អ្នកអាចស៊ូទ្រាំរហូតដល់ទីបញ្ចប់
«ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់[ការស៊ូទ្រាំ, ព.ថ.]»។—ហេព្រើរ ១២:១
១, ២. តើមានន័យយ៉ាងណាក្នុងការឲ្យនៅស៊ូទ្រាំនោះ?
សាវ័កប៉ុលបានសរសេរទៅពួកគ្រីស្ទានហេព្រើរនៅសតវត្សទីមួយថា៖ «អ្នករាល់គ្នាត្រូវការនឹង[ការស៊ូទ្រាំ, ព.ថ.]»។ (ហេព្រើរ ១០:៣៦) ដោយបញ្ជាក់នូវសារៈសំខាន់នៃគុណសម្បត្ដិនេះ សាវ័កពេត្រុសក៏បានដាស់តឿនដូចនេះដល់ពួកគ្រីស្ទានថា៖ ‹បន្ថែមការស៊ូទ្រាំពីលើជំនឿរបស់អ្នក›។ (ពេត្រុសទី២ ១:៥, ៦) ក៏ប៉ុន្តែតើអ្វីទៅដែលពិតជាការស៊ូទ្រាំនោះ?
២ សទ្ទានុក្រមភាសាក្រិក-អង់គ្លេសឲ្យអត្ថន័យនឹងកិរិយាសព្ទភាសាក្រិកសំរាប់ «ស៊ូទ្រាំ» ថាជា«ឋិតនៅជាជាងរត់ចេញ . . . រក្សាជំហរយ៉ាងមាំ ជាប់នៅ»។ ស្តីអំពីនាមភាសាក្រិកសំរាប់«ការស៊ូទ្រាំ» នោះឯកសារស្រាវជ្រាវមួយចែងថា៖ «ការស៊ូទ្រាំគឺជាគតិដែលអាចទ្រាំបាន មិនមែនគ្រាន់ធ្វើឡើងដោយភាពបោះបង់ ក៏ប៉ុន្តែដោយសេចក្ដីសង្ឃឹមយ៉ាងភ្លឺចិញ្ចាច . . . នេះគឺជាគុណសម្បត្ដិដែលឲ្យមនុស្សម្នាក់រក្សាជំហររបស់ខ្លួន កាលដែលប្រឈមមុខនឹងខ្យល់។ នេះជាគុណធម៌ដែលអាចផ្លាស់ប្ដូរសេចក្ដីទុក្ខលំបាកបំផុត ឲ្យទៅជាសិរីរុងរឿង ពីព្រោះឃើញគោលដៅលើសពីការឈឺចាប់»។ បើអ៊ីចឹង ការស៊ូទ្រាំអាចជួយបុគ្គលម្នាក់ឲ្យឈរមុតមាំ ពេលមានឧបសគ្គនិងការពិបាក ហើយមិនឲ្យអស់សង្ឃឹម។ ជាពិសេសតើនរណាដែលត្រូវការនូវគុណសម្បត្ដិនេះ?
៣, ៤. (ក) តើនរណាដែលត្រូវការការស៊ូទ្រាំនោះ? (ខ) ហេតុអ្វីក៏យើងត្រូវតែស៊ូទ្រាំរហូតដល់ទីបញ្ចប់?
៣ ជាអត្ថបដិរូប ពួកគ្រីស្ទានទាំងអស់គឺចូលក្នុងការប្រណាំងមួយ ដែលតម្រូវឲ្យមានការស៊ូទ្រាំ។ នៅប្រហែលជាឆ្នាំ៦៥ ស.យ. នោះសាវ័កប៉ុលបានសរសេរទៅធីម៉ូថេ ដែលជាអ្នកធ្វើការជាមួយគាត់និងគូកនដ៏ស្មោះត្រង់ដែលធ្វើដំណើរជាមួយគ្នា ដោយពាក្យដែលធ្វើឲ្យទុកចិត្តដូចនេះថា៖ «ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្ដីជំនឿទៅហើយ»។ (ធីម៉ូថេទី២ ៤:៧) ដោយប្រើឃ្លា«រត់ប្រណាំងជាស្រេច» នោះប៉ុលបានប្រៀបធៀបជីវិតរបស់គាត់ជាគ្រីស្ទានម្នាក់ ទៅនឹងការប្រណាំងមួយ ដែលមានផ្លូវត្រូវប្រណាំងនិងការត្រូវទៅដល់ទី។ មកដល់ពេលនោះ ប៉ុលកំពុងតែឆ្ពោះទៅដល់ទីបញ្ចប់នៃការប្រណាំងដោយជោគជ័យ ហើយគាត់សង្ឃឹមយ៉ាងទុកចិត្តដើម្បីទទួលរង្វាន់។ គាត់បានមានប្រសាសន៍ថែមទៀតថា៖ «ពីនេះទៅមុខ នឹងមានមកុដនៃសេចក្ដីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ»។ (ធីម៉ូថេទី២ ៤:៨) ប៉ុលបានប្រាកដក្នុងចិត្តថាគាត់នឹងទទួលរង្វាន់នោះ ពីព្រោះគាត់បានស៊ូទ្រាំរហូតដល់ទីបញ្ចប់។ ចុះយ៉ាងណាវិញចំពោះយើងទាំងអស់គ្នានោះ?
