ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅទីតុស ភីលេម៉ូន និងហេព្រើរ
មិនយូរប៉ុន្មានបន្ទាប់ពីសាវ័កប៉ុលបានរួចខ្លួនពីការឃុំឃាំងលើកទី១នៅទីក្រុងរ៉ូមនាឆ្នាំ៦១គ.ស. គាត់បានទៅកោះក្រេត។ ពេលសាវ័កប៉ុលសង្កេតឃើញថាបងប្អូននៅក្រុមជំនុំនៅកោះក្រេត ត្រូវការជំនួយដើម្បីពង្រឹងចំណងមេត្រីភាពជាមួយព្រះយេហូវ៉ា គាត់ក៏សុំទីតុសឲ្យនៅទីនោះ។ ក្រោយមក សាវ័កប៉ុលសរសេរសំបុត្រមួយច្បាប់ទៅទីតុសដើម្បីណែនាំអំពីភារកិច្ចរបស់គាត់ ហើយបង្ហាញថាទីតុសបានទទួលភារកិច្ចនេះពីសាវ័កប៉ុល។
មុនដំបូង ប៉ុលបានសរសេរសំបុត្រមួយច្បាប់ទៅភីលេម៉ូន ជាអ្នកចាស់ទុំគ្រិស្តសាសនិកម្នាក់ដែលរស់នៅឯទីក្រុងកូល៉ុស មិនយូរប៉ុន្មានមុនពេលដែលគាត់បានរួចពីគុកនាឆ្នាំ៦១ គ.ស.។ សំបុត្រនេះជាសេចក្ដីអង្វរករទៅមិត្តម្នាក់។
ប្រហែលជានៅឆ្នាំ៦១ គ.ស. ដដែល សាវ័កប៉ុលក៏បានសរសេរសំបុត្រមួយច្បាប់ទៀត ទៅពួកអ្នកជឿដែលជាសាសន៍ហេព្រើរនៅស្រុកយូដា ដើម្បីបង្ហាញពីភាពឧត្តុង្គឧត្តមនៃគ្រិស្តសាសនាលើរបបយូដា។ សំបុត្រទាំងបីច្បាប់មានឱវាទដែលជាប្រយោជន៍សម្រាប់យើង។—ហេ. ៤:១២
ចូរមានជំនឿត្រឹមត្រូវចុះ!
បន្ទាប់ពីបានណែនាំអំពីការ«តាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង» ប៉ុលបានដាស់តឿនទីតុសថា «ត្រូវរំឭក[មនុស្សរឹងរូស]ឲ្យគេដឹងខ្លួនដោយតឹងរ៉ឹង ដើម្បីឲ្យគេមានសេចក្ដីជំនឿត្រឹមត្រូវវិញ»។ គាត់ដាស់តឿនបងប្អូនទាំងអស់នៅក្រុមជំនុំនាកោះក្រេតថា «ឲ្យលះចោលសេចក្ដីទមិលល្មើស . . . ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្ដីធ្ងន់ធ្ងរ[ឬ«ចិត្តធ្ងន់»]»។—ទីត. ១:៥, ១០-១៣; ២:១២; ទត. ២:១២, ខ.ស.
