់បម្រើព្រះឲ្យបានពេញលេញជាង។ មិនយូរក្រោយមក បងបៀលបានត្រូវគេបង្គាប់ឲ្យចូលបំពេញកាតព្វកិច្ចយោធា។ គាត់មិនព្រមធ្វើទេ ហើយជាលទ្ធផលគាត់ត្រូវគេផាកពិន័យ១០.០០០ដុល្លារ ហើយត្រូវជាប់គុកប្រាំឆ្នាំ។ តែក្រោយបីឆ្នាំ គាត់បានត្រូវដោះលែង។ ក្រោយមក គាត់បានត្រូវអញ្ជើញឲ្យចូលសាលាគីលាត ហើយបម្រើជាសាសនទូតនៅទ្វីបអាហ្វ្រិក។ មួយរយៈពេលក្រោយមក បងបៀលបានរៀបការជាមួយនឹងបងអេវ៉ា ហើយពួកគាត់បានបម្រើជាមួយគ្នានៅទ្វីបអាហ្វ្រិក នេះមានន័យថាពួកគាត់ត្រូវធ្វើការលះបង់។ ក្រោយមក ពួកគាត់បានត្រឡប់ទៅសហរដ្ឋអាម៉េរិកដើម្បីមើលថែម្ដាយរបស់បងបៀល។ បងបៀលនិយាយអំពីជីវិតរបស់គាត់ថា៖ «ខ្ញុំទឹកភ្នែករលីងរលោង ពេលខ្ញុំគិតអំពីឯកសិទ្ធិដ៏អស្ចារ្យដែលខ្ញុំមាន គឺព្រះយេហូវ៉ាបានប្រើខ្ញុំអស់ជាង៧០ឆ្នាំក្នុងកិច្ចបម្រើរបស់លោក។ ជារឿយៗ ខ្ញុំអរគុណលោកដែលបានណែនាំខ្ញុំឲ្យចាត់ទុកកិច្ចបម្រើរបស់លោកជាកិច្ចការចម្បង»។ ចុះអ្នកវិញ តើអ្នកអាចធ្វើឲ្យកិច្ចបម្រើពេញពេលទៅជាកិច្ចការដ៏សំខាន់បំផុតក្នុងជីវិតរបស់អ្នកឬទេ?
១៤-១៥. តើអ្នករៀនអ្វីពីបទពិសោធន៍របស់បងប្រុសអាផុសថូលីទីសនិងប្រពន្ធរបស់គាត់?
១៤ សូមកុំសន្និដ្ឋានថាជីវិតរបស់អ្នកនឹងមិនមានបញ្ហាឡើយ។ យើងរៀនពីជីវិតរបស់អាប្រាហាំថា សូម្បីតែពួកអ្នកបម្រើព្រះយេហូវ៉ាពេញមួយជីវិតរបស់ពួកគេ ក៏មានបញ្ហាដែរ។ (យ៉ា. ១:២; ១ពេ. ៥:៩) នេះបានកើតឡើងចំពោះបងប្រុសអារីស្តូតេលីស អាផុសថូលីទីស។ គាត់បានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៤៦ នាប្រទេសក្រិច ហើយនៅឆ្នាំ១៩៥២ គាត់បានភ្ជាប់ពាក្យជាមួយនឹងបងស្រីម្នាក់ឈ្មោះអិលលេនី ដែលមានគោលដៅដូចគាត់។ ប៉ុន្តែក្រោយមក បងអិលលេនីបានធ្លាក់ខ្លួនឈឺ ហើយគេបានរកឃើញថាគាត់មានដុំសាច់ដុះនៅក្នុងខួរក្បាល។ គេបានវះកាត់ដុំសាច់នោះចេញ ប៉ុន្តែគ្រាន់តែប៉ុន្មានឆ្នាំក្រោយពីពួកគាត់បានរៀបការ ដុំសាច់នោះបានដុះឡើងវិញ។ គ្រូពេទ្យបានវះកាត់ម្ដងទៀត ប៉ុន្តែនោះធ្វើឲ្យបងអិលលេនីពិការ ហើយលែងអាចនិយាយដូចធម្មតាបានទៀត។ គាត់បន្តផ្សព្វផ្សាយយ៉ាងខ្នះខ្នែង ទោះជាគាត់មានជំងឺ និងនៅពេលនោះរដ្ឋាភិបាលបៀតបៀនក៏ដោយ។