៤ ដើម្បីលើកទឹកចិត្តអស់អ្នកដែលបានចូលក្នុងការប្រណាំងនេះ ប៉ុលបានសរសេរថា៖ «ត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់[ការស៊ូទ្រាំ, ព.ថ.]»។ (ហេព្រើរ ១២:១) ជាពួកគ្រីស្ទាន យើងចូលក្នុងការប្រណាំងនេះដែលតម្រូវឲ្យមានការស៊ូទ្រាំ នៅពេលដែលយើងថ្វាយខ្លួនយើងចំពោះព្រះយេហូវ៉ាតាមរយៈព្រះយេស៊ូគ្រីស្ទ។ ការចាប់ផ្ដើមល្អក្នុងដំណើរជាសិស្សនោះគឺសំខាន់ ក៏ប៉ុន្តែអ្វីដែលសំខាន់នៅទីបំផុត នោះគឺយើងនឹងបញ្ចប់នៃការប្រណាំងនេះ។ ព្រះយេស៊ូបានមានបន្ទូលប្រកាសថា៖ «តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ»។ (ម៉ាថាយ ២៤:១៣) រង្វាន់ដែលមានសំរាប់អស់អ្នកដែលបានបញ្ចប់ការប្រណាំងដោយជោគជ័យ នោះគឺជាជីវិតដ៏អស់កល្បជានិច្ច! ដូច្នេះហើយ ដោយមានគោលដៅ នោះយើងត្រូវតែស៊ូទ្រាំរហូតដល់ទីបញ្ចប់។ តើអ្វីទៅដែលនឹងជួយយើងឲ្យទទួលបានគោលដៅនោះ?
ចំណីអាហារដ៏ត្រឹមត្រូវគឺត្រូវការជាចាំបាច់
៥, ៦. (ក) ដើម្បីស៊ូទ្រាំនៅក្នុងការប្រណាំងចំពោះជីវិត តើយើងត្រូវតែយកចិត្តទុកដាក់នឹងអ្វី? (ខ) តើសំវិធានការខាងវិញ្ញាណអ្វីដែលយើងត្រូវតែឆ្លៀតយកប្រយោជន៍នោះ ហើយហេតុអ្វី?
៥ នៅជិតទីក្រុងកូរិនថូសក្នុងប្រទេសក្រិក គឺជាទីកន្លែងដែលធ្លាប់មានកីឡាអ៊ីស្មៀននៅសម័យពីបុរាណ។ ប៉ុលប្រាកដជាដឹងថាពួកបងប្អូននៅទីក្រុងកូរិនថូស បានដឹងអំពីការប្រកួតខាងអត្តពលកម្ម និងការប្រកួតប្រជែងឯទៀតដែលធ្លាប់មាននៅទីនោះ។ ដោយទាក់ទាញលើចំណេះរបស់គេ នោះគាត់បានរំឭកពួកគេអំពីការប្រណាំងចំពោះជីវិត ដែលគេបានចូលក្នុងនោះថា៖ «តើអ្នករាល់គ្នាមិនដឹងទេឬអី ថាពួកអ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែ១ទេដែលបានរង្វាន់ ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ»។ ប៉ុលបានបញ្ជាក់នូវសារៈសំខាន់នៃការរក្សាខ្លួនក្នុងការប្រណាំង និងខំប្រឹងបន្តទៅមុខរហូតដល់ទីបញ្ចប់។ ក៏ប៉ុន្តែតើអ្វីទៅដែលនឹងជួយពួកគេឲ្យធ្វើអ៊ីចឹងនោះ? គាត់បានមានប្រសាសន៍បន្តថា៖ «ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក»។ ត្រូវហើយ ពួកអ្នកតយុទ្ធនៅក្នុងកីឡាសម័យបុរាណ ខំប្រឹងហាត់យ៉ាងខ្លាំង ហើយបានប្រយ័ត្នប្រយែងមែនទែននឹងអ្វីដែលគេបរិភោគនិងពិសា ហើយបានទប់ទល់នូវសកម្មភាពទាំងអស់ដើម្បីឲ្យបានឈ្នះ។—កូរិនថូសទី១ ៩:២៤, ២៥
៦ ចុះយ៉ាងណាវិញចំពោះការប្រណាំង ដែលពួកគ្រីស្ទានបានចូលរួមនោះ? អ្នកចាស់ទុំម្នាក់នៅក្នុងក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ា មានប្រសាសន៍ថា៖ «បើសិនជាអ្នកនឹងស៊ូទ្រាំក្នុងការប្រណាំងចំពោះជីវិត នោះអ្នកត្រូវតែយកចិត្តទុកដាក់នឹងចំណីអាហារខាងវិញ្ញាណរបស់អ្នក»។ ចូរពិចារណានូវអាហារខាងវិញ្ញាណដែលព្រះយេហូវ៉ា‹ព្រះដែលផ្ដល់ឲ្យការស៊ូទ្រាំ›បានប្រទានឲ្យយើង។ (រ៉ូម ១៥:៥) ប្រភពចំណីអាហារខាងវិញ្ញាណដ៏ឧត្តមរបស់យើង នោះគឺព្រះគម្ពីរជាបន្ទូលរបស់ទ្រង់។ តើយើងមិនគួររក្សាតារាងដ៏ល្អនៃអំនានព្រះគម្ពីរទេឬ? តាមរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ព្រះយេហូវ៉ាក៏បានប្រទានឲ្យទស្សនាវដ្ដីប៉មយាម និងភ្ញាក់រឭក! ដែលមានចំៗពេល និងប្រកាសនវត្ថុឯទៀតដែលមានមូលដ្ឋានពីព្រះគម្ពីរ។ (ម៉ាថាយ ២៤:៤៥) ការសិក្សាដោយយកចិត្តទុកដាក់នូវប្រកាសនវត្ថុទាំងនេះ នឹងពង្រឹងយើងខាងវិញ្ញាណ។ ត្រូវហើយ យើងត្រូវតែយក‹ឱកាសឲ្យទាន់ពេលផង›សំរាប់ការសិក្សាផ្ទាល់ខ្លួន។—អេភេសូរ ៥:១៦
៧. (ក) ហេតុអ្វីក៏យើងមិនគួរស្កប់ចិត្តនឹងការដឹងតែសេចក្ដីបឋមសិក្សាគ្រីស្ទាននោះ? (ខ) តើយើងអាច«ខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាត»យ៉ាងដូចម្ដេច?