ប៉ុលបានឲ្យឱវាទបន្ថែមទៀតដើម្បីជួយបងប្អូននាកោះក្រេតឲ្យថែរក្សាជំនឿរបស់ខ្លួនឲ្យបានល្អ។ គាត់បង្ហាត់ទីតុសឲ្យ«ចៀសវាងពីសេចក្ដីដេញដោលយ៉ាងល្ងីល្ងើ . . . នឹងសេចក្ដីជជែកពីក្រិត្យវិន័យ»។—ទីត. ៣:៩
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:១៥—ធ្វើដូចម្ដេចឲ្យ«គ្រប់ទាំងអស់»ទៅជា«ស្អាតដល់អ្នកណាដែលស្អាត» តែមិនស្អាត«ដល់ពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿវិញនោះ»? បើចង់ដឹងចម្លើយយើងត្រូវតែយល់ពីអ្វីដែលប៉ុលចង់និយាយដោយប្រើពាក្យ«គ្រប់ទាំងអស់»។ គាត់និយាយអំពីរឿងដែលអ្នកជឿម្នាក់ៗអាចសម្រេចចិត្តដោយយោងទៅតាមសមត្ថភាពវិនិច្ឆ័យខ្លួន មិនមែនទៅតាមអ្វីដែលត្រូវបានថ្កោលទោសយ៉ាងចំៗពីបណ្ដាំរបស់ព្រះឡើយ។ ចំពោះមនុស្សដែលគិតគូរស្របទៅតាមគោលការណ៍របស់ព្រះ របស់ទាំងនោះសុទ្ធតែស្អាត។ គឺផ្ទុយស្រឡះពីអ្នកណាដែលចូលចិត្តនិយាយពន្លើសឬមួលបង្កាច់ និងអ្នកដែលសមត្ថភាពវិនិច្ឆ័យខ្លួនរបស់គេក្លាយទៅជាស្មោកគ្រោករួចទៅហើយ។a
៣:៥—តើពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌បាន‹សង្គ្រោះដោយសារការសំអាត›និង‹ប្រោសជាថ្មីឡើងវិញដោយសកម្មពលបរិសុទ្ធ›យ៉ាងដូចម្ដេច? ពួកគាត់បាន‹សង្គ្រោះដោយសារការសំអាត›ក្នុងន័យថាព្រះបានផ្ងូតឲ្យ ឬបានសម្អាតពួកគាត់ដោយឈាមរបស់ព្រះយេស៊ូដែលធួននឹងការបូជាលោះ។ ពួកគាត់‹បានប្រោសជាថ្មីឡើងវិញដោយសកម្មពលបរិសុទ្ធ› ពីព្រោះពួកគាត់បាន«កើតជាថ្មី» ជាពួកកូនព្រះដែលទ្រង់តែងតាំងដោយសកម្មពលរបស់ទ្រង់។—២កូ. ៥:១៧
មេរៀនសម្រាប់យើង:
១:១០-១៣; ២:១៥: គ្រិស្តសាសនិកដែលជាអ្នកត្រួតពិនិត្យត្រូវបង្ហាញសេចក្ដីក្លាហាន ដើម្បីកែតម្រូវអំពើអាក្រក់ដែលមាននៅក្នុងក្រុមជំនុំ។
២:៣-៥: ដូចនៅសតវត្សរ៍ទី១ដែរ គ្រិស្តសាសនិកសព្វថ្ងៃដែលមានគំនិតចាស់ទុំត្រូវតែ«ប្រព្រឹត្តបែបគួរនឹងពួកស្ត្រីបរិសុទ្ធ មិនត្រូវនិយាយដើមគេ ឬជាប់ស្រាទំពាំងបាយជូរឡើយ ត្រូវខំបង្រៀនសេចក្ដីត្រឹមត្រូវវិញ»។ តាមរបៀបនោះ ពួកគាត់អាចមានប្រសិទ្ធភាពក្នុងការណែនាំ«ស្ត្រីក្មេងៗ»ដែលមាននៅក្នុងក្រុមជំនុំ។
៣:៨, ១៤: ការរក្សាឲ្យមានការ«ខំប្រឹងនឹងធ្វើការល្អអស់ពីចិត្ត»គឺជាការ«ល្អហើយមានប្រយោជន៍» ពីព្រោះនោះនឹងជួយយើងឲ្យបង្កើតផលក្នុងកិច្ចបម្រើព្រះ និងជួយយើងឲ្យញែកខ្លួនចេញពីរបៀបរបបដ៏អាក្រក់នៃពិភពលោកនេះ។
ចូរដាស់តឿន«ដោយសេចក្ដីស្រឡាញ់»ចុះ!