១៥ អស់៣០ឆ្នាំ បងអារីស្តូតេលីសបានមើលថែប្រពន្ធរបស់គាត់។ ក្នុងអំឡុងពេលនោះ បងអារីស្តូតេលីសបានបម្រើជាអ្នកចាស់ទុំ ធ្វើជាសមាជិកគណៈកម្មាធិការមហាសន្និបាត និងជួយសង់សាលសន្និបាតមួយ។ នៅឆ្នាំ១៩៨៧ បងអិលលេនីមានគ្រោះថ្នាក់ពេលដែលគាត់ផ្សព្វផ្សាយ។ គាត់សន្លប់មិនដឹងខ្លួនអស់បីឆ្នាំ ហើយក្រោយមកគាត់បានស្លាប់។ បងអារីស្តូតេលីសពន្យល់ថា បទពិសោធន៍ទាំងនោះមានឥទ្ធិពលយ៉ាងណាទៅលើគាត់ ពេលគាត់និយាយថា៖ «ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំមានបញ្ហាជាច្រើន ហើយបញ្ហាខ្លះកើតឡើងក្នុងមួយពព្រិចភ្នែក។ ដូច្នេះ ខ្ញុំត្រូវតាំងចិត្តស៊ូទ្រាំ និងមិនឲ្យអ្វីណាក៏ដោយធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្ត។ ប៉ុន្តែ ព្រះយេហូវ៉ាតែងតែផ្ដល់កម្លាំងដែលខ្ញុំត្រូវការ ដើម្បីយកឈ្នះបញ្ហាទាំងនោះ»។ (ទំនុក. ៩៤:១៨, ១៩) ព្រះយេហូវ៉ាស្រឡាញ់យ៉ាងខ្លាំងអស់អ្នកដែលខំអស់ពីសមត្ថភាពក្នុងការបម្រើលោក ទោះជាពួកគេមានបញ្ហាក៏ដោយ។
១៦. តើបងន័របានផ្ដល់យោបល់ល្អអ្វីដល់ប្រពន្ធគាត់?
១៦ ចូរផ្ដោតអារម្មណ៍ទៅលើថ្ងៃអនាគត។ អាប្រាហាំបានផ្ដោតអារម្មណ៍ទៅលើរង្វាន់ដែលព្រះយេហូវ៉ានឹងផ្ដល់ឲ្យគាត់នៅពេលអនាគត ហើយនេះជួយគាត់ឲ្យយកឈ្នះបញ្ហាដែលគាត់មាន។ បងស្រីអូឌ្រី ហាយបានព្យាយាមរក្សាទស្សនៈល្អបែបនេះ ទោះជាប្ដីទី១របស់គាត់ បងណាថាន់ ន័របានស្លាប់ដោយសារមហារីក និងបងគ្លេន ហាយដែលជាប្ដីទី២របស់គាត់ កើតជំងឺភ្លេចភ្លាំងក្ដី។ គាត់និយាយថាអ្វីមួយដែលបងន័របានប្រាប់គាត់នៅប៉ុន្មានសប្ដាហ៍មុនស្លាប់ បានជួយគាត់។ គាត់និយាយថា៖ «បងណាថាន់រំលឹកខ្ញុំថា៖ ‹យើងនៅតែមានសេចក្ដីសង្ឃឹមពិតប្រាកដស្ដីអំពីអ្វីដែលកើតឡើងក្រោយពីយើងស្លាប់ ហើយយើងនឹងមិនត្រូវរងការឈឺចាប់ទៀតទេ›។ បន្ទាប់មក គាត់លើកទឹកចិត្តខ្ញុំថា៖ ‹ចូរមើលទៅខាងមុខ ពីព្រោះរង្វាន់គឺនៅថ្ងៃអនាគត›។ . . . គាត់បន្ថែមថា៖ ‹ចូរជាប់រវល់ ដោយព្យាយាមប្រើជីវិតដើម្បីជួយអ្នកឯទៀត។ នេះនឹងជួយអូនឲ្យមានអំណរ›»។ ការជាប់រវល់ក្នុងការធ្វើល្អចំពោះអ្នកឯទៀត ហើយ«អរសប្បាយនឹងសេចក្ដីសង្ឃឹម»គឺជាយោបល់ល្អមែន!—រ៉ូម ១២:១២
១៧. (ក) ហេតុអ្វីយើងគួរផ្ដោតអារម្មណ៍ទៅលើថ្ងៃអនាគត? (ខ) តើការធ្វើតាមគំរូនៅមីកា ៧:៧ នឹងជួយយើងយ៉ាងណាឲ្យទទួលពរនៅថ្ងៃអនាគត?