៧ ដើម្បីរក្សាក្នុងភាពជាសិស្សគ្រីស្ទាន នោះយើងត្រូវការធ្វើបន្តឲ្យហួសពី«សេចក្ដីបថមសិក្សា» ហើយ«ខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាត»។ (ហេព្រើរ ៦:១) ដូច្នេះ យើងត្រូវតែបណ្ដុះបណ្ដាលឲ្យមានការចាប់អារម្មណ៍នឹង«ទទឹង បណ្ដោយ ជំរៅ នឹងកំពស់»នៃសេចក្ដីពិត និងទទួលចំណីអាហារជា«អាហាររឹង . . . សំរាប់តែមនុស្សធំ»។ (អេភេសូរ ៣:១៨; ហេព្រើរ ៥:១២-១៤) ជាឧទាហរណ៍ ដំណើររឿងដ៏ទុកចិត្តទាំងបួនដែលបានប្រាប់អំពីព្រះជន្មរបស់ព្រះយេស៊ូនៅលើផែនដី គឺសៀវភៅដំណឹងល្អរបស់ម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។ តាមរយៈការសិក្សាសៀវភៅដំណឹងល្អដោយប្រិតប្រៀន នោះយើងមិនគ្រាន់តែដឹងអំពីកិច្ចការដែលព្រះយេស៊ូបានធ្វើ និងទ្រង់ជាបុគ្គលបែបណានោះទេ ក៏ប៉ុន្តែអាចយល់ដឹងនូវលំនាំនៃគំនិត ដែលបានជំរុញទ្រង់ឲ្យប្រព្រឹត្តនោះ។ រួចមក យើងអាច«មានគំនិតជារបស់ផងព្រះគ្រីស្ទ»។—កូរិនថូសទី១ ២:១៦
៨. តើតាមរបៀបណាដែលកិច្ចប្រជុំគ្រីស្ទានជួយយើង ឲ្យស៊ូទ្រាំនឹងការប្រណាំងចំពោះជីវិតនោះ?
៨ ប៉ុលបានដាស់តឿនពួកអ្នកជឿគ្នីគ្នារបស់គាត់ថា៖ «ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»។ (ហេព្រើរ ១០:២៤, ២៥) កិច្ចប្រជុំគ្រីស្ទានជាប្រភពនៃការលើកទឹកចិត្តយ៉ាងណាទៅហ្ន៎! ហើយគឺជាត្រជាក់ចិត្តមែនដោយនៅជាមួយបងប្អូនប្រុសស្រីដែលមានសេចក្ដីស្រឡាញ់ ដែលយកចិត្តទុកដាក់នឹងយើង ហើយចង់ជួយយើងឲ្យស៊ូទ្រាំរហូតដល់ទីបញ្ចប់នោះ! ចំពោះសំវិធានការនេះដែលមានសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា នោះយើងមិនគួរគិតថាមិនសំខាន់នោះឡើយ។ តាមរយៈការសិក្សាផ្ទាល់ខ្លួនដោយយកចិត្តទុកដាក់ និងការទៅឯកិច្ចប្រជុំយ៉ាងទៀងទាត់ នោះសូមឲ្យយើង«ចេះគិតអោយសមជាមនុស្សពេញវ័យ»។—កូរិនថូសទី១ ១៤:២០, ព្រះគម្ពីរភាសាខ្មែរសម្រាយ
ពួកអ្នកទស្សនាជំរុញចិត្តអ្នក
៩, ១០. (ក) តើតាមវិធីណាដែលពួកអ្នកទស្សនាអាចជាប្រភពនៃការលើកទឹកចិត្ត នៅក្នុងការប្រណាំងដែលត្រូវការការស៊ូទ្រាំនោះ? (ខ) តើអ្វីទៅជា‹ពពកជាច្រើននៃស្មរបន្ទាល់ដែលនៅព័ទ្ធជុំវិញយើង› ដែលបានរៀបរាប់នៅហេព្រើរ ១២:១?