ភីលេម៉ូនត្រូវបានសរសើរដោយសារគាត់ជាគំរូក្នុងការបង្ហាញ«សេចក្ដីស្រឡាញ់ នឹងសេចក្ដីជំនឿ»។ គាត់ជាទីកម្សាន្តចិត្តដល់បងប្អូនរួមជំនឿដែលធ្វើឲ្យប៉ុលមាន«អំណរ នឹងសេចក្ដីក្សាន្តចិត្តជាខ្លាំងដែរ»។—ភីលេ. ៤, ៥, ៧
ប៉ុលបានតាំងគំរូល្អសម្រាប់អ្នកត្រួតពិនិត្យទាំងអស់ក្នុងការដោះស្រាយបញ្ហាពិបាករបស់អូនេស៊ីម ពីព្រោះមិនមែនដោយបង្គាប់បញ្ជាទេ តែបានលើកទឹកចិត្ត«ដោយសេចក្ដីស្រឡាញ់»វិញ។ គាត់ប្រាប់ភីលេម៉ូនថា៖ «ខ្ញុំបានសរសេរសំបុត្រនេះផ្ញើមកអ្នក ដោយមានចិត្តជឿថា អ្នកនឹងស្ដាប់តាមខ្ញុំ ហើយខ្ញុំក៏ដឹងជាក់ថា អ្នកនឹងធ្វើលើសអំពីសេចក្ដីដែលខ្ញុំសូមនេះទៅទៀត»។—ភីលេ. ៨, ៩, ២១
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១០, ១១, ១៨—តើអូនេស៊ីមដែលពីមុន«គ្មានប្រយោជន៍»បែរទៅជា«មានប្រយោជន៍»យ៉ាងដូចម្ដេច? អូនេស៊ីមជាអ្នកបម្រើដែលមិនចង់ធ្វើការ ថែមទាំងបានរត់ចេញពីផ្ទះភីលេម៉ូនពីទីក្រុងកូល៉ុស រួចបានភៀសខ្លួនទៅឯទីក្រុងរ៉ូម។ តាមមើលទៅ អូនេស៊ីមបានលួចលុយម្ចាស់របស់ខ្លួនទុកជាសោហ៊ុយក្នុងការធ្វើដំណើរដែលមានចម្ងាយ១.៤០០គីឡូម៉ែត្រផង។ ប្រាកដហើយ ពេលនោះគាត់គ្មានប្រយោជន៍ចំពោះភីលេម៉ូនទេ។ តែនៅរ៉ូម ប៉ុលបានជួយអូនេស៊ីមឲ្យក្លាយជាគ្រិស្តសាសនិកម្នាក់។ គ្រិស្តសាសនិកម្នាក់ដែលពីមុនជាអ្នកបម្រើ«គ្មានប្រយោជន៍»ឥឡូវបែរជា«មានប្រយោជន៍»វិញ។
១៥, ១៦—ហេតុអ្វីបានជាប៉ុលមិនសុំឲ្យភីលេម៉ូនផ្ដល់សេរីភាពឲ្យអូនេស៊ីម? ប៉ុលផ្ដោតអារម្មណ៍ទៅលើភារកិច្ចរបស់គាត់ក្នុងការ‹ប្រកាសប្រាប់ពីនគរព្រះ និងបង្រៀនគ្រប់ទាំងសេចក្ដីពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ›។ ដូច្នេះហើយ គាត់ប្រកាន់ជំហរដោយមិនចូលរួមក្នុងរឿងរ៉ាវក្នុងសង្គម ដូចជារឿងខ្ញុំបម្រើជាដើម។—កិច្ច. ២៨:៣០
មេរៀនសម្រាប់យើង:
២: ភីលេម៉ូនបានរៀបចំផ្ទះគាត់ឲ្យមានកន្លែងសម្រាប់កិច្ចប្រជុំគ្រិស្តសាសនិក។ មានកិច្ចប្រជុំសម្រាប់កិច្ចបម្រើផ្សាយនៅផ្ទះរបស់យើង នេះពិតជាកិត្ដិយសមែន!—រ៉ូម ១៦:៥; កូល. ៤:១៥
៤-៧: យើងត្រូវតែរិះរកឱកាសដើម្បីសរសើរបងប្អូនគ្នីគ្នាដែលជាគំរូក្នុងការបង្ហាញជំនឿនិងសេចក្ដីស្រឡាញ់។
១៥, ១៦: យើងមិនត្រូវអនុញ្ញាតឲ្យអ្វីៗក្នុងជីវិតដែលមិនបានដូចបំណងធ្វើឲ្យយើងខ្វល់ខ្វាយហួសហេតុពេកឡើយ។ ដូចជាករណីរបស់អូនេស៊ីម គឺអាចបែរទៅជាមានប្រយោជន៍ទៅវិញ។
២១: ប៉ុលមានចិត្តជឿថាភីលេម៉ូននឹងអត់ទោសឲ្យអូនេស៊ីម។ យើងក៏ដូចគ្នាដែរយើងត្រូវតែអត់ទោសឲ្យបងប្អូនដែលប្រហែលជាធ្វើឲ្យយើងអាក់អន់ចិត្ត។—ម៉ាថ. ៦:១៤
«ជឿនទៅមុខដរាបដល់ពេញខ្នាតចុះ!»