១៧ សព្វថ្ងៃនេះ យើងមានមូលហេតុច្រើនជាងសម័យមុនៗ ដើម្បីផ្ដោតអារម្មណ៍ទៅលើថ្ងៃអនាគត។ ព្រឹត្តិការណ៍ពិភពលោកបង្ហាញយ៉ាងច្បាស់ថា យើងកំពុងរស់នៅចុងបញ្ចប់នៃគ្រាចុងក្រោយនៃរបៀបរបបពិភពលោកនេះ។ មិនយូរទៀត យើងនឹងលែងត្រូវរង់ចាំក្រុងដែលមានគ្រឹះដ៏ពិតឬរាជាណាចក្ររបស់ព្រះឲ្យគ្រប់គ្រងលើផែនដីទាំងមូល។ យើងនឹងទទួលពរជាច្រើននៅពេលនោះ ពរមួយគឺបុគ្គលជាទីស្រឡាញ់របស់យើងនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ នៅគ្រានោះ ព្រះយេហូវ៉ានឹងឲ្យរង្វាន់ដល់អាប្រាហាំដោយសារជំនឿនិងចិត្តអត់ធ្មត់របស់គាត់ គឺថាលោកនឹងប្រោសគាត់និងក្រុមគ្រួសាររបស់គាត់ឲ្យរស់ឡើងវិញនៅលើផែនដី។ តើអ្នកនឹងនៅទីនោះដើម្បីទទួលស្វាគមន៍ពួកគាត់ឬទេ? អ្នកអាចនៅទីនោះបាន បើអ្នកយកតម្រាប់អាប្រាហាំដោយសុខចិត្តធ្វើការលះបង់ដើម្បីរាជាណាចក្ររបស់ព្រះ រក្សាជំនឿរបស់អ្នកទោះជាមានបញ្ហាក្ដី ហើយរៀនឲ្យរង់ចាំព្រះយេហូវ៉ាយ៉ាងអត់ធ្មត់។—សូមអាន មីកា ៧:៧
ចម្រៀងលេខ៧៤ ចូរយើងរួមគ្នាច្រៀងចម្រៀងរាជាណាចក្រ!
a ការរង់ចាំឲ្យសេចក្ដីសន្យារបស់ព្រះបានសម្រេច អាចធ្វើឲ្យយើងពិបាករក្សាចិត្តអត់ធ្មត់ ឬថែមទាំងពិបាករក្សាជំនឿរបស់យើងផងដែរ។ តើយើងអាចទាញមេរៀនអ្វីពីអាប្រាហាំដែលអាចជួយយើងកាន់តែតាំងចិត្តរង់ចាំដោយអត់ធ្មត់ ឲ្យព្រះយេហូវ៉ាធ្វើឲ្យសេចក្ដីសន្យារបស់លោកបានសម្រេច? តើអ្នកបម្រើរបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះបានទុកគំរូល្អអ្វីខ្លះឲ្យយើង?
b ជីវប្រវត្ដិរបស់បងវ៉ាលដឺន បានត្រូវចេញផ្សាយក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ទំព័រ៨-១០។
c ការពណ៌នាអំពីរូបភាព: ប្ដីប្រពន្ធវ័យចាស់មួយគូបន្តបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ ទោះជាមានការពិបាកក្ដី។ ពួកគេរក្សាជំនឿរឹងមាំដោយបន្តផ្ដោតអារម្មណ៍ទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាចំពោះថ្ងៃអនាគត។