៩ ក៏ប៉ុន្តែ មិនថាអ្នកជាអ្នករត់ដែលបានរៀបចំល្អយ៉ាងណាក៏ដោយ គឺប្រហែលជាមានអ្វីដែលកើតឡើងតាមផ្លូវ ដែលអាចបណ្ដាលឲ្យគាត់ជំពប់។ ប៉ុលបានសួរថា៖ «អ្នករាល់គ្នាបានរត់យ៉ាងល្អហើយ តើអ្នកណាបានឃាត់មិនឲ្យស្ដាប់តាមសេចក្ដីពិតវិញ»? (កាឡាទី ៥:៧) តាមមើលទៅ ពួកគ្រីស្ទានខ្លះនៅក្រុងកាឡាទីបានមានការសេពគប់អាក្រក់ ហើយជាលទ្ធផល ក៏បានត្រូវបន្លប់ពួកគេពីការប្រណាំងចំពោះជីវិត។ ផ្ទុយទៅវិញ ការគាំទ្រនិងការលើកទឹកចិត្តពីអ្នកដទៃ ក៏អាចធ្វើឲ្យការប្រណាំងកាន់តែស្រួលនឹងស៊ូទ្រាំ។ នេះគឺដូចជាពួកអ្នកទស្សនានៅក្នុងការប្រណាំង អាចមានឥទ្ធិពលលើពួកអ្នកដែលចូលរួមនោះ។ ពួកហ្វូងមនុស្សដែលអបអរសាទរ ធ្វើឲ្យមានការសប្បាយខ្លាំងឡើង ដែលជំរុញទឹកចិត្តពួកអ្នកប្រណាំងប្រជែងពីពេលចាប់ផ្ដើមរហូតដល់ទីបញ្ចប់។ ការអបអរសាទរពីពួកអ្នកទស្សនា ភាគច្រើនបានរួមបញ្ចូលបទភ្លេងលាន់ឮយ៉ាងខ្លាំងនិងការទះដៃ អាចផ្ដល់ឲ្យពួកអ្នកចូលប្រណាំងនូវការជំរុញទឹកចិត្តបន្ថែម ពេលដែលត្រូវការ កាលដែលពួកគេចូលទៅជិតទីបញ្ចប់។ ប្រាកដហើយ ពួកអ្នកទស្សនាដែលមានការយល់ចិត្ត អាចធ្វើឲ្យមានអានុភាពដ៏វិជ្ជមានលើអស់អ្នកចូលរួមការប្រណាំងនោះ។
១០ នៅក្នុងការប្រណាំងចំពោះជីវិត ដែលពួកគ្រីស្ទានបានចូល តើនរណាជាពួកអ្នកទស្សនាមើលនោះ? ក្រោយពីបានរាប់បញ្ចូលពួកស្មរបន្ទាល់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាមុនសម័យគ្រីស្ទាន ដូចបានកត់ទុកនៅហេព្រើរ ១១ ជំពូកទី១១ នោះប៉ុលបានសរសេរថា៖ «ដូច្នេះ ដែលមានស្មរបន្ទាល់១ហ្វូងធំម្ល៉េះ[ដូចពពក, ព.ថ.]នៅព័ទ្ធជុំវិញយើង . . . ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់[ការស៊ូទ្រាំ, ព.ថ.]»។ (ហេព្រើរ ១២:១) ដោយប្រើពពកជាពាក្យប្រៀបធៀប នោះប៉ុលមិនបានប្រើពាក្យក្រិក ដែលរៀបរាប់ពពកមានទម្រង់និងរូបរាងជាក់លាក់នោះឡើយ។ ផ្ទុយទៅវិញ គាត់បានប្រើពាក្យមួយដែលយោងទៅតាមលោកវ៉ាញ ដែលជាអ្នករៀបចំសទ្ទានុក្រម «នៅព័ទ្ធជុំវិញផ្ទៃមេឃ បង្ហាញនូវទ្រង់ទ្រាយធំដែលជាពពកដែលឥតមានរូបរាង»។ យ៉ាងច្បាស់ណាស់ ប៉ុលបានចង់និយាយអំពីស្មរបន្ទាល់មួយហ្វូងធំ ដែលមានគ្នាច្រើនដល់ម្ល៉េះ ដែលពួកគេហាក់ដូចជាមានទ្រង់ទ្រាយជាពពកមួយ។
១១, ១២. (ក) តើពួកស្មរបន្ទាល់ដ៏ស្មោះត្រង់មុនសម័យគ្រីស្ទានអាចលើកទឹកចិត្ត ឲ្យរត់ក្នុងការប្រណាំងដោយការស៊ូទ្រាំយ៉ាងដូចម្ដេច? (ខ) តើយើងប្រហែលជាទទួលប្រយោជន៍យ៉ាងពេញលេញទៀតពី‹ពួកស្មរបន្ទាល់ដូចពពកធំ›យ៉ាងដូចម្ដេច?