ដើម្បីបង្ហាញថាជំនឿទៅលើយញ្ញបូជារបស់ព្រះយេស៊ូប្រសើរជាងកិច្ចការខាងក្រឹត្យវិន័យ នោះប៉ុលបានគូសបញ្ជាក់ពីភាពប្រពៃនៃអ្នកបង្កើតគ្រិស្តសាសនា ដូចជាកិច្ចការជាសង្ឃ ការបូជាជីវិត ព្រមទាំងកិច្ចព្រមព្រៀងថ្មី។ (ហេ. ៣:១-៣; ៧:១-៣, ២២; ៨:៦; ៩:១១-១៤, ២៥, ២៦) ចំណេះពិតនេះប្រាកដជាបានជួយគ្រិស្តសាសនិកជាតិហេព្រើរ នៅពេលដែលមានការបៀតបៀនពីសាសន៍យូដា។ ប៉ុលដាស់តឿនពួកអ្នកជឿជាតិហេព្រើរគ្នីគ្នាឲ្យ«ជឿនទៅមុខ ដរាបដល់ពេញខ្នាតចុះ»!—ហេ. ៦:១
តើជំនឿសំខាន់ប៉ុណ្ណាសម្រាប់គ្រិស្តសាសនិក? ប៉ុលសរសេរថា៖ «បើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ»។ គាត់ក៏បានលើកទឹកចិត្តពួកហេព្រើរឲ្យ«រត់ក្នុងទីប្រណាំងដែលនៅមុខយើង ដោយអំណត់»និងដោយជំនឿ។—ហេ. ១១:៦; ១២:១
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
២:១៤, ១៥—ដោយសារសាតាំង«មានអំណាចលើសេចក្ដីស្លាប់» តើនេះបញ្ជាក់ថាសាតាំងអាចធ្វើឲ្យមនុស្សណាក៏បានឲ្យស្លាប់មុនអាយុទេ? ទេ! មិនអាចទេ។ យ៉ាងណាក៏ដោយ ចាប់តាំងពីពេលដែលសាតាំងផ្ដើមធ្វើអំពើអាក្រក់ជួជាតិនៅសួនអេដែន សេចក្ដីភូតភររបស់សាតាំងបានបណ្ដាលឲ្យមានសេចក្ដីស្លាប់ ដោយសារអ័ដាមបានធ្វើបាប ហើយបាបនិងសេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សគ្រប់គ្នា។ (រ៉ូម ៥:១២) បន្ថែមទៅទៀត អស់អ្នកដែលនៅផែនដីដែលធ្វើតាមបំណងចិត្តរបស់សាតាំងក៏បានបៀតបៀនអ្នកបម្រើព្រះរហូតដល់ស្លាប់ ដូចដែលពួកគេបានធ្វើចំពោះព្រះយេស៊ូដែរ។ ក៏ប៉ុន្តែ នេះមិនមែនមានន័យថាសាតាំងមានអំណាចខ្លាំងក្លា ដល់ម្ល៉េះអាចសម្លាប់នរណាក៏បានតាមតែចិត្តនោះទេ។ ប្រសិនបើដូច្នេះមែន សាក្សីព្រះយេហូវ៉ាត្រូវបំផ្លាញចោលអស់តាំងពីយូរមកហើយ។ ព្រះយេហូវ៉ាការពាររាស្ត្រទ្រង់ជាក្រុម ទ្រង់មិនព្រមឲ្យសាតាំងប្រល័យពួកគេឲ្យសាបសូន្យឡើយ។ សូម្បីតែមានបងប្អូនយើងខ្លះអាចស្លាប់ពេលដែលមានការពាធាពីសាតាំងក្ដី យើងក៏អាចមានទំនុកចិត្តថាព្រះនឹងបំផ្លាញគ្រប់ការអាក្រក់ទាំងអស់ដែលសាតាំងធ្វើមកលើយើង។