១១ តើពួកស្មរបន្ទាល់ដ៏ស្មោះត្រង់មុនសម័យគ្រីស្ទាន អាចជាពួកទស្សនាមែនទែននៅសម័យនេះបានឬទេ? គឺអត់ទាល់តែសោះ។ ពួកគេគ្រប់គ្នាគឺកំពុងតែដេកនៅក្នុងសេចក្ដីស្លាប់ រង់ចាំនូវដំណើររស់ឡើងវិញ។ ក៏ប៉ុន្តែពួកគេផ្ទាល់ កាលដែលនៅរស់គឺជាពួកអ្នករត់ដែលមានជោគជ័យ ហើយគំរូរបស់គេគឺនៅមានក្នុងព្រះគម្ពីរ។ កាលដែលយើងសិក្សាបទគម្ពីរ ពួកអ្នកស្មោះត្រង់ទាំងនេះគឺអាចឃើញរស់រវើកនៅក្នុងគំនិតរបស់យើង ហើយលើកទឹកចិត្តយើង បើនិយាយជាអត្ថបដិរូប ឲ្យរត់ក្នុងការប្រណាំងដល់ទីបញ្ចប់។—រ៉ូម ១៥:៤a
១២ ជាឧទាហរណ៍ នៅពេលកាលៈទេសៈដ៏គួរខាងលោកីយ៍នេះល្បួងយើង តើការពិនិត្យមើលនូវរបៀបដែលម៉ូសេបានបដិសេធចោលភាពរុងរឿង ក្នុងប្រទេសអេស៊ីប មិនជួយយើងឲ្យរក្សានៅលើផ្លូវនោះទេឬអ្វី? ប្រសិនបើសេចក្ដីទុក្ខលំបាកមួយដែលប្រឈមមុខយើងហាក់ដូចខ្លាំង ការនឹកចាំនូវការល្បងលដ៏ពិបាក ដែលអ័ប្រាហាំបានប្រឈមមុខនោះ នៅពេលដែលលោកបានត្រូវឲ្យបូជាកូនប្រុសរបស់លោកឈ្មោះអ៊ីសាក នឹងប្រាកដជាលើកទឹកចិត្តយើងកុំឲ្យចុះចាញ់នឹងការប្រណាំងនៃជំនឿហើយ។ ដល់កំរិតណាដែល‹ពពកដ៏ធំ›នៃស្មរបន្ទាល់ទាំងនេះអាចជំរុញទឹកចិត្តយើង នោះគឺពឹងពាក់ទៅលើរបៀបដែលយើងឃើញគេយ៉ាងច្បាស់បែបណាក្នុងភ្នែកចិត្តរបស់យើង។
១៣. តើតាមវិធីណាដែលពួកស្មរបន្ទាល់របស់ព្រះយេហូវ៉ានៅសម័យទំនើបនេះ លើកទឹកចិត្តយើងក្នុងការប្រណាំងចំពោះជីវិតនោះ?
១៣ យើងក៏បានត្រូវព័ទ្ធជុំវិញដោយស្មរបន្ទាល់ ជាច្រើនរបស់ព្រះយេហូវ៉ានៅសម័យទំនើបនេះដែរ។ គឺជាគំរូដ៏ប្រសើរនៃជំនឿ ដែលបានទុកដោយពួកគ្រីស្ទានចាក់ប្រេងតាំង ព្រមទាំងពួកបុរសនិងស្ត្រីពី«ហ្វូងធំ»! (វិវរណៈ ៧:៩) ពីពេលមួយទៅពេលមួយ យើងអាចអានអំពីជីវិតរបស់គេនៅក្នុងទស្សនាវដ្ដីនេះ និងប្រកាសនវត្ថុប៉មយាមផ្សេងៗទៀត។b កាលដែលយើងពិនិត្យមើលជំនឿរបស់គេ នោះយើងបានត្រូវលើកទឹកចិត្តឲ្យស៊ូទ្រាំរហូតដល់ទីបញ្ចប់។ ហើយគឺជាអស្ចារ្យមែនដោយមានការគាំទ្រពីមិត្តជិតស្និទ្ធនិងសាច់ញាតិ ដែលខ្លួនគេក៏បំរើយ៉ាងស្មោះត្រង់ដល់ព្រះយេហូវ៉ានោះ! ត្រូវហើយ យើងមានមនុស្សជាច្រើនដើម្បីជំរុញទឹកចិត្តយើងនៅក្នុងការប្រណាំងចំពោះជីវិត។
រៀបចំល្បឿនរបស់អ្នកដោយប្រាជ្ញា
១៤, ១៥. (ក) ហេតុអ្វីក៏សំខាន់ក្នុងការរៀបចំល្បឿនរបស់យើងដោយប្រាជ្ញា? (ខ) ហេតុអ្វីក៏យើងគួរមានចិត្តសមហេតុផលក្នុងការរៀបចំគោលដៅ?
១៤ នៅពេលរត់ក្នុងការប្រណាំងមួយដ៏យូរ ដូចជាការរត់ប្រណាំងឆ្ងាយ នោះអ្នករត់ត្រូវតែរៀបចំល្បឿនរបស់គាត់ដោយប្រាជ្ញា។ ទស្សនាវដ្ដីឈ្មោះអ្នករត់នៅទីក្រុងញូវយ៉ក ចែងថា៖ «ការចាប់ផ្ដើមប្រណាំងដោយលឿនពេក នោះអ្នកប្រហែលជាទទួលបរាជ័យជាលទ្ធផល។ លទ្ធផលដែលប្រហែលជាមាន គឺការខំទាំងវេទនាក្នុងរយៈប្រាំឬប្រាំពីរគីឡូម៉ែត្រនៅចុងក្រោយ ឬក៏ដកខ្លួនចេញ»។ អ្នករត់ការប្រណាំងឆ្ងាយម្នាក់នឹកចាំថា៖ «អ្នកនិយាយម្នាក់នៅឯសន្និសីទមួយដែលខ្ញុំបានទៅ ក្នុងការរៀបចំសំរាប់ការប្រណាំង បានព្រមានយ៉ាងច្បាស់ថា៖ ‹ចូរកុំដេញតាមពួកអ្នកដែលរត់លឿនជាងឲ្យសោះ។ ចូររត់តាមល្បឿនរបស់អ្នក។ បើមិនអ៊ីចឹងទេ នោះអ្នកនឹងអស់កម្លាំង ហើយប្រហែលជាដកខ្លួនចេញពីការប្រណាំងផង›។ ការធ្វើតាមឱវាទនេះបានជួយខ្ញុំឲ្យបញ្ចប់ការប្រណាំងនេះ»។
១៥ នៅក្នុងការប្រណាំងចំពោះជីវិត នោះពួកអ្នកបំរើរបស់ព្រះត្រូវខិតខំឲ្យបានខ្លាំងក្លា។ (លូកា ១៣:២៤) ក៏ប៉ុន្តែ យ៉ាកុបជាសិស្សម្នាក់បានសរសេរថា៖ ‹ប្រាជ្ញាដែលមកពីស្ថានលើគឺសមហេតុផល›។ (យ៉ាកុប ៣:១៧) ថ្វីបើគំរូដ៏ល្អពីអ្នកដទៃប្រហែលជាលើកទឹកចិត្តយើងឲ្យធ្វើច្រើនជាងទៀត តែភាពសមហេតុផលនឹងជួយយើងឲ្យរៀបចំគោលដៅដែលសមរម្យ សមស្របនឹងសមត្ថភាពនិងកាលៈទេសៈរបស់យើង។ បទគម្ពីររំឭកយើងថា៖ «ចូរឲ្យគ្រប់គ្នាល្បងលការ ដែលធ្វើរៀងៗខ្លួន នោះនឹងមានសេចក្ដីអំនួតចំពោះតែខ្លួនឯង មិនមែនចំពោះអ្នកណាទៀតទេ ដ្បិតគ្រប់គ្នាត្រូវទទួលបន្ទុកជារបស់ផងខ្លួន»។—កាឡាទី ៦:៤, ៥
១៦. តើសេចក្ដីសុភាពជួយយើងឲ្យរៀបចំល្បឿនរបស់យើងយ៉ាងដូចម្ដេច?
១៦ នៅមីកា ៦:៨ យើងបានត្រូវសួរនូវសំនួរដែលធ្វើឲ្យគិតនេះថា៖ «តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្ដេច បើមិនមែនឲ្យ . . . ដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ»? សេចក្ដីសុភាពរួមបញ្ចូលនឹងការដឹងអំពីកំរិតរបស់យើង។ តើសុខភាពមិនល្អឬអាយុចាស់ បានដាក់កំរិតលើអ្វីដែលយើងអាចធ្វើក្នុងកិច្ចបំរើរបស់ព្រះឬទេ? សូមកុំឲ្យយើងធ្លាក់ទឹកចិត្តឡើយ។ ព្រះយេហូវ៉ាព្រមទទួលនូវការខំប្រឹងនិងពលិកម្មរបស់យើង ‹យោងទៅតាមអ្វីដែលយើងមាន មិនយោងទៅតាមអ្វីដែលយើងមិនមាននោះទេ›។—កូរិនថូសទី២ ៨:១២; ប្រៀបមើល លូកា ២១:១-៤
ចូរនឹកចាំពីរង្វាន់
១៧, ១៨. តើការនឹកគិតពីអ្វីដែលបានជួយព្រះយេស៊ូឲ្យស៊ូទ្រាំនឹងបង្គោលឈើទារុណកម្ម?
១៧ ក្នុងការចង្អុលប្រាប់ពួកគ្រីស្ទាននៅទីក្រុងកូរិនថូស នូវតម្រូវការឲ្យស៊ូទ្រាំក្នុងការប្រណាំងចំពោះជីវិត នោះប៉ុលបានរៀបរាប់លក្ខណៈមួយទៀតនៃកីឡាអ៊ីស្មៀន ដែលសមគួរឲ្យគេយកចិត្តទុកដាក់។ ស្តីអំពីពួកអ្នកដែលចូលប្រណាំងប្រជែងក្នុងកីឡាទាំងនោះ ប៉ុលបានសរសេរថា៖ «គឺ[រត់] ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដ១ ដែលមិនចេះពុករលួយឡើយ បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ»។ (កូរិនថូសទី១ ៩:២៥, ២៦) រង្វាន់របស់អ្នកឈ្នះនៅក្នុងកីឡាពីបុរាណគឺភួងជ័យ ដែលបានធ្វើពីស្លឹកស្រល់ ឬពីរុក្ខជាតិឯទៀត ឬក៏ធ្វើពីបន្លែដ៏ស្ងួតម្យ៉ាង ដែលពិតជា«ភួងជ័យដែលត្រូវពុករលួយ»។ ប៉ុន្តែតើពួកគ្រីស្ទានដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់នឹងមានអ្វីសំរាប់ពួកគេ?