៤:៩-១១—តើយើងអាច«ចូលទៅក្នុងសេចក្ដីសំរាក[របស់ព្រះ]»យ៉ាងដូចម្ដេច? ក្រោយគ្រា៦ថ្ងៃដែលព្រះធ្វើកិច្ចការបង្កើត ទ្រង់ក៏ឈប់សម្រាកពីកិច្ចការនោះ ដោយមានទំនុកចិត្តថាគោលបំណងរបស់ទ្រង់សម្រាប់ផែនដីនិងមនុស្សជាតិនឹងសម្រេច។ (លោ. ១:២៨; ២:២, ៣) យើង«ចូលទៅក្នុងសេចក្ដីសំរាក»ដោយឈប់ព្យាយាមស្ថាបនាឲ្យមានសេចក្ដីសុចរិតដោយខ្លួនឯង និងដោយព្រមទទួលតម្លៃលោះដែលព្រះផ្ដល់ឲ្យដើម្បីសេចក្ដីសង្គ្រោះ។ ពេលយើងអនុវត្តជំនឿទៅលើព្រះយេហូវ៉ា និងធ្វើតាមបុត្ររបស់ទ្រង់ ជាជាងស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួននោះ យើងទទួលពរដែលជួយយើងឲ្យមានកម្លាំងចិត្តនិងមានការស្ងប់ចិត្តជារៀងរាល់ថ្ងៃ។—ម៉ាថ. ១១:២៨-៣០
៩:១៦—តើនរណាជា«ម្ចាស់សំបុត្រ»នៃកិច្ចព្រមព្រៀងថ្មី? ព្រះយេហូវ៉ាជាអ្នកបង្កើតកិច្ចព្រមព្រៀងថ្មី រីឯព្រះយេស៊ូជា«ម្ចាស់សំបុត្រ»។ ព្រះយេស៊ូជាអ្នកកណ្ដាលហើយឈាមរបស់ទ្រង់បានធ្វើឲ្យកិច្ចព្រមព្រៀងថ្មីនោះមានសុពលភាព។—លូ. ២២:២០; ហេ. ៩:១៥
១១:១០, ១៣-១៦—តើទី«ក្រុង»អ្វីដែលអ័ប្រាហាំរង់ចាំ? នេះមិនមែនជាទីក្រុងណាមួយទេ តែជាន័យធៀបទៅវិញ។ អ័ប្រាហាំរង់ចាំ«យេរូសាឡិមនៃស្ថានសួគ៌»ដែលមានព្រះយេស៊ូជាអ្នកដឹកនាំនិងពួក១៤៤.០០០នាក់។ ពួកអ្នកដឹកនាំជាមួយព្រះគ្រិស្តនៅស្ថានសួគ៌បានហៅជា«ទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី»ដែរ។ (ហេ. ១២:២២; វិវរ. ១៤:១; ២១:២) អ័ប្រាហាំទន្ទឹងចាំជីវិតដែលស្ថិតនៅក្រោមការដឹកនាំនៃរាជាណាចក្ររបស់ព្រះ។
១២:២; ព.ថ.—តើអ្វីជា«សេចក្ដីអំណរដែលនៅចំពោះ[ព្រះយេស៊ូ]» «ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង[ឬ«បង្គោលទារុណកម្ម»]»? គឺជាសេចក្ដីអំណរដែលមកពីការឃើញច្បាស់ថាកិច្ចបម្រើរបស់ទ្រង់នឹងបានសម្រេច មិនតែប៉ុណ្ណោះធ្វើឲ្យនាមព្រះយេហូវ៉ាបានបរិសុទ្ធ បង្ហាញភាពត្រឹមត្រូវនៃសិទ្ធិគ្រប់គ្រងពេញច្បាប់របស់ព្រះ និងជួយមនុស្សជាតិឲ្យរួចពីសេចក្ដីស្លាប់ដោយផ្ដល់តម្លៃលោះ។ ព្រះយេស៊ូសម្លឹងមើលទៅរង្វាន់ដែលទ្រង់នឹងគ្រងរាជ្យជាស្តេច និងជាសម្ដេចសង្ឃដើម្បីប្រយោជន៍ដល់មនុស្សជាតិ។