១៨ ក្នុងការសំដៅទៅព្រះយេស៊ូគ្រីស្ទជាគំរូរបស់យើង នោះសាវ័កប៉ុលបានសរសេរថា៖ «ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្ដីអាមាស់ខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្ដាំបល្ល័ង្កនៃព្រះ»។ (ហេព្រើរ ១២:២) ព្រះយេស៊ូបានស៊ូទ្រាំរហូតដល់ទីបញ្ចប់នៃជីវិតជាមនុស្សរបស់ទ្រង់ ដោយទតហួសពីបង្គោលឈើទារុណកម្មទៅដល់រង្វាន់របស់ទ្រង់ ដែលរួមបញ្ចូលអំណរដែលទ្រង់នឹងមាន ដោយផ្ដល់នូវការធ្វើឲ្យព្រះនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ ហើយដោយលោះក្រុមគ្រួសារមនុស្សពីសេចក្ដីស្លាប់ ហើយក្នុងការសោយរាជ្យជាស្តេចនិងជាសម្ដេចសង្ឃ កាលដែលទ្រង់ស្ដារមនុស្សដែលចេះស្ដាប់បង្គាប់ ឲ្យបានជីវិតដ៏មិនចេះចប់នៅក្នុងផែនដីមនោរម្យ។—ម៉ាថាយ ៦:៩, ១០; ២០:២៨; ហេព្រើរ ៧:២៣-២៦
១៩. តើយើងគួរនឹកគិតពីអ្វី កាលដែលយើងស្វះស្វែងតាមដំណើរធ្វើជាសិស្សគ្រីស្ទាន?
១៩ ចូរពិចារណាមើលនូវអំណរដែលមានពីមុខយើង កាលដែលយើងស្វះស្វែងតាមដំណើរនៃការធ្វើជាសិស្សគ្រីស្ទាន។ ព្រះយេហូវ៉ាបានប្រទានដល់យើងនូវកិច្ចការដ៏ស្កប់ចិត្ត គឺការផ្សាយប្រកាសដំណឹងល្អពីព្រះរាជាណាចក្រព្រះ ហើយការផ្ដល់ចំណេះដឹងអំពីព្រះគម្ពីរដែលសង្គ្រោះជីវិតអ្នកដទៃ។ (ម៉ាថាយ ២៨:១៩, ២០) គឺជារីករាយយ៉ាងណាទៅហ្ន៎ដោយរកឃើញបុគ្គលម្នាក់ដែលចាប់អារម្មណ៍នឹងព្រះពិត ហើយដើម្បីជួយគេឲ្យចូលក្នុងការប្រណាំងចំពោះជីវិតនោះ! ហើយទោះជាមនុស្សដែលយើងផ្សព្វផ្សាយប្រាប់នោះមានប្រតិកម្មយ៉ាងណាក៏ដោយ នេះគឺជាឯកសិទ្ធិដ៏ល្អក្នុងការមានចំណែកនឹងកិច្ចការ ដែលទាក់ទងនឹងការធ្វើឲ្យបានបរិសុទ្ធដល់ព្រះនាមរបស់ព្រះយេហូវ៉ា។ នៅពេលដែលយើងស៊ូទ្រាំនឹងកិច្ចការនេះ ថ្វីបើមានសេចក្ដីព្រងើយកន្តើយនិងការប្រឆាំងពីពួកនៅក្នុងតំបន់ផ្សាយរបស់យើងក្ដី នោះយើងមានអំណរដោយធ្វើឲ្យព្រះទ័យរបស់ព្រះយេហូវ៉ាបានសប្បាយ។ (សុភាសិត ២៧:១១) ហើយរង្វាន់ដ៏អស្ចារ្យដែលទ្រង់សន្យាប្រទានឲ្យយើង នោះគឺជីវិតដ៏អស់កល្បជានិច្ច។ នេះគឺជាអំណរយ៉ាងណាទៅហ្ន៎! យើងត្រូវតែមើលឲ្យឃើញនូវប្រសិទ្ធិពរទាំងនេះ និងខំតស៊ូនឹងការប្រណាំងនេះ។
កាលដែលទីបញ្ចប់កាន់តែជិតដល់ហើយ
២០. តើការប្រណាំងចំពោះជីវិតប្រហែលជាពិបាកខ្លាំងយ៉ាងណា កាលដែលទីបញ្ចប់ជិតដល់ហើយនោះ?
២០ នៅក្នុងការប្រណាំងចំពោះជីវិត យើងត្រូវតែប្រយុទ្ធនឹងមេសត្រូវរបស់យើង គឺអារក្សសាតាំង។ កាលដែលយើងមកជិតទីបញ្ចប់ នោះវាខំដោយឥតឈប់ឈរដើម្បីធ្វើឲ្យយើងជំពប់ឬធ្វើឲ្យយើងបន្ថយល្បឿន។ (វិវរណៈ ១២:១២, ១៧) ការធ្វើជាអ្នកប្រកាសសារព្រះរាជាណាចក្រដែលបានថ្វាយខ្លួន ហើយឲ្យមានចិត្តស្មោះត្រង់ នោះគឺមិនស្រួលទេ ដោយសារមានសង្គ្រាម ទុរភិក្ស រោគរាតត្បាត និងសេចក្ដីលំបាកវេទនាឯទៀតដែលសម្គាល់«គ្រាចុងបំផុត»នេះ។ (ដានីយ៉ែល ១២:៤; ម៉ាថាយ ២៤:៣-១៤; លូកា ២១:១១; ធីម៉ូថេទី២ ៣:១-៥) ម្យ៉ាងវិញទៀត នៅពេលខ្លះទីបញ្ចប់ប្រហែលហាក់ដូចនៅឆ្ងាយជាងយើងសង្ឃឹមទៅទៀត ជាពិសេសប្រសិនបើយើងបានចូលក្នុងការប្រណាំងជាច្រើនទសវត្សមកហើយនោះ។ ក៏ប៉ុន្តែ បន្ទូលរបស់ព្រះធានារ៉ាប់រងយើងថាទីបញ្ចប់នឹងមកដល់ជាមិនខាន។ ព្រះយេហូវ៉ាមានបន្ទូលថានឹងមិនយឺតនោះទេ។ យើងអាចមើលឃើញនូវទីបញ្ចប់។—ហាបាគុក ២:៣; ពេត្រុសទី២ ៣:៩, ១០
២១. (ក) តើអ្វីដែលនឹងពង្រឹងយើងកាលដែលយើងបន្តក្នុងការប្រណាំងចំពោះជីវិត? (ខ) តើយើងគួរប្ដេជ្ញាអ្វីកាលដែលទីបញ្ចប់កាន់តែជិតមកដល់ហើយនោះ?
២១ បើអ៊ីចឹង ដើម្បីឲ្យមានជ័យជំនះក្នុងការប្រណាំងចំពោះជីវិត យើងត្រូវយកកម្លាំងពីអ្វីដែលព្រះយេហូវ៉ា បានប្រទានដែលប្រកបដោយសេចក្ដីស្រឡាញ់ សំរាប់ចំណីអាហារខាងវិញ្ញាណរបស់យើង។ យើងក៏ត្រូវការការលើកទឹកចិត្ត ដែលយើងអាចបានពីការចូលរួមជាមួយពួកអ្នកជឿគ្នីគ្នារបស់យើង ដែលកំពុងតែរត់ក្នុងការប្រណាំងនេះ។ ទោះជាមានការបៀតបៀនដ៏ខ្លាំង និងព្រឹត្ដិការណ៍ ដែលមើលមិនឃើញនៅតាមផ្លូវ ដែលធ្វើឲ្យការប្រណាំងរបស់យើងកាន់តែពិបាកឡើងក្ដី ក៏យើងអាចស៊ូទ្រាំរហូតដល់ទីបញ្ចប់ ពីព្រោះព្រះយេហូវ៉ាផ្ដល់«ឥទ្ធិឫទ្ធិដ៏លើសលប់»។ (កូរិនថូសទី២ ៤:៧) ជាការគួរឲ្យមានការទុកចិត្តដោយដឹងថា ព្រះយេហូវ៉ាចង់ឲ្យយើងបញ្ចប់នូវការប្រណាំងដោយជ័យជំនះ! ដោយមានការប្ដេជ្ញាដ៏មុតមាំ «ត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់[ការស៊ូទ្រាំ, ព.ថ.]» ដោយទុកចិត្តទាំងស្រុងថា«បើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ»។—ហេព្រើរ ១២:១; កាឡាទី ៦:៩
[កំណត់សម្គាល់]
a ចំពោះការពិគ្រោះអំពីហេព្រើរ ១១:១–១២:៣ សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៨៧ ទំព័រ ១០-២០។ (ភាសាអង់គ្លេស)
b គំរូថ្មីៗខ្លះស្តីអំពីបទពិសោធន៍ដែលមានការលើកទឹកចិត្តបែបនេះ គឺមាននៅក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៨ ទំព័រ ២៨-៣១; ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩៨ ទំព័រ ២៤-២៨; ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៩ ទំព័រ ២៥-២៩ (ភាសាអង់គ្លេស)។
តើអ្នកនៅចាំឬទេ?
◻ ហេតុអ្វីក៏យើងត្រូវតែស៊ូទ្រាំរហូតដល់ទីបញ្ចប់?
◻ តើសំវិធានការអ្វីរបស់ព្រះយេហូវ៉ាដែលមិនគួរធ្វើកន្តើយនោះ?
◻ ហេតុអ្វីក៏សំខាន់ដែលយើងត្រូវរៀបចំល្បឿនរបស់យើងដោយប្រាជ្ញានោះ?
◻ តើអំណរអ្វីដែលយើងមាននៅពីមុខយើង កាលដែលយើងបន្តក្នុងការប្រណាំងនេះ?
[រូបភាពនៅទំព័រ១៨]
យកការលើកទឹកចិត្តពីកិច្ចប្រជុំគ្រីស្ទាន