១៣:២១—ហេតុអ្វីបានជាគេនិយាយពីកិច្ចព្រមព្រៀងថ្មីហាក់ដូចជាស្ថិតនៅ«អស់កល្បជានិច្ច»? មានមូលហេតុបីយ៉ាង: (១) នឹងមិនមានអ្វីមកជំនួសទេ (២) អ្វីដែលបានសម្រេចនឹងស្ថិតស្ថេរនៅជាអចិន្ត្រៃយ៍ និង(៣) «ចៀមឯទៀត»នឹងទទួលប្រយោជន៍ពីកិច្ចព្រមព្រៀងថ្មីបន្តរហូតដល់ក្រោយសង្គ្រាមអើម៉ាគេដូន។—យ៉ូន. ១០:១៦
មេរៀនសម្រាប់យើង:
៥:១៤: យើងគួរតែជាអ្នកឧស្សាហ៍ព្យាយាមសិក្សាបណ្ដាំរបស់ព្រះដែលមានក្នុងគម្ពីរ និងធ្វើតាមអ្វីៗដែលយើងបានរៀន។ គ្មានវិធីបណ្ដុះឲ្យមាន‹សមត្ថភាពវែកញែកឲ្យដឹងខុសត្រូវ›ផ្សេងពីនេះទៀតទេ។—១កូ. ២:១០
៦:១៧-១៩: សេចក្ដីសង្ឃឹមដ៏រឹងមាំផ្អែកទៅលើសេចក្ដីសន្យារបស់ព្រះ និងពាក្យសម្បថដែលនឹងជួយយើងមិនឲ្យងាកចេញពីផ្លូវនៃសេចក្ដីពិតឡើយ។
១២:៣, ៤: ជាជាង«នឿយហត់ ហើយរសាយចិត្តចេញ» ដោយសារទុក្ខលំបាកបន្ដិចបន្តួច ឬការប្រឆាំងដែលយើងជួបប្រទះក្ដី យើងគួរតែខំឲ្យមានភាពចាស់ទុំឡើង ព្រមទាំងចេះទ្រាំទ្រពេលដែលមានទុក្ខលំបាកផ្សេងៗ។ យើងត្រូវប្ដេជ្ញាចិត្តតស៊ូ«ដល់ទៅហូរឈាម»គឺដល់ជីវិតបង់បើចាំបាច់។—ហេ. ១០:៣៦-៣៩
១២:១៣-១៥: យើងមិនគួរឲ្យមាន«ឫសជូរចត់»ឬនរណាម្នាក់ក្នុងក្រុមជំនុំដែលចូលចិត្តចាប់កំហុសពីរបៀបរៀបចំនានា ដើម្បីរារាំងយើងពីការ‹ធ្វើផ្លូវឲ្យត្រង់សំរាប់ជើងយើងរាល់គ្នា›ឡើយ។
១២:២៦-២៨: «របស់ដែលបានធ្វើហើយ»ដោយដៃមិនមែនដោយព្រះ គឺជារបៀបរបបពិភពលោកទាំងមូល សូម្បីតែរបស់អាក្រក់នៅ«ផ្ទៃមេឃ»ក៏នឹងត្រូវរើចេញឲ្យសូន្យអស់ទៅ។ នៅវេលានោះមានតែ«របស់ដែលមិនបានកក្រើកទាំងប៉ុន្មាន» ពោលគឺរាជាណាចក្រនិងអ្នកគាំទ្ររាជាណាចក្រនោះនឹងបានធន់នៅវិញ។ ជាការសំខាន់ណាស់ដែលយើងផ្សព្វផ្សាយសាររាជាណាចក្រដោយចិត្តខ្នះខ្នែង និងរស់នៅស្របតាមគោលការណ៍របស់ព្រះ!
១៣:៧, ១៧: ការផ្ដោតអារម្មណ៍ទៅលើសេចក្ដីដាស់តឿនឲ្យស្ដាប់តាម និងចុះចូលចំពោះអ្នកត្រួតពិនិត្យនៅក្នុងក្រុមជំនុំ នឹងជួយយើងឲ្យបង្ហាញស្មារតីចេះសហការជាពិត។
[កំណត់សម្គាល់]
a សូមមើលទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ២១-២